“សង្ក្រាន្តសមុទ្រ” គឺជាព្រឹត្តិការណ៍មួយដ៏ថ្មីស្រឡាងរបស់ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ កម្មវិធីដែលនឹងរៀបចំឡើងនេះគឺក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការរៀបចំរវាងរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន Blue Media Cambodia ។ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមការងារមូលនិធិកេរដំណែលខ្មែរ ក៏បានចូលរួមជាមួយក្រុមការងារក្នុងនាមជាទីប្រឹក្សាគម្រោងក្នុងការរៀបចំពិធីបុណ្យ “សង្ក្រាន្តសមុទ្រ” នេះផងដែរ។ បើតាមប្រសាសន៍របស់លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន Blue Media Cambodia បានអោយដឹងថា នៅពេលបច្ចុប្បន្ននេះ ក្រុមការងារទាំងអស់កំពុងតែធ្វើកិច្ចការយ៉ាងយកចិត្តទុកដាក់ ដើម្បីរៀបចំកម្មវិធីថ្មីមួយ ក្នុងគោលបំណងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីក្នុងការរៀបចំ និងតុបតែងឆាក ព្រមទាំងស្វែងរកគំនិតប្លែកៗដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមសប្បាយរីករាយជាមួយព្រឹត្តិការណ៍ថ្មីនៅក្នុងក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ” នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ២៩, ៣០ និង៣១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានការសម្តែងសិល្បៈ ល្ខោនយីកេ ចាប៉ឺដងវែង ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ផលិតផលទំនិញគ្រប់ប្រភេទ ការលក់ម្ហូប និងបន្លែស្រស់ៗដែលគ្មានជាតិគីមី ព្រមទាំងការកំសាន្តផ្សេងៗជាច្រើនទៀត។
កុំភ្លេចណា! យើងចូលរួមព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ” ទាំងអស់គ្នា…!
ដោយៈ កោះរ៉ុង (រូបភាព Blue Media Cambodia)