កា​របញ្ចាំង​ខ្សែ​ភាព​យន្ត ដើម្បី​ខ្សែ​ភាព​យន្ត

ភ្នំពេញ (DMC Post): កាលពីថ្ងៃទី១៧ សីហា ២០១២នេះ មូលនិធិកេរដំណែលខ្មែរ និងក្រុមយុវជនស្ម័គ្រចិត្តជាច្រើនក្រុម បានរួមគ្នារៀបចំការបញ្ចាំងខ្សែភាពយន្តចំនួនមួយថ្ងៃពេញ នូវរឿង«ឃ្លានទៅសែនឆ្ងាយ» នៅសាលសន្និសីទចតុមុខ ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់ដល់វិស័យភាពយន្តខ្មែរ។ ការចាក់បញ្ចាំងនេះ មានឈ្មោះថា«ការបញ្ចាំងខ្សែភាពយន្ត ដើម្បីទ្រទ្រង់ដល់វិស័យខ្សែភាពយន្តខ្មែរ»។ ការចាក់បញ្ចាំងនេះ មានអ្នកចូលរួមទស្សនាប្រមាណ១៥០០នាក់ ដែលជាយុវជន មន្ត្រីមកពីស្ថាប័ននានា ទាំងជាតិ ទាំងអន្តរជាតិ។

ឈុតមួយ ក្នុងរឿង«ឃ្លាតទៅសែនឆ្ងាយ»។ រូបថត៖ Palm Film Production

លោក ចិន្ត ច័ន្ទរតនា អ្នករៀបចំបង្កើតកម្មវិធីនេះ បានបង្ហាញពីក្តីសង្ឃឹមចំពោះការចាក់បញ្ចាំងរឿង «ឃ្លានទៅសែនឆ្ងាយ» នេះថា ការចាក់បញ្ចាំងរឿងនេះឡើង ដើម្បីរៃអង្កាសថវិកា សម្រាប់គាំទ្រវិស័យភាពយន្តខ្មែរ និងជំរុញឲ្យយុវជន ផលិតភាពយន្តខ្មែរឲ្យមានគុណភាពបែបប្រវត្តិសាស្ត្រ។

លោក ចិន្ត ច័ន្ទរតនា ប្រធានមូលនិធិកេរដំណែលខ្មែរ បានថ្លែងថា៖ «យើង រៀបចំការបញ្ចាំងភាពយន្តរឿង«ឃ្លានទៅសែនឆ្ងាយ» នេះឡើង ដើម្បីស្វែងរកថវិកាជួយដល់មូលនិធិកេរដំណែលខ្មែរ និងមូលនិធិភាពយន្តខ្មែរ ដែលជាមូលនិធិសម្រាប់ទ្រទ្រង់ដល់ភាពយន្តខ្មែរ និងជួយជំរុញឲ្យយុវជនខិតខំផលិតភាពយន្តឲ្យមានគុណភាព បែបប្រវត្តិសាស្ត្រ”។ លោក បានបន្ថែមថា៖ “យើង នឹងយកថវិកាដែលបានមក យកទៅផលិតជាភាពយន្តឯកសារ ទាក់ទងទៅនឹងវិស័យវប្បធម៌ខ្មែរផងដែរ»។

លោក ឆាយ បូរ៉ា ផលិតករ រឿង«ឃ្លានទៅសែនឆ្ងាយ»បានគាំទ្រឲ្យមានការរៀបចំកម្មវិធីបែបនេះឡើង។ ដោយលោកបានបញ្ជាក់ថា៖ «ការរៀបចំចាក់បញ្ចាំងនេះល្អ ដោយវាជាសញ្ញាល្អនៃការចាប់ផ្តើម នូវភាពរីកចម្រើនវិស័យភាពយន្តខ្មែរ ទោះបីជោគជ័យមិនធំទូលំទូលាយក៏ពិតមែន តែវាជាដំណើរនៃការចាប់ផ្តើម ហើយយើងត្រូវតែមានសង្ឃឹម និងខិតខំថែមទៀត »។ “ការរៀបចំកម្មវិធីបែបនេះល្អ ដើម្បីរៃអង្គាសថវិកា សម្រាប់សម្រេចគម្រោងអ្វីមួយ គឺវាប្រសើរជាជាងចំាតែសុំជំនួយពីគេត្រង់ៗ ដោយមិនបានធ្វើអ្វីសោះ” នេះជាការបញ្ជាក់បន្ថែមរបស់លោក បូរ៉ា។

ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន មានប្រសាសន៍ បន្ទាប់ពីបានទស្សនាភាពយន្តនេះថា៖ “ការចាក់បញ្ចាំងនេះល្អ ដោយវាបានជួយបង្ហាញនូវការពិត [ក្នុងសម័យខ្មែរក្រហម] “។ ដោយឯកឧត្តម បានបន្ថែមទៀតថា៖« ការបញ្ចាំងនេះ ជួយជំរុញឲ្យយុវជនខ្មែរខិតខំផលិតខ្សែភាពយន្តខ្មែរបន្ថែមទៀត”។

មិនតែប៉ុណ្ណោះ ការចាក់បញ្ចាំងនេះត្រូវបានទស្សនិកជន បង្ហាញនូវអារម្មណ៍មោទនភាពចំពោះផលិតករខ្មែរ ដែលបានខិតខំផលិតភាពយន្តខ្មែរ។

ឯកឧត្តម គួច ម៉េងលី នាយកសាលា និងវិទ្យាស្ថានអន្តរទ្វីបអាមេរិចកាំង បានបង្ហាញពីការកោតសរសើរចំពោះអ្នកផលិត និងលើកទឹកចិត្តឲ្យមានការផលិតបែបនេះថែមទៀត។

លោកបានមានប្រសាសន៍ទាំងទឹកមុខញញឹម និងសម្តីមួយៗថា៖ «ខ្ញុំ សប្បាយចិត្ត អរគុណ រកពាក្យអ្វីថ្លែងពុំបាន [ចំពោះអ្នកផលិត] រឿងនេះថ្មី ពូកែអស្ចារ្យ»។ឯកឧត្តមមានមោទនភាព ចំពោះកូនខ្មែរ ក្នុងការខិតខំផលិតស្នាដៃនេះ ហើយឯកឧត្តម ក៏ជំរុញឲ្យយុវជនខ្មែរ ខិតខំផលិតតទៅទៀត និងជូនពរឲ្យទទួលបានភាពជោគជ័យលើការផលិតទាំងនោះ។

ជាក់ស្តែង អ្នកនាង ម៉ន បូរីណា អ្នកគ្រប់គ្រងគម្រោង ប្រចាំអង្គការទស្សនៈពិភពលោកកម្ពុជា បាននិយាយថា៖ «រឿងនេះ បានឲ្យខ្ញុំឃើញរូបភាពពិតៗ ក្នុងរបបខ្មែរក្រហម ដែលពីមុនខ្ញុំធ្លាប់តែបានឮ ការនិទានរបស់ម្តាយឪពុកខ្ញុំ ហើយរឿងនេះបានឲ្យខ្ញុំ យល់ពីទឹកចិត្តម្តាយផងដែរ”។ អ្នកនាង បានបន្ថែមទៀតថា៖ “ការថតនេះ គឺថតពីមនោសញ្ចេតនា ពីអារម្មណ៍ពិតៗ មិនមែនថតពីសកម្មភាពទេ»។

អ្នកចូលរួមទស្សនា ក្រោកឈរគោរពទង់ជាតិ មុនពេលចាក់បញ្ចាំងភាពយន្ត។ រូបថត៖ ក្រុមការងារស័្មគ្រចិត្ត Lost Loves

ដូចគ្នានេះដែរ លោក គង់ សុភី តារាភាពយន្តជើងចាស់ម្នាក់ បានសម្តែងអារម្មណ៍ផ្ទាល់ខ្លួនថាពេលគាត់កំពុងទស្សនារឿងនេះ ធ្វើឲ្យគាត់ហាក់ដូចជាកំពុងស្ថិតនៅក្នុងសាច់រឿងនេះ ព្រោះជីវិតរបស់គាត់ដូចគ្នាទៅនឹងសាច់រឿងនេះដែរ។ លោក សុភី ក៏បានជំរុញឲ្យមានការផលិត ខ្សែភាពយន្តខ្មែរបន្ថែមទៀត ដើម្បីលើកស្ទួយដល់ភាពយន្តខ្មែរ។ «ការបរិច្ចាគ និងការគាំទ្រ ពីមហាជនពិតជាមានតម្លៃសំខាន់ណាស់ សម្រាប់លើកស្ទួយភាពយន្តខ្មែរ»។ នេះជាការលើកឡើងរបស់លោក សុភី។

យ៉ាងណាក៏ដោយ ក៏លោក សុភី បានស្នើឲ្យទស្សនិកជន និយមមើលភាពយន្តខ្មែរ ខណៈដែលភាពយន្តបរទេសកំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា៖ “ភាពយន្តខ្មែរ រីកចម្រើនបាន លុះត្រាតែ អ្នកមើល ងាកមកនិយមមើលកុនខ្មែរ”។

លោក ឆាយ បូរ៉ា បានមានប្រសាសន៍ថា ការចូលរួមគាំទ្រពីសាធារណជន រដ្ឋាភិបាល និងវិនិយោគិន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យភាពយន្តខ្មែររីកចម្រើន។ ដោយលោក បានបញ្ជាក់ថា៖ “រដ្ឋាភិបាល គួរមានកញ្ចប់ថវិកា សម្រាប់ផ្តល់ដល់ការផលិតភាពយន្តខ្មែរ ហើយក៏ត្រូវការ ការវិនិយោគពីមហាជនលើវិស័យភាពយន្តឲ្យបានច្រើនផងដែរ ពិសេសនោះប្រជាពលរដ្ឋ គួរទៅទស្សនាភាពយន្តខ្មែរ ឲ្យបានច្រើននៅពេលមានការចាក់បញ្ចាំងម្តង”»។

ចំពោះទិសដៅទៅថ្ងៃអនាគត លោក ចិន្ត ច័ន្ទរតនា បានប្រាប់ថា លោកនឹងមានគម្រោងរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តរឿង«ឃ្លានទៅសែនឆ្ងាយ»នេះ ចំនួន១០ថ្ងៃទៀត នៅក្នុងរាជធានីភ្នំពេញ និងបន្តការចាក់បញ្ចាំងនៅតាមបណ្តាខេត្ត ក្រុងនានាទូទាំងប្រទេស ដើម្បីស្វែងរកការគាំទ្រជាសម្ភារៈ និងថវិកា សម្រាប់ការចូលរួមទ្រទ្រង់ដល់ការផលិតភាពយន្តខ្មែរ ព្រមទាំងជួយក្នុងសកម្មភាពមនុស្សធម៌ ជួយដល់កេ្មងកំព្រា ក្រីក្រគ្មានទីពឹងនៅតាមទីជនបទ និងមួយចំនួនទៀត នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ចាក់ផងដែរថា នេះពុំមែនជាលើកទីមួយទេ នៃការចាក់បញ្ចាំងរឿង «ឃ្លានទៅសែនឆ្ងាយ»។ តែសម្រាប់ការចាក់បញ្ចាំងលើកនេះ ធ្វើឡើងក្នុងលក្ខណៈ និងគោលបំណងខុសគ្នាកាលពីលើកមុនៗ។

រឿង «ឃ្លានទៅសែនឆ្ងាយ» ធ្លាប់ត្រូវបានយកទៅចាក់បញ្ចាំង ក្នុងមហោស្រពភាពយន្តអន្តរជាតិ អាស៊ីប៉ាស៊ីភិច២០១១ មហោស្រពភាពយន្តអន្តរជាតិហាណូយ២០១១ មហោស្រពភាពអន្តរជាតិកម្ពុជាឆ្នាំ២០១០ ហើយពិសេសទៀតនោះ ភាពយន្តនេះ នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ក្នុងការដណ្តើមយកពានរង្វាន់អូស្ការ២០១៣ ទៀតផង។

អត្ថបទដោយ សាន សែល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: