លោកចិន្ត ច័ន្ទរតនា អគ្គរាជទូតបុរាណវិទ្យា

លោកចិន្ត ច័ន្ទរតនា អគ្គរាជទូតបុរាណវិទ្យា

(អត្ថបទចុះផ្សាយនៅថ្ងៃ 24-03-2014, 11:03 am) | ដោយ លាង ដឺលុច (ថ្មីៗ)
Dr. CHEN Chanratana

លោកចិន្ត ច័ន្ទរតនាបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីប្រទេសបារាំងផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍ នៅក្នុងឆ្នាំ២០១១ ។ និក្ខេបបទថ្នាក់បណ្ឌិតរបស់លោកមាន ចំណងជើងថា «រាជធានីកោះកេរ និងរាជព្រះបាទជ័យវរ្ម័នទី៤»ជាភាសាបារាំង និងទើបតែត្រូវបានបកប្រែជាភាសាខ្មែរចប់កាលពីពេលថ្មីៗនេះ។ ចាប់តាំងពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០០៧ពីប្រទេសប្រទេសបារាំង លោកចិន្ត ច័ន្ទរតនាបានផ្តើមធ្វើការងារច្រើនទាក់ទងនឹងការចងក្រង និងផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកបុរាណវិទ្យា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនាមជាប្រធានមូលនិធិកេរដំណែលខ្មែរដែលមានកំណើតតាំងពីឆ្នាំ២០១២ លោកបុរាណវិទូត្រូវបានអង្គភាពព័ត៌មានជាច្រើនសម្ភាសន៍អំពីកិច្ចការស្រាវជ្រាវ និងចំណេះដឹងអំពីបុរាណវិទ្យា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ។

នៅពេលដែលលោកចិន្ត ច័ន្ទរតនាក្លាយជាបុរាណវិទូដ៏ល្បីមួយរូបនៅពេលនេះ វាមិនបានកើតឡើងដោយឯកឯងនោះឡើយ។ និស្ស័យស្រឡាញ់វិស័យបុរាណវិទ្យា ត្រូវបានបណ្តុះឡើងដោយទម្លាប់របស់លោកឪពុកចិន្ត នាគ ដែលតែងតែអានសៀវភៅប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ នៅចំពោះមុខកូនប្រុសរបស់គាត់គឺរតនានេះឯង។ វាក៏អាចជាឥទ្ធិពលនៃឈាមជ័រជាអ្នកសិល្បៈផងដែរ ដោយសារតែលោកចិន្ត នាគដែលទើបតែទទួលមរណៈភាពនៅក្នុងឆ្នាំ២០១១ គឺជាអតីតអ្នកនិពន្ធ អ្នកដឹកនាំរឿង និងតួឯកល្ខោនជាតិក្នុងទស្សវត្សរ៍៦០ ។ «កាលពីនៅតូចខ្ញុំចូលចិត្តមើលសៀវភៅរបស់ឪពុកខ្ញុំណាស់។ ខ្ញុំអត់ដឹងថា សៀវភៅទាំងនោះនិយាយអំពីអ្វីទេ ប៉ុន្តែ ខ្ញុំចូលចិត្តមើលរូប។ ឪពុកខ្ញុំប្រាប់ខ្ញុំថា សៀវភៅទាំងនេះមានតម្លៃណាស់។ ខ្ញុំមិនយល់ថាមានតម្លៃយ៉ាងម៉េចទេ ពេលនោះ។ ប៉ុន្តែខ្ញុំចូលចិត្តមើលរូប។ មានរូបចម្លាក់ រូបប្រាសាទអង្គរវត្ត ប្រសាទបាយ័ន។ ដល់ថ្នាក់ឌីប្លូម (ថ្នាក់ទី៩បច្ចុប្បន្ន) ខ្ញុំចាប់ផ្តើមអានសៀវភៅប្រវត្តិសាស្ត្រ»។ លោកបណ្ឌិតផ្នែកបុរាណវិទ្យា បច្ចុប្បន្នអាយុ៣៤ឆ្នាំ កំពុងរម្លឹកអំពីមូលហេតុដែលធ្វើអោយលោកចាប់អារម្មណ៍លើវិស័យបុរាណវិទ្យា។

នៅពេលដែលយល់ថា ខ្លួនស្រឡាញ់ចំណេះវិជ្ជាដែលទាក់ទងនឹងប្រាសាទបុរាណហើយនោះ បូករួមទាំងបានឃើញប្រាសាទអង្គរជាលើកដំបូងក្នុងឆ្នាំ១៩៩៦ដោយអារម្មណ៍រំភើបថែមទៀតនោះ លោករតនាក៏បានសួរសុំយោបល់ពីឪពុកថា «តើត្រូវរៀនមុខវិជ្ជាអ្វី ដើម្បីខ្លួនអាចស្គាល់វិស័យវប្បធម៌ អរិយធម៌ និងប្រាសាទបុរាណខ្មែរនេះ»? ចម្លើយរបស់ឪពុកលោកនៅពេលនោះ ដែលផ្តល់យោបល់អោយជ្រើសរើសយកផ្នែកបុរាណវិទ្យានោះហើយ ដែលបានធ្វើអោយចិន្ត ច័ន្ទរតនាបានស្ថិតនៅលើផ្លូវនៃជំនាញបុរាណវិទ្យានៅពេលនេះ។ លោករតនាបានប្រើពេលវេលា៣ឆ្នាំ បន្ទាប់ពីបានបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៩៦នៅវិទ្យាល័យបឹងត្របែក ដើម្បីព្យាយាមប្រឡងអោយបានជោគជ័យចូលក្នុងមហាវិទ្យាល័យបុរាណវិទ្យានៅក្នុង១៩៩៩ ។

Siv channa-001
បុរាណវិទ្យានាំអោយជាតិមួយស្គាល់អត្តសញ្ញាណខ្លួនឯង

ក្រោយពីបានបញ្ចប់ការសិក្សា៥ឆ្នាំនៅក្នុងមាតុភូមិក្នុងឆ្នាំ២០០៤ លោកចិន្ត ច័ន្ទរតនាបានស្នើសុំអាហារូបករណ៍ទៅប្រទេសបារាំងដើម្បីសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០០៥ ។ បន្ទាប់ពីទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០០៦នោះ លោករតនាក៏បានស្នើបេក្ខភាពខ្លួនរៀនថ្នាក់បណ្ឌិតតែម្តងចាប់ពីឆ្នាំ២០០៧ នៅក្នុងប្រទេសបារាំងដដែល។ បេក្ខជនបណ្ឌិតត្រូវប្រើរយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ចុងឆ្នាំ២០១១ ទើបអាចបញ្ចប់ និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍។ បន្ទាប់ពីបានចំណាយពេល១០ឆ្នាំ ក្នុងការសិក្សាបុរាណវិទ្យា តើលោកចិន្ត ច័ន្ទរតនាពន្យល់យ៉ាងណាអំពីសារៈសំខាន់នៃការសិក្សាបុរាណវិទ្យា?
«សិក្សាបុរាណវិទ្យា គឺជាការសិក្សាអំពីប្រវត្តិសាស្ត្រ ពីជាតិពន្ធុវិទ្យា ពីស្ថាបត្យកម្ម ប្រវត្តិសិល្បៈជាដើម។ មិនត្រឹមតែសិក្សាអំពីអតីតកាលទេ ក៏មានការសិក្សាពីសង្គមបច្ចុប្បន្នដែរ ដើម្បីដឹងថា តើសង្គមបច្ចុប្បន្នបានយកលំនាំនៃការគ្រប់គ្រងនៃសម័យកាលណាមួយ ឬអត់? ប្រសិនយើងមិនរៀនបុរាណវិទ្យា យើងមិនដឹងពីឬសគល់នៃវប្បធម៌ជាតិ មិនដឹងពីអត្តសញ្ញាណ និងមិនដឹងថាពូជខ្មែរបានធ្វើអ្វីខ្លះដែលធ្លាប់ជាមហាអំណាចអាណាចក្រអង្គរនោះទេ»។ នេះជាការបកស្រាយរបស់លោក ចិន្ត ច័ន្ទរតនាដែលកំពុងមានតួនាទីជាមន្ត្រីរបស់រដ្ឋសភាផងដែរ ក្នុងការិយាល័យសំណង់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
ពាក់អាវយឺតបង្កង់ ពណ៌ប្រផេះលាយខ្មៅ អាវដាក់ក្នុងខោករណាត់ពណ៌ខ្មៅ និងមានកាន់សៀវភៅស្នាដៃថ្នាក់បណ្ឌិតផងនោះ លោកចិន្ត ច័ន្ទរតនាក៏បានបញ្ជាក់អោយដឹងបន្ថែមទៀតអំពីសារៈសំខាន់នៃមុខវិជ្ជាបុរាណវិទ្យា ដែលជំរុញអោយមានការចងក្រងលទ្ធផលនៃការស្រាវជ្រាវបុរាណវិទ្យាជាច្រើនសម្រាប់ប្រទេសកម្ពុជានោះ។ លោករតនា វ័យ៣៤ឆ្នាំបានបន្តពន្យល់យ៉ាងដូច្នេះថា៖«ប្រសិនបើគេធ្វើកំណាយនៅកន្លែងមួយ ហើយគេរកឃើញផ្នូរ ឬវត្ថុបុរាណនានានោះ គេអាចចងក្រងជាឯកសារមួយដែលរៀបរាប់សង្គមអតីតកាលនៃទីកន្លែងដែលគេធ្វើកំណាយនោះ។ ដូច្នេះប្រសិនបើយើងគ្មានមុខវិជ្ជាបុរាណវិទ្យា យើងមិនអាចចងក្រងប្រវត្តិសាស្ត្រយើងបានទេ»។

Siv channa-004
ខ្វះខាតការផ្សព្វផ្សាយអំពីចំណេះដឹងបុរាណវិទ្យា

ក្នុងនាមជាគ្រូបង្រៀនផ្នែកបុរាណវិទ្យាផង និងជាអ្នកស្រាវជ្រាវផងនោះ លោកចិន្ត ច័ន្ទរតនាបានសម្តែងអារម្មណ៍សោកស្តាយដែលមិនទាន់បានឃើញការចាប់អារម្មណ៍ និងការអោយតម្លៃខ្លាំងពីសំណាក់សាធារណៈជន និងពិសេសពីយុវជនជំនាន់ក្រោយ ទៅលើវិស័យបុរាណវិទ្យា។ មូលហេតុចំបងមួយដែលជាប្រធានបទនៃការស្តីបន្ទោសរបស់លោកបុរាណវិទូ គឺកង្វះការផ្សព្វផ្សាយទូលំទូលាយ។ កម្រមានការតាំងពិពណ៌បុរាណវិទ្យា កម្រមានការជជែកពិភាក្សាអំពីបុរាណវិទ្យានៅលើវេទិកាសាធារណៈ និងនៅតាមបណ្តាញសារព័ត៌មាន ទាំងអស់នេះហើយ បើតាមលោកបុរាណវិទូរតនា ដែលធ្វើអោយវិស័យបុរាណវិទ្យាស្ទើរត្រូវបានបំភ្លេចនោះ។ ការខ្វះខាតថវិកាក្នុងការងារផ្សព្វផ្សាយអំពីបុរាណវិទ្យាគឺជារឿងមួយ ប៉ុន្តែនៅមានបញ្ហាមួយទៀត ដែលឧបសគ្គក្នុងការដាក់បង្ហាញវិស័យបុរាណវិទ្យាអោយកូនខ្មែរបានឃើញ និងបានយល់។
«នោះគឺបញ្ហាភាសា។ ខ្ញុំរៀនបុរាណវិទ្យា១០ឆ្នាំហើយ ខ្ញុំឃើញមានឯកសារជាភាសាខ្មែរត្រឹមតែ ១០ទៅ១៥ភាគរយប៉ុណ្ណោះ។ មានសុទ្ធតែភាសាបារាំង។ ដូច្នេះ បើយើងចង់រៀនបុរាណវិទ្យា ហើយដល់ថ្នាក់បណ្ឌិតទៀតនោះ លុះត្រាតែទៅរៀននៅស្រុកបារាំង»។ នេះការរអ៊ូរទាំរបស់លោកបណ្ឌិត។
បណ្ឌិតចិន្ត ច័ន្ទរតនាបានលើកទឹកចិត្តអោយយុវជនខ្មែរចាប់អារម្មណ៍លើមុខវិជ្ជាបុរាណវិទ្យា ដើម្បីអាចយល់ដឹងអំពីចំណេះដឹងអប្បបរមាណាមួយដែលអាចអោយពួកគេដឹងអំពីអត្តសញ្ញាណជនជាតិខ្មែរ។ និយាយយ៉ាងដូច្នេះ លោករតនាក៏មិនមែនមានន័យថា យុវជនជំនាន់ក្រោយត្រូវសិក្សាជំនាញបុរាណវិទ្យាទាំងអស់គ្នានោះដែរ។ ប៉ុន្តែលោកបណ្ឌិតគ្រាន់តែចង់អោយយុវជនជំនាន់ក្រោយយកចិត្តទុកដាក់ស្តាប់ការផ្សព្វផ្សាយអំពីអ្វីដែលជាប្រវត្តិសាស្ត្រ ប្រវត្តិនៃវប្បធម៌ និងអរិយធម៌ខ្មែរជាដើម។

Siv channa-003
កេរដំណែលខ្មែរជាជំហាននៃការចងក្រង និងការផ្សព្វផ្សាយបុរាណវិទ្យា


ដោយបានបញ្ចប់ការសិក្សានៅប្រទេសបារាំង ហើយបានឃើញអំពីសកម្មភាពផ្សព្វផ្សាយបុរាណវិទ្យាដ៏មានប្រសិទ្ធភាពតាមរយៈប្រព័ន្ធបណ្តាញព័ត៌មាននៅស្រុកបារាំងនោះ លោកបណ្ឌិតចិន្ត ច័ន្ទរតនាបានផ្តួចផ្តើមបង្កើតទស្សនាវដ្តីមួយនៅចុងឆ្នាំ២០០៨ ដែលមានឈ្មោះថា កេរដំណែលខ្មែរ ដោយមានរួមទាំងគេហទំព័រមួយផង ដើម្បីផ្សព្វផ្សាយស្នាដៃ និងលទ្ធផលនៃការស្រាវជ្រាវបុរាណនានានៅកម្ពុជា។ ប៉ុន្តែទីផ្សារបោះពុម្ពទស្សនាវដ្តីបុរាណវិទ្យាហាក់មិនទទួលបានការចាប់អារម្មណ៍ពីអ្នកអានសោះ។ ក្រុមការងារស្រាវជ្រាវក៏បានផ្តោតការងារលើគេហទំព័រដែលទទួលបានការគាំទ្រប្រសើរជាង ហើយមិនចំណាយថវិកាច្រើនដូចការងារទស្សនាវដ្តីផង។
ក្នុងគោលដៅសម្រេចអោយបានការងារផ្សព្វផ្សាយស្នាដៃស្រាវជ្រាវបុរាណវិទ្យាដែលត្រូវការប្រភពថវិកានោះ លោកបណ្ឌិតចិន្ត ច័ន្ទរតនាមិនបានទម្លាក់ដៃក្នុងការព្យាយាមបង្កើតអោយបានក្រុមការងារស្រាវជ្រាវបុរាណវិទ្យា និងស្ថាប័នផ្សព្វផ្សាយនោះឡើយ។ នៅឆ្នាំ២០០៨ លោកបុរាណវិទូបានទូលដំណឹងអំពីបំណងចង់បង្កើតក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាម្តងរួចហើយ ថ្វាយព្រះករុណា ព្រះបាទ ព្រះបរមនាថនរោត្តម សីហមុនីនៅក្នុងព្រះរាជសវនាការមួយជាមួយក្រុមការងាររបស់លោកចិន្ត ច័ន្ទរតនា។ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីស្រុកបារាំង លោករតនាបានមកជួបពិភាក្សា សុំការគាំទ្រពីលោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីបង្កើតមូលនិធិកេរដំណែលខ្មែរ ដោយបានអញ្ជើញលោករដ្ឋមន្ត្រីធ្វើជាប្រធានកិត្តិយសនៃមូលនិធិនេះ។ កាលណោះគឺនៅឆ្នាំ២០១២។ ចាប់ពីពេលនោះមក សកម្មភាពការងារនៃក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាដែលមានសមាជិកសរុបទាំងពេញសិទ្ធ និងស្ម័គ្រចិត្តចំនួន១៥នាក់នោះ ហាក់បានមានដំណើរការទៅមុខដោយសន្សឹម។ លោកចិន្ត ច័ន្ទរតនាបានរៀបរាប់ដោយទឹកមុខសប្បាយចិត្តយ៉ាងដូច្នេះ៖«ដូច្នេះចាប់ពីឆ្នាំ២០១២មកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបានការសហការក្នុងក្របខណ្ឌនៃការស្រាវជ្រាវ និងផ្សព្វផ្សាយនេះ ជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌ អាជ្ញាធរអប្សរា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត»។

Siv channa-002
ខ្ញុំមានគោលបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ជាតិ

បើទោះជាមានឧបសគ្គខ្លះៗក្នុងគម្រោងជាច្រើនក្នុងពេលបច្ចុប្បន្នក៏ដោយ បណ្ឌិតចិន្ត ច័ន្ទរតនាក៏មិនភ្លេចរម្លឹកខ្លួនឯងអំពីគម្រោងធំៗថ្នាក់ជាតិដែលខ្លួនចង់ធ្វើអោយបានសម្រេចសម្រាប់ផលប្រយោជន៍របស់មាតុភូមិរបស់ខ្លួនដែរ។ បន្តសរសេរសៀវភៅ បកប្រែឯកសារស្តីពីបុរាណវិទ្យាពីភាសាបារាំងមកជាភាសាខ្មែរអោយបានច្រើន និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ជាតិមួយ ទាំងនេះគឺជាមហិច្ឆតារបស់លោកបុរាណវិទូ។ លោករតនាពន្យល់ថា៖ «ការខ្វះខាតឯកសារជាភាសាខ្មែរនេះហើយ ដែលធ្វើអោយកូនខ្មែរស្ថិតនៅឆ្ងាយពីវិស័យបុរាណវិទ្យា។ នេះជាឧបសគ្គមួយ។ ដូច្នេះយើងត្រូវបកប្រែសៀវភៅសំខាន់ៗដែលមានជាភាសាបរទេសមកជាភាសាខ្មែរ ដើម្បីអោយខ្មែរជំនាន់ក្រោយដឹងថា តើបរទេសបានសរសេរអ្វីខ្លះអំពីខ្មែរ»?

បុរាណវិទូចិន្ត ច័ន្ទរតនានឹងលះបង់ជីវិតខ្លួនជាមួយនឹងការកិច្ចការផ្នែកបុរាណវិទ្យាដើម្បីកម្ពុជា។ ប៉ុន្តែវាក៏មិនមែនជាការលះបង់តែមួយនោះឡើយ។ ការងារដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំថៃទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅប្រាសាទបុរាណនៅតាមខេត្តបានយកពេលវេលារបស់ស្វាមី និងឪពុកនៃកូន៤នាក់ស្ទើរតែអស់រលីងពីក្នុងគ្រួសារ។ លោកបុរាណវិទូបានបញ្ជាក់ថា ប្រសិនបើគ្មានភរិយារបស់លោកដែលជាអតីតនិស្សិតផ្នែកបុរាណវិទ្យាយល់អំពីការលះបង់របស់លោក និងតម្លៃនៃការងារបុរាណវិទ្យានោះទេ លោកក៏មិនមានទឹកចិត្តខិតខំប្រឹងប្រែងក្នុងការងារ ដូចសព្វថ្ងៃនេះដែរ។ ភរិយាឯណា មិនចង់បានស្វាមីនៅជិតខ្លួន?

1012911_10152050977043634_1948868878_n

1489209_10152043590973634_1606887988_n

534400_10152042288288634_1355742246_n 971155_10152050990708634_269228637_n   1966804_10152052701063634_1451416976_n

កោះកេរ អច្ឆរិយវត្ថុ ដែលបាត់បង់” តំបន់ប្រវត្តិសាស្រ្តខ្មែរ មិនអាចបំភ្លេចបាន

Saturday, 01 March 2014 14:15 ដោយ​ ៖ ដើមអម្ពិល (DAP) ID- 014

ភ្នំពេញ៖ សិក្ខាសាលា”កោះកេរ អច្ឆរិយវត្ថុ ដែលបាត់បង់” ធ្វើឡើងក្នុងគោលបំណង ដើម្បីរំលែកបទពិសោធន៍ និងផ្សព្វផ្សាយ ចំណេះដឹង ដល់អ្នកស្រាវជ្រាវ និងវាគ្មិនកិត្តិយល ស្តីពី”រាជធានីកោះកេរ និងរាជព្រះបាទជ័យវរ្ម័នទី៤” ត្រូវបានធ្វើឡើង សាល ប្រជុំធំរបស់សាកលវិទ្យាល័យ ហ្សាម៉ាន់ នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៤ នេះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកបណ្ឌិត ចិត្ត ច័ន្ទរតនា ប្រធានមូលនិធិ កេរដំណែលខ្មែរ លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង និងសាស្រ្តាចារ្យ ជាអ្នក ស្រាវជ្រាវផ្នែកបុរាណវិទ្យា ជាច្រើននាក់ទៀត។

លោក ស៊ន សំណាង ជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត នៅកម្ពុជា បានមានប្រសាសន៍ថា ការសិក្សាផ្នែកបុរាណវិទ្យា និងប្រវត្តិ វិទ្យា ស្ថាបត្យកម្ម សិលាចរិកសិល្បៈ បដិមាសាស្រ្ត និងការស្រាជ្រាវថ្មី ដោយប្រើបច្ចេកវិទ្យា ឡៃដា Lidar ការរៀបចំតំបន់ រមណីយដ្ឋាន និងច្បាប់អន្តរជាតិ ក្នុងការទប់ស្កាត់ក្នុងការ លួចវត្ថុបុរាណ និងការអភិរក្ស ការការពារសម្បត្តិ បេតិកភណ្ឌជាតិ ជូនដល់អ្នកស្រាវជ្រាវនិសិ្សត ព្រមទាំងសិស្សានុសិស្ស ដែលអញ្ជើញចូលរួម នៅក្នុងសិក្ខាសាលានេះ។ ជាពិសេសគឺការ បណ្តុះបណ្ដាលស្មារតី យុវជន យុវតីជំនាន់ក្រោយ ក្នុងការរួមចំណែកសិក្សាស្វែង យល់អំពីប្រវត្តិសាស្រ្តខ្មែរ និងថែរក្សា បេតិកភណ្ឌវប្បធម៌ជាតិ ឲ្យនៅស្ថិតស្ថេរគង់វង្ស។

លោកបានបន្តថា នៅក្នុងប្រវត្តិសាស្រ្ត កម្ពុជាខ្មែរនាសម័យអង្គរ រជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៤(៩២៨-៩៤១គ.ស) គឺមាន ទំនាក់ទំនង គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងតំបន់កោះកេរ ។ ព្រះអង្គបានយាងចេញ ពីរាជធានីទៅកាន់តំបន់ភូមិភាគ ខាងជើង ឈៀងខាងកើត នៃតំបន់អង្គរចម្ងាយ ១២០គីឡូម៉ែត្រ នៅតំបន់ “ឆោកគគ៌្យរ” ដែលបច្ចុប្បន្នមានឈ្មោះថា “កោះកេរ” ។

ក្រោយពីរការសោយទិវង្គត់ របស់ព្រះបាទជ័យវរ្ម័នទី៤ និងព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ហស៌វរ្ម័នទី២ ប្រហែលនៅក្នុងឆ្នាំ ៩៤៤គ.ស ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានយាងត្រឡប់ មកសោយរាជ្យ នៅរាជាធានីអង្គរវិញ ប៉ុន្តែគ្មាននរណាម្នាក់ ពន្យល់ពី មូលហេតុ នៃការវិលត្រឡប់ របស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២បានឡើយ។ ក្រោយពីការបោះបង់ចោលមក តំបន់រាជធានី កោះកេរ នេះមិនសូវមាន ការអភិវឌ្ឍន៍អ្វី គួរឲ្យគត់សម្គាល់ឡើយ។

ម្យ៉ាងទៀត បើសិនជាយើងពិនិត្យមើល លើសំណង់ប្រាសាទ ដែលមានច្រើនស្អេកស្កះ នៅតំបន់កោះកេរ យើងឃើញថា សំណង់ កោះកេរ ភាគច្រើនត្រូវបានកសាង ក្នុងរយៈពេលខ្លី នៃរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី៤ តែប៉ុណ្ណោះ។ ក្រៅពី តំបន់កោះកេរ យើងឃើញមានប្រសាទ មួយចំនួន ដែលសាងសង់ក្នុងរចនាថ ដូចគ្នា នៅតំបន់ផ្សេងៗទៀតដូចជា ប្រាសាទ ក្រវ៉ាន់នៅអង្គរ នាងខ្មៅតាកែវ ជើងអង្គនៅកំពង់ចាម ប្រាសាទមួយចំនួន នៅជើងភ្នំដងរែក នៅក្នុងប្រទេសថៃ បច្ចុប្បន្ន។ នៅក្នុងឆ្នាំ ១៩៧០នៅតំបន់កោះកេរ ព្រមទាំងខេត្តព្រះវិហារទាំងមូល ត្រូវបានដាក់ នៅក្នុងការកាន់កាប់របស់ កងទ័ពខ្មែរ ក្រហម។ រហូតដល់ឆ្នាំ ១៩៩៨ ក្រោយពីសមាហរណកម្ម ខ្មែរក្រហមរបស់រដ្ឋាភិបាល នៅតំបន់កោះកេរ ត្រូវបានបើកជា សាធារណៈឡើងវិញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទំាង ការអភិវឌ្ឍន៍គួរឲ្យគត់សម្គាល់។

ប៉ុន្តែជាអកុសល តំបន់កោះកេរ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិល ជាង៣០ឆ្នាំ(១៩៧០-១៩៩៨) ការ លួចវត្តុបុរាណ ការបំផ្លាញ ចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើង យ៉ាងអនាធិប្បតេយ្យ និងសភាពធ្ងន់ធរបំផុត ដែល ប្រសាទមួយចំនួនធំ ត្រូវបានបាក់រលំ ធា្លក់ដល់ដី។ នៅពេលនេះ ក្រោមការគ្រប់គ្រង របស់អាជ្ញាធរអប្សរា កោះកេរ បាន ក្លាយជាតំបន់ រមណីយដ្ឋាន ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមទស្សនា។ ប៉ុន្តែ នៅតំបន់ កោះកេរ បានប្រែមុខមាត់ថ្មី ពីតំបន់ដែលធ្លាប់តែជាសមរភូមិប្រយុទ្ធ ឥឡូវនេះបានក្លាយទៅជាតំបន់អភិវឌ្ឍន៍ បៃតង៕

that-0010 that-0011 that-0012 that-0013 that-0014

%d bloggers like this: