រិទ្ធី​ ប៉ាន់៖ “The Missing Picture” ទៅ​ដល់​ Oscars​ នឹង​បើក​ចំហ​ឲ្យ​ភាពយន្ត​ខ្មែរ​អាច​វាយ​លុក​ទី​ផ្សារ​ក្រៅ​ស្រុក​

អត្ថ​បទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រសប្បាយ
ដោយ meas.roth

ភ្នំពេញ៖ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ភាព​យន្ត​ខ្មែរ​ “The Missing Picture” ​ផលិត​ដោយ​លោក​ រិទ្ធី ប៉ាន់​ បាន​ឈាន​ចូល​ទៅ​ដល់​វគ្គ​ប្រកួត​ប្រជែង​យក​ពាន​ភាពយន្ត​អន្តរជាតិ​ Oscars​ ជាមួយ​នឹង​ភាព​យន្ត​របស់​បរទេស​៤​ផ្សេង​ទៀត ផ្នែក​ភាពយន្ត​ជា​ភាសា​បរទេស​ប្រចាំ​ឆ្នាំ​ល្អ​បំផុត។ ការ​ឈាន​ទៅ​ដល់​វគ្គ​ជម្រើស​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ក្រៅ​ស្រុក​ជា​ច្រើន ​​ងាក​មក​ចាប់​អារម្មណ៍​នឹង​វិស័យ​ភាព​យន្ត​ក្នុង​ស្រុក​ខ្មែរ។

គេហទំព័រ​ Sabay​ បាន​ធ្វើ​បទ​​សម្ភាសន៍​ជា​មួយ​នឹង​​ផលិត​ករ​ភាព​យន្ត​ “The Missing Picture” ​ លោក​ រិទ្ធី ប៉ាន់​ ផ្ទាល់​ ទាក់​ទង​នឹង​ភាពយន្ត​ខ្មែរ​ដំបូង​គេ​នេះ​បាន​ទៅ​ប្រកួត​ដណ្ដើម​យក​ពាន​ Oscars​ ដ៏​ល្បី​នេះ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​ខ្មែរ​ទូទៅ​​នា​ពេល​​បច្ចុប្បន្ន៖

khmer-film-makeer-2

​ លោក​ រិទ្ធី ប៉ាន់

Sabay៖ លោក​បាន​ដាក់​ចំណង​ជើង​ភាពយន្ត​នេះ​ថា​ “The Missing Picture” ឬ​ “កង្វះ​រូប​ភាព”។ តើ​ “The Missing Picture” មាន​ន័យ​យ៉ាង​ម៉េច?
រិទ្ធី ប៉ាន់៖ ចំណង​ជើង​ “The Missing Picture” ឬ​ “កង្វះ​រូប​ភាព​”នេះ​ គឺ​មាន​ពីរ។ ន័យ​ទី​​​មួយ​ គឺ​រូប​ភាព​ដែល​បាត់ ​រក​មិន​ឃើញ។ ខ្ញុំ​ធ្លាប់​ជួប​​អ្នក​ថត​វីដេអូ​សម័យ​ខ្មែរ​ក្រហម​ខ្លះ​ បាន​ថត​​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​ នៅ​គុក​ស-​២១​ ហើយ​ផ្ញើ​ទៅ​ឲ្យ​គេ​ផលិត​ជា​ឯកសារ​ផ្សេង​ៗ​ ប៉ុន្តែ​យើង​អត់​ដែល​បាន​ឃើញ​គេ​ថត​ ពេល​ដែល​កំពុង​សម្លាប់​នោះ​ទេ។ ប៉ុន្តែ​គេ​បាន​​ប្រាប់​ខ្ញុំ​ថា​ គេ​ធ្លាប់​មាន​ថត។ ខ្ញុំ​សួរ​​គេ​ថា​ បើ​ធ្លាប់​មាន​ថត​ តើ​វីដេអូ​នោះ​នៅ​ឯ​ណា? ម៉េច​​រក​មិន​​ឃើញ?

ក្រែងលោ​នៅ​ថ្ងៃ​ណា​មួយ​ មាន​អ្នក​ខ្លះ​មក​អះ​អាង​ថា​ គ្មាន​របប​​ខ្មែរ​ក្រហម​ទេ​ ឬ​គ្មាន​មន្ទីរ​ ស-២១​ទេ។​ ដល់​ពេល​យើង​មាន​វីដេអូ​ហ្នឹង​ គេ​មិន​អាច​បដិសេធ​​ថា ​គ្មាន​របប​ហ្នឹង​បាន​ទេ។ វា​​ជា​ភស្តុតាង​​មួយ​​ ដែល​យើង​មិន​អាច​ប្រកែក​បាន។

ប៉ុន្តែ​​ខ្ញុំ​ឆ្ងល់​ដែរ​ ថា​តើ​វីដេអូ​តែ​មួយ​អាច​ពន្យល់​របប​ប្រល័យ​ពូជ​សាសន៍​ទាំង​មូល​បាន​ទេ? រូប​មួយ​នៅ​តែ​ជា​​រូប​មួយ​ដដែល​ មិន​អាច​ពន្យល់​របប​នេះ​ទាំង​មូល​បាន​ទេ។ ខ្ញុំ​គិត​ថា​ បើ​រក​ឃើញ​ តើ​យើង​បង្ហាញ​​រូប​ហ្នឹង​​ដល់​សាធារណជន​​អត់? បើ​បង្ហាញ​ទៅ​ តើ​វា​អាច​ប៉ះ​ពាល់​ដល់​សតិអារម្មណ៍​​ប្រជាជន​ដែរ​ ឬ​ទេ? ​​ ខ្ញុំ​គិត​ថា​ បើ​រក​ឃើញ​ ខ្ញុំ​មិន​បង្ហាញ​ទេ។ គួរ​តែ​យក​ទៅ​ដាក់​នៅ​កន្លែង​ស្រាវ​ជ្រាវ​ ដូច​ជា​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ឬ​មន្ទីរ​ស​-២១​ អី​ទៅ។

អត្ថន័យ​ទី​ពីរ​ “កង្វះ​រូប​ភាព”​នេះ​ គឺ​​ទាក់​ទង​នឹង​រឿង​ផ្ទាល់​ខ្លួន​​របស់​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​ស្ដាយ​ដែល​អត់​បាន​ឃើញ​ឪពុក​ខ្ញុំ។ បើ​សិន​​ជា​គាត់​នៅ​រស់​ មក​ទល់​​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​អាច​​នាំ​គាត់​ទៅ​លេង​មាត់​ទន្លេ​ ឬ​ទៅ​ពិសា​បាយ​ ថែ​ទាំង​គាត់​តាម​របៀប​យើង​ថែ​ទាំ​មនុស្ស​ចាស់​ ប៉ុន្តែ​​ខ្ញុំ​អត់​មាន​រូបភាព​បែប​​ហ្នឹង​​ទេ​ ខ្ញុំ​អត់​ដែល​ស្គាល់​សភាព​ហ្នឹង​សោះ។ ឪពុក​ខ្ញុំ​ស្លាប់​តាំង​ពី​ខ្ញុំ​នៅ​តូច​ម្ល៉េះ។ វា​​ជា​រូប​ភាព​សុភមង្គល​មួយ​ ដែល​យើង​អត់​ដែល​បាន​ឃើញ។ វា​ដូច​ជា​រូប​ភាព​ដែល​បាត់​អីចឹង​​ដែរ។

Sabay៖ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ភាព​យន្ត​ទាក់​ទង​នឹង​របប​ខ្មែរ​ក្រហម​ ត្រូវ​បាន​ថត​ដោយ​យក​ដី​ឥដ្ឋ​មក​ធ្វើ​ជា​តួ​អង្គ​ ជំនួស​មនុស្ស​ពិត។ តើ​​លោក​​​បាន​​​គំនិត​​​នេះ​​ពី​ណា​មក?
រិទ្ធី ប៉ាន់៖ គំនិត​នេះ​បាន​មក​ នៅ​ពេល​ខ្ញុំ​​បាន​​​ជួប​ក្មួយ​ម្នាក់​ ដែល​រស់​នៅ​​ខេត្ត​ តែ​ចេះ​ឆ្លាក់។ កន្លង​មក​ ខ្ញុំ​តែ​ង​​​តែ​យក​អ្នក​ក្រ​មក​បង្វឹក​ ឲ្យ​ក្លាយ​ជា​អ្នក​រចនា​ប្លង់​ថត​ ឬ​ជា​អ្នក​ជួយ​ស្វែង​រក​​​របស់​រប​ផ្សេង​ៗ​សម្រាប់​ថត​កុន។ ខ្ញុំ​បាន​ឲ្យ​គាត់​​យក​ដី​មក​ធ្វើ​​​រូប​​មនុស្ស​តូច​ៗ​ទាំង​នេះ​ ពី​​ព្រោះ​កាល​យើង​នៅ​ពី​តូច​ យើង​​ក៏​ធ្លាប់​យក​ដី​មក​ធ្វើ​គោ​ ធ្វើ​រទេះ​ ឬ​ធ្វើ​មនុស្ស​ដើម្បី​លេង​ដែរ។ ក្រោយ​ពី​ធ្វើ​រូប​ដី​ទាំង​នេះ​ហើយ​ យើង​តែង​​បង្កើត​សាច់​រឿង​ដើម្បី​លេង។ ក្មួយ​នោះ​ឆ្លាក់​​ជាមួយ​កូន​កាំបិត​ទេ​ ប៉ុន្តែ​ឆ្លាក់​បាន​ស្អាត​ណាស់។ រូប​ដី​របស់​គាត់​គឺ​មាន​ព្រលឹង​ក្នុង​ហ្នឹង​តែ​ម្ដង​ ហើយ​ខ្ញុំ​ក៏​សម្រេច​ដូរ​មក​ថត​តុក្កតា​វិញ​ ដោយ​យក​ដី​ធ្វើ​តួ​អង្គ​តែ​ម្ដង។

រូប​ដី​នេះ​​មានន័យ​ល្អ​ទៅទៀត​​​ គឺ​ដូច​ធាតុ​របស់​យើង​ ព្រោះ​វា​ចេញ​​ពី​​ដី​ ទឹក​ ភ្លើង​ និង​ខ្យល់​​អីចឹង​ដែរ។ យើង​យក​ដី​មក​លាយ​ជាមួយ​​ទឹក​ ធ្វើ​វា​ជា​រូប​មនុស្ស​ ហើយ​យក​ទៅ​ហាល​ ត្រូវ​ថ្ងៃ​ ត្រូវ​ខ្យល់​ទើប​​ស្ងួត។ ពេល​ដែល​យើង​ថត​ចប់​ វា​ក្លាយ​ជា​ដី​ដដែល។ មនុស្ស​យើង​ក៏​អីចឹង​ដែរ។ យើង​​កើត​មក​ទទេ​ទេ​ ពេល​ស្លាប់​ទៅ​វិញ​ ក៏​ទទេ​ដែរ​ អត់​មាន​យក​អ្វី​ទៅ​តាម​ខ្លួន​បាន​ឡើយ។

មួយ​ទៀត​ ខ្មែរ​យើង​​កាន់​ព្រះ​ពុទ្ធសាសនា​ផង​ កាន់​​​ព្រហ្មញ្ញសាសនា​ផង​ យើង​ជឿ​ថា​ ដើម​ឈើ​មាន​ព្រលឹង​ ឬ​ផ្ទះ​មាន​ជំនាង។ ការ​ធ្វើ​រូប​សំណាក​ ដូច​នៅ​តាម​វត្ត​អារាម​ក្ដី​ មិន​មែន​មនុស្ស​ទៅ​គោរព​រូប​សំណាក​នោះ​ផ្ទាល​ទេ​ តែ​គោរព​ព្រលឹង​ ឬ​​បារមី​អ្វី​មួយ​នៅ​ពី​ក្រោយ​ហ្នឹង។ ដូច្នេះ​​រូប​ដី​ហ្នឹង​ស៊ី​​ណាស់​ទៅ​ហ្នឹង​ប្រពៃណី​ខ្មែរ​យើង។

khmer-film-makeer-1

Sabay៖ តើ​លោក​យល់​ថា​ ភាព​យន្ត​នេះ​អាច​ទាក់​ទាញ​ទស្សនិកជន​ ជាពិសេស​យុវវ័យ​ខ្មែរ​ ដែល​គេ​សង្កេត​ឃើញ​ថា​ និយម​តែ​រឿង​សប្បាយ​ៗ?

រិទ្ធី ប៉ាន់៖ កុន​មាន​ច្រើន​ប្រភេទ​ កុន​ខ្លះ​សម្រាប់​សប្បាយ​ កុន​ខ្លះ​សម្រាប់​គិត​ តែ​កុន​ខ្លះ​ក៏​សម្រាប់​ប្រវត្តិសាស្ត្រ​ ឬ​សម្រាប់​ជា​ឯកសារ​ដែរ។ ខ្ញុំ​មិន​ថា​ កុន​ “The Missing Picture”​នេះ​ មើល​ទៅ​សប្បាយ​នោះ​ទេ។ តែ​ពេល​ដែល​យើង​ចាក់​បញ្ចាំ​ម្ដង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ទៅ​ ក្មេង​ៗ​ជំនាន់​ក្រោយ​​បាន​មក​មើល​ដែរ​ ដោយសារ​គេ​ចង់​ដឹង​ ព្រោះ​គ្មាន​នរណា​បាន​ប្រាប់​ពួក​គេ​ឲ្យ​បាន​ច្បាស់​ពី​រឿង​រ៉ាវ​កើត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម​ឡើយ។

ម្យ៉ាង​ រឿង​ទាក់​ទង​ខ្មែរ​ក្រហម​ហ្នឹង​​ ក៏​មិន​ស្រួល​ប្រាប់​ដែរ។ អ្នក​ខ្លះ​មិន​ដឹង​ថា​រក​ពាក្យ​អ្វី​មក​ប្រាប់។ អ្នក​ខ្លះ​បាន​ត្រឹម​ប្រាប់​កូន​ចៅ​​ឲ្យ​ញាំ​បាយ​ឲ្យ​អស់​ ព្រោះ​នៅ​សម័យ​ ប៉ុល​ ពត​ អត់​បាន​ទេ​ បើ​ញ៉ាំ​បាយ​សល់​អីចឹង។ អ្នក​ខ្លះ​បាន​និយាយ​តែ​ត្រឹម​ប៉ុណ្ណឹង។ ពេល​បាន​មើល​​កុន​នេះ​ទៅ​ គេ​​នឹង​ដឹង​ថា​ បង​ប្អូន​របស់​គេ​ស្លាប់​ដោយ​របៀប​ណា។

ខ្ញុំ​ថា​ ឆ្ងល់​ច្រើន​ សួរ​ច្រើន​ បញ្ហា​​ក្នុង​ខួរ​ក្បាល​ច្រើន។ ប៉ុន្តែ​បើ​ដឹង​ហើយ​ ស្រួល​វិញ។ ទី​មួយ​ គេ​ឈប់​សួរ​សំនួរ​ឥត​ប្រយោជន៍។ ទី​ពីរ​ គេ​អាច​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​បាន។ គ្មាន​នរណា​អាច​ក​សាង​​​ប្រទេស​ខ្លួន​បាន​ដោយ​មិន​ស្គាល់​ប្រវត្តិ​ខ្លួន​នោះ​ទេ។ ខ្មែរ​យើង​ក៏​ដូច​គេ​ឯង​ដែរ។ បរទេស​ចំណាយ​លុយ​ដើម្បី​ចង​ក្រង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ ប្រវត្តិ​សាស្ត្រ​មាន​ល្អ​ មាន​អាក្រក់។ យើង​ត្រូវ​ដឹង​ កុំ​ឲ្យ​ប្រវត្តិ​សាស្ត្រ​ហ្នឹង​កើត​ឡើង​មក​ទៀត។ អ្នក​ខ្លះ​ថា​ ប្រវត្តិ​សាស្ត្រ​មិន​ដែល​មក​ផ្ទួន​នោះ​ទេ​ ប៉ុន្តែ​​ខ្ញុំ​ខ្លាច​វា​មិន​មក​ផ្ទួន​មែន​ ប៉ុន្តែ​វា​មក​ស្រដៀង​គ្នា។ កុំ​ឲ្យ​ប្រវត្តិ​​ស្រដៀង​ហ្នឹង​កើត​ឡើង​ជា​ថ្មី​​ ទាល់​តែ​យើង​ដឹង​ប្រវត្តិសាស្ត្រ​ ហើយ​យើង​ការពារ​វា។

អ្នក​ខ្លះ​ទៅ​មើល​កុន​ចង់​ឃើញ​តួ​សម្ដែង​ដែរ។ បើ​ដាក់ ​ព្រាប​ សុវត្ថិ​ ជា​តួ​សម្ដែង​ គេ​ប្រាកដ​ជា​ទៅ​មើល​ព្រាប​ សុវត្ថិ​ ហើយ​ ព្រោះ​គាត់​ជា​មនុស្ស​ប្រជាប្រិយ។ យើង​ក៏​គាំ​ទ្រ​ដែរ​ការ​ធ្វើ​បែប​នោះ​ ពី​ព្រោះ​វា​ជា​ឧស្សាហកម្ម​មួយ​ ធ្វើ​ឲ្យ​កុន​អាច​ដំណើរ​ការ​បាន​ ប៉ុន្តែ​កុំ​ផ្លេច​ថា​ យើង​មាន​កុន​មួយ​ប្រភេទ​ទៀត​សម្រាប់​គិត​ សម្រាប់​ចែក​ជា​ចំណេះ​ដឹង​ ឬ​សម្រាប់​ជជែក​ពិភាក្សា​គ្នា។ កុន​ប្រភេទ​ទាំង​ពីរ​នេះ​​អត់​មាន​ប្រឆាំង​គ្នា​ទេ​ តែ​វា​ជួយ​បង្គ្រប់​គ្នា​ទៅ​វិញ​ទៅ​មក។

នៅ​ខែ​មិថុនា​ ឆ្នាំ​ទៅ​ យើង​ក៏​បាន​បញ្ចាំង​ជិត​ពីរ​ខែ​ដែរ។ “The Missing Picture” ​ជា​កុន​បែប​សិល្បៈ​ យើង​បញ្ចាំ​រោង​កុន​ធំ​ភ្លាម​ៗ​មិន​បាន​ទេ។ យើង​បញ្ចាំង​រោងកុន​តូច​សិន។ ពេល​បញ្ចាំង​សាក​ យើង​ដឹង​​ថា​ មាន​មនុស្ស​មក​មើល​យ៉ាង​ណែន។ អីចឹង​យើង​ដឹង​ថា​ មនុស្ស​ក៏​ចូល​ចិត្ត​មើល​រឿង​បែប​នេះ​ដែរ។ នៅ​ខែ​មិនា​ខាង​មុខ​នេះ​ យើង​នឹង​បញ្ចាំង​ជា​ថ្មី​ម្ដង​ទៀត។

ខ្មែរ​យើង​ឥឡូវ​​​ហ៊ាន​ទិញ​សំបុត្រ​៣​ ឬ​៤​ដុល្លារ​​មក​មើល​កុន​​ហើយ។ កុន​ខ្មែរ​យើង​កំពុង​តែ​ក្រ​ផង​ ដូច្នេះ​យើង​កុំ​ប្រញាប់​បញ្ចាំង​អី។ ឥឡូវ​ កុន​ខ្មែរ​ “Gems on the Run”​ របស់​លោក​ សុខ​ វិសាល​ ចេញ​ហើយ​ ចាំ​យើង​ចេញ​តាម​ក្រោយ​ ហើយ​ក្រោយ​មក​ទៀត​ បើ​បាន​កុន​ “ឃ្លាត​ទៅ​សែន​ឆ្ងាយ” របស់​លោក​ ឆាយ​ បូរ៉ា​ ចេញ​មក​ដែរ​ កុន​របស់​ខ្មែរ​យើង​នឹង​មានបញ្ចាំង​​នៅ​តាម​រោង​កុន​ ជា​បន្ត​បន្ទាប់។ កុំ​ឲ្យ​មាន​កុន​ខ្មែរ​មួយ​ ហើយ​អត់​​៦​ ឬ​៧​ខ្មែរ​នោះ។

Sabay៖ នៅ​ពេល​ភាពយន្ត​របស់​លោក​​បាន​ទៅ​ដល់​ Oscars​ ​ដែល​ជា​ពាន​រង្វាន់​ល្បី​លំដាប់​ពិភព​លោក​ តើ​លោក​យល់​ថា​ វា​ជួយ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​ ដល់​វិស័យ​ភាព​យន្ត​ខ្មែរ​ក្នុង​ស្រុក​ទេ?
រិទ្ធី ប៉ាន់៖ សុំ​បញ្ជាក់​ “The Missing Picture” ​មិន​មែន​ជា​ភាព​យន្ត​របស់​​​ខ្ញុំ​តែ​ឯង​​នោះ​ទេ។ វា​ជា​ភាព​យន្ត​របស់​​ខ្មែរ​យើង​ទាំង​អស់​គ្នា។ ខ្ញុំ​មិន​ដើរ​ទៅ​​​តែ​ឯង​​នោះ​ទេ​ យើង​ដើរ​ទៅ​ទាំង​អស់​គ្នា។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ក្មេង​ៗ​សរសេរ​សារ​អបអរ​ និង​បញ្ចេញ​មោទនភាព​ចំពោះ​ភាព​យន្ត​នេះ។ យើង​ត្រូវ​មាន​មោទនភាព​ទាំង​អស់​គ្នា​ ព្រោះ​នេះ​ជា​ភាពយន្ត​របស់​ខ្មែរ​យើង​បាន​ទៅ​ដល់​ Oscars។

កាល​ណា​កុន​យើង​ទៅ​ដល់​ Oscars​ យើង​មាន​តែ​ចំណេញ​ ពី​ព្រោះ​ខ្សែ​ភ្នែក​អន្តរ​ជាតិ​នឹង​បែរ​មក​មើល​វិស័យ​សិល្បៈ​របស់​យើង។ តែ​​៣​ ឬ​៤​ឆ្នាំ​ទៀត​ ខ្ញុំ​គិត​ថា​ កុន​ខ្មែរ​នឹង​ចូល​ទៅ​ទី​ដល់​ទៅ​ផ្សារ​តំបន់​ មាន​ហុងកុង​ ឬ​ថៃ​ជា​ដើម។ បន្តិច​ម្ដង​ៗ​ យើង​នឹង​ទៅ​ដល់​ទី​ផ្សារ​អន្តរ​ជាតិ​មិន​ខាន។ ប៉ុន្តែ​យើង​ត្រូវ​ចេះ​ផលិត​កុន​ដែរ​ ទើប​ខ្សែ​ភ្នែក​អន្តរជាតិ​សម្លឹង​មក​មើល​យើង។ ភាព​យន្ត​ “The Missing Picture” ​គឺ​គ្រាន់​តែ​ជា​ការ​បើក​ផ្លូវ​​មួយ​ប៉ុណ្ណោះ។

Sabay៖ លោក​ថា​ វិស័យ​ភាព​យន្ត​ខ្មែរ​នឹង​អាច​វាយ​លុក​ទៅ​ទី​ផ្សារ​តំបន់​បាន​ នៅ​រយៈ​ពេល​ត្រឹម​៣​ ឬ​៤​ឆ្នាំ​​ទៀត​ តើ​មាន​ភាព​យន្ត​ប្រភេទ​ណា​ខ្លះ?

រិទ្ធី ប៉ាន់៖ ភាព​យន្ត​ប្រភេទ​ណា​ក៏​អាច​វាយ​លុក​ចូល​ទៅ​ទី​ផ្សារ​ក្រៅ​ស្រុក​បាន​ដែរ​ សំខាន់​ឲ្យ​តែ​យើង​ផលិត​បាន​ល្អ។ ភាពយន្ត​រឿង​ខ្មោច​ក៏​បាន​ដែរ​ ឲ្យ​តែ​ផលិត​ល្អ​ និង​មាន​លក្ខណ​ស្តង់ដារ។ ខ្ញុំ​មិន​ទិតៀន​សាច់​រឿង​ទេ​ ប៉ុន្តែ​ខ្ញុំ​ទិតៀន​ការ​ផលិត​​មិន​ល្អ​ ផលិត​រឿង​ដោយ​គ្មាន​សេណារីយ៉ូ​ ឬ​បញ្ចូល​សំឡេង​ ឬ​អត់​មាន​ប្លង់​ថត​ច្បាស់លាស់។ ខ្ញុំ​ផ្ទាល់​​​ក៏​ចង់​ធ្វើ​រឿង​ប៉ូលិស​ស៊ើប​អង្កេត​ ឬ​រឿង​កំប្លែង​អី​ដែរ​ ប៉ុន្តែ​ទាល់​តែ​មាន​សេណារីយូ​ល្អ​ មាន​តួ​សម្ដែង​ល្អ​ និង​មាន​កន្លែង​ចាប់​ប្លង់​ល្អ។ បើ​យើង​ផលិត​មិន​ល្អ​ទេ​ ភាពយន្ត​របស់​យើង​ស្ថិតស្ថេរ​មិន​បាន​យូរ​ទេ។ អីចឹង​ហើយ​ បាន​ជា​កុន​ខ្មែរ​ធ្លាក់​ចុះ​ជា​ច្រើន​លើក​ ច្រើន​សា​ នា​ពេល​កន្លង​មក។

ដើម្បី​ឲ្យ​​វិស័យ​ភាព​យន្ត​យើង​ខ្លាំង​ មាន​បរទេស​សម្លឹង​មក​មើល​យើង​បាន​ លុះ​ត្រា​តែ​យើង​មាន​អ្នក​ដឹក​នាំ​កុន​ច្រើន​ដែរ។ កុន​គេ​មិន​ដែល​ធ្វើ​តែ​ម្នាក់​ឯង​​នោះ​ទេ​ យើង​ទៅ​មិន​រួច​ទេ​ យើង​ត្រូវ​មាន​យ៉ាង​ហោច​ណាស់​អ្នក​ដឹក​នាំ​កុន​២០​ ឬ​៣០​នាក់​ដែរ។ ឥឡូវ​នេះ​ ខ្មែរ​យើង​ដែល​រៀន​ថត​ភាព​យន្ត​ បាន​ធ្វើ​ការ​ជាមួយ​ផលិត​ករ​បរទេស។ ពេល​យើង​ទៅ​ធ្វើ​ការ​ជាមួយ​គេ​ ២​ ឬ​៣​​ឆ្នាំ​ទៀត​ យើង​នឹង​មាន​អ្នក​ចេះ​ដឹក​នាំ​រឿង​ដោយ​ខ្លួន​ឯង​មិន​ខាន។

Sabay៖ តើ​ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​អាច​ផលិត​ភាពយន្ត​មួយ​បង្កប់​នូវ​អត្ថន័យ​ខ្លាំង​បាន?

រិទ្ធី ប៉ាន់៖ ដើម្បី​ចង់​ឲ្យ​ភាពយន្ត​ខ្លាំង​ យើង​ជា​ផលិតករ​​ត្រូវ​ស្ថិត​នៅ​ក្នុង​កុន​នោះ។ ថ្វី​ត្បិត​តែ​យើង​មិន​បញ្ចេញ​សំឡេង​ មិន​សម្ដែង​ តែ​យើង​ត្រូវ​នៅ​ក្នុង​កុន​នោះ​ដែរ។ ខ្ញុំ​ឧស្សាហ៍​និយាយ​ថា​ ខ្ញុំ​មិន​ផលិត​កុន​ដោយ​នៅ​ពី​លើ​នរណា​ម្នាក់​នោះ​ទេ​ តែ​ខ្ញុំ​នៅ​​ជាមួយ​អ្នក​ហ្នឹង។ មាន​ន័យ​ថា​ គេ​ចុះ​ទឹក​ យើង​ចុះ​ទឹក​ដែរ។ យើង​អត់​ខ្លាច​ប្រឡាក់​ទេ។ ធ្វើ​អីចឹង​ទៅ​ យើង​គោរព​ មោទនភាព​អ្នក​ដែល​យើង​ថត​ បើ​ទោះ​បី​គាត់​ក្រីក្រ​ក្ដី។Sabay៖ ចាប់​ពី​ថ្ងៃ​នេះ ​រហូត​ដល់​ថ្ងៃ​ប្រកាស​ពាន​រង្វាន់​ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២​ ខែ​មិនា​ បើ​ខ្មែរ​ មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​ ចង់​ជួយ ​ទាក់​ទឹង​នឹង​ភាព​យន្ត​នេះ​ដែរ ​​តើ​គេ​អាច​ជួយ​​​បាន​ដោយ​របៀប​ណា?
រិទ្ធី ប៉ាន់៖ គាត់​អាច​​ជួយ​បាន​តាម​រយៈ​ការ​និយាយ​ត​គ្នា​ ឬ​ការ​ផ្សព្វផ្សាយ​តាម​​បណ្ដាញ​សង្គម​នានា។​ វា​គួរ​ឲ្យ​ស្ដាយ​ដែរ​ ដែល​​គេ​មិន​សូវ​ស្គាល់​ប្រទេស​កម្ពុជា​យើង​ ដោយសារ​យើង​មិន​សូវ​មាន​កុន​ចេញ​ទៅ​ដល់​ Oscars។ យ៉ាង​ហោច​ណាស់​ ការ​និយាយ​ ឬ​ការ​ផ្ញើ​សារ​ត​គ្នា​ អាច​បាន​ទៅ​ដល់​អ្នក​បោះ​ឆ្នោត។ យើង​មិន​ចង់​​ឲ្យ​​​​ពួក​គាត់​បោះ​ឆ្នោត​គាំ​ទ្រ​យើង​ទេ​ តែ​យើង​ចង់​ឲ្យ​គេ​ពិនិត្យ​ភាពយន្ត​ចេញ​ពី​ប្រទេស​ដ៏​តូច​តាច​ ដូច​យើង​ ដោយ​យក​ចិត្ត​ទុកដាក់។ ក្រោយ​មើល​ហើយ​ ពួក​គាត់​ស្រលាញ់​ ឬ​មិន​ស្រលាញ់​ បោះ​ឆ្នោត​ឲ្យ​ ឬ​មិន​បោះ​ឲ្យ​ ស្រេច​តែ​គាត់​ទៅ​ វា​ជា​សេរី​ភាព​របស់​អ្នក​បោះ៕

អត្ថបទ៖ មាស រ័ត្ន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: