កាក់ប្រាក់ខ្មែរដំបូងគេនាចុងសតវត្សរ៍ទី ១៩

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ក្រដាសប្រាក់ខ្មែរមុនដំបូងបំផុត

ដោយ : ខឿន សាឃាង (ថ្ងៃទី 26 កុម្ភៈ 2012,08:31:AM)

កាក់ប្រាក់បាតខ្មែរ ដែលព្រះបាទអង្គឌួងបញ្ជាឱ្យបោះដំបូង

ភ្នំពេញ: ក្រដាសប្រាក់រៀលខ្មែរ ត្រូវបានបោះពុម្ពដំបូងតាមព្រះរាជបញ្ជារបស់ព្រះបាទអង្គឌួង ដើម្បីប្រើប្រាស់ចាយវាយជំនួសប្រាក់បាត ជាកាក់លោហធាតុ នាំមកពីប្រទេសសៀម ដែលមានដោយកម្រ ព្រោះខ្មែរពុំមានវត្ថុដើមសម្រាប់ធ្វើ និងក៏ដោយសារការចង់រើបម្រះចេញពីការត្រួតត្រាសេដ្ឋកិច្ចខ្មែរពី សំណាក់ប្រទេសសៀម។

ការសិក្សាស្រាវជ្រាវទៅក្នុង ប្រវត្តិសាស្ត្រខ្មែរ យើងបានដឹងថា ពួកឈ្មួញមកពីប្រទេសចិន ឬ ពីសិង្ហបុរី មកជួញដូរនៅស្រុកខ្មែរ ប្រើវិធីដូចសម័យកាលបុរេប្រវត្តិ គឺយកទំនិញមកដោះដូរយកអង្ករ យកពោត យកម្រ័ក្សណ៍ ជាពិសេសពួកគេត្រូវការស្បែកសត្វខ្លាំងណាស់ ។ ឯការដោះដូរនោះត្រូវធ្វើឡើងដោយ៥ភាគ ដូរនឹង១ភាគ។

ប្រទេស ខ្មែរធ្លាប់ប្រើប្រាស់ប្រាក់ណែន គឺកាក់ធ្វើពីលោហធាតុ សម្រាប់ចាយវាយ  ដោះដូរក្នុងវិស័យផ្សេងៗ ដូចជាក្នុងវិស័យពាណិជ្ជកម្ម និង វិស័យសេដ្ឋកិច្ចជាដើម ។

សង្គ្រាមក្នុងស្រុកនៃការដណ្តើម អំណាចរវាងព្រះរាជវង្សានុវង្សខ្មែរ និងសង្គ្រាមជាមួយបរទេស អូសបន្លាយរាប់សតវត្សរ៍ បានបំផ្លាញប្រទេសខ្មែរឱ្យវិនាសហិនហោចអស់ទាំងមាស ប្រាក់ សំរឹទ្ធិ ទាំងទ្រព្យសម្បត្តិផ្សេងៗ និងគោក្របី សូម្បីតែមនុស្សក៏រលស់ស្ទើរអស់ពីទឹកដី ម្យ៉ាងដោយសារការបាត់បង់ជីវិតក្នុងសង្គ្រាម ម្យ៉ាងត្រូវកងទ័ពអណ្ណាម និង សៀមកៀរយកទៅធ្វើជាឈ្លើយ នៅសល់តែប្រជាជនចំនួនតិចតួចដែលក្រលំបាកតោកយ៉ាក រស់នៅរងក្តីភ័យខ្លាចរាល់ថ្ងៃ ។

បន្ទាប់ពីភាពមិនឈ្នះ មិនចាញ់រវាងប្រទេសអណ្ណាម និង ប្រទេសសៀម នៃការ ដណ្តើមប្រទេសកម្ពុជាមក ពួកគេបានសម្រេចចិត្តប្រគល់រាជសម្បត្តិមកឱ្យកម្ពុជាវិញ បើទោះជាគេអាចមើលឃើញដោយងាយថា មិនមែនជាការលះបង់គំនិតចង់យកកម្ពុជាដាក់ជាចំណុះឡើយ ប៉ុន្តែជាការប្តូរវិធីសាស្ត្រក៏ដោយ ។ ដោយហេតុនេះ នៅថ្ងៃអង្គារ ០១កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ម៉ោង៧:០០ ព្រឹក ព្រះអង្គម្ចាស់អង្គឌួង ក្នុងព្រះជន្មាយុ៥២ព្រះវស្សា ជាព្រះរាជបុត្រពៅ នៃព្រះនរាយរាមា អង្គអេង បានឡើងសោយរាជ្យជាមហាក្សត្រ នៃប្រទេសកម្ពុជា នាក្រុងឧដុង្គ ។

ចាប់ពីពេលនោះហើយ ដែលប្រទេសកម្ពុជាបានស្រាកស្រាន្តបន្តិចពីសង្គ្រាម ជាហេតុនាំឱ្យប្រជាពលរដ្ឋ និង អ្នកដឹកនាំមានពេលវេលាគិតគូរពីការស្តារប្រទេសជាតិដ៏សែនខ្ទេចខ្ទាំ នេះឡើងវិញ ។ ប្រវត្តិសាស្ត្រខ្មែរបានកត់ត្រា និង កត់សម្គាល់ថា ក្នុងរជ្ជកាល នៃ ព្រះករុណា អង្គឌួង  នេះហើយដែលជាការចាប់ផ្តើមសករាជថ្មី នៃប្រទេសកម្ពុជា ។ បើទោះបីជាប្រជារាស្ត្រ និងមន្ត្រីរាជការភាគច្រើនក្លាយជាមនុស្សបាក់ទឹកចិត្ត និងអស់សង្ឃឹមហើយក្តី ក៏ព្រះអង្គ ជំរុញ និង បំផុសបំផុលមនុស្សក្នុងប្រទេសឱ្យស្វាហាប់ ចាប់ផ្តើមប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញគ្រប់វិស័យ ។

បន្ទាប់ពីបានឡើងសោយរាជ្យភ្លាម នៅឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ដដែលនោះ ព្រះបាទអង្គឌួង បានបញ្ជាមន្ត្រីខ្ញុំរាជការឱ្យបោះ “ប្រាក់បាត”សម្រាប់ចាយវាយជាបឋម ។  នៅគែមជុំវិញនៃប្រាក់បាតនោះទ្រង់ព្រះរាជទានពាក្យថា “ ព្រះនគរក្រុងកម្ពុជាធិបតី “ ហើយមានពុទ្ធសករាជ និង ចុល្លសករាជ មានរូបប្រាសាទនគរវត្តនៅចំកណ្តាល ។ ម្ខាងទៀតទ្រង់ឱ្យដាក់រូបហង្ស  ដែលពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយបានអះអាងថា “រូបហង្សនោះគឺជានាមនៃព្រះសំអាងហង្ស ជាចាងហ្វាង ដែលបានទៅសិក្សារៀនសូត្រនៅប្រទេសក្រៅបានចេះវិជ្ជាបោះប្រាក់នោះ” ។ ប្រាក់បាតនោះជាកាក់ធ្វើពីលោហធាតុ ហើយ តម្លៃ និងទម្ងន់នៃប្រាក់នោះមានដូចតទៅនេះ ៖

១. ប្រាក់បាតទម្ងន់ ១បាត មួយតម្លឹង
២. ប្រាក់បាតតូចទម្ងន់ ៤ជី
៣. ប្រាក់ស្លឹងទម្ងន់ ១ជី
៤. ប្រាក់ហួងទម្ងន់ ៥ហ៊ុន

លើសពីនេះទៅ ទ្រង់ក៏បានឱ្យបោះហួងមាសសម្រាប់ចាយវាយផងដែរ ។ ទោះយ៉ាងណា ប្រាក់នោះមានដោយកម្រណាស់ ។ មានមនុស្សខ្លះតាំងពីកើតមករហូតដល់ស្លាប់កុំថាឡើយបានប្រាក់នោះយកមក ចាយវាយ ឬធ្វើជាកម្មសិទ្ធិ សូម្បីតែបានកាន់ ឬ សូម្បីតែឃើញថាកាក់នោះមានរូបរាងយ៉ាងណាក៏មិនដែលបានឃើញផង ។

ដូច យើងបានពោលខាងដើមហើយថា ដោយសារសង្គ្រាម ទាំងមាស ទាំងប្រាក់ និង សំរឹទ្ធិនៅក្នុងប្រទេសខ្មែរត្រូវបានបច្ចាមិត្ដរឹបអូសយកទៅប្រទេស គេ ទើបពេលនេះប្រទេសខ្មែរ ពុំមានវត្ថុធាតុសម្រាប់ធ្វើប្រាក់បាតនេះឡើយ  ទើបប្រាក់បាតនេះនាំយកមកពីប្រទេសសៀម ។

គេអាចមើលឃើញដោយ ងាយថា សៀមមិនចង់ឱ្យខ្មែរមានឯករាជ្យភាពសេដ្ឋកិច្ចឡើយ ព្រោះសៀមនៅតែចង់គ្រប់គ្រងខ្មែរដដែល ទើបសៀម មិនមែនចេះតែផ្គត់ផ្គង់ប្រាក់បាតទាំងនោះសម្រាប់ខ្មែរចាយវាយឆ្លើយតប តាមតម្រូវការនៅក្នុងប្រទេសកម្ពុជាឡើយ ។

៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ព្រះបាទអង្គឌួង មានព្រះតម្រិះថា ដោយសារប្រាក់បាត មានដោយកម្រពេក មិនអាចឆ្លើយតបទៅនឹងតម្រូវការបាន ម្យ៉ាងបើនៅតែប្រើប្រាស់ប្រាក់បាតនេះតទៅទៀត មុខជាមិនអាចរកពន្លឺ នៃឯករាជ្យភាពពិតប្រាកដឃើញឡើយ ទើបទ្រង់ឱ្យគេផ្លាស់ប្តូរប្រាក់បាតនោះចេញ ហើយជំនួសដោយប្រាក់រៀល ហើយជាលុយក្រដាសវិញ ។ ក្រដាសប្រាក់រៀលកាលនោះមាន៣បែប ដែលមានតម្លៃពី៤ហ្វ្រង់ (Francs) រហូតដល់១ហ្វ្រង់ (Franc) ៥០ សេន ។

ឯកសារប្រវត្តិសាស្ត្របានបរិយាយប្រាក់រៀលកាលនោះថា “នៅខាងមុខប្រាក់រៀលនោះមានរូបហង្ស ក វែង ដូចសត្វហង្សដែលគេដាក់លើកំពូលដងទង់នៅខាងមុខវត្តអារាមនានា សព្វថ្ងៃនេះឯង ។ ឯនៅម្ខាងទៀតនៃក្រដាស់ប្រាក់រៀលនោះមានរូបព្រះវិហារកំពូល៣ ដែលគេនិយាយថា រូបប្រាសាទអង្គរវត្ត” ។

ដោយហេតុនេះ ក្រដាសប្រាក់រៀល គឺក្រដាសប្រាក់ខ្មែរត្រូវបានបោះពុម្ពជាដំបូងនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ៕S

More info: http://www.cen.com.kh/localnews/show_detail/35?token=NTc4YTJhOTRhMDAxYjUwYTYwNzZjNGI5NDM1N2Zl

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: