រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ស្វែងយល់ ពីរមណីយដ្ឋាន ទេសចរណ៍ ប្រវត្តិសាស្រ្ត វត្តភ្នំ (ភ្នំដូនពេញ)

អត្ថបទ និងរូបភាពដកស្រង់ពីគេហទំព័រ ដើមអម្ពឹល
Saturday, 30 June 2012 15:22 ដោយលោក៖ ប៉ោ សេដ្ឋា-Posted : ID-014

www.dap-news.comភ្នំពេញ៖ ចំពោះមនុស្សខ្មែរដែលបានដឹងក្តីហើយ បើមិនបានឃើញវត្តភ្នំ ដោយផ្ទាល់ ក៏បានឮឈ្មោះ វត្ត ភ្នំនេះដែរ។ ប៉ុន្តែរឿងរ៉ាវប្រវត្តិសាស្រ្ត មួយចំនួនទៀត ជឿ ជាក់ថា មានមនុស្សខ្មែរជាច្រើនមិនទាន់បាន ដឹងនៅឡើយ។ ដូច្នេះ ដើម្បីឲ្យប្រិយមិត្ត បានដឹងច្បាស់ អំពីរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត វត្តភ្នំនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល សូមលើកយកអត្ថបទ ទាក់ទងនឹងវត្តភ្នំដូចខាងក្រោម៖

ប្រវត្តិនៃវត្តភ្នំ

នៅឆ្នាំ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅក្បែរច្រាំងទន្លេបួនមុខ (សម័យនោះ ប្រហែលទន្លេបួនមុខ ស្ថិតនៅម្តុំវត្ត ភ្នំ។ ក្រោយជាបន្តបន្ទាប់ ទន្លេមេគង្គបាននាំដីល្បាប់ ធ្វើឲ្យជ្រោយចង្វា កាន់តែដុះវែងមកកន្លែងសព្វថ្ងៃ)។ ផ្ទះរបស់គាត់សង់ នៅលើទួលខាងកើតភ្នំតូចមួយ។

ថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាច ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញដើមគគីរមួយធំ អណ្តែតមកក្បែរច្រាំង ហើយដោយអំណាច ទឹកហូរ ស្រកចុះឡើង ដើមគគីរនោះ ចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។ លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅហៅអ្នកជិតខាង ឲ្យមកជួយទាញយក ដើមគគីរនោះ។ ពេលនោះដូនពេញ យកកំណាត់ឈើ ទៅកោសកៀរសំអាតភក់ចេញ គាត់ក៏បានឃើញក្នុងប្រហោងឈើគគីរ មានព្រះពុទ្ធរូប ៤ អង្គតូចៗ ធ្វើអំពី សំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀត ទ្រង់ស័ង្ខ ព្រះកេសាបួង។ ដូនពេញ និងអ្នកជិតខាង ដែល ទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរពបូជា ក៏នាំគ្នាដង្ហែព្រះបដិមាទាំងនោះ មកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការ សង់ខ្ទមមួយ តូចតម្កល់ជាបណ្ដោះអាសន្ន។

ថ្ងៃក្រោយមក ដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយ លើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះ របស់គាត់នោះឲ្យទៅជាភ្នំមែនទែន។ បន្ទាប់ពីនោះ គាត់ឲ្យគេអារឈើគគីរ នោះ ធ្វើជាសសរវិហារ ដែលគាត់បំរុងសង់លើភ្នំនោះ។ ក្នុង គ.ស.១៣៧២ ដូនពេញ និងអ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នា សាងសង់ព្រះវិហារមួយខ្នង ប្រក់ ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែ ព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ ទៅតម្កល់ទុកក្នុងវិហារនោះ។

ចំណែកទេវរូបថ្មមួយអង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយ នៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្តែតទឹកមកពីស្រុកលាវ និងមានភាព ដូចជាលាវ គាត់ក៏បានសន្មតនាមថា “អ្នកតាព្រះចៅ” នាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះ។

ចំណែក ព្រះបាទពញាយ៉ាត នៅឆ្នាំ១៤៣១ នៃគ្រិស្តសករាជ បានយាងចោលទីក្រុងអង្គរ ហើយនៅឆ្នាំ១៤៣៤ ព្រះអង្គ បានមកដល់ទីនេះ រួចបានកសាងទីក្រុងមួយ ដោយយកឈ្មោះតាមកន្លែងនោះ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតិយបុរាណធំមួយនៅពីក្រោយព្រះវិហារ ដែលតម្កល់ព្រះធាតុ(ឆ្អឹង) របស់ព្រះបាទពញាយ៉ាត និងចេតិយសម្រាប់តម្កល់ព្រះធាតុ របស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតិយនោះ នៅមានសល់បដិមាព្រះពុទ្ធ នៅសម័យអង្គរផងដែរ។

កូនភ្នំនេះ ត្រូវបានគ្របដណ្តប់ និងព័ទ្ធជុំវិញដោយដើមឈើតំបន់ត្រូពិច ដែលតំណាងឲ្យវិស័យផ្សេងៗ ដែលបានចាក់ឫស នៅពាសពេញប្រទេស។ ដើមឈើទាំងនេះ បានក្លាយជាទីជម្រកសម្រាប់សត្វស្វា និងបក្សីជាច្រើន ជាពិសេសសត្វជ្រឹងធំៗ ដែលតោងមែកឈើទាំងឡាយ។ កាលសាងសង់វិហាររួចហើយ យាយពេញបាន និមន្តព្រះសង្ឃ មកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា “វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃហៅកាត់ថា “វត្តភ្នំ” តាំងពីពេលនោះមករហូត មកដល់ សព្វថ្ងៃ។

ចេតិយ និងព្រះវិហារ នៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ១៤៣៤, ១៨០៦, ១៨៩៤ និងឆ្នាំ១៩២៦ រួចបន្ទាប់មកទៀតបានការជួសជុលជាញយដង ដែលពីម្តង ទៅម្តងកាន់តែធ្វើឲ្យវត្តភ្នំមានសម្រស់ប្រសើរឡើងៗ។ បច្ចុប្បន្ន ដើម្បីជាការដឹងគុណ និងទុកជាទីសក្ការៈ អាជ្ញាធរសាលារាជធានីភ្នំពេញ បានសាងសង់រូបសំណាក លោកយាយ ដូនពេញ នៅជ្រុងខាងលិច និងជ្រុងខាងត្បូង (និរតី) នៃវត្តភ្នំ។

និមិត្តរូប ព្រះបាទស៊ីសុវត្ថិ នៅវត្តភ្នំ

រមណីយដ្ឋានវត្តភ្នំ មានកេរ្តិ៍ដំណែល និងស្លាកស្នាមប្រវត្ដិសាស្ដ្រជាច្រើន បន្សល់ទុកតាំងពីការកកើត រាជធានីភ្នំពេញដំបូង ក្នុងសតវត្សរ៍ទី១៤មកម្ល៉េះ។ ក្នុងចំណោម នោះ រូបសំណាក ព្រះបាទ ស៊ីសុវត្ថិ ដែលតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញ ផ្នែកខាងត្បូង ក៏ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ដ្រមួយ ដ៏សំខាន់ផងដែរ ក្នុងសម័យកម្ពុជា ស្ថិត នៅក្រោម អាណាព្យាបាលបារាំង។

www.dap-news.com

បណ្ឌិតសភាចារ្យ រស់ ច័ន្ទត្រាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកប្រវត្តិសាស្រ្តដែរនោះ បានរៀបរាប់ឲ្យដឹងថា ផ្ទាំងចម្លាក់នេះ ត្រូវ បានកសាងឡើង នៅសម័យអាណាព្យាបាលបារាំង ក្នុងរជ្ជកាលព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ ដែលទាក់ទងនឹង សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧។ រូបសំណាក មនុស្សអង្គុយនៅចំកណ្តាល គឺជារូបចម្លាក់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ។ ចំណែករូបចម្លាក់នៅខាងឆ្វេងដៃ គឺជារូបសំណាកទាហានបារាំង និទង់ជាតិបារាំង តំណាង ឲ្យកិច្ចសហប្រតិបត្តិការ ក៏ដូចជា អាណាព្យាបាលបារាំងមកលើកម្ពុជា ហើយក៏ចង់បង្ហាញពីគុណបំណាច់របស់ខ្លួន ដែលបានទាមទារ ជួយយកទឹកដីកម្ពុជា ពីថៃ មក ថ្វាយព្រះបាទ ស៊ីសុវត្ថិ ក៏ដូចព្រះរាជាណាចក្រកម្ពុជាដែរ។ ចំណែករូបចម្លាក់ស្រ្តីខ្មែរបីនាក់នៅខាងស្តាំដៃ កាន់ជើងពាន ជាដង្វាយមកថ្វាយព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ គឺតំណាងខេត្តចំនួន៣ ដែលទាមទារបានពី ប្រទេស សៀម (ថៃ) មកវិញនោះ។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ប្រាប់ថា «រូបទាំងអស់នេះ គឺជារូបចម្លាក់មួយ ដែលបាន កសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ដែលទាក់ទងជាមួយនឹង សន្ធិសញ្ញាបារាំង-សៀម។ បារាំង-សៀមនេះ គឺសន្ធិសញ្ញា ជាពិសេសសន្ធិសញ្ញា នៅក្នុងឆ្នាំ១៩០៧ តែម្តង គឺនៅពេលនោះហើយ ដែលប្រទេសបារាំង បានទាមទារ ក្នុងនាមប្រទេសកម្ពុជាហ្នឹង ឲ្យប្រទេសសៀមប្រគល់ខេត្តទាំងបីមកឲ្យ កម្ពុជាវិញ គឺមានខេត្តសៀមរាប កំពង់ធំ បាត់ដំបង ស៊ីសុផន់»។

ចំណែកនៅផ្នែកខាងស្តាំវិញ ជារូបនារីបីនាក់មានសម្លៀក បំពាក់ខុសៗគ្នា និងមានកាន់ពានមួយម្នាក់។ តាមឯកសារបានឲ្យដឹងថា នារីទីមួយសម្លៀកបំពាក់ របៀបរូប ចម្លាក់អប្សរានៅ ប្រាសាទអង្គរវត្ត មានកាន់ពានមួយតម្កល់រូបសំណាកមួយ ប្រហែលជារូប ប្រាសាទព្រះវិហារ។

www.dap-news.com

តាមរយៈនេះ អ្នកជំនាញខាងបុរាណវិទ្យា បាន សន្និដ្ឋានថា រូបនារីទី១នេះ ជាតំណាងឲ្យខេត្តសៀមរាប រីឯនារីទាំងពីរខាងក្រោយតំណាងឲ្យ ខេត្តបាត់ដំបង និង ស៊ីសុផុន ពីព្រោះខេត្តទាំងពីរនេះ នៅជាប់នឹង ប្រទេសសៀម ហើយ សម្លៀកបំពាក់របស់នារីទាំងពីរ ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្រីបម្រើក្នុង ព្រះរាជ វាំងប្រទេសទាំងពីរ (កម្ពុជា-សៀម) នាសម័យនោះដែរ។ នារីទីពីរមានកាន់ពាន តម្កល់ថង់ត្រាពណ៌‌បៃតង និងត្រាពណ៌‌លឿង។ នារីទីបីកាន់ពាន តម្កល់ក្លងពណ៌‌ បៃតង សម្រាប់ដាក់ឯកសារ ជាលាយលក្ខណ៍ អក្សរ។ នារីទាំងបីនាក់ ធ្វើកាយវិការនាំដង្វាយទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទស៊ីសុវត្ថិ។

និយាយជារួម រូបសំណាកទាហានបារាំង កាន់កាំភ្លើង និងទង់ជាតិប្រទេសបារាំង, រូបសំណាក ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ, នារីខ្មែរបីនាក់ កាន់ពានម្នាក់មួយ ទាំង សិលាចារឹកជាអក្សរខ្មែរ និងបារាំង អមសងខាងផ្ទាំងសំណាកដ៏ធំនោះ មានន័យតែមួយ គឺនិយាយពីសន្ធិសញ្ញារវាងបារាំង-សៀម ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩០៧ ក្នុងការ ផ្ទេរខេត្តចំនួនបី មានបាត់ដំបង សៀមរាប និងសិរីសោភ័ណ (បារាំងហៅថា ស៊ីសុផុន) ដែលសៀម បានរឹបអូសយកមក ជូនប្រទេសកម្ពុជាវិញ នារជ្ជកាលព្រះករុណា ព្រះបាទស៊ីសុវត្ថិ។ ក្នុងនោះក៏មានប្រាសាទព្រះវិហារដែរ ព្រោះសម័យនោះ ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តសៀមរាប។ ចំណែកសិរីសោភ័ណ ឬ(ស៊ីសុផុន) សព្វថ្ងៃ ជាក្រុងមួយ នៅខេត្តបន្ទាយមានជ័យ ដែលខេត្តបន្ទាយជ័យនេះ ទើបតែបង្កើតថ្មីនៅប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះប៉ុណ្ណោះ។

កន្លងមកក៏ដូចសព្វថ្ងៃ វត្តភ្នំ (ភ្នំដូនពេញ) គឺជារមណីយដ្ឋានទេសចរណ៍ ប្រវត្តិសាស្រ្តមួយ នៅរាជធានីភ្នំពេញ ដែលមហាជនភ្ញៀវទេសចរជាតិ-អន្តរជាតិ បាននិយម ទៅកំសាន្ត និងទស្សនា។ ប៉ុន្តែមានមនុស្សមួយចំនួន ក៏មិនទាន់បានដឹងអស់ពីប្រវត្តិ មួយចំនួនទៀត ដែលបានរៀបរាប់ត្រួសៗមកនេះ ដូច្នេះហើយ បានជា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ខិតខំស្រាវជ្រាវ និងតាក់តែងនូវអត្ថបទនេះឡើង ដើម្បីទុកជាចំណេះដឹងទូទៅ ជូនដល់ប្រិយមិត្ត៕

 

www.dap-news.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: