ជំនឿ និង​ប្រពៃណីរបស់អ្នកស្រុកនៅវត្តព្រះវិហារសួគ៌

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ទោះបីជា​មាន​ទឹកជំនន់ តែ​អ្នក​ភូមិ​វិហារ​សួគ៌ នៅតែ​ប្រារព្ធ​ពិធី​បំបោល​ក្របី នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយ : CEN (ថ្ងៃទី 26 កញ្ញា 2011)

Buffalo-003ភ្នំពេញ: ដើម្បី​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ ព្រមទាំង​បួងសួង​សុំ​សេចក្តីសុខ​ដល់​អ្នកភូមិ និង​សត្វពាហនៈ ក្រុម​អ្នក​ភូមិ ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បាន​ប្រារព្ធ​ពិធី​ប្រណាំង ឬ​ការ​បំបោល​ក្របី ក្នុង​វត្ត​ព្រះវិហារ​សួគ៌ នៅ​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​១៥​រោច ត្រូវ​នឹង​ថ្ងៃ​អង្គារ៍ ទី​២៧​កញ្ញា ឆ្នាំ​២០១១​។ ពិធី​តាម​ប្រពៃណី នៅ​ឆ្នាំ​នេះ ចំនួន​ក្របី​ចូលរួម​ប្រកួត អាច​មាន​ការថយចុះ​ជាង​ឆ្នាំ​មុន ដោយសារតែទឹកជំនន់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មេឃុំ​វិហារ​សួគ៌​។​

​ លោក ឈិត ឈាន មេឃុំ​វិហារ​សួគ៌ និង​ជា​គណៈកម្មការ​រៀបចំ​ពិធី​ការប្រកួត ឬ​ការ​បំបោល​ក្របី បានឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី​២៦​កញ្ញា ឆ្នាំ​២០១១​ថា នៅ​ទីតាំង​ប្រណាំង​ក្របី​នោះ គោក គឺ​ទឹក​លិច​តែ​នៅ​ខាងត្បូង​វត្ត​ទេ​។ ដូច្នេះ​អ្នកស្រុក នឹង​រៀបចំ​ពិធី​ប្រណាំង​ក្របី តាម​ប្រពៃណី នៅ​ឆ្នាំ​នេះ ដែល​នឹង​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​អង្គារ ទី​២៧​កញ្ញា ឆ្នាំ​២០១១ ត្រូវ​នឹង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។

Buffalo-001​ក៏​ប៉ុន្តែ​លោក​មេឃុំ បាន​បន្ថែមថា នៅ​ឆ្នាំ​នេះ ប្រហែល​ជា​អ្នកភូមិ​យក​ក្របី​មក​ចូលរួម​ពិធី​ប្រចាំឆ្នាំ​នេះ ប្រហែល​ជា​តិច​ជាង​ឆ្នាំ​មុន ព្រោះ​តែ​ទឹក​លិច ដូចជា អ្នក​នៅ​ស្រែ​លើ ប្រហែលជា​មិនសូវ​មក​ប៉ុន្មាន​ទេ ដោយសារ​តែ​ដាច់​ផ្លូវ នៅ​ខាង​ទឹកដី​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម និងអ្នកស្រុកពារាំង ខេត្តព្រៃវែង ដែលស្ថិត​នៅ​ជាប់​នឹង​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។ ប៉ុន្តែ​អ្នកស្រុក​នៅ​វិហារ​សួគ៌ នៅតែ​លេង​ពិធី​បំបោល​ក្របី ដែល​ជា​ទម្លាប់​ប្រចាំឆ្នាំ​ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៧កញ្ញានេះ។​

​យ៉ាងណាក៏ដោយ លោក​មេឃុំ​វិហារ​សួគ៌ បាន​បន្ថែមថា គណៈកម្មការ​រៀបចំ​កា​រ​ប្រណាំង ឬក៏​ការបំបោល​ក្របី បាន​ចាប់​ផ្គូផ្គងក្របី និងសេះ រួចរាល់​ហើយ គឺមាន ២៣ គូ សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ នា​ថ្ងៃ​ទី​២៧​កញ្ញា ឆ្នាំ​២០១១​។ ប៉ុន្តែ​លោក​មេឃុំ​មាន​ការសង្ស័យថា ប្រហែលជា ចំនួនក្របី និងសេះ មិន​គ្រប់​ចំនួន​គូ​នោះទេ ក្រែងលោ​ក្របី លំបាក​ក្នុង​ការឆ្លង​ទឹក មក​ចូលរួម​ពិធី​នៅ​វត្ត​វិហារ​សួគ៌​។​

​ ក្រៅពី​ការប្រណាំង ឬ​បំបោរ​ក្របី នៅ​វត្ត​វិហារ​សួគ៌ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ក៏​ដូច​ជា​រៀងរាល់ឆ្នាំ គឺ​មាន​ការ​ប្រណាំងសេះ បោក​ចំបាប់ ឡើង​សរសរ​ខ្លាញ់ និង​រាំវង់ រាំ​ក្បាច់ នៅ​បរិវេណ​វត្ត​វិហារ​សួគ៌​។​

Buffalo-002ជា​រៀងរាល់ឆ្នាំ ក្រុម​យុវជន​វ័យក្មេង​ជាច្រើន​នាក់ បាន​នាំយក​ក្របី មកជួបជុំ នៅ​ខាងលិច​វត្ត​វិហារ​សួគ៌ ដោយ​រៀបចំ​តុបតែង​ក្របី​ទាំងនោះ មុននឹង​ចាប់ផ្តើម​ពិធី​ប្រណាំង ឬ​ការ​បំបោល​ក្របី នៅ​ព្រឹក​ព្រលឹម ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​

​ការប្រណាំង ឬ​ការ​បំបោល​ក្របី  ត្រូវ​ធ្វើឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ២០០ ម៉ែត្រ តាម​ផ្លូវ​ដី ខាងលិច​វត្ត​វិហារ​សួគ៌ និង​ឆ្លងកាត់ ខ្លោងទ្វារវត្ត ចូល​ឆ្ពោះទៅកាន់​ព្រះវិហារ​។ ទីលាន​នោះ មិន​ត្រូវបាន​រៀបចំ​អ្វី​ទេ តែ​ជា​ផ្លូវលំ​ក្នុង​ភូមិ​។

​មុន​ចាប់ផ្តើម​ពិធី ក្រុម​អ្នក​ប្រកួត ជា​យុវជន​ក្នុងភូមិ បាន​ជិះ​ក្របី នាំ​ចូល​ទៅ​ក្នុង​វត្ត​ព្រះវិហារ​សួគ៌ ដើម្បី​បន់ស្រន់ ដល់​វិញ្ញាណក្ខន្ធ លោកតា ប្រា​សុខ និង​បារមី​ព្រះអង្គ នៅក្នុង​វត្ត​វិហារ​សួគ៌​។​

​ក្រុម​អ្នកចូលរួម​ប្រកួត​ជិះ​ក្របី ត្រូវបាន​គេ​ផ្តល់ឲ្យ​នូវ​ខោ​ជើងវែង​ពណ៌​ខៀវ និង​អាវដៃខ្លី ពណ៌​ផ្ទៃមេឃ ព្រមទាំង​អាវកាក់​ពណ៌​ឈាមជ្រូក ជាមួយនឹង​កន្សែង​ឆ្នូត​ក្បាល​ពណ៌​លឿង​។

Boxing at vihear sour-001​ ក្រុម​អ្នក​ជិះ​ក្របី ជា​យុវជន​វ័យក្មេង​ក្នុងភូមិ​វិហារ​សួគ៌ ក៏​ចូល​ចិត្ត​ស្លៀក​ខោខ្លី និង​ក្រមា ជាមួយ​អាវយឺត ឬក៏​លេងខ្លួន​ទទេ ជិះ​លើ​ខ្នង​ក្របី ព្រមទាំង​វាយ​បំបោល ដើម្បី​បំផាយ​ក្របី ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ​ផងដែរ​។​

​រីឯ​ក្របី ត្រូវបាន​គេ​តុបតែង ដោយ​មាន​របាំងមុខ រចនា​ពី​ក្រណាត់​ចម្រុះ​ពណ៌ មាន​ឌិន​គ្រាប់​អង្កាំ នៅលើ​ក្បាល និង​ស្រោប​ស្នែង ដោយ​ស្បង់​លោក ទុក​តែ​ចន្លោះ​នៅត្រឹម​មាត់ ច្រមុះ និង​ភ្នែក​ទាំង​ពីរ​តែប៉ុណ្ណោះ​។​

​ ការ​ប្រារព្ធ​ពិធី​បំបោល​ក្របី​នេះ ធ្វើឡើង​ជា​ប្រពៃណី​ប្រចាំឆ្នាំ​របស់​អ្នកភូមិ​វិហារ​សួគ៌ ដើម្បី​បួងសួង​សុំ​ឲ្យ​អ្នកតាម្ចា​ស់​ស្រុក និង​បារមី​ព្រះអង្គ​វត្ត​វិហារ​សួគ៌ ថែរក្សា​ការពារ​អ្នកភូមិ និង សត្វពាហនៈ​ពី​ជម្ងឺ​ដង្កាត់​នានា​។ ពិធី​បំបោល​ក្របី​នេះ ក៏​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកតា​ម្ចាស់​ស្រុក​ដែល​មាន​បារមី នៅក្នុង​វត្ត​វិហារ​សួគ៌​ដ៏​សក្តិ​សិទ្ធិ​ផងដែរ​។

​ជា​ទម្លាប់ អ្នក​ប្រកួត​កម្រ​នឹង​បោះបង់​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នេះ​ណាស់ ដោយសារ​អ្នកភូមិ​វិហារ​សួគ៌ ត្រូវ​ចូលរួម​ជិះ​ក្របី​បំបោល កាលពី​ឆ្នាំមុន​ហើយ​បើ​មិនបាន​ចូលរួម​ក្នុង​ពិធី​នៅ​ឆ្នាំ​នេះ​វិញ អ្នកភូមិ​នោះ នឹង​ជួប​គ្រោះភ័យ​ផ្សេងៗ ទៅ​តាម​ជំនឿ​ពី​បុរាណ​តៗ​គ្នា​។

​ ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ ក៏​មាន​អ្នកភូមិ​ខ្លះ ដែល​មាន​វ័យ​ចំណាស់ ត្រូវ​ជិះ​ក្របី ដើម្បី​ថ្វាយ​ដល់​ដួងព្រលឹង​អ្នកតា​ម្ចាស់​ស្រុក និង​បារមី​ព្រះអង្គ ដើម្បី​បង្គ្រប់កិច្ច នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​។​

Boxing at vihear sour-002​ក្នុង​ព្រឹត្តិការណ៍​ ប្រចាំឆ្នាំ នៅ​វត្ត​វិហារ​សួគ៌ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ក្រៅ​តែ​ពី​ការ​បំបោល​ក្របី ក៏​មាន​ការប្រណាំង​ជិះសេះ និង​កីឡា​បោក​ចំបាប់ ដែល​ជា​ការបង្ហាញ​នូវ​ក្បាច់គុណ​បុរាណ​ខ្មែរ បុក្ក​តោ និង​គុណដំបង​។ កីឡាករ មិន​ត្រូវបាន​កំណត់​ទុក​ជាមុន​ទេ គឺ​អាស្រ័យ​លើ​អ្នកចូលរួម​ពិធី និង​ក្រុម​កូនចៅ​អ្នកភូមិ​វិហារ​សួគ៌ ដែល​បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ ចូលរួម​ប្រកួត​ភ្លាមៗ ដើម្បី​ថែរក្សា​នូវ​កេរ្តិ៍មរតក​ក្បាច់គុណ​បុរាណ​ខ្មែរ និង​ទំនៀមទម្លាប់​របស់​អ្នកភូមិ​វិហារ​សួគ៌​៕

More infos: http://www.cen.com.kh/localnews/show_detail/135?token=ZjE0N2ZjYjJlZmYwOWFkNzhjMzA5OTM2MzM2NDgz

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: