ប្រវត្តិរបាំគែន ខេត្តស្ទឹងត្រែង

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

របាំ​កែន ជនជាតិដើម​ភាគតិច​ឡាវ នៅ​ស្រុក​សៀម​ប៉ាង ប្រឈម​នឹង​ការបាត់បង់​ទាំងស្រុង​

ដោយ : សេសាន (ថ្ងៃទី 30 កញ្ញា 2011)

Dsc059061ស្ទឹងត្រែង:  របាំ​កែន ឬ ឡាំ​កែន ដែលមាន​កំណើត​ពី​ជនជាតិដើម​ភាគតិច​ឡាវ នៅក្នុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​បាត់បង់​ប្រពៃណី​ទំនៀមទម្លាប់​របស់ខ្លួន​ទាំងស្រុង​ហើយ មកទល់នឹង​បច្ចុប្បន្ន ព្រោះ​អ្នកស្រុក​នៅ​ទីនោះ មិន​និយម​យក​របាំ​ប្រភេទ​នេះ មកលេង​ដូច​កាលពី​សម័យ​ដើម​ទៀត​ទេ​។​
​    ​
​ លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង​និយាយថា ប្រពៃណី​ឡាំ​កែន មាន​សំដែង​ម្តងម្កាល​តែប៉ុណ្ណោះ នៅក្នុង​ស្រុក​របស់លោក​។ រីឯ​អ្នកចេះ​ផ្លុំ​កែន​វិញ មានតែ​ជនជាតិ​ឡាវ ១ ទៅ ២ នាក់​ទេ ក្រៅពីនោះ គឺ​គ្មាន​អ្នកចេះ​ផ្លុំ​ឡើយ​។ លោក​តែងតែ​អញ្ជើញ​គាត់​ឱ្យមក​ច្រៀង​រាំ​ឡាំ​កែន​នៅពេល​មាន​ពិធី​ខួប​គណៈបក្ស ​ប្រជាជន​កម្ពុជា ដើម្បីឱ្យ​អ្នកធំ​មើល​។ លោក​ស៊ី​សួន បាន​អះអាងថា ពេល​ច្រៀង គេ​ប្រើ​ជា​ភាសា​ឡាវ តែ​លោក​បកប្រែ​មកជា​ខ្មែរ  មាន​អត្ថន័យ​ថា ថ្ងៃ​៧ មករា គឺជា​កំណើត​ទី​២ របស់ខ្ញុំ​។ ប្រពៃណី​នេះ មាន​តាំងពី​យូរលង់​ណាស់​មកហើយ នឹង​ជា​របស់​ក្រុម​កុលសម្ព័ន្ធ​ជនជាតិភាគតិច​ឡាវ​ដែល​រត់​ភៀសខ្លួន​មក​ រស់នៅក្នុង​ទឹកដី​កម្ពុជា ពី​ក្នុង​សតវត្ស​ទី​៦ និង​ទី​៧​។​
​    ​
​ លោក សម សា​អែម អតីត​ជា​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង និយាយ​ឱ្យដឹងថា របាំ​កែន​មាន​ដើមកំណើត​នៅក្នុង​ស្រុក​សៀម​ប៉ាង និង​ជា​ប្រពៃណី​បងប្អូន​ជនជាតិភាគតិច​ឡាវ​។ របាំ​នេះ កើតមាន​តាំងពី​មុន​ឆ្នាំ​១៩៦០​។
​នៅ​ឆ្នាំ​១៩៦០ សម័យ​សង្គមរាស្ត្រនិយម លោក​ហង្ស ធុន​ហាក់ រដ្ឋមន្ត្រីក្រសួងរ​ប្ប​ធម៌ និង​វិចិត្រសិល្បៈ បាន​ចុះមក​សិក្សា​ស្រាវជ្រាវ​ប្រពៃណី​ជនជាតិ​ភាគ​តិ​ត​ចំនួន ២ នៅ​ភាគ​ឦសាន​។ ទី​១ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន​របាំ​កែន ឬ ឡាំ​កែន​។ ទី​២ និយាយ​ពី​ជនជាតិភាគតិច​ប្រពៃណី​កាប់​ក្របី​ផឹកស្រា​នៅក្នុង​ខេត្តរតនៈគិរី​។ ប្រពៃណី​ទាំងពីរ​នេះ ត្រូវបាន​ចងក្រង​ជា​ឯកសារ​រក្សាទុក​នៅ​វិចិត្រសិល្បៈ​ក្នុង​ទីក្រុង​ភ្នំពេញ ​រហូត​បច្ចុប្បន្ន​។​
​    ​
​លោក​សម សា​អែម បាន​បញ្ជាក់ថា កាលពី​សម័យ​ដើម របាំ​កែន​គេ​លេង​នៅក្នុង​ស្រុក​សៀម​ប៉ាង ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​។ អ្នក​ច្រៀង​កែន​មានតែ​ម្នាក់ឯង​ប៉ុណ្ណោះ​។ ឯ​អ្នក​រាំលេង​វិញ មាន​ច្រើនណាស់​ឱ្យតែ​អ្នក​ចង់​ចូល​រាំ​ក៏​អាច​រាំ​បានដែរ គេ​មិន​ប្រកាន់​នោះទេ​។ របាំ​កែន ឬ ឡាំ​កែន មិនមាន​អត្ថន័យ​ច្រើន​នោះទេ គឺ​គ្រាន់តែ​សម្រាប់​បង្ហាញ​អំពី​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច ដែល​មក​រស់នៅ​តំបន់​ក្នុងស្រុក​សៀម​ប៉ាង នៅ​សម័យ​សតវត្សរ៍​ទី​៦​។ នេះ​ជា​របាំ​កំសាន្ត​ភូមិ និង​ទំនៀមទម្លាប់​មួយ​របស់​ក្រុម​កុលសម្ព័ន្ធ​តែប៉ុណ្ណោះ​។​

​ បច្ចុប្បន្ន​របាំ​កែន ឬ ឡាំ​កែន​ត្រូវបាន​គេ​ច្នៃ​ឱ្យ​ក្លាយជា​ទាន់សម័យ គឺ​អ្នក​រាំច្រៀង​មាន​រហូត ១២ នាក់​។ ក្នុងនោះ​ស្រី​ចំនួន ៦ នាក់​រាំ​អម​ហើយ​បុរស​ជា​អ្នក​ផ្លុំ​កែន​។ កែន​នេះ គេ​ធ្វើ​ពី​ដើម​ឬ​ស្សី​ពក ដែល​ភាសា​ឡាវ គេ​និយាយថា ម៉ៃ​ហៀ ឬ ម៉ៃ​ខុយ​សាន​។ កែន មាន​ប្រវែង​ចាប់ពី ៩ ទៅ ១ ម៉ែត្រ ២ តឹក​។ ឬ​ស្សី​កែន គេ​រៀប​ជា​ពីរ​ជួរ​អណ្តាត​ផ្លុំ​របស់​វា គេ​ធ្វើ​អំពី​ប្រាក់​លាយ​ជាមួយ​ទង់ដែង ទើប​សំលេង​ឮ​ពិ​រោះ​ល្អ​។ ហើយ​តម្លៃ​ក៏​មិនជា​ថ្លៃ​ដែរ​។

​លោក​សម សា​អែម បញ្ជាក់ថា របាំ​មួយ​នេះ​គេ​រៀបចំ​ប្រើ​ជា​សម្ភារៈ​លេង​ក្លាយជា​របស់ទំនើប​ទៅហើយ វា​មិន​ដូច​សម័យមុន​នោះទេ​។ គ្រាន់តែ​ពេល​សំដែង​លេង​របាំ​កែន​នេះ គឺ​គេ​នឹក​ឃើញថា មាន​ដើមកំណើត​នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង​។​    ​

​ បុរស​ម្នាក់​ឈ្មោះ​នឿ​ង វិជ្ជា ជា​អតីត​ជា​សិស្ស​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ដែល​ធ្លាប់បាន​ទៅ​ហាត់រៀន​របាំ​កែន​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការហាត់​រៀន​របាំ​កែន​ងាយស្រួល និង​ឆាប់​ចេះ​មិន​ពិបាក​ទេ​។ កន្លងមក​ក្រោយពី​ហាត់រៀន​ចេះ​នឿ​ង វិជ្ជា ធ្លាប់បាន​សំដែង​នៅក្នុង​ខេត្តស្ទឹងត្រែង ជាមួយនឹង​មិត្តភក្តិ​។ បាន​ទៅ​សំដែង​នៅ​ខេត្តសៀមរាប និង​ប្រទេស​ឡាវ​ផងដែរ​។​
​    ​
​លោក ឡុង លី​ប៉ូ ប្រធាន​សហគមន៍​ជីវិត​ស្រស់ត្រកាល​គ្រប់​រដូវ​មាន​ទីតាំង​នៅក្នុង​ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា លោក​បាន​ជួល​សិស្ស​ចំនួន ១ នាក់​មកពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដែល​ចេះ​របាំ​កែន​តម្លៃ ១០ ដុល្លារ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​បង្ហាត់បង្រៀន​ក្មេងៗ​កុមារកំព្រា​នៅក្នុង​មណ្ឌល​របស់លោក​ឱ្យ​ ចេះ​ច្រៀង​រាំ​ឡាំ​កែន​នឹង​។ ក្មេងៗ​ទាំងនោះ ក្រោយពេល​ចេះ​ហើយ​ពួកគេ​អាច​សំដែង​ឱ្យ​ជនបរទេស ដែលជា​ភ្ញៀវទេសចរ មើល​បានល្អ និង​ជក់ចិត្ត​ដិតអារម្មណ៍ ពី​វប្បធម៌​ជាមួយនឹង​ដងខ្លួន​ដ៏​សែន​ល្វត​ល្វា​ន់​។​    ​

​លោក​លី ប៉ូ ក៏បាន​បញ្ជាក់​ផងដែរ​ថា របាំ​មួយ​នេះ ជារ​ប្ប​ធម៌​ចម្រុះ​រវាង​ខ្មែរ​-​ឡាវ​កាលពី​សម័យ​ដើម​។ អ្នកជំនាន់ក្រោយ​បាន​បង្ហាត់បង្រៀន​ក្មេងៗ​ឱ្យដឹងពី​ឡាំ​កែន ថ្នាក់​លេខ​១ ក្នុងចំណោម​របាំ​ផ្សេងទៀត​របស់​ខេត្តស្ទឹងត្រែង​៕

http://www.cen.com.kh/localnews/show_detail/132?token=MTk0NDg5ZWE2NjkyY2RkOWE0MjVmZTI5NjVkZGVl

Dsc059072

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: