បុណ្យវិសាខបូជា

ចូរព្រះពុទ្ធ សាសនិកខ្មែរ ស្វែងយល់ពីបុណ្យ វិសាខបូជា

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រ ដើមអម្ពឹល (DAP)
Saturday, 05 May 2012 07:51 ដោយៈ DAP-Posted: ID-009

ភ្នំពេញៈ ប្រទេសកម្ពុជាជាប្រទេស ប្រកាន់ខ្ជាប់នូវ ព្រះពុទ្ធសាសនា ដែលគោរពតាមព្រះពុទ្ធោវាទ របស់ព្រះសម្មាសម្ពុទ្ធ ព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ មានថ្ងៃសំខាន់ៗជាច្រើន ដែលទាក់ទងនឹងព្រះពុទ្ធសាសនា ប៉ុន្តែពុទ្ធសាសនិកខ្មែរមិនច្រើនទេ ដែលយល់ដឹងថ្ងៃសំខាន់ៗទាំងនោះ ជាពិសេស យុវជន យុវតីខ្មែរ នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើខ្លួនឲ្យកាន់តែឃ្លាតឆ្ងាយពីព្រះពុទ្ធសាសនា។

បណ្តាថ្ងៃសំខាន់ៗទាំងនោះ ថ្ងៃសំខាន់មួយដែលពុទ្ធសាសនិកខ្មែរគប្បីរលឹកដឹង និងប្រារព្ធធ្វើឲ្យជានិស្ស័យ គឺ ថ្ងៃវិសាខបូជា ព្រោះត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ ឬដែលហៅថា ថ្ងៃ វិសាខ បូជាសកល ។ មូលហេតុដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ថ្ងៃ វិសាខបូជានេះ ព្រោះអង្គ ការពិភពលោកនេះ កំពុងតែមានគោលនយោបាយ ដូចព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែរ គឺ សន្តិភាព និងសន្តិសុខ មានន័យថា អង្គការសហប្រជាជាតិ កំពុងព្យាយាម កសាងសុខសន្តិភាពឡើងក្នុងលោក ឯព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ក៏ណែនាំមនុស្សជាតិឲ្យលះបង់អំពើហិង្សាគ្រប់ប្រភេទទាំង កាយ វាចា ចិត្ត ហាក់នឹងថា ព្រះអង្គកំពុងត្រួសត្រាយ សុខសន្តិភាពចំពោះមនុស្សជាតិទាំងមូលដូច្នោះ កាលបើមនុស្សជាតិមិនធ្វើអំពើហិង្សា និងគោរពសិទ្ធិគ្នាទៅវិញទៅមក ពិភពលោកនេះ ក៏ជាផែនដី ដែលគួរឲ្យរស់នៅអាស្រ័យ ហើយមនុស្សជាតិក៏រស់នៅបានយ៉ាងសុខសាន្ត គឺប្រកបដោយសន្តិភាពនោះឯង។

ពាក្យថា វិសាខបូជា មកពីពាក្យថា វិសាខបុណ្ណមីបូជា ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ គឺ ខែ ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម នៅឆ្នាំរោងនេះ ថ្ងៃវិសាខបូជាត្រូវនឹង ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ ២០១២ ។

ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?

ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជាព្រោះថ្ងៃនេះ ជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានន័យថា ថ្ងៃនេះពុទ្ធសាសនិកជន នៅទូទាំងពិភពលោកនាំគ្នារលឹកនឹកដល់ថ្ងៃប្រសូត ត្រាស់ដឹង និង បរិនិព្វានរបស់ព្រះបរមសាស្តា ។

១. ប្រារព្ធថ្ងៃវិសាខបូជា ព្រោះជាថ្ងៃប្រសូត (birth) 

នៅពេលដែលព្រះនាងសិរិមហាមាយាដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិល ពស្តុដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាង ទើបលាព្រះសា្វមីធ្វើដំណើរទៅ មាតុភូមិ គឺ ទេវទហនគរ ដើម្បីសម្រាលព្រះរាជឱរសតាមទំនៀមនិយមក្នុងសម័យនោះ លុះធ្វើដំណើរ ដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រុម្មិណ្តេ) រវាងក្រុងកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅ សម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស នៅខណៈនោះព្រះនាង ក៏សម្រាលព្រះរាជឱរសក្រោមដើម សាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំច មុន ព.ស. ៨០ ឆ្នាំ   លុះស្តាប់ឮពត៌មានថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះកំពូលរាស្រ្តសុទ្ធោទនក៏ត្រាស់ បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូតបាន ៥ ថ្ងៃ ព្រះរាជឱរសនេះក៏ត្រូវបាន សន្មត់ព្រះនាមថា សិទ្ធត្ថៈ ប្រែថា សមបំណង ។

Photo by DAP-NEWS

២. ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ (enlightenment)

ក្រោយពីយាងចេញសាងផ្នួសបាន ៦ ឆ្នាំ នៅព្រះជន្ម ៣៥ ឆ្នាំ សិទ្ធត្ថកុមារក៏បានត្រាស់ដឹងអនុត្តរសម្មា សម្ពោធិញាណ នៅព្រឹកព្រាងថ្ងៃពុធ តិថី ១៥ កើត ខែពិសាខ ឆ្នាំរកា មុនព.ស. ៤៥ ឆ្នាំ នៅឯពុទ្ធគយា ។

Photo by DAP-NEWS

៣. ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃបរិនិព្វាន (passing away)

ក្រោយពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ឆ្នាំរហូតដល់ព្រះជន្មបាន ៨០ឆ្នាំ ហើយព្រះអង្គក៏ចូលបរិនិព្វាននៅថ្ងៃអង្គារ តិថី ១៥ កើត ខែពិសាខ ឆ្នាំ្មម្សាញ់ ព.ស. ១ ឆ្នាំ នៅឯនគរកុសិនារា ។

ការដែលពោលថាហេតុការណ៍អស្ចារ្យ ព្រោះព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី ១៥ កើត ខែពិសាខដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និង ឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍ អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើតនិងស្លាប់នៅតិថី និងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មា សម្ពុទ្ធ ជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជា អច្ឆរិយបុគ្គល ដែលគួរដល់ការចងចាំរបស់ពិភពលោក ។

Photo by DAP-NEWS

(ដកស្រង់ចេញពីគេហទំព័រព្រះពុទ្ធសាសនា)

More info: http://www.dap-news.com/typography/the-news/41214-2012-05-05-00-52-58.html

Advertisements

ចាប់ពី​ឆ្នាំ​២០២៩ តទៅ​បុណ្យចូលឆ្នាំ​ខ្នែ​រ គឺ​ចាប់ពី​ថ្ងៃទី​១៤​មេសា លែងមាន​ថ្ងៃទី​១៣​មេសា​ទៀតហើយ​

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ថ្ងៃទី 12 កុម្ភៈ 2012, ម៉ោង 10:46:PM) | ដោយ: សុពិសិដ្ឋ

Give our kids a better deal

ភ្នំពេញ: ដូចការណាត់គ្នាទុកជាមុន លោកកវីនិពន្ធសៀវភៅ “មហាសង្ក្រាន្ត” បានឲ្យអ្នកយកព័ត៌មាន CEN ជួបលោកនៅក្នុងបរិវេណវត្តចំការដូង កាលពីព្រឹកថ្ងៃអាទិត្យ ទី១២កុម្ភៈ ឆ្នាំ២០១២ ហើយលោកបានធ្វើដំណើរតាមរថយន្ត HONDA CRV មួយគ្រឿង ដោយបានដឹកភរិយា នាំអ្នកយកព័ត៌មានយើងទៅគេហដ្ឋានរបស់លោក ស្ថិតនៅជាប់វត្តចំការដូង ស្ថិតនៅក្នុងសង្កាត់ចំការដូង ខណ្ឌដង្កោ ដើម្បីជួបសម្ភាសន៍។

លោកអនុបណ្ឌិត អ៊ឹម បូរិន្ទ ជំនួយការក្រសួងធម្មការនិងសាសនា ជំនួយការផ្ទាល់លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា, នាយកនៃគណៈកម្មកាស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានផ្តល់បទសម្ភាសន៍ទាក់ទងនិងការតែងសៀវភៅមហាសង្ក្រាន្តខ្មែរ និងសៀវភៅទស្សន៍ទាយមួយចំនួនទៀត នៅក្នុងគេហដ្ឋានផ្ទះល្វែងកម្ពស់១ជាន់ ដែលលោកទើបនឹងស្នាក់នៅរយៈពេលមួយឆ្នាំកន្លងមកនេះ។

លោក អនុបណ្ឌិត អ៊ឹម បូរិន្ទ ដែលទើបនឹងទទួលមុខតំណែងថ្មីមួយទៀត គឺជំនួយការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានឋានៈស្មើអគ្គនាយកបានឲ្យដឹងថា លោកបាននិពន្ធសៀវភៅ “មហាសង្ក្រាន្ត” ប្រចាំឆ្នាំចាប់ពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ន។
នៅឆ្នាំ២០០៩ លោកបាននិពន្ធសៀវភៅ “មហាសង្ក្រាន្ត ខ្មែរ-ចិន-សកល” ប្រចាំឆ្នាំបន្ថែមទៀត ដែលនិយាយពីការឆុងឆ្នាំ ក្នុងការរើសគូស្រករ។
បើគូស្រករណាឆុងឆ្នាំ លោកមានវិធីដោះឆុង ឬ ខ្មែរយើងហៅថា រំដោះគ្រោះ យ៉ាងមានប្រសិទ្ធភាព ក្នុងគោលបំណង “រកផ្លូវសុខៈ សម្រាប់មនុស្សលោក”។

លោកអ៊ឹម បូរិន្ទ បានបង្ហើបឲ្យដឹងថា ការបោះពុម្ភសៀវភៅទាំង ២ មុខនេះ ក្នុងមួយឆ្នាំអាចរកចំណូលបានប្រមាណ ៥ ពាន់ដុល្លារអាមេរិក ពោលគឺអាចចិញ្ចឹមជីវភាពក្នុងគ្រួសារបានសមរម្យ ដោយគួបផ្សំនឹងចំណូលពីការងាររដ្ឋ និងទស្សន៍ទាយដល់អតិថិជនបន្ថែមទៀត។

Give our kids a better deal

សៀវភៅ “មហាសង្ក្រាន្ត” ដែលលោកអ៊ឹម បូរិន្ទ តែងនិពន្ធ គឺបានយោងតាមឯកសារខ្មែរពីបូរាណ និងឯកសារបរទេសជាច្រើនទៀត (មាននៅក្នុងសៀវភៅ) ជាពិសេសការចុះផ្សាយប្រតិទិន គឺគណនាតាមសុរិយគតិ និងចន្ទគតិ ព្រមទាំងមានការទស្សន៍ទាយទំនាយប្រចាំឆ្នាំសម្ពង្ស សម្ពង្សតាមធាតុ ឆ្នាំសម្ពង្ស ឬ មិនសម្ពង្ស តម្រាមង្គលផ្សេងៗ តម្រាផ្សងជោគផ្សងព្រេង៘
ចំពោះសៀវភៅ “មហាសង្ក្រាន្តខ្មែរ ចិន សកល” ដែលលោកអ៊ឹម បូរិន្ទ បោះពុម្ភបន្ថែមប្រចាំឆ្នាំ គឺមានប្រតិទិនប្រហាក់ប្រហែលខ្មែរ ព្រោះយកតាមចន្ទគតិដូចគ្នា ដោយគ្រាន់តែសត្វតំណាងឲ្យឆ្នាំខ្លះខុសពីខ្មែរ តែឈ្មោះឆ្នាំមានដូចគ្នា។

លក្ខណៈពិសេសរបស់សៀវភៅនេះ គេនិយាយពីឆ្នាំឆុង ក្នុងការរើសគូស្រករ។ ជាក់ស្តែងអ្នកកើតឆ្នាំរោង សត្វនាគរាជខ្មៅ ឆុងនឹងឆ្នាំច រោង ថោះ មមែ និងឆ្នាំឆ្លូវ។ អ្នកដែលឆុងឆ្នាំ លោកអ្នកអាចមកជួបលោកអ៊ឹម បូរិន្ទ ដើម្បីរកវិធីដោះឆុង ឬ កាត់ឆុង ឬ រំដោះគ្រោះ យ៉ាងមានប្រសិទ្ធភាព។

សៀវភៅនេះ បានបោះពុម្ភប្រតិទិន បី ភាសា គឺអន្តរជាតិ (បារាំង) ខ្មែរ, និងចិន។ ការគណនាប្រតិទិនរវាងខ្មែរ និងចិន ក្នុងមួយឆ្នាំល្អៀងគ្នា ១ ថ្ងៃប៉ុណ្ណោះ ហើយថ្ងៃចូលឆ្នាំក្នុងឆ្នាំខ្លះចូលក្នុងខែជាមួយគ្នា (គិតតាមចន្ទគតិ) ព្រោះឆ្នាំខ្លះខ្មែរលើកខែមុខចិន ឆ្នាំខ្លះលើក្រោយចិន។

លោកអ៊ឹម បូរិន្ទ បញ្ជាក់ថា ប្រតិទិនអឺរ៉ុប គេគិតប្រតិទិន៨០០ឆ្នាំម្តង គឺលេខ ២៩-២១-៩៤។ ចំណែកខ្មែរយើងក៏គិត៨០០ឆ្នាំម្តង គឺលេខ ២៩-២២-០៧ ដូចនេះអឺរ៉ុបគេធំជាងយើង ១៣ ថ្ងៃ ហើយក្នុងរយៈពេល ៦១ ឆ្នាំ យើងរំកិលមួយថ្ងៃ។ ដូច្នេះនៅឆ្នាំ២០២៩ ខ្មែរយើងចូលឆ្នាំនៅថ្ងៃទី១៤មេសា ជារៀងរហូត។
ចាប់ពីពេលនេះ គឺឆ្នាំ២០១២ , ២០១៦ , ២០២០, ២០២៤ និង២០២៨ យើងចូលឆ្នាំថ្ងៃទី១៣មេសា ។ ក្រៅពីនោះ ចូលឆ្នាំនៅថ្ងៃទី១៤មេសារហូត។ នៅឆ្នាំ២០៧៤ ខ្មែរយើងថ្ងៃឡើងស័ក នៅថ្ងៃទី១៧មេសា ហើយនៅឆ្នាំ៤៤៥៦ ត្រូវនឹងព.ស ៥០០០ ថ្ងៃឡើងស័កនៅថ្ងៃទី២៥ឧសភា។

Give our kids a better dealស្នាដៃដែល លោកអ៊ឹម បូរិន្ទ បាននិពន្ធរួមមាន ១-ឆ្នាំ១៩៩៤ សៀវភៅពន្លឺសុភមង្គល, ២-ឆ្នាំ១៩៩៨ សៀវភៅអតីតប្រតិទិន១៩៣៨-២០០៤(ជិតបោះពុម្ភ), ៣-ឆ្នាំ១៩៩៩ សៀវភៅហោរាសាស្ត្រប្រចាំគ្រួសារ, ៤-ឆ្នាំ១៩៩៩ សៀវភៅព្រហ្មលិខិតពិស្តារ, ៥-ឆ្នាំ២០០៣ សៀវភៅហោរាសាស្ត្រនិងជីវិតប្រចាំថ្ងៃភាគ១ ភាគ២, ៦-ឆ្នាំ២០០៣ សៀវភៅតម្រាព្យាកណ៍ជោគជតារាសីប្រចាំខែភាគ១ ភាគ២, ៧-ឆ្នាំ២០០៥ ក្បូនមហារក្សាតម្រាដាក់ឈ្មោះខ្មែរ-មន(ជិតបោះពុម្ភ), ៨-ឆ្នាំ២០០៥ សៀវភៅតារាសាស្ត្រខ្មែរភាគ ប្រតិទិន មហាសង្ក្រាន្ត(ជិតបោះពុម្ភ), ៩-សៀវភៅប្រតិទិនសង្ខេប(ជិតបោះពុម្ភ), ១០- ចាប់ពីឆ្នាំ១៩៩៨ សៀវភៅមហាសង្ក្រាន្តប្រចាំឆ្នាំមកដល់បច្ចុប្បន្ន, ១១-មហាសង្ក្រាន្តខ្មែរ ចិន សាកល ចាប់ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន និង១២-តម្រាព្យាករណ៍លេខ ៨ តួពិស្តារ(ជិតបោះពុម្ភ)។

ដោយឡែកសៀវភៅ “មហាសង្ក្រាន្ត” បោះពុម្ភក្នុងមួយឆ្នាំពី ២ ម៉ឺនទៅ ២ ម៉ឺន ៥ ពាន់ក្បាល។ ចំណែកមហាសង្ក្រាន្តខ្មែរ ចិន សកល បោះពុម្ភក្នុងមួយឆ្នាំ ៥.០០០ ក្បាល ដែលអាចរកចំណូលជាមធ្យម ៥.០០០ ដុល្លារអាមេរិក។

លោកស្រី ឡាំង សាបាន ដែលមានតូបលក់សៀវភៅ និងកាសែតជាប់របងវត្តលង្ការបាននិយាយឲ្យដឹងថា លោកស្រីទទួលយកសៀវភៅមហាសង្ក្រាន្តខ្មែរម្តង ៥០ ក្បាល។ មកទល់ថ្ងៃនេះទទួលយកមកលក់ ៣ លើកហើយស្មើនឹង ១៥០ ក្បាល។ ដូច្នេះចាប់ពីថ្ងៃនេះដល់មុខថ្ងៃបុណ្យចូលឆ្នាំខ្មែរ លោកស្រីអាចទទួលយកប្រមាណ ១០០ ក្បាលបន្ថែមទៀត។

ចំណែកសៀវភៅ មហាសង្ក្រាន្ត ខ្មែរ ចិន សលក ទទួលមកលក់ទើបនឹងអស់ ៥០ ក្បាលប៉ុណ្ណោះ រហូតមកទល់ថ្ងៃនេះ។ សៀវភៅទាំង ២ មុខនេះ លក់មួយក្បាលតម្លៃ ៣.៥០០ រៀល ពោលគឺ ១ ក្បាលចំណេញបាន ៧០០ រៀល។

កញ្ញាស៊ី មន មានទីលំនៅក្នុងខណ្ឌមានជ័យ បាននិយាយថា កញ្ញាទិញសៀវភៅមហាសង្ក្រាន្តមកមើលអានរាល់ឆ្នាំ។ ការទន្សន៍ទាយ គឺឆុត ឬ ត្រឹមត្រូវភាគច្រើន។ រីឯតម្រាផ្សងព្រេង នាងគ្រាន់តែចាក់ជើងធូបផ្សងការកម្សាន្តប៉ុណ្ណោះ ពុំបានយកតម្រានេះជាការពិតឡើយ។ សំខាន់ក្នុងជីវិតរបស់នាងគឺ “ការតាំងចិត្ត”៕

More info: http://www.cen.com.kh/localnews/details_more/132?token=ZjE3ZTcyOWQzZjRhMWIxNmM0YjAyN2E4YjVjOTVl

Magic Moments of Khmer Heritage at Prasat Phnom Rung

Text and photos from Thailand Travel Online

“Magic Moments of Khmer Heritage: Astro-archaeological Phenomenon at Prasat Hin Khao Phanom Rung”

By: Suttira Kaewthep

The sun shining through 15 doorways of Prasat Hin Khao Phanom Rung

Phnom Rung temple (Khmer temple in Thailand) Boriram province:

Prasat Hin Khao Phanom Rung (Phnom Rung) is one of the most significant Khmer era temples in Thailand. Highly regarded as a well preserved example of Angorean style architecture, Phanom Rung is also famous for an extraordinary magic moment.

Yearly there is a phenomenon that is marked by festival and many interested spectators eager for a chance to see the astro-archaeological phenomenon which will only happen four times a year.

This year the Ascent of the Mountain Annual Festival (or the long-version “The Festival of the Thousand Year Miracle of the Phanom Rung Grand Shrine at Prasat Hin Khao Phanom Rung in Burirum”) is going to be launched again on April 2 – 4, 2010.

Phanom Rung is situated on a summit of Khao Phanom Rung in Buriram (about 400 km north and east of Bangkok), which offers a spectacular panorama over the area. It is a striking Khmer temple which is believed to be a home to gods and deities dating from the 12th century or earlier. Prasat Hin Khao Phanom Rung is lavishly adorned with decorative stone carvings created by skillful craftsmen of this early period.

Apart from its outstanding location and beautiful Cambodian art style, Prasat Hin Phanom Rung is well-known for its auspicious ‘astro-archaeological’ phenomenon. From detailed calculations, we can know the exact moment to witness when the rising sun will shine through the 15 doorways of the ancient Hindu temple.

In 2010 it is predicted that the first phase of this phenomenon at Prasat Phanom Rung will be during sunrise on April 2 through to the 4th. If the sky is clear, the sun will align to shine perfectly through all the 15 doors of the Phanom Rung temple with a single beam of radiance.

Each year, a fair will be held featuring a variety of exhibits about Phanom Rung temple and featuring local performances. Highlights include a rarely seen a buang suang ceremony (summons ritual), a procession paying homage to Hindu gods and deities and a traditional Northeastern Thailand dinner.

The Ascent of the Mountain Annual Festival also features cultural performances, the Phanom Rung Devalai light-and-sound shows and various kinds of souvenirs stalls including village handicrafts and products from the sub-districts (tambon) of Buriram province promoted under the OTOP (One Tambon One Product) banner.

Astro-archaeological Phenomenon at Prasat Hin Khao Phanom Rung


Procession paying homage to Hindu Gods at Phanom Rung Temple

By Suttira Kaewthep

ពិធីបុណ្យមាឃបូជា ២០១២

រៀបរៀងដោយ ធម្មបណ្ឌិត ហេង មុនីចិន្តា

មាឃបូជា ២០១២ – Maghapuja 2012

ជំនឿ និង​ប្រពៃណីរបស់អ្នកស្រុកនៅវត្តព្រះវិហារសួគ៌

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ទោះបីជា​មាន​ទឹកជំនន់ តែ​អ្នក​ភូមិ​វិហារ​សួគ៌ នៅតែ​ប្រារព្ធ​ពិធី​បំបោល​ក្របី នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយ : CEN (ថ្ងៃទី 26 កញ្ញា 2011)

Buffalo-003ភ្នំពេញ: ដើម្បី​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ ព្រមទាំង​បួងសួង​សុំ​សេចក្តីសុខ​ដល់​អ្នកភូមិ និង​សត្វពាហនៈ ក្រុម​អ្នក​ភូមិ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បាន​ប្រារព្ធ​ពិធី​ប្រណាំង ឬ​ការ​បំបោល​ក្របី ក្នុង​វត្ត​ព្រះវិហារ​សួគ៌ នៅ​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​១៥​រោច ត្រូវ​នឹង​ថ្ងៃ​អង្គារ៍ ទី​២៧​កញ្ញា ឆ្នាំ​២០១១​។ ពិធី​តាម​ប្រពៃណី នៅ​ឆ្នាំ​នេះ ចំនួន​ក្របី​ចូលរួម​ប្រកួត អាច​មាន​ការថយចុះ​ជាង​ឆ្នាំ​មុន ដោយសារតែទឹកជំនន់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មេឃុំ​វិហារ​សួគ៌​។​

​ លោក ឈិត ឈាន មេឃុំ​វិហារ​សួគ៌ និង​ជា​គណៈកម្មការ​រៀបចំ​ពិធី​ការប្រកួត ឬ​ការ​បំបោល​ក្របី បានឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី​២៦​កញ្ញា ឆ្នាំ​២០១១​ថា នៅ​ទីតាំង​ប្រណាំង​ក្របី​នោះ គោក គឺ​ទឹក​លិច​តែ​នៅ​ខាងត្បូង​វត្ត​ទេ​។ ដូច្នេះ​អ្នកស្រុក នឹង​រៀបចំ​ពិធី​ប្រណាំង​ក្របី តាម​ប្រពៃណី នៅ​ឆ្នាំ​នេះ ដែល​នឹង​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​អង្គារ ទី​២៧​កញ្ញា ឆ្នាំ​២០១១ ត្រូវ​នឹង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។

Buffalo-001​ក៏​ប៉ុន្តែ​លោក​មេឃុំ បាន​បន្ថែមថា នៅ​ឆ្នាំ​នេះ ប្រហែល​ជា​អ្នកភូមិ​យក​ក្របី​មក​ចូលរួម​ពិធី​ប្រចាំឆ្នាំ​នេះ ប្រហែល​ជា​តិច​ជាង​ឆ្នាំ​មុន ព្រោះ​តែ​ទឹក​លិច ដូចជា អ្នក​នៅ​ស្រែ​លើ ប្រហែលជា​មិនសូវ​មក​ប៉ុន្មាន​ទេ ដោយសារ​តែ​ដាច់​ផ្លូវ នៅ​ខាង​ទឹកដី​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម និងអ្នកស្រុកពារាំង ខេត្តព្រៃវែង ដែលស្ថិត​នៅ​ជាប់​នឹង​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។ ប៉ុន្តែ​អ្នកស្រុក​នៅ​វិហារ​សួគ៌ នៅតែ​លេង​ពិធី​បំបោល​ក្របី ដែល​ជា​ទម្លាប់​ប្រចាំឆ្នាំ​ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៧កញ្ញានេះ។​

​យ៉ាងណាក៏ដោយ លោក​មេឃុំ​វិហារ​សួគ៌ បាន​បន្ថែមថា គណៈកម្មការ​រៀបចំ​កា​រ​ប្រណាំង ឬក៏​ការបំបោល​ក្របី បាន​ចាប់​ផ្គូផ្គងក្របី និងសេះ រួចរាល់​ហើយ គឺមាន ២៣ គូ សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ នា​ថ្ងៃ​ទី​២៧​កញ្ញា ឆ្នាំ​២០១១​។ ប៉ុន្តែ​លោក​មេឃុំ​មាន​ការសង្ស័យថា ប្រហែលជា ចំនួនក្របី និងសេះ មិន​គ្រប់​ចំនួន​គូ​នោះទេ ក្រែងលោ​ក្របី លំបាក​ក្នុង​ការឆ្លង​ទឹក មក​ចូលរួម​ពិធី​នៅ​វត្ត​វិហារ​សួគ៌​។​

​ ក្រៅពី​ការប្រណាំង ឬ​បំបោរ​ក្របី នៅ​វត្ត​វិហារ​សួគ៌ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ក៏​ដូច​ជា​រៀងរាល់ឆ្នាំ គឺ​មាន​ការ​ប្រណាំងសេះ បោក​ចំបាប់ ឡើង​សរសរ​ខ្លាញ់ និង​រាំវង់ រាំ​ក្បាច់ នៅ​បរិវេណ​វត្ត​វិហារ​សួគ៌​។​

Buffalo-002ជា​រៀងរាល់ឆ្នាំ ក្រុម​យុវជន​វ័យក្មេង​ជាច្រើន​នាក់ បាន​នាំយក​ក្របី មកជួបជុំ នៅ​ខាងលិច​វត្ត​វិហារ​សួគ៌ ដោយ​រៀបចំ​តុបតែង​ក្របី​ទាំងនោះ មុននឹង​ចាប់ផ្តើម​ពិធី​ប្រណាំង ឬ​ការ​បំបោល​ក្របី នៅ​ព្រឹក​ព្រលឹម ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​

​ការប្រណាំង ឬ​ការ​បំបោល​ក្របី  ត្រូវ​ធ្វើឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ២០០ ម៉ែត្រ តាម​ផ្លូវ​ដី ខាងលិច​វត្ត​វិហារ​សួគ៌ និង​ឆ្លងកាត់ ខ្លោងទ្វារវត្ត ចូល​ឆ្ពោះទៅកាន់​ព្រះវិហារ​។ ទីលាន​នោះ មិន​ត្រូវបាន​រៀបចំ​អ្វី​ទេ តែ​ជា​ផ្លូវលំ​ក្នុង​ភូមិ​។

​មុន​ចាប់ផ្តើម​ពិធី ក្រុម​អ្នក​ប្រកួត ជា​យុវជន​ក្នុងភូមិ បាន​ជិះ​ក្របី នាំ​ចូល​ទៅ​ក្នុង​វត្ត​ព្រះវិហារ​សួគ៌ ដើម្បី​បន់ស្រន់ ដល់​វិញ្ញាណក្ខន្ធ លោកតា ប្រា​សុខ និង​បារមី​ព្រះអង្គ នៅក្នុង​វត្ត​វិហារ​សួគ៌​។​

​ក្រុម​អ្នកចូលរួម​ប្រកួត​ជិះ​ក្របី ត្រូវបាន​គេ​ផ្តល់ឲ្យ​នូវ​ខោ​ជើងវែង​ពណ៌​ខៀវ និង​អាវដៃខ្លី ពណ៌​ផ្ទៃមេឃ ព្រមទាំង​អាវកាក់​ពណ៌​ឈាមជ្រូក ជាមួយនឹង​កន្សែង​ឆ្នូត​ក្បាល​ពណ៌​លឿង​។

Boxing at vihear sour-001​ ក្រុម​អ្នក​ជិះ​ក្របី ជា​យុវជន​វ័យក្មេង​ក្នុងភូមិ​វិហារ​សួគ៌ ក៏​ចូល​ចិត្ត​ស្លៀក​ខោខ្លី និង​ក្រមា ជាមួយ​អាវយឺត ឬក៏​លេងខ្លួន​ទទេ ជិះ​លើ​ខ្នង​ក្របី ព្រមទាំង​វាយ​បំបោល ដើម្បី​បំផាយ​ក្របី ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ​ផងដែរ​។​

​រីឯ​ក្របី ត្រូវបាន​គេ​តុបតែង ដោយ​មាន​របាំងមុខ រចនា​ពី​ក្រណាត់​ចម្រុះ​ពណ៌ មាន​ឌិន​គ្រាប់​អង្កាំ នៅលើ​ក្បាល និង​ស្រោប​ស្នែង ដោយ​ស្បង់​លោក ទុក​តែ​ចន្លោះ​នៅត្រឹម​មាត់ ច្រមុះ និង​ភ្នែក​ទាំង​ពីរ​តែប៉ុណ្ណោះ​។​

​ ការ​ប្រារព្ធ​ពិធី​បំបោល​ក្របី​នេះ ធ្វើឡើង​ជា​ប្រពៃណី​ប្រចាំឆ្នាំ​របស់​អ្នកភូមិ​វិហារ​សួគ៌ ដើម្បី​បួងសួង​សុំ​ឲ្យ​អ្នកតាម្ចា​ស់​ស្រុក និង​បារមី​ព្រះអង្គ​វត្ត​វិហារ​សួគ៌ ថែរក្សា​ការពារ​អ្នកភូមិ និង សត្វពាហនៈ​ពី​ជម្ងឺ​ដង្កាត់​នានា​។ ពិធី​បំបោល​ក្របី​នេះ ក៏​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកតា​ម្ចាស់​ស្រុក​ដែល​មាន​បារមី នៅក្នុង​វត្ត​វិហារ​សួគ៌​ដ៏​សក្តិ​សិទ្ធិ​ផងដែរ​។

​ជា​ទម្លាប់ អ្នក​ប្រកួត​កម្រ​នឹង​បោះបង់​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នេះ​ណាស់ ដោយសារ​អ្នកភូមិ​វិហារ​សួគ៌ ត្រូវ​ចូលរួម​ជិះ​ក្របី​បំបោល កាលពី​ឆ្នាំមុន​ហើយ​បើ​មិនបាន​ចូលរួម​ក្នុង​ពិធី​នៅ​ឆ្នាំ​នេះ​វិញ អ្នកភូមិ​នោះ នឹង​ជួប​គ្រោះភ័យ​ផ្សេងៗ ទៅ​តាម​ជំនឿ​ពី​បុរាណ​តៗ​គ្នា​។

​ ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ ក៏​មាន​អ្នកភូមិ​ខ្លះ ដែល​មាន​វ័យ​ចំណាស់ ត្រូវ​ជិះ​ក្របី ដើម្បី​ថ្វាយ​ដល់​ដួងព្រលឹង​អ្នកតា​ម្ចាស់​ស្រុក និង​បារមី​ព្រះអង្គ ដើម្បី​បង្គ្រប់កិច្ច នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​។​

Boxing at vihear sour-002​ក្នុង​ព្រឹត្តិការណ៍​ ប្រចាំឆ្នាំ នៅ​វត្ត​វិហារ​សួគ៌ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ក្រៅ​តែ​ពី​ការ​បំបោល​ក្របី ក៏​មាន​ការប្រណាំង​ជិះសេះ និង​កីឡា​បោក​ចំបាប់ ដែល​ជា​ការបង្ហាញ​នូវ​ក្បាច់គុណ​បុរាណ​ខ្មែរ បុក្ក​តោ និង​គុណដំបង​។ កីឡាករ មិន​ត្រូវបាន​កំណត់​ទុក​ជាមុន​ទេ គឺ​អាស្រ័យ​លើ​អ្នកចូលរួម​ពិធី និង​ក្រុម​កូនចៅ​អ្នកភូមិ​វិហារ​សួគ៌ ដែល​បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ ចូលរួម​ប្រកួត​ភ្លាមៗ ដើម្បី​ថែរក្សា​នូវ​កេរ្តិ៍មរតក​ក្បាច់គុណ​បុរាណ​ខ្មែរ និង​ទំនៀមទម្លាប់​របស់​អ្នកភូមិ​វិហារ​សួគ៌​៕

More infos: http://www.cen.com.kh/localnews/show_detail/135?token=ZjE0N2ZjYjJlZmYwOWFkNzhjMzA5OTM2MzM2NDgz

ព្រះរាជពិធីច្រត់ព្រះនង្គ័ល

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ឆ្នាំ​នេះ​ពោត​ទទួល​បាន​ទិន្នផល​ល្អប្រសើរ​

ដោយ : CEN (ថ្ងៃទី 21 ឧសភា 2011,09:38:AM)

4ភ្នំពេញ​: ​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល​បាន​ចប់​ហើយ ​នៅវេលា​ម៉ោង​ ៩​និង​៣០​នាទី​ព្រឹក​នេះជាមួយនឹង​ការព្យាករណ៍​ថា ដំណាំ​ពោត​បានទទួល​ទិន្នផល​ល្អប្រសើរ និង​សណ្តែក​បាន​​ទទួល​ទិន្នផល​បង្គួរ ​។ រីឯ​សត្វពាហនៈ​ដែល​ជា​កម្លាំង​អូសទាញ​នឹង​ជួបប្រទះ​ជំងឺ​ខ្លះៗ ​។​  ការព្យាករណ៍​បែប​នេះ​បាន​ធ្វើ​ឡើង ​ពី​ព្រោះតែ​គោ​ឧសភរាជ​ស៊ី​តែ​ពោត​ច្រើនជាងគេ បន្ទាប់​​មក​សណ្តែក និង​ស្មៅ ​។ ក្រៅពី​នោះ​គោ​ឧសភរាជ​មិនបាន​ស៊ី​អ្វី​ឡើយ ​។​

​សូមបញ្ជាក់​ថា លោក សាយ ឈុំ អនុប្រធាន​ទី​២​ រដ្ឋសភា ​គឺជា​ស្តេច​មាឃ ​ខណៈដែល​លោកស្រី ​កែ ច័ន្ទ​មុនី សមាជិកា​រដ្ឋសភា​មណ្ឌល​កំពង់ឆ្នាំង ​ត្រូវ​បាន​ជ្រើសតាំង​ជា​ព្រះ​មេ​ហួ ចំណែក ​លោក ​យុទ្ឋ ភូថ​ង ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ កាន់នង្គ័ល​នាំមុខ ​សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០១១​នេះ​ ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា​នេះ​​ នៅ​ទីលាន​វាល​ព្រះមេរុ​ខាងជើង​ជាប់​ព្រះបរមរាជវាំង​ ដែល​គេ​តែង​យក​ធ្វើជា​វាល​ព្រះ​ស្រែ ​។​ ​ព្រះរាជ​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព​របស់​ ព្រះមហាក្សត្រ ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ​។

2កាលពី​ ឆ្នាំមុន ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ទី​លានជល់ដំរី ខេត្តសៀមរាប​​ដោយ​មាន​ព្រះ​អម្ចាស់​ស៊ីសុវត្ថិ វិជ្ជ​រ៉ាវុឌ្ឍ និង​ព្រះ​អម្ចាស់​ក្សត្រី នរោត្តម​រស្មី ផ​នី​តា ជា​ស្តេច​មាឃ ​និងព្រះ​មេ​ហួ ​។​

​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​រៀបចំ​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​ជា​រៀងរាល់ឆ្នាំ
​នៅ​ថ្ងៃ ៤ រោច ខែ​ពិសាខ​ ។ ព្រះរាជ​ពិធី​នេះ ជា​ពិធី​មង្គល​មួយដែល​ព្រះករុណា
​ព្រះមហាក្សត្រ ចាត់ទុកថា ជា​ការចាប់ផ្តើម​ប្រកក់ប្រសិទ្ធឲ្យដល់​ប្រជាកសិករ
​ក្នុងការ​​ធ្វើ​ស្រែចម្ការ​នៅ​រដូវវស្សា ឲ្យទទួល​បាន​ទិន្នផល​ខ្ពស់​ ។​

3សម្រាប់ ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ ក៏​មាន​ការតាំងពិព័រណ៍​កសិកម្ម​ដើម្បី​ដាក់តាំង​បង្ហាញ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ព្រមទាំង​ផល​ និង​អនុផល​ព្រៃឈើ​របស់​​បណ្តា​ខេត្ត ​និង​ក្រសួង​មួយចំនួន​ទាក់ទងវិស័យ​កសិកម្ម​ផងដែរ ​៕​

1

More infos: http://www.cen.com.kh/localnews/show_detail/132?token=NWNiODY4M2JlZDlhODFkNWIwOTBlMDliZDkxMGFj

បុណ្យវិសាខបូជា

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ខួប​ព្រះពុទ្ធ​ត្រាស់ដឹង​គ្រប់ ២៦០០​ឆ្នាំ​

ដោយ : លោក​ធម្ម​បណ្ឌិត​ ហេង មុនី​ចិន្តា នាយក​អង្គការ ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ (ថ្ងៃទី 17 ឧសភា 2011)


1ភ្នំពេញ:     ​វិសាខ​បូជា ដែល​ប្រារឰឡើង​ក្នុង​ឆ្នាំ​២០១១​នេះ ដើម្បី​រំលឹក​ដល់​ថ្ងៃ កំណើត (​ខួប​ទី​២៦៣៥) ថ្ងៃ​ចូល​បរិនិព្វាន (​ខួប​ទី​២៥៥៥) និង​ថ្ងៃ​ត្រាស់ដឹង (​ខួប​ទី​២៦០០) របស់​ព្រះ​សមណ​គោត្ត​ម ដែល​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​បរម គ្រូ​នៃ​យើង ។​

​    ​អត្ថបទ​ខាងក្រោម​នេះ គឺជា​ផ្នែក មួយ​នៃ​សៀវភៅ​អនុមោទនា​ខួប​ព្រះពុទ្ធ​ត្រាស់ដឹង​គ្រប់​២៦០០​ឆ្នាំ​/​វិសាខ​ បូជា ២០១១ រៀបរៀង​ដោយ​លោក​ធម្ម​បណ្ឌិត​ហេង មុនី​ចិន្តា នាយក​អង្គការ ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ ។​
​    ​មិត្ត​អ្នកអាន​អាច​រក​អាន​អត្ថបទ ទាំងមូល​នៃ​សៀវភៅ​នេះ​ក្នុង​គេហទំព័រ http://www.bfdkmer.org ។​
​    ​ថ្ងៃ​ប្រសូត​
​     ​ព្រះ​សិទ្ធត្ថ​កុមារ​ប្រសូត​នៅ​ថ្ងៃ សុក្រ ១៥​កើត ខែ​វិសាខ ឆ្នាំច មុនពុទ្ធ​សករាជ​៨០​ឆ្នាំ នៅក្នុង​ត្រកូល​ក្សត្រ នា​ប្រទេស​នេ​ប៉ាល់​បច្ចុប្បន្ន ឬ​ជម្ពូទ្វីប​ពីអតីតកាល ។ ដូច្នេះ​ព្រះអង្គ​គឺជា​កូន​មនុស្ស​ម្នាក់ ។ តែ​ការ​ដែល​មនុស្ស​ធម្មតា ម្នាក់​បាន​ត្រាស់ដឹង និង​ក្លាយខ្លួន​ទៅ​ជា​ព្រះពុទ្ធ ឬ​អ្នកប្រាជ្ញ​នេះ មិនមែន​ត្រឹមតែ បាន​មានកំណើត​ជា​មនុស្ស​ហើយ ក៏​ស្រាប់តែ​បាន​ក្លាយទៅជា​អ្នកប្រាជ្ញ ឬ ព្រះពុទ្ធ​ដោយ​ស្វ័យប្រវត្តិ ឬ​ដោយ​ងាយៗ​នោះទេ តែ​ព្រោះ​បន្ទាប់ពី​កើត ហើយ​បាន​ទទួល​នូវ​ការចិញ្ចឹម​បីបាច់រក្សា​ការពារ​ពី​មាតាបិតា និង​ញាតិមិត្ត បាន​ទទួល​នូវ​ការអប់រំ ការសិក្សា​ល្អ​គ្រប់គ្រាន់ និង​មាន​ការប្តេជ្ញា ការ​តាំងចិត្ត ការ​អធិដ្ឋាន​ដ៏​ខ្លាំងក្លា និង​រឹងមាំ​ណាស់ ទើប​អាច​សម្រេច​នូវ​គោលបំណង​ណា​នីមួយៗ​បាន ។ ការសិក្សា អំពី​ថ្ងៃ​ប្រសូត​របស់​ព្រះពុទ្ធ​អង្គ​តាមរយៈ​រូបភាព​ពុទ្ធប្រវត្តិ​នឹង​អាច ​ឱ្យ​យើង បាន​យល់​ច្បាស់​អំពី​សារសំខាន់ និង​ផលប្រយោជន៍​នៃ​ការ​រំលឹក​ដល់​ថ្ងៃ ប្រសូត​នា​ឱកាស​បុណ្យ​វិសាខបូជា​នេះ​បានល្អ ។​
​    ​ខួប​ប្រសូត​របស់​ព្រះពុទ្ធ (​ព្រះ​សិទ្ធត្ថ​) មាន​សារៈ​ដែល​គួរ​ឱ្យ​សិក្សា និង យក​ជា​គំរូ​សម្រាប់​ការអប់រំ​ដល់​កុលបុត្រ​កុលធីតា​គ្រប់រូប​មិន​ថា​ជា​ ជនជាតិ​ណា​ទេ ។ តាមរយៈ​ពុទ្ធប្រវត្តិ ជា​ពិសេស​តាម​រូបគំនូរ​ដែល​ឆ្លុះបញ្ចាំង​ពី ការ​ប្រសូត​របស់​ព្រះពុទ្ធ​នោះ​យើង​ឃើញថា នៅពេល​ប្រសូត​ចេញ​អំពី​ផ្ទៃ មាតា​ភ្លាម ទារក​ដ៏​តូច​នោះ​បាន​ឈាន​ដើរ​ទៅ​មុខ​ឆ្ពោះទៅ​ទិស​ខាងជើង​ចំនួន ៧​ជំហាន ដោយ​មាន​ផ្កាឈូក​ទ្រ​ពីក្រោម ហើយ​ក៏​ឈប់​និង​លើក​ចង្អុលដៃ​ឡើង ទៅលើ ព្រមទាំង​និយាយ​ថា អគ្គោ​ហម​ស្មឹ លោក​ស្ស ជេដ្ឋោ​ហម​ស្មឹ លោក​ស្ស​សេដ្ឋោ​ហម​ស្មឹ លោក​ស្ស អយ​មន្ទិ​មា មេ​ជាតិន​ត្ថ​ទា​និបុន​ព្ភ វោ ប្រែជា​ខ្មែរ​ថា “​ខ្លួន​យើង​ជា​កំពូល​នៃ​លោក ជា​បុគ្គល​ប្រសើរ​ជាង​គេ​ក្នុង​លោក ជា​ចម្បង​ជាងគេ​ក្នុង​លោក ជាតិ​នេះ​ជា​កំណើត​ចុងក្រោយ​បំផុត​របស់​យើង អំណើះ​ត​ទៅ​មុខ​យើង​លែង​កើត​ទៀតហើយ​” ។​
​    ​អ្វី​ដែល​យើង​គួរ​យក​ជា​លំ​អាន​បាន​អំពី​ព្រឹត្តិការណ៍​នា​ពេល​ប្រសូត​នេះ មាន​៣​ចំណុច​គឺ​ ៖
​     ​ក​. មនុស្ស​ម្នាក់ៗ​គប្បី​មាន​គោលដៅ​សម្រាប់​ជីវិត​ខ្លួន​តាំងតែ​ពី​នៅ​តូចៗ ដោយ​គោលដៅ​នេះ​អាច​ជា​គោលដៅ​ដែល​គេ​បង្កើត​ដោយ​ខ្លួនឯង ឬក៏​អាច​ជា  គោលដៅ​ដែល​មាតាបិតា​និង​អាណា​ព្យាបាល​ជួយ​កូន​ឱ្យ​អាច​រៀន​រៀបចំ គោលដៅ​សម្រាប់​ជីវិត​របស់​ខ្លួន​តាំងពី​នៅ​តូចៗ ។ ក្នុង​ពុទ្ធសាសនា អធិដ្ឋាន​គឺ  ការ​តាំងចិត្ត ឆន្ទៈ គឺ​សេចក្តីប្រាថ្នា និង​សទ្ធា គឺ​ការជឿ​ច្បាស់​ថា​អាចធ្វើ​បាន​សុទ្ធ តែ​ជា​គោល​ធម៌​ដើម្បី​សម្រេច​គោលដៅ​នា​អនាគត ។​
​    ​ខ​. ដើម្បី​សម្រេច​នូវ​គោលបំណង​នេះ (​ដើម្បី​បាន​ត្រាស់​ជា​ព្រះពុទ្ធ​) ព្រះ​កុមារ​ត្រូវ​ប្រើ​ពេលវេលា​រហូត​ដល់​ទៅ​៣៥​ឆ្នាំ ដោយ​ឆ្លងកាត់​នូវ​វិធី​ជា ច្រើន​ទម្រាំ​នឹង​សម្រេច ។ ជំហាន​ទាំង​៧ របស់​ព្រះ​កុមារ​នៅក្នុង​ពុទ្ធ​ប្រវត្តិ គឺជា អត្ថប្បដិរូប​របស់​វិធី​ដែល​នាំ​ទៅរក​ការសម្រេច​គោលបំណង​និង​ការ​ត្រាស់ដឹង ។ ជំហាន​ទាំង​៧​នេះ ព្រះពុទ្ធ​អង្គ​ទ្រង់​ហៅថា ពោជ្ឈង្គៈ​៧ ដែល​ប្រែ​ថា អង្គ​៧​យ៉ាង​ដែល​នាំ​ឱ្យ​បាន​ត្រាស់ដឹង ដែល​មាតាបិតា​អាច​យកមក​ធ្វើ​ជា​មា​ត្រ ដ្ឋា​ន​ក្នុង​ការអប់រំ​បុត្រ​ធីតា​របស់​ខ្លួន​តាំងពី​តូចៗ និង​បណ្តុះ​ឱ្យ​កូន​យក​អង្គ ទាំង​៧​នេះ​ធ្វើ​ជា​មាត្រដ្ឋាន​ក្នុង​ការស្វែងរក​ចំណេះវិជ្ជា ។ ពោជ្ឈង្គៈ​៧ ឬ​អង្គ ដែល​នាំ​ឱ្យ​បាន​ត្រាស់ដឹង ឬ​អង្គ​ដែល​នាំ​ឱ្យ​សម្រេច​នូវ​គោលដៅ​នោះ​មានៈ
​    ​១. សតិ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​សតិ​គឺ​ការលើក​បាន​ល្អ​ជា  និច្ច​ចំពោះ​គោលដៅ ។​
​     ​២. ធម្ម​វិច័យ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​ពេញចិត្ត​នៅ​ក្នុង​ការ ស្រាវជ្រាវ​ពិនិត្យពិច័យ វិភាគ​ចំពោះ​គោលដៅ វិភាគ​លើ​ធម្មៈ ឬអ្វីៗ​ទាំងពួង ដោយ​មិន​ចេះ​តែ​ជឿ ឬ​បណ្តោយ​ទៅតាម​យថាកម្ម ។​
​    ​៣. វរិយៈ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​សេចក្តី​ព្យាយាម ឧស្សាហ៍ អត់​ធន់ អត់ធ្មត់​ជានិច្ច​ចំពោះ​ការងារ​ដើម្បី​សម្រេច​គោលដៅ ។​
​    ​៤. បី​តិ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​សេចក្តី​រីករាយ​ជា​និច្ច ។​
​    ​៥. បស្ស​ទ្ធិ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​ចិត្ត​តាំង​មាំ​ជានិច្ច​ចំពោះ ការងារ​ដើម្បី​សម្រេច​គោលដៅ ។​
​    ​៦. សមាធិ ការអប់រំ​កូន​និង​អប់រំ ចិត្ត​កូន​ឱ្យ​មាន​សេចក្តី​ស្ងប់​ជានិច្ច​ចំពោះ​ការងារ​ដើម្បី​សម្រេច​គោលដៅ ។​
​     ​៧. ឧបេក្ខា ការអប់រំ​កូំន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​ចិត្ត​ជា​កណ្តាល ចិត្ត​ជា​យុត្តិធម៌​ចំពោះ​ការងារ​ដើម្បី​សម្រេច​គោលដៅ ។​
​    ​គ​. ផ្កាឈូក​ដែល​មក​ទ្រ​ព្រះ​កុមារ គឺជា​ការឆ្លុះបញ្ចាំង​មួយ​ទៀត​អំពី ពុទ្ធប្រវត្តិ​ដោយ​រូបភាព​នេះ ។ ផ្កាឈូក​ក្នុង​ភាសាបាលី គឺ​បទុម ឬ​កមល ។ ក្នុង នេះដែរ កមល​នេះ​ក៏​បាន​ន័យ​ដល់​បេះដូង​របស់​មនុស្ស​យើង​នេះ​ដែរ ។ ការ ដែល​មាន​ផ្កាឈូក ឬ​កមល ឬ​បេះដូង​មក​ទ្រ​បាតជើង​នេះ អាច​បាន​ន័យ​ដល់​ការ ដែល​មាតាបិតា ឬ​អាណាព្យាបាល គប្បី​ផ្តល់​នូវ​ការស្រឡាញ់ ការគាំទ្រ ការ ឧបត្ថម្ភ ការ​ជ្រោមជ្រែង​ដល់​កូន​ក្នុងការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ជោគជ័យ​នៃ គោលដៅ ។ បរិយាកាស​ល្អ​ជុំវិញ្ញ​វឌ្ឍនាការ​របស់​កូន គឺជា​បច្ច័យ​ជួយ​ដល់ ការសម្រេច​នូវ​គោលដៅ​មួយ​ចំណែក​ដ៏​ធំ​ផងដែរ ដែល​នៅក្នុង​ភាសាបាលី លោក​ប្រើពាក្យ​ថា បដិរូប​ទេ​សវាសៈ គឺ​ការរស់នៅ​ក្នុង​ប្រទេស​ដែល​សមគួរ ។
V1

ថ្ងៃ​ចូល​បរិនិព្វាន​
​     ​បន្ទាប់​ពី​ត្រាស់ដឹង​និង​ការបំពេញ​កិច្ចការ​ដើម្បី​ពិភពលោក​អស់ រយៈពេល​ដល់​ទៅ​៤៥​ឆ្នាំ ព្រះពុទ្ធ​អង្គ​ក៏​ទ្រង់​ចូល​ព្រះ​និព្វាន​(​ចូល​មរណភាព​) ក្នុង​ព្រះជន្ម​៨០​វស្សា នា​ថ្ងៃ​អង្គារ​១៥ កើត​ខែវិសាខ​ឆ្នាំម្សាញ់​នាពេល​ជិត​ភ្លឺ ។ មរណភាព​ជា​សភា​វៈ​ធម្មជាតិ​ដែល​មិន​មាន​នរណា​អាច​គេច​បាន មិន​ថា​ជា មនុស្ស​ធម្មតា​ម្នាក់ ឬ​ព្រះពុទ្ធ​ដែល​ជា​អច្ឆរិយបុគ្គល​នោះឡើយ​។ តែ​អ្វី​ដែល គួរ​ឆ្លុះបញ្ចាំង​អំពី​ការចូល​ព្រះ​និព្វាន នោះ​គឺថា​តើ​មុននឹង​ម្នាក់ៗ​ចូល​មរណភាព​នោះ​តើ​ម្នាក់ៗ​បាន​ធ្វើ​អ្វីខ្លះ ឬ​គួរ ធ្វើ​អ្វីខ្លះ​ជា​ប្រយោជន៍​ដល់​ខ្លួន​? តើ​ម្នាក់ៗ​បាន​បន្សល់ទុក​នូវ​អ្វី​ខ្លះ ឬ​គួរ​បន្សល់ទុក នូវ​អ្វី​ខ្លះ​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គមជាតិ ។​
​    ​នៅ​នាទីចុងក្រោយ មុន​នឹង​ព្រះ​ពុទ្ធអង្គ​បរិនិព្វាន ទ្រង់​បាន​ត្រាស់ ដឹង​ជា​ចុង​ក្រោយ​ដល់​ភិក្ខុសង្ឃ​ដែល​កំពុង​គង់​ជុំវិញ​ថា​ ៖ “​ហ​ន្ត​ទា​និ ភ​ក្ខ​វេ អា​មន្ត​យាមិ វោ វយ​ធម្មា សង្ខា​រា អប្បមា​ទេ​ន សម្បា​ទេ​ថា​ត​” ។ ម្នា​ល ភិក្ខុ​ទាំងឡាយ ឥឡូវនេះ​តថាគត​ប្រាប់ អ្នក​ទាំងឡាយ​ឱ្យបាន​ដឹង​សង្ខា​រទាំង ឡាយ​មាន​សេចក្តី​សាបសូន្យ​ជាធម្មតា អ្នក​ទាំងឡាយ​ចូរ​ញ៉ាំង​កិច្ច​ទាំងពួង​ឱ្យ សម្រេច​ដោយ​សេចក្តី​មិន​ប្រមាទ​ចុះ ។​
​    ​សារសំខាន់​របស់​ពុទ្ធ​ដីកា​ត្រង់នេះ តាម​ទស្សនៈ​ទូទៅ​គឺ​ស្ថិតនៅលើ ប្រយោគ​ថា ចូរ​ញ៉ាំង​កិច្ច​ទាំងពួង​ឱ្យ​សម្រេច​។ ប្រយោគ​នេះ​តែងតែ​ទទួល បាន​ការបកស្រាយ​និង​យក​មក​សម្តែង​ជា​ធម៌​ទេសនា​រាល់ពេល​ដើម្បី​ជា​ការ ដាស់តឿន​ដល់​ខ្លួន​និង​ពុទ្ធបរិស័ទ​ដោយ​ពាក្យ​ថា​កិច្ច​ទាំងពួង​ក្នុង​ទីនេះ ​បាន​ដល់ កិច្ច​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន និង​កិច្ច​ដែល​មាន​ប្រយោជន៍​ដល់​អ្នកដទៃ ។ ឬ​ម្យ៉ាងទៀត​បាន​ដល់​កិច្ច​ដែល​មាន​ប្រយោជន៍​ដល់​ក្នុង​ជាតិ​នេះ និង​កិច្ច ដែល​មាន​ប្រយោជន៍​ដល់​ជាតិ​មុខ ។​
​    ​ចុះ​កិច្ច​ទាំងពួង​របស់​ព្រះ សម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ​បាន​បំពេញ​ឱ្យ សម្រេច​មុន​នឹង​ចូល​បរិនិព្វាន​គឺ​អ្វី​ទៅ​? មាន​រឿង​នៅ​ក្នុង​មហា​បរិនិព្វាន​សូត្រ ក្នុង​គម្ពីរ​សុត្តន្តរបិដ​ក ទីឃនិកាយ​ព្រះ​ត្រៃបិដក​លេខ​១៦ ដែល​បាន​ចារ​ទុក​ថា កាល​ពី​ព្រះ​ពុទ្ធអង្គ​ទើបតែ​បាន​ត្រាស់ដឹង​ថ្មីៗ​ក្នុង​មារ​បាន​ចូល​មក​ អារាធនា ឱ្យ​ព្រះអង្គ​ចូល​បរិនិព្វាន តែ​ទ្រង់​បាន​ឆ្លើយតប​ទៅ​នឹង​ក្រុងមារ​វិញ​ថា “​ម្នា​ល មារ​មានចិត្ត​បាប (​បើ​) ពួក​ភិក្ខុ​ជា​សាវ័ក ពួក​ភិក្ខុនី​ជា​សាវិកា ពួក​ឧបាសក​ជា សា​វ័ក ពួក​ឧបាសិកា​ជា​សាវិកា​របស់​តថាគត​ដែល​ឈ្លាស​វៀងវៃ​ក្លៀវក្លា  ជា​ពហុស្សូត ទ្រទ្រង់ធម៌​ប្រតិបត្តិ​ធម៌ សមគួរ​ដល់​ធម៌ ប្រតិបត្តិ​ដ៏​សម​គួរ ប្រព្រឹត្ត​តាម​ធម៌​នៅ​មិនទាន់​មាន​ទាំង​មិនទាន់​បាន​រៀន​នូវ​វាទៈ​នៃ​ អាចារ្យ របស់​ខ្លួន​ហើយ​ប្រាប់​សម្តែង​បញ្ញត្ត​តាំង ទុក​បើក ចែក ធ្វើឱ្យ​ងាយ​បាន ទាំង​មិន ទាន់​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ដែល​កើតឡើង​ហើយ​ឱ្យ​ជា​កិច្ច​ដែល​សង្កត់ សង្កិន​បាន​ដោយ​ល្អ​តាម​ពាក្យ​ដែល​សម​ហេតុ ហើយ​សម្តែងធម៌​ប្រកបដោយ បាដិហារ្យ បាន​ដរាបណា​ទេ តថាគត ក៏​មិន​ទាន់​បរិនិពាន្វ ដរាប​នោះ​ម្យ៉ាង ទៀត​ម្នាល​មារ​មានចិត្ត​បាប​ព្រហ្មចារ្យ របស់​តថាគត​នេះ​នៅ​មិនទាន់​ខ្ជាប់ខ្ជួន មិនទាន់​ចម្រើន មិនទាន់​ផ្សាយ​ទៅ​សព្វ​ទិស មិនទាន់​ដឹង​ច្រើន​គ្នា ទាំង​មិន​ទាន់ ពេញ​បរិបូណ៌ មួយទៀត​ពួក​ទេវតា​និង​មនុស្ស​មិន​ទាន់​ចេះ​សម្តែង​បាន​ដោយ ប្រពៃណី​ដរាបណា​ទេ តថាគត​ក៏​មិនទាន់​បរិនិព្វាន​ដរាប​នោះ​។​៤៥​ឆ្នាំ ក្រោយមក នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម​៧៩​វស្សា និង​៩​ខែ​(៣​ខែ​មុន​ចូល​បរិនិព្វាន​) ក្រុងមារ​ក៏បាន​ចូល​មក​អារាម​ធនា​ម្តងទៀត ដោយ​នៅពេល នេះ​ព្រះ​ពុទ្ធអង្គ​ទ្រង់​សុខចិត្ត​ទទួល​អារាធនា​ព្រម​ចូល​បរិនិព្វាន ដោយ ព្រះអង្គ​បាន​ប្រមើល (​វាយតម្លៃ​) ឃើញ​ថា​កិច្ច​ទាំងពួង​របស់​ព្រះអង្គ​គឺ​ការ បណ្តុះបណ្តាល​សមត្ថភាព​ពុទ្ធបរិស័ទ​ឱ្យបាន​ល្អ និង​ការបង្ក​តាំង​អង្គការ​ពុទ្ធ សាសនា​(​ព្រហ្មចារ្យ​)​របស់​ព្រះអង្គ​ឱ្យបាន​មាំមួន​នោះ​បាន​ទៅ​ដល់ គោលដៅ ហើយ ។​
​    ​ដូច្នេះ ក្នុងឋានៈ​ជា​ពុទ្ធបរិស័ទ​នា បច្ចុប្បន្ន កិច្ច​ទាំងពួង​របស់​យើង​ទៅ​តាម​លំ​អាន​របស់​ព្រះពុទ្ធ​អង្គ​ជា​បរមគ្រូ ដែល​មាន​ក្នុង​មហា​បរិនិព្វាន​សូត្រ​នោះ គឺ​ ៖
​    ​១-​គប្បី​រៀន​ដោយ​ប្រពៃ និង​បដិបត្តិ​នូវ​សតិប្បដ្ឋាន​៤ សម្ម​ប្បធាន​៤ ឥទ្ធិ​បាទ​៤ ឥន្ទ្រី​យ៍​៥ ពលៈ​៥ ពោជ្ឈង្គ​៧ និង​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨(​ពោធិ បក្ខេ​យ្យ​ធម៌​៣៧) ទាល់តែ​មាន​ភាពឈ្លាសវៃ ក្លៀវក្លា ជា​ពហុស្សូត ហើយ អាច​ប្រាប់ សម្តែង​ធ្វើឱ្យ​ងាយ​បាន​នូវ​ធម៌​របស់​ព្រះអង្គ ទាំង​អាច​ដោះស្រាយ​នូវ ពាក្យ​ទិតៀន​ដែល​កើតឡើង​ហើយ បាន​ដោយ​ល្អ​តាម​ពាក្យ​ដែល​សម​ហេតុ និង ជា​អ្នកប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌ ប្រព្រឹត្ត​តាម​ធម៌ រហូត​ទាល់តែ​បានក្លាយ ទៅ​ជា​បុគ្គល​ប្រភេទ​ណា​មួយ​ក្នុងចំណោម​បុគ្គល​ទាំង​៤​ប្រភេទ គឺ​សោតា​- បន្ន​បុគ្គល សកទាគាមិ​បុគ្គល អនាគាមិ​បុគ្គល និង​អរហត្ត​បុគ្គល ។​
​    ​២-​គប្បី​ថែទាំ​សាសន​ព្រហ្មចរិយៈ (​ពុទ្ធ​សាសនា​) ឱ្យបាន​រឹងមាំ​ខ្ជាប់ខ្ជួន តាំង​នៅ​អស់កាល​អង្វែង តាំង​នៅ​អស់កាល​ដ៏​យូរ មាន​ការរីកចម្រើន​បាន ផ្សព្វផ្សាយ​ទៅ​កាន់​សព្វ​ទិស ធ្វើឱ្យ​មហាជន​កាន់តែ​ច្រើន​បាន​ដឹង​ពី​ពុទ្ធសាសនា និង​ធ្វើឱ្យ​ពុទ្ធសាសនា​បាន​អភិវឌ្ឍន៍​ពេញរិ​បូណ៌ ដើម្បី​ជា​ប្រយោជន៍​ដល់ ជន​ដ៏​ច្រើន ដើម្បី​សេចក្តីសុខ​ដល់​ជន​ដ៏​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វលោក ដើម្បី​សេចក្តីចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្តីសុខ​ដល់​ទេវតា និង​មនុស្ស ទាំងឡាយ ។​

2
​    អនុមោទនា​ការ​ត្រាស់ដឹង ២៦០០​ឆ្នាំ​
​     ​ពួក​យើង​ជា​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ មានសំណាង​ណាស់ ដែល​បាន រស់នៅ​ទាន់​ឆ្នាំនេះ ដើម្បី​អនុមោទនា​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​គ្រប់​២៦០០ ឆ្នាំ និង​ជា​ភ័ព្វ​ល្អ​ពេក​ណាស់ ដែល​កូន​យើង​បាន​កើត​នៅក្នុង​ឆ្នាំនេះ ដែលជា ឆ្នាំ​ដ៏​ពិសិដ្ឋ​មិន​ងាយ​បាន​ជួបប្រទះ ។​
​    ​ពួក​យើង​គួរ​ទៅ​វត្ត ដើម្បី​ធ្វើ​អនុមោទនា​អបអរសាទរ ព្រោះ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​អង្គារ ទី ១៧​ឧសភា ដែល​ត្រូវ​នឹង​ថ្ងៃ​ធ្វើបុណ្យ ជាតិ​វិសាខបូជា ជា​ថ្ងៃ​សម្រាប់​អបអរសាទរ ដោយ​ការ​សមាទានសីល​៥ ការ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​ពេល​ព្រឹក និង​ថ្ងៃត្រង់​ដោយសារដើ​រហែ​ប្រទក្សិ​ណ​ជុំវិញ​ព្រះវិហារ ដោយ​ការថ្វាយ​ភ្ញី​ផ្កា ដោយ​ការ​សូត្រធម៌​រំលឹក​សរសើរ ដោយ​ការ​ស្តាប់ធម៌​ទេសនា និង​ដោយ ការសាកសួរ​សាកច្ឆា​ធម៌​ជាដើម ។ សម្រាប់​ពុទ្ធបរិស័ទ​ដែល​មិន​បាន​អញ្ជើញ ទៅ​វត្ត ក៏គួរ​អុជ​ទៀនធូប និង​ថ្វាយ​ភ្ញី​ផ្កា នៅ​មុខ​ព្រះ​ពុទ្ធរូប ដែល​មាន​នៅ​នឹង​ផ្ទះ និង​គួរ​ធ្វើ​អភ័យ​ទាន​ដោយ​ការលើកលែង​ទោស​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស លើ​យើង​និង​ដោះលែង​សត្វមានជីវិត ឱ្យ​រួច​ខ្លួន ដូចជា​ពពួកសត្វ​ត្រី ឬ​ពពួក សត្វ​បក្សី​ជាដើម ដើម្បី​ជា​បុណ្យ​កុសល​សម្រាប់​ជីវិត​របស់​យើង ។​
​    ​ដោយហេតុ​ថា ឆ្នាំនេះ​ជា​ឆ្នាំ​ពិសេស ដែល​រំលឹក​ដល់​ការ​ដែល​ព្រះ ពុទ្ធ​បរមគ្រូ​របស់​យើង​លោក​បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ ត្រាស់ដឹង​ជា​ព្រះ​អរហន្ត ត្រាស់ដឹង​នូវ​អរិយ​សច្ច​៤ ត្រាស់ដឹង​នូវ​មជ្ឈិមា​បដិបទា ត្រាស់ដឹង​នូវ​អដ្ឋង្គិក​មគ្គ ត្រាស់ដឹង​នូវ​និព្វាន និង​ត្រាស់ដឹង​នូវ​ព្រះធម៌​ដែល​ជា​ប្រទីប​សម្រាប់​បំភ្លឺ​ជីវិត មនុស្សជាតិ​នោះ ពុទ្ធបរិស័ទ​ទាំងឡាយ គួរតែ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការរៀន សិក្សា និង​បដិបត្តិ​នូវ​គោល​ធម៌ ទាំងអស់​នេះ​ឱ្យ​កាន់តែ​ច្បាស់​និង​កាន់តែ ប្រសើរឡើង និង​ប្រាប់​នូវ​គោល​ធម៌​ដ៏​សំខាន់ៗ​ទាំងនេះ​ឱ្យ​កូនចៅ និង​សាច់ ញាតិ​របស់​ខ្លួន​បាន​ដឹង​ផង ជាពិសេស​គឺ​អរិយសច្ច​៤ ដែល​ជា​វិថី​ជីវិត​ដែល ប្រកប​ដោយ​ហេតុផល មិនបាច់​ពឹង​លើ​ព្រេងវាសនា មិនបាច់​អង្វរករ​ឱ្យ​អាទិទេព​ជួយ តែ​ជា​អ្នកកំណត់​ជីវិត​របស់​ខ្លួន​ដោយ​ខ្លួនឯង ។ យើង​អាច​មិនមែន​ជា​គ្រូពេទ្យ ដែល​ចេះ​ព្យាបាល​ជំងឺ​អ្នកដទៃ តែ​យើង​អាច​ប្រើ​វិធីសាស្ត្រ​របស់​គ្រូពេទ្យ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវិត ឬ​សេចក្តី ទុក្ខ​ក្រៀមក្រំ​ក្នុង​ជីវិត​បាន ដោយ​ការ​ស្គាល់​បញ្ហា​ជីវិត​នោះ​ឱ្យបាន​ច្បាស់​(​ទុក្ខ សច្ចៈ​) ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ថា អ្វី​ជាដើម​ហេតុ​របស់​បញ្ហា​ដែល​កំពុងតែ​ជួប ប្រទះ​នេះ (​ទុក្ខសមុទយ​សច្ចៈ​) រៀប​គោលដៅ​ជីវិត​ដែល​គ្មាន​បញ្ហា​ឱ្យបាន​ច្បាស់ (​ទុក្ខ​និរោធៈ​) និង​ដើរ​តាម​ផ្លូវ​ទាំង​៨ (​មគ្គ​សច្ចៈ​) ដែល​ព្រះ​ពុទ្ធអង្គ លោក​បាន​ពិសោធន៍​រួចហើយ គឺ​១-​មាន​ទស្សនៈ​ត្រូវ​, ២-​មាន​ការគិត​ត្រូវ​, ៣- មានការ​និយាយស្តី​ត្រូវ​, ៤-​មាន​ទង្វើ ឬ​កម្ម​ត្រូវ​, ៥-​មានការ​ចិញ្ចឹម​ជីវិត​ត្រូវ​, ៦-​មាន​សេចក្តី​ព្យាយាម​ត្រូវ​, ៧-​មាន​សតិ​ត្រូវ និង​៨-​មាន​សមាធិចិត្ត​ត្រូវ ។​
​    ​ក្រៅពី​ការយក​អរិយ​សច្ចៈ​៤ ជា​មាគ៌ា​ជីវិត យើង​ក៏​គួរ​គិត​ពិចារណា​ដែរ ថា តើ​ក្នុង​ឋានៈ​ជា​ពុទ្ធបរិស័ទ យើង​នឹង​អាច​បន្ត​សាសនា​ព្រហ្មចរិយៈ (​ពុទ្ធ សាសនា​) របស់​ព្រះ​បរមគ្រូ​យើង​ឱ្យបាន​រឹងមាំ​ល្អ​ខ្ជាប់ខ្ជួន មាន​ការរីកចម្រើន បាន​ផ្សព្វផ្សាយ​ទៅកាន់​សព្វ​ទិស ធ្វើឱ្យ​មហាជន​កាន់តែ​ច្រើន​បាន​ដឹង​ពី​ពុទ្ធ សាសនា និង​ធ្វើឱ្យ​ពុទ្ធសាសនា​បាន​អភិវឌ្ឍន៍​ថែមទៀត​ដោយ​របៀប​ណា ដើម្បី ជា​ប្រយោជន៍​ដល់​ជំនាន់​កូន និង​ចៅ និង​អនុ​ជន​ជាន់ក្រោយ​របស់​យើង ។ ព្រោះ ថា ពុទ្ធសាសនា​ដែល​នឹង​អាច​តាំង​នៅ​អស់កាល​ដ៏​យូរ​បាន​នោះ ក៏​ព្រោះ​មាន ទំនាក់ទំនង​ជាមួយ​នឹង​ភាព​ជា​ប្រយោជន៍​នៃ​ពុទ្ធធម៌​ដល់​មនុស្ស​ជាតិ​ដ៏​ ច្រើន ។ បើ មនុស្សជាតិ ជាពិសេស​ខ្មែរ​យើង​មិន​បាន​យល់ឃើញថា ពុទ្ធសាសនា​មាន ប្រយោជន៍​នោះ ពុទ្ធសាសនា​នេះ​ក៏​នឹង​មិន​មាន​អ្នកណា​បដិបត្តិ​ជឿ ឬ​កាន់​តាម ដែរ ។ ភាពជា​ប្រយោជន៍​របស់​ពុទ្ធសាសនា គឺ​នៅ​ពេល​ណា​ដែល​ខ្មែរ យើង​យល់​ថា អរិយ​សច្ចៈ​៤​នេះ ពិតជា​មាន​ប្រយោជន៍​ក្នុង​ការដឹកនាំ​ជីវិត​ឆ្ពោះ ទៅ​រក​សេចក្តីសុខ​ពិតប្រាកដ​មែន ហើយ​នាំ​គ្នា​រស់នៅ​ក្នុង​វិថី​ជីវិត​បែប​អរិយ​សច្ចៈ នោះ​ដោយ​ការពេញចិត្ត និង​ជឿជាក់​។​
​    ​ខ្ញុំ​គិតថា តួនាទី​របស់​ជំនាន់​យើង នេះ ជាពិសេស​ព្រះសង្ឃ​មាន​សារសំខាន់​ណាស់ ដែល​ត្រូវ​ធ្វើឱ្យ​ភាព​មាន ប្រយោជន៍​របស់​ពុទ្ធសាសនា កើតមាន​ដល់​ប្រជាជន​ខ្មែរ ដោយ​ចំពោះ​ក្នុង ចំណោម​យុវវ័យ​នា​សម័យ​សកលភាវូបនីយកម្ម​នេះ ។ យើង​គួរតែ​ប្រកាស យក​ឆ្នាំ​ពុទ្ធ​សករាជ​២៥៥៥ ឬ​ឆ្នាំ​សកល  ២០១១​នេះ ជា​ឆ្នាំ​អរិយ​សច្ច ជា​ឆ្នាំ​ចាប់ ផ្តើម​នៃ​ទសវត្សរ៍​វិថី​ជីវិត​អរិយ​សច្ច សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង ព្រោះថា បើ​យើង​រស់នៅក្នុង​អរិយ​សច្ច ឈ្មោះថា យើង​រស់នៅ​ក្នុង​ធម៌​ទាំង​៨៤០០០ របស់​ព្រះពុទ្ធ​ផងដែរ ។​
​    ​សូម​ឱ្យ​បុណ្យ​អានិសង្ស​នៃ​ការបូជា​ចំពោះ​ខួប​នៃ​ការ​ត្រាស់ដឹង​ជា​ព្រះ ពុទ្ធ​របស់​ព្រះ​បរមគ្រូ​នៃ​យើង​គ្រប់​២៦០០ ឆ្នាំ និង​អានិសង្ស​នៃ​ការបូជា​ចំពោះ​ថ្ងៃ វិសាខបូជា​នេះ បាន​ជា​បច្ច័យ​ជួយ​ឱ្យ​ប្រជា​បរិស័ទ​ខ្មែរ និង​សកលលោក បាន ក្លាយទៅជា​អ្នក​ដែល​មាន​ការយល់ឃើញ​ត្រឹមត្រូវ គិត​ត្រឹមត្រូវ និយាយ​ត្រឹមត្រូវ ធ្វើអំពើ​ត្រឹមត្រូវ ប្រកប​អាជីវកម្ម​ត្រឹមត្រូវ មាន​ការព្យាយាម​ត្រឹមត្រូវ តាំង​សតិ​បាន​ត្រឹមត្រូវ និង​តម្កល់​ចិត្តបាន​ស្ងប់​ត្រឹមត្រូវ នៅក្នុង​គន្លង​នៃ​ផ្លូវ​ដែល មិន​តឹង​ពេក មិន​ធូរ​ពេក មិន​ឆ្វេង​ពេក មិន​ស្តាំ​ពេក ដើម្បី​សន្តិភាព និង​ការ អភិវឌ្ឍន៍​មួយ​ដែល​ស្ថិតស្ថេរ​ចីរកាល ត​រៀង​ទៅ​ហោង ៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=YmUyNmZiNzMxOGQ5OGQ5ZGNmYmQxM2VlOWU5NmI3

អត្ថន័យនៃការចងខ្សែអំបោះ នៅក្នុងជំនឿខ្មែរ

អត្ថបទដកស្រង់ចេញពីគេហទំព័ររបស់អ្នកស្រី កែវ ចន្ទ័បូរណ៍

“តើការចងអំបោះពណ៌ស ឬក្រហម នៅកដៃ ចង្កេះ ឬនៅ ក មានអត្ថន័យយ៉ាងម៉េច នៅក្នុងប្រពៃណីខ្មែរ?”

ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍

 

១/ អំពីការចងអំបោះក្រហម ឬកន្សែងក្រហម៖

នៅសម័យមុនព្រហ្មញ្ញសាសនានិងពុទ្ធសាសនាលាតឥទ្ធិពលមកលើប្រទេសខ្មែរ ពលរដ្ឋនៅទឹកដីឥណ្ឌូចិន ប្រកាន់យក ជំនឿមួយហៅថា ជំនឿវិញ្ញាណនិយម ឬជំនឿអារក្សអ្នកតា (Animism)គឺការមានជំនឿ លើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំនិងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬព្រះពុទ្ធទេ មានតែវិញ្ញាណក្ខ័ន្ធ សក្តិសិទ្ធិ រក្សាលោក ដូចជា អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) អារក្ស (អ្នករក្សាទឹ និងសត្វ ដែលរស់នៅ អាស្រ័យទឹក ជាជម្រក) មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ) ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន) ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជាអ្នកពិការ និងចាស់ជរា) ជាដើម។ ចំណែកវិញ្ញាណ ដែលបំផ្លាញលោក មាន មេធ្មប់ (ជាយមរាជ ឬជាស្តេចនៃព្រលឹងសៅម៉ាន ទាំងឡាយ) ព្រាយ អាប(ដែលជាសេនា ទាំងឡាយ របស់មេធ្មប់ ដែលមេធ្មប់ អាចបញ្ជាបានគ្រប់ពេល)។ ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ខ្មែរបានទទួលឥទ្ធិពល បន្ថែមទៀត ពីជំនឿថា មានយក្ស មានបិសាច នៅក្នុងជំនឿ វិញ្ញាណនិយម នេះដែរ។

(សូមអានបន្ថែម អំពីជំនឿនេះ នៅទំព័រ http://chanbokeo.com/index.php?gcm=1411&grid=131125&gtop=5315)

នៅក្នុងជំនឿ វិញ្ញាណនិយម នេះ អ្នកស្រុកនិយម ប្រើពណ៌ក្រហម ជាតំណាង ឬទិ្ធអំណាច រាសី ឬជាមន្តអាគម រក្សាឬទ្ធិអំណាច ឬរាសី។ ឧទាហរណ៍ អ្នកតាក្រហមក មានន័យថា អ្នកតាដែលមាន កន្សែងក្រហម រុំជាប់នៅលើ ក ជាកន្សែង ដែលមានចារយ័ន្ត ជាភាសាមន្តអាគម រក្សាឬទ្ធិអំណាច និងរាសី របស់ពលរដ្ឋដែលប្រកាន់អំពើល្អ។ ប្រពៃណីនៃការចារយ័ន្ត នៅលើ កន្សែងក្រហមនេះ មាននៅសេសសល់ រហូតដល់សព្វថ្ងៃ ដូចជាការចារយ័ន្ត លើក្រណាត់សំពត់ក្រហម ដើម្បីដាក់តាំង នៅលើជញ្ជាំងផ្ទះ សម្រាប់ការពាររាសី របស់ម្ចាស់ផ្ទះ និងអ្នកដែលរស់នៅ ក្នុងផ្ទះនោះ ឬការចារយ័ន្ត លើកន្សែងក្រហម ដើម្បីប្រគល់ជូន ដល់កងយុទ្ធជន ដែលត្រូវចេញ ទៅសមរភូមិ ដើម្បីជា ការប្រសិទ្ធពរ សុំអោយ មានឬទ្ធិ មានជ័យ ពេលប្រតិបត្តិការ ការពារជាតិ។ ជួនកាលទៀត យើងមានចារយន្ត័ លើកន្សែង អោយអ្នកកីឡាប្រដាល់ សម្រាប់ជួតក្បាល ចងនៅដើមដៃ ឬចងចង្កេះ មុនពេលឡើងសៃវៀនប្រកួតម្តងៗ។ មានកាលខ្លះទៀត មេមត់ ឬអ្នកចូលរូបមេមត់ ដែលជា វិញ្ញាណរក្សា វិន័យនិងសណ្តាប់ធ្នាប់ ប្រចាំភូមិ ច្រើនជាអ្នកផ្តល់ គំនិតអប់រំប្រដៅទូន្មាន ដល់មនុស្សដែលធ្វើខុស មនុស្សមានជម្ងឺ ដើម្បីកែ ឬព្យាបាល អោយជានា មកល្អប្រសើរ ធម្មតាមកវិញ។ យើងច្រើនឃើញ រូបសំណាករបស់មេមត់ មានស្លៀកក្បិនខ្មៅ (តំណាងអោយ ភាពម៉ឺងម៉ាត់) ឬក្បិនក្រហម (តំណាងអោយរាសី ឬឬទ្ធិអំណាច) ពាក់អាវក្រហម បង់ក្រមាក្រហម នៅក្នុងខ្ទម កណ្តាលទីធ្លាក្នុងភូមិ។

ដោយសារហេតុថា ការប្រើកន្សែង ជាបន្ទះក្រណាត់ មានផ្ទាំងធំពេក អាចអោយទើសទាក់ ពិបាកនឹងរក្សា ជាពិសេស ពេលធ្វើដំណើរទៅច្បាំង ឬប្រតិបត្តិការងារ មមាញឹកផ្សេងៗ ដើម្បីការពារស្រុកភូមិ អ្នកស្រុកខ្លះ ក៏បែកគំនិត វេញអំបោះក្រហម ចងកាថាយ័ន្ត ចងចែកាច់ ភ្លុកដំរី ដែលគេប្រសិទ្ធីរួចហើយ ដើម្បីយកមកចងដៃ ចងចង្កេះ ពាក់ឆៀង ឬចងបន្តោង នៅក ជាជំនួសវិញ។ នៅក្នុងជំនឿនេះ រូបចម្លាក់អ្នកតា មេមត់ទាំងឡាយ ច្រើនស្លៀកក្បិនពណ៌ក្រហម ហើយបង់ក ជួតក្រមា ឬស្ពាយឆៀង ដោយកន្សែង ពណ៌ក្រហម ជានិច្ច។ ចំណែក ខ្ទមអ្នកតា ឬខ្ទមមេមត់ រមែងមាន ប្រក់ក្បឿងក្រហម ឬមានដំបូលក្រហម ជានិច្ចដែរ។ នៅក្នុងទំនៀមទម្លាប់នេះ គេច្រើននិយាយសំដៅ ទៅលើ អារក្សអ្នកតាព្រះភូមិ  ថាជាវិញ្ញាណ តំណាងភេទបុរស គ្រប់គ្រងផ្នែកការពារទឹកដីស្រុកភូមិ ហើយមេមត់ និងជំនាងផ្ទះ ជាវិញ្ញាណ តំណាងភេទនារី គ្រប់គ្រងផ្នែករក្សាកូនចៅ ខាងវិន័យសណ្តាប់ធ្នាប់។ ចំណែកម្រេញគង្វាល ជាវិញ្ញាណ រក្សាការពារ កុមារ ជនជរា និង ជនពិការ។ ចំណែកមេធ្មប់ ជាវិញ្ញាណយាយី ច្រើនមានភេទប្រុស ប្រៀបបានទៅនឹងយមរាជ ឬយមបាល។ ខ្មោចបិសាចជា វិញ្ញាណយាយីភេទប្រុស ព្រាយនិងអាប ជាតំណាង វិញ្ញាណយាយី ភេទស្រី។ ជំនឿវិញ្ញាណនិយមនេះ ក៏មាននៅសេសសល់ ជាបន្តៗមក ពាសពេញប្រទេសខ្មែរ លាវ ថៃ ភូមា បឹងក្លាដែស ឥណ្ឌូនេស៊ី និងវៀតណាមខាងត្បូង ជាពិសេស នៅសង្គមដែលមាន ទំនៀមទម្លាប់ប្រពៃណី រស់នៅ បែបបុរាណនៅឡើយ។

២/ អំពីការចងអំបោះពណ៌ស៖

នៅពេលសាសនាព្រាហ្ម ចាប់លាតឥទ្ធិពល មកដល់ប្រទេសខ្មែរ តាមរយៈអនុភាព នៃព្រះចៅគ្រប់គ្រងផែនដី ពលរដ្ឋយើង បានកត់សំគាល់ ឃើញថា ពពួកព្រាហ្ម កាន់កិច្ចការរាជវាំង អមមហាក្សត្រ ប្រចាំនគរ សុទ្ធតែ ស្លៀកពាក់ ពណ៌ស ឈ្នួតក៏មានពណ៌ស កន្សែងពានា ក៏ពណ៌ស ជាតំណាងពណ៌បរិសុទ្ធ និងភាពស្មោះត្រង់ ចំពោះព្រះ ម៉្យាងទៀត ក៏ជាតំណាង ឋានន្តរសក្តិប្រសើរខ្ពស់ខ្ពស់ នៅក្នុងប្រទេសដែរ។ ម៉្យាងវិញទៀត នៅក្នុងជំនឿព្រាហ្មសាសនានេះ គេប្រារព្ធកំណើតរបស់មនុស្ស ដោយប្រើក្រណាត់ស រុំទារក នៅពេលប្រសូត្រឡើងភ្លាម រួចហើយក៏ធ្វើពិធីប្រសិទ្ធី ដោយផ្តិម្សៅស មួយតំណក់ នៅលើថ្ងាសទារក ចន្លោះចិញ្ចើមទាំងគូ ជាតំណាងតំណក់ជីវិតមួយ ឬតំណក់ទឹកអម្រិត ដែលប្រទានមកពីព្រះសិវៈ គីព្រះបង្កើតលោក។ នៅក្នុងព្រាហ្មញ្ញសាសនា ខ្មែរយើងមានជំនឿ ទៅលើ ព្រះសិវៈ គឺព្រះដែលបង្កកំណើត (ដោយមានយក រូបលឹង្គឥសូរ ឆ្លាក់បញ្ឈរ ពីលើយោនី ដែលឆ្លាក់ជារាងត្បាល់កិនម្សៅ ត្រងពីក្រោម ជាតំណាង ការរួមភេទ រវាងបុរសនិងស្រ្តី) ហើយមានជំនឿទៅលើ ព្រះបួនអង្គទៀត គឺ ដីទឹកភ្លើងខ្យល់ (ព្រះធរណី ព្រះគង្គា ព្រះអគ្គី ព្រះវាតា)។ លុះដល់ពេលមនុស្សប្រុសស្រី មានគូស្រករ គេច្រើនប្រសិទ្ធី ដោយប្រីម្សៅពណ៌ស បីតំណក់ ផ្តិតទៅលើថ្ងាសកូនកម្លោះនិងកូនក្រមុំ ជាសញ្ញាតំណាងក្រុមគ្រួសារ ដែលមានមុំបីជ្រុង គឺឳពុក ម្តាយ និងកូន គឺមានន័យថា គេបានទទួលពរប្រសិទ្ធីពីព្រះយ៉ាងប្រសើរ  ដើម្បីរៀបចំខ្លួនទទួលនាទី ជាប្តីប្រពន្ធ និងជាឳពុកម្តាយ ពេញសម្រុងហើយ។ នៅពេលមនុស្សស្លាប់ លាចាកលោកទៅវិញ គេធ្វើពិធីប្រសិទ្ធីលាសព យ៉ាងពិសេសមួយ ដោយយកម្សៅស មកផ្តិតគូរ ជាឆ្នូតវែងៗ តាមបណ្តោយថ្ងាសរបស់សព ហើយយកក្រណាត់ស មកគ្រប រុំសពមនុស្ស ជាតំណាងពរប្រសិទ្ធី លាងបាបកម្ម ទាំងឡាយ ដែលខ្លួនគេបានធ្វើ កាលពីនៅរស់ (Purifying the soul) ហើយវិញ្ញាណរបស់សពនោះ ក៏បានបានទទួលការអនុញ្ញាត្តិពីព្រះ អោយធ្វើដំណើរចាកចេញទៅឋានសួគ៌ ដោយសេចក្តីស្ងប់សុខ។ នៅក្នុងជំនឿនេះ ព្រាហ្ម ឬអាចារ្យ ជាអ្នកបួស និយមស្លៀកស ពាក់ស ពានាក្រមាស តែមិនកោរសក់ទេ ហើយដើម្បីបង្ហាញនូវកម្រិត ឋាននន្តរសក្តិ នៅក្នុងជួរសាសនា ពពួកព្រាហ្មទាំងនេះ ច្រើនផ្តិតម្សៅក្រហមបន្តក់ នៅលើប្រជុំចិញ្ចើម ឬគូរឆ្នូតម្សៅស ម្សៅក្រហម នៅលើថ្ងាស។ មានកាលខ្លះទៀត គេសាក់ គោរមងារ នៅលើដើមដៃ ក្បែរស្មា នៅលើខ្នងជិតកញ្ចឹងក ឬនៅលើខ្នងដៃ ដើម្បីជាការកត់សំគាល់វណ្ណៈ របស់ព្រាហ្ម នៅក្នុងជួរសាសនា។ លុះជំនឿនេះ បានចូលមកប្រឡូក ឥទ្ធិពល ជាមួយនឹងជំនឿវិញ្ញាណនិយម ដែលមាននៅលើទឹកដីខ្មែរយូរមកហើយ នោះទើបបានជាយើងឃើញមាន ការត្រងទទួលយកប្រពៃណី នៃការស្លៀកពាក់ពណ៌ស ចងអំបោះស ចារយ័ន្ត លើក្រណាត់ស ការសាក់យ័ន្ត លើស្បែកមនុស្ស  លាយឡំគ្នា កាន់តែច្រើនឡើងៗ ដោយមិនដឹងថា ពណ៌មួយណា សំខាន់ជាងមួយណា។ ខ្លះមានគំនិតប្រកាន់ថា ពណ៌ស ជាពណ៌ប្រសើរ ជាងពណ៌ក្រហម ព្រោះជាពណ៌ ដែលស្តេចផែនដី គោរពលើកតម្កើងជាងគេ។ ខ្លះទៀតថា ពណ៌ក្រហម ជាមន្តអាគម ពិតប្រាកដ ហើយសក្តិសិទ្ធិជាង ព្រោះជាតំណាងរាសី និងអំណាច មិនដូចពណ៌ស ដែលទន់ភ្លន់បរិសុទ្ធ ក្នុងធម៌ព្រះ ដោយគ្មានអំណាចតវ៉ាបាន។ ចំណែកប្រពៃណីបន្តក់ម្សៅសនៅប្រជុំចិញ្ចើម មាននៅសល់នៅក្នុងប្រទេសថៃ និងប្រទេសលាវ តែពុំសូវឃើញមាននៅក្នុងប្រទេសខ្មែរបច្ចុប្បន្នទៀតទេ។

៣/ អំពីកថាមាសនិងបន្តោងព្រះ៖

ក្រោយមកទៀត ព្រះពុទ្ធសាសនា បានធ្វើដំណើរមកដល់ ប្រទេសខ្មែរ ក្នុងយុគ សម័យអង្គរ ពេលប្រទេសខ្មែរ ចាប់ផ្តើម រុងរឿង មានសន្តិភាព។ ពលរដ្ឋយើង បានយល់ឃើញថា ពណ៌មាស (ពណ៌ស្បង់ចីពរ) ជាពណ៌ដ៏ប្រសើរ នៅក្នុង ព្រះពុទ្ធសាសនា ព្រោះជាតំណាងភាពភ្លឺត្រចះពណ្ណរាយ ដោយសីលធម៌ គុណធម៌ ភ្លឺចិញ្ចាច និងវិន័យដ៏តឹងរឹង មោះមុត។ ថ្វីបើព្រះពុទ្ធសាសនាបានប្រដៅអប់រំអោយមនុស្ស មានជំនឿលើខ្លួនឯង ពឹងលើសមត្ថភាពរបស់ខ្លួនឯង ប្រឹងប្រែងជួយខ្លួនឯង មិនអោយពឹងផ្អែក ទៅលើអរូបីជំនឿខ្លាំងពេកក៏ដោយ ក៏មនុស្សនៅតែមានការភន្ត័ច្រឡំ ច្របូកច្របល់ នូវព្រំដែននិងឥទ្ធិពលនៃសាសនាទាំងបីនេះ គឺវិញ្ញាណនិយម ព្រាហ្មសាសនា និងពុទ្ធសាសនា ហើយមិនដឹងថា គោរពមួយណា លះបង់មួយណាឡើយ។ ផ្ទុយទៅវិញ ខ្មែរយើងបានផ្លាស់ប្តូរទដ្ឋិនិងទម្លាប់ខ្លះៗ ខាងផ្នែកប្រពៃណី និងជំនឿរបស់ខ្លួន ដោយបបួលនាំគ្នាពូនសន្សំប្រាក់ ទិញមាសលឿង មាស ស ឬទិញដុំប្រាក់ យកមកឆ្នៃឆ្លាក់សូន្យធ្វើជាអលង្ការ ខ្សែក ខ្សែដៃ ខ្សែចង្កេះ ខ្សែសង្វារ ខ្សែក្រវាត់ ដោយមានព្យួរ កថាមាស ចារឆ្លាក់អក្សរយ័ន្តអាគម ឬ ធ្វើជាឡេវអាវ ជាម្ជុលខ្ទាស់ខ្ទាស់ លើមួក ឬលើអាវ ដោយមាន ចារយ័ន្តប្រសិទ្ធី លើកតម្កើង រាសីនិងឬទ្ធិអំណាច អោយកាន់តែថ្កុំថ្កើងរុងរឿង និងជោគជ័យ គ្រប់ពេលដែលគេពាក់គ្រឿងទាំងនេះ នៅលើខ្លួន។ នៅសម័យបច្ចុប្បន្ន យើងនៅតែឃើញពលរដ្ឋអភិជនខ្មែរ និងពលរដ្នសាមញ្ញទូទៅជាច្រើន ដែលនិយមពាក់ ខ្សែដៃមាស ខ្សែចង្កេះមាស ឬខ្សែកមាស ចងកថាមាស និងបន្តោងព្រះ ឬគ្រឿងប្រសិទ្ធី ដែលមានពណ៌ប្រាក់ មាស ស ឬមាសលឿង ស្ទើរគ្រប់ៗគ្នា។

ហេតុដូច្នេះហើយ ទើបយើងឃើញមានការយកអំបោះចងដៃ មានជាខ្សែពណ៌ក្រហម ឬពណ៌ស ឬជាខ្សែដៃមាសស មាសលឿង ទៅតាមចំណូលចិត្ត និងការនិយមរៀងៗខ្លួន។ ពលរដ្ឋខ្លះទៀត ក៏រត់ធ្វើតាមគ្នាព្រោងព្រាត ដោយមិនទាំងដឹងថា ហេតុអ្វីបានជាត្រូវចងអំបោះពណ៌ស ឬក្រហម ចងកថាមាស ឬចងឈ្នួតក្រហម លើដើមដៃ ឬលើក្បាល ទាំងឡាយនោះផង។ ម៉្យាងទៀត យើងក៏បាននាំគ្នាប្រមូលផ្គួបតួបីនាក់ចូលគ្នាក្នុងរូបតែមួយ ដូចជា មនុស្សដែលប្រើមន្តអាគមនៅក្នុងជំនឿវិញ្ញាណនិយម ជាមួយនឹងព្រាហ្ម ដែលស្លៀកស ទុកសក់ចងជុក និងព្រះសង្ឃ កោរសក់ស្លៀកស្បង់លឿង ហើយក៏ផ្គួបតួទាំងបីចូលគ្នា អោយក្លាយជាលោកតាឥសី ដែលស្លៀកចីពរលឿង (ដូចព្រះសង្ឃ) តែទុកសក់ចងជុក និងទុកពុកមាត់ (ដូចព្រាហ្ម) ហើយចេះប្រើសិល្ប៍មន្តអាគម សក្តិសិទ្ធិ (ដូចអ្នកតា) ជាដើម។ ចំណែកមេមត់វិញ ខ្មែរយើងបច្ចុប្បន្ន ក៏បានយករូបតំណាង របស់សាសនាបី មកបូកបញ្ចូលគ្នាដែរ គឺរូបមេមត់ មានលាបក្រែមក្រហមឆ្អៅ លើបបូរមាត់និងថ្ពាល់ ទុកសក់វែងចងគួចទៅក្រោយ (ជាមេមត់វិញ្ញាណនិយម) តែស្លៀកស ឬបង់ក្រមា (តាមបែបដូនជីក្នុងពុទ្ធសាសនា) ពាក់ខ្សែក ខ្សែឆៀង ឬខ្សែចង្កេះ ជាមាស មានបន្តោងកថាមាស ឬខ្សែដៃមានកថាមាស (ពណ៌មាសរបស់ពុទ្ធសាសនា) ហើយប្រើកន្សែងស ដណ្តប់កាយមនុស្ស ពេលប្រសិទ្ធីរំដោះគ្រោះ តម្លើងរាសី (ពណ៌សរបស់ព្រាហ្មសាសនា)។ ចំណែកដូនមេមត់ទាំងឡាយនេះ ក៏មានប្រើទាំងអំបោះស និងអំបោះក្រហម ទៅតាមកាលវេលា ដែលលោកជ្រើសរើស តាមការយល់ឃើញ របស់លោក រៀងៗខ្លួន។

ឧទាហរណ៍មួយទៀត គឺការសែនក្រុងពាលី ហោមរោង នៅពេលមុនឡើងសម្តែងរបាំបុរាណខ្មែរ ឬឡើងសៃវៀនប្រដាល់។ ការពិត ក្រុងពាលី ជាឈ្មោះរបស់តួអង្គ នៅក្នុងរឿងរាមកេរ្តិ៍ ដែលជារឿងបុរាណនៅក្នុងព្រាហ្មសាសនា មិនមែនជាឈ្មោះ របស់អ្នកតា នៅក្នុងជំនឿវិញ្ញាណនិយមទេ។ រីឯការសែនព្រេន ជាទំនៀមទម្លាប់របស់អ្នកស្រុក ដែលប្រារព្ធ ជំនឿ វិញ្ញាណនិយម ដោយមានការប្រសិទ្ធីតំកើងរាសី តំកល់ជោគជតា មានពន្លឺចន្លុះ (សម័យថ្មីគេប្រើធូបទៀន) សែនស្រា អាហារសាច់សត្វទាំងមូល និងផ្លែឈើជាគ្រឿងក្លែម។ ការប្រារព្ធពិធីប្រសិទ្ធីនេះ មិនមានទំនៀមទាក់ទង ទៅនឹង ព្រះពុទ្ធសាសនាឡើយ ព្រោះមានលាយ អាការសាហាវ (គ្រឿងស្រវឹង) និងការសម្លាប់សត្វមូល ជាគោ ជាជ្រូកព្រៃ ជាឈ្លូសប្រើស ជាដើម។ ចំណេរក្រោយមក នៅទីក្រុង យើងបានកាត់បន្ថយខ្នាតទំហំសាច់សត្វមូល ពីគោជ្រូកព្រៃឈ្លូសប្រើស មកជាមាន់ទា ទៅវិញ ដើម្បីងាយដឹកជញ្ជូនផង យកទៅសែនព្រេនផង ហើយពិធីនោះសោត ក៏ឧបកិច្ចជាខ្នាតតូចៗ តាមបែបគ្រួសារ ឬជាក្រុមតូចៗ ខុសពីបុរាណ ដែលគេប្រារព្ធម្តង ទាំងភូមិ។

នៅក្នុងមតិមួយទៀតដែលថា ការសែន ក្រុងពលី (សរសេរថា ពលី មិនមែនពាលី–ក្រុង មានន័យថា ជាស្តេច ឬមេកន្ទ្រាញនៃទឹកដីមួយ ពលី  មានន័យថា បូជា) នៅមុនពេលសម្តែងរបាំបុរាណ ឬការប្រកួតប្រដាល់ នោះមានន័យថា ជាការប្រារព្ធពិធីបូជាជូន ចំពោះលោកម្ចាស់ អ្នករក្សាទឹកដី។ បើដូច្នេះមែន ដើមឡើយ ពីបុរាណកាល ការប្រារព្ធពិធីនេះ  មានតែនៅក្រៅរោង ឯទីស្ថានកណ្តាលវាល ដែលអារក្សអ្នកតាកាន់កាប់ គ្មានរោង គ្មានដំបូល ឬរបងឡើយ។ ចំណែកទី ដែលមានរោងដំបូលគ្របដណ្តប់ យើងប្រារព្ធពិធី ជូនជំនាងផ្ទះ។ បើមានរបងពទ្ធ័ជុំវិញ យើងប្រារព្ធជូនព្រះភូមិ។ សព្វថ្ងៃ យើងបានបាត់បង់ ចំណេះតូចៗ ទាំងឡាយ ដែលទាក់ទងទៅនឹងជំនឿ និងការប្រារព្ធប្រសិទ្ធី ពីបុរាណ របស់យើង ដោយការចាប់យក ឥទ្ធិពលថ្មីទៀត ដែលនាំមកពីក្រៅ ចូលប្រទេសយើង ជាជាង។

More infos: http://chanbokeo.com/index.php?gcm=1411&grid=131125&gtop=5315)

ប្រពៃណីផលិតគ្រឿងស្ពាន់នៅឃុំចិន ខេត្តកណ្តាល

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

“មុខរបរ​ជាងទង​ឆ្លាក់​ស្ពាន់​មានការ​កើនឡើង​នៅ​ឃុំ​ចិន​”

ដោយ : សំរេច (ថ្ងៃទី 8 មីនា 2011)

Img359---copyកណ្តាល: ​រហូតមកដល់​ពេលនេះ​អ្នកភូមិ​ព្រែក​ក្តាម នៅតែ​ប្រកបមុខរបរ​ជាងទង (​ឆ្លាក់​ស្ពាន់​) ច្រើនជាង​មុន​បើ​បៀ​ប​ធៀប​សម័យមុន ព្រោះ​ពួកគាត់​យល់ថា មុខរបរ​បន្សល់ទុក​ពី​ដូនតា​បញ្ចេញ​ពលកម្ម​តាម​ផ្ទះ​ងាយស្រួលមិន​ពិបាក​ដើររក ​ទទួលទាន​ឆ្ងាយ និង​អាច​បាន​កម្រៃ​សមល្មម​ចិញ្ចឹម​ជីវភាព​គ្រួសារ ។​

​ បើ​ធ្វើដំណើរ​ឆ្លងស្ពាន​ព្រែក​ក្តាម​ត្រើយ​ខាងកើត​ទន្លេ គឺ​ពិតជា​បានឃើញ​សកម្មភាព​ជាងទង​នៅ​មិន​ឆ្ងាយ​ពី​គល់ស្ពាន ក្នុងភូមិ​ព្រែក​ក្តាម I ព្រែក​ក្តាម II ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ប្រជាពលរដ្ឋ​ទីនោះ​ប្រកបមុខរបរ​ជាងទង​ឆ្លាក់​ស្ពាន់ ស្ទើរ​គ្រប់​ផ្ទះ​បែប​អាជីវកម្ម​មធ្យម និង​ជា​លក្ខណៈ​គ្រួសារ​តូចៗ ឯ​ពលរដ្ឋ​ខ្លះទៀត​ទទួល​របស់​ដែល​បង្កើតជា​អ្វី​រួច​ហើយពី​ម្ចាស់​សិប្បកម្ម​ យកទៅ​ឆ្លាក់​ក្បាច់ផ្សេងៗ ដើម្បី​បាន​កម្រៃ​ពលកម្ម​តាម​លទ្ធិភាព ។​

Img357---copyនៅក្រោម​ម្លប់​ដើម​ស្វាយ​ដែល​បិទបាំង​កំដៅ​ព្រះអាទិត្យ​នាពេល​វេលា​ជិត​ ត្រង់ ស្ត្រី​វយ័​ចំណាស់​ម្នាក់​ពាក់​វ៉ែនតា​ជំនួយ​ភ្នែក​ទាំង​គូរ កំពុង​សំឡឹង​ទៅរក​វត្ថុដែល​គាត់​កំពុង​សម្រិតសម្រាំង​ដៃ​ម្ខាង​កាន់​ញញួរ​ តូច​ដៃ​ម្ខាង​ទៀត​កាន់​ដែក​ដាប់​ប្រឹង​ដំ​ថ្ម​មៗ ដើម្បី​រចនា​ម៉ូដ​ក្បាច់ចម្លាក់​បង្កើតផ្កា​ដ៏​រស់​រវើក​លើ​ថូ​សំរាប់​ ដាក់តាំង​លំអរ ។ យូៗ​ម្តង​ស្ត្រី​រូបនោះ​ងើបមុខ​ឡើង​ឃើញ​អ្នកកាសែត​បាន​ប្រាប់ថា ខ្ញុំ​ឈ្មោះ នុត ឌី អាយុ​ ៤៦​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ នៅ​ភូមិ​ព្រែក​ក្តាម I ប្រកបមុខរបរ​ជាង​ទង​ពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ ។ ស្ត្រី នុត ឌី យក​ខ្នងដៃ​ជូត​សំអាត​ញើស​ដាម​លើ​ថ្ងាស ដៃ​កាន់​ញញួរ​ដំ​ឆ្លាក់​លើ​ថូ​ស្ពាន់​បណ្តើរ និយាយ​បណ្តើ​រថា ខ្ញុំ​ទទួល​ថូ ឬ​ ផ្តិលស្ពាន់ មក​ឆ្លាក់​ពី​សិប្បកម្ម ដើម្បី​រក​កម្រៃ​ទិញ​អង្ករ​ចិញ្ចឹម​កូន​ក្នុងបន្ទុក​ចំនួន ​៤​នាក់ ចៅ​តូច ​១​នាក់ និង​ម្តាយ​ជរា ​១​នាក់ ទៀត​។     ​

​ស្ត្រី​មេម៉ាយ​បញ្ជាក់ថា កម្រៃ​ដែល​បានមកពី​ការ​ឆ្លាក់​រចនា​ម៉ូតូ​ផ្កា​លើ​ថូ លើ​ផ្តិល​អាស្រ័យ​លើ​ទំហំ​ធំ ​ឬ ​តូច ​ពោលគឺ​ចាប់ពី​ ២០០០​រៀល ដល់ ​១០០០០​រៀល​។ កម្រៃ​នេះ​សម្រាប់តែ​ការ​ឆ្លាក់​ផ្កា​ប៉ុណ្ណោះ តែបើ​ឆ្លាក់​ក្បាច់​មាន​រូប​អង្គរវត្ត គេ​គិត​តម្លៃ​ផ្សេងទៀត ។​

ម្ចាស់ ​សិប្បកម្ម​ឈ្មោះ ចាប ទិ​ត្យា អាយុ ​៤២​ឆ្នាំ នៅ​ភូមិ​ព្រែក​ក្តាម I និយាយថា ខ្ញុំ​ប្រកបមុខរបរ​ជាងទង​តាំងពី​ឆ្នាំ​១៩៩៤ ជា​មុខរបរ​មិន​ទៀងទាត់​ជួន​ឡើង​ជួន​ចុះ​តាម​តម្រូវការ​ទីផ្សារ ។ ចាប ទិ​ត្យា និយាយ​នៅ​ពីមុខ​គំនរ​សម្ភារៈ​ដែល​សិប្បកម្ម​ជាងទង​របស់គាត់​ធ្វើតាម​ តម្រូវការ​អ្នក​ជាវ​មានដូចជា : ផ្តិល​ប្រោះ​ទឹកមន្ត​, ក្អម​, ថូផ្កា​, ពាង​ក្បាច់​, រូប​ត្រី​, ផ្លែ​ចេក​, ថាស​, ប៉ាន់តែ​, ជើងពាន​, ប្រអប់​គោះ​បារី​, វែក​, ស្លាបព្រា​, សម​, ចង្កឹះ​, កងដៃ កងជើង​សំរាប់​ក្រុម​សិល្បៈ ឬ​ អ្នក​រៀបការ ថង់រង​,​ម្កុដ​, អកកំបោរ​, ក្បាល់​បុក​ស្លា​, ប្រណាក​កាត់​ស្លា និង​រូបសត្វ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត ។​

Img360ទិ​ត្យា​បញ្ជាក់ថា សម្ភារៈ​តាំង​លំអ​ទាំងនេះ​ធ្វើឡើង​ពី​ស្ពាន់​មាន​ដាក់លក់​រាយ​បោះ​ដុំ និង​លក់​ថ្លឹង​តាម​ទម្ងន់​គីឡូក្រាម ។ ឯ​តម្លៃ​ទិ​ត្យា​បាន​ឲ្យ​ដឹងថា គ្រឿង​ប្រើប្រាស់​ធ្វើ​ពី​ស្ពាន់​នេះ​បើ​ក្បាច់រចនា​ធម្មតា​មួយ​គីឡូក្រាម ២៥​ដុល្លារ ក្បាច់ចម្លាក់​ពិសេស​មួយ​គីឡូក្រាម ៤០​ដុល្លារ និង​ក្បាច់​មានតម្លៃ​ខ្ពស់​គេ​ហៅ​ក្បាច់ តុ​ក ឆេង មួយ​គីឡូក្រាម ៦០​ដុល្លារ ។ ចំពោះ​ពណ៌​លើ​វត្ថុ​ស្ពាន់​ចម្លាក់​មាន​ ៣​ពណ៌ ដែល​ចាប ទិ​ត្យា ចង្អុលបង្ហាញ​ទៅ​គ្រឿង​ផលិត​រួច​ដាក់តាំង​ក្នុង​ទូកញ្ចក់ គឺ​ពណ៌​ក្រហម​ស្ពាន់​ធម្មជាតិ ពណ៌​ស ពណ៌​ប្រាក់ និង​ពណ៌​ក្រ​ម៉ៅ បែប​បុរាណ​។ ពណ៌​ទាំងនេះ​អា​ស្រ​យ័​លើ​ចំណង់​ចំណូលចិត្ត​អ្នក​ជាវ ។ ម្ចាស់​សិប្បកម្ម លោក ចាប ទិ​ត្យា ប្រាប់ថា ប្រាក់ចំណេញ គឺ​តិចតួច​ណាស់​សព្វថ្ងៃនេះ ព្រោះ​វត្ថុធាតុដើម​មានតម្លៃ​ខ្ពស់​ដូចជា​ ស្នូល​ខ្សែភ្លើង សំបក​គ្រាប់​មាន​ជាតិ​ស្ពាន់ ប៉ុន្តែ​បច្ចុប្បន្ន​មិនមាន​សំបក​គ្រាប់​ទេ យើង​ទិញ​ស្ពាន់​កី (​ស្ពាន់​មកពី​ស្រុក​ចិន​) មួយ​គីឡូ ១២​ដុល្លារ និង​ទុងដែង​ទិញ​ពី​ពួក​អេតចាយ​មួយ​គីឡូ ៤២០០០​រៀល ។ ទិ​ត្យា​ឲ្យ​ដឹង​ទៀតថា : ក្នុង​ស្ពាន់ ១០​គីឡូក្រាម កែឆ្នៃ​ផលិត​ទៅជា​គ្រឿង​រួច​បានចំណេញ​ជា​មធ្យម​ត្រឹម ២​សែន​រៀល​ប៉ុណ្ណោះ ព្រោះ​ស្ពាន់ ឬ​ទង់ដែង​យើង​ដំ​បំបែក​តូចៗ រួច​ដាក់​ចូលក្នុង​ឆ្នាំង​ដែក​រំលាយ ហើយ​ចាក់​ជា​ដុំ​សរសៃ​មុននឹង​យកមក​កិន នឹង​ម៉ាស៊ីន​ឲ្យ​ស្តើង​ជា​បន្ទះ​ងាយស្រួល​ធ្វើ​តម្រូវ​តាម​វត្ថុ​ដែល​យើង​ ត្រូវ​ផលិត​ជា​រូប​អ្វីមួយ ។​

​​Img362ក្រោម​ដំបូល​សំ​យ៉ាប​ស័ង្កសី​មុខផ្ទះ​លោក វ៉ាន់ លី​បូ អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ព្រែក​ក្តាម I លោកបូ មិនទាន់​ចាប់អារម្មណ៍​ភ្លាមៗលើ​ក្រុមអ្នកកាសែត​ដែល​បាន​សួរ​គាត់​ទេ ដោយ​ភ្នែក​ទាំង​គូរ និង​ដៃ​ទាំង​២ កំពុង​ប្រឹង​សម្រិតសម្រាំង​រចនា​ម៉ូត​ក្បាច់​លើ​ថាស​ធ្វើ​ពី​ស្ពាន់​ឲ្យ​អស់ ​មួយ​ផ្ទាំង​សិន រួច​បាន​ត្អួ​ញ​ត្អែ​រថា : មុខរបរ​ដូច​ខ្ញុំ (​ជាងទង​ចម្លាក់​ស្ពាន់​) រាល់ថ្ងៃនេះ​ពិបាក​រក​ចំណូល​ណាស់​មិន​ដូច​ពីមុន​ទេ អ្នកធ្វើ​ក៏​ច្រើនតែ​សម្ភារៈ​ជា​គ្រឿង​ដែល​យើង​ផលិត​រួច​មិនសូវមាន​អ្នកទិញ ។ លោក លី​បូ ដកដង្ហើម​ធំ​ហើយ​ពោល​បន្តថា មុខរបរ​ឆ្លាក់​ស្ពាន់​របស់​អ្នកភូមិ​ព្រែក​ក្តាម​មាន​តាំងពី​សម័យមុនៗ ចំណែក​គ្រួសារ​ខ្ញុំ​ទើប​ចាប់យក​មុខរបរ​នេះ​នៅ​ឆ្នាំ​១៩៩៨ រហូត​បាន​ធូរស្រាល​ផ្នែក​ជីវភាព​គ្រួសារ​មួយកម្រិត​។ ប៉ុន្តែ​ឥឡូវ​ពិបាក​រក​ចំណេញ​ដោយសា​វត្ថុធាតុដើម​មាន​តម្លៃ​ខ្ពស់​តែ​ផលិតផល ​លក់​ចេញ​មានតម្លៃ​ទាប ។ លោក លី​បូ និយាយថា ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​មិន​ស្ថេរភាព ទំនិញ​ចម្លាក់​ស្ពាន់​បាន​ថយចុះ​ដោយ​យើង​មាន​ទីផ្សារ​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ឥឡូវ​នៅមាន​ម៉ូយ​ពី​ប្រទេស​ម៉ាឡេស៊ី​ខ្លះៗ​ប៉ុណ្ណោះ និង​ទីផ្សារ​ធំ​ក្នុងស្រុក គឺ​ផ្សារ​ទួល​ទំពូង ។​

វ៉ាន់ ពិសី អាយុ​៣៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ផលិត​គ្រឿង​ចម្លាក់​បញ្ចេញមតិ​រិះគន់​ឈ្មួញ​មកពី​ប្រទេស​ថៃ​ ថា សម្ភារៈ​យើង​ផលិត​រួច​មាន​រូប​អង្គរវត្ត​ឈ្មួញ​ថៃ​អត់​ទិញ​ទេ គឺ​គេ​ទិញ​របស់​ណា​ដែល​លាត​អត់​រូប គេ​នឹង​យកទៅ​សង្កត់​ពុម្ព និង​ម៉ាស៊ីន​ធ្វើជា​រូប​ផ្សេងៗ រួចហើយ​ដាក់​ស្លាក​យីហោ​ផលិតផល​ថៃ ។ ពីសី​និយាយថា ដូច្នេះ​ផលិតផល​ធ្វើ​ពី​ខ្មែរ​សុទ្ធសាធ​មាន​រូបអង្គរ​វត្ត យើង​មាន​ទីផ្សារ​ដ៏​ធំ​នៅ​ខេត្តសៀមរាប ភ្នំពេញ និង​បណ្តា​ខេត្ត​ក្នុង ប្រទេស​ខ្មែរ​យើង ។​

​លោក ឃឹម សុផល មេឃុំ​កោះ​ចិន​ឲ្យ cen.com.kh ដឹង​តាម​ទូរស័ព្ទ​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​ចំនួន​ ២០៦៦ គ្រួសារ ប៉ុន្តែ​ពួកគាត់​ប្រកបមុខរបរ​ជាងទង​ឆ្លាក់​ស្ពាន់​មាន​ប្រមាណ​ជាង ​១០០​ គ្រួសារ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុនៗ​មានការ​កើនឡើង ។ មេឃុំ​បញ្ជាក់​បន្តថា ពិតមែនតែ​មុខរបរ​នេះ​មាន​យូរ​មកហើយ តែ​នៅ​ឆ្នាំ​១៩៨២-៨៣ អ្នកភូមិ​ព្រែក​ក្តាម I ព្រែក​ក្តាម II ឃុំ​កោះ​ចិន ដែល​នៅ​បន្ត​មុខរបរ​ចម្លាក់​ជា​បណ្តើរៗ​មិនមាន​ច្រើន​ទេ ។ រហូតមកដល់​ឆ្នាំ​១៩៩៣ ដោយមាន​ទីផ្សារ​នៅ​ប្រទេស​ថៃ​អ្នក​ប្រកបរបរ​ឆ្លាក់​ស្ពាន់​មានការ​កើនឡើង​ ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​គ្រាន់បើ ដល់​ឆ្នាំ​២០០៧ – ២០០៨ ទើប​ស្ងាត់​ទីផ្សារ​ដោយ​សភាពការណ៍​ព្រំដែន ។ មេឃុំ​និយាយថា  មូលហេតុ នៃ​ការកើនឡើង​អ្នក​ប្រកប​ជាងទង​នោះ​គឺ កសិករ​មួយចំនួន​មាន​ដី​ធ្វើស្រែ​ជួប​ការលំបាក​លើ​បញ្ហា​ជី​ដាក់​ស្រែ និង​ប្រេង​ចាក់​ម៉ាស៊ីនបូមទឹក​មានតម្លៃ​ខ្ពស់​មិនមាន​តុល្យភាព នឹង​ចំណូល​ស្រូវ​ទើប​ពួកគាត់​បំបែក​ក្រុមគ្រួសារ​បង្កើត​មុខរបរ​ជាងទង​ បន្ថែម ។
​លោក ឃឹម សុផល មេឃុំ​កោះ​ចិន​បានលើកឡើង​ពី​បញ្ហា​ទីផ្សារ​ថា ផលិតផល​ឆ្លាក់​ស្ពាន់​ជា​ស្នាដៃ​ខ្មែរ បង្កើត​វត្ថុ​អនុស្សាវរីយ៍​តាំង​លំអ​ផ្ទះ​វត្ថុ​ប្រើប្រាស់​ធ្វើ​ពី​ស្ពាន់​ ភាគច្រើន គឺ​អ្នកមាន​ធូរធារ និង​ភ្ញៀវ​បរទេស​ជាវ ឯ​អ្នកក្រ​គ្មាន​លទ្ធភាព​ទិញយក​ទៅប្រើ​ទេ ។ ដូច្នេះ​គ្រឿង​ចម្លាក់​ស្ពាន់​ទាមទារ​ទីផ្សារ​ក្រៅប្រទេស​ទើប​មានតម្លៃ​ ខ្ពស់ ជីវភាព​ប្រជាពលរដ្ឋ​រីកចំរើន​តាម​កំណើនសេដ្ឋកិច្ច​នោះដែរ ៕

More infos: http://www.cen.com.kh/localnews/show_detail/21?token=ODZkNDUyODI0MTIwMTVlMjNjZWFjZjYwMzEzZDAw

%d bloggers like this: