សៀវភៅស្តីពី “ប្រវត្តិនៃទំនាក់ទំនង​អន្តរជាតិ​ប្រទេសកម្ពុជា” ដោយ ទិត្យ សារុនរ៉េត ឆ្នាំ២០១៣

សៀវភៅស្តីពី

“ប្រវត្តិនៃទំនាក់ទំនង​អន្តរជាតិ​ប្រទេសកម្ពុជា”

ដោយ ទិត្យ សារុនរ៉េត ឆ្នាំ២០១៣

(អត្ថបទដោយបណ្ឌិត​ ចិន្ត​ ច័ន្ទរតនា)

Book_the history of internatioal relations of Cambodia

ភ្នំពេញៈ កាល​ពីខែ​មករា​ ឆ្នាំ២០១៣នេះ​ លោក ទិត្យ​ សារុនរ៉េត​ ទីប្រឹក្សា​អមរាជបណ្ឌិត្យសភាកម្ពុជា​ និងជាសមា​ជិក​អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស​នៃរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ចប់ការ​និពន្ធ​ និង​បោះពុម្ពផ្សាយស្នាដៃ​ថ្មីមួយរបស់លោកស្តីពី​ ប្រវត្តិនៃទំនាក់ទំនង​អន្តរជាតិ​ប្រទេសកម្ពុជា​ សម្រាប់ចែកជូនដល់កូនខ្មែរ​គ្រប់រូប បានសិក្សា​ស្វែងយល់អំពីដំណើរវិវត្តន៍នៃការទំនាក់ទំនងការទូត​របស់កម្ពុជា​តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្ន។ ឯកសារដ៏មាន​សារៈសំខាន់មួយនេះគឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើនរបស់លោក ដែលអាច​សម្រេច​ចេញជារូបរាងបាន គឺតាម​រយៈការ ស្រាវជ្រាវ និងដកស្រង់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតដែល​ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រខ្មែរ របស់​អ្នកប្រាជ្ញជាតិ​ និង​អន្តរជាតិដូចជាៈ លោកអាចារ្យ ប៉ាង ខាត់, ត្រឹង ងារ​, នួន​​ ឃឿន, លី ធាមតេង, ស៊ិន សារុន, បណ្ឌិ​តសភាចារ្យ ខៀវ ថវិកា, បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ, បណ្ឌិត​ មីសែល​ ត្រាណេ, បណ្ឌិត​ សុខ ទូច, ដេវីឌ ឆេនល័រ, និងហ៊្សុលីយូ ហ្សេលដ្រេស ជាដើម។ល។ រួមផ្សំនឹងបទពិសោធន៍ការងារផ្ទាល់ខ្លួនរបស់អ្នកនិពន្ធក្នុងនាម​ជាអ្នកការទូតរយៈពេលជិត​២០ឆ្នាំ។

 

​ នៅក្នុងសៀវភៅ ជាភាសាខ្មែរ មានកម្រាស់ ៧៥ ទំព័រ​ (ទំហំ​ A4) រួមជាមួយផែនទីចំនួន​ ១៧ ផ្ទាំង (ដែល​បង្ហាញពីទឹកដីខ្មែរតាំងពីសម័យនគរភ្នំ, សម័យមហានគរ​, ស.វទី ១៦ និង​ទឹក​ដីកម្ពុជា ក្រោម…។ល។) អ្នកនិពន្ធបានលើកយក​រឿងរ៉ាវ​មួយចំនួន​ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមលើវិស័យទំនាក់ទំនង​ការទូតរបស់កម្ពុជាជាមួយនឹងប្រទេសជិតខាង ក៏ដូច​ជាមហា​អំណាចមួយចំនួន ចាប់តាំងពី​សម័យហ្វូណន (ចាប់ពីស.វទី ១), សម័យចេនឡា​ (ស.វទី ៧), សម័យអង្គរ (ស.វទី ៩ ដល់ទី ១៣), សម័យក្រោយអង្គរ​ (ចាប់ពីស.វទី ១៤), សម័យលង្វែក​, ចតុមុខ,​ សម័យអាណា​ព្យាបាល​បារាំង សម័យឯករាជ្យ, សង្គមរាស្ត្រ​និយម, លន់ ណុល, កម្ពុជាប្រជាធិប្បតេយ្យ, សាធារណរដ្ឋប្រជា​មានិត​កម្ពុជា, រដ្ឋកម្ពុជា រហូតដល់សម័យ​ព្រះរាជាណាចក្រកម្ពុជាទី២ (សម័យបច្ចុប្បន្ន)។

 

នៅក្នុង​ជំពូកទី១​ អ្នក​និពន្ធបាន​លើកយក​ទំនាក់ទំនងការ​ទូត​នៅ​ក្នុង​នគរភ្នំ ឬហ្វូណន និងចេនឡា ដោយបង្ហាញអំពីការផ្លាស់ប្តូរ​ពាណិជ្ជកម្មរវាងកម្ពុជា​ និង​ឥណ្ឌា​ ព្រមទាំងទំនាក់ទំនង​រវាងកម្ពុជា និងចិន ​តាំងពីដើមគ្រឹស្តសករាជ។ ចំណែកបញ្ហារឿង​ព្រេង​ដែល​ទាក់ទងនឹងរឿង ព្រះបាទហ៊ុន ទៀន និងព្រះនាង​លីវ​យីព្រាហ្មណ៍កៅណ្ឌិន្យ និងព្រះនាងសោមា ក៏ត្រូវ​បាន​អ្នកនិពន្ធលើកយក​មកបង្ហាញដែរ​ ត្បិត​ថា​រឿងនេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​កំណត់ត្រាចិន ហើយដែល​អ្នកស្រុកនៅក្នុង​តំបន់មួយចំនួន​នៅក្នុង​ដែនដីសុវណ្ណភូមិនិទានតៗគ្នា​រហូតមកដល់សព្វថ្ងៃ។ ចំពោះទំនាក់ទំនង​ការ​ទូត​នៅក្នុង​សម័យចេនឡា​  យើងដឹង​ថា​ព្រះមហា​ក្សត្រ​ខ្មែរបានផ្ញើរាជទូតជាច្រើនលើក ទៅដើម្បីពង្រឹងវិស័យការទូត​ជា​មួយចិនគឺនៅក្នុងឆ្នាំ ៥៧២, ៧១៧, ៧៥០, ៧៥៣ និង​៧៧៨នៃគ.ស ព្រមទាំងព្រឹត្តិការណ៍នៃការរង្គោះរង្គើអាណាចក្រចេនឡានៅកំឡុងចុងស.វ​ទី៨ជាដើម។ល។

 

នៅក្នុង​ជំពូកទី២ យើងដឹងថា​ទំនាក់ទំនងការទូត​រវាងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី ២ ដែល​បាន​បង្រួបបង្រួមទឹកដី និងកសាង​អាណាចក្រអង្គរ​ឡើងវិញនៅដើមស.វទី៩។ មិនតែ​ប៉ុណ្ណោះ អ្នកនិពន្ធ​ក៏បាន​បង្ហាញផងដែរនូវ​ការអភិវឌ្ឍន៍ឥតឈប់ឈរទាំង​ផ្នែកសាសនា រដ្ឋបាល និង​សង្គម ដែលមហាក្សត្រខ្មែរនាសម័យនោះបន្តនយោបាយការទូត ជាមួយចិន ចាម្ប៉ា និង​ជ្វា​ ព្រមទាំង​ការ​សង្គ្រាមពង្រីកទឹកដី និងអំណាចរបស់អាណាចក្រអង្គរចាប់តាំងពីរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១, យសោវរ្ម័នទី១, ជ័យវរ្ម័នទី៤, រាជេន្ទ្រវរ្ម័នទី២, សូរ្យវរ្ម័នទី១, ឧទយា​ទិត្យវរ្ម័នទី២, សូរ្យវរ្ម័នទី២ និង​ជ័យវរ្ម័នទី៧ ដែលនៅក្នុងព្រះមហាក្សត្រ​ចុង​ក្រោយនេះ​ វិសាលភាព​នៃ​អាណាចក្រខ្មែរគឺលាតសន្ធឹង​គ្រប់ទីកន្លែង​ ដែលតាមឯកសាររបស់ចិនគឺ​នៅ​សម័យនោះ ខ្មែរ​បានត្រួតត្រាប្រទេសម៉ាឡាយូមួយផ្នែក ព្រំប្រទល់ខាងជើង​ដល់ប្រទេសចិន ខាងលិចដល់ប្រទេស ភូមា ខាង​កើត និង​ខាងត្បូងដល់សមុទ្រ។ ប៉ុន្តែជា​អកុសល​ ភាពរុងរឿង និងការរីកចម្រើនរបស់អាណាចក្រអង្គរ​បានចាប់ផ្តើមចុះអន់ថយ ក្រោយការសោយទីវង្គត​របស់មហាវីរក្សត្រខ្មែរដ៏អង់អាច​គឺ​ ព្រះបាទជ័យវរ្ម័នទី ៧ រហូត​ដល់មានការ​បង្ហូរឈាមរ និង​ដណ្តើមរាជ្យបល្ល័ង្គយ៉ាងសាហាវ​នៅក្នុងរាជ្យព្រះបាទ ស្រិន្ទ្រវរ្ម័ន នៅចុងស.វទី១៣។ បើតាមរបាយការណ៍របស់លោកជីវ តាក្វាន់ដែលបានមកដល់ កម្ពុជា​នៅក្នុងឆ្នាំ ១២៩៥ នៃគ.ស បានរៀបរាប់ថា “ស្តេច​ដែលឡើងសោយរាជ្យថ្មី គឺ​ជាកូនប្រសារ​របស់ស្តេច​អង្គមុន (ព្រះបាទជ័យវរ្ម័នទី៨)។ បុត្រីរបស់ស្តេច​អង្គនេះ បានលួចយក​ព្រះខាន់មាសរបស់បិតា​ មកអោយព្រះស្វាមីរបស់ខ្លួន។ ចំណែកបុត្រាដែលត្រូវ​ស្នង​រាជ្យសម្បត្តិពី​បិតា​ក៏រត់ចេញទៅកេណ្ឌទ័ពដើម្បីធ្វើចំបាំង ប៉ុន្តែត្រូវស្តេចថ្មី (ព្រះបាទស្រិន្ទ្រវរ្ម័ន) ចាប់បាន​ យកមកកាត់ម្រាមជើង និងឃុំក្នុង​គុកងងឹត”។ នៅក្នុង​រាជ្យព្រះបាទជ័យវរ្ម័នទី៩ ដែល​ជាក្សត្រ​ចុងក្រោយគេ​នៅក្នុងសម័យអង្គរ​ ខ្មែរបានបញ្ជូនរាជទូត​របស់ខ្លួនទៅប្រទេស​ចិននៅក្នុង​ឆ្នាំ​ ១៣២០ នៃគ.ស និងចាត់រាជទូតទៅកាន់ប្រទេស​ដៃវៀត​ (វៀតណាម) នៅក្នុង​ឆ្នាំ  ១៣៣៥ នៃគ.ស។

 

នៅក្នុង​ជំពូកទី៣ នៃទំនាក់ទំនងការទូតរបស់កម្ពុជានៅក្រោយសម័យអង្គរ​ អ្នកនិពន្ធបានលើក យកបញ្ហា​នៃបដិវត្ត​ន៍តាត្រសក់ផ្អែម ដែលរបត់នៃ​ការផ្លាស់ប្តូរប្រវត្តិសាស្ត្រខ្មែរ​យ៉ាងសំខាន់ទាំងផ្នែក នយោបាយ និងសាសនា។ មិនតែ​ប៉ុណ្ណោះ ចម្បាំងរវាង​ខ្មែរ និង​សៀម ក៏បានចាប់ផ្តើមផ្ទុះឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៣៥១ នៃគ.ស រហូតដល់ការបោះបង់ចោលរាជធានីអង្គរ​របស់ព្រះបាទ ពញាយ៉ាត នៅក្នុង​ឆ្នាំ ១៤៣១ នៃគ.ស។ ក្រៅពីនេះ អ្នកនិពន្ធក៏បានបង្ហាញផងដែរ​នូវ​មូលហេតុមួយចំនួននៃ​ការចុះទន់ខ្សោយរបស់កម្ពុជា រួមទាំង​ការខ្វះសាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរគ្នាឯង​ ដែលជាហេតុ​ធ្វើ   អោយសត្រូវ​ទាំងសងខាង​ឆ្លៀត​ឳកាស​ធ្វើសង្គ្រាមឈ្លានពានទឹកដីមកលើកម្ពុជាបានជាបន្តបន្ទាប់។ បើទោះបីជាយ៉ាងនេះក្តី វីរៈមហាក្សត្រខ្មែរមួយចំនួន​បាន​ខិត​ខំតស៊ូ ធ្វើសង្គ្រាមវាយបកជាមួយសត្រូវ ព្រមទាំងរំដោះបានខេត្តមួយចំនួន​ពីកណ្តាប់ដៃសៀម គឺនៅក្នុង​រាជ្យព្រះបាទចន្ទរាជា​ (១៥១៦ ដល់​ ១៥៦៦), បរមរាជាទី៤ (១៥៦៦ ដល់ ១៥៧៦)ជា​ដើម។ អ្នកនិពន្ធ​ក៏បានបង្ហាញផងដែរ​នូវ​ប្រវត្តិសាស្ត្រ​ ខ្មែរ​ ក្នុងការបែក​បាក់បន្ទាយលង្វែក​ ទំនាក់ទំនងជាមួយយួន ការបាត់បង់ទឹកដីកម្ពុជាក្រោម ដោយសារ​នយោបាយវាតទីទឹកដីរបស់ដៃ​វៀត​នៅ​ក្នុង​ស.វទី១៧ និងដំណើរឆ្ពោះមកទឹសខាងត្បូងរបស់ប្រទេសមួយនេះ ព្រមទាំងរឿងរ៉ាវ​កំពប់តែ​អុង​ដែលជាប្រវត្តិសាស្ត្រដ៏ជូរចត់របស់​ខ្មែរ​ ក្នុងរាជ្យស្តេច ថេ តោ (Thé To) ឬសេ្តច យ៉ា ឡុង របស់ដៃវៀត​ក្នុង​ឆ្នាំ ១៨១៤ នៃគ.ស​។ បើតាមរាជពង្សាវតាខ្មែរបានបញ្ជាក់ថា យូនបានកេណ្ឌ​រាស្ត្រជាច្រើននាក់ ដើម្បីជីកព្រែកចំនួនពីរ​នៅ​ដែនដី​កម្ពុជាក្រោមគឺ ព្រែ​កវិញតេ (ប្រវែង​ ៥៣ គីឡូម៉ែត្រ​) តភ្ជាប់ពីមាត់ជ្រូកទៅសមុទ្រ​នៅតំបន់ពាម និង​ព្រែកវិញអាន (ប្រវែង​ ១៤គីឡូម៉ែត្រ​) តភ្ជាប់ពីទន្លេធំទៅទន្លេបាសាក់។ នៅពេល​នោះហើយដែល​យួនធ្វើបាបខ្មែរគ្មានត្រាប្រណី រហូតដល់យកខ្មែរទៅកប់ទាំងរស់ យកក្បាលធ្វើជើងក្រានដាំ​ទឹកតែ ដែលក្តីលំបាកវេទនារបស់ខ្មែររបស់ខ្មែរនៅទីសម័យនោះ ប្រៀបបីដូចជារស់នៅក្នុង​ស្ថាននរក។ ក្រៅពីទំនាក់ទំនងការទូត និងចម្បាំងរាំងជល់ជាមួយសៀម និង​យូន អ្នកនិពន្ធក៏បានលើកផងដែរ​អំពីទំនាក់ទំនង​រវាង​កម្ពុជា ជាមួយនឹង​ប្រទេសលាវ​ ជនជាតិអឺរ៉ុបដូច​ជា​ ហូឡង់ ព័រទុយហ្គេ​ និង​អេស្ប៉ាញ នៅក្នុង​ស.វទី ១៦,​ ១៧ និង​១៨ ព្រមទាំងទំនាក់ទំនងជាមួយបារាំងនៅក្នុងរាជ្យព្រះបាទអង្គឌួង និងព្រះបាទនរោត្តម។

នៅក្នុងជំពូកចុងក្រោយ អ្នកនិពន្ធបាន​ពិភាក្សាអំពីទំនាក់ទំនងរបស់កម្ពុជាជាមួយ​ប្រទេស បារាំង ដែលមានទាំងផលវិជ្ជមាន និងអវិជ្ជមាន នៅ​ក្នុង​សម័យអាណាព្យាបាលបារាំង​ រហូត​ដល់សម័យឯករាជ្យ និងវីរៈភាពរបស់អតីតព្រះមហាក្សត្រ​ខ្មែរគឺ ព្រះបាទនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រទេសជាតិ និងលទ្ធផលនៃសន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា​ ១៩៩១ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃអស់ជាច្រើនឆ្នាំ។  ចាប់តាំងពីសម័យសង្គមរាស្ត្រ និយមរហូតមកដល់ពេលនេះ កម្ពុជាបានអនុវត្តនយោបាយការទូត និងដោះស្រាយទំនាស់ទំនាស់ ដោយសន្តិវិធី (លើកលែងតែក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ ដែលកម្ពុជា​បានធ្លាក់ទៅក្នុង​របបប្រល័យ ពូជសាសន៍) ជាមួយនឹង​ប្រទេសជិតខាង ហើយដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏នៅបន្ត​ដោះស្រាយ​តាមយន្តការដែលមានស្រាប់ក្នុង ការស្វែងរកដំណោះស្រាយជាមួយប្រទេសជិតខាងលើបញ្ហា​ទំនាស់ព្រំដែន​។ មិនតែប៉ុណ្ណោះ ដោយសារតែស្ថេរភាពនយោបាយរបស់កម្ពុជា យើងបានទទួលនូវតួនាទីជា​ប្រធាន និងជា​ធ្វើម្ចាស់ផ្ទះក្នុងការរៀបចំកិច្ច​ប្រជុំកំពូលអាស៊ានលើកទី ២១ និង​កិច្ចប្រជុំពាក់ព័ន្ធ កាលពីឆ្នាំ ២០១២ កន្លងទៅនេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចធំៗមួយចំនួនដូចជា អាមេរិក ចិន ឥណ្ឌា​ ជប៉ុន អូស្ត្រាលី កាណាដា អឺរ៉ុប និងថ្នាក់ដឹកនាំនៃបណ្តាប្រទេស​អាស៊ីអាគ្នេយ៍​ជាដើម។ល។

នៅក្នុងសេចក្តីបញ្ចប់នៃសៀវភៅនេះ អ្នកនិពន្ធមានការរំភើប និងមោទនភាពរបស់ខ្លួន ដែលបានកើតជាកូនខ្មែរ ជាកូនចៅអ្នកកសាង​អង្គរ។ មិនតែ​ប៉ុណ្ណោះ អ្នកនិពន្ធក៏បានលើកអំពីសារៈសំខាន់លើវិស័យការទូត​ ដែលផ្តល់ផលប្រយោជន៍ជូន​សង្គមជាតិ​ ការជម្រុញមិត្តភាព និងសហ​ប្រតិបត្តិការរវាងរដ្ឋ និង​រដ្ឋ​ ដើម្បីកសាងសន្តិភាព សន្តិភាពក្នុង​សង្គម ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងនាមជាអ្នកការទូត ត្រូវមានទស្សនៈជានិច្ចថា ពុំមានចំណងមិត្តភាពអមតៈ ក៏ពុំមានសត្រូវអស់មួយជីវិតដែ​រ មានតែអត្ថប្រយោជន៍ជាតិតែមួយទេ ដែ​លស្ថិតស្ថេរចិរកាល។ អ្នកនយោបាយ អ្នកការទូត ត្រូវប្រើពាក្យសម្តីទន់ភ្លន់ ការ​ទូតថ្លៃថ្នូរ គោរព គោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញសហប្រជាជាតិ ទើបសម្តីយើង​មានទម្ងន់ មានតម្លៃនៅក្នុងកិច្ច​ចចារ ឬកិច្ចប្រជុំ។

សរុប​សេចក្តីមក​ សៀវភៅ “ប្រវត្តិនៃទំនាក់ទំនងអន្តរជាតិប្រទេសកម្ពុជា” គឺជាឯកសារ​ដ៏មានតម្លៃសម្រាប់កូន​ខ្មែរ​គ្រប់រូបដែលត្រូវតែស្វែង​យល់ ព្រោះតាមរយៈសៀវភៅនេះអ្នកនិពន្ធមាន​បំណងចង់រំលឹកអំពីប្រវត្តិសាស្ត្រ​ខ្មែរ ប៉ុន្តែមិនមាន​បំណងញុះញង់អោយមានការស្អប់ខ្ពើមរវាង​ជាតិ​សាសន៍មួយនឹងជាតិមួយទៀតទេ។ អ្នកនិពន្ធគឺមានបំណងបំភ្លឺដល់សតិសម្បជញ្ញៈខ្មែរ និង​មនុស្ស​ជាតិ​ ដោយអំពាវនាវអោយបងប្អូនជនរួមឈាមទាំងអស់ ត្រូវ​សាមគ្គីគ្នា និង​រួមគ្នាជាធ្លុងមួយ​ ធ្វើយ៉ាង ណា​ត្រូវចេះយល់អាធ្យាស្រ័យគ្នា​ រវា​ងប្រទេសនឹង​ប្រទេស​ ក្នុងឋានៈជា​អ្នកភូមិផងរបងជាមួយគ្នា​ ដោយប្រ​កាន់ខ្ជាប់នូវ​ សុខសន្តិភាព និងសុភមង្គល។

 

អំពីប្រវត្តិរបស់អ្នកនិពន្ធៈ

លោក ទិត្យ សារុនរ៉េត​ បានទទួលសញ្ញាបត្រសមត្ថភាពច្បាប់ផ្នែក​តុលាការនៃមហាវិទ្យាល័យ និតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុង​ឆ្នាំ ១៩៦០។ លោកធ្លាប់បំពេញបេសកកម្មការទូត​និងការងារ​ហ្វឹកហ្វឺនជាច្រើននៅតាម​បណ្តាប្រទេសអាស៊ានមួយចំនួន​រួមមានៈ វៀតណាម ហ្វីលីពីន (ក្នុងឋានៈជាភារធារី​ស្តីទី) និង​បំពេញការទូត​នៅប្រទេសចិន ក្នុងឋានៈជាមន្ត្រីការទូតទទួលបន្ទុកខាង ផ្នែកសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម, ម៉ា​ឡេ​ស៊ី, អតីតសហភាពសូវៀត។ នៅក្នុងពេលបំពេញការងារ​ជូនជាតិ​ លោកបានទទួល​នូវការលើកសរសើរ និង​មេដាយការងារ​ជា​ច្រើន។ បច្ចុប្បន្ន លោក​គឺជាទីប្រឹក្សាអមរាជបណ្ឌិ​ត្យសភា និង​ជាសមាជិកនៃអង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស។

នៅក្នុងឳកាសចេញផ្សាយសៀវភៅដ៏មានសារៈសំខាន់ លោកបានទទួលលិខិតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលមួយចំនួន​រួម​មានៈ លិខិតរបស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា, សម្តេចជហ្វាវាំង​ គង់ សំអុល, ថ្នាក់ដឹកនាំនៃព្រឹទ្ធសភា, ក្រសួងការបរទេសនៃកម្ពុជា​ ក្រសួងព្រះបរមរាជវាំង អង្គភាពព័ត៌មាន​ និង​ប្រតិកម្មរហ័ស ដើម្បីឆ្លើយតបចំពោះការខិតខំប្រឹងប្រែង​របស់លោក ក្នុងការ​ស្រាវ​ជ្រាវចងក្រង​អោយ ចេញជាសៀវភៅនេះឡើយ​។

ភ្នំពេញ, ថ្ងៃទី ៣ ខែមីនា​ ឆ្នាំ២០១៣

ដោយបណ្ឌិត​ ចិន្ត​ ច័ន្ទរតនា​

ប្រធានក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ​

ព្រះកុរណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃកម្ពុជា សោយទីវង្គត់នៅប៉េកាំង

ប្រភពពីសារព័ត៌មានដើមអម្ពិល

ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង វេលាម៉ោងជិត ២៖០០ព្រឹក ថ្ងៃ ច័ន្ទ នេះ

យោងតាមសម្តី លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ដើមអម្ពិល នូវព័ត៌មានទុក្ខដ៏ក្រៀមក្រំថា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នាទីក្រុងប៉េកាំង វេលាម៉ោង ជិត ២៖០០ព្រឹក ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ” មុននឹងកន្លះម៉ោង ខ្ញុំបានទទួលព័ត៌មានថា សម្តេចឳព្រះឈួន បេះដូង ត្រូវនាំចូលមន្ទីរពេទ្យសង្គ្រោះ ភ្លាមៗនៅទីក្រុង ប៉េកាំង ប៉ុន្តែ១៥នាទី ក្រោយ ក៏បានទទួលដំណឹងថា សម្តេចតា សោយទីវង្គត់ទៅហើយ ”  ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចព្រះបិតាជាតិ សម្តេចឳ បានសោយទីវង្គត ដោយរោគបេះដូង នាទីក្រុងប៉េកាំង នៅវេលាម៉ោងជិត ២៖០០ ព្រឹកថ្ងៃច័ន្ទ នេះ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ។

យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ដែលបានដកស្រង់សម្តីព្រះអង្គម្ចាស់ ថូមីកូ ជំនួយការផ្ទាល់ ព្រះមហាវរក្សត្រ នរោត្តម សីហនុ ថា  ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ពិតជាបានសោយទីវង្គត់ ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ។ ព្រះអង្គបានបន្តថា ដោយសារបញ្ហារោគបេះដូង សម្តេចឳ បានបន្តសម្រាកព្យាបាល  ចាប់តាំងពី ខែ មករា ដើមឆ្នាំ ២០១២ មកម៉្លេះ ។

យោងតាមសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលកម្ពុជា ព្រះសព សម្តេចព្រះបិតាជាតិ នរោត្តម សីហនុ នឹងត្រូវដង្ហែមកកាន់រាជធានីភ្នំពេញ ដើម្បីតម្កល់ និងប្រារព្វព្រះរាជពិធីបុណ្យតាមប្រពៃណីជាតិ នៅព្រះបរមរាជវាំង ។

ព្រះនាមពេញ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ
ព្រះនាមដើម នរោត្ដម សីហនុ
ព្រះនាមក្នុងរាជ្យ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋ
ប្រសូត ៣១ តុលា ១៩២២
ព្រះបិតា នរោត្ដម សុរាម្រឹត
ព្រះមាតា ស៊ីសុវត្ថិ កុសុមៈ
រាជាភិសេកលើកទី១ ២៨ តុលា ១៩៤១
គ្រងរាជ្យពី ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ)
រជ្ជកាលមុន សិរីសុវត្ថិ មុនីវង្ស
រជ្ជកាលបន្ទាប់ នរោត្ដម សុរាម្រឹត
រាជាភិសេកលើកទី២ ២៤ កញ្ញា ១៩៩៣
ព្រះបរមនាមកិត្តិយស ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ

ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ [អានថា៖ នៈ-រោត-ដំ-សី-ហៈ-នុ] ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។

ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងជាព្រះមហាក្សត្រ អង្គទី៥នៃព្រះរាជអាណាចក្រកម្ពុជា ឯករាជ្យ។ ក្រៅពីតំណែងព្រះមហាក្ស័ត្រិយ៍ ព្រះអង្គក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើនសម័យ។

ព្រះរាជជីវប្រវត្តិ
ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។

ការសិក្សា
ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។

ការឡើងគ្រងរាជ្យ
• លើកទីមួយ
នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្តពីព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។
បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យសម្បត្តិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ថ្វាយព្រះបិតាព្រះអង្គ គឺព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។
• លើកទីពីរ
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានឡើងគ្រងរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលនិវត្ដន៍នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។

ព្រះរាជបូជនីយកិច្ច
ក្នុងព្រះឋានៈជាព្រះមហាក្សត្រ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចធំៗជាច្រើនសម្រាប់ជាតិ ដូចជា៖
• មហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង
• ទាមទារឯករាជ្យភាពនៃព្រះរាជអាណាចក្រកម្ពុជាពីសាធារណរដ្ឋបារាំង
• និងការឈ្នះក្ដីប្រាសាទព្រះវិហារនាទីក្រុងឡាអេ ពីរាជាណាចក្រថៃឡង់ដ៍ជាដើម ។

សង្គមរាស្ត្រនិយម
បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតាហើយ ហើយព្រះអង្គបានប្រឡូកចូលក្នុង ឆាកនយោបាយ បង្កើតចលនាសង្គមរាស្ត្រនិយម និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើនសម័យ។
សម័យសង្គមរាស្ត្រនិយម គឺជាសម័យកាលរុងរឿងមួយទៀត នៃព្រះរាជអាណាចក្រកម្ពុជាដែលដឹកនាំ ដោយព្រះអង្គ ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថាជាកោះសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។

រដ្ឋប្រហារ
សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងព្រះប្រមុខរដ្ឋនាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេលព្រះអង្គកំពុងបំពេញព្រះទស្សនកិច្ចក្រៅប្រទេស។

ចលនាតស៊ូសីហនុនិយម
បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ពីប្រទេសវៀតណាម បានឈ្លានពានប្រទេសកម្ពូជា នាឆ្នាំ១៩៧៩ ព្រះអង្គបានបង្កើតចលនាតស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និងកម្ពុជាប្រជាធិបតេយ្យ រួមធ្វើការចរចាជាមួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គបានយាងត្រឡប់មកប្រទេសកម្ពុជាវិញ និងត្រូវបាន ឡើងសោយរាជ្យជាថ្មីវិញ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ។
ការដាក់រាជ្យ
ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ បច្ចុប្បន្ន ព្រះអង្គកំពុងបន្តព្យាបាល ព្រះរោគនាទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋានៈព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»។

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

រឿង​រាមកេរ្តិ៍​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៤​ និង​សម័យ​ក្រោយៗ​មក​ទៀត​

វិទ្យុអូស្ត្រាលី៖ លោក​អ្នក​នាង​ជាទីមេត្រី ​នៅ​​សប្តាហ៍​កន្ល​ទៅ​នេះ ​ក្នុងបទ​សន្ទនា​មតិ​សម្រាប់​នាទី​​វិទ្យា​សាស្រ្ត​លោក​អ្នក​​បាន​​ស្តាប់​ ការ​​ពន្យល់​របស់​លោក​ចិន្ត ​ច័ន្ទរតនា​ បណ្ឌិត​ផ្នែក​បុរាណ​​វិទ្យា ​និង​សិល្បៈ​អាស៊ី​អាគ្នេយ៍ ​អំពីអក្សរ​សិល្ប៍​​ខ្មែរ​ដោយ​បាន​លើក​យក​រឿង​មហាភារតៈ​មក​អធិប្បាយ។​

ក្នុង​ការ​អធិប្បាយ​នោះ​​លោក​បាន​រៀបរាប់​មូល​ហេតុនាំឲ្យ​រឿង​​ មហាភារតៈក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ​ដោយ​លោក​ផ្តល់​យោ​បល់​ថាសាច់​រឿង​មហា​ភារតៈ​ផ្តោតជា​សំខាន់​ទៅលើ​ផ្នែក​ ចម្បាំងរាំងជល់។​ហើយ​នៅ​​ថ្ងៃនេះ ​លោក​​បណ្ឌិត​​ចិន្ត ច័ន្ទ​រតនា​ អធិប្បាយ​អំពី​រាមកេរ្តិ៍នា​សម័យ​ក្រោម​ការ​គ្រប់​គ្រង​របស់ព្រះ​បាទ​ជ័យ​ វរ្ម័នទី៤។

លោក​បណ្ឌិត​ឲ្យដឹង​ថា​អក្សរសិល្ប៍​ក្នុង​រជ្ជកាល ​ព្រះបាទ​ជ័យវរ្ម័ន​ទី៤​ ​​រឿង​រាម​កេរ្តិ៍មិន​មាន​ប្រជា​ប្រិយភាព​​ដូច​រឿង​មហា​ភារតៈទេ ​ប៉ុន្តែ​​រឿង​រាម​កេរ្តិ៍ ​នៅមាន​​ឈ្មោះក្នុង​​អក្សរ​សិល្ប៍ខ្មែរ​​រហូត​មក​ទល់​សព្វ​ថ្ងៃ។​

​តើ ​មូល​ហេតុអ្វី ​បាន​ជា​​រឿង​មហាភារតៈ​មិនមាន​​ឈ្មោះ​បោះ​​សំឡេង​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​ ​នា​ពេល​បច្ចុប្បន្ន?​ បែរ​ជារឿង​​រាមកេរ្តិ៍​ទៅវិញ។​

សូម​តាម​ស្តាប់​ការ​បក​ស្រាយ​របស់​បណ្ឌិត ​ចិន្ត ​ច័ន្ទ ​រតនា ​ដូចតទៅ​៕

ការរៀប​ចំរាជ​ធានី​កោះ​កែរក្នុង​រជ្ជកាល​ព្រះ​បាទជ័យ​វរ្ម័នទី៤​

ដាក់បញ្ចូលថ្ងៃ 16 August 2012, 16:31 AEST

វិទ្យុអូស្ត្រាលី៖ លោក​អ្នកនាង​ជាទីមេត្រី ​កាល​ពី​សប្ដាហ៍​មុន លោកអ្នក​បាន​ស្ដាប់​​នូវ​បទ​សន្ទនា​ជា​មួយ​លោក​ ចិន្ដ ច័ន្ទ​រតនា​ បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា​ និង​ប្រវត្ដិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​អំពី​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ សិល្បៈ និង​សាសនា​ មាន​ដូច​ជា​អក្សរ​សិល្ប៍, អក្សរ​សាស្រ្ដ, កំណាព្យ, វិជ្ជា​ធ្វើ​ម្ហូប, និង​ក្បាច់​គុន​ខ្មែរ ក៏​ដូច​ជា​របៀប​ដែល​ខ្មែរ​​ធ្វើ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នាសម័យ​កោះកែរ។

(Credit: ABC)

នៅ​សប្ដាហ៍​នេះ​យើង​នឹង​ពិភាក្សា​អំពីការ​រៀប​ចំរាជ​ធានី​ប្រព័ន្ធ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ វិស័យ​កសិកម្ម ​នៅ​ធានី​​កោះកែរ​ក្នុងរជ្ជ​កាល​ព្រះ​បាទជ័យ​វរ្ម័នទី៤ វិញ​ម្ដង​។

តើការរៀបចំកោះកែរ ​នា​សម័យនោះ ​ប្រព្រឹត្តទៅ​យ៉ាង​​ដូចម្តេច? ប្រព័ន្ធ​​ធារា​សាស្រ្ត ​ហេដ្ឋា​រចនា​សម្ព័ន្ធ វិស័យ​កសិកម្ម​ និង​អប់រំ​​មានការ​រីកចម្រើន​យ៉ាង​ណា ​ នៅគ្រា​ដែល​វិស័យ​វិទ្យាសាស្រ្ត ​និង​បច្ចេក​វិទ្យានៅមិនទាន់​មានការ​លូត​លាស់​ជឿនលៀនដូច​បច្ចុប្បន្ននេះ?។

សូម​តាម​ដាន​ស្តាប់​ការ​​បក​ស្រាយ​ពន្យល់​របស់​លោក​បណ្ឌិត ​ ចិន្ត ​ច័ន្ទរតនា ​ដូច​តទៅ៕ ​

អក្សរសិល្ប៍ ការធ្វើចម្បាំង និង​ការហាត់គុននៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤

វិជ្ជា​ធ្វើ​អាហារ, អក្សរ​សិល្ប៍, ការធ្វើ​​ចម្បាំង, ក្បាច់​គុន និង​សិល្បៈ​​នៅ​សម័យ​រាជ​ធានី​កោះ​កែរ

ដាក់បញ្ចូលថ្ងៃ 9 August 2012, 17:25 AEST

វិទ្យុអូស្ត្រាលី៖ ក្បាច់​គុន​ ឬ​វិជ្ជា​គុន ​គឺជា​ជំនាញ​មួយ​សំខាន់​សម្រាប់​ព្រះ​មហាក្សត្រ និង​មេទ័ព​ខ្មែរ​ ក៏​ដូច​ជា​កង​ទាហាន​សម័យ​មុន​សម្រាប់​ការ​ធ្វើ​សង្រ្គាម និង​ការ​ពារ​ទឹក​ដី​។ ខ្មែរ​យើង​មិន​ខុស​ពី​ជាតិ​សាសន៍​ដទៃ​ទៀត​ដូច​ជា​ចិន ដែល​មាន​វិជ្ជា​គុន​ចិន​នោះ​ទេ។ ខ្មែរ​យើង​ក៏​​​មាន​វិជ្ជា​គុន​ខ្មែរ​ដែរ​នា​សម័យ​នោះ ហើយ​ប្រហែល​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ក្បាច់​គុន​ល្បុក្កតោ​ដែល​បាន​ បន្សល់​ទុក​ដល់​សព្វ​ថ្ងៃ​ក៏​ថា​បាន។

Koh Ker's Prasat Prang in Cambodia

រូប​ថត​​ប្រាសាទ​ប្រាង្គ​​ផ្ដល់​ឲ្យ​ដោយ​លោក ចិន្ត ច័ន្ទ​រតនា​ (Credit: ABC Licensed)
សំឡេង៖ ការធ្វើ​​ចម្បាំង, ក្បាច់​គុន និង​សិល្បៈ​​នៅ​សម័យ​រាជ​ធានី​កោះ​កែរ

នៅ​ថ្ងៃ​នេះ យើង​នឹង​បន្ដ​ពិនិត្យ​មើល​ទៅ​លើ​វិស័យ​សិល្បៈ​​តទៅ​ទៀត​ ដោយ​នឹង​សាក​សួរ​លោក​វាគ្មិន​អំពី​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​វស័យ​សិល្បៈ និង​សាសនា​ មាន​ដូច​ជា​អក្សរ​សិល្ប៍, អក្សរ​សាស្រ្ដ, កំណាព្យ, វិជ្ជា​ធ្វើ​ម្ហូប, និង​ក្បាច់​គុន​ខ្មែរ ក៏​ដូច​ជា​របៀប​ដែល​ខ្មែរ​​ធ្វើ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​។

តាម​ ភស្ដុតាង​សិលា​ចារឹក​ដែល​បាន​បន្សល់​ទុក​ អក្សរ​សាស្រ្ដ និង​អក្សរ​សិល្ប៍​ខ្មែរ​មាន​ការ​វិវឌ្ឍ​ជឿន​លឿន​សម័យ​នោះ ដោយ​សារ​គេ​ឃើញ​មាន​ការ​ប្រើ​ប្រាស់​កំណាព្យ​កាព​ឃ្លោង​។

បើ​តាម​ ប្រសាសន៍​លោក​បណ្ឌិត​ ចិន្ត​ ច័ន្ទ​រតនា ម្ហូប​ខ្មែរ​យើង​សព្វ​ថ្ងៃ​ក៏​មាន​ឥទ្ធិពល​ពី​សម័យ​បុរាណ​ដែរ។ ខ្មែរ​យើង​ប្រហែល​ជា​ចេះ​ធ្វើ​​ប្រហុក​តាំង​ពី​យូរ​ហើយ ​ក្រៅ​ពី​នេះ​​អ្នក​ជំនាញ​​ក៏​បាន​រក​ឃើញ​កំណាយ​ឆ្អឹង​សត្វ​ជា​ច្រើន​​​​ អំពី​សត្វ​ដែល​គេ​បាន​ប្រើ​នា​សម័យ​មុន​​សម្រាប់​យក​ទៅ​បូជា​ដល់​អាទិទេព​ ដូច​ជា​ក្បាល​ជ្រូក​ជា​ដើម​។

​​​លោក​បណ្ឌិត​ក៏​បាន​បក​ស្រាយ​ផង​ដែរ​ អំពី​សមត្ថភាព​របស់​ព្រះ​មហា​​ក្សត្រ​ខ្មែរ​ក្នុង​ការ​ដឹក​នាំ​ទ័ព​ដោយ​ ទ្រង់​​ផ្ទាល់​ និង​វាយ​ខ្មាំង​សត្រូវ​​។​

សិល្បៈ​ និង​សាសនា​នៅសម័យកោះកែរ

សិល្បៈ​ និង​សាសនា​នៅ​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤

ដាក់បញ្ចូលថ្ងៃ 2 August 2012, 17:15 AEST

វិទ្យុអូស្ត្រាលី៖ កាល​ពី​សប្ដាហ៍​មុន ប្រិយ​មិត្ដ​បាន​ស្ដាប់​ការ​ពន្យល់​ត្រួស​ៗ​ខ្លះ​ហើយ​អំពី​រចនា​សម្ព័ន្ធ​ សង្គម​ខ្មែរ​នៅ​ក្នុង​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន ​ទី​៤ ដោយ​បាន​ពិនិត្យ​មើល​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច, សង្គម​កិច្ច, កសិកម្ម, ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​នយោបាយ។

Prasat Damrei in Cambodia

ក្បាច់​រច​នា​ច្រក​ទ្វា​រ​ចូល​ប្រាសាទ​ដំរី​។ រូប​ថត​ផ្ដល់​ឲ្យ​ដោ​លោក​ ចិន ច័ន្ទ​រតនា​ (Credit: ABC Licensed)

នៅ​សប្ដាហ៍​នេះ​យើង​នឹង​ពិភាក្សា​អំពី​ផ្នែក​សិល្បៈ និង​សាសនា​វិញ​ម្ដង​។ វាគ្មិន​របស់​យើង​គឺ​លោក​ ចិន្ដ ច័ន្ទ​រតនា​ បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា​ និង​ប្រវត្ដិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​។ លោក​បណ្ឌិត​ថា នៅ​សម័យ​កោះ​កែរ​នោះ គឺ​ក្នុង​ចន្លោះ​ឆ្នាំ​៩២១ ដល់​៩៤១ ខ្មែរ​ក៏​មាន​អ្នក​ចេះ​ដឹង​ខ្លះ​ដែរ ប៉ុន្ដែ​អ្វី​ដែល​គេ​កត់​សម្គាល់​ឃើញ​នៅ​ក្នុង​ភស្ដុតាង​ដែល​គេ​រក​ឃើញ​គឺ​ អ្នក​ចេះ​ដឹង​ជា​ព្រាហ្ម​ដែល​នៅ​អម​នឹង​ព្រះ​មហាក្សត្រ។

សាសនា​ធំ​ពីរ ​នៅ​សម័យ​នោះ គឺ​សាសនា​ព្រាហ្ម និង​សាសនា​ព្រះ​ពុទ្ធ ដែល​សុទ្ធ​សឹង​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា​​។ ឥទ្ធិពល​ពី​ឥណ្ឌា​ត្រូវ​គេ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា មាន​តាំង​ពី​សតវត្សរ៍​ទី​១​នៃ​គ្រឹស្ដ​រាជ​មក​ម្ល៉េះ​។

ស្ថាបត្យកម្ម​ខ្មែរ​សម័យកោះកែរ​​នេះ​មិន​អន់​ប៉ុន្មាន​នោះ​ទេ ដោយ​សារ​គេ​អាច​សង់​ប្រាសាទ​ដោយ​ប្រើ​ឥដ្ឋ, ថ្ម​បាយ​ក្រៀម និង​ប្រាសាទ​ដែល​មាន​៧​ថ្នាក់​។ សំណល់​បុរាណ​វត្ថុ​ដែល​មាន​ដូច​ជា​ប្រាសាទ​ទាំង​នេះ ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា របប​គ្រប​គ្រង​សម័យ​នោះ​ក៏​មាន​ធន​ធាន​គួរ​សម​ដែរ​ទាំង​ផ្នែក​មនុស្ស និង​ថវិកា។ រី​ឯ​​ផ្នែក​ស្លៀក​ពាក់​វិញ​ សម័យ​នោះ​ គឺ​មិន​ខុស​ពី​សម័យ​អង្គរ (នៅសតវត្សរ៍ក្រោយៗទេ)​ប៉ុន្មាន​ទេ ដោយ​មាន​ស្លៀក​សំពត់ តែ​មិន​មាន​ពាក់​អាវ​លើ​ទេ​ ប៉ុន្ដែ​សម្រាប់​ក្សត្រី​ និង​ស្ត្រី (អ្នកមានឋានៈ) គឺ​មាន​គ្រប​ស្បៃ​នៅ​​ផ្នែក​ខាង​លើ​ទ្រូង​។

 

របាយការណ៍​រឿង៖ រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤

របាយការណ៍​រឿង៖ ការ​ស្រាវ​ជ្រាវ​អំពី​ប្រាសាទកោះ​កែរ​ (ប្រាសាទ​​ចិន)

រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​នៅ​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤

រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​នៅ​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤

Khmer society at Koh Ker during the reign of Jayavarman IV.
(From ABC Radio Australia)

ដាក់បញ្ចូលថ្ងៃ 26 July 2012, 16:34 AEST

(Radio Australia): កាល​ពី​សប្ដាហ៍​មុន ប្រិយ​មិត្ដ​បាន​ស្ដាប់​ការ​ពន្យល់​ត្រួស​ៗ​ខ្លះ​ហើយ​អំពី​ប្រាសាទ​ចិន និង​ប្រាសាទ​កោះ​កែរ​។ ប៉ុន្ដែ​នៅ​ក្នុង​ការ​ពិភាក្សា​នោះ​យើង​បាន​លោត​ពី​សំណួរ​មួយ​ទៅ​សំណួរ​មួយ ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​ដោយ​មិន​មាន​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​ ណា​មួយ។

Prasat Chen and Koh Ker in Preah Vihear Province of Cambodia

រូប ​ថត​នៃ​ប្រាសាទ​ចិន និង​កោះ​កែរ​​រួម​ទាំង​រូប​ចម្លាក់​បុរាណ​ពី​សម័យ​នោះ​ផ្ដល់​ឲ្យ​ដោយ​លោក​ បណ្ឌិត​ ចិន្ដ​ ច័ន្ទ​រតនា​ (Credit: ABC Licensed)
សំឡេង៖ សង្គម​ខ្មែរ​នា​សម័យ​​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤
(Credit: ABC)

ប៉ុន្ដែ​នៅ​ក្នុង​ថ្ងៃ​នេះ កម្ម​វិធី​យើង​នឹង​ផ្ដោត​តែ​ទៅ​លើ​រចនា​សម្ព័ន្ធ​សង្គម​ខ្មែរ​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​រាជ​ធានី​កោះ​កែរ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤។ យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច, សង្គម​កិច្ច, កសិកម្ម, ប្រព័ន្ធ​ច្បាប់, ការ​រៀប​ចំ​ស្ថាប័ន​គ្រប់​គ្រង, ប្រព័ន្ធ​នយោបាយ, វប្បធម៌​ និង​រូបិយវត្ថុ​។ នៅ​សប្ដាហ៍​បន្ដ​បន្ទាប់​យើង​នឹង​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា​ វិស័យ​សិល្បៈ និង​សាសនា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​កាល​ពី​ជំនាន់​នោះ។

លោក ​បណ្ឌិត​​ ចិន្ដ ច័ន្ទ​រតនា​ បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា​ និង​ប្រវត្ដិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​​ផ្ដល់​ការ​​ពន្យល់​​ថា ស្នា​ព្រហស្ថ​សំខាន់ៗ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ ដែល​បាន​បន្សល់​ទុក​​​មាន​​សំខាន់​ៗ​គឺ ប្រាសាទ​ធំ (សម្រាប់​បូជា​អាទិទេព​), ប្រាសាទ​ប្រាង្គ និង​រហាល (​បារាយ​) សម្រាប់​ប្រព័ន្ធ​ធារា​សាស្រ្ដ​ និង​ប្រាសាទ​ជាង​៦០​ទៀត​នៅ​ក្នុង​តំបន់​កោះ​កែរ។

ចំណែក​ឯ​ប្រព័ន្ធ​នយោបាយ​វិញ​ គឺ​ត្រូវ​​បន្ដ​រក្សា​យក​ពី​តំបន់​អង្គរ ដោយ​ផ្អែក​លើ​របប​រាជា​ធិបតេយ្យ។

របាយការណ៍​រឿង៖ ការ​ស្រាវ​ជ្រាវ​អំពី​ប្រាសាទកោះ​កែរ​ (ប្រាសាទ​​ចិន)

រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ស្វែងយល់ ពីរមណីយដ្ឋាន ទេសចរណ៍ ប្រវត្តិសាស្រ្ត វត្តភ្នំ (ភ្នំដូនពេញ)

អត្ថបទ និងរូបភាពដកស្រង់ពីគេហទំព័រ ដើមអម្ពឹល
Saturday, 30 June 2012 15:22 ដោយលោក៖ ប៉ោ សេដ្ឋា-Posted : ID-014

www.dap-news.comភ្នំពេញ៖ ចំពោះមនុស្សខ្មែរដែលបានដឹងក្តីហើយ បើមិនបានឃើញវត្តភ្នំ ដោយផ្ទាល់ ក៏បានឮឈ្មោះ វត្ត ភ្នំនេះដែរ។ ប៉ុន្តែរឿងរ៉ាវប្រវត្តិសាស្រ្ត មួយចំនួនទៀត ជឿ ជាក់ថា មានមនុស្សខ្មែរជាច្រើនមិនទាន់បាន ដឹងនៅឡើយ។ ដូច្នេះ ដើម្បីឲ្យប្រិយមិត្ត បានដឹងច្បាស់ អំពីរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត វត្តភ្នំនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល សូមលើកយកអត្ថបទ ទាក់ទងនឹងវត្តភ្នំដូចខាងក្រោម៖

ប្រវត្តិនៃវត្តភ្នំ

នៅឆ្នាំ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅក្បែរច្រាំងទន្លេបួនមុខ (សម័យនោះ ប្រហែលទន្លេបួនមុខ ស្ថិតនៅម្តុំវត្ត ភ្នំ។ ក្រោយជាបន្តបន្ទាប់ ទន្លេមេគង្គបាននាំដីល្បាប់ ធ្វើឲ្យជ្រោយចង្វា កាន់តែដុះវែងមកកន្លែងសព្វថ្ងៃ)។ ផ្ទះរបស់គាត់សង់ នៅលើទួលខាងកើតភ្នំតូចមួយ។

ថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាច ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញដើមគគីរមួយធំ អណ្តែតមកក្បែរច្រាំង ហើយដោយអំណាច ទឹកហូរ ស្រកចុះឡើង ដើមគគីរនោះ ចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។ លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅហៅអ្នកជិតខាង ឲ្យមកជួយទាញយក ដើមគគីរនោះ។ ពេលនោះដូនពេញ យកកំណាត់ឈើ ទៅកោសកៀរសំអាតភក់ចេញ គាត់ក៏បានឃើញក្នុងប្រហោងឈើគគីរ មានព្រះពុទ្ធរូប ៤ អង្គតូចៗ ធ្វើអំពី សំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀត ទ្រង់ស័ង្ខ ព្រះកេសាបួង។ ដូនពេញ និងអ្នកជិតខាង ដែល ទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរពបូជា ក៏នាំគ្នាដង្ហែព្រះបដិមាទាំងនោះ មកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការ សង់ខ្ទមមួយ តូចតម្កល់ជាបណ្ដោះអាសន្ន។

ថ្ងៃក្រោយមក ដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយ លើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះ របស់គាត់នោះឲ្យទៅជាភ្នំមែនទែន។ បន្ទាប់ពីនោះ គាត់ឲ្យគេអារឈើគគីរ នោះ ធ្វើជាសសរវិហារ ដែលគាត់បំរុងសង់លើភ្នំនោះ។ ក្នុង គ.ស.១៣៧២ ដូនពេញ និងអ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នា សាងសង់ព្រះវិហារមួយខ្នង ប្រក់ ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែ ព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ ទៅតម្កល់ទុកក្នុងវិហារនោះ។

ចំណែកទេវរូបថ្មមួយអង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយ នៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្តែតទឹកមកពីស្រុកលាវ និងមានភាព ដូចជាលាវ គាត់ក៏បានសន្មតនាមថា “អ្នកតាព្រះចៅ” នាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះ។

ចំណែក ព្រះបាទពញាយ៉ាត នៅឆ្នាំ១៤៣១ នៃគ្រិស្តសករាជ បានយាងចោលទីក្រុងអង្គរ ហើយនៅឆ្នាំ១៤៣៤ ព្រះអង្គ បានមកដល់ទីនេះ រួចបានកសាងទីក្រុងមួយ ដោយយកឈ្មោះតាមកន្លែងនោះ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតិយបុរាណធំមួយនៅពីក្រោយព្រះវិហារ ដែលតម្កល់ព្រះធាតុ(ឆ្អឹង) របស់ព្រះបាទពញាយ៉ាត និងចេតិយសម្រាប់តម្កល់ព្រះធាតុ របស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតិយនោះ នៅមានសល់បដិមាព្រះពុទ្ធ នៅសម័យអង្គរផងដែរ។

កូនភ្នំនេះ ត្រូវបានគ្របដណ្តប់ និងព័ទ្ធជុំវិញដោយដើមឈើតំបន់ត្រូពិច ដែលតំណាងឲ្យវិស័យផ្សេងៗ ដែលបានចាក់ឫស នៅពាសពេញប្រទេស។ ដើមឈើទាំងនេះ បានក្លាយជាទីជម្រកសម្រាប់សត្វស្វា និងបក្សីជាច្រើន ជាពិសេសសត្វជ្រឹងធំៗ ដែលតោងមែកឈើទាំងឡាយ។ កាលសាងសង់វិហាររួចហើយ យាយពេញបាន និមន្តព្រះសង្ឃ មកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា “វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃហៅកាត់ថា “វត្តភ្នំ” តាំងពីពេលនោះមករហូត មកដល់ សព្វថ្ងៃ។

ចេតិយ និងព្រះវិហារ នៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ១៤៣៤, ១៨០៦, ១៨៩៤ និងឆ្នាំ១៩២៦ រួចបន្ទាប់មកទៀតបានការជួសជុលជាញយដង ដែលពីម្តង ទៅម្តងកាន់តែធ្វើឲ្យវត្តភ្នំមានសម្រស់ប្រសើរឡើងៗ។ បច្ចុប្បន្ន ដើម្បីជាការដឹងគុណ និងទុកជាទីសក្ការៈ អាជ្ញាធរសាលារាជធានីភ្នំពេញ បានសាងសង់រូបសំណាក លោកយាយ ដូនពេញ នៅជ្រុងខាងលិច និងជ្រុងខាងត្បូង (និរតី) នៃវត្តភ្នំ។

និមិត្តរូប ព្រះបាទស៊ីសុវត្ថិ នៅវត្តភ្នំ

រមណីយដ្ឋានវត្តភ្នំ មានកេរ្តិ៍ដំណែល និងស្លាកស្នាមប្រវត្ដិសាស្ដ្រជាច្រើន បន្សល់ទុកតាំងពីការកកើត រាជធានីភ្នំពេញដំបូង ក្នុងសតវត្សរ៍ទី១៤មកម្ល៉េះ។ ក្នុងចំណោម នោះ រូបសំណាក ព្រះបាទ ស៊ីសុវត្ថិ ដែលតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញ ផ្នែកខាងត្បូង ក៏ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ដ្រមួយ ដ៏សំខាន់ផងដែរ ក្នុងសម័យកម្ពុជា ស្ថិត នៅក្រោម អាណាព្យាបាលបារាំង។

www.dap-news.com

បណ្ឌិតសភាចារ្យ រស់ ច័ន្ទត្រាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកប្រវត្តិសាស្រ្តដែរនោះ បានរៀបរាប់ឲ្យដឹងថា ផ្ទាំងចម្លាក់នេះ ត្រូវ បានកសាងឡើង នៅសម័យអាណាព្យាបាលបារាំង ក្នុងរជ្ជកាលព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ ដែលទាក់ទងនឹង សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧។ រូបសំណាក មនុស្សអង្គុយនៅចំកណ្តាល គឺជារូបចម្លាក់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ។ ចំណែករូបចម្លាក់នៅខាងឆ្វេងដៃ គឺជារូបសំណាកទាហានបារាំង និទង់ជាតិបារាំង តំណាង ឲ្យកិច្ចសហប្រតិបត្តិការ ក៏ដូចជា អាណាព្យាបាលបារាំងមកលើកម្ពុជា ហើយក៏ចង់បង្ហាញពីគុណបំណាច់របស់ខ្លួន ដែលបានទាមទារ ជួយយកទឹកដីកម្ពុជា ពីថៃ មក ថ្វាយព្រះបាទ ស៊ីសុវត្ថិ ក៏ដូចព្រះរាជាណាចក្រកម្ពុជាដែរ។ ចំណែករូបចម្លាក់ស្រ្តីខ្មែរបីនាក់នៅខាងស្តាំដៃ កាន់ជើងពាន ជាដង្វាយមកថ្វាយព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ គឺតំណាងខេត្តចំនួន៣ ដែលទាមទារបានពី ប្រទេស សៀម (ថៃ) មកវិញនោះ។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ប្រាប់ថា «រូបទាំងអស់នេះ គឺជារូបចម្លាក់មួយ ដែលបាន កសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ដែលទាក់ទងជាមួយនឹង សន្ធិសញ្ញាបារាំង-សៀម។ បារាំង-សៀមនេះ គឺសន្ធិសញ្ញា ជាពិសេសសន្ធិសញ្ញា នៅក្នុងឆ្នាំ១៩០៧ តែម្តង គឺនៅពេលនោះហើយ ដែលប្រទេសបារាំង បានទាមទារ ក្នុងនាមប្រទេសកម្ពុជាហ្នឹង ឲ្យប្រទេសសៀមប្រគល់ខេត្តទាំងបីមកឲ្យ កម្ពុជាវិញ គឺមានខេត្តសៀមរាប កំពង់ធំ បាត់ដំបង ស៊ីសុផន់»។

ចំណែកនៅផ្នែកខាងស្តាំវិញ ជារូបនារីបីនាក់មានសម្លៀក បំពាក់ខុសៗគ្នា និងមានកាន់ពានមួយម្នាក់។ តាមឯកសារបានឲ្យដឹងថា នារីទីមួយសម្លៀកបំពាក់ របៀបរូប ចម្លាក់អប្សរានៅ ប្រាសាទអង្គរវត្ត មានកាន់ពានមួយតម្កល់រូបសំណាកមួយ ប្រហែលជារូប ប្រាសាទព្រះវិហារ។

www.dap-news.com

តាមរយៈនេះ អ្នកជំនាញខាងបុរាណវិទ្យា បាន សន្និដ្ឋានថា រូបនារីទី១នេះ ជាតំណាងឲ្យខេត្តសៀមរាប រីឯនារីទាំងពីរខាងក្រោយតំណាងឲ្យ ខេត្តបាត់ដំបង និង ស៊ីសុផុន ពីព្រោះខេត្តទាំងពីរនេះ នៅជាប់នឹង ប្រទេសសៀម ហើយ សម្លៀកបំពាក់របស់នារីទាំងពីរ ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្រីបម្រើក្នុង ព្រះរាជ វាំងប្រទេសទាំងពីរ (កម្ពុជា-សៀម) នាសម័យនោះដែរ។ នារីទីពីរមានកាន់ពាន តម្កល់ថង់ត្រាពណ៌‌បៃតង និងត្រាពណ៌‌លឿង។ នារីទីបីកាន់ពាន តម្កល់ក្លងពណ៌‌ បៃតង សម្រាប់ដាក់ឯកសារ ជាលាយលក្ខណ៍ អក្សរ។ នារីទាំងបីនាក់ ធ្វើកាយវិការនាំដង្វាយទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទស៊ីសុវត្ថិ។

និយាយជារួម រូបសំណាកទាហានបារាំង កាន់កាំភ្លើង និងទង់ជាតិប្រទេសបារាំង, រូបសំណាក ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ, នារីខ្មែរបីនាក់ កាន់ពានម្នាក់មួយ ទាំង សិលាចារឹកជាអក្សរខ្មែរ និងបារាំង អមសងខាងផ្ទាំងសំណាកដ៏ធំនោះ មានន័យតែមួយ គឺនិយាយពីសន្ធិសញ្ញារវាងបារាំង-សៀម ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩០៧ ក្នុងការ ផ្ទេរខេត្តចំនួនបី មានបាត់ដំបង សៀមរាប និងសិរីសោភ័ណ (បារាំងហៅថា ស៊ីសុផុន) ដែលសៀម បានរឹបអូសយកមក ជូនប្រទេសកម្ពុជាវិញ នារជ្ជកាលព្រះករុណា ព្រះបាទស៊ីសុវត្ថិ។ ក្នុងនោះក៏មានប្រាសាទព្រះវិហារដែរ ព្រោះសម័យនោះ ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តសៀមរាប។ ចំណែកសិរីសោភ័ណ ឬ(ស៊ីសុផុន) សព្វថ្ងៃ ជាក្រុងមួយ នៅខេត្តបន្ទាយមានជ័យ ដែលខេត្តបន្ទាយជ័យនេះ ទើបតែបង្កើតថ្មីនៅប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះប៉ុណ្ណោះ។

កន្លងមកក៏ដូចសព្វថ្ងៃ វត្តភ្នំ (ភ្នំដូនពេញ) គឺជារមណីយដ្ឋានទេសចរណ៍ ប្រវត្តិសាស្រ្តមួយ នៅរាជធានីភ្នំពេញ ដែលមហាជនភ្ញៀវទេសចរជាតិ-អន្តរជាតិ បាននិយម ទៅកំសាន្ត និងទស្សនា។ ប៉ុន្តែមានមនុស្សមួយចំនួន ក៏មិនទាន់បានដឹងអស់ពីប្រវត្តិ មួយចំនួនទៀត ដែលបានរៀបរាប់ត្រួសៗមកនេះ ដូច្នេះហើយ បានជា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ខិតខំស្រាវជ្រាវ និងតាក់តែងនូវអត្ថបទនេះឡើង ដើម្បីទុកជាចំណេះដឹងទូទៅ ជូនដល់ប្រិយមិត្ត៕

 

www.dap-news.com

ហេតុអ្វីលោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា

 

Give our kids a better deal
អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

ថ្ងៃទី 24 មិថុនា 2012, ម៉ោង 05:06:PM)

ភ្នំពេញ: នេះមិនមែនជាលើកទីមួយទេ ដែលWilliam E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា មកកាន់ប្រទេសកម្ពុជា។ កាលពីប៉ុន្មានឆ្នាំមុន លោកបានមក ទស្សនកិច្ចប្រទេសកម្ពុជាជាច្រើនលើក ហើយប្រហែលជាពីរឆ្នាំមុន លោកបានមកប្រទេសកម្ពុជាជាមួយក្រុម គ្រួសាររបស់លោក។ នៅពេលនោះ លោកធ្វើជាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសប្រ៊ុយណេ។

ពេលនោះ លោកចង់ឃើញជនបទដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ចង់ស្គាល់ប្រជាជនកម្ពុជា និងរីករាយជាមួយ វប្បធម៌ របស់ ប្រទេសនេះ។ យើងបានធ្វើដំណើរទស្សកិច្ចគ្រប់ទីកន្លែងក្នុងប្រទេកម្ពុជា រួមមានរាជធានី ភ្នំពេញ និងខេត្តសៀមរាប ផងដែរ។
យើងចាប់ចិត្ត ស្រឡាញ់ប្រាង្គប្រាសាទដ៏អស្ចារ្យ ម្ហូបអាហារដ៏ឆ្ងាញ់ ពិសារ ហើយសំខាន់បំផុតនោះ គឺជួបប្រាស្រ័យ ជាមួយ ប្រជាជន។ ប្រជាជនកម្ពុជាល្អ ស្វាគមន៍រាក់ទាក់ ហើយលោកមានភ័ព្វសំណាងដែលបានបង្ហាញដល់ភរិយា និងកូនៗ របស់លោកនូវ “ព្រះរាជាណាចក្រអច្ឆរយៈ”។

លោកក៏គិតនាពេលនោះផងដែរថា ប្រសិនបើលោកក្លាយជាឯគអគ្គរដ្ឋទូត លោកអាចធ្វើអោយមានភាព ប្រសើរឡើងថែមទៀត។ ជាភ័ព្វសំណាងសំរាប់លោក ពីរឆ្នាំក្រោយមក លោកមានសេចក្តីរីករាយណាស់ដែលបាន មកកាន់ប្រទេសកម្ពុជាជាថ្មី។

ប្រការនេះនាំលោកអោយគិតទៅលើសំណួរបន្ទាប់ ដែលលោកនឹងឆ្លើយនៅថ្ងៃនេះ គឺសំណួរថា “តើ សហរដ្ឋអាមេរិកកំពុងតែធ្វើអ្វីនៅប្រទេសកម្ពុជា?”។ ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា គោលបំណងដ៏សំខាន់របស់លោក គឺជំរុញអោយមានភាពជាដៃគូប្រកបដោយ ប្រសិទ្ធភាពរវាងប្រទេសយើងទាំងពីរ។

ដើម្បីសំរេចបំណងនេះ សហរដ្ឋអាមេរិកបានផ្តល់ថវិកាទៅអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ដែលធ្វើការនៅទូទាំងប្រទេស លើបញ្ហានានាជាច្រើនដែលមានសារៈសំខាន់សំរាប់ប្រជាជនកម្ពុជា រាប់ ពីការការពារកុំអោយមានការជួញដូរមនុស្ស ដល់បញ្ហាបរិស្ថានជាមួយតំបន់ទន្លេមេគង្គ។ លើសពីនេះទៀត ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការ អភិវឌ្ឍន៍អន្តរជាតិ (USAID) មជ្ឈមណ្ឌលកំចាត់ជំងឺ (CDC) អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក (NAMRU-2) និងទីភ្នាក់ងារ Peace Corps ជាដើម ធ្វើការដោយផ្ទាល់ ដើម្បីផ្តល់អឱកាស និងលើកកំពស់គុណភាពទូទៅនៃជីវិតរស់នៅសំរាប់ប្រជាជនកម្ពុជា។

លោកអ្នកជាច្រើនប្រហែលបានដឹងហើយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញរបាយ ការណ៍ ឆ្នាំ២០១២ ស្តីពីការជួញដូរមនុស្សកាលពីសប្តាហ៍មុន។ សំរាប់ប្រទេសកម្ពុជា យើងចង់លើក កំពស់ការយល់ដឹងលើរឿងទាសភាពមនុស្ស ហើយជួយប្រទេសកម្ពុជាក្នុងការខិតខំរបស់គេដើម្បីដោះ ស្រាយបញ្ហានេះ។

ឆ្នាំនេះគឺជាឆ្នាំពិសេសសំរាប់ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅប្រទេសកម្ពុជា ដោយលោកស្រីរដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិក Hillary Clinton បានផ្តល់កិត្តិយសដល់លោកព្រំ វណ្ណៈអាណន់ ដែលការប្រឹងប្រែង ផ្ទាល់ខ្លួន របស់លោក បាននាំអោយមានភាពលេចធ្លោពិសេសក្នុងការ តស៊ូជាសាកលប្រឆាំងនឹងទាសភាពសម័យទំនើប។ ការងាររបស់លោក វណ្ណៈអាណន់គឺជាសូចនាករ បង្ហាញច្បាស់ថា ប្រទេសកម្ពុជាមានការតាំងចិត្តក្នុងការលុបបំបាត់បញ្ហាអាក្រក់នេះ ហើយសហរដ្ឋអា មេរិក ចង់ចូលរួមជាដៃគូដើម្បីឈានទៅសំរេចជោគជ័យក្នុងរឿងនេះ។

មួយចំណែកធំនៃអ្វីដែលយើងធ្វើគឺស្ថិតនៅពីក្រោយឆាក។ យើងមិនសង់ស្ពាន ឬរម្យណីយដ្ឋាន ទេ តែផ្ទុយទៅវិញ យើងកំពុងតែជួយដោយផ្ទាល់ក្នុងការលើកកំពស់សុខភាព ការសិក្សាអប់រំ និងសន្តិសុខរបស់ប្រជាជនកម្ពុជាសាមញ្ញ។ បើលោកអ្នកចង់ដឹងបន្ថែមពីកម្មវិធីរបស់ស្ថានទូតរបស់យើង សូមចូល មើលគេហទំព័ររបស់ស្ថានទូតអាមេរិកតាម http://cambodia.usembassy.gov/

ជាចំណុចចុងក្រោយ លោកអ្នកមួយចំនួនបានសរសេរសួរមកថា “តើលោកគិតយ៉ាងដូចម្តេច ចំពោះស្ថានភាពនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ?” នេះជាសំណួរដ៏ធំមួយ ហើយខ្ញុំនឹងនិយាយទាក់ទង ចំពោះសំណួរនេះម្តងហើយម្តងទៀតក្នុងខ្ទង់សារព័ត៌មាននេះ និងក្នុង Blog របស់ខ្ញុំ (http://blogs.usembassy.gov/todd ) ។

តាំងពី ការធ្វើដំណើរ លើកមុនរបស់លោករហូតដល់ពេលនេះ លោកអាចនិយាយបានថា លោកមានការចាប់អារម្មណ៏ ចំពោះការអភិវឌ្ឍន៍ នៅទូទាំងប្រទេស។ ផ្លូវថ្នល់កំពុងត្រូវ បានកែលំអហើយអាគារខ្ពស់ៗកំពុងត្រូវបាន កសាង នៅទូទាំង រាជធានីភ្នំពេញ។
នេះគឺជាសញ្ញាច្បាស់ នៃការរីកចំរើនសេដ្ឋកិច្ចជាវិជ្ជមាន។ ប្រទេសកម្ពុជាកំពុងចាប់ផ្តើមអន្តរកាល(transition) ពីសេដ្ឋកិច្ចពឹង ផ្អែកលើវិស័យកសិកម្ម ទៅរកសេដ្ឋកិច្ឋពឹងផ្អែកលើវិស័យឧស្សាហកម្ម ដែលនេះជាសញ្ញាល្អនៃការរីក ចំរើន។

កុមារត្រូវការការសិក្សាអប់រំ ប្រជាជនដែលមានការសិក្សាអប់រំត្រូវការរកបានការងារធ្វើត្រឹមត្រូវ នៅក្នុងប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាត្រូវការបន្តខិតខំដើម្បីទាក់ទាញក្រុមហ៊ុន វិនិយោគទុន។ មនុស្សវ័យក្មេងត្រូវសិក្សាតាមដែលអាចធ្វើបាន ដើម្បីទទួលយកចំណេះវិជ្ជានិងការអប់រំកាន់តែច្រើន កាន់តែល្អ។ យុវជនគឺជាអនាគតរបស់ប្រទេស។ កាលពីថ្ងៃមួយនោះ មានមនុស្សម្នាក់សួរខ្ញុំថា “នៅក្នុង ទស្សនរបស់លោកជាឯកអគ្គរដ្ឋទូត តើវិស័យអ្វីដែលមានសារសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា?”
លោក William E. Todd បានឆ្លើយតបទៅវិញថា នោះគឺយុវជនកម្ពុជា។ គេជាអនាគតព្រោះថា ជាង៧០ភាគរយនៃចំនួនប្រជា ពលរដ្ឋកម្ពុជាមានអាយុត្រឹមឬក្រោម៣០ឆ្នាំប៉ុណ្ណោះ។ តាមរយៈការអប់រំ បទពិសោធន៏ និងការផ្តល់ ឪកាស ពួកគេនឹងក្លាយជា អ្នកដឹកនាំ រដ្ឋាភិបាល និងជំនួញនៅក្នុងប្រទេសនេះក្នុងថ្ងៃណាមួយ។ ប្រការទាំង អស់នេះមានភាពពាក់ព័ន្ធគ្នា ហើយលោក ចង់ធ្វើការដោយផ្ទាល់ជាមួយប្រជាជនកម្ពុជាលើចំណុចទាំងអស់នេះ។

ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អមួយសំរាប់ការរស់នៅ ហើយខ្ញុំរីករាយដោយមានវត្តមាននៅទីនេះ ដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល និងប្រជាជនកម្ពុជា។ ខ្ញុំដឹងថា តាមរយៈការពិភាក្សាទាំង នេះជាមួយគ្នា យើងកាន់តែអាច មានភាពជិតស្និទ្ធ នឹងគ្នាថែមទៀត។

សូមបន្តផ្ញើសំណួរមកទៀត! លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា ទន្ទឹងរង់ចាំទទួលនូវមតិយោបល់ ពីលោកអ្នក តាមរយៈអ៊ីម៉េល AskAMBToddPP@state.gov៕

កាក់ប្រាក់ខ្មែរដំបូងគេនាចុងសតវត្សរ៍ទី ១៩

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ក្រដាសប្រាក់ខ្មែរមុនដំបូងបំផុត

ដោយ : ខឿន សាឃាង (ថ្ងៃទី 26 កុម្ភៈ 2012,08:31:AM)

កាក់ប្រាក់បាតខ្មែរ ដែលព្រះបាទអង្គឌួងបញ្ជាឱ្យបោះដំបូង

ភ្នំពេញ: ក្រដាសប្រាក់រៀលខ្មែរ ត្រូវបានបោះពុម្ពដំបូងតាមព្រះរាជបញ្ជារបស់ព្រះបាទអង្គឌួង ដើម្បីប្រើប្រាស់ចាយវាយជំនួសប្រាក់បាត ជាកាក់លោហធាតុ នាំមកពីប្រទេសសៀម ដែលមានដោយកម្រ ព្រោះខ្មែរពុំមានវត្ថុដើមសម្រាប់ធ្វើ និងក៏ដោយសារការចង់រើបម្រះចេញពីការត្រួតត្រាសេដ្ឋកិច្ចខ្មែរពី សំណាក់ប្រទេសសៀម។

ការសិក្សាស្រាវជ្រាវទៅក្នុង ប្រវត្តិសាស្ត្រខ្មែរ យើងបានដឹងថា ពួកឈ្មួញមកពីប្រទេសចិន ឬ ពីសិង្ហបុរី មកជួញដូរនៅស្រុកខ្មែរ ប្រើវិធីដូចសម័យកាលបុរេប្រវត្តិ គឺយកទំនិញមកដោះដូរយកអង្ករ យកពោត យកម្រ័ក្សណ៍ ជាពិសេសពួកគេត្រូវការស្បែកសត្វខ្លាំងណាស់ ។ ឯការដោះដូរនោះត្រូវធ្វើឡើងដោយ៥ភាគ ដូរនឹង១ភាគ។

ប្រទេស ខ្មែរធ្លាប់ប្រើប្រាស់ប្រាក់ណែន គឺកាក់ធ្វើពីលោហធាតុ សម្រាប់ចាយវាយ  ដោះដូរក្នុងវិស័យផ្សេងៗ ដូចជាក្នុងវិស័យពាណិជ្ជកម្ម និង វិស័យសេដ្ឋកិច្ចជាដើម ។

សង្គ្រាមក្នុងស្រុកនៃការដណ្តើម អំណាចរវាងព្រះរាជវង្សានុវង្សខ្មែរ និងសង្គ្រាមជាមួយបរទេស អូសបន្លាយរាប់សតវត្សរ៍ បានបំផ្លាញប្រទេសខ្មែរឱ្យវិនាសហិនហោចអស់ទាំងមាស ប្រាក់ សំរឹទ្ធិ ទាំងទ្រព្យសម្បត្តិផ្សេងៗ និងគោក្របី សូម្បីតែមនុស្សក៏រលស់ស្ទើរអស់ពីទឹកដី ម្យ៉ាងដោយសារការបាត់បង់ជីវិតក្នុងសង្គ្រាម ម្យ៉ាងត្រូវកងទ័ពអណ្ណាម និង សៀមកៀរយកទៅធ្វើជាឈ្លើយ នៅសល់តែប្រជាជនចំនួនតិចតួចដែលក្រលំបាកតោកយ៉ាក រស់នៅរងក្តីភ័យខ្លាចរាល់ថ្ងៃ ។

បន្ទាប់ពីភាពមិនឈ្នះ មិនចាញ់រវាងប្រទេសអណ្ណាម និង ប្រទេសសៀម នៃការ ដណ្តើមប្រទេសកម្ពុជាមក ពួកគេបានសម្រេចចិត្តប្រគល់រាជសម្បត្តិមកឱ្យកម្ពុជាវិញ បើទោះជាគេអាចមើលឃើញដោយងាយថា មិនមែនជាការលះបង់គំនិតចង់យកកម្ពុជាដាក់ជាចំណុះឡើយ ប៉ុន្តែជាការប្តូរវិធីសាស្ត្រក៏ដោយ ។ ដោយហេតុនេះ នៅថ្ងៃអង្គារ ០១កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ម៉ោង៧:០០ ព្រឹក ព្រះអង្គម្ចាស់អង្គឌួង ក្នុងព្រះជន្មាយុ៥២ព្រះវស្សា ជាព្រះរាជបុត្រពៅ នៃព្រះនរាយរាមា អង្គអេង បានឡើងសោយរាជ្យជាមហាក្សត្រ នៃប្រទេសកម្ពុជា នាក្រុងឧដុង្គ ។

ចាប់ពីពេលនោះហើយ ដែលប្រទេសកម្ពុជាបានស្រាកស្រាន្តបន្តិចពីសង្គ្រាម ជាហេតុនាំឱ្យប្រជាពលរដ្ឋ និង អ្នកដឹកនាំមានពេលវេលាគិតគូរពីការស្តារប្រទេសជាតិដ៏សែនខ្ទេចខ្ទាំ នេះឡើងវិញ ។ ប្រវត្តិសាស្ត្រខ្មែរបានកត់ត្រា និង កត់សម្គាល់ថា ក្នុងរជ្ជកាល នៃ ព្រះករុណា អង្គឌួង  នេះហើយដែលជាការចាប់ផ្តើមសករាជថ្មី នៃប្រទេសកម្ពុជា ។ បើទោះបីជាប្រជារាស្ត្រ និងមន្ត្រីរាជការភាគច្រើនក្លាយជាមនុស្សបាក់ទឹកចិត្ត និងអស់សង្ឃឹមហើយក្តី ក៏ព្រះអង្គ ជំរុញ និង បំផុសបំផុលមនុស្សក្នុងប្រទេសឱ្យស្វាហាប់ ចាប់ផ្តើមប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញគ្រប់វិស័យ ។

បន្ទាប់ពីបានឡើងសោយរាជ្យភ្លាម នៅឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ដដែលនោះ ព្រះបាទអង្គឌួង បានបញ្ជាមន្ត្រីខ្ញុំរាជការឱ្យបោះ “ប្រាក់បាត”សម្រាប់ចាយវាយជាបឋម ។  នៅគែមជុំវិញនៃប្រាក់បាតនោះទ្រង់ព្រះរាជទានពាក្យថា “ ព្រះនគរក្រុងកម្ពុជាធិបតី “ ហើយមានពុទ្ធសករាជ និង ចុល្លសករាជ មានរូបប្រាសាទនគរវត្តនៅចំកណ្តាល ។ ម្ខាងទៀតទ្រង់ឱ្យដាក់រូបហង្ស  ដែលពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយបានអះអាងថា “រូបហង្សនោះគឺជានាមនៃព្រះសំអាងហង្ស ជាចាងហ្វាង ដែលបានទៅសិក្សារៀនសូត្រនៅប្រទេសក្រៅបានចេះវិជ្ជាបោះប្រាក់នោះ” ។ ប្រាក់បាតនោះជាកាក់ធ្វើពីលោហធាតុ ហើយ តម្លៃ និងទម្ងន់នៃប្រាក់នោះមានដូចតទៅនេះ ៖

១. ប្រាក់បាតទម្ងន់ ១បាត មួយតម្លឹង
២. ប្រាក់បាតតូចទម្ងន់ ៤ជី
៣. ប្រាក់ស្លឹងទម្ងន់ ១ជី
៤. ប្រាក់ហួងទម្ងន់ ៥ហ៊ុន

លើសពីនេះទៅ ទ្រង់ក៏បានឱ្យបោះហួងមាសសម្រាប់ចាយវាយផងដែរ ។ ទោះយ៉ាងណា ប្រាក់នោះមានដោយកម្រណាស់ ។ មានមនុស្សខ្លះតាំងពីកើតមករហូតដល់ស្លាប់កុំថាឡើយបានប្រាក់នោះយកមក ចាយវាយ ឬធ្វើជាកម្មសិទ្ធិ សូម្បីតែបានកាន់ ឬ សូម្បីតែឃើញថាកាក់នោះមានរូបរាងយ៉ាងណាក៏មិនដែលបានឃើញផង ។

ដូច យើងបានពោលខាងដើមហើយថា ដោយសារសង្គ្រាម ទាំងមាស ទាំងប្រាក់ និង សំរឹទ្ធិនៅក្នុងប្រទេសខ្មែរត្រូវបានបច្ចាមិត្ដរឹបអូសយកទៅប្រទេស គេ ទើបពេលនេះប្រទេសខ្មែរ ពុំមានវត្ថុធាតុសម្រាប់ធ្វើប្រាក់បាតនេះឡើយ  ទើបប្រាក់បាតនេះនាំយកមកពីប្រទេសសៀម ។

គេអាចមើលឃើញដោយ ងាយថា សៀមមិនចង់ឱ្យខ្មែរមានឯករាជ្យភាពសេដ្ឋកិច្ចឡើយ ព្រោះសៀមនៅតែចង់គ្រប់គ្រងខ្មែរដដែល ទើបសៀម មិនមែនចេះតែផ្គត់ផ្គង់ប្រាក់បាតទាំងនោះសម្រាប់ខ្មែរចាយវាយឆ្លើយតប តាមតម្រូវការនៅក្នុងប្រទេសកម្ពុជាឡើយ ។

៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ព្រះបាទអង្គឌួង មានព្រះតម្រិះថា ដោយសារប្រាក់បាត មានដោយកម្រពេក មិនអាចឆ្លើយតបទៅនឹងតម្រូវការបាន ម្យ៉ាងបើនៅតែប្រើប្រាស់ប្រាក់បាតនេះតទៅទៀត មុខជាមិនអាចរកពន្លឺ នៃឯករាជ្យភាពពិតប្រាកដឃើញឡើយ ទើបទ្រង់ឱ្យគេផ្លាស់ប្តូរប្រាក់បាតនោះចេញ ហើយជំនួសដោយប្រាក់រៀល ហើយជាលុយក្រដាសវិញ ។ ក្រដាសប្រាក់រៀលកាលនោះមាន៣បែប ដែលមានតម្លៃពី៤ហ្វ្រង់ (Francs) រហូតដល់១ហ្វ្រង់ (Franc) ៥០ សេន ។

ឯកសារប្រវត្តិសាស្ត្របានបរិយាយប្រាក់រៀលកាលនោះថា “នៅខាងមុខប្រាក់រៀលនោះមានរូបហង្ស ក វែង ដូចសត្វហង្សដែលគេដាក់លើកំពូលដងទង់នៅខាងមុខវត្តអារាមនានា សព្វថ្ងៃនេះឯង ។ ឯនៅម្ខាងទៀតនៃក្រដាស់ប្រាក់រៀលនោះមានរូបព្រះវិហារកំពូល៣ ដែលគេនិយាយថា រូបប្រាសាទអង្គរវត្ត” ។

ដោយហេតុនេះ ក្រដាសប្រាក់រៀល គឺក្រដាសប្រាក់ខ្មែរត្រូវបានបោះពុម្ពជាដំបូងនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ៕S

More info: http://www.cen.com.kh/localnews/show_detail/35?token=NTc4YTJhOTRhMDAxYjUwYTYwNzZjNGI5NDM1N2Zl

« Older entries

%d bloggers like this: