កិច្ចប្រជុំអ្នកស្រាវជ្រាវរបស់មូលនិធិកេរដំណែលខ្មែរ

សេចក្តីជូនដំណឹង
ស្តីពីកិច្ចប្រជុំអ្នកស្រាវជ្រាវរបស់ក្រុមស្ថាបនិកនៃ “មូលនិធិកេរដំណែខ្មែរ”
នៅថ្ងៃ សៅរ៍ ទី ០៧ ខែ កក្កដា ឆ្នាំ ២០១២

ផ្ញើជូនបណ្តាញអ្នកសារព័ត៌មានជាតិ អន្តរជាតិ វិទ្យុ និងទូរទស្សន៍ក្នុងស្រុក និងជនរួមជាតិគ្រប់រូប

ក្រុមស្ថាបនិកនៃ “មូលនិធិកេរដំណែលខ្មែរ” មានកិត្តិយសសូមជម្រាបដល់សាធារណៈជនអោយបានជ្រាប ថាៈ ដោយទទួលបានការអនុញ្ញាត្ត និងការជួយជ្រោមជ្រែងពីសំណាក់ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីព័ត៌មាន និងប្រធានកិត្តិយសនៃមូលនិធិកេរដំណែលខ្មែរ យើងខ្ញុំនឹងរៀបចំសិក្ខាសាលា កិច្ចប្រជុំអ្នកស្រាវជ្រាវលើកដំបូង របស់ក្រុមការងារកេរដំណែលខ្មែរស្តីពី “របកគំហើញថ្មីៗនៃការស្រាវជ្រាវផ្នែក បុរាណវិទ្យានិងប្រវត្តិសិល្បៈនៅក្នុងប្រទេសកម្ពុជានិងអាស៊ីអាគ្នេយ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យ ហ្សាម៉ាន់ (ជិតអង់តែនទូរទស្សន៍ជាតិកម្ពុជា)។ ពិធីបើកសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស នៃមូលនិធិកេរដំណែលខ្មែរ វេលាម៉ោង ៨ម៉៣០នាទីព្រឹក។ ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងដើម្បីចូលរួម “អបអរសាទរខួបលើកទី៤ឆ្នាំ នៃថ្ងៃ បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីរបេតិកភណ្ឌពិភពលោក (០៧-០៧-២០០៨ / ២០១២)”។

គោលបំណងនៃកម្មវិធីនេះ គឺជាជំហ៊ានដំបូងរបស់ប្រទេសកម្ពុជា ដែលបានផ្តួចផ្តើមគំនឹត និងរៀបចំឡើង ដោយកូនខ្មែរ ដោយក្នុងនោះយើងបានអញ្ជើញអ្នកស្រាវជ្រាវទាំងខ្មែរ និងបរទេសមកជួបប្រជុំគ្នា ដើម្បីមកធ្វើបទ បង្ហាញអំពីការងារ និងលទ្ធផលស្រាវជ្រាវរបស់ខ្លួន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកលើការងារ សិក្សាផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ ជាតិពន្ធុវិទ្យា និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដែលទាក់ទងនឹងបេតិកភណ្ឌ វប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងរំលេចអោយឃើញនូវភាពសម្បូរបែបនៃ មត៌កវប្បធម៌ខ្មែរ និងផ្តល់គំនឹត ទស្សនៈលើការងារ អភិរក្សបេតិកភណ្ឌវប្បធម៌ទាំងនោះអោយបានគង់វង្ស។ អ្នក ស្រាវជ្រាវជាតិ អន្តរជាតិចំនួន ១០ រូប មកពីស្ថាប័នស្រាវជ្រាវផ្សេងៗគ្នារួមមាន កម្ពុជា អាមេរិក អូស្រ្តាលី កាណាដា បារាំង អ៊ីតាលី សឹង្ហបុរី និងថៃ នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សានេះ។ កិច្ចប្រជុំអ្នកស្រាវជ្រាវនឹងប្រព្រឹត្តទៅ រយៈពេលមួយថ្ងៃពេញ (ចាប់ពីម៉ោង ៧ម៉៣០នាទីព្រឹក ដល់ម៉ោង៥ម៉៣០នាទី ល្ងាច) នៅសាកលវិទ្យាល័យហ្សាម៉ាន់ អាសយដ្ឋានលេខ ៨ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជិតអង់តែនទូរទស្សន៍ ជាតិកម្ពុជា)។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញសៀវភៅស្រាវជ្រាវរបស់គ្រឹះស្ថានបោះពុម្ពនគរវត្ត និងស៊ីប៉ា ការតាំង ពិព័ណ៌រូបថតរបស់លោក ទិត្យ ណារឹទ្ធ (ជ័យលាភីក្នុងការប្រកួតរូបថតដែលរៀបចំនៅវិទ្យាស្ថានវប្បធម៌បារាំង) ពិព័ណ៌រូបថតរបស់ក្រសួងព័ត៌មាន ក្រុមគំនូរជីវចលខ្មែរ និងរូបថតស្តីពីសកម្មភាពរបស់ក្រុមការងារកេរដំណែល ខ្មែរផងដែរ។ សេចក្តីជូនដំណឹងនេះ គឺជាការអំពាវនាវ និងអញ្ជើញដល់បណ្តាញអ្នកសារព័ត៌មានជាតិ អន្តរជាតិ វិទ្យុ និងទូរទស្សន៍ក្នុងស្រុក អ្នកស្រាវជ្រាវ សិស្ស និស្សិតទាំងអស់ ដើម្បីចូលរួមក្នុងសិក្ខាសាលារបស់ក្រុមការងារកេរដំណែលខ្មែរ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សិស្ស និស្សិតដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១២
ជ.ក្រុមស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ
ប្រធាន

បណ្ឌិត ចិន្ត ច័ន្ទរតនា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: