តើ​បេតិកភណ្ឌ​ពិភពលោក​គឺ​ជា​អ្វី?

ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី
ដោយអ្នកស្រី កែវពេជ្រ មេត្តា
(រូបភាព៖ Internet)
2013-06-19
ប្រទេស​កម្ពុជា​កំពុង​ទទួល​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដោយ​មាន​បណ្ដា​ប្រទេស​ផ្សេងៗ​ជាង ១២០​ប្រទេស​មក​ចូល​រួម។

Angkor Wat Temple

តើ​ការ​បញ្ចូល​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា បាន​ទទួល​ផលប្រយោជន៍ ឬ​ចំណេញ​បាន​អ្វី​ខ្លះ ហើយ​បេតិកភណ្ឌ​ពិភពលោក​មាន​អត្ថន័យ​សារសំខាន់​យ៉ាង​ដូច​ម្ដេច​សម្រាប់​ មនុស្ស​ជាតិ?

Khmer dancers

អ្នក​សិក្សាស្រាវជ្រាវ​វប្បធម៌​បាន​បញ្ជាក់​ថា បេតិកភណ្ឌ​ពិភពលោក គឺ​ជា​អ្វីៗ​ដែល​ជា​វត្ថុ​រូបិយ​និង​អរូបិយ​របស់​មនុស្ស​ជាតិ ទាំង​វប្បធម៌​និង​ធម្មជាតិ។ ចំពោះ​សម្បត្តិ​វប្បធម៌​រូបិយ គឺ​ជា​សំណង់​ផ្សេងៗ ដូច​ជា​ប្រាសាទ​បុរាណ ឬ​វត្ត​អារាម ។ល។ រី​ឯ​សម្បត្តិ​វប្បធម៌​អរូបិយ​វិញ រួម​មាន​សិល្បៈ របាំ ផង​ទាំង​ឡាយ ដូចជា​របាំ​បុរាណ របាំ​អប្សរា ជាដើម។

សម្រាប់​សម្បត្តិ​វប្បធម៌​ជា​បេតិកភណ្ឌ​ជាតិ គេ​បាន​ចាត់​ទុក​ថា គឺ​ជា​របស់​មួយ​មាន​តម្លៃ​ខ្លាំង​ណាស់ មិន​អាច​កាត់​ថ្លៃ​បាន ពីព្រោះ​វត្ថុ​ទាំង​អស់​នោះ​គឺ​ជា​តំណាង​ឲ្យ​អត្តសញ្ញាណ ឬ​ជា​ដួង​ព្រលឹង​របស់​ជាតិ​សាសន៍​នីមួយៗ។

ចំណែក​ឯ​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​វិញ ក៏​គេ​ចាត់​ទុក​ថា ជា​វត្ថុ​មួយ​ដ៏​ខ្ពង់ខ្ពស់ និង​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន​ដែរ ពីព្រោះ​វត្ថុ​នេះ​គឺ​ជា​កេរមរតក​របស់​មនុស្ស​ជាតិ​ជំនាន់​មុនៗ ដែល​បាន​កសាង​ទុក​មក​ជា​យូរ​អង្វែង។

លោក​បណ្ឌិត ចិន្ត ច័ន្ទរតនា អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌ និង​ជា​ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ច្បាប់​ផ្នែក​សម្បត្តិ​វប្បធម៌​ដែល​គេ​អាច​ហៅ​ថា បេតិកភណ្ឌ​បាន គឺ​វត្ថុ​នោះ​មាន​អាយុ​ចាប់​ពី ៥០​ឆ្នាំ​ឡើង​ទៅ៖ «គឺ​បាន​ន័យ​ថា អ្វី​ដែល​សំខាន់​សំដៅ​ទៅ​លើ​រឿង​វប្បធម៌ អារ្យធម៌ ជំនឿ ប្រពៃណី ទំនៀម​ទម្លាប់ ប្រសាទ​បុរាណ​ស្អីៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ដែល​បន្សល់​ទុក​តាំង​ ពី​សម័យ​មុន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ហើយ​ដែល​តម្លៃ​ដែល​គេ​ឲ្យ​ទៅ​លើ​បេតិកភណ្ឌ​ហ្នឹង គឺ​គេ​ឲ្យ​តម្លៃ​ដោយសារ​ទៅ​លើ​អាយុកាល ដោយសារ​ទៅ​លើ​ភាព​ចំណាស់ ដោយសារ​ទៅ​លើ​តម្លៃ​មាន​តែ​មួយ​មិន​អាច​កាត់​ថ្លៃ​បាន ដែល​មនុស្ស​ពី​ជំនាន់​ដើម​ហ្នឹង​គឺ​លោក​ខំ​ប្រឹង​ថែ​រក្សា​ទុក​ឲ្យ​កូន​ចៅ​ ជំនាន់​ក្រោយ»

shadow-puppet-performance_720x295

ដោយ​យល់​ឃើញ​ថា សម្បត្តិ​វប្បធម៌ ឬ​បេតិកភណ្ឌ​ទាំង​អម្បាលមាណ​នោះ​មាន​សារសំខាន់ ទើប​សព្វ​ថ្ងៃ​នេះ​បណ្ដា​ប្រទេស​ផ្សេងៗ ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង បាន​ប្រឹងប្រែង​ការពារ និង​រក្សា​ទុក​ឲ្យ​បាន​គង់វង្ស​សម្រាប់​ជាតិ​សាសន៍​តៗ​ជំនាន់ ឬ​សម្រាប់​មនុស្ស​ជាតិ​ត​ទៅ​ថ្ងៃ​មុខ។ តួ​យ៉ាង​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ នៅ​ទីក្រុង​ភ្នំពេញ គេ​ឃើញ​មាន​កិច្ច​ប្រជុំ​មួយ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​ ៣៧ ស្ដី​អំពី «ការ​ការពារ​បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ»។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន ឬ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​រៀបចំ​សម័យ​ប្រជុំ​ដែល​មាន​រយៈពេល ១២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា និង​មាន​មនុស្ស​ជាង ១.០០០​នាក់ មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ចំនួន ១២១​ប្រទេស​មក​ចូល​រួម។ ប្រទេស​ទាំង​អស់​នោះ គឺ​ជា​សមាជិក​នៃ​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្ដីពី «ការ​ការពារ​បេតិកភណ្ឌ​ពិភពលោក វប្បធម៌ និង​ធម្មជាតិ» នៃ​អង្គការ​អប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ​នៃ​សហប្រជាជាតិ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា យូណេស្កូ (UNESCO)។

ទាក់ទង​នឹង​សម្បត្តិ​វប្បធម៌ ឬ​បេតិកភណ្ឌ​ពិភពលោក​ចំពោះ​ប្រទេស​កម្ពុជា រហូត​មក​ដល់​ពេល​នេះ​បាន​ដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌ ឬ​បេតិកភណ្ឌ​ជាតិ​របស់​ខ្លួន​ចំនួន ៤ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ របាំ​បុរាណ ឬ របាំ​ព្រះរាជទ្រព្យ និង​ល្ខោន​ស្បែក​ធំ។

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៧ ស្ដី​អំពី «ការ​ការពារ​បេតិកភណ្ឌ​ពិភពលោក វប្បធម៌ និង​ធម្មជាតិ» បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក៏​បាន​គ្រោង​នឹង​ដាក់​ប្រាសាទ​បុរាណ​ខ្មែរ​ចំនួន ២ ទៀត គឺ​ប្រាសាទ​កោះកេរ និង​ប្រាសាទ​សំបូរព្រៃគុហ៍។ ប្រការ​ដែល​នាំ​ឲ្យ​កម្ពុជា មាន​គំនិត​បញ្ចូល​សម្បត្តិ​វប្បធម៌​ជាតិ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក ពីព្រោះ​បាន​យល់​ថា នឹង​បាន​ផ្ដល់​ផល​ចំណេញ​ច្រើន។

លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន អនុ​ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ផល​ចំណេញ​នោះ គឺ​កម្ពុជា​អាច​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ និង​បាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ ថា​ជា​ប្រទេស​ដែល​មាន​សម្បត្តិ​វប្បធម៌ អារ្យធម៌​ដ៏​រុង​រឿង​ដែល​មាន​អាយុកាល​ដ៏​ចំណាស់​យូរ​លង់​ជាង​គេ​នៅ​ក្នុង​ ពិភពលោក៖ «ហើយ​ទី​២​ទៀត បើ​កាល​ណា​យើង​ចូល​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ហើយ គឺ​អន្តរជាតិ​គេ​ការពារ។ គេ​មិន​ត្រឹមតែ​ការពារ​ទេ គឺ​ថា គេ​រក​ថវិកា​មក​ជួសជុល​ទៀត។ ឧទាហរណ៍ ប្រាសាទ​ពីរ៉ាមីត ដែល​ល្បីល្បាញ​កសាង​តាំង​ពី ៤០០​ឆ្នាំ​មុន​ដោយ​ស្ដេច​ប៉ារ៉ាអុង នៃ​ប្រទេស​អេហ្សីប។ គេ​បាន​និយាយ​ថា បើ​មិន​បាន​បញ្ចូល​ទៅ​ជា​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​ទេ គឺ​ពេល​ហ្នឹង​ប្រហែល​ជា​ទន្លេ​និល បាន​វ៉ៃ​ផ្ដាច់​ធ្វើ​ឲ្យ​រលំ​ហើយ​អា​ពីរ៉ាមីត​ហ្នឹង។ ប៉ុន្តែ​ដល់​បញ្ចូល​អ៊ីចឹង​ទៅ គេ​ការពារ​បាន គេ​បញ្ចៀស​ទឹក​ទន្លេ​នីល កុំ​ឲ្យ​វា​ខូច​ខាត»

លោក​បន្ត​ថា៖ «ឧទាហរណ៍​មួយ​ទៀត ដូច​ករណី​ព្រះវិហារ​យើង បន្តិច​ទៀត​នៅ​ចុង​ឆ្នាំ​ហ្នឹង ខាង​យូណេស្កូ គេ​ដាក់​ជំនាញ​ការ​គេ​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ការ​ជួសជុល និង​ធ្វើ​ការ​អភិរក្ស​ហើយ។ អ៊ីចឹង​អ្នក​ដែល​ប៉ង​កម្ទេច ប្រល័យ​ឲ្យ​ខ្ទេចខ្ទី​សម្បត្តិ​វប្បធម៌​ចូល​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ ពិភពលោក​ហើយ ​ គឺ​នឹង​ត្រូវ​គេ​ថ្កោលទោស​ហើយ»

preah-vihear-700x325

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​បញ្ចូល​សម្បត្តិ​វប្បធម៌​របស់​ប្រទេស​ឯ​ណា​នីមួយ​ទៅ​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​គោលការណ៍​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក គឺ​ក្នុង​មួយ​ឆ្នាំ​អាច​បញ្ចូល​បាន​តែម្ដង​សម្រាប់​ប្រទេស​១។

អ្នក​នាំ​ពាក្យ​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី ​៣៧ នៅ​ភ្នំពេញ អ្នកស្រី ចៅ ស៊ុនកិរិយា បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​គោលការណ៍​នៃ​ការ​បញ្ចូល​សម្បត្តិ​វប្បធម៌​របស់​ ប្រទេស​នីមួយៗ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ថា ប្រទេស​ទាំង​ឡាយ​នោះ​ត្រូវ​មាន​ឯកសារ​គ្រប់គ្រាន់​បញ្ជាក់​ពី​សម្បត្តិ​ វប្បធម៌ ឬ​សម្បត្តិ​ធម្មជាតិ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់។

អ្នកស្រី ចៅ ស៊ុនកិរិយា៖ «មាន​ទាំង​ផែនទី។ ឥឡូវ​គេ​ទាមទារ​ទាំង​អា​ប្លង់​គ្រប់គ្រង​ទៀត ពីព្រោះ​គេ​ថា មិន​មែន​យើង​ចុះ​បញ្ជី​ហើយ គឺ​យើង​មិន​មែន​ចោល​អ៊ីចឹង​ទេ គឺ​យើង​ត្រូវ​មាន​ប្លង់​គ្រប់គ្រង​ឲ្យ​គេ​តាម​ដាន​ថា យើង​គ្រប់គ្រង​របៀប​ម៉េច ហើយ​គឺ​មុន​នឹង​យក​មក​កន្លែង​បេក្ខភាព​ហ្នឹង គឺ​ឯកសារ​អស់​ហ្នឹង គឺ​មាន​ការ​វាយ​តម្លៃ​ពី​អ្នក​ជំនាញ។ ដែល​គេ​ថា ធម្មជាតិ គឺ​អ្នក​ជំនាញ​ធម្មជាតិ បើ​ខាង​វប្បធម៌ គឺ​អ្នក​ជំនាញ​វប្បធម៌។ ដល់​អ៊ីចឹង​មួយ​ឆ្នាំៗ គេ​អត់​ធ្វើ​ច្រើន​ទេ ដោយសារ​វា​ជជែក​គ្នា​យូរ​ដែរ ជជែក​ជាមួយ​អ្នក​ជំនាញ ជជែក​ជាមួយ​ភាគី​រដ្ឋ​ភាគី​ហ្នឹង»

លោក​បណ្ឌិត​អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៣ នេះ គឺ​មិន​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បញ្ចូល​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ បន្ថែម​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​បាន​ទេ ពីព្រោះ​កម្ពុជា បាន​ទទួល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៧ ពោល​គឺ​មាន​ន័យ​ថា ក្នុង​ឱកាស​នេះ​កម្ពុជា គឺ​ជា​អ្នក​មាន​ភារកិច្ច​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​មក​ចុះ​ឈ្មោះ​បញ្ចូល ​សម្បត្តិ​វប្បធម៌​របស់​គេ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​រក្សា​ទុក​ជា​សម្បត្តិ​មនុស្ស​ជាតិ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពី​កិច្ច​ប្រជុំ​របស់​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន ៩៦២៕

1 Comment

  1. From an official of Ministry of Culture and Fine Arts said,

    July 6, 2013 at 5:58 am

    I would like to correct your mistake if we are experts in Cultural Heritage and we do not understand clearly about heritage as well as you continue to say/write unfair it like this: Angkor is correct, it is not Angkor Wat, was inscribed on the List of World Cultural Heritage on December 14, 1992.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: