ភ្នំពេញ៖ នេះជាលើកទីមួយហើយ ដែលភាពយន្តខ្មែរ “The Missing Picture” ផលិតដោយលោក រិទ្ធី ប៉ាន់ បានឈានចូលទៅដល់វគ្គប្រកួតប្រជែងយកពានភាពយន្តអន្តរជាតិ Oscars ជាមួយនឹងភាពយន្តរបស់បរទេស៤ផ្សេងទៀត ផ្នែកភាពយន្តជាភាសាបរទេសប្រចាំឆ្នាំល្អបំផុត។ ការឈានទៅដល់វគ្គជម្រើសចុងក្រោយនេះ បានធ្វើឲ្យសារព័ត៌មានក្រៅស្រុកជាច្រើន ងាកមកចាប់អារម្មណ៍នឹងវិស័យភាពយន្តក្នុងស្រុកខ្មែរ។
គេហទំព័រ Sabay បានធ្វើបទសម្ភាសន៍ជាមួយនឹងផលិតករភាពយន្ត “The Missing Picture” លោក រិទ្ធី ប៉ាន់ ផ្ទាល់ ទាក់ទងនឹងភាពយន្តខ្មែរដំបូងគេនេះបានទៅប្រកួតដណ្ដើមយកពាន Oscars ដ៏ល្បីនេះ ក៏ដូចជាវិស័យភាពយន្តខ្មែរទូទៅនាពេលបច្ចុប្បន្ន៖
លោក រិទ្ធី ប៉ាន់
Sabay៖ លោកបានដាក់ចំណងជើងភាពយន្តនេះថា “The Missing Picture” ឬ “កង្វះរូបភាព”។ តើ “The Missing Picture” មានន័យយ៉ាងម៉េច?
រិទ្ធី ប៉ាន់៖ ចំណងជើង “The Missing Picture” ឬ “កង្វះរូបភាព”នេះ គឺមានពីរ។ ន័យទីមួយ គឺរូបភាពដែលបាត់ រកមិនឃើញ។ ខ្ញុំធ្លាប់ជួបអ្នកថតវីដេអូសម័យខ្មែរក្រហមខ្លះ បានថតមនុស្សដែលស្លាប់ទៅហើយ នៅគុកស-២១ ហើយផ្ញើទៅឲ្យគេផលិតជាឯកសារផ្សេងៗ ប៉ុន្តែយើងអត់ដែលបានឃើញគេថត ពេលដែលកំពុងសម្លាប់នោះទេ។ ប៉ុន្តែគេបានប្រាប់ខ្ញុំថា គេធ្លាប់មានថត។ ខ្ញុំសួរគេថា បើធ្លាប់មានថត តើវីដេអូនោះនៅឯណា? ម៉េចរកមិនឃើញ?
ក្រែងលោនៅថ្ងៃណាមួយ មានអ្នកខ្លះមកអះអាងថា គ្មានរបបខ្មែរក្រហមទេ ឬគ្មានមន្ទីរ ស-២១ទេ។ ដល់ពេលយើងមានវីដេអូហ្នឹង គេមិនអាចបដិសេធថា គ្មានរបបហ្នឹងបានទេ។ វាជាភស្តុតាងមួយ ដែលយើងមិនអាចប្រកែកបាន។
ប៉ុន្តែខ្ញុំឆ្ងល់ដែរ ថាតើវីដេអូតែមួយអាចពន្យល់របបប្រល័យពូជសាសន៍ទាំងមូលបានទេ? រូបមួយនៅតែជារូបមួយដដែល មិនអាចពន្យល់របបនេះទាំងមូលបានទេ។ ខ្ញុំគិតថា បើរកឃើញ តើយើងបង្ហាញរូបហ្នឹងដល់សាធារណជនអត់? បើបង្ហាញទៅ តើវាអាចប៉ះពាល់ដល់សតិអារម្មណ៍ប្រជាជនដែរ ឬទេ? ខ្ញុំគិតថា បើរកឃើញ ខ្ញុំមិនបង្ហាញទេ។ គួរតែយកទៅដាក់នៅកន្លែងស្រាវជ្រាវ ដូចជាមជ្ឈមណ្ឌលឯកសារកម្ពុជា ឬមន្ទីរស-២១ អីទៅ។
អត្ថន័យទីពីរ “កង្វះរូបភាព”នេះ គឺទាក់ទងនឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំទៅវិញ។ ខ្ញុំស្ដាយដែលអត់បានឃើញឪពុកខ្ញុំ។ បើសិនជាគាត់នៅរស់ មកទល់សព្វថ្ងៃនេះ ខ្ញុំអាចនាំគាត់ទៅលេងមាត់ទន្លេ ឬទៅពិសាបាយ ថែទាំងគាត់តាមរបៀបយើងថែទាំមនុស្សចាស់ ប៉ុន្តែខ្ញុំអត់មានរូបភាពបែបហ្នឹងទេ ខ្ញុំអត់ដែលស្គាល់សភាពហ្នឹងសោះ។ ឪពុកខ្ញុំស្លាប់តាំងពីខ្ញុំនៅតូចម្ល៉េះ។ វាជារូបភាពសុភមង្គលមួយ ដែលយើងអត់ដែលបានឃើញ។ វាដូចជារូបភាពដែលបាត់អីចឹងដែរ។
Sabay៖ នេះជាលើកទីមួយហើយ ដែលភាពយន្តទាក់ទងនឹងរបបខ្មែរក្រហម ត្រូវបានថតដោយយកដីឥដ្ឋមកធ្វើជាតួអង្គ ជំនួសមនុស្សពិត។ តើលោកបានគំនិតនេះពីណាមក?
រិទ្ធី ប៉ាន់៖ គំនិតនេះបានមក នៅពេលខ្ញុំបានជួបក្មួយម្នាក់ ដែលរស់នៅខេត្ត តែចេះឆ្លាក់។ កន្លងមក ខ្ញុំតែងតែយកអ្នកក្រមកបង្វឹក ឲ្យក្លាយជាអ្នករចនាប្លង់ថត ឬជាអ្នកជួយស្វែងរករបស់របផ្សេងៗសម្រាប់ថតកុន។ ខ្ញុំបានឲ្យគាត់យកដីមកធ្វើរូបមនុស្សតូចៗទាំងនេះ ពីព្រោះកាលយើងនៅពីតូច យើងក៏ធ្លាប់យកដីមកធ្វើគោ ធ្វើរទេះ ឬធ្វើមនុស្សដើម្បីលេងដែរ។ ក្រោយពីធ្វើរូបដីទាំងនេះហើយ យើងតែងបង្កើតសាច់រឿងដើម្បីលេង។ ក្មួយនោះឆ្លាក់ជាមួយកូនកាំបិតទេ ប៉ុន្តែឆ្លាក់បានស្អាតណាស់។ រូបដីរបស់គាត់គឺមានព្រលឹងក្នុងហ្នឹងតែម្ដង ហើយខ្ញុំក៏សម្រេចដូរមកថតតុក្កតាវិញ ដោយយកដីធ្វើតួអង្គតែម្ដង។
រូបដីនេះមានន័យល្អទៅទៀត គឺដូចធាតុរបស់យើង ព្រោះវាចេញពីដី ទឹក ភ្លើង និងខ្យល់អីចឹងដែរ។ យើងយកដីមកលាយជាមួយទឹក ធ្វើវាជារូបមនុស្ស ហើយយកទៅហាល ត្រូវថ្ងៃ ត្រូវខ្យល់ទើបស្ងួត។ ពេលដែលយើងថតចប់ វាក្លាយជាដីដដែល។ មនុស្សយើងក៏អីចឹងដែរ។ យើងកើតមកទទេទេ ពេលស្លាប់ទៅវិញ ក៏ទទេដែរ អត់មានយកអ្វីទៅតាមខ្លួនបានឡើយ។
មួយទៀត ខ្មែរយើងកាន់ព្រះពុទ្ធសាសនាផង កាន់ព្រហ្មញ្ញសាសនាផង យើងជឿថា ដើមឈើមានព្រលឹង ឬផ្ទះមានជំនាង។ ការធ្វើរូបសំណាក ដូចនៅតាមវត្តអារាមក្ដី មិនមែនមនុស្សទៅគោរពរូបសំណាកនោះផ្ទាលទេ តែគោរពព្រលឹង ឬបារមីអ្វីមួយនៅពីក្រោយហ្នឹង។ ដូច្នេះរូបដីហ្នឹងស៊ីណាស់ទៅហ្នឹងប្រពៃណីខ្មែរយើង។
Sabay៖ តើលោកយល់ថា ភាពយន្តនេះអាចទាក់ទាញទស្សនិកជន ជាពិសេសយុវវ័យខ្មែរ ដែលគេសង្កេតឃើញថា និយមតែរឿងសប្បាយៗ?
រិទ្ធី ប៉ាន់៖ កុនមានច្រើនប្រភេទ កុនខ្លះសម្រាប់សប្បាយ កុនខ្លះសម្រាប់គិត តែកុនខ្លះក៏សម្រាប់ប្រវត្តិសាស្ត្រ ឬសម្រាប់ជាឯកសារដែរ។ ខ្ញុំមិនថា កុន “The Missing Picture”នេះ មើលទៅសប្បាយនោះទេ។ តែពេលដែលយើងចាក់បញ្ចាំម្ដងកាលពីខែមិថុនា ឆ្នាំទៅ ក្មេងៗជំនាន់ក្រោយបានមកមើលដែរ ដោយសារគេចង់ដឹង ព្រោះគ្មាននរណាបានប្រាប់ពួកគេឲ្យបានច្បាស់ពីរឿងរ៉ាវកើតឡើងក្នុងរបបខ្មែរក្រហមឡើយ។
ម្យ៉ាង រឿងទាក់ទងខ្មែរក្រហមហ្នឹង ក៏មិនស្រួលប្រាប់ដែរ។ អ្នកខ្លះមិនដឹងថារកពាក្យអ្វីមកប្រាប់។ អ្នកខ្លះបានត្រឹមប្រាប់កូនចៅឲ្យញាំបាយឲ្យអស់ ព្រោះនៅសម័យ ប៉ុល ពត អត់បានទេ បើញ៉ាំបាយសល់អីចឹង។ អ្នកខ្លះបាននិយាយតែត្រឹមប៉ុណ្ណឹង។ ពេលបានមើលកុននេះទៅ គេនឹងដឹងថា បងប្អូនរបស់គេស្លាប់ដោយរបៀបណា។
ខ្ញុំថា ឆ្ងល់ច្រើន សួរច្រើន បញ្ហាក្នុងខួរក្បាលច្រើន។ ប៉ុន្តែបើដឹងហើយ ស្រួលវិញ។ ទីមួយ គេឈប់សួរសំនួរឥតប្រយោជន៍។ ទីពីរ គេអាចបើកទំព័រប្រវត្តិសាស្ត្ររបស់ខ្លួនបាន។ គ្មាននរណាអាចកសាងប្រទេសខ្លួនបានដោយមិនស្គាល់ប្រវត្តិខ្លួននោះទេ។ ខ្មែរយើងក៏ដូចគេឯងដែរ។ បរទេសចំណាយលុយដើម្បីចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រវត្តិសាស្ត្រមានល្អ មានអាក្រក់។ យើងត្រូវដឹង កុំឲ្យប្រវត្តិសាស្ត្រហ្នឹងកើតឡើងមកទៀត។ អ្នកខ្លះថា ប្រវត្តិសាស្ត្រមិនដែលមកផ្ទួននោះទេ ប៉ុន្តែខ្ញុំខ្លាចវាមិនមកផ្ទួនមែន ប៉ុន្តែវាមកស្រដៀងគ្នា។ កុំឲ្យប្រវត្តិស្រដៀងហ្នឹងកើតឡើងជាថ្មី ទាល់តែយើងដឹងប្រវត្តិសាស្ត្រ ហើយយើងការពារវា។
អ្នកខ្លះទៅមើលកុនចង់ឃើញតួសម្ដែងដែរ។ បើដាក់ ព្រាប សុវត្ថិ ជាតួសម្ដែង គេប្រាកដជាទៅមើលព្រាប សុវត្ថិ ហើយ ព្រោះគាត់ជាមនុស្សប្រជាប្រិយ។ យើងក៏គាំទ្រដែរការធ្វើបែបនោះ ពីព្រោះវាជាឧស្សាហកម្មមួយ ធ្វើឲ្យកុនអាចដំណើរការបាន ប៉ុន្តែកុំផ្លេចថា យើងមានកុនមួយប្រភេទទៀតសម្រាប់គិត សម្រាប់ចែកជាចំណេះដឹង ឬសម្រាប់ជជែកពិភាក្សាគ្នា។ កុនប្រភេទទាំងពីរនេះអត់មានប្រឆាំងគ្នាទេ តែវាជួយបង្គ្រប់គ្នាទៅវិញទៅមក។
នៅខែមិថុនា ឆ្នាំទៅ យើងក៏បានបញ្ចាំងជិតពីរខែដែរ។ “The Missing Picture” ជាកុនបែបសិល្បៈ យើងបញ្ចាំរោងកុនធំភ្លាមៗមិនបានទេ។ យើងបញ្ចាំងរោងកុនតូចសិន។ ពេលបញ្ចាំងសាក យើងដឹងថា មានមនុស្សមកមើលយ៉ាងណែន។ អីចឹងយើងដឹងថា មនុស្សក៏ចូលចិត្តមើលរឿងបែបនេះដែរ។ នៅខែមិនាខាងមុខនេះ យើងនឹងបញ្ចាំងជាថ្មីម្ដងទៀត។
ខ្មែរយើងឥឡូវហ៊ានទិញសំបុត្រ៣ ឬ៤ដុល្លារមកមើលកុនហើយ។ កុនខ្មែរយើងកំពុងតែក្រផង ដូច្នេះយើងកុំប្រញាប់បញ្ចាំងអី។ ឥឡូវ កុនខ្មែរ “Gems on the Run” របស់លោក សុខ វិសាល ចេញហើយ ចាំយើងចេញតាមក្រោយ ហើយក្រោយមកទៀត បើបានកុន “ឃ្លាតទៅសែនឆ្ងាយ” របស់លោក ឆាយ បូរ៉ា ចេញមកដែរ កុនរបស់ខ្មែរយើងនឹងមានបញ្ចាំងនៅតាមរោងកុន ជាបន្តបន្ទាប់។ កុំឲ្យមានកុនខ្មែរមួយ ហើយអត់៦ ឬ៧ខ្មែរនោះ។
Sabay៖ នៅពេលភាពយន្តរបស់លោកបានទៅដល់ Oscars ដែលជាពានរង្វាន់ល្បីលំដាប់ពិភពលោក តើលោកយល់ថា វាជួយឲ្យមានការផ្លាស់ប្ដូរអ្វីខ្លះ ដល់វិស័យភាពយន្តខ្មែរក្នុងស្រុកទេ?
រិទ្ធី ប៉ាន់៖ សុំបញ្ជាក់ “The Missing Picture” មិនមែនជាភាពយន្តរបស់ខ្ញុំតែឯងនោះទេ។ វាជាភាពយន្តរបស់ខ្មែរយើងទាំងអស់គ្នា។ ខ្ញុំមិនដើរទៅតែឯងនោះទេ យើងដើរទៅទាំងអស់គ្នា។ ខ្ញុំសប្បាយចិត្តដែលក្មេងៗសរសេរសារអបអរ និងបញ្ចេញមោទនភាពចំពោះភាពយន្តនេះ។ យើងត្រូវមានមោទនភាពទាំងអស់គ្នា ព្រោះនេះជាភាពយន្តរបស់ខ្មែរយើងបានទៅដល់ Oscars។
កាលណាកុនយើងទៅដល់ Oscars យើងមានតែចំណេញ ពីព្រោះខ្សែភ្នែកអន្តរជាតិនឹងបែរមកមើលវិស័យសិល្បៈរបស់យើង។ តែ៣ ឬ៤ឆ្នាំទៀត ខ្ញុំគិតថា កុនខ្មែរនឹងចូលទៅទីដល់ទៅផ្សារតំបន់ មានហុងកុង ឬថៃជាដើម។ បន្តិចម្ដងៗ យើងនឹងទៅដល់ទីផ្សារអន្តរជាតិមិនខាន។ ប៉ុន្តែយើងត្រូវចេះផលិតកុនដែរ ទើបខ្សែភ្នែកអន្តរជាតិសម្លឹងមកមើលយើង។ ភាពយន្ត “The Missing Picture” គឺគ្រាន់តែជាការបើកផ្លូវមួយប៉ុណ្ណោះ។
Sabay៖ លោកថា វិស័យភាពយន្តខ្មែរនឹងអាចវាយលុកទៅទីផ្សារតំបន់បាន នៅរយៈពេលត្រឹម៣ ឬ៤ឆ្នាំទៀត តើមានភាពយន្តប្រភេទណាខ្លះ?
រិទ្ធី ប៉ាន់៖ ភាពយន្តប្រភេទណាក៏អាចវាយលុកចូលទៅទីផ្សារក្រៅស្រុកបានដែរ សំខាន់ឲ្យតែយើងផលិតបានល្អ។ ភាពយន្តរឿងខ្មោចក៏បានដែរ ឲ្យតែផលិតល្អ និងមានលក្ខណស្តង់ដារ។ ខ្ញុំមិនទិតៀនសាច់រឿងទេ ប៉ុន្តែខ្ញុំទិតៀនការផលិតមិនល្អ ផលិតរឿងដោយគ្មានសេណារីយ៉ូ ឬបញ្ចូលសំឡេង ឬអត់មានប្លង់ថតច្បាស់លាស់។ ខ្ញុំផ្ទាល់ក៏ចង់ធ្វើរឿងប៉ូលិសស៊ើបអង្កេត ឬរឿងកំប្លែងអីដែរ ប៉ុន្តែទាល់តែមានសេណារីយូល្អ មានតួសម្ដែងល្អ និងមានកន្លែងចាប់ប្លង់ល្អ។ បើយើងផលិតមិនល្អទេ ភាពយន្តរបស់យើងស្ថិតស្ថេរមិនបានយូរទេ។ អីចឹងហើយ បានជាកុនខ្មែរធ្លាក់ចុះជាច្រើនលើក ច្រើនសា នាពេលកន្លងមក។
ដើម្បីឲ្យវិស័យភាពយន្តយើងខ្លាំង មានបរទេសសម្លឹងមកមើលយើងបាន លុះត្រាតែយើងមានអ្នកដឹកនាំកុនច្រើនដែរ។ កុនគេមិនដែលធ្វើតែម្នាក់ឯងនោះទេ យើងទៅមិនរួចទេ យើងត្រូវមានយ៉ាងហោចណាស់អ្នកដឹកនាំកុន២០ ឬ៣០នាក់ដែរ។ ឥឡូវនេះ ខ្មែរយើងដែលរៀនថតភាពយន្ត បានធ្វើការជាមួយផលិតករបរទេស។ ពេលយើងទៅធ្វើការជាមួយគេ ២ ឬ៣ឆ្នាំទៀត យើងនឹងមានអ្នកចេះដឹកនាំរឿងដោយខ្លួនឯងមិនខាន។
Sabay៖ តើធ្វើយ៉ាងម៉េច ដើម្បីអាចផលិតភាពយន្តមួយបង្កប់នូវអត្ថន័យខ្លាំងបាន?
រិទ្ធី ប៉ាន់៖ ដើម្បីចង់ឲ្យភាពយន្តខ្លាំង យើងជាផលិតករត្រូវស្ថិតនៅក្នុងកុននោះ។ ថ្វីត្បិតតែយើងមិនបញ្ចេញសំឡេង មិនសម្ដែង តែយើងត្រូវនៅក្នុងកុននោះដែរ។ ខ្ញុំឧស្សាហ៍និយាយថា ខ្ញុំមិនផលិតកុនដោយនៅពីលើនរណាម្នាក់នោះទេ តែខ្ញុំនៅជាមួយអ្នកហ្នឹង។ មានន័យថា គេចុះទឹក យើងចុះទឹកដែរ។ យើងអត់ខ្លាចប្រឡាក់ទេ។ ធ្វើអីចឹងទៅ យើងគោរព មោទនភាពអ្នកដែលយើងថត បើទោះបីគាត់ក្រីក្រក្ដី។Sabay៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃប្រកាសពានរង្វាន់ ដែលនឹងធ្វើនៅថ្ងៃទី២ ខែមិនា បើខ្មែរ មិនថាក្នុងស្រុក ឬក្រៅស្រុក ចង់ជួយ ទាក់ទឹងនឹងភាពយន្តនេះដែរ តើគេអាចជួយបានដោយរបៀបណា?
រិទ្ធី ប៉ាន់៖ គាត់អាចជួយបានតាមរយៈការនិយាយតគ្នា ឬការផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា។ វាគួរឲ្យស្ដាយដែរ ដែលគេមិនសូវស្គាល់ប្រទេសកម្ពុជាយើង ដោយសារយើងមិនសូវមានកុនចេញទៅដល់ Oscars។ យ៉ាងហោចណាស់ ការនិយាយ ឬការផ្ញើសារតគ្នា អាចបានទៅដល់អ្នកបោះឆ្នោត។ យើងមិនចង់ឲ្យពួកគាត់បោះឆ្នោតគាំទ្រយើងទេ តែយើងចង់ឲ្យគេពិនិត្យភាពយន្តចេញពីប្រទេសដ៏តូចតាច ដូចយើង ដោយយកចិត្តទុកដាក់។ ក្រោយមើលហើយ ពួកគាត់ស្រលាញ់ ឬមិនស្រលាញ់ បោះឆ្នោតឲ្យ ឬមិនបោះឲ្យ ស្រេចតែគាត់ទៅ វាជាសេរីភាពរបស់អ្នកបោះ៕
អត្ថបទ៖ មាស រ័ត្ន