លោកចិន្ត ច័ន្ទរតនា អគ្គរាជទូតបុរាណវិទ្យា

លោកចិន្ត ច័ន្ទរតនា អគ្គរាជទូតបុរាណវិទ្យា

(អត្ថបទចុះផ្សាយនៅថ្ងៃ 24-03-2014, 11:03 am) | ដោយ លាង ដឺលុច (ថ្មីៗ)
Dr. CHEN Chanratana

លោកចិន្ត ច័ន្ទរតនាបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីប្រទេសបារាំងផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍ នៅក្នុងឆ្នាំ២០១១ ។ និក្ខេបបទថ្នាក់បណ្ឌិតរបស់លោកមាន ចំណងជើងថា «រាជធានីកោះកេរ និងរាជព្រះបាទជ័យវរ្ម័នទី៤»ជាភាសាបារាំង និងទើបតែត្រូវបានបកប្រែជាភាសាខ្មែរចប់កាលពីពេលថ្មីៗនេះ។ ចាប់តាំងពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០០៧ពីប្រទេសប្រទេសបារាំង លោកចិន្ត ច័ន្ទរតនាបានផ្តើមធ្វើការងារច្រើនទាក់ទងនឹងការចងក្រង និងផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកបុរាណវិទ្យា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនាមជាប្រធានមូលនិធិកេរដំណែលខ្មែរដែលមានកំណើតតាំងពីឆ្នាំ២០១២ លោកបុរាណវិទូត្រូវបានអង្គភាពព័ត៌មានជាច្រើនសម្ភាសន៍អំពីកិច្ចការស្រាវជ្រាវ និងចំណេះដឹងអំពីបុរាណវិទ្យា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ។

នៅពេលដែលលោកចិន្ត ច័ន្ទរតនាក្លាយជាបុរាណវិទូដ៏ល្បីមួយរូបនៅពេលនេះ វាមិនបានកើតឡើងដោយឯកឯងនោះឡើយ។ និស្ស័យស្រឡាញ់វិស័យបុរាណវិទ្យា ត្រូវបានបណ្តុះឡើងដោយទម្លាប់របស់លោកឪពុកចិន្ត នាគ ដែលតែងតែអានសៀវភៅប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ នៅចំពោះមុខកូនប្រុសរបស់គាត់គឺរតនានេះឯង។ វាក៏អាចជាឥទ្ធិពលនៃឈាមជ័រជាអ្នកសិល្បៈផងដែរ ដោយសារតែលោកចិន្ត នាគដែលទើបតែទទួលមរណៈភាពនៅក្នុងឆ្នាំ២០១១ គឺជាអតីតអ្នកនិពន្ធ អ្នកដឹកនាំរឿង និងតួឯកល្ខោនជាតិក្នុងទស្សវត្សរ៍៦០ ។ «កាលពីនៅតូចខ្ញុំចូលចិត្តមើលសៀវភៅរបស់ឪពុកខ្ញុំណាស់។ ខ្ញុំអត់ដឹងថា សៀវភៅទាំងនោះនិយាយអំពីអ្វីទេ ប៉ុន្តែ ខ្ញុំចូលចិត្តមើលរូប។ ឪពុកខ្ញុំប្រាប់ខ្ញុំថា សៀវភៅទាំងនេះមានតម្លៃណាស់។ ខ្ញុំមិនយល់ថាមានតម្លៃយ៉ាងម៉េចទេ ពេលនោះ។ ប៉ុន្តែខ្ញុំចូលចិត្តមើលរូប។ មានរូបចម្លាក់ រូបប្រាសាទអង្គរវត្ត ប្រសាទបាយ័ន។ ដល់ថ្នាក់ឌីប្លូម (ថ្នាក់ទី៩បច្ចុប្បន្ន) ខ្ញុំចាប់ផ្តើមអានសៀវភៅប្រវត្តិសាស្ត្រ»។ លោកបណ្ឌិតផ្នែកបុរាណវិទ្យា បច្ចុប្បន្នអាយុ៣៤ឆ្នាំ កំពុងរម្លឹកអំពីមូលហេតុដែលធ្វើអោយលោកចាប់អារម្មណ៍លើវិស័យបុរាណវិទ្យា។

នៅពេលដែលយល់ថា ខ្លួនស្រឡាញ់ចំណេះវិជ្ជាដែលទាក់ទងនឹងប្រាសាទបុរាណហើយនោះ បូករួមទាំងបានឃើញប្រាសាទអង្គរជាលើកដំបូងក្នុងឆ្នាំ១៩៩៦ដោយអារម្មណ៍រំភើបថែមទៀតនោះ លោករតនាក៏បានសួរសុំយោបល់ពីឪពុកថា «តើត្រូវរៀនមុខវិជ្ជាអ្វី ដើម្បីខ្លួនអាចស្គាល់វិស័យវប្បធម៌ អរិយធម៌ និងប្រាសាទបុរាណខ្មែរនេះ»? ចម្លើយរបស់ឪពុកលោកនៅពេលនោះ ដែលផ្តល់យោបល់អោយជ្រើសរើសយកផ្នែកបុរាណវិទ្យានោះហើយ ដែលបានធ្វើអោយចិន្ត ច័ន្ទរតនាបានស្ថិតនៅលើផ្លូវនៃជំនាញបុរាណវិទ្យានៅពេលនេះ។ លោករតនាបានប្រើពេលវេលា៣ឆ្នាំ បន្ទាប់ពីបានបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៩៦នៅវិទ្យាល័យបឹងត្របែក ដើម្បីព្យាយាមប្រឡងអោយបានជោគជ័យចូលក្នុងមហាវិទ្យាល័យបុរាណវិទ្យានៅក្នុង១៩៩៩ ។

Siv channa-001
បុរាណវិទ្យានាំអោយជាតិមួយស្គាល់អត្តសញ្ញាណខ្លួនឯង

ក្រោយពីបានបញ្ចប់ការសិក្សា៥ឆ្នាំនៅក្នុងមាតុភូមិក្នុងឆ្នាំ២០០៤ លោកចិន្ត ច័ន្ទរតនាបានស្នើសុំអាហារូបករណ៍ទៅប្រទេសបារាំងដើម្បីសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០០៥ ។ បន្ទាប់ពីទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០០៦នោះ លោករតនាក៏បានស្នើបេក្ខភាពខ្លួនរៀនថ្នាក់បណ្ឌិតតែម្តងចាប់ពីឆ្នាំ២០០៧ នៅក្នុងប្រទេសបារាំងដដែល។ បេក្ខជនបណ្ឌិតត្រូវប្រើរយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ចុងឆ្នាំ២០១១ ទើបអាចបញ្ចប់ និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍។ បន្ទាប់ពីបានចំណាយពេល១០ឆ្នាំ ក្នុងការសិក្សាបុរាណវិទ្យា តើលោកចិន្ត ច័ន្ទរតនាពន្យល់យ៉ាងណាអំពីសារៈសំខាន់នៃការសិក្សាបុរាណវិទ្យា?
«សិក្សាបុរាណវិទ្យា គឺជាការសិក្សាអំពីប្រវត្តិសាស្ត្រ ពីជាតិពន្ធុវិទ្យា ពីស្ថាបត្យកម្ម ប្រវត្តិសិល្បៈជាដើម។ មិនត្រឹមតែសិក្សាអំពីអតីតកាលទេ ក៏មានការសិក្សាពីសង្គមបច្ចុប្បន្នដែរ ដើម្បីដឹងថា តើសង្គមបច្ចុប្បន្នបានយកលំនាំនៃការគ្រប់គ្រងនៃសម័យកាលណាមួយ ឬអត់? ប្រសិនយើងមិនរៀនបុរាណវិទ្យា យើងមិនដឹងពីឬសគល់នៃវប្បធម៌ជាតិ មិនដឹងពីអត្តសញ្ញាណ និងមិនដឹងថាពូជខ្មែរបានធ្វើអ្វីខ្លះដែលធ្លាប់ជាមហាអំណាចអាណាចក្រអង្គរនោះទេ»។ នេះជាការបកស្រាយរបស់លោក ចិន្ត ច័ន្ទរតនាដែលកំពុងមានតួនាទីជាមន្ត្រីរបស់រដ្ឋសភាផងដែរ ក្នុងការិយាល័យសំណង់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
ពាក់អាវយឺតបង្កង់ ពណ៌ប្រផេះលាយខ្មៅ អាវដាក់ក្នុងខោករណាត់ពណ៌ខ្មៅ និងមានកាន់សៀវភៅស្នាដៃថ្នាក់បណ្ឌិតផងនោះ លោកចិន្ត ច័ន្ទរតនាក៏បានបញ្ជាក់អោយដឹងបន្ថែមទៀតអំពីសារៈសំខាន់នៃមុខវិជ្ជាបុរាណវិទ្យា ដែលជំរុញអោយមានការចងក្រងលទ្ធផលនៃការស្រាវជ្រាវបុរាណវិទ្យាជាច្រើនសម្រាប់ប្រទេសកម្ពុជានោះ។ លោករតនា វ័យ៣៤ឆ្នាំបានបន្តពន្យល់យ៉ាងដូច្នេះថា៖«ប្រសិនបើគេធ្វើកំណាយនៅកន្លែងមួយ ហើយគេរកឃើញផ្នូរ ឬវត្ថុបុរាណនានានោះ គេអាចចងក្រងជាឯកសារមួយដែលរៀបរាប់សង្គមអតីតកាលនៃទីកន្លែងដែលគេធ្វើកំណាយនោះ។ ដូច្នេះប្រសិនបើយើងគ្មានមុខវិជ្ជាបុរាណវិទ្យា យើងមិនអាចចងក្រងប្រវត្តិសាស្ត្រយើងបានទេ»។

Siv channa-004
ខ្វះខាតការផ្សព្វផ្សាយអំពីចំណេះដឹងបុរាណវិទ្យា

ក្នុងនាមជាគ្រូបង្រៀនផ្នែកបុរាណវិទ្យាផង និងជាអ្នកស្រាវជ្រាវផងនោះ លោកចិន្ត ច័ន្ទរតនាបានសម្តែងអារម្មណ៍សោកស្តាយដែលមិនទាន់បានឃើញការចាប់អារម្មណ៍ និងការអោយតម្លៃខ្លាំងពីសំណាក់សាធារណៈជន និងពិសេសពីយុវជនជំនាន់ក្រោយ ទៅលើវិស័យបុរាណវិទ្យា។ មូលហេតុចំបងមួយដែលជាប្រធានបទនៃការស្តីបន្ទោសរបស់លោកបុរាណវិទូ គឺកង្វះការផ្សព្វផ្សាយទូលំទូលាយ។ កម្រមានការតាំងពិពណ៌បុរាណវិទ្យា កម្រមានការជជែកពិភាក្សាអំពីបុរាណវិទ្យានៅលើវេទិកាសាធារណៈ និងនៅតាមបណ្តាញសារព័ត៌មាន ទាំងអស់នេះហើយ បើតាមលោកបុរាណវិទូរតនា ដែលធ្វើអោយវិស័យបុរាណវិទ្យាស្ទើរត្រូវបានបំភ្លេចនោះ។ ការខ្វះខាតថវិកាក្នុងការងារផ្សព្វផ្សាយអំពីបុរាណវិទ្យាគឺជារឿងមួយ ប៉ុន្តែនៅមានបញ្ហាមួយទៀត ដែលឧបសគ្គក្នុងការដាក់បង្ហាញវិស័យបុរាណវិទ្យាអោយកូនខ្មែរបានឃើញ និងបានយល់។
«នោះគឺបញ្ហាភាសា។ ខ្ញុំរៀនបុរាណវិទ្យា១០ឆ្នាំហើយ ខ្ញុំឃើញមានឯកសារជាភាសាខ្មែរត្រឹមតែ ១០ទៅ១៥ភាគរយប៉ុណ្ណោះ។ មានសុទ្ធតែភាសាបារាំង។ ដូច្នេះ បើយើងចង់រៀនបុរាណវិទ្យា ហើយដល់ថ្នាក់បណ្ឌិតទៀតនោះ លុះត្រាតែទៅរៀននៅស្រុកបារាំង»។ នេះការរអ៊ូរទាំរបស់លោកបណ្ឌិត។
បណ្ឌិតចិន្ត ច័ន្ទរតនាបានលើកទឹកចិត្តអោយយុវជនខ្មែរចាប់អារម្មណ៍លើមុខវិជ្ជាបុរាណវិទ្យា ដើម្បីអាចយល់ដឹងអំពីចំណេះដឹងអប្បបរមាណាមួយដែលអាចអោយពួកគេដឹងអំពីអត្តសញ្ញាណជនជាតិខ្មែរ។ និយាយយ៉ាងដូច្នេះ លោករតនាក៏មិនមែនមានន័យថា យុវជនជំនាន់ក្រោយត្រូវសិក្សាជំនាញបុរាណវិទ្យាទាំងអស់គ្នានោះដែរ។ ប៉ុន្តែលោកបណ្ឌិតគ្រាន់តែចង់អោយយុវជនជំនាន់ក្រោយយកចិត្តទុកដាក់ស្តាប់ការផ្សព្វផ្សាយអំពីអ្វីដែលជាប្រវត្តិសាស្ត្រ ប្រវត្តិនៃវប្បធម៌ និងអរិយធម៌ខ្មែរជាដើម។

Siv channa-003
កេរដំណែលខ្មែរជាជំហាននៃការចងក្រង និងការផ្សព្វផ្សាយបុរាណវិទ្យា


ដោយបានបញ្ចប់ការសិក្សានៅប្រទេសបារាំង ហើយបានឃើញអំពីសកម្មភាពផ្សព្វផ្សាយបុរាណវិទ្យាដ៏មានប្រសិទ្ធភាពតាមរយៈប្រព័ន្ធបណ្តាញព័ត៌មាននៅស្រុកបារាំងនោះ លោកបណ្ឌិតចិន្ត ច័ន្ទរតនាបានផ្តួចផ្តើមបង្កើតទស្សនាវដ្តីមួយនៅចុងឆ្នាំ២០០៨ ដែលមានឈ្មោះថា កេរដំណែលខ្មែរ ដោយមានរួមទាំងគេហទំព័រមួយផង ដើម្បីផ្សព្វផ្សាយស្នាដៃ និងលទ្ធផលនៃការស្រាវជ្រាវបុរាណនានានៅកម្ពុជា។ ប៉ុន្តែទីផ្សារបោះពុម្ពទស្សនាវដ្តីបុរាណវិទ្យាហាក់មិនទទួលបានការចាប់អារម្មណ៍ពីអ្នកអានសោះ។ ក្រុមការងារស្រាវជ្រាវក៏បានផ្តោតការងារលើគេហទំព័រដែលទទួលបានការគាំទ្រប្រសើរជាង ហើយមិនចំណាយថវិកាច្រើនដូចការងារទស្សនាវដ្តីផង។
ក្នុងគោលដៅសម្រេចអោយបានការងារផ្សព្វផ្សាយស្នាដៃស្រាវជ្រាវបុរាណវិទ្យាដែលត្រូវការប្រភពថវិកានោះ លោកបណ្ឌិតចិន្ត ច័ន្ទរតនាមិនបានទម្លាក់ដៃក្នុងការព្យាយាមបង្កើតអោយបានក្រុមការងារស្រាវជ្រាវបុរាណវិទ្យា និងស្ថាប័នផ្សព្វផ្សាយនោះឡើយ។ នៅឆ្នាំ២០០៨ លោកបុរាណវិទូបានទូលដំណឹងអំពីបំណងចង់បង្កើតក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាម្តងរួចហើយ ថ្វាយព្រះករុណា ព្រះបាទ ព្រះបរមនាថនរោត្តម សីហមុនីនៅក្នុងព្រះរាជសវនាការមួយជាមួយក្រុមការងាររបស់លោកចិន្ត ច័ន្ទរតនា។ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីស្រុកបារាំង លោករតនាបានមកជួបពិភាក្សា សុំការគាំទ្រពីលោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីបង្កើតមូលនិធិកេរដំណែលខ្មែរ ដោយបានអញ្ជើញលោករដ្ឋមន្ត្រីធ្វើជាប្រធានកិត្តិយសនៃមូលនិធិនេះ។ កាលណោះគឺនៅឆ្នាំ២០១២។ ចាប់ពីពេលនោះមក សកម្មភាពការងារនៃក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាដែលមានសមាជិកសរុបទាំងពេញសិទ្ធ និងស្ម័គ្រចិត្តចំនួន១៥នាក់នោះ ហាក់បានមានដំណើរការទៅមុខដោយសន្សឹម។ លោកចិន្ត ច័ន្ទរតនាបានរៀបរាប់ដោយទឹកមុខសប្បាយចិត្តយ៉ាងដូច្នេះ៖«ដូច្នេះចាប់ពីឆ្នាំ២០១២មកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបានការសហការក្នុងក្របខណ្ឌនៃការស្រាវជ្រាវ និងផ្សព្វផ្សាយនេះ ជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌ អាជ្ញាធរអប្សរា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត»។

Siv channa-002
ខ្ញុំមានគោលបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ជាតិ

បើទោះជាមានឧបសគ្គខ្លះៗក្នុងគម្រោងជាច្រើនក្នុងពេលបច្ចុប្បន្នក៏ដោយ បណ្ឌិតចិន្ត ច័ន្ទរតនាក៏មិនភ្លេចរម្លឹកខ្លួនឯងអំពីគម្រោងធំៗថ្នាក់ជាតិដែលខ្លួនចង់ធ្វើអោយបានសម្រេចសម្រាប់ផលប្រយោជន៍របស់មាតុភូមិរបស់ខ្លួនដែរ។ បន្តសរសេរសៀវភៅ បកប្រែឯកសារស្តីពីបុរាណវិទ្យាពីភាសាបារាំងមកជាភាសាខ្មែរអោយបានច្រើន និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ជាតិមួយ ទាំងនេះគឺជាមហិច្ឆតារបស់លោកបុរាណវិទូ។ លោករតនាពន្យល់ថា៖ «ការខ្វះខាតឯកសារជាភាសាខ្មែរនេះហើយ ដែលធ្វើអោយកូនខ្មែរស្ថិតនៅឆ្ងាយពីវិស័យបុរាណវិទ្យា។ នេះជាឧបសគ្គមួយ។ ដូច្នេះយើងត្រូវបកប្រែសៀវភៅសំខាន់ៗដែលមានជាភាសាបរទេសមកជាភាសាខ្មែរ ដើម្បីអោយខ្មែរជំនាន់ក្រោយដឹងថា តើបរទេសបានសរសេរអ្វីខ្លះអំពីខ្មែរ»?

បុរាណវិទូចិន្ត ច័ន្ទរតនានឹងលះបង់ជីវិតខ្លួនជាមួយនឹងការកិច្ចការផ្នែកបុរាណវិទ្យាដើម្បីកម្ពុជា។ ប៉ុន្តែវាក៏មិនមែនជាការលះបង់តែមួយនោះឡើយ។ ការងារដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំថៃទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅប្រាសាទបុរាណនៅតាមខេត្តបានយកពេលវេលារបស់ស្វាមី និងឪពុកនៃកូន៤នាក់ស្ទើរតែអស់រលីងពីក្នុងគ្រួសារ។ លោកបុរាណវិទូបានបញ្ជាក់ថា ប្រសិនបើគ្មានភរិយារបស់លោកដែលជាអតីតនិស្សិតផ្នែកបុរាណវិទ្យាយល់អំពីការលះបង់របស់លោក និងតម្លៃនៃការងារបុរាណវិទ្យានោះទេ លោកក៏មិនមានទឹកចិត្តខិតខំប្រឹងប្រែងក្នុងការងារ ដូចសព្វថ្ងៃនេះដែរ។ ភរិយាឯណា មិនចង់បានស្វាមីនៅជិតខ្លួន?

1012911_10152050977043634_1948868878_n

1489209_10152043590973634_1606887988_n

534400_10152042288288634_1355742246_n 971155_10152050990708634_269228637_n   1966804_10152052701063634_1451416976_n

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: