ស្ថានីយ៍បុរាណនៅក្នុង​តំបន់ប្រាសាទបន្ទាយឆ្មារ

ជុំវិញប្រាសាទបន្ទាយឆ្មារ ជាភូមិស្ដុកស្តម្ភ និងមានមនុស្សច្រើនយូរលង់ហើយ

អត្ថបទ និង​រូបភាពដកស្រង់ចេញគេហទំព័រ Cambodian Express News (CEN)

(ថ្ងៃទី 26 ធ្នូ 2012, ម៉ោង 08:37:AM) | ដោយ: សូផុន

តំបន់​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ បាន​រកឃើញ​ផ្នូរ​សព​បុព្វបុរស​ខ្មែរ ៣ និង​វត្ថុ​បុរាណ​មានតម្លៃ ជា​បន្លុង​សព កប់​ជាមួយ​ជាច្រើន​ធ្វើ​ពី​កុលាលភាជន៍ លោហធាតុ អង្កាំ

grave-old-ancient_khmer_cen1

បន្ទាយមានជ័យ: ពួក​អ្នក​វប្បធម៌ និង​បុរាណ​វិទ្យា អះអាងថា ជុំវិញ​តំបន់​រមណីយដ្ឋាន​បុរាណ​ប្រាសាទបន្ទាយឆ្មារ ជា​ភូមិឋាន សហគមន៍ ដ៏​ធំ​ស្ដុកស្តម្ភ រុងរឿង និង​មាន​មនុស្ស​រស់នៅ​យ៉ាងច្រើន ពី​យូរលង់​ហើយ ពោល​គឺមាន​ចំណាស់​យ៉ាងយូរ មុន​ប្រាសាទបន្ទាយឆ្មារ ដែលជា​ស្នា​ព្រះហស្ដ​ព្រះបាទ​ជយ​វ​រ័​ន្ម​ទី​៧ ចុង​សតវត្សរ៍​ទី​១២ មកម្ល៉េះ​។​
​    ​
​លោក ហេង សុ​ផា​ឌី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​គេហទំព័រ CEN ថ្ងៃទី​២៥ ធ្នូ នេះ​ថា ភ័ស្តុតាង​ក្រោយ​កំណាយ​សង្គ្រោះនៅ​ស្ថានីយបុរាណ​គោក​ទ្រាស ឦសាន​ជាង​៥​គីឡូម៉ែត្រ តំបន់​ប្រជុំជន​ឃុំ​បន្ទាយឆ្មារ និង​តំបន់​រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ បាន​រកឃើញ​ផ្នូរ​សព​បុព្វបុរស​ខ្មែរ ៣ និង​វត្ថុ​បុរាណ​មានតម្លៃ ជា​បន្លុង​សព កប់​ជាមួយ​ជាច្រើន​ធ្វើ​ពី​កុលាលភាជន៍ លោហធាតុ អង្កាំ​។ វត្ថុ​បុរាណ​ជា​បេតិកភណ្ឌ​ទាំងនោះ មានតម្លៃ​ណាស់​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ចងក្រង​ឯកសារ​បុរាណ ដើម្បី​ការយល់ដឹង​ជា​សាធារណៈ​ទៅ​អនាគត​។​
​    ​
grave-old-ancient_khmer_cen
​លោក ហេង​សុ​ផា​ឌី និយាយ​បន្តថា វត្ថុ​បុរាណ និង​ផ្នូរ​សព​ទាំងនោះ សរ​បញ្ជាក់​ឲ្យឃើញថា តំបន់​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ​ជា​ភូមិឋាន​សហគមន៍​ដ៏​ធំ មាន​មនុស្ស​ច្រើន មានទ្រព្យ​ស្តុកស្តម្ភ​ មាន​វិជ្ជា​ផលិត​វត្ថុ​ប្រើប្រាស​វត្ថុ​សក្ការៈ អលង្ការ ពោលគឺ ចាស់​ជាង ឬ​មុន​រាប់រយ​ពាន់​ឆ្នាំ នៃ​ការកសាង​ប្រាសាទបន្ទាយឆ្មារ​។​
​    ​
​តាម​ការប្រៀបធៀប​នូវ​វត្ថុ ​បុរាណ និង​អដ្ឋិធាតុ​ក្នុង​កំណាយ​នេះ ធៀប​នឹង​កំណាយ​នៅ​ភូមិ​ស្នាយ ស្រុក​ព្រះនេត្រព្រះ , នៅ​ភូមិ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​ភូមិ​វិហារ ខេត្តព្រៃវែង នៅ​កំពង់ចាម … គឺ​ផ្នូរ​សព និង​វត្ថុ​បុរាណ​នៅ​ជុំវិញ​ប្រាសាទបន្ទាយឆ្មារ មាន​ចំណាស់​២០០០-២៥០០​ឆ្នាំ​មកហើយ​។ ហេតុនេះ ទាំង​អ្នក​បន្ទាយឆ្មារ និង​អ្នក​ខេត្តបន្ទាយមានជ័យ ត្រូវមាន​មោទនភាព​នឹង​ភាពចំណាស់​និង​អារ្យធម៌​រុងរឿង​ពី​បុរាណ​របស់ខ្លួន ហើយ​រួមគ្នា​ទប់ស្កាត់​បង្ក្រាប​បទ​ល្មើសលួច​ជីក​កកាយ​លួច​ប្លន់​វត្ថុ​ បុរាណ​មានតម្លៃ និង​បំផ្លាញ​អដ្ឋិធាតុ​បុព្វបុរស ដើម្បី​កុំឲ្យ​វិញ្ញាណក្ខន្ធ​បុព្វបុរស ដាក់​បណ្ដាសា និង​កុំឲ្យ​ប្រឈម​នឹង​ច្បាប់​។​
​    ​
​លោក វឿន វុទ្ធី អនុប្រធាននាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិសាស្ត្រ ក្រសួង​វប្បធម៌ ប្រាប់​គេហទំព័រ CEN ដែរ​ថា កំណាយ​សង្គ្រោះ​តាម​បច្ចេកទេស​នៅ​គោក​ទ្រាស ដែលជា​ចំណុច​មួយ ត្រូវ​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥៦  វាង​តំបន់​ប្រជុំជន និង​ប្រាសាទបន្ទាយឆ្មារ​ប្រវែង​១១​គីឡូម៉ែត្រ​ឆ្លងកាត់​ពី​ទី​លើ​នោះ ដើម្បី​យក​អដ្ឋិធាតុ និង​អដ្ឋិធាតុ​បុព្វបុរស​ចេញ ហើយ​ចងក្រង​ឯកសារ​ទុក សម្រាប់​ការយល់ដឹង​ជា​សាធារណៈ​ទៅ​អនាគត​។​
​    ​
​គួររម្លឹកថា ចំណុច​គោក​ទ្រាស​នេះ និង​ចំណុច​ទួល​បុរាណ ទួល​កប់​សព​បុព្វបុរស​ច្រើន​កន្លែង​នៅ​ឃុំ​បន្ទាយឆ្មារ , ថ្មពួក , ភូមិ​ថ្មី , គោក​រមៀត ស្រុក​ថ្មពួក នៅ​ឃុំ​សូ​ភី , ឃុំ​សំរោង ​ស្រុក​អូរជ្រៅ , នៅ​ឃុំ​តា​ផូ​រ , ឃុំ​ទ្រាស​ ស្រុក​ស្វាយចេក , នៅ​ឃុំ​រហាល ​ស្រុក​ព្រះនេត្រព្រះ , នៅ​ឃុំ​ប៉ោយចារ និង​ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក , នៅ​ឃុំ​បេង , ឃុំ​គោក​មន , ឃុំ​អម្ពិល ស្រុក​ឧ​ត្ត​រ​មានជ័យ ធ្លាប់​រង​នូវ​ការ​លួច​ជីក​កកាយ បំផ្លាញ​អដ្ឋិធាតុ និង​លួច​ប្លន់​វត្ថុ​បុរាណ​កប់​ជាមួយ (​បន្លុង​សព​) តាំងពី​ឆ្នាំ​២០០០​មក រហូតដល់​ឆ្នាំ​២០១២ នេះ​ដោយ​អន្លើ​។​
​តែមាន​ការទប់ស្កាត់​ប​ង្ក្រា​ប​បន្តបន្ទាប់​ដែរ ទោះជា​ជន​ទុច្ចរិត​មិន​រាងចាល​ក្ដី​។​
​    ​
grave-old-ancient_khmer_cen3
លោក វ៉ែន សំ​អូន មេឃុំ​បន្ទាយឆ្មារ ប្រាប់​គេហទំព័រ CEN ថា ជន​ទុច្ចរិត​លួច​ជីក​កកាយ​បំផ្លាញ​ឆ្អឹង​ខ្មោច​ដូនតា និង​ប្លន់​វត្ថុ​បុរាណ​បន្លុង​សព​ច្រើន​ធ្វើ​នៅ​ទួល​បុរាណ និង​កប់​សព​ក្នុងព្រៃ​ឆ្ងាយ , នៅពេល​យប់​និង​រដូវវស្សា ដែល​កងកម្លាំងនិង​សមត្ថកិច្ច​ពិបាក​ទប់ស្កាត់ បង្ក្រាប ទើប​ចេះតែមាន​បទល្មើស​លើ​ករណីនេះមាន​បន្តបន្ទាប់​ទៀត​។​
​    ​
​លោក វ៉ែន សំ​អូន អំពាវនាវ​ឲ្យ​គ្រប់គ្នា​ចូលរួម​ទប់ស្កាត់​បង្ក្រាប​បទល្មើស​លើ​ទួល​បុរាណ , ទួល​កប់​សព និង​វត្ថុ​បុរាណ ឲ្យបាន​ដាច់ខាត ​ហើយ​អាជ្ញាធរ និង​ពលរដ្ឋ ឃុំ​បន្ទាយឆ្មារ មាន​មោទនភាព​ណាស់​ពេល​ដឹង​បន្ថែមថា នៅ​ជុំវិញ​ប្រជុំជន​ឃុំ និង​តំបន់​ប្រាសាទបន្ទាយឆ្មារ ជា​ភូមិឋាន​ធំ​មនុស្ស​ច្រើន​ស្តុកស្តម្ភ មាន​អារ្យធម៌​រុងរឿង​នោះ ពោលគឺមាន​អំនួត​នឹង​ភាពចំណាស់ និង​វប្បធម៌​សង្គម​ធម៌​របស់ខ្លួន ។​
​    ​
​គួរ​បញ្ជាក់ដែរថា ថ្ងៃទី​២៤ ធ្នូ ប្រតិភូ​ខេត្ត​មួយក្រុម​ដឹកនាំ​ដោយ​លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ , លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​ចុះទៅពិនិត្យ​ការដ្ឋាន​កំណាយ​សង្គ្រោះ នៅ​គោក​ទ្រាស​នោះ ​ហើយ​ចាប់អារម្មណ៍​នូវ​អដ្ឋិធាតុ និង​វត្ថុ​បុរាណ​មានតម្លៃ ហើយ​អំពាវនាវ​ឲ្យ​គ្រប់គ្នា ថែរក្សា​ការពារ​ទួល​កប់​សព​ដទៃទៀត​។​
​    ​
​ ក្រុមការងារ​វប្បធម៌ និង​បុរាណវិទ្យា​នេះ បាន​មូលនិធិ​ពី​រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ​ទូត​ខ្លួន​ប្រចាំ​ក្រុងភ្នំពេញ , សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ និង គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា , ក្រសួង​វប្បធម៌ ទើបបាន​ធ្វើ​កំណាយ​នេះ​។
​    ​
​កំណាយ ៧​រណ្ដៅ (១​រណ្ដៅ​ទំហំ ៨​ម៉ែត្រការ៉េ​) ត្រូវបាន​ជីក​ចំ​ត្រង់​រណ្ដៅ​ចាស់ ក្រហេងក្រហូង ដែល​ជន​ទុច្ចរិត​បាន​លួច​ជីក​កកាយ​ខុសច្បាប់ បន្តបន្ទាប់​កន្លងមក​៕ S​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: