យូណេស្កូតាំងពិព័រណ៍បេតិក ភណ្ឌវប្បធម៌នៅសៀមរាប

ដកស្រង់ចេញពីខេបូឌាផេក

ddddddddd

សៀមរាប៖ ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ នៃ​ប្រទេស​កម្ពុជា និង​អង្គការ​យូណេស្កូ (UNESCO) បាន​សម្ពោធ​ការ​តាំង​ពិព័រណ៍​រូបភាព​ស្នាដៃ​សិល្បៈ​វប្បធម៌​បេតិកភណ្ឌ​ ពិភពលោក ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​ប្រទេស​វៀតណាម នៅ​ខេត្ត​សៀមរាប។ពិធី​តាំង​ពិព័រណ៍​ក្រោម​ចំណង​ជើង​ថា “មត៌ក​យើង​ទាំងអស់​គ្នា” គឺ​ក្នុង​គោល​បំណង​បង្ហាញ​ពី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​ រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក រួម​ទាំង​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ផង​ដែរ។

ប្រទេស ​ជប៉ុន បាន​ផ្តល់​មូលនិធិ​ប្រមាណ ២២ ទៅ ២៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក តាម​រយៈ​អង្គការ​យូណេស្កូ ដើម្បី​រៀបចំ​ពិព័រណ៍​ស្នាដៃ​សិល្បៈ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក នៅ​តាម​សារមន្ទីរ​ចំនួន​៩ នៃ​បណ្ដា​ប្រទេស​ចំនួន​៣ ដើម្បី​បង្ហាញ​អ្នក​ទេសចរណ៍ និង​រៀបចំ​កម្មវិធី​អប់រំ​សិស្សានុសិស្ស​ឱ្យ​យល់​ដឹង​អំពី​រឿងរ៉ាវ​ ប្រវត្តិសាស្ត្រ។

ពិធី​តាំង​ពិព័រណ៍ (មត៌ក​យើង​ទាំងអស់​គ្នា) នៅ​ក្នុង​សារមន្ទីរ​ជាតិ​អង្គរ ខេត្ត​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី២៦ ខែ​មេសា កន្លង​ទៅ គឺ​មាន​ប្រធាន​បទ​ចំនួន​៤ ដែល​ទាក់ទង​នឹង​គោល​គំនិត​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ប្រវត្តិ​ទីតាំង និង​តម្លៃ​ជា​សកល​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ អំពី​ធម្មជាតិ និង​ទេវកថា ការ​បង្ហាញ​អំពី​ពាណិជ្ជកម្ម ការ​ផ្លាស់​ប្ដូរ និង​ប្រធាន​បទ​សេរី​ខ្លះ​ទៀត​ទៅ​តាម​សារមន្ទីរ​ចង់​បាន។

រដ្ឋលេខាធិការ ​ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ​របស់​ប្រទេស​កម្ពុជា គឺ​លោក ជុច ភឿន ជា​គណៈអធិបតី​មួយ​រូប​ដែល​បាន​ចូលរួម​កាត់​ខ្សែបូ​សម្ពោធ​ការ​តាំង​ពិព័រណ៍​ នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​តាំង​ពិព័រណ៍​នោះ គឺ​មាន​រូបភាព​ស្នាដៃ​សិល្បៈ​បេតិកភណ្ឌ​ពិភពលោក​មក​ពី​ប្រទេស​ចំនួន​៣ មាន​កម្ពុជា ឡាវ វៀតណាម មក​ដាក់​បង្ហាញ​រួម​គ្នា។

លោក ជុច ភឿន បាន​មាន​ប្រសាសន៍​ថា សិល្បៈ​ចម្លាក់​ថ្ម និង​វត្ថុ​ប្រើប្រាស់​សម័យ​បុរាណ​នៃ​ប្រទេស​ទាំង​៣ ដែល​គេ​បាន​ដាក់​បង្ហាញ​នោះ គឺ​យក​ចេញ​ពី​តំបន់​ដែល​បាន​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​រួច​ហើយ។ ចំណែក​នៅ​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​សម្បូរ​បែប​នៃ​កេរដំណែល​ទាំង​នេះ ដោយ​គ្រាន់​តែ​តំបន់​អង្គរ គឺ​មាន​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន​រហូត​ដល់​ទៅ ៨០០ ក៏ប៉ុន្តែ​អ្វី​ដែល​យក​មក​តាំង​ពិព័រណ៍​ពេល​នេះ គឺ​ច្បិច​យក​តែ​រូបភាព​ណា​ដែល​ល្អៗ។

លោក ជុច ភឿន៖ «ដូចជា​គ្រុឌ ដែល​មាន​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​ហ្នឹង គឺ​ថា​សម័យ​កោះកែរ។ យើង​ឃើញ​មាន​ព្រះ​គោ មាន​រូប​ប្រាសាទ​អង្គរវត្ត មាន​រូប​ភ្នំ​គូលែន ទឹក​ធ្លាក់​នៅ​ភ្នំ​គូលែន ហើយ​និង​ព្រះវិហារ។ យើង​ហើយ​នៅ​ទី​នេះ ហើយ​ប្រទេស​វៀតណាម គេ​យក​សិល្បៈ​ឌីសឺង។ ឈ្មោះ​ឌីសឺង​ហ្នឹង គឺ​ជា​ឈ្មោះ​វៀតណាម ទេ ប៉ុន្តែ​នៅ​ទីនោះ​មាន​សិល្បៈ​ចាម។ ដល់​វត្ត​ភូ នៅ​ឡាវ នោះ ទឹកដី​ខ្មែរ​យើង​ពី​ដើម ឥឡូវ​វា​ជា​ទឹកដី​របស់​ឡាវ គេ​មាន​ប្រាសាទ​ដែរ ហើយ​គេ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ហើយ​ដែរ»

លោក ហ្វីលីព ដឺឡង់ហ្គ៍ (Philippe Delanghe) ជា​ប្រធាន​ផ្នែក​វប្បធម៌​របស់​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​តាំង​ពិព័រណ៍​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​នៅ​តាម​សារមន្ទីរ ៩​កន្លែង​ក្នុង​ប្រទេស​ចំនួន​៣ នេះ គឺ​ចង់​ឱ្យ​មាន​ការ​យល់​ដឹង​ថា តើ​អនុសញ្ញា​នៃ​បេតិកភណ្ឌ​ពិភពលោក​មាន​តួនាទី​យ៉ាង​ណា? បាន​ធ្វើ​អ្វី​ខ្លះ? ហើយ​តើ​វប្បធម៌​ដែល​មាន​នៅ​ក្នុង​ប្រទេស​ទាំង​បី​នោះ មាន​ការ​ទាក់ទង​គ្នា​យ៉ាង​ណា?

លោក ហ្វីលីព ដឺឡង់ហ្គ៍៖ «បើ​ទោះ​បី​ ជា​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទៅ​ ទស្សនា​អង្គរវត្ត​កម្ពុជា ទៅ​មើល​សារមន្ទីរ​ថាងឡុង នៃ​ប្រទេស​វៀតណាម ឬ​ក៏​ខ្លះ​ទៅ​មើល​វត្ត​ភូ នៅ​ឡាវ ដោយ​មិន​បាន​ដើរ​គ្រប់​ប្រទេស​ទាំង​បី​ក៏ដោយ ក៏​ការ​តាំង​ពិព័រណ៍​បែប​នេះ ខ្ញុំ​ជឿ​ថា ជា​ការ​ត​ភ្ជាប់​គ្នា​មួយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទាំង​នោះ​បាន​មើល​ឃើញ​ ប្រាសាទ​ព្រះវិហារ និង​ស្នាដៃ​សិល្បៈ​វប្បធម៌​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ។ ការ​មើល​ឃើញ​នេះ ដោយសារ​តែ​ការ​តាំង​ពិព័រណ៍​ដែល​ធ្វើ​ឱ្យ​ឃើញ​នូវ​ភាព​ជិត​គ្នា»

ចាប់ ​តាំង​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១១ មក ប្រទេស​ទាំង​៣ និង​អង្គការ​យូណេស្កូ បាន​រៀបចំ​សិក្ខា​សាលា​ចំនួន​បី​លើក​អំពី​ពិព័រណ៍​បេតិកភណ្ឌ​ពិភពលោក​នៅ​ ប្រទេស​កម្ពុជា វៀតណាម ឡាវ នេះ ដោយ​ការ​តាំង​ពិព័រណ៍​បាន​ចាប់​ផ្ដើម​ជា​បន្តបន្ទាប់​នៅ​តាម​សារមន្ទីរ​ ចំនួន​៩ ក្នុង​ប្រទេស​ទាំង​បី។ ការ​តាំង​ពិព័រណ៍​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​គឺ​ជា​គម្រោង​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​សារមន្ទីរ​តាម ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: