សហរដ្ឋ​អាមេរិក​គ្រោង​បញ្ជូន​រូប​ចម្លាក់​មក​កាន់​កម្ពុជា

ញូយ៉ក៖ Kneeling attendant Statue from Koh Kerសារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន (Metropolitan Museum of Art) មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី៣ ខែ​ឧសភា ថា​នឹង​បញ្ជូន​រូប​ចម្លាក់​បុរាណ​ចំនួន​២ មក​អោយ​កម្ពុជា វិញ តាម​ដែល​អាជ្ញាធរ​អះអាង​ថា ចម្លាក់​ទាំង​នោះ​ត្រូវ​គេ​លួច​ចេញ​ពី​ប្រាសាទ​នៅ​ក្នុង​ពេល​កម្ពុជា មាន​សង្គ្រាម​នា​ទសវត្សរ៍​ទី​៧០។

ការ​សម្រេច​យល់ព្រម​ប្រគល់​រូប​ចម្លាក់​បុរាណ​ខ្មែរ​សម័យ​សតវត្សរ៍​ទី១០ ទាំង​ពីរ អោយ​កម្ពុជា វិញ ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​ទាមទារ​របស់​មន្ត្រី​កម្ពុជា និង​ការ​ចរចា​អស់​ជាច្រើន​ខែ។

សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន លោក ថូម៉ាស ខេមបេល (Thomas P. Campbell) បាន​បញ្ជាក់​ថា តាម​ការ​សិក្សា​ដោយ​អ្នក​ជំនាញ​ជាច្រើន​ខែ និង​បាន​រក​ឃើញ​ថា រូប​ចម្លាក់​ទាំង​នោះ គឺ​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រាសាទ​កណ្ដាល​ព្រៃ​នៅ​កម្ពុជា។ លោក ថូម៉ាស ខេមបេល បញ្ជាក់​ថា ការ​យល់ព្រម​ប្រគល់​រូប​ចម្លាក់​មក​អោយ​កម្ពុជា គឺ​ដោយ​ទឹក​ចិត្ត​សប្បុរស និង​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

លោក ថូម៉ាស ខេមបេល៖ «ការ​យល់​ព្រម​ប្រគល់​រូប​ចម្លាក់​ទាំង ២​នេះ គឺ​ជា​សកម្មភាព​ក្នុង​ន័យ​ពង្រឹង​ទំនាក់​ទំនង​ដែល​មាន​ជា​យូរ​មក​ហើយ រវាង​ស្ថាប័ន​នេះ និង​ដៃគូ​នៅ​កម្ពុជា។ ស្រប​គ្នា​នឹង​ការ​រឹត​ចំណង​ទំនាក់​ទំនង​នេះ ក៏​នឹង​បង្កើន​កិច្ច​សហការ​គ្នា​ទៅ​អនាគត»

រូប​ចម្លាក់​ដែល​នឹង​ប្រគល់​មក​អោយ​កម្ពុជា វិញ​នោះ ត្រូវ​លោក ថូម៉ាស ពិពណ៌នា​ថា ជា​ចម្លាក់​មនុស្ស​ប្រុស​អង្គុយ​លត់​ជង្គង់ ឬ​ត្រូវ​លោក​ហៅ​ថា ឆ្មាំ​អង្គុយ​យាម​ធ្វើ​អំពី​ថ្ម​ភក់។ រូប​ចម្លាក់​ទាំង​ពីរ​នោះ​ត្រូវ​ប្រគល់​ជា​អំណោយ​ទៅ​អោយ​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន ជា​បន្តបន្ទាប់ នៅ​ក្នុង​ឆ្នាំ​១៩៩២។ ហើយ​រូប​ចម្លាក់​ទាំង​ពីរ​នោះ ត្រូវ​បាន​ដាក់​តាំង​ក្នុង​សារមន្ទីរ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ មន្ត្រី​កម្ពុជា បាន​ប្រកាស​ទាមទារ​មក​វិញ​នូវ​រូប​ចម្លាក់​ដែល​អះអាង​ថា​ត្រូវ​លួច​ចេញ​ពី​ ប្រាសាទ​កោះកេរ។ ប៉ុន្តែ នៅ​ពេល​នោះ​មន្ត្រី​កម្ពុជា ពុំ​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​ការពារ​អំណះអំណាង​នោះ​ឡើយ។ យ៉ាង​ណា ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ត្រូវ​ប្រគល់​បន្ថែម​ដោយ​អង្គការ​អប់រំ​ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ដែល​បាន​ស្រាវជ្រាវ​ពី​ការ​លួច​រូប​ចម្លាក់​នៅ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ ពី​ការ​យល់ព្រម​ប្រគល់​រូប​ចម្លាក់​មក​អោយ​កម្ពុជា វិញ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី៤ ខែ​ឧសភា។

ប្រធាន​ក្រុម​ស្ថាបនិក​សមាគម​កេរដំណែល​ខ្មែរ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​ប្រាសាទ​កោះកេរ លោក ចិន្ត ច័ន្ទរតនា មាន​ប្រសាសន៍​ថា រូប​ចម្លាក់​នោះ គឺ​អាច​ស្ថិត​ក្នុង​ចំណោម​ចម្លាក់​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​គេ​លួច​ចេញ​ពី​ ប្រាសាទ​ចិន ដែល​ជា​ប្រសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​នៅ​កោះកេរ។ បច្ចុប្បន្ន គឺ​នៅ​សល់​តែ​ជើង​ទម្រ​នៃ​រូប​ចម្លាក់​ទាំង​នោះ​នៅ​សេសសល់។

លោក រតនា បន្ត​ថា រូប​ចម្លាក់​បុរាណ​នោះ គឺ​ស្ថិត​ក្នុង​សាច់​រឿង​តែ​មួយ​ជាមួយ​រូប​ចម្លាក់​មួយ​ដែល​កំពុង​មាន​រឿង​ ក្ដីក្ដាំ​នឹង​សារមន្ទីរ សូថេបប៊ី (Sotheby) ដែល​ក្រុម​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក កំពុង​ប្រឹងប្រែង​ជួយ​កម្ពុជា ក្នុង​ការ​ទាមទារ​មក​វិញ៖ «ខ្ញុំ​ចុះ​ស្រាវជ្រាវ ខ្ញុំ​ឃើញ​ថា មាន​ទម្រ​ចំនួន​៩ ក្នុង​ប្រាសាទ​ចិន ដែល​យក​ចេញ​ពី​ក្លោងទ្វារ​ខាង​លិច គឺ​ជា​ចម្លាក់​នៅ​ក្នុង​រឿង​មហាភារតយុទ្ធ។ រូប​ហ្នឹង គឺ​សាច់​រឿង​ក្នុង​ពេល ភីម និង ទុរយោធន៍ ប្រយុទ្ធ​គ្នា។ ហើយ​រូប​ហ្នឹង គឺ​ជា​ទេព​មិន​ដឹង​ជា​តួអង្គ​ក្នុង​រឿង​ហ្នឹង​ក៏​មិន​ដឹង ដែល​ចូលរួម​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​ហ្នឹង»

បើ​ទោះ​ជា​មាន​សារមន្ទីរ​សិល្បៈ ម៉េត្រូប៉ូលីថេន យល់ព្រម​ប្រគល់​មក​អោយ​កម្ពុជា វិញ​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ថា​នឹង​ប្រគល់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​សារមន្ទីរ​នេះ​បាន​សង្ឃឹម​ថា​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ៕

ដកស្រង់ចេញពីគេហទំព័រវិទ្យុអាស៊ីសេរី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: