សៀវភៅស្តីពី “ប្រវត្តិនៃទំនាក់ទំនង​អន្តរជាតិ​ប្រទេសកម្ពុជា” ដោយ ទិត្យ សារុនរ៉េត ឆ្នាំ២០១៣

សៀវភៅស្តីពី

“ប្រវត្តិនៃទំនាក់ទំនង​អន្តរជាតិ​ប្រទេសកម្ពុជា”

ដោយ ទិត្យ សារុនរ៉េត ឆ្នាំ២០១៣

(អត្ថបទដោយបណ្ឌិត​ ចិន្ត​ ច័ន្ទរតនា)

Book_the history of internatioal relations of Cambodia

ភ្នំពេញៈ កាល​ពីខែ​មករា​ ឆ្នាំ២០១៣នេះ​ លោក ទិត្យ​ សារុនរ៉េត​ ទីប្រឹក្សា​អមរាជបណ្ឌិត្យសភាកម្ពុជា​ និងជាសមា​ជិក​អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស​នៃរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ចប់ការ​និពន្ធ​ និង​បោះពុម្ពផ្សាយស្នាដៃ​ថ្មីមួយរបស់លោកស្តីពី​ ប្រវត្តិនៃទំនាក់ទំនង​អន្តរជាតិ​ប្រទេសកម្ពុជា​ សម្រាប់ចែកជូនដល់កូនខ្មែរ​គ្រប់រូប បានសិក្សា​ស្វែងយល់អំពីដំណើរវិវត្តន៍នៃការទំនាក់ទំនងការទូត​របស់កម្ពុជា​តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្ន។ ឯកសារដ៏មាន​សារៈសំខាន់មួយនេះគឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើនរបស់លោក ដែលអាច​សម្រេច​ចេញជារូបរាងបាន គឺតាម​រយៈការ ស្រាវជ្រាវ និងដកស្រង់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតដែល​ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែរ របស់​អ្នកប្រាជ្ញជាតិ​ និង​អន្តរជាតិដូចជាៈ លោកអាចារ្យ ប៉ាង ខាត់, ត្រឹង ងារ​, នួន​​ ឃឿន, លី ធាមតេង, ស៊ិន សារុន, បណ្ឌិ​តសភាចារ្យ ខៀវ ថវិកា, បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ, បណ្ឌិត​ មីសែល​ ត្រាណេ, បណ្ឌិត​ សុខ ទូច, ដេវីឌ ឆេនល័រ, និងហ៊្សុលីយូ ហ្សេលដ្រេស ជាដើម។ល។ រួមផ្សំនឹងបទពិសោធន៍ការងារផ្ទាល់ខ្លួនរបស់អ្នកនិពន្ធក្នុងនាម​ជាអ្នកការទូតរយៈពេលជិត​២០ឆ្នាំ។

 

​ នៅក្នុងសៀវភៅ ជាភាសាខ្មែរ មានកម្រាស់ ៧៥ ទំព័រ​ (ទំហំ​ A4) រួមជាមួយផែនទីចំនួន​ ១៧ ផ្ទាំង (ដែល​បង្ហាញពីទឹកដីខ្មែរតាំងពីសម័យនគរភ្នំ, សម័យមហានគរ​, ស.វទី ១៦ និង​ទឹក​ដីកម្ពុជា ក្រោម…។ល។) អ្នកនិពន្ធបានលើកយក​រឿងរ៉ាវ​មួយចំនួន​ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមលើវិស័យទំនាក់ទំនង​ការទូតរបស់កម្ពុជាជាមួយនឹងប្រទេសជិតខាង ក៏ដូច​ជាមហា​អំណាចមួយចំនួន ចាប់តាំងពី​សម័យហ្វូណន (ចាប់ពីស.វទី ១), សម័យចេនឡា​ (ស.វទី ៧), សម័យអង្គរ (ស.វទី ៩ ដល់ទី ១៣), សម័យក្រោយអង្គរ​ (ចាប់ពីស.វទី ១៤), សម័យលង្វែក​, ចតុមុខ,​ សម័យអាណា​ព្យាបាល​បារាំង សម័យឯករាជ្យ, សង្គមរាស្ត្រ​និយម, លន់ ណុល, កម្ពុជាប្រជាធិប្បតេយ្យ, សាធារណរដ្ឋប្រជា​មានិត​កម្ពុជា, រដ្ឋកម្ពុជា រហូតដល់សម័យ​ព្រះរាជាណាចក្រកម្ពុជាទី២ (សម័យបច្ចុប្បន្ន)។

 

នៅក្នុង​ជំពូកទី១​ អ្នក​និពន្ធបាន​លើកយក​ទំនាក់ទំនងការ​ទូត​នៅ​ក្នុង​នគរភ្នំ ឬហ្វូណន និងចេនឡា ដោយបង្ហាញអំពីការផ្លាស់ប្តូរ​ពាណិជ្ជកម្មរវាងកម្ពុជា​ និង​ឥណ្ឌា​ ព្រមទាំងទំនាក់ទំនង​រវាងកម្ពុជា និងចិន ​តាំងពីដើមគ្រឹស្តសករាជ។ ចំណែកបញ្ហារឿង​ព្រេង​ដែល​ទាក់ទងនឹងរឿង ព្រះបាទហ៊ុន ទៀន និងព្រះនាង​លីវ​យីព្រាហ្មណ៍កៅណ្ឌិន្យ និងព្រះនាងសោមា ក៏ត្រូវ​បាន​អ្នកនិពន្ធលើកយក​មកបង្ហាញដែរ​ ត្បិត​ថា​រឿងនេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​កំណត់ត្រាចិន ហើយដែល​អ្នកស្រុកនៅក្នុង​តំបន់មួយចំនួន​នៅក្នុង​ដែនដីសុវណ្ណភូមិនិទានតៗគ្នា​រហូតមកដល់សព្វថ្ងៃ។ ចំពោះទំនាក់ទំនង​ការ​ទូត​នៅក្នុង​សម័យចេនឡា​  យើងដឹង​ថា​ព្រះមហា​ក្សត្រ​ខ្មែរបានផ្ញើរាជទូតជាច្រើនលើក ទៅដើម្បីពង្រឹងវិស័យការទូត​ជា​មួយចិនគឺនៅក្នុងឆ្នាំ ៥៧២, ៧១៧, ៧៥០, ៧៥៣ និង​៧៧៨នៃគ.ស ព្រមទាំងព្រឹត្តិការណ៍នៃការរង្គោះរង្គើអាណាចក្រចេនឡានៅកំឡុងចុងស.វ​ទី៨ជាដើម។ល។

 

នៅក្នុង​ជំពូកទី២ យើងដឹងថា​ទំនាក់ទំនងការទូត​រវាងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី ២ ដែល​បាន​បង្រួបបង្រួមទឹកដី និងកសាង​អាណាចក្រអង្គរ​ឡើងវិញនៅដើមស.វទី៩។ មិនតែ​ប៉ុណ្ណោះ អ្នកនិពន្ធ​ក៏បាន​បង្ហាញផងដែរនូវ​ការអភិវឌ្ឍន៍ឥតឈប់ឈរទាំង​ផ្នែកសាសនា រដ្ឋបាល និង​សង្គម ដែលមហាក្សត្រខ្មែរនាសម័យនោះបន្តនយោបាយការទូត ជាមួយចិន ចាម្ប៉ា និង​ជ្វា​ ព្រមទាំង​ការ​សង្គ្រាមពង្រីកទឹកដី និងអំណាចរបស់អាណាចក្រអង្គរចាប់តាំងពីរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១, យសោវរ្ម័នទី១, ជ័យវរ្ម័នទី៤, រាជេន្ទ្រវរ្ម័នទី២, សូរ្យវរ្ម័នទី១, ឧទយា​ទិត្យវរ្ម័នទី២, សូរ្យវរ្ម័នទី២ និង​ជ័យវរ្ម័នទី៧ ដែលនៅក្នុងព្រះមហាក្សត្រ​ចុង​ក្រោយនេះ​ វិសាលភាព​នៃ​អាណាចក្រខ្មែរគឺលាតសន្ធឹង​គ្រប់ទីកន្លែង​ ដែលតាមឯកសាររបស់ចិនគឺ​នៅ​សម័យនោះ ខ្មែរ​បានត្រួតត្រាប្រទេសម៉ាឡាយូមួយផ្នែក ព្រំប្រទល់ខាងជើង​ដល់ប្រទេសចិន ខាងលិចដល់ប្រទេស ភូមា ខាង​កើត និង​ខាងត្បូងដល់សមុទ្រ។ ប៉ុន្តែជា​អកុសល​ ភាពរុងរឿង និងការរីកចម្រើនរបស់អាណាចក្រអង្គរ​បានចាប់ផ្តើមចុះអន់ថយ ក្រោយការសោយទីវង្គត​របស់មហាវីរក្សត្រខ្មែរដ៏អង់អាច​គឺ​ ព្រះបាទជ័យវរ្ម័នទី ៧ រហូត​ដល់មានការ​បង្ហូរឈាមរ និង​ដណ្តើមរាជ្យបល្ល័ង្គយ៉ាងសាហាវ​នៅក្នុងរាជ្យព្រះបាទ ស្រិន្ទ្រវរ្ម័ន នៅចុងស.វទី១៣។ បើតាមរបាយការណ៍របស់លោកជីវ តាក្វាន់ដែលបានមកដល់ កម្ពុជា​នៅក្នុងឆ្នាំ ១២៩៥ នៃគ.ស បានរៀបរាប់ថា “ស្តេច​ដែលឡើងសោយរាជ្យថ្មី គឺ​ជាកូនប្រសារ​របស់ស្តេច​អង្គមុន (ព្រះបាទជ័យវរ្ម័នទី៨)។ បុត្រីរបស់ស្តេច​អង្គនេះ បានលួចយក​ព្រះខាន់មាសរបស់បិតា​ មកអោយព្រះស្វាមីរបស់ខ្លួន។ ចំណែកបុត្រាដែលត្រូវ​ស្នង​រាជ្យសម្បត្តិពី​បិតា​ក៏រត់ចេញទៅកេណ្ឌទ័ពដើម្បីធ្វើចំបាំង ប៉ុន្តែត្រូវស្តេចថ្មី (ព្រះបាទស្រិន្ទ្រវរ្ម័ន) ចាប់បាន​ យកមកកាត់ម្រាមជើង និងឃុំក្នុង​គុកងងឹត”។ នៅក្នុង​រាជ្យព្រះបាទជ័យវរ្ម័នទី៩ ដែល​ជាក្សត្រ​ចុងក្រោយគេ​នៅក្នុងសម័យអង្គរ​ ខ្មែរបានបញ្ជូនរាជទូត​របស់ខ្លួនទៅប្រទេស​ចិននៅក្នុង​ឆ្នាំ​ ១៣២០ នៃគ.ស និងចាត់រាជទូតទៅកាន់ប្រទេស​ដៃវៀត​ (វៀតណាម) នៅក្នុង​ឆ្នាំ  ១៣៣៥ នៃគ.ស។

 

នៅក្នុង​ជំពូកទី៣ នៃទំនាក់ទំនងការទូតរបស់កម្ពុជានៅក្រោយសម័យអង្គរ​ អ្នកនិពន្ធបានលើក យកបញ្ហា​នៃបដិវត្ត​ន៍តាត្រសក់ផ្អែម ដែលរបត់នៃ​ការផ្លាស់ប្តូរប្រវត្តិសាស្ត្រខ្មែរ​យ៉ាងសំខាន់ទាំងផ្នែក នយោបាយ និងសាសនា។ មិនតែ​ប៉ុណ្ណោះ ចម្បាំងរវាង​ខ្មែរ និង​សៀម ក៏បានចាប់ផ្តើមផ្ទុះឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៣៥១ នៃគ.ស រហូតដល់ការបោះបង់ចោលរាជធានីអង្គរ​របស់ព្រះបាទ ពញាយ៉ាត នៅក្នុង​ឆ្នាំ ១៤៣១ នៃគ.ស។ ក្រៅពីនេះ អ្នកនិពន្ធក៏បានបង្ហាញផងដែរ​នូវ​មូលហេតុមួយចំនួននៃ​ការចុះទន់ខ្សោយរបស់កម្ពុជា រួមទាំង​ការខ្វះសាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរគ្នាឯង​ ដែលជាហេតុ​ធ្វើ   អោយសត្រូវ​ទាំងសងខាង​ឆ្លៀត​ឳកាស​ធ្វើសង្គ្រាមឈ្លានពានទឹកដីមកលើកម្ពុជាបានជាបន្តបន្ទាប់។ បើទោះបីជាយ៉ាងនេះក្តី វីរៈមហាក្សត្រខ្មែរមួយចំនួន​បាន​ខិត​ខំតស៊ូ ធ្វើសង្គ្រាមវាយបកជាមួយសត្រូវ ព្រមទាំងរំដោះបានខេត្តមួយចំនួន​ពីកណ្តាប់ដៃសៀម គឺនៅក្នុង​រាជ្យព្រះបាទចន្ទរាជា​ (១៥១៦ ដល់​ ១៥៦៦), បរមរាជាទី៤ (១៥៦៦ ដល់ ១៥៧៦)ជា​ដើម។ អ្នកនិពន្ធ​ក៏បានបង្ហាញផងដែរ​នូវ​ប្រវត្តិសាស្ត្រ​ ខ្មែរ​ ក្នុងការបែក​បាក់បន្ទាយលង្វែក​ ទំនាក់ទំនងជាមួយយួន ការបាត់បង់ទឹកដីកម្ពុជាក្រោម ដោយសារ​នយោបាយវាតទីទឹកដីរបស់ដៃ​វៀត​នៅ​ក្នុង​ស.វទី១៧ និងដំណើរឆ្ពោះមកទឹសខាងត្បូងរបស់ប្រទេសមួយនេះ ព្រមទាំងរឿងរ៉ាវ​កំពប់តែ​អុង​ដែលជាប្រវត្តិសាស្ត្រដ៏ជូរចត់របស់​ខ្មែរ​ ក្នុងរាជ្យស្តេច ថេ តោ (Thé To) ឬសេ្តច យ៉ា ឡុង របស់ដៃវៀត​ក្នុង​ឆ្នាំ ១៨១៤ នៃគ.ស​។ បើតាមរាជពង្សាវតាខ្មែរបានបញ្ជាក់ថា យូនបានកេណ្ឌ​រាស្ត្រជាច្រើននាក់ ដើម្បីជីកព្រែកចំនួនពីរ​នៅ​ដែនដី​កម្ពុជាក្រោមគឺ ព្រែ​កវិញតេ (ប្រវែង​ ៥៣ គីឡូម៉ែត្រ​) តភ្ជាប់ពីមាត់ជ្រូកទៅសមុទ្រ​នៅតំបន់ពាម និង​ព្រែកវិញអាន (ប្រវែង​ ១៤គីឡូម៉ែត្រ​) តភ្ជាប់ពីទន្លេធំទៅទន្លេបាសាក់។ នៅពេល​នោះហើយដែល​យួនធ្វើបាបខ្មែរគ្មានត្រាប្រណី រហូតដល់យកខ្មែរទៅកប់ទាំងរស់ យកក្បាលធ្វើជើងក្រានដាំ​ទឹកតែ ដែលក្តីលំបាកវេទនារបស់ខ្មែររបស់ខ្មែរនៅទីសម័យនោះ ប្រៀបបីដូចជារស់នៅក្នុង​ស្ថាននរក។ ក្រៅពីទំនាក់ទំនងការទូត និងចម្បាំងរាំងជល់ជាមួយសៀម និង​យូន អ្នកនិពន្ធក៏បានលើកផងដែរ​អំពីទំនាក់ទំនង​រវាង​កម្ពុជា ជាមួយនឹង​ប្រទេសលាវ​ ជនជាតិអឺរ៉ុបដូច​ជា​ ហូឡង់ ព័រទុយហ្គេ​ និង​អេស្ប៉ាញ នៅក្នុង​ស.វទី ១៦,​ ១៧ និង​១៨ ព្រមទាំងទំនាក់ទំនងជាមួយបារាំងនៅក្នុងរាជ្យព្រះបាទអង្គឌួង និងព្រះបាទនរោត្តម។

នៅក្នុងជំពូកចុងក្រោយ អ្នកនិពន្ធបាន​ពិភាក្សាអំពីទំនាក់ទំនងរបស់កម្ពុជាជាមួយ​ប្រទេស បារាំង ដែលមានទាំងផលវិជ្ជមាន និងអវិជ្ជមាន នៅ​ក្នុង​សម័យអាណាព្យាបាលបារាំង​ រហូត​ដល់សម័យឯករាជ្យ និងវីរៈភាពរបស់អតីតព្រះមហាក្សត្រ​ខ្មែរគឺ ព្រះបាទនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រទេសជាតិ និងលទ្ធផលនៃសន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា​ ១៩៩១ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃអស់ជាច្រើនឆ្នាំ។  ចាប់តាំងពីសម័យសង្គមរាស្ត្រ និយមរហូតមកដល់ពេលនេះ កម្ពុជាបានអនុវត្តនយោបាយការទូត និងដោះស្រាយទំនាស់ទំនាស់ ដោយសន្តិវិធី (លើកលែងតែក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ ដែលកម្ពុជា​បានធ្លាក់ទៅក្នុង​របបប្រល័យ ពូជសាសន៍) ជាមួយនឹង​ប្រទេសជិតខាង ហើយដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏នៅបន្ត​ដោះស្រាយ​តាមយន្តការដែលមានស្រាប់ក្នុង ការស្វែងរកដំណោះស្រាយជាមួយប្រទេសជិតខាងលើបញ្ហា​ទំនាស់ព្រំដែន​។ មិនតែប៉ុណ្ណោះ ដោយសារតែស្ថេរភាពនយោបាយរបស់កម្ពុជា យើងបានទទួលនូវតួនាទីជា​ប្រធាន និងជា​ធ្វើម្ចាស់ផ្ទះក្នុងការរៀបចំកិច្ច​ប្រជុំកំពូលអាស៊ានលើកទី ២១ និង​កិច្ចប្រជុំពាក់ព័ន្ធ កាលពីឆ្នាំ ២០១២ កន្លងទៅនេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចធំៗមួយចំនួនដូចជា អាមេរិក ចិន ឥណ្ឌា​ ជប៉ុន អូស្ត្រាលី កាណាដា អឺរ៉ុប និងថ្នាក់ដឹកនាំនៃបណ្តាប្រទេស​អាស៊ីអាគ្នេយ៍​ជាដើម។ល។

នៅក្នុងសេចក្តីបញ្ចប់នៃសៀវភៅនេះ អ្នកនិពន្ធមានការរំភើប និងមោទនភាពរបស់ខ្លួន ដែលបានកើតជាកូនខ្មែរ ជាកូនចៅអ្នកកសាង​អង្គរ។ មិនតែ​ប៉ុណ្ណោះ អ្នកនិពន្ធក៏បានលើកអំពីសារៈសំខាន់លើវិស័យការទូត​ ដែលផ្តល់ផលប្រយោជន៍ជូន​សង្គមជាតិ​ ការជម្រុញមិត្តភាព និងសហ​ប្រតិបត្តិការរវាងរដ្ឋ និង​រដ្ឋ​ ដើម្បីកសាងសន្តិភាព សន្តិភាពក្នុង​សង្គម ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងនាមជាអ្នកការទូត ត្រូវមានទស្សនៈជានិច្ចថា ពុំមានចំណងមិត្តភាពអមតៈ ក៏ពុំមានសត្រូវអស់មួយជីវិតដែ​រ មានតែអត្ថប្រយោជន៍ជាតិតែមួយទេ ដែ​លស្ថិតស្ថេរចិរកាល។ អ្នកនយោបាយ អ្នកការទូត ត្រូវប្រើពាក្យសម្តីទន់ភ្លន់ ការ​ទូតថ្លៃថ្នូរ គោរព គោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញសហប្រជាជាតិ ទើបសម្តីយើង​មានទម្ងន់ មានតម្លៃនៅក្នុងកិច្ច​ចចារ ឬកិច្ចប្រជុំ។

សរុប​សេចក្តីមក​ សៀវភៅ “ប្រវត្តិនៃទំនាក់ទំនងអន្តរជាតិប្រទេសកម្ពុជា” គឺជាឯកសារ​ដ៏មានតម្លៃសម្រាប់កូន​ខ្មែរ​គ្រប់រូបដែលត្រូវតែស្វែង​យល់ ព្រោះតាមរយៈសៀវភៅនេះអ្នកនិពន្ធមាន​បំណងចង់រំលឹកអំពីប្រវត្តិសាស្ត្រ​ខ្មែរ ប៉ុន្តែមិនមាន​បំណងញុះញង់អោយមានការស្អប់ខ្ពើមរវាង​ជាតិ​សាសន៍មួយនឹងជាតិមួយទៀតទេ។ អ្នកនិពន្ធគឺមានបំណងបំភ្លឺដល់សតិសម្បជញ្ញៈខ្មែរ និង​មនុស្ស​ជាតិ​ ដោយអំពាវនាវអោយបងប្អូនជនរួមឈាមទាំងអស់ ត្រូវ​សាមគ្គីគ្នា និង​រួមគ្នាជាធ្លុងមួយ​ ធ្វើយ៉ាង ណា​ត្រូវចេះយល់អាធ្យាស្រ័យគ្នា​ រវា​ងប្រទេសនឹង​ប្រទេស​ ក្នុងឋានៈជា​អ្នកភូមិផងរបងជាមួយគ្នា​ ដោយប្រ​កាន់ខ្ជាប់នូវ​ សុខសន្តិភាព និងសុភមង្គល។

 

អំពីប្រវត្តិរបស់អ្នកនិពន្ធៈ

លោក ទិត្យ សារុនរ៉េត​ បានទទួលសញ្ញាបត្រសមត្ថភាពច្បាប់ផ្នែក​តុលាការនៃមហាវិទ្យាល័យ និតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុង​ឆ្នាំ ១៩៦០។ លោកធ្លាប់បំពេញបេសកកម្មការទូត​និងការងារ​ហ្វឹកហ្វឺនជាច្រើននៅតាម​បណ្តាប្រទេសអាស៊ានមួយចំនួន​រួមមានៈ វៀតណាម ហ្វីលីពីន (ក្នុងឋានៈជាភារធារី​ស្តីទី) និង​បំពេញការទូត​នៅប្រទេសចិន ក្នុងឋានៈជាមន្ត្រីការទូតទទួលបន្ទុកខាង ផ្នែកសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម, ម៉ា​ឡេ​ស៊ី, អតីតសហភាពសូវៀត។ នៅក្នុងពេលបំពេញការងារ​ជូនជាតិ​ លោកបានទទួល​នូវការលើកសរសើរ និង​មេដាយការងារ​ជា​ច្រើន។ បច្ចុប្បន្ន លោក​គឺជាទីប្រឹក្សាអមរាជបណ្ឌិ​ត្យសភា និង​ជាសមាជិកនៃអង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស។

នៅក្នុងឳកាសចេញផ្សាយសៀវភៅដ៏មានសារៈសំខាន់ លោកបានទទួលលិខិតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលមួយចំនួន​រួម​មានៈ លិខិតរបស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា, សម្តេចជហ្វាវាំង​ គង់ សំអុល, ថ្នាក់ដឹកនាំនៃព្រឹទ្ធសភា, ក្រសួងការបរទេសនៃកម្ពុជា​ ក្រសួងព្រះបរមរាជវាំង អង្គភាពព័ត៌មាន​ និង​ប្រតិកម្មរហ័ស ដើម្បីឆ្លើយតបចំពោះការខិតខំប្រឹងប្រែង​របស់លោក ក្នុងការ​ស្រាវ​ជ្រាវចងក្រង​អោយ ចេញជាសៀវភៅនេះឡើយ​។

ភ្នំពេញ, ថ្ងៃទី ៣ ខែមីនា​ ឆ្នាំ២០១៣

ដោយបណ្ឌិត​ ចិន្ត​ ច័ន្ទរតនា​

ប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ​

អនុសាសន៍ ៨ ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមទិវាវប្បធម៌ជាតិ (លើកទី ១៥) ថ្ងៃ៣ មីនា ២០១៣

សម្តេច ហ៊ុន សែន ផ្តល់អនុសាសន៍ ៨ ចំណុច ដើម្បីចូលរួមទិវាវប្បធម៌ជាតិ ថ្ងៃ៣មីនា
ដកស្រង់ចេញពីគេហទំព័រ CEN
(ថ្ងៃទី 3 មីនា 2013, ម៉ោង 10:47:AM) | ដោយ: លី សិលា

Chaktomuk Conference Hall

ភ្នំពេញ: ក្នុងបុព្វហេតុលើកស្ទួយវឌ្ឍនភាពនៃវប្បធម៌ជាតិ ឱ្យកាន់តែមានភាពរឹងមាំប្រកបដោយចីរភាព ស្របតាមស្មារតី ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៥ ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង-ស្ថាប័នញក់ព័ន្ធ ម្ចាស់ផលិតកម្ម អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនីទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តតាមគោលដៅជាយុទ្ធសាស្ត្រ និងផែនការសកម្មភាព ក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់យើង។ អនុសាសន៍ ៨ ចំណុច ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី លើកឡើង ក្នុងទិវាវប្បធម៌ជាតិ ថ្ងៃ៣មីនានេះ។

ទិវាវប្បធម៌ជាតិ ថ្ងៃ៣មីនា លើកទី១៥ ឆ្នាំ២០១៣ ត្រូវបានប្រារព្ធឡើង នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ។ ទិវាវប្បធម៌ជាតិ ៣មីនា នៅឆ្នាំនេះ ប្រារព្ធឡើង ក្រោមប្រធានបទ “អ្វីៗទាំងអស់ ដើម្បីវឌ្ឍនភាពវប្បធម៌ជាតិ”។

អនុសាសន៍របស់សម្តេច ហ៊ុន សែន ទាំង ៨ ចំណុច មានដូចខាងក្រោមនេះ៖

ទី១-ត្រូវយកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្សលើវិស័យវប្បធម៌ និងអភិវឌ្ឍសិល្បៈគ្រប់ទម្រង់ ដោយឈរលើមូលដ្ឋានអភិរក្ស មានគ្រឹះនៃវប្បធម៌ខ្មែរបុរាណ ដែលជាអត្តសញ្ញាណ ពណ៌សម្បុរ ក្បួនខ្នាត និងជាព្រលឹងនៃវប្បធម៌ជាតិយើង។ ជារួម យើងត្រូវដឹងថា ការបង្កើតស្នាដៃសិល្បៈ ដោយខ្វះនូវក្បួនខ្នាត គឺជាការបង្ខូចនូវតម្លៃ និងព្រលឹងនៃសិល្បៈវប្បធម៌ជាតិ។ ដូច្នេះ ចាំបាច់ណាស់ ផលិតផលសិល្បៈ ត្រូវតែផ្សារភ្ជាប់ទៅនឹងក្បួនខ្នាត និងតម្លៃនៃវប្បធម៌ជាតិ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណកម្មនៃជាតិសាសន៍ខ្មែរពិតៗ។ ទន្ទឹមនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តផ្តល់ការអប់រំ និងការផ្សព្វផ្សាយអំពីគោលនយោបាយជាតិលើវិស័យវប្បធម៌ ដោយចាំបាច់ត្រូវតែធ្វើឡើងឱ្យបានទូលំទូលាយ ទាំងនៅក្នុងមជ្ឈដ្ឋាននៃម្ចាស់ផលិតកម្ម ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបង្កើតស្នាដៃសិល្បៈមហាជន និង ក្នុងចំណោមសិល្បៈករ សិល្បៈការិនីទាំងអស់របស់យើង។ ក្នុងនោះ យើងទាំងអស់គ្នាត្រូវមានស្មារតីចងចាំថា យើងធ្វើសិល្បៈមិនមែន ដើម្បីភាពស៊ីវិល័យ ភាពឆើតឆាយ និងភាពអំនួតផ្ទាល់ខ្លួននោះទេ ប៉ុន្តែយើងធ្វើសិល្បៈដើម្បីបង្ហាញពីតម្លៃប្រពៃណី វប្បធម៌ ភាពថ្លៃថ្នូរ និងមោទនភាពជាតិទាំងមូល។

ទី២-ត្រូវបង្កើតស្នាដៃថ្មី តាមរយៈការបញ្ចូលវិធីវិទ្យាសាស្ត្របច្ចេកទេស ទៅក្នុងមធ្យោបាយផលិត និងការសម្តែងដោយឈរលើគ្រឹះវប្បធម៌បុរាណ ស្របតាមទស្សនាទាន “បុរាណមិនយឺត ទំនើបមិនបរទេស” ក្នុងគោលដៅប្រើប្រាស់ស្នាដៃទាំងនេះ សម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់សិល្បករ។ ការបង្កើតស្នាដៃថ្មី គឺជាការចាំបាច់មួយ ពីញ្រេះយើងត្រូវដឹងថា ភាពសាំ គឺជាសត្រូវស្លាប់រស់ របស់ទស្សនិកជន។

ទី៣-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់បើកវគ្គអប់រំ និងវិក្រឹតការ ដើម្បីបង្កើនសមត្ថភាពយល់ដឹងដល់អ្នកនិពន្ធ ព្រមទាំងសិល្បកររបស់យើង ទៅលើទិដ្ឋភាពថ្មីៗ វិទ្យាសាស្ត្របច្ចេកទេសថ្មី ខ្លឹមសារថ្មី ដើម្បីទប់ស្កាត់ការហូរចូលនៃវប្បធម៌អវិជ្ជមានពីខាងក្រៅ បញ្ចៀសឱ្យបាននូវភាពលួចចម្លងស្នាដៃពីអ្នកដទៃ ដែលជាបទល្មើសកម្មសិទ្ធិបញ្ញា និងជាកត្តានាំឱ្យវិស័យសិល្បៈយើងមិនឤចរីកចម្រើនបានផងដែរ។ ប្រាកដណាស់ អ្នកបង្កើតស្នាដៃថ្មីតែងបានរៀនសូត្រពីអ្នកដទៃ តែគេពុំគួរចម្លងស្នាដៃអ្នកដទៃដោយល្ងិតល្ងង់ ឬដកស្រង់របស់គេទាំងស្រុងនោះទេ។ ក្នុងន័យនេះ យើងសង្ឃឹមថា អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បៈករ សិល្បៈការិនីរបស់យើង នឹងដកស្រង់យកតែមេរៀនល្អៗរបស់អ្នកដទៃមកពិចារណា ហើយចម្រាញ់យកធ្វើជាចំណេះដឹងខ្លួន ដើម្បីបង្កើតស្នាដៃថ្មីៗ។

ទី៤-បង្កើតកម្មវិធីផ្លាស់ប្តូរជំនាញឯកទេស ការសិក្សាស្រាវជ្រាវ បង្កើនកិច្ចសហប្រតិបត្តិការ ទាំងក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និង អន្តរជាតិ ដើម្បីស្វែងរកវិធានការលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យសិល្បៈ ឱ្យប្រកបដោយភាពអប់រំ ដែលសង្គមជាតិទាំងមូលទទួលយកបាន និងនៅក្នុងវិធានមួយធានាបានដល់កិច្ចការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ ឱ្យបន្តមានអត្ថិភាពជានិច្ចនិរន្តតទៅអនាគត។

ទី៥-ត្រូវយកចិត្តទុកដាក់បង្កើតកម្មវិធីផ្ទេរចំណេះដឹង ចំណេះធ្វើពីមរតកមនុស្សរស់ ទៅឱ្យយុវជនជំនាន់ក្រោយ ដើម្បីបន្តវេនថែរក្សាការពារបេតិកភណ្ឌវប្បធម៌ ឱ្យបានគង់វង្សតទៅអនាគត ។ ក្នុងនោះ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់ និង លើកទឹកចិត្តដល់វរសិល្បករ វរអ្នកនិពន្ធ ជាដើម ទៅធ្វើបទឧទ្ទេសអំពីតម្លៃវប្បធម៌ជាតិ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងកម្រិតវិទ្យាល័យ និងសកលវិទ្យាល័យ។

ទី៦-បន្តរៀបចំបើកមហោស្រពសិល្បៈមហាជនឱ្យបានទៀងទាត់តាមថ្នាក់នីមួយៗ ទាំងថ្នាក់មូលដ្ឋានខេត្ត ថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ដើម្បីផ្តល់ឱកាសឱ្យសិល្បករ បានផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ទាំងការបង្កើតស្នាដៃថ្មី ទាំងការសម្តែង ដែលជាសមាសធាតុមួយដ៏សំខាន់ ក្នុងការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ជាតិ ឱ្យបានប្រកបដោយចីរភាព។ ធ្វើដូច្នេះបាន យើងពិតជាឤចប្រែក្លាយក្រុមសិល្បៈមហាជន យើងឱ្យរួមចំណែកស្ថាបនា ការពារ ថែរក្សា និងផ្សព្វផ្សាយពីតម្លៃនៃវប្បធម៌ជាតិរបស់យើង ជាមួយនឹងគុណប្រយោជន៍ដល់ការអប់រំសីលធម៌សង្គម បម្រើសេចក្តីរីករាយប្រកបដោយភាពថ្លៃថ្នូរ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈ ការយកសិល្បៈចិញ្ចឹមសិល្បៈ។

ទី៧-បន្តយកចិត្តទុកដាក់លើកកម្ពស់ដល់ការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឱ្យបានគង់វង្សនូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីគ្រប់ប្រភេទ។ ក្នុងនោះ ត្រូវជំរុញឱ្យមានការចុះបញ្ជីសារពើភណ្ឌ និងធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ ដើម្បីឱ្យដឹងថា តើបេតិកភណ្ឌវប្បធម៌អរូបីប៉ុន្មាន ដែលបានកើតឡើង និងប៉ុន្មានទៀត ដែលបានធ្លាក់ចុះ។ ការរកឃើញលទ្ធផលទាំងនេះ ទើបយើងឤចរៀបចំផែនការទប់ស្កាត់ ថែរក្សា ការពារ និងលើកស្ទួយឱ្យមានការរីកចម្រើន ប្រកបដោយប្រសិទ្ធភាព។

ទី៨-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តយកចិត្តទុកដាក់រៀបចំចងក្រងនូវបទដ្ឋានគតិយុត្ត ញក់ព័ន្ធទាំងឡាយ ដែលទាក់ទងដល់ការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដូចជា អនុក្រឹត្យស្តីពីការគ្រប់គ្រងសិល្បៈទស្សនីយភាព អនុក្រឹត្យស្តីពីការគ្រប់គ្រងសិល្បៈសិប្បកម្ម និងសិល្បៈសូនរូប ជាដើម ដើម្បីធានាបានដល់ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព នៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង។

ជាមួយនឹងអនុសាសន៍ទាំង ៨ ចំណុចខាងលើ ក្នុងទិវាវប្បធម៌ជាតិ ថ្ងៃ៣មីនា លើកទី១៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យក ថ្ងៃទី ៣ មីនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិនេះឡើង នៅទូទាំងប្រទេស ក្នុងគោលបំណងបំផុសមនសិការជាតិ របស់ប្រជាជាតិខ្មែរ ពីគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុង និងក្រៅប្រទេស ឱ្យរួមគ្នាជាធ្លុងមួយ ដើម្បីជួយ ថែរក្សា ការពារ លើកតម្កើងកេរដំណែលវប្បធម៌ជាតិឱ្យបានគង់វង្ស និងបន្តអភិរក្ស អភិវឌ្ឍវប្បធម៌ឱ្យកាន់តែរីកចម្រើន ប្រកបដោយកិត្យានុភាព និងសេចក្តីថ្លៃថ្នូរ។

ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែគាំទ្រដល់ផែនការអភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ដោយបន្តលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយអំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូណ៌បែប ការអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អថ្លៃថ្លារបស់ជាតិ ការទប់ស្កាត់ការហូរចូលនៃវប្បធម៌អវិជ្ជមានពីបរទេស ការលុបបំបាត់សកម្មភាពមិនល្អ ក្នុងស្រទាប់យុវជន និងកុមារ ដែលធ្វើឱ្យប៉ះញល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ។ កិច្ចការទាំងអស់នេះ ពិតជាបម្រើនូវឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងបានឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការដ៏ទទូចរបស់ប្រជាជន និងសង្គមជាតិទាំងមូលផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា “ចំញេះមុខនេះដែរ រាជរដ្ឋាភិបាលនៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរសាមគ្គីជាតិ ដើម្បីប្រមូលកម្លាំង ប្រជាជាតិទាំងមូលពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ ទាំងនៅក្នុង និងនៅក្រៅប្រទេស ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីបន្តរួមគ្នាជាធ្លុងមួយសំដៅថែរក្សា ការពារ និងអភិវឌ្ឍវប្បធម៌ លើកកម្ពស់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដើម្បីបន្តឈរដោយស្មើភាព និងស្មើសិទ្ធិ នៅក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក ដូចញក្យចាស់បុរាណលោកញេលថា វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន”៕