សេចក្តីអំពាវនាវរបស់មូលនិធិកេរដំណែលខ្មែរ

សេចក្តីអំពាវនាវ
របស់ក្រុមការងារកេរដំណែលខ្មែរស្តីអំពីការបង្កើត “មូលនិធិកេរដំណែលខ្មែរ”
ដើម្បីលើកស្ទួយ ថែរក្សា និងការពារសម្បត្តិបេតកភណ្ឌជាតិ

ដោយប្រកាន់ជំហរលើអត្ថន័យនៃពាក្យស្លោក “កេរដំណែលខ្មែរ រួមគ្នាដើម្បីថែរក្សាទាំងអស់គ្នា” និង ដោយមានការគាំទ្រពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំនៅក្នុង រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា សាស្ត្រាចារ្យ និស្សិត ជាពិសេសពីសំណាក់បងប្អូនជនរួមជាតិខ្មែរទាំងនៅក្នុង ស្រុក និងក្រៅស្រុក ក្រុមការងារកេរដំណែលខ្មែរបានបង្កើតនូវ “មូលនិធិកេរដំណែលខ្មែរ” ដោយមានឯកឧត្តម ខៀវ កាញារឹទ្ធ ជាប្រធានកិត្តិយស។

មូលនិធិនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ១១ ខែ វិចិ្ឆកា ឆ្នាំ ២០១១ ក្រោម គំនិតផ្តួចផ្តើមរបស់លោកសាស្ត្រាចារ្យ ចិន្ត ច័ន្ទរតនា បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមស្ថាបនិកកេរដំណែលខ្មែរ ក្នុងគោលបំណងស្វែងរកជំនួយ និងការឧបត្ថម្ភគាំទ្រជាថវិការ និងសម្ភារៈ ពីសំណាក់សប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីជួយដល់វិរៈសិល្បករចាស់ៗ សាស្ត្រាចារ្យ គ្រូបង្ហាត់សិល្បៈ របាំ និងតន្ត្រីបុរាណ ព្រមទាំងជាងចម្លាក់ ដើម្បីរួមគ្នាជួយលើការងារចងក្រង និងបោះពុម្ពឯកសារផ្សេងៗ ស្តីអំពីការ ស្រាវជ្រាវផ្នែកវប្បធម៌ សិល្បៈ បុរាណវិទ្យា ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ទេសចរណ៍ បរិស្ថាន ជាពិសេសគឺការរួម ចំណែកលើកស្ទួយ ថែរក្សា ការពារ និងគាំទ្រលើសកម្មភាពផ្នែកវប្បធម៌ ដើម្បីផ្សព្វផ្សាយនូវចំណេះដឹង និងបណ្តុះ គំនិតដល់កូនខ្មែរជំនាន់ក្រោយ បានសិក្សាស្វែងយល់អំពីដើមកំណើត អត្តសញ្ញាណ និងការវិវត្តន៍នៃអារ្យធម៌របស់ ខ្មែរ និងតាមបណ្តាប្រទេសនានានៅលើសកលលោក។

គួររំលឹកផងដែរថា ក្រុមការងារកេរដំណែលខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០០៨ ដោយក្រុមស្ថាបនិកភាគច្រើនគឺជាសាស្ត្រាចារ្យ អតីតនិស្សិតខ្មែរ និងបរទេស ដែលមានចំណេះ និងជំនាញផ្សេងៗ គ្នាដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម សិល្បៈ ប្រវត្តិវិទ្យា អក្សរសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម ច្បាប់ ទេសចរណ៍ បរិស្ថាន និងព័ត៌មានវិទ្យា…។ល។ ប៉ុន្តែក្រុមស្ថាបនិក មានឆន្ទៈតែមួយគឺ “រួមគ្នាដើម្បីចែករំលែកនូវចំណេះដឹងរបស់ ខ្លួន និងចូលរួមក្នុងសកម្មភាពលើកស្ទួយ ថែរក្សា ការពារ និងផ្សព្វផ្សាយ ដើម្បីលើកតម្លៃបេតិកភណ្ឌវប្បធម៌ខ្មែរ”។ ដោយសារទទួលបានការចង្អុលបង្ហាញ និងដំបូន្មានដ៏ល្អៗជាប់ប្រចាំ ពីសំណាក់សាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប ក្រុមការងារកេរដំណែលខ្មែរបានបើកសម្ពោធជាផ្លូវការនូវទស្សនាវដ្តី “កេរដំណែលខ្មែរ” លេខទី ១ ឆ្នាំទី១ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០០៩ នៅក្នុងបរិវេណមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោម អធិបតីភាពរបស់ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិព្រះវិហារ។ ទស្សនាវដ្តី “កេរដំណែលខ្មែរ” គឺជាទស្សនាវដ្តីសិល្បៈ និងបុរាណវិទ្យាដំបូងគេនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ហើយក៏ជាសមិទ្ធិផលថ្មីមួយដែលប្រសូត្រចេញពីស្នាដៃរបស់កុលបុត្រខ្មែរ ដើម្បីផ្សព្វផ្សាយដល់អ្នក អាននូវព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងការស្រាវជ្រាវផ្នែកសិល្បៈ បុរាណវិទ្យា ស្ថាបត្យកម្ម សិលាចារឹក ប្រពៃណី ជំនឿ ទំនៀមទម្លាប់ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅតាមបណ្តា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងវិញទៀត ទស្សនាវដ្តីនេះបោះពុម្ពឡើងក្នុងគោលបំណងដើម្បីបំផុសស្មារតី របស់ប្រជាជនខ្មែរគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ អោយចេះស្រឡាញ់ និងយល់អំពីតម្លៃវប្បធម៌ជាតិ ព្រមទាំងជួយគ្នា ថែរក្សាមរតកទាំងនេះអោយនៅស្ថិតស្ថេរគង់វង្ស។ ក៏ប៉ុន្តែ ដោយសារកង្វះខាតផ្នែកថវិកា ក្រុមការងារកេរដំណែល
ខ្មែរបានផ្អាកការផ្សព្វផ្សាយលើសៀវភៅទស្សនាវដ្ដី តែក្រុមការងារបានបន្តការផ្សាយនូវព័ត៌មានផ្សេងៗនៅលើគេហ ទំព័ររបស់កេរដំណែលខ្មែរ(www.kerdomnelkhmer.wordpress.com) ជំនួសវិញ។ ដោយសារមូលហេតុទាំងនេះ ហើយ ទើបក្រុមការងារបានបង្កើត “មូលនិធិកេរដំណែលខ្មែរ” នេះឡើង ដើម្បីស្វែងរកជំនួយ និងថវិការសម្រាប់ បន្តនិរន្តភាព និងអនុវត្តលើគម្រោងស្រាវជ្រាវជាច្រើនរបស់ក្រុមកេរដំណែលខ្មែរ ក្នុងគោលបំណងថែរក្សា និង ការពារសម្បត្តិបេតិកភណ្ឌជាតិ។

ឆ្លៀតក្នុងឳកាសដ៏មានតម្លៃនេះ ក្រុមការងារកេរដំណែលខ្មែរ សូមអំពាវនាវដល់សម្តេច អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ថ្នាក់ដឹកនាំទាំងស្ថាប័នរដ្ឋ អង្គការក្រៅ រដ្ឋាភិបាល ក្រុមហ៊ុនឯកជន ធនាគារ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងស្រុក និងរស់នៅឯបរទេស ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មេត្តា ជួយឧបត្ថម្ភគាំទ្រដល់ក្រុមការងារកេរដំណែលខ្មែរ ដើម្បីអោយក្រុមការងារយើងខ្ញុំអាចបន្តការងារស្រាវជ្រាវ និងផ្សព្វផ្សាយជូនដល់សាធារណៈជននូវដួងព្រលឹងនៃវប្បធម៌ជាតិខ្មែរ។ រាល់ការចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី និង សម្ភារៈរបស់លោកអ្នក ពិតជាបានជួយរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសក្នុងការលើក ស្ទួយដល់តម្លៃនៃបេតិកភណ្ឌវប្បធម៌ខ្មែរ ស្របនឹងពាក្យស្លោក “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” និង “ព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយវប្បធម៌ជាតិ និងជា ព្រះរាជាណាចក្រអច្ឆរីយៈ”។

ក្រុមការងារកេរដំណែលខ្មែរ សូមជូនពរដល់សប្បុរសជនជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិខ្មែរទាំង អស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១២

ជ.ក្រុមស្ថាបនិកកេរដំណែលខ្មែរ
ប្រធាន

បណ្ឌិត ចិន្ត ច័ន្ទរតនា

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង

បណ្ឌិត ចិន្ត ច័ន្ទរតនា (ប្រធាន)                                      លោក ញ៉ែម វិបុល (អនុប្រធាន)
ទូរស័ព្ទលេខៈ (៨៥៥) ៩៨ ៦៤៥ ៥៥៥                          ទូរស័ព្ទលេខៈ (៨៥៥) ១២ ៦៨៨ ២១៩
អ៊ីមែលៈ     chanratana@kerdomnel-khmer.org        អ៊ីមែលៈ vibol.333@gmail.com
ch.chanratana@gmail.com

កញ្ញា រឿង កន្និដ្ឋា (អនុប្រធាន)                                      លោកស្រី អេង លក្ខិណា (អនុប្រធាន)
ទូរស័ព្ទលេខៈ (៨៥៥) ១៦ ៦១៦ ៣១៦                          ទូរស័ព្ទលេខៈ (៨៥៥) ១៦ ៨១៤ ៤០៤
អ៊ីមែលៈ roeungkannytha@yahoo.com                        អ៊ីមែលៈ lakhena2004@yahoo.com
http://www.kerdomnelkhmer.wordpress.com
កេរដំណែលខ្មែរ  រួមគ្នាដើម្បីថែរក្សាទាំងអស់គ្នា

Kerdomnel Khmer Group….Together We Can Protect..!

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: