ពីក្មេងយាមឡាន និងដើរលក់នំ ក្លាយជាបណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈនៅប្រទេសបារាំង

ខ្មែរ​ដំបូង​គេ ​​ទទួល​​សញ្ញាបត្រ​​បណ្ឌិត ​​ផ្នែក​​បុរាណ​វិទ្យា​ និង​ប្រវត្តិ​សិល្បៈ​​​ ពី​បារាំង​មាន​​ប្រវត្តិ​តស៊ូ​​ ​ស្ទើរ​​​​​ស្មាន​មិន​ដល់

ផ្សាយ​ក្នុង​ផ្នែក​ រសជីវិត (Sabay News) ដោយ meysoklim

ជា​កូន​ខ្មែរ​​​ដំបូង​គេ ​​ដែល​​បាន​បញ្ចប់​ការ​សិក្សា​​បណ្ឌិត ​​ផ្នែក​​បុរាណ​វិទ្យា​ និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍
នៅ​ប្រទេស​បារាំង​ និង​​​កំពុង​រួម​ចំណែក​យ៉ាង​ធំ​ធេង ​​​ជួយ​កិច្ច​ការងារ​សង្គម​​ ជា​ពិសេស​​លើ​ការ​ស្រាវ​ជ្រាវ​ និង​ផ្សព្វផ្សាយ​វិស័យ​បុរាណ​វិទ្យា។ ​

លោក​​ ចិន្ត ច័ន្ទ​រតនា ​ត្រូវ​បាន​​​មនុស្ស​ម្នា​ជា​ច្រើន​​​ស្គាល់​​​លោក​​តាម​​រយៈ​​បទ​បង្ហាញ​ពី​ប្រវត្តិ​សាស្ត្រ​​​ខ្មែរ​ទាក់ ទងនឹង​ប្រាសាទ​កោះកេរ ​និង​រាជ្យព្រះបាទជ័យវរ្ម័នទី៤។​ ប៉ុន្តែ​​គេ​​នៅ​មិន​ទាន់​ស្គាល់​ពី​​ប្រវត្តិ​តស៊ូ​របស់​លោក​នៅ​ឡើយ​​ទេ​។​ លោក​ ធ្លាប់​​ទួល​នំ​លក់​កាល​ពី​​កុមារភាព​ ដើម្បី​បាន​ប្រាក់​​យក​​បន្ត​ការ​សិក្សា​​​​ ដោយ​ហេតុ​​ថា ស្ថាន​ភាព​គ្រួសារ​​ជួប​ការ​លំបាក​ខ្លាំង។

កុមារភាព​

លោក​ ចិន្ត​ ច័ន្ទ​រតនា ​វ័យ ៣៤ ឆ្នាំ​ មាន​ទី​កន្លែង​ កំណើត​នៅ​​​សង្កាត់​លេខ​ ៦ ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក​គឺជា​​​កូន​ទី​ ៣ ​ក្នុង​ចំណោម​​បង​ប្អូន​ ៤​ នាក់ ស្លាប់​អស់​ពីរ​នាក់​ ដោយ​សារ​ជំងឺ​។ ​លោក​ឪពុក​ និង​អ្នក​ម្ដាយ​ គឺ​ជា​​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។

1975034_634741379912561_1564526432_n

ទួល​នំ​លក់ និង​យាម​ឡាន​ឲ្យ​គេ​​​​

កើត​​ក្នុង​ត្រកូល​​ជា​អ្នក​សិល្បករ​​​ ​ប្រឈម​នឹងការ​​លំបាក​ រក​ព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក​ ដោយ​សារ​ឪពុក​ម្ដាយ​គ្មាន​ជំនាញ​អ្វី​ក្រៅ​ពី​ផ្នែក​សិល្បៈ។ ទោះ​យ៉ាង​​​ណា​ឪពុក​ម្ដាយ​លោក​​​នៅ​តែ​ខិត​ខំ​​ព្យាយាម​​បី​បាច់​ ថែរក្សា​ និង​អប់រំ​កូន​​​​ ក៏​ប៉ុន្តែ​ដោយ​សារ​ចង់​ជួយ​​គ្រួសារ​ លោក​បាន​​​ចេញ​​រក​ប្រាក់​​ ដើម្បី​​តាំង​ពីរ​កុមារភាព​ ក្នុង​​នោះ​​ធ្វើ​ជា​អ្នក​យាម​​ឡាន ​អ្នក​លក់​បាយ​ និង​ដើរ​ទួល​នំ​លក់​ជា​ដើម​​​​។​

“ខ្ញុំ​​នៅ​ចំាំ​បាន​​ពេល​​នោះខ្ញុំ​មាន​​អាយុ​ប្រហែល​ ៩ ទៅ​១០ ឆ្នាំ​ប៉ុណ្ណឹង​ ខ្ញុំ​ដើរ​ទួល​នំ​លក់​ ជូន​កាល​លក់​ទឹក​សុទ្ធ ​និង​យាម​ម៉ូតូ ​ពិសេស​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក ​ក្រៅ​ពី​នោះ​ជួយ​លក់​បាយ​ម្ដាយ​ នៅ​ម្ដុំ​កំពង់​ផែ​កាណូត​ ​ក្បែរផ្សារ​ចាស់​​។​ ដូច្នេះ​ព្រឹក​ព្រលឹម​ស្រាង​ៗ ខ្ញុំ​ត្រូវ​ក្រោក​​ជិះ​កង់​ជា​​មួយ​ឪពុក​ខ្ញុំ​ ដើម្បី​យក​បាយ​មក​​លក់​នៅ​ម្តុំ​សួន​ច្បារ​​ផ្សា​រចាស់​។​ បន្ទាប់​មក​ដល់​ម៉ោង​រៀន​​ទើប​ជិះ​កង់​ជាមួយ​ឪពុក​​មក​​​ផ្ទះ​ទៅ​សាលា​​​។ នេះ​គឺ​ជា​អតីត​កាល​​មួយ​ ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​។​​ឪពុក​ខ្ញុំ​គាត់​ប្រាប់​ថា ​គ្មាន​អី​​ចែក​​ឲ្យ​​កូន​ទេ​ អ្វី​ដែល​​កូន​​ប្រឹង​ប្រែង​ វា​ជា​ចំណេះ​ដឹង​​របស់​កូន​​ហើយ​”។ លោក រតនា​ បន្ថែម​។

ធ្វើ​ច្រើន​ចេះ​ច្រើន​

លោក​បាន​បន្ត​ជួយ​កិច្ច​ការងារ​ឪពុក​ម្ដាយ​​ រហូត​ដល់​​អាយុ ​​ប្រហែល​ ១៦ ឆ្នាំ​​ ។​ ជីវភាព​​គ្រួសារ​​​​​បាន​​ភាព​ប្រសើរ​បន្តិច​ ខណៈ​​​ឪពុក​ លោក​បាន​ទទួល​ការងារ​ជា​ប្រធាន​ផ្នែក​​ផលិត​​ចម្រៀង​កាយ​វិការ​ខារ៉ាអូ​ខេ​ពី​ផលិត​កម្ម​ក្រៅ​​ស្រុក​។​ លោក​បាន​ចុះ​​ប្រឡូក​ការងារ​ទាំង​អស់​នេះ​ជាមួយ​​ឪពុក​ និង​ក្រុម​ការងារ​ជា​ច្រើន​នាក់​ទៀត​ បើ​ទោះ​ជា​មិន​ធ្លាប់​​មាន​បទ​​ពិសោធន៍​ផ្នែក​នេះ​ក៏​ដោយ​។ “ពេល​នោះ ​ឪពុក​ខ្ញុំ​គ្មាន​ពេល​បង្រៀន​ទេ​ ប៉ុន្តែ​ខ្ញុំ​​​​តែង​​​​សង្កេត​មើល​គ្រប់​សកម្មភាព​របស់​គាត់​ជានិច្ច​​ តាំងពី​របៀប​ថត​ ការ​មើលប្លង់​ និង​ការ​កាត់​ត​ជាដើម​។ មើលយូរ​ៗ​​វា​ចាំ​ និង​​​ក្លាយ​ជា​ទម្លាប់ ទន្ទឹម​នឹង​ការ​អនុវត្ត​ផ្ទាល់​។​ ​​ទី​​បំផុត​​​​ខ្ញុំ​ដឹង​ពី​របៀប​កាត់​តរូបភាព​ និងសំឡេង ព្រមទាំង​ការ​​រត់​អក្សរ​ខារ៉ាអូខេ​​​ ជាដើម”។
​​​
ចប់​បាក់ឌុប​រៀន​​មុខ​ជំនាញ​មិន​ត្រូវ​ចំណូល​ចិត្ត

នៅ​ឆ្នាំ​​ ១៩៩៦ លោក​បាន​ប្រលង​ជាប់​សញ្ញា​​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ជាប់​ជា​ស្ថាពរ​។​ ទន្ទឹម​គ្នា​នោះ​ លោក​ក៏​​បាន​​ប្រលង​ជាប់​​ ផ្នែក​មគ្គុទ្ទេសក៍​ និង​ចូល​រៀន​​នៅ​សាកលវិទ្យាល័យ​ន័រតុន​ជំនាញ​​ផ្នែក​សេដ្ឋកិច្ច​ តាម​ឪពុក​ម្ដាយ​ បើ​ទោះ​ជា​​​លោក​មិន​​មាន​ចំណូល​ចិត្ត លើ​មុខ​ជំនាញ​នេះ​យ៉ាង​ណា។ “ខ្ញុំ​ចូល​​ចិត្ត​លើ​មុខ​វិជ្ជា​ផ្នែក​បុរាណ​វិទ្យា​ ដោយ​សារ​តាំង​ពី​តូច​មក​ ខ្ញុំ​និយម​អាន​សៀវភៅ​ប្រវត្តិ​សាស្ត្រ ទើប​ធ្វើ​​ឲ្យ​ខ្ញុំ​​​​​​ចង់​​​ដឹង​ និង​ធ្វើ​​ការ​ស្រាវ​ជ្រាវ​លើ​ផ្នែក​នេះ​​”​។​

លោក​ រតនា​ បាន​ព្យាយាម​ប្រលង​ចូល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ ដោយ​ជ្រើស​រើស​មុខ​ជំនាញ​បុរាណ​វិទ្យា​ជា​រៀង​រាល់​ឆ្នាំ​។ រហូត​ដល់​ឆ្នាំ​១៩៩៩​ ទើប​លោក​អាច​សម្រេច​​ក្តី​ស្រមៃ​របស់​​ខ្លួន​ ​លើ​មុខ​ជំនាញ​​ ដែល​ខ្លួន​ពេញ​ចិត្ត។​​

លោក​បាន​ឆ្លៀត​ធ្វើ​​ជា​​មគ្គុទ្ទេសក៍​នៅ​ថ្ងៃ​សៅ​រ៍-អាទិត្យ​ ពេល​យប់​កាត់​ត​វីដេអូ​​ខារ៉ាអូខេ​ ដើម្បី​បាន​ថវិកា​មួយ​ផ្នែក​បន្ត​ការ​សិក្សា​​។ ចំណែក​ពេល​ថ្ងៃ​លោក​បាន​​​ទៅ​​សិក្សា​ធម្មតា​។ “​ចឹង​ខ្ញុំ​អាច​ទទួល​បាន​ថវិកា​ខ្លះ​។​ មិន​ច្រើន​​ទេ ដើម្បី​ទំនុក​បម្រុង​ការ​សិក្សា​ និង​សល់​ខ្លះ​​ជូន​ម្ដាយ​​។ ម្យ៉ាង​ទៀត ការងារ​ទាក់​ទងនឹង​​មគ្គុទេសក៍​ក៏​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ​​ដែរ​ ព្រោះ​​បាន​​រួម​ចំណែក​ឲ្យ​ភ្ញៀវ​​​ស្គាល់​តំបន់​ទេសចរណ៍​​​ប្រវត្តិសាស្ត្រ​​បុរាណ​​ បើ​​ទោះ​ជា​ភាសា​អង់គ្លេស​របស់​ខ្ញុំ កាល​នោះ​មិន​បាន​ជ្រៅ​ជ្រះ​ប៉ុន្មានទេ​”។

ធ្វើ​ការងារ​​ច្រើន​ពេក​​ស្ទើរ​រ​ខូច​ភ្នែក​ម្ខាង​​

Dr. CHEN Chanratana, Founder/President of Kerdomnel Khmer Foundation.

ជា​យុវជន​ម្នាក់​ ដែល​មាន​បំណង​ជួយ​ជីវភាព​គ្រួសារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។ ម្យ៉ាង​​ខ្លួន​ឯង​ក៏​ចង់​បាន​បទ​ពិសោធន៍​ថ្មី​ៗ​​​​ ​ជា​ហេតុ​ធ្វើ​​​​​ឲ្យ​លោក​​មាន​បញ្ហា​ភ្នែក​​ធ្ងន់ធ្ងរ​​ទាំង​វ័យ​ក្មេង​។​​ លោក​មាន​ជំងឺ​​ហើម​សរសៃ​ ក្នុង​កូន​ក្រមុំ​ភ្នែក​។ វេជ្ជបណ្ឌិត​​ហាម​មិន​ឲ្យ​​លោក​សម្លឹង​​កុំព្យូទ័រ​ បើ​មិន​ដូច្នេះ​ទេ​អាច​ប្រឈម​នឹង​ការ​ខូច​ភ្នែក​​ម្ខាង​។ ​ក្រៅ​​ពី​នោះ​​ក៏​មាន​​បញ្ហា​​ក្រពះ​ធ្ងន់ធ្ងរ​ផង​ដែរ​។​ “ខ្ញុំ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ព្រោះ​ថា​​​ខ្លួន​ខ្ញុំ​ទើប​អាយុ​ជាង ​២០ ​ឆ្នាំ​បែរ​ជា​មាន​បញ្ហា​ភ្នែក​បែប​នេះ​។ ​ខ្ញុំ​បាន​ចំណាយ​​​រយៈ​ពេល​បី​ខែ​ ​ភ្នែក​​ខ្ញុំ​បាន​ប្រសើរ​បន្តិច​។ ប៉ុន្តែ​ទោះ​ជា​សះ​ស្បើយ​​ក៏​​ភ្នែក​របស់​ខ្ញុំ​អត់​ដូច​ដើម​ដែរ​ ពេល​ខ្លះ​ខ្ញុំ​មើល​ទៅ​​ទេសភាព​ជុំវិញ​ខ្លួន​ ឃើញ​រាង​អង្កាញ​ៗ និង​​ពណ៌​ស​ខ្មៅ​។​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​​បាន​ល្អ​ជាង​ពេល​ឈឺ​ដែរ​។​ ពេល​ឈឺ​ខ្លាំង ​ភ្នែក​ខ្ញុំ​សឹង​​តែ​ខ្វាក់​ម្ខាង​ទៅ​​ហើយ។ ខ្ញុំ​ទៅ​រៀន​ទាំង​បិទ​ភ្នែក​ម្ខាង​”​។

​ឱកាស​ទស្សន​កិច្ច​សិក្សា​នៅ​​បរទេស

​ដោយ​សារ​​នៅ​សាលា​បុរាណ​​វិទ្យា​ មាន​​រៀន​ថ្នាក់​ភាសា​បារាំង​ ​ក្រោយ​ពី​ទទួល​បាន​​ជំនួយ​ពី​ ​ទីភ្នាក់ងារនៃ​សាកលវិទ្យាល័យ​ ដែល​និយាយ​ភាសាបារាំង​​ (Agence Universitaires Francophones – AUF) ​ព្រោះ​ផ្នែក​នេះ​​​មាន​ឯកសារ​​​ជា​ភាសា​បារាំង​​ស្ទើរ​៩០​%​​នៃ​ឯកសារ​ដែល​ត្រូវ​អាន​​​។​ ដូច្នេះ​ក្នុង​មួយ​សប្ដាហ៍​លោក​​ត្រូវ​រៀន​ភាសា​បារាំង​ជាង​ ២០ ម៉ោង​ជាមួយ​នឹង​គ្រូ​​ខ្មែរ​។​ រហូត​រៀន​ចប់​ឆ្នាំ​ទី​១​ លោក​មាន​​ឱកាស​បាន​ទទួល​អាហារូប ករណ៍​ទៅ​ទស្សនកិច្ច​សិក្សា​ នៅ​ប្រទេស​​បារាំង​រយៈ​ពេល​២ ខែ​។​​ “ខែ​​ទី​១ ខ្ញុំ​ទៅ​នៅ​តំបន់​ Boulogne-sur-Mer ​ជិតប្រទេស​អង់គ្លេស​ ខែ​ទី​២ ខ្ញុំ​ទៅ​នៅ​តំបន់ Perpignan ជិត​អេស្ប៉ាញ​។ ខ្ញុំ​​ទៅ​ឃើញ​ស្រុក​គេ​មាន​​ការ​អភិវឌ្ឍន៍​ច្រើន​។​ ដូច្នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ស្រលាញ់​​ និង​គិត​ថា​ បើ​​ថ្ងៃ​ក្រោយ​មាន​​ឱកាស​ ខ្ញុំ​នឹង​ប្រឹង​រៀន​ឲ្យ​បាន​អាហារូបករណ៍​មក​​ស្រុក​បារាំង​​​។​​ ម្យ៉ាង​​​​ខ្ញុំ​​​បាន​ស្គាល់​អ្នក​គ្រូ​ម្នាក់​ឈ្មោះ​ ដានីញែល ហ្គេរ៉េ (Danielle Guéret) ​​​ជន​ជាតិ​បារាំង​​ ជា​គ្រូ​ស្ម័គ្រ​ចិត្ត​​​​ជំនាញ​បុរាណ​វិទ្យា​ គាត់​មក​​តាម​​ប្តី​ ដែល​​​​​បម្រើ​ការងារ​​នៅ​ស្រុក​ខ្មែរ។ ​គាត់​ចាប់​អារម្មណ៍​កូន​សិស្ស​ពី​រ​បី​នាក់ ដែល​សុទ្ធ​សឹង​ជា​​អ្នក​ប្រឹង​រៀន​​ ក្នុង​នោះ​មាន​ខ្ញុំ​​ដែរ។​ គាត់​​ប្រាប់​ថា​ខំ​រៀន​​ទៅ​ បើ​មាន​ឱកាស​​គាត់​នឹង​ជួយ​ខ្ញុំ​បាន​ទៅ​សិក្សា​នៅ​ស្រុក​បារាំង​​​។ ពេល​នោះ​​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ប្រឹង​រៀន​ភាសា​បារាំង​ទ្វេរដង
”។​​

​ទៅ​ទស្សនា​​តំបន់​ប្រវត្តិ​សាស្ត្រ​ជប៉ុន​


គ្រាន់​តែ​​ចប់​​បរិញ្ញាបត្រ​ផ្នែក​បុរាណ​វិទ្យា​ភ្លាម​​ លោក​ មាន​​ឱកាស​ ​ធ្វើ​ទស្សន​កិច្ច​សិក្សា​​​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល​​បី​សប្ដាហ៍​ (ដោយ​មាន​ជំនួយ​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ណារ៉ា) ​ខណៈ​ការ​ជ្រើស​រើស​នេះ ដោយ​ផ្អែក​លើ​​​បទពិសោធន៍​​ ដែល​លោក​ធ្លាប់​ធ្វើ​ការងារ​ស្ម័គ្រ​នៅ​អង្គការ​ជប៉ុន​មួយ​​ឈ្មោះ​ក្រុម​ការងារ​​ជប៉ុន​ដើម្បី​ការ​គាំ​ពារ​ប្រាសាទ​តំបន់អង្គរ​ (Japanese team for safeguarding of Angkor – JSA) ក្នុង​ខេត្ត​សៀម​រាប និង​ការ​ប្រកួត​ប្រជែង​ ក្នុង​ចំណោម​និស្សិត​ជាង​២០ នាក់​ ព្រម​ទាំង​ការ​ធ្វើ​​សម្ភាស​ផ្ទាល់​មាត់​។​ “​ខ្ញុំ​បាន​ទៅ​ទស្សន​កិច្ច​សិក្សា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ ​និង​ស្វែង​​យល់​​ពី​​ប្រវត្តិសាស្ត្រ​​របស់​​ប្រទេស​ជប៉ុន​ផង​ដែរ”។
​​
​ក្រោយ​ពី​ត្រលប់​មក​ពី​ប្រទេស​​ជប៉ុន​​ លោក​បាន​បន្ត​ការងារ​ជា​អ្នក​មគ្គទេសក៍​ទេសចរណ៍​ ខណៈ​ការងារ​កាត់​ត​វីដេអូ​រាង​​ស្បើយ​បន្តិច​​។នៅ​ឆ្នាំ​​២០០៤​ ​ដដែល​​លោក​​ក៏​​ត្រូវ​បាន​ឪពុក​ម្ដាយ​បាន​រៀប​គួរ​ស្រករ​ឲ្យ​​ ​​ជាមួយ​​ ​យុវនារី​ម្នាក់​​​ ដែល​រៀន​​នៅ​សាកលវិទ្យាល័យ​​ផ្នែក​បុរាណ​វិទ្យា​ជាមួយ​គ្នា​។

មាន​បញ្ហា​ភាសា​​ ពេល​​​ទៅ​សិក្សា​​នៅ​បារាំង​​

ដោយ​សារ​​ការ​ខិត​ខំ​ព្យាយាម​ មិន​ធ្វើ​ឲ្យ​លោក​​ រតនា​ អស់​សង្ឃឹម​នោះ​​ទេ​។ លោក​បាន​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​​នៅ​មួយ​ឆ្នាំ​ បន្ទាប់​ពី​​ ចប់​ថ្នាក់​បរិញ្ញាបត្រ​។​ អាច​ទៅ​បន្ត​ការ​សិក្សា​​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេស​បារាំង​​លើ​ជំនាញ​បុរាណ​​វិទ្យា​ រយៈ​ពេល​​ពីរឆ្នាំ​​ តាម​រយៈ​អាហារូបករណ៍​ នៃ​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផ្ដល់​ឲ្យ​។ ប៉ុន្តែ​ដោយ​សារ​លោក​មាន​ពិន្ទុ​​ខ្ពស់​ ទើប​សាលា​នៅ​ឯ​ប្រទេស​បារាំង​ បាន​តម្រូវ​ឲ្យ​លោក​រៀន​តែមួយ​ឆ្នាំ​ទេ។​ “នេះ​អាច​​ជា​ដំណឹង​ល្អ​សម្រាប់​ខ្ញុំ​​ តែ​​​បែរ​ជា​​​ធ្វើ​ឲ្យ​ខ្ញុំ​​ភ័យ​បុក​ពោះ​ទៅ​វិញ​​​ ដោយ​ហេតុ​ថា​ ខ្ញុំ​មាន​​បញ្ហា​​ភាសា ខ្ញុំ​ស្ដាប់​គេ​​អត់​បាន​​ ទោះ​ជា​ខ្ញុំ​ចេះ​ភាសា​បារាំង​ពី​ខ្មែរ​ក៏​ដោយ​​។​ ​​គ្រូ​បង្រៀន​​​ពីរ​ម៉ោង​ ខ្ញុំ​កត់​បាន​៥​ បន្ទាត់ប៉ុណ្ណោះ​​។​ ដល់​ពេល​ខ្ញុំ​ក្រឡេក​មើល​​ទៅ​កូន​សិស្ស​បារាំង​គេ​កត់​បាន​៥​ ទៅ៦​ ទំព័រ​”។​​

HE Hang Chuon Naron

ប្ដូរ​​ឥរិយាបថ​ ដើម្បី​អភិវឌ្ឍន៍​​​ភាសា​

​លោក​ រតនា​​ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​​​ចំពោះ​បញ្ហា​ភាសា​ ខណៈ​ការ​​សិក្សា​រយៈ ពេល​​មួយ​ឆ្នាំ​គឺ​​ជា​​ពេល​​វេលា​​​ដ៏​​ខ្លី​បំផុត។ ​ពិសេស​លោក​ត្រូវ​​​រៀប​ចំ​សារណា​​ជា​ភាសា​បារាំង​ ទើប​អាច​​ទទួល​បាន​សញ្ញាបត្រ។ ចុះ​បើ​ភាសា​របស់​លោក​​​​ស្តាប់​គ្រូ​ពន្យល់​មិន​បាន​ផង​ តើ​ត្រូវ​ដោះស្រាយ​ ដោយ​វិធី​ណា?

ទី​បំផុត​សំនួរ​នេះ​​ធ្លាក់​ដល់​អ្នក​គ្រូ​​ ដានីញែល ហ្គេរ៉េ ជា​សាស្ត្រាចារ្យ​បង្រៀន​លោក​​​​នៅ​ស្រុក​​ខ្មែរ​​ និង​ជា​អ្នក​​ធ្លាប់​បាន​ជួយ​​លើក​ទឹក​ចិត្ត​លោក​តាំង​ពី​ស្រុក​ខ្មែរ​ រហូត​ដល់​ប្រទេស​បារាំង​។​ អ្នក​គ្រូ​បាន​ផ្ដល់​​យោបល់​​ទៅ​ លោក​​​គួរ​ប្តូរ​ឥរិយាបថ​​ នៃ​ការ​រស់​នៅ​ជា​សំខាន់​ និង​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ នឹង​ជន​​ជាតិ​បារាំង ខណៈ​​កន្លែង​ ដែល​​លោក​រស់​នៅ​ ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​។​

ក្រោយ​ទទួល​បាន​ការ​ណែ​នាំ​នេះ​ភ្លាម​ ​ពេល​វិស្សមកាល​​​បាន​មក​ដល់​។​​ ​លោក​បាន​​ឆ្លៀត​ធ្វើ​ការងារ​​នៅ​​ផ្សារ​មេឃ​(ដូច​ផ្សារ​​​ក្រមួន​ នៅ​ស្រុក​ខ្មែរ​) ដែល​នាំ​ឲ្យ​លោក​អាច​អភិវឌ្ឍន៍​ភាសា​បាន​យ៉ាង​ឆាប់​រហ័ស ក្នុង​រយៈ​ពេល​តែ​ពីរ​ខែ​។ “​ខ្ញុំ​​បាន​ការងារ​នៅ​ផ្សារ​នោះ​ មាន​តួនាទី​ជា​អ្នក​លក់​មាន់​។​ ​លក់​បាន​មួយ​រយៈ​ ខ្ញុំ​មាន​អារម្មណ៍​ថា ​ភាសា​របស់​ខ្ញុំ​គឺ​បាន​កើន​ឡើង​ ដោយ​​មិន​ដឹង​ខ្លួន​ ។​ ​ខ្ញុំ​អាច​ស្ដាប់​បាន​គ្រប់​ជន​ជាតិ​ទាំង​អស់​និយាយ​​បារាំង​ ជា​ភាសា​អ្នក​ផ្សារ​​ និង​​គ្រាម​ភាសា​ខ្ញុំ​អាច​ស្ដាប់​បាន​​”។

លោក​ រតនា​ បាន​ចាត់​ទុក​ថា​ ការងារ​ ដែល​លោក​ធ្វើ​គឺ​ជា​ឱកាស​មួយ​ ដែល​លោក​អាច​​សិក្សា​​ទាំង​ភាសា​​បារាំង​ ព្រម​​ទាំង​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ការ​​សិក្សា​ និង​​គ្រួសារ​​នៅ​​ឯ​ស្រុក​កំណើត​បាន​ផង​ដែរ​​។​

មិន​យូរ​​ប៉ុន្មាន​ ធ្មិច​បើក​ៗ​​​​​លោក​បាន​​​បញ្ចប់​​ថ្នាក់​អនុបណ្ឌិត​​​លើ​ជំនាញ​បុរាណ​វិទ្យា​ និង​ប្រវត្តិ​សិល្បៈ​អាស៊ីអាគ្នេយ៍​ពី​សាកលវិទ្យាល័យ​ស៊័រប៊នប៉ារីស៍​៣ ​(Université de Sorbonne-Nouvelle Paris 3) ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​ ក្នុង​ចំណោម​សាកលវិទ្យាល័យ​ល្បី​ៗ​នៅ​ប្រទេស​បារាំង។ ​ភ្លាម​ៗ​​​លោក​បាន​​ដាក់​ពាក្យ​​សុំ​អាហារូបករណ៍​រៀន​​​ថ្នាក់​បណ្ឌិត​​ផ្នែក​បុរាណ​​វិទ្យា​​។​

11149773_10152841387238634_4719737143676893000_o

ជាប់​អាហារូបករណ៍​ថ្នាក់​បណ្ឌិត ​​ជាមួយ​នឹង​បន្ទុក​គ្រួសារ​កាន់​តែ​ធ្ងន់
​​​​​

​ជា​ការ​ត្រេក​អរ​​បំផុត​សម្រាប់​រូប​លោក​​ និង​ក្រុម​​គ្រួសារ​ ការ​ដែល​បាន​ជាប់​អាហារូបករណ៍​​​បន្ត​​សិក្សា​ថ្នាក់​​បណ្ឌិត​​រយៈ​​ពេល​ ៦​ឆ្នាំ​ បន្ថែម​ទៀត​នៅ​ប្រទេស​បារាំង​។​ ការ​សិក្សា​​ថ្នាក់​បណ្ឌិត​គឺ​ទាម​ទារ​ការ​ស្រាវ​ជ្រាវ​ច្រើន​។​ ដូច្នេះ​​មិន​តម្រូវ​ឲ្យ​លោក​​ស្នាក់​នៅ​ប្រទេស​បារាំង​រហូត​នោះ​ទេ​។​ លោក​​អាច​​ស្នាក់​នៅ​ប្រទេស​បារាំង​រយៈ​ពេល​ ៦ ខែ​នៅ​ស្រុក​ខ្មែរ​ ៦ ខែ​។​

​បុរាណវិទ្យា ​និង​ប្រវត្តិ​សាស្ត្រ​សិល្បៈ​អាស៊ី​អាគ្នេយ៍​ គឺ​​ជា​ជំនាញ​ ដែល​លោក​​សិក្សា​​តាំង​ពី​ថ្នាក់​អនុបណ្ឌិត​ រហូត​ដល់​ថ្នាក់​បណ្ឌិត​។ ប៉ុន្តែ​ទោះ​​ជា​យ៉ាង​ណា​ សម្រាប់​ការ​សិក្សា ​នៅ​ថ្នាក់​បណ្ឌិត​នា​​ពេល​នេះ​​ក៏​​​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ភរិយា និង​កូន​ជា​ទី​ស្រលាញ់​ ក្នុង​រយៈ​ដ៏​វែង​បន្ថែម​ទៀត​ ខណៈ​​គ្រួសារ​កាន់​តែ​​ប្រឈម​​ផ្នែក​សេដ្ឋកិច្ច​​ និង​ទាម​​ទារ​នូវ​​ភាព​កក់​ក្តៅ​។​ ​ប៉ុន្តែ​​លោក​យល់​ថា​ បើ​សិន​ជា​មិន​បែក​គ្នា​នៅ​ពេល​នោះ​នឹង​លែង​មាន​ឱកាស​ទៀត​ហើយ​ ព្រោះ​ថា​ ឱកាស​មិន​មែន​មាន​រហូត​នោះ​ទេ​។ “ពេល​​ខ្ញុំ​ចេញ​ទៅ​សិក្សា​នៅ​ស្រុក​បារាំង​ ដូច​លោក​ដឹង​ស្រាប់​ហើយ​គឺ​ត្រូវ​តែ​​ផ្ដាច់​ពី​​គ្រួសារ​។ ប៉ុន្តែ​ខ្ញុំ​មិន​អាច​កាត់​ផ្ដាច់​ទាំង​ស្រុង​ទេ​។​ ខ្ញុំ​ត្រូវ​រក​ការងារ​ដើម្បី​​បាន​លុយ​ខ្លះ​ ផ្ញើ​មក​ភរិយា​ខ្ញុំ​ ​ចិញ្ចឹម​កូន​។​ ដូច្នេះ​​អ្វី​ ដែល​ជា​​កម្លាំង​ចិត្ត​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ បើ​សិន​ខ្ញុំ​មិន​ប្រឹង​នៅ​ពេល​នោះ​ទេ​ ខ្ញុំ​នឹង​បរាជ័យ​​។​ខ្ញុំ​ត្រូវ​តែ​សម្រេច​គោល​ដៅ​​ឲ្យ​បាន​។ ភរិយា​ខ្ញុំ​គាត់​មិន​ដែលទោមនស្ស​​អី​ទេ​ ព្រោះ​គាត់​​​យល់​ពី​បំណង​ប្រាថ្នា​របស់​ខ្ញុំ​។​​ គាត់​សុខ​ចិត្ត​ចិញ្ចឹម​បី​បាច់​កូន​តែ​ម្នាក់​ឯង​​ ចំណែក​ខ្ញុំ​ឆ្លៀត​ពេល​វេលា​ពី​ការ​សិក្សា​ត្រូវ​ធ្វើ​​ការងារ​ ផ្ញើ​​ប្រាក់​ខ្លះ​មក​ភរិយា​។​ ដូច្នេះ​ជីវិត​ជា​និស្សិត​មិន​លំបាក​នោះ​ទេ​ តែ​ជា​មេ​គ្រួសារ​គឺ​លំបាក​”។​

ឪពុក​ស្លាប់​​​ ចំ​ថ្ងៃ​ប្រពន្ធ​​​សម្រាល​កូន​ទី​៣​ មិន​បាន​មក​​

នៅ​ចុង​ឆ្នាំ​​២០១០ និង​ដើម​​ឆ្នាំ​២០១១​ គឺ​ជា​ពេល​​វេលា​ដ៏​លំបាក​មួយ​ ព្រោះ​​​លោក​មិន​អាច​មក​ទាន់​ដង្ហើម​​ចុង​ក្រោយ​ឪពុក​​ និង​បាន​​មើល​មុខ​កូន​ ប្រពន្ធ​​​ ដែល​ទើប​​សម្រាល​ ក្នុង​ថ្ងៃ​តែ​មួយ​​ទេ​។ ​ ហេតុ​ផល​តែ​ម្យ៉ាង​គឺ​បញ្ហា​សេដ្ឋកិច្ច​ ធ្វើ​ឲ្យ​លោក​គិត​អ្វី​មិន​ចេញ​ រហូត​មាន​​ការ​ប៉ះ​ទង្គិច​​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​។លោក​​ទទួល​បាន​ការ​​ណែ​នាំ​ពី​វេជ្ជបណ្ឌិត​ផ្នែក​​ផ្លូវ​ចិត្ត​​ មិន​ឲ្យ​លោក​ធ្វើ​អ្វី​​​ទាំង​អស់​​រយៈ​ពេល​កន្លះ​​ខែ​ ​ព្រម​ទាំង​ផ្ដល់​ថ្នាំ​រំងាប់​អារម្មណ៍​​​​ដល់​លោក​។​ “​ក្នុង​រយៈ​ពេល​កន្លះ​ខែ​ហ្នឹង​​ មិត្តភ័ក្ដិ ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ​រហូត​។ គាត់​នាំ​​ខ្ញុំ​ដើរ​លេង​ដើម្បី​បន្ធូរ​អារម្មណ៍​។ ​អញ្ចឹង​​រយៈ​ពេល​​ហ្នឹង​​​ទាំង​ការងារ​សរសេរ​ និង​ការ​​ងារ​ក្រៅ​ម៉ោង​នៅ​​ស្រុក​បារាំង​​ខ្ញុំ​អត់​បាន​ធ្វើ​ទេ​​​​​”។​
​​​​​
ខ្វះ​ខាត​ខ្លាំង​សុំ​ថៅកែ​​នៅ​បារាំង​ធ្វើ​ការងារ​ពេញ​ម៉ោង​

ជាទូទៅ​​និស្សិត​​​បន្ត​ការ​សិក្សា​នៅ​ស្រុក​បារាំង​មិន​អាច​ធ្វើ​ការងារ​ពេញ​ម៉ោង​បាន​ទេ​។ ប៉ុន្តែ​​ដោយ​ហេតុ​ថា​ លោក​កំពុង​​​​ប្រឈម​នឹង​បញ្ហា​ថវិកា​​ ខណៈ​​​នៅ​១ឆ្នាំ​ចុង​ក្រោយ​លោកត្រូវ​បាន​សាលា​​ផ្ដាច់​លុយ​ជំនួយ អាហា រូបករណ៍​។​ លោក​​បាន​សុំ​ថៅកែ​ធ្វើ​ការ​​ងារ​អ្នក​លក់​កាហ្វេ​​ និង​លក់​នំ​នៅស្ថានីយ៍​រថភ្លើង​​ ​ពេញ​​ម៉ោង​ ហើយ​​យក​​ម៉ោង​សម្រាក​ពី​ការងារ​ឆ្លៀត​​សរសេរ​កិច្ច​ការងារ​ស្រាវ​ជ្រាវ។ “​​​ខ្ញុំ​ប្រឹង​ណាស់​ធ្វើ​ការងារ​សព្វ​បែប​យ៉ាង​។​ បើ​យើង​មិន​ធ្វើ​ទេ​​ នឹង​អត់​មាន​លុយ​បង់​ថ្លៃ​សាលា ការ​ហូប​ចុក​​ និង​លុយ​ថ្លៃ​ផ្ទះ​ជាដើម។​ អញ្ចឹង​ម៉ា​ថ្ងៃ​ខ្ញុំ​ធ្វើ​ការងារ​​៨ ម៉ោង​ ដោយ​ត្រូវ​ងើប​តាំង​ពី​ម៉ោង​ ៤ ព្រឹក​ ។​ ​ពី​កន្លែង​ស្នាក់​នៅ​ទៅ​​ពី​ស្ថានីយ​រថភ្លើង​ គឺ​ត្រូវ​ដើរ​ ១៥ នាទី​ ទៅ​ ២០ នាទី​។​ បើ​គៀក​ម៉ោង​មែន​ទែន​ ថ្ងៃ​ខ្លះ​ត្រូវ​រត់​ក៏​មាន​។ រត់​នេះ​ទៀត​គឺ​រត់​ឡើង​ចុះ​ភ្នំ​ ហើយ​កាន់​តែ​ពិបាក​ទៀត​នោះ​គឺ​ខែ​ធ្លាក់​ទឹក​កក​ ស្រប​ពេល​ដង​ផ្លូវ​ធ្វើ​ដំណើរ​​ក៏​ប្រឈម​មុខ​​គ្រោះ​ថ្នាក់​ នឹង​ពួក​ក្រុម​ជន​ពាល​ទៅ​ទៀត​​​។​ ខ្ញុំ​ធ្វើ​ការងារ​នៅ​ស្ថានីយ៍រថភ្លើង​​មាន​មនុស្ស​គ្រប់​សណ្ឋាន​ទាំង​អស់​មាន​ពួក​សុំ​ទាន​ ពូក​ស្រវឹង​ និង​ពួក​ចោរ​ជាដើម​។ ទាំង​អស់​នេះ​​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ពី​ជីវិត​នៅ​ស្រុក​បារាំង ​ហើយ​ក៏​ធ្វើ​​ឲ្យ​ខ្ញុំ​ស្គាល់​ពី​សង្គម​នៅ​ស្រុក​បារាំង​ផង​​ដែរ។​ ដូច្នេះ​​ត្រលប់​មក​ពី​ធ្វើ​ការ​​​វិញ​ម៉ា​ថ្ងៃ​​ខ្ញុំ​គេង​បាន​២​ ទៅ​៣ ម៉ោង​ក៏​មាន​​​ ព្រោះ​ជាប់​កិច្ច​ការងារ​ស្រាវ​ជ្រាវ​។ ប៉ុន្តែ​ខ្ញុំ​អស់​សូវ​មាន​បញ្ហា​សុខភាព​​ទេ​ ព្រោះ​​ញ៉ាំ​បាន​គ្រប់​គ្រាន់​​”​។

រំភើប​រក​អ្វី​មក​ប្រៀប​ផ្ទឹម​មិន​បាន​ក្រោយ​បញ្ចប់​ថ្នាក់​បណ្ឌិត​

ជា​ពេលវេលា​មួយ​ ដែល​នាំ​ឲ្យ​​លោក​មាន​អារម្មណ៍​​​​រំភើប​ស្ទើរ​រក​អ្វី​ប្រៀប​​ផ្ទឹម​មិន​បាន​ នៅ​ក្រោយ​ពី​ឮ​សូរ​សំឡេង​ប្រកាស​ថា​ លោក​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្នាក់​បណ្ឌិត​ផ្នែក​បុរាណវិទ្យា ​និង​ប្រវត្តិ​សាស្ត្រ​សិល្បៈ​អាស៊ី​អាគ្នេយ៍ ភ្លាម​ៗ​ បន្ទាប់​ពី​លោក​​​បញ្ចប់​ការ​ ការពារ​សារណា​រយៈ​ពេល​ប្រាំ​ម៉ោង​ ស្តី​ប្រវត្តិ​​រាជ​ធានី​​កោះកែ ដែល​មាន​កម្រាស់​ជាង ៥០០​ទំព័រ​។​ ហើយ​និក្ខេប​បទ​របស់​លោក​ត្រូវ​បាន​បោះពុម្ព​ជា​សៀវភៅ​នៅ​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ នៅ​ក្នុង​ឆ្នាំ២០១២។​

ទន្ទឹម​នឹង​ភាព​ជោគជ័យ​​ដ៏​ត្រចះ​ត្រ​ចង់​នេះ​ លោក​​ រតនា​ ក៏​បាន​​​ចាត់​ទុក​​គ្រា​នោះ​​គឺ​ជា​ការ​បិទ​បញ្ចប់​នូវ​ទុក​ទោស​​ទាំង​ឡាយ​ ដែល​លោក​បាន​ឆ្លង​កាត់​កន្លង​មក​នេះ​។​ “នេះ​គឺ​ជា​លទ្ធផល​ ដែល​បាន​មក​ពី​ការ​ផ្ដល់​កម្លាំង​ចិត្ត​ ពី​មនុស្ស​ជាទី​ស្រលាញ់​ និង​ខ្លួន​​ឯង​​​ផ្ទាល់​។ ហេតុ​ដូចម្ដេច​ បាន​ជា​ខ្ញុំ​និយាយ​ថា ផុត​ទុក្ខទោស​ព្រោះ​ថា​ បើ​មិន​ចប់​ទេ​ ខ្ញុំ​ត្រូវ​ចុះ​ឡើង​ស្រុកបារាំង​មិន​ចេះ​ចប់​ឡើយ។ ម្យ៉ាង​បើ​ខ្ញុំ​រៀន​មិន​ចប់​ នឹង​មិន​អាច​សម្រេច​អ្វី​បាន​ទេ​​”។

11850667_10205781386879997_1808696928793160575_o

បច្ចុប្បន្ន​

លោកចិន្ត ច័ន្ទ​រតនា​ វ័យ ៣៤ ឆ្នាំ​​​​​គឺ​​​ជា​កូន​ខ្មែរ​ដំបូង​គេ​ ដែល​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​លើ​មុខ​ជំនាញ​​​​បុរាណវិទ្យា ​និង​ប្រវត្តិ​សាស្ត្រ​សិល្បៈ​អាស៊ី​អាគ្នេយ៍ ​មក​ពី​សាកលវិទ្យាល័យ​ស៊័រប៊នប៉ារីស៍​៣ ​នៃ​ប្រទេស​បារាំង​។​ ក្រៅ​ពី​​​​មាន​ក្រប​ខណ្ឌ​រដ្ឋ​នៅ​រដ្ឋសភា​ លោកក៏​​ជា​សាស្ត្រាចារ្យ បង្រៀន​នៅ​សាកលវិទ្យាល័យ​ហ្សាម៉ាន់ និង​សាកល វិទ្យាល័យ​កម្ពុជា​។ លោក​ក៏​ជា​ស្ថាបនិក​​ នៃ​ក្រុម​កេរដំណែល​ខ្មែរ​ ដោយ​​ផ្ដោត​លើ​ធ្វើ​ការ​ងារ​​ស្រាវ​ជ្រាវ និង​ផ្សព្វ ផ្សាយ​​ពី​បេតិកភណ្ឌ​ខ្មែរ។​ លោក​ រតនា​ បាន​​រៀប​រាប់​ បន្ថែម​ថា មូលហេតុ​ ​ដែល​នាំ​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​គឺ​កត្តា​ជីវភាព​។ លោក​មិន​បាន​គិត​ដល់​​ភាព​ហត់​​នឿយ​​នោះ​ទេ។​​

ធ្វើ​អ្វី​ក៏​ដោយ​​ឲ្យ​តែ​បាន​ប្រាក់​​ និង​ការ​​ចង់​ចេះ​។​​​​ អ្វី​មួយ​ពេល​ ដែល​យើង​ធ្វើ​ទើប​ដឹង​ថា​លំបាក​ ។​​ ម្យ៉ាង​​​​ការ​លំបាក​ទាំង​នេះ​ក៏​មាន​ការ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​ ពិសេស​​ភរិយា​របស់​លោក​ផ្ទាល់​ផង​ដែរ​។ ​លោក​​​ចង់​យក​ចំណេះ​ដឹង​ពី​ការ​ស្រាវ​ជ្រាវ​​ផ្នែក​វប្បធម៌​ ដើម្បី​បម្រើ​ប្រទេស​ជាតិ​ ដោយ​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​។​ ដូច្នេះ​ទោះ​​​ឆ្លង​កាត់​ការ​លំបាក​យ៉ាង​ណា​លោក​ត្រូវ​តែ​សម្រេច​គោល​ដៅ​​ឲ្យ​បាន​។ បើ​ទោះ​ជា​​បច្ចុប្បន្ន​ ស្ថិត​ ក្នុង​ដំណាក់​ការ​ចាប់​ផ្តើម​​យ៉ាង​ណា។ ទៅ​​ថ្ងៃ​អនាគត​ លោក​មាន​ទិស​​ដៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​គ្រប់​ ផ្នែក​វប្បធម៌​ ​បុរាណ​វិទ្យា និង​ផ្នែក​ស្ថាបត្យកម្ម​​ ព្រម​ទាំង​ការ​​​​សរសេរ​ជា​សៀវភៅ​​​ជា​ភាសា​ខ្មែរ​​​ឲ្យ​បាន​ច្រើន​​ទាក់​ទង​នឹង​ផ្នែក​បុរាណ​វិទ្យា​ខណៈ​​សៀវភៅ​ផ្នែក​នេះ​​ភាគ​ច្រើន​មាន​ជា​ភាសា​បរទេស​។ លោក​ក៏​មាន​គម្រោង​បើក​ក្រុមហ៊ុន​​ទេសចរណ៍​ ព្រម​​ទាំង​បើក​ជា​បណ្ណាគារ​ផង​ដែរ​។​​​​​

​​​បទ​ពិសោធន៍​ជីវិត

ធ្វើ​​អ្វី​មួយ​​ត្រូវ​មាន​គោល​ដៅ​​ច្បាស់​លាស់​​។ ​ត្រូវ​បញ្ចេញ​ឲ្យ​​អស់​​ពី​លទ្ធភាព ហើយ​​ត្រូវ​​រៀន​​ពី​​ការងារ​ទាំង​អស់​នេះ​។ ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​​អ្នក​ជុំវិញ​ខ្លួន​ ដែល​គំរូ​ល្អ​នេះ​ក៏​ជា​សកម្មភាព​ដុស​ខាត់​​ឲ្យ​​យើង​ចេះ​លត់​ដំ​ខ្លួន​ផង​ដែរ​។ ត្រូវ​​​ផ្ដល់​​ក្តី​សង្ឃឹម​​សម្រាប់​ខ្លួន​ឯង​ អ្នក​ណា​ក៏​ធ្លាប់​ទទួល​បរាជ័យ​ដែរ​។ ប៉ុន្តែ​ត្រូវ​ចាត់​ទុក​​ការ​បរាជ័យ​គឺ​ជា​មេរៀន​សម្រាប់​យើង​។ ដូច្នេះ​បើ​​​អាច​បែង​ចែក​​​ឲ្យ​បាន​ យើង​នឹង​បោះ​ជំហាន​ទៅ​មុខ​​ជា​និច្ច​។​​​​

1012911_10152050977043634_1948868878_n

បណ្ដាំ​ផ្ញើ​ទៅ​យុវជន​​​

ការ​សិក្សា​ត្រូវ​រៀន​យក​​យល់​​​ ជា​ជាង​យក​ចាំ​​​​។ ជាក់​ស្ដែង​រូប​​លោក​ផ្ទាល់​ កាល​នៅ​ជា​និស្សិត​ មិន​ដែល​​ទទួល​បាន​ពិន្ទុ​ល្អ​នោះ​ទេ​ ដោយ​សារ​លោក​​​ជ្រើស​រើស​យក​ការ​យល់​ ឃើញ​​ផ្ទាល់​ខ្លួន​ជា​សំខាន់​​។​ ដូច្នេះ​វិធីសាស្ត្រ​នៃ​ការ​រៀន​គឺ​មាន​​ការ​ច្រើន​។​ ការ​ស្ដាប់​​គ្រូ​ពន្យល់​គឺ​ជា​រឿង​មួយ ​ចំណែក​​ការ​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​ និង​ការ​ពន្យល់​របស់​​គ្រូ​គឺ​ជា​រឿង​ដោយ​ឡែក​មួយ​ទៀត​។​ ជា​ទូទៅ​ការ​ពន្យល់​របស់​គ្រូ​គ្រាន់​តែ​ប្រាប់​នូវ​​គន្លឹះ​​​ខ្លះ​​ៗ តែ​​ប៉ុណ្ណោះ​​។ អ្វី​​ៗ​គឺ​ស្ថិត​នៅ​លើ​ការ​ស្រាវ​ជ្រាវ​ និង​កត្តា​ខ្លួន​ឯង​។​ ​យុវជន​​​ត្រូវ​ស្វែង​​​យល់​​ពី​ប្រទេស​ នៅ​ក្នុង​តំបន់​ទាំង​មូល​ ខណៈ​​នា​ពេល​ឆាប់​ៗ ខាង​មុខ​ កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​​បញ្ចូល​គ្នា​។ យុវជន​ ទាំង​អស់​ត្រូវ​បង្កើន​ការ​អាន​​ជា​សំខាន់​ ព្រោះ​ការ​អាន​​​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​នាំ​ទៅ​​រក​​ការ​ដុះ​ខាត់​ចំណេះ​ដឹង​របស់​យើង​៕

អត្ថបទ៖មៃ សុខលីម​​​​​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: