បាត់ដំបង​ និង​សក្តានុពលនៃ​វិស័យទេសចរណ៍ និង​វប្បធម៌

សប្បាយៈសារព័ត៌មាន​អារ៉ាប​រួម​ The National ​បាន​ឲ្យ​រហស្សនាម​ខេត្ត​បាត់ដំបង​ តាម​រយៈ​ការ​ចេញ​ផ្សាយ​អត្ថបទ​ខ្លួន​នៅ​ថ្ងៃ​ទៅ​១៦​ ខែ​មករា​ ថ្មី​ៗ​នេះ​ថា​ ជា​ទីក្រុង​ទិសដៅ​ដែល​ភ្ញៀវ​ទេសចរណ៍​តែង​ទៅ​ស្វែង​យល់​ពី​វប្បធម៌។

សារព័ត៌មាន​ដែល​ផ្សាយ​ទូទាំង​អារ៉ាប​រួម​​​មួយ​នេះ​បាន​បញ្ជាក់​ថា​ ខេត្ត​បាត់ដំបង​មាន​អគារ​សល់​ពី​សម័យ​អាណានិគមនិយម​បារាំង​​​ដ៏​ស្រស់​ស្អាត​ ស្ទឹង​សង្កែ​មាន​ទឹក​ពណ៌​កាហ្វេ​ ផ្ទះ​ឈើ​នៅ​ជុំ​វិញ​ក្រុង​ដ៏​ទាក់​ទាញ​ ជា​ពិសេស​ប្រាសាទ​បុរាណ​បាក់បែក​នានា​ក្នុង​ខេត្ត​នេះ​ បិទ​បាំង​ដោយ​ដើម​ឈើ​យ៉ាង​ស្រស់​ប៉ប្រិម។

The National ​ក៏​បាន​បញ្ជាក់​ថា​ ដោយសារ​ខេត្ត​បាត់ដំបង​ស្ថិត​នៅ​ចំណុច​កណ្ដាល ​រវាង​រាជ​ធានី​បាងកក​ និង​រាជ​ធានី​ភ្នំពេញ​ ដូច្នេះ​មាន​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ ដែល​ធ្វើ​ដំណើរ​រវាង​រាជ​ធានី​ទាំង​ពី​ បាន​ឈប់​សម្រាក​នៅ​ខេត្ត​នេះ​ ដើម្បី​ជិះ​ណូរី​មើល​ទេសភាព​វាល​ស្រែ​ ភ្លក់​អាហារ​ ឬ​កាហ្វេ​តាម​ភោជនីយដ្ឋាន​​មាន​ខ្យល់​អាកាស​ល្អ​  ទស្សនា​ពិព័រណ៍​សិល្បៈ​ដ៏​សម្បូរ​បែប​ និង​កម្សាន្ត​​ជា​មួយ​បទ​ចម្រៀង​ដ៏​ពីរោះ។

លោក​ ឌឿម​ សុវណ្ណ ​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់​ដំបង​ ឲ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​លេង​នៅ​ខេត្ត​នេះ​ ចូល​ចិត្ត​មើល​សំណង់​បេតិកភណ្ឌ​នៅ​ផ្លូវ​លេខ​១​ ផ្លូវ​លេខ​២​ និង​ផ្លូវ​លេខ​៣​ ព្រមទាំង​អគារ​សាលា​ខេត្ត។ ក្រៅ​ពី​នេះ​ គេ​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ មើល​វាល​ស្រែ​ មើល​សត្វ​ស្លាប​នៅ​តំបន់​ព្រែក​ទាល់​ និង​មួយ​ទៀត​ដែរ​ គឺ​ទៅ​ជិះ​ណូរី​លេង។

ប្រធាន​មន្ទីរ​បេតិកភណ្ឌ​ខេត្ត​បាត់ដំបង​ លោក​ គឹម សោភ័ណ្ឌ​ បាន​ប្រាប់​ថា​ សារមន្ទីរ​ដ៏​តូច​មួយ​ក្នុង​ខេត្ត​បាត់ដំបង​នេះ​ ក៏​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​បរទេស​ ចូល​ទៅ​មើល​​រូប​ចម្លាក់​ ក្បាល​អ្នក​តា​ ផ្ដែរ​ ឬ​ហោជាង​ប្រាសាទ​ និង​វត្ថុ​បុរាណ​ផ្សេង​ៗ​ទៀត​ ដែល​តម្កល់​ឲ្យ​ទស្សនា​ ក្នុង​មួយ​ឆ្នាំ​ៗ​ ប្រហែល​ជាង​១០០០​នាក់​ដែរ។

មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​បាត់​ដំបង​នេះ​ លោក​​ បូរ៉ា​ ឲ្យ​ដឹង​ថា​ វា​ដូច​អ្វី​ដែល​សារព័ត៌មាន​បរទេស​នោះ​​បាន​លើក​ឡើង​អីចឹង​ គឺ​ភ្ញៀវ​ទេសចរណ៍​ដែល​លោក​និយម​ជូន​ដើរ​ទស្សនា​នៅ​ខេត្ត​នេះ​ បាន​ប្រាប់​លោក​ថា​ គេ​ចង់​ទៅ​​មើល​សំណង​សល់​ពី​សម័យ​អាណានិគមនិយម​បារាំង​ ជិះ​ណូរី​ មើល​ពិព័រណ៍​ ទស្សនា​សៀក​ ទៅ​ភ្លក់​ស្រា​ទំពាំង​បាយ​ជូរ ឬ​ទៅ​ទស្សនា​សត្វ​ស្លាប​នៅ​តំបន់​ព្រៃ​លិច​ទឹក​ជា​ដើម។

លោក​ បូរ៉ា​ យល់​ថា​ ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​របស់​អារ៉ាប​រួម​នេះ​ នឹង​ជួយ​បង្កើត​ភ្ញៀវ​ទេសចរណ៍​មក​លេង​​ខេត្ត​បាត់​ដំបង​កាន់​តែ​ច្រើន​ ជា​ពិសេស​ភ្ញៀវ​មក​ពី​សហគមន៍​អារ៉ាប​រួម​​នោះ​តែ​ម្ដង៕

អត្ថបទ៖ មាស រ័ត្ន

(អត្ថបទដកស្រង់ពីគេហទំព័រសប្បាយ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: