វិបត្តិអក្សរសាស្រ្តនៅកម្ពុជា – Litterature Crisis in Cambodia

ដកស្រង់ចេញពី អក្ខរាវិរុទ្ធខ្មែរ (Facebook)

ដោយ  អ្នកស្រីកែវច័ន្ទបូរណ៍, ទី ៥ ឧសភា ២០១១

 

ហេតុអ្វីបានជាយុវជនខ្មែរបច្ចុប្បន្ន សរសេរអក្សរជាតិមិនសូវបានត្រឹមត្រូវតាមក្បួនខ្នាត?

 

វិបត្តិ៖

1/ ក្បួនសាស្រ្តាអក្សរសាស្រ្តជាតិ របស់ខ្មែរ បានត្រូវបំផ្លាញចោល នៅសម័យប៉ុលពត ស្ទើរតែអស់គ្មានសល់។

2/ បញ្ញាវ័ន្តខ្មែរ បានស្លាប់គរជើង វាល់លាននាក់ នៅសម័យប៉ុលពត។ មាននៅសល់ខ្លះ ភៀសខ្លួន ទៅនៅក្រៅប្រទេស ដើម្បីរក្សាជីវិត។ ខ្លះទៀតវិលវិញ មកបម្រើជាតិសាជាថ្មី សព្វថ្ងៃនេះ។ តែចំនួន របស់បញ្ញវ័ន្តជាន់ខ្ពស់ ខាងអក្សរសាស្រ្ត មានចំនួនស្តួចស្តើង ពិបាកនឹងបែងខ្លួន ធ្វើការងារ ខាងបណ្តុះបណ្តាលការសិក្សា ដល់យុវជន អោយសមនឹងចំនួនដែលត្រូវការ។

3/ ការឧបត្ថម្ភ របស់ក្រសួងរដ្ឋាភិបាល ខាងសិក្សាធិការអប់រំ ផ្នែកស្រាវជ្រាវ អភិរក្សនិងអភិវឌ្ឍន៍ អក្សរសាស្រ្តខ្មែរ នៅមានកម្រិតមិនលូតលាស់ទាន់តម្រូវការ ក្នុងជីវិតរបស់យុវជន សម័យថ្មី  ដែលកំពុងលង់ ក្នុងសម័យសម្ភារនិយម ជាពិសេស ខាងបច្ចេកវិជ្ជា។

4/ ភាពខ្វះខាតរបស់សាលា (ចំនួនសៀវភៅ និងបណ្ណាល័យ មានកម្រិត)

5/ ប្រាក់ខែស្តួចស្តើង របស់គ្រូ ធ្វើអោយគ្រូ បង្រៀនសិស្សមិនដិតដល់ ត្បិតអាល័យទទួលខុសត្រូវក្នុងអាជីពផ្សេងទៀត ដើម្បីរកប្រាក់ខែបន្ថែម ផ្គត់ផ្គង់គ្រួសារ។

6/ កម្មវិធី និងម៉ោងសិក្សា ខាងអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ក្នុងសាលា ពីបឋមសិក្សា ដល់ឧត្តមសិក្សា មានកម្រិត តិចជាងម៉ោងបង្រៀន កាលពីជំនាន់មុន១៩៧៥។

7/ សង្គមខ្មែរ ឥលូវ កំពុងទទួលឥទ្ធិពល ពីវប្បធម៌ បរទេស តាមរយៈ ការសិក្សាជាន់ខ្ពស់ ខាងមុខវិជ្ជាផ្សេង ដែលតម្រូវអោយសិស្ស រៀនភាសាបរទេស ជាជាងភាសាខ្មែរ ឥទ្ធិពលផ្នែកពាណិជ្ជកម្មជួញដូរជាមួយបរទេស ការលូតលាស់ខាងទទួល ដំណើរទេសចរណ៍ អន្តោប្រវេសន៍និងចំណូលស្រុក ជាដើម។

8/ ភាពក្រីក្របានបង្ខំ យុវជនខ្មែរ ជាច្រើន ដើរចាកសាលា ដើម្បីធ្វើការងារ ផ្គត់ផ្គង់ ការខ្វះខាតក្នុងគ្រួសារ ម៉្លោះហើយការសិក្សា និងការចេះដឹង ក៏ថមថយតាមនោះដែរ។

ដំណើរអភិវឌ្ឍន៍៖

1/ បច្ចុប្បន្ន ខ្មែរយើងមានសិទ្ធិសេរីភាពច្រើន ក្នុងការស្រាវជ្រាវ ឬសគល់របស់ខ្លួន ជាពិសេស ខាងអក្សរសាស្ត្រ អក្សរសិល្ប៍។ បញ្ញាវ័ន្តខ្មែរជាច្រើន បានចេញមុខ ធ្វើការយ៉ាង ឧស្សាហ៍ ស្វិតស្វាញ ក្នុងការស្រាវជ្រាវអក្សរសាស្រ្ត របស់ខ្លួន ព្រោះតែ សេចក្តីស្រឡាញ់ដ៏ធំធេង ចំពោះជាតិ ថ្វីបើពុំមាន ថវិកា ឧបត្ថម្ភការងារនេះ។

2/ បណ្ណាល័យបានបង្កើតឡើងវិញ តាមសាលា ជាបន្តៗ ថ្វីបើពុំលឿនទាន់សេចក្តីត្រូវការរបស់សិស្ស។

3/ គណកម្មការ កម្មវិធីសិក្សាខាងអក្សរសាស្ត្រ បានចាប់ផ្តើម សរសេរ និងបោះពុម្ពសៀវភៅ ថ្មីៗទៀត សម្រាប់បង្រៀនសិស្ស នៅជំនាន់ថ្មីទៀត។

3/ អ្នកនិពន្ធខាងអក្សរសាស្ត្រ អក្សរសិល្ប៍ បានបង្កើត បង្កើនស្នាដៃ កាន់តែច្រើន ក្នុងទីផ្សារ និងតាមរយៈគ្រឹស្ថានសិក្សា និងតាមរយៈអង្គការក្រៅរដ្ឋាភិបាល។

4/ ការចែកចាយចំណេះសិក្សា តាមរយៈប្រព័ន្ធឥន្ថឺណិត ដូចជា ហ្វេសប៊ុក នេះជាដើម។

5/ កម្មវិធីប្រកួតយករង្វាន់ អក្សរសាស្រ្ត អក្សរសិល្ប៍ ដើម្បីអំណោយលើកកម្លាំងចិត្ត ដល់បេក្ខជន ដែលមានជំនាញប្រសើរខាងអក្សរសាស្រ្ត អក្សរសិល្ប៍។

6/ ក្រសួងសិក្សាធិការ (ក្រសួងអប់រំយុវជននិងកីឡា) បានផ្តល់ចំណាប់អារម្មណ៍ លើអក្សរសាស្ត្រខ្មែរ ច្រើនជាងមុន ដូចជា ការអនុមតិ អោយយកវចនានុក្រម សម្តេចជួនណាត ជាគោលអក្ខរាវិរុទ្ធ ហើយមានបង្កើតក្រមការអក្សរសាស្រ្ត នៅពេលថ្មីៗនោះ ដើម្បីស្រង់ពាក្យខ្មែរបន្ថែម ឬបង្កើតបន្ថែម។

7/ យុវជនខ្មែរជាច្រើនមានទដ្ឋិវិជ្ជមាន កាលបើយល់ឃើញនូវការខ្វះខាតរបស់ខ្លួនខាងអក្សរនិងភាសាខ្មែរ ហើយក៏នាំគ្នាបើកចិត្តបើកគំនិតសិក្សា ដោយសោមនស្សរីករាយ គ្មានប្រកាន់។

8/ ការពិគ្រោះពិភាក្សាបើកចំហ នៅគ្រប់ទីកន្លែង ក្នុងការជួយគ្នា កែតម្រូវការប្រើភាសាខ្មែរ អោយបានត្រឹមត្រូវតាមក្បួនខ្នាត។

9/ ចំនួនយុវជន ដែលរក្សាផ្នួសក្នុងវត្ត នៅស្រុកខ្មែរ បច្ចុប្បន្ន មានចំនួនច្រើន លើសពេលណាៗ ទាំងអស់ ក្នុងប្រវត្តិជាតិខ្មែរ។ ឧទាហរណ៍ នៅវត្តពោធិវាល បាត់ដំបង មានសមណសិស្ស ដល់ទៅ ជាង៧០០ អង្គ។ នៅវត្តបវេល មានសមណសិស្ស ប្រហែល៤០០ អង្គ។ នេះមិនគិតពីវត្តជាច្រើនរយទៀត នៅបាត់ដំបង។ ចុះទម្រាំគ្រប់ខែត្រទៀត? មានន័យថា នៅអនាគត យ៉ាងខ្លីខាងមុខ យើងនឹងឃើញ ការលូតលាស់ក្នុងភាសាខ្មែរ កាន់តែច្រើនជាមិនខាន។

អ្វីដែលយើងនៅខ្វះ៖

1/ វចនានុក្រម តាមមុខវិជ្ជា ឯកទេសផ្សេងៗ ដូចជាខាងពាណិជ្ជកម្ម ពេទ្យ បច្ចេកវិទ្យា ជាដើម។

2/ សំណេរអត្ថបទ ដែលបណ្តុះប្រាជ្ញា ស្មារតី និងគំនិត ដើម្បីលើកទឹកចិត្ត មនុស្ស អោយស្រឡាញ់ ការអាននិងការសរសេរ។

3/ កាត់បន្ថយ កម្មវិធីកំសាន្ត ក្នុងទូរទស្សន៍ បន្ថែមកម្មវិធីអក្ខរកម្ម និងកម្មវិធីបណ្តុះស្មារតីអាន ដល់អ្នកដែលមិនអាច មានឧិកាស ដើរទៅដល់សាលា ដើម្បីរៀន។

4/ បង្កើនចំនួន អ្នកស្ម័គ្រចិត្តជួយធ្វើ ជាជាងជួយថា។

5/ ប្រាក់ខែផ្គត់ផ្គង់គ្រូបង្រៀន។

6/ អាហារូបករណ៍ឧបត្តម្ភសិស្ស ឬគន្ថការីខាង អក្សរសាស្ត្រ អក្សរសិល្ប៍ ដើម្បីបន្តការស្រាវជ្រាវ សរសេរនិងបោះពុម្ព សៀវភៅ សម្រាប់បណ្តុះបណ្តាលការសិក្សាជឿនលឿន ខាងភាសាខ្មែរ។

7/ ប្រពន្ធ័សមាគម អ្នកស្រឡាញ់អក្សរសាស្ត្រជាតិ។

 

More info: http://www.facebook.com/groups/207495039336730/doc/207500996002801/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: