ទស្សនាវដ្តីផ្នែកវប្បធម៌ “កេរដំណែលខ្មែរ” បានចេញផ្សាយជា​សាធារណៈហើយ

ភ្នំពេញៈ ទីបំផុត​ ទស្សនាវដ្តីកេរដំណែលខ្មែរ​ លេខ២ ត្រូវបានបោះពុម្ពផ្សាយជាសាធារណៈ នាថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ២០១២​ ស្របពេលវេលានាថ្ងៃចុងក្រោយរបស់កិច្ច​ប្រជុំកំពូលអាស៊ានលើកទី២១ និង​កិច្ចប្រជុំកំពូលដែលពាក់ព័ន្ធនានា។ ទស្សនាវដ្តីកេរដំណែលខ្មែរ​អាចបោះពុម្ពផ្សាយជាផ្លូវការក្រោម​ការ​ឧបត្ថម្ភទាំងស្រុងពីសំណាក់ឯកឧត្ត​ម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងជាប្រធាន​កិត្តិយសនៃមូលនិធិកេរដំណែលខ្មែរ និង​លោកជំទាវ។ ដើម្បីជាកិច្ច​ស្វាគមន៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមក្នុង​កិច្ច​ប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ទស្សនាវដ្តីជាច្រើនរយច្បាប់ត្រូវ​បាន​យកទៅដាក់នៅក្នុង​មជ្ឈមណ្ឌលព័ត៌មាន នៃបរិវេណកន្លែង​ប្រជុំកំពូល នៅទីស្តីការគណៈរដ្ឋមន្ត្រី។ (ចំពោះរូបភាពនៃ​ការចេញផ្សាយទស្សនាវដ្តី កេរដំណែលខ្មែរ លេខទី២ សូមចុច)

ខាង​ក្រោមនេះ គឺ​ជាសារលិខិត​ជូនពររបស់ឯកឧត្តមរដ្ឋមន្ត្រី ខៀ​វ កាញារីទ្ធ នៅក្នុង​ឳកាសនៃ​ការចេញផ្សាយទស្សនា​វដ្តីកេរដំណែលខ្មែរលេខទី ២ ឆ្នាំ២០១២។


H.E Khieu Kanharith, minister of Information, honorary president of KDNK Founation, reads Kerdomnel Khmer Magazine.

This slideshow requires JavaScript.

——————————-
សារលិខិតស្វាគមន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិតិ្តយសមូលនិធិកេរដំណែលខ្មែរ
សម្រាប់ការចេញផ្សាយនូវទស្សនាវដ្តី “កេរដំណែលខ្មែរ” លេខទី២

នៅក្នុងពេលដែលកម្ពុជាកំពុងតែបំពេញតួនាទីជាប្រធាន និងជាម្ចាស់ផ្ទះសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ ខ្ញុំមានកិតិ្តយសសូមណែនាំជូនថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសប្អូនៗ ក្មួយៗយុវជនដែលជាទំពាំងស្នងឬស្សីនូវ យុវជនស្ថាបនិកនៃ “មូលនិធិកេរដំណែលខ្មែរ” ដែលមានឆន្ទៈ និងទឹកចិត្តស្រឡាញ់ការសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ និងអារ្យធម៌ខ្មែរ ដែលបានរួមគ្នាចងក្រង និងបោះពុម្ពផ្សាយចេញជាទស្សនាវដ្តី “កេរដំណែលខ្មែរ” ដែលជាទស្សនាវដ្តីផ្នែកវប្បធម៌ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរ ដែលចាប់តាំងពីរបបខ្មែរក្រហមបានដួលរំលំនៅក្នុងឆ្នាំ១៩៧៩ យើងបានរៀបចំហេត្ថារចនាសម្ព័ន្ធសង្គមលើគ្រប់វិស័យចេញពីចំណុចសូន្យ ជាពិសេសគឺការបណ្តុះធនធានមនុស្សដែលការងារនេះយើងជួបប្រទះនូវការលំបាកជាច្រើន ហើយរហូតមកដល់ពេលនេះកម្ពុជាកំពុងតែឈានឡើងជាបណ្តើរៗទាំងការអភិវឌ្ឍន៍ជាតិ និងធនធានមនុស្ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា ភិបាល។ ក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ ដែលសុទ្ធសឹងតែជាយុវជន បាន និងកំពុងធ្វើសកម្មភាពជាច្រើនតាមរយៈកម្មវិធី និងបេសកកម្មក្នុងការជួយផ្សព្វផ្សាយ អប់រំ លើកស្ទួយ ការពារ និងថែរក្សាសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ ដែលទង្វើទាំងនេះក៏បានរួមចំណែកជួយដល់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋខ្មែរបានស្វែងយល់ និងស្គាល់អំពីតម្លៃវប្បធម៌ជាតិ។ តាមរយៈសៀវភៅទស្សនាវដ្តី “កេរដំណែលខ្មែរ” ដែលលោកអ្នកកំពុងកាន់អាននឹងដៃនេះ ខ្ញុំសង្ឃឹមថាលោកអ្នកនឹងបានទទួលនូវចំណេះដឹងបន្ថែមលើការសិក្សាផ្នែកបុរាណវិទ្យា វប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ល្ខោន តន្ត្រី និងភាពយន្តទេសចរណ៍ ព្រមទាំងរបកគំហើញថ្មីៗនៃការសិក្សាស្រាវជ្រាវលើផ្នែកបុរាណវិទ្យា នៅក្នុងប្រទេសកម្ពុជាយើង ក៍ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាយុវជនខ្មែរជំនាន់ក្រោយនឹងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីបម្រើជាតិមាតុភូមិ ជាពិសេសគឺត្រូវស្វែងយល់នូវដើមកំណើតនៃវប្បធម៌របស់ខ្មែរ ដើម្បីរួបរួមគ្នាក្នុងការកសាងព្រះរាជាណាចក្រកម្ពុជា អោយឈានទៅរកការអភិវឌ្ឍន៍ដូចជាប្រទេសនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឳកាសដ៏មានអត្ថន័យនៃការចេញផ្សាយនូវទស្សនាវដ្តី “កេរដំណែលខ្មែរ” លេខ២ នេះ ខ្ញុំក៏សូមអំពាវនាវដល់ស្ថាប័នរដ្ឋ និងឯកជន ស្ថានទូតនានា អង្គការក្រៅរដ្ឋាភិបាល ប្រធានក្រុមហ៊ុន សប្បុរសជនជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូមមេត្តារួមចំណែកជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈដល់ មូលនិធិកេរដំណែលខ្មែរ ដើម្បីអាចបន្តនិរន្តភាពលើការងារគម្រោងរបស់ខ្លួនទៅថ្ងៃអនាគតក្នុងបុព្វហេតុស្រាវជ្រាវ ចងក្រងឯកសារ ផ្សព្វ ផ្សាយ លើកស្ទួយ ការពារ និងថែរក្សាសម្បតិ្តវប្បធម៌របស់ជាតិខ្មែរ។ជាទីអវសាន្ត ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយបង្គំដល់ព្រះវិញ្ញាណក្ខ័ន្ធនៃព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវីរមហាក្សត្រ ព្រះវររាជបិតាឯករាជ្យ និងឯកភាពជាតិខ្មែរ សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គបានយាងទៅកាន់សុគតិភព និងឆាប់បានយាងប្រសូតនៅស្ថានទេវលោក។ ទូលព្រះបង្គំជាខ្ញុំ ក៏សូមបួងសូងដល់គ្រប់វត្ថុសក្តិសិទ្ធក្នុងលោក សូមលោកថ្វាយព្រះពរបវរមហាប្រសើរថ្វាយដល់ ព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសូមថ្វាយដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងប្រទេសជាតិទាំងមូល។
ឆ្លៀតក្នុងឳកាសខួបលើកទី ៥៩ នៃទិវាបុណ្យឯករាជ្យជាតិនៃកម្ពុជា ថ្ងៃទី៩ វិចិ្ឆកា ឆ្នាំ ១៩៥៣ – ២០១២ និងក្នុងឳកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ សូមជូនពរដល់សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច។ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ វិចិ្ឆកា ឆ្នាំ២០១២
រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងជាប្រធានកិត្តិយសនៃមូលនិធិកេរដំណែលខ្មែរ
ហត្ថលេខា

ខៀវ កាញារីទ្ធ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: