ស្នាដៃ​សំរិទ្ធ​ខ្មែរ​បញ្ចប់​ការ​ដាក់តាំង​បង្ហាញ​នៅ​សហរដ្ឋ​អាមេរិក

អត្ថបទ និង​រូបភាព ដកស្រង់ចេញពីគេហទំព័រ Voice of America (VOA)

ដោយ ជាង សុភីណារ័ត្ន វីអូអេ ខ្មែរ | ឡូស​អានជឺឡេស សហរដ្ឋ​អាមេរិក

ថ្ងៃ​អាទិត្យ​ទី១៤​ខែ​សីហា​​​កន្លង​មកនេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ ការដាក់​តាំងពិព័រណ៌​«អាទិទេពនៃ​ក្រុង​អង្គរ»។ វា​មាន​រយៈកាល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​ពិព័រណ៌​រូប​ចម្លាក់​សំរិទ្ធ​ពី​សម័យ​ អង្គរ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​ជូន​សាធារណ​ជន​ទស្សនា​នៅ​សហរដ្ឋ​អាមេរិក។

ពិព័រណ៌​នេះ​គឺ​ចាប់​ផ្តើម​ដាក់​បង្ហាញ​ជា​លើក​ដំបូង​តាំង​ពី​ថ្ងៃ​ទី​១៥ ​ខែ​ឩសភា​ឆ្នាំ​២០១០​ដល់​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១១​នៅ​វិចិត្រសាល​ Arthur ​M.​ Sackler, ​រដ្ឋធានី Washington ​DC។​បន្ទាប់​មក​ក្រុមអភិរក្ស​បាន​បញ្ជូន​រូប​ចម្លាក់​សំរិទ្ធ​ទាំងអស់​នេះ​ ទៅ​ សារមន្ទីរ​ J.​​ Paul ​Getty ​នៅ​ទីក្រុង​Los​ Angeles​ រដ្ឋCalifornia​​ជូន​ដល់​សាធារណជន​ទស្សនា​ជាពិសេស​ជនជាតិ​ខ្មែរ​អាមេរិកាំង​ ដែល​រស់​នៅ​ទីក្រុង​Long ​Beach ​ជិត​ក្រុង​ Los ​Angeles។ ការដាក់​តាំង​ជា​សាធារណៈ​នៅ​សារមន្ទីរ​Getty ​គឺ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ១៤​ខែ​សីហា​​ នេះ ហើយ​នៅ​ពេល​បញ្ចប់​រូប​ចម្លាក់​សំរិទ្ធ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ សារមន្ទីរ​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ​វិញ។

លោក​ Jeffery ​Weaver, ​ជា​អភិរក្ស​រូប​ចម្លាក់​និង​សិល្បៈ​លម្អ​របស់​សារមន្ទីរ Getty​បាន​ប្រាប់​ ឱ្យ​ដឹង​ពី​គម្រោង​ដំបូង​នៃ​ការរៀប​ចំ​ពិព័រណ៌​នេះ​ថា៖

«ពីដំបូង​ខាង​​វិចិត្រសាល ​Freer​ and​ Sackler​ និង​សារមន្ទីរ​ជាតិ​នៅ​ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ជា​គម្រោង​អភិរក្ស​ ចម្លាក់​លោហធាតុ​ហើយ​ពួក​គេ​បាន​ស្នើសុំ​ជំនួយ​ជា​ថវិកា​ពី​មូល​និធិ ​Getty ។​ ពួកគេ​ទទួល​បាន​តាម​ការស្នើសុំ។ ​បន្ទាប់​មក​គេ​បាន​ជ្រើស​យក​​អភិរក្ស​ដើម្បី​ទៅ​បង្រៀន​អភិរក្ស​៥​នាក់​ទៀត ​នៅ​ប្រទេស​កម្ពុជា​ពី​របៀប​ថែរក្សា​និង​អភិរក្ស​វត្ថុ​សំរិទ្ធ​ទាំង​អស់​ នេះ​ហើយ​គម្រោង​នេះ​មាន​ដំណើរការ​ទៅ​មុខ​ល្អ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ​បន្ទាប់​មក​គេ​ក៏​គិត​ថា​រៀបចំ​ជា​ពិព័រណ៌​នេះ​ឡើង​ដើម្បី​បង្ហាញ​នូវ​ សមិទ្ធិផល​រូប​ចម្លាក់​សំរិទ្ធ​ទាំងនេះ​ដែល​គេ​បាន​ព្យាយាម​ថែរក្សា»។

សារមន្ទីរ J. Paul Getty

រូបចម្លាក់ ​សំរិទ្ធ​ខ្មែរ​​​ពី​សម័យ​អង្គរ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​​ស្ថាដៃ​រូប​ ចម្លាក់​​ខ្មែរ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ទី​ ក្រុង​ឡូស​អានជឺឡេស​ អស់​រយៈពេល​​ជាង​មួយ​​ឆ្នាំ។

នៅ​ឯ​ទី​ក្រុង ​Los​ Angeles​ សារមន្ទីរ​ Getty ​បាន​រៀប​ចំ​កម្មវិធី​ជា​ច្រើន​ទាក់​ទង​នឹង​សិល្បៈ​វប្បធម៌​ខ្មែរ​ដែល​មាន​ ដូច​ជា​ការដើរ​ទស្សនា​រូប​ចម្លាក់​សំរិទ្ធ​ជាមួយ​មគ្គុទេសក៏​ ការប្រជុំ​និយាយ​ពី​បៀប​អភិរក្ស​រូប​សំរិទ្ធ​ ថ្នាក់​បង្រៀន​ពី​សិល្បៈ​វប្បធម៌​សាស​នា​ខ្មែរ​ម្ហូប​អារហារ​ខ្មែរ​ និង​កម្មវិធី​«គ្រួសារ»​ដែល​បង្ហាញ​នូវ​ចម្រៀង​សម័យ​ទសវត្សរ៍​១៩៦០ និង​ ១៩៧០ ​និង​ របាំ​បុរាណ​និង​ប្រពៃណី​ខ្មែរ។

សិក្ខា​សាលា​ចុង​ក្រោយ​បង្អស់​គឺ​មាន​ឈ្មោះ​ថា​«ភាព​រុង​រឿង​នៃ​ អង្គរ» ដែល​ជា​ការរៀបចំ​របស់ សារមន្ទីរ Norton​ Simon​ រួម​ជាមួយ ​សារមន្ទីរ ​J.​ Paul Getty។ សិក្ខា​សាលា​នេះ​គឺ​ចែក​ចេញ​ជា​ពីរ​ផ្នែក។ ថ្ងៃ​ទី​មួយ​គឺ​ធ្វើ​ឡើង​នៅ​សារមន្ទីរ​Norton​ Simon​និង​ទី​ពីរ​គឺ​នៅ​សារមន្ទីរ​Getty​ នេះ​ផ្ទាល់។ លោកស្រី​បណ្ឌិត ​Melody ​Rod-ari ​ជា​អភិរក្ស​រង​សិល្បៈ​អាស៊ី​នៃ​សារមន្ទីរ​Norton​ Simon​បាន​ឱ្យ​ដឹង​ពី​ភាពខុសគ្នា​នៃ​ថ្នាក់​បង្រៀន​ទាំង​ពីរ​ថ្ងៃ​នេះ​ថា៖

«កាលពី​នៅ​សារមន្ទីរ​ Norton ​Simon​ ​យើង​ដើរ​កាត់តាម​កន្លែង​តាំងបង្ហាញ​រូប​ហើយ​និយាយ​ពី​ប្រវត្តិ​នៃ​សិល្បៈ​ របស់​ព្រហ្មណ្ឌ​សាសនា​និង​ព្រះពុទ្ធ​សាសនា​នៅ​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង​ និង​​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ថ្ងៃ​នេះ​(នៅ​សារមន្ទីរGetty) យើង​និយាយ​ផ្តោត​តែ​ពី​លក្ខណៈ​សំខាន់ៗ​របស់​ទីកន្លែង​មួយ​ប៉ុណ្ណោះ​គឺ​ អង្គរវត្ត»។

លោក​ស្រី​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​អ្វីដែល​លោក​ស្រី​ចង់​ឱ្យ​អ្នក​ចូលរួម​សិក្ខា​សាលា​យល់​ដឹង​ថា៖

«ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​យល់​ពី​សារៈ​សំខាន់​របស់​ប្រាសាទ​ អង្គរវត្ត​ចំពោះ ប្រវត្តិ​សិល្បៈ​និង​វប្បធម៌​ខ្មែរ​ពីព្រោះ​វា​ជា​កន្លែង​ ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​តាំង​ពី​ពេល​ដែល​ប្រាសាទ​នេះ​ត្រូវ​បាន​ កសាង​នៅ​សតវត្សរ៍​ទី​១២​មក​ទល់​ពេល​បច្ចុប្បន្ន»។

សិក្ខាសាលា​ចុង​ក្រោយ​​នេះ មាន​អ្នកចូល​រួម​ប្រហែល​២៥​នាក់។ លោកស្រី​ Patricia ​Good​ ជា​អ្នកចូល​ទស្សនា​មក​ពី​ទី​ក្រុង ​Los​ Angeles​ បាន​ឱ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​លោក​ស្រី​ថា៖

«ខ្ញុំ​បាន​ទៅ​​ចូល​រួម​​ទាំង​ពីរ​ថ្ងៃ​ហើយ​គិត​ថា​ការបង្រៀន​ទាំងពីរ​ នេះ​មាន​លក្ខណៈ​ប្លែក​គ្នា​​ហើយ​ផ្តល់​នូវព័ត៌មាន​ដែល​ខ្ញុំ​មិន​ដែល​ដឹង​ពី ​មុន​មក។ គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​បាន​រៀប​ចំ​គម្រោង​ទៅ​លេង​ប្រាសាទ​អង្គរវត្ត​ ដូច្នេះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​រៀន​​ថ្នាក់​នេះ»។

អភិរក្ស​រូប​ចម្លាក់​និង​សិល្បៈ​លម្អ​របស់​សារមន្ទីរ​ Getty​ លោក Jeffery Weaver ក៏​សង្ឃឹម​ថា​នឹង​មាន​ការតាំង​ពិព័រណ៌​របៀប​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត៕

More infos: http://www.voanews.com/khmer/news/arts-entertainment/Gods-of-Angkor-Exhibit-Bids-America-Goodbye-127975038.html

សារមន្ទីរ​ពីរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ដាក់តាំង​ស្នាដៃ​ចម្លាក់​បុរាណ​ខ្មែរ

ដោយ ជាង សុភីណារ័ត្ន វីអូអេ ខ្មែរ | រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អ.

រូបថត៖ ជាង សុភីណារ័ត្ន វីអូអេ ខ្មែរ
លោកស្រី​បណ្ឌិត មេឡូឌី រូដអារី ឈរ​នៅ​ជិត​រូប​បដិមា​ខ្មែរ​នៅ​ឯ​​​ពិព័រណ៍ “Where Art Meets Science” នៅ​សារមន្ទីរ​ Norton Simom នៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០១១។

«ខ្ញុំ​គិត​ថា​សព្វថ្ងៃ​នេះ​វា​ងាយស្រួល​នឹង​ភ្លេច​ថា ព្រហ្មញ្ញសាសនា​ ធ្លាប់ជា​សាសនា​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​អាស៊ី​ អាគ្នេយ៍ ពីព្រោះថា ឥឡូវ​នេះ​មនុស្ស​ភាគច្រើន​គោរព​ព្រះពុទ្ធ​សាសនា»។

សារមន្ទីរ​ន័រតុន​សាយមុន ​(Norton Simon Museum)​ ក្នុង​រដ្ឋកាលីហ្វញ៉ា​មាន​ដាក់តាំង​បង្ហាញ​រូបចម្លាក់​បុរាណ​ខ្មែរ​ដែល​ បន្សល់ទុក​ពីសម័យ​កាល​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា។​ នាបច្ចុប្បន្ន​នេះ​សារមន្ទីរ​នេះ​សហការ​ជាមួយ សារមន្ទីរ ហ្គេទី (Getty Museum) ដើម្បី​អបអរ​ការ​ដាក់តាំង​ពិព័រណ៌​រូបចម្លាក់​សំរិទ្ធ​មកពី​ប្រទេស​ កម្ពុជា​ដែល​មាន​ឈ្មោះថា​អាទិទេព​នៃ​អង្គរ។

សារមន្ទីរ ន័រតុន​សាយមុន​នេះ​មានទ្រង់ទ្រាយ​ធំ និង​អគារ​ដែល​មើលទៅ​មាន​ លក្ខណៈ​បែប​សម័យ​ថ្មី​ស្ថិតនៅ​ទីក្រុង​ប៉ាសាដេណា (Pasadena) រដ្ឋ​កាលីហ្វ័រញ៉ា​ បើមើល​ពី​ខាងក្រៅ​យើង​ប្រហែល​ជា​មិនជឿ​ថា​សារមន្ទីរ​នេះ​មានតាំង​បង្ហាញ​​ រូបចម្លាក់​ខ្មែរ​ដែលសល់​ពី​បុរាណកាល​នោះ​ទេ។ ប៉ុន្តែ​នៅពេល​ដែល​ឈានជើង​ចូល ​ដល់​ខាងក្នុង​អ្នក​ទស្សនា​នឹង​បានឃើញ​រូបចម្លាក់​បុរាណ​របស់​ប្រទេស​ អាស៊ី មួយ​ចំនួន​ដែល​ក្នុងនោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។ បើក្រឡេក​មើល​ទៅ​ខាង​ស្តាំ​អ្នក​នឹង​បាន​ឃើញ​រូបចម្លាក់​ដ៏​ ធំស្កឹមស្កៃ ដែលឈរ អមដំណើរ អ្នក​ទស្សនា​ទៅកាន់​ជាន់ខាង​ក្រោម​នៃ​ សារមន្ទីរ ដែលជា​កន្លែង​ដាក់តាំង​បង្ហាញ​នូវ​រូប​ចម្លាក់​ខ្មែរ។

ស្របពេល​ដែល​សារមន្ទីរ ហ្គេទី នៅទីក្រុង ឡូស អាន់ជឺឡេស (Los Angeles) កំពុង​បង្ហាញ​ពិព័រណ៌​«អាទិទេព​នៃ​អង្គរ» លោកស្រី​បណ្ឌិត មេឡូឌី រូដអារី (Melody Rod-ari) ជា​អ្នកអភិរក្ស​រង​សិល្បៈ​អាស៊ី និង​ជា​អ្នកអភិរក្ស​រូបចម្លាក់​ខ្មែរបុរាណ​ នៃ​សារមន្ទីរ​ន័រតុន​សាយមុន ក៏រៀបចំ​ការ​តាំង​ពិព័រណ៌ ដែល​មាន​ឈ្មោះ​ថា «នៅ ​ពេល​សិល្បៈ​ជួប​ជាមួយ​វិទ្យាសាស្រ្ត» រួមគ្នា​ដើម្បី​បង្ហាញ​នូវ​ រូបចម្លាក់​ដ៏ពិសិទ្ធ​របស់​ប្រទេស​កម្ពុជា នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​ អាមេរិក។

នៅឯ​សារមន្ទីរ ន័រតុន​សាយមុន​ លោកស្រី​បណ្ឌិត មេឡូឌី រូដអារី នឹងនាំ​អារម្មណ៍​លោក​អ្នក​ស្តាប់​ ទាំងអស់គ្នា នៅ​កាន់​បន្ទប់​តាំង​រូបចម្លាក់​បុរាណ​ខ្មែរ ដើម្បី​បង្ហាញ​នូវ ​រូប​ចម្លាក់​ល្បីៗ។

វីអូអេ៖ តើ​រូបចម្លាក់​មួយណា​ដែល​មេឡូឌី​ចាប់​អារម្មណ៍​ច្រើន​ជាងគេ?

មេឡូឌី៖«រូបចម្លាក់​ដែល​មានវ័យ​ចំណាស់​ជាងគេ​នៅ​ទីនេះ​គឺជា​រូបចម្លាក់​ មុន​សម័យ​អង្គរ គឺជា​សម័យ​មុន​ឆ្នាំ៨០២ នៅពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ ទី២ ឡើងគ្រងរាជ្យ និង អភិសេក​​ទៅជា​ព្រះមហាក្សត្រ​នៃ​អាណាចក្រ​អង្គរ។ នេះ​ គឺជា​រូបចម្លាក់ របស់ព្រះ​ហរិហរៈ។ ព្រះ​ហរិហរៈ គឺជា រូបផ្គុំ​ទេវៈ ​រូបផ្គុំ​ទេវៈ​មានន័យ​ថា រូប​របស់​គាត់​គឺ​មួយ​ចំហៀង​ជារូប​ របស់ ព្រះវិស្ណុ និងមួយ​ចំហៀង​ទៀត​ជារូប របស់​ព្រះសិវៈ។

ជាង សុភីណារ័ត្ន វីអូអេ ខ្មែរ

លោកស្រី ​បណ្ឌិត មេឡូឌី រូដអារី ឈរ​នៅ​ជិត​រូប​ចម្លាក់​ព្រះ​ហរិហរៈ ក្នុង​​​ពិព័រណ៍​វត្ថុ​សិល្បៈ​ខ្មែរ​​នៅ​សារមន្ទីរ​ Norton Simon នៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​ថ្ងៃ​ទី​​១​ខែ​កក្កដា​ឆ្នាំ​២០១១។

ព្រះហរិហរៈ ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ​ជាពិសេស​ពីសតវត្សរ៍​ទី៧​ ដល់​ទី៩។ រូបហរិហរៈ​ត្រូវ​បានកសាង​រហូត​ដល់​សតវត្សរ៍​ទី១៣​គ្រាន់តែ​រូប​ប្រភេទ​នេះ​ មាន​ភាពល្បីល្បាញ​ជាងគេ​ពី​សតវត្សរ៍​ទី ៧ដល់​ទី៩។ ខ្ញុំ​គិត​ថា​សព្វថ្ងៃ​ នេះ​វា​ងាយស្រួល​នឹង​ភ្លេច​ថា ព្រហ្មញ្ញសាសនា​ធ្លាប់ជា​សាសនា​សំខាន់​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​អាស៊ី​អាគ្នេយ៍ ពីព្រោះថា ឥឡូវ​នេះ​មនុស្ស​ ភាគច្រើន​គោរព​ព្រះពុទ្ធ​សាសនា។ ប៉ុន្តែ​ព្រហ្មញ្ញសាសនា​ធ្លាប់ជា​សាសនា​ សំខាន់ ដូច្នេះ​យើង​មាន​រូបចម្លាក់​ជាច្រើន​ដែល​ទាក់ទង​នឹង​សម័យកាល​ដំបូង​ នៃ​ព្រហ្មញ្ញសាសនា»។

លោកស្រី​បានបញ្ជាក់​បន្ថែម​ទៀត​ថា៖

«រូបចម្លាក់​មួយ​នេះ​បើ​អ្នក​មើល​ឱ្យ​ជិត អ្នក​នឹង​ឃើញ​ថា មួយ​កំណាត់​ ចំហៀង​ខាងស្តាំ​គឺ​តំណាង​ឱ្យ​ព្រះវិស្ណុ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈវត្ថុ​ ដែល​ដៃស្តាំ​របស់​គាត់​កាន់​មាន​ ដូចជា កងចក្រ ខ្យងសង្ខ ភ្នំព្រះសុមេរុ ដែលបញ្ជាក់​ថា​រូប​នេះ​ជា​រចនាបទ​ របស់​ខ្មែរ ព្រោះ​បើតាម​រចនាបថ​របស់​ឥណ្ឌា គាត់មិនកាន់​ភ្នំ​ព្រះសុមេរុ​ ទេ គឺ​គាត់​កាន់​ផ្កាឈូក​និង​ដំបង​ជា​អាវុធ។ ចំណែក​ឯ​ចំហៀង​ខាងឆ្វេង​គឺ​ព្រះសិវៈ។ ជាធម្មតា​រូប​របស់​ព្រះសិវៈ​គឺ​មាន​ ភ្នែក​ទី៣​នៅលើ​ថ្ងាស​របស់​គាត់។ដូច្នេះ​នៅលើ​ថ្ងាស​របស់​ហរិហរៈ​នេះ​គឺមាន​ ភ្នែក​ទីបី​ពាក់​កណ្តាល​នៅលើ​ថ្ងាស​របស់​គាត់។

ជាមួយគ្នា​នេះ​ផងដែរ​គាត់​មាន​ផ្នួងសក់ដាញ់​បួងឡើង​ទៅលើ ហើយ​គេជឿ​ថា​ គាត់​មាន​សក់​ដាញ់​ហ្នឹង​គឺ​ដោយសារតែ​គាត់​មិន​ចូលចិត្ត​ងូតទឹក។ រូបចម្លាក់ ​ព្រះហរិហរៈ​នេះ​មិនមាន​ទំហំ​ធំ​ប៉ុន្មាន​ទេ គឺ​ប្រហែល​ជា ២៦អ៊ីញ ប៉ុន្តែ​បើគិតពី​គុណភាព​វិញ​គឺ​វា​មាន​ភាព​ឥតខ្ចោះ»។

វីអូអេ៖ អញ្ចឹង​តើ​មាន​រូប​អ្វី​ផ្សេង​ទៀត​ដែល មេឡូឌី ចូលចិត្ត​ដែរ?

មេឡូឌី៖ «រូប​បន្ត​ទៅទៀត​នេះ​គឺជា​រូប​របស់​ព្រះវិស្ណុ។ រូបចម្លាក់​មួយ​ នេះ​គឺ​មាន​លក្ខណៈ ធំ​មែនទែន គាត់​មាន​រូបរាង​ធំ​ជាង​មនុស្ស​ធម្មតា​ដែល​ អ្នកធ្លាប់ជួប រូប​បែប​នេះ​ពីដើម​ច្រើនតែ​មាន​នៅក្នុង​ប្រាសាទ។ ផ្ទៃ​ខាងលើ​ របស់​រូបចម្លាក់​នេះ​មាន​លក្ខណៈ​ភ្លឺចាំង ពីព្រោះ​វិចិត្រករ​ព្យាយាម​ ធ្វើឱ្យ​រូប​នេះ​មានលក្ខណៈ​ល្អ​ប្រណិត។ ពីព្រោះ​យើងត្រូវ​ចាំ​ថា​នេះ​មិនមែន ​គ្រាន់តែ​ជា​រូប​ចម្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​តំណាង​ឱ្យ​ព្រះវិស្ណុ​ពិតៗ ព្រះវិស្ណុ​គឺ​ស្ថិតនៅ​ក្នុង​រូបនេះ​ ផ្ទាល់​តែម្តង។ ព្រះវិស្ណុ​រូបនេះ​មាន​ដៃ៣ ហើយ​កាន់​ភ្នំព្រះសុមេរុ ដូច្នេះ​ហើយ​ទើប​យើង​ ដឹង​ថា​នេះ​គឺ​ជា​រចនាបថ​របស់​ខ្មែរ​យ៉ាង​ប្រាកដ​គឺ​យើង​នឹង​មិនឃើញ​រូប​ របៀប​នេះ​នៅ​កន្លែង​ណា​ផ្សេង​ទេ។ បើមើល​ទៅ​ទងត្រចៀក​របស់​គាត់ យើង​ឃើញ​គាត់ ​មាន​ចោះ​ត្រចៀក។ នេះ​ស​បញ្ជាក់​ថា​គាត់​ប្រហែលជា​ ពាក់ក្រវិល មែនទែន ដែលធ្វើ​ពី​មាស​និង​ប្រាក់​ពិត​ប្រាកដ ហើយ​ក៏​ប្រហែលជា​ មាន​ពាក់​នូវ​គ្រឿង​អលង្ការ​ពិតៗ​ផ្សេងៗ​ទៀត​ ដូចជា ខ្សែក ខ្សែដៃ ចិញ្ជៀន កងដៃ និង​គ្រឿង​សម្លៀក​បំពាក់​ក្បិន សំពត់​និង​ ខ្សែ​ឈៀង​ជាដើម»។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​បណ្ឌិត មេឡូឌី រួម​ជាមួយ សារមន្ទីរ​ ហ្គេទី បាន​បើក​សិក្ខាសាលា ឈ្មោះ​ថា «ភាពរុងរឿង​នៃ​អង្គរ»​ដែល​ស្តីពី​ប្រវត្តិសាស្រ្ត នឹង​បង្ហាញ​ឱ្យ​យល់​ដឹង​ ពី រូបចម្លាក់​បុរាណ​ខ្មែរ​ផងដែរ​ទាំង​រូបចម្លាក់​ដែល​មាន​នៅ​ សារមន្ទីរ ន័រតុន​សាយ​មុន​និង​រូបចម្លាក់​សំរិទ្ធ មកពី​ប្រទេស​កម្ពុជា​ នៅសារមន្ទីរ​ហ្គេទី។ សិក្ខា​សាលា​នេះ​រៀបចំ​ឡើង​ជាពីរ​ថ្ងៃ។ ថ្ងៃ​ទីមួយ​បាន ​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី ២៣ ខែកក្កដា​នៅឯ​សារមន្ទីរ ន័រតុន​សាយមុន​  ហើយ លើកទីពីរ​នឹង​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី​៣០ ខែកក្កដា​នៅឯ​សារមន្ទីរ​ ហ្គេទី។

លោកស្រី​បណ្ឌិត មេឡូឌី បានឱ្យ​ដឹង​បន្ថែម​ថា៖«សិក្ខា​សាលា​វគ្គ​ទីមួយ​នៅ ​សារមន្ទីរ ន័រតុន​សាយមុន​នឹង​បង្រៀន​អំពី ប្រវត្តិ​នៃ​ព្រហ្មញ្ញសាសនា និង​ ព្រះពុទ្ធ​សាសនា​ ហើយតើ​សាសនា​ទាំងពីរ​នេះ​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ វិធី​ណា ក៏ដូចជា​បង្ហាញ​ឱ្យ​ដឹង​ថា​របស់​និង​រូបចម្លាក់​សម័យ​បុរាណ​ទាំងអស់ ​នេះ​មិនមែន​គ្រាន់តែ​ជា​រូបចម្លាក់​តែ​សំបក​ទេ គឺ​មនុស្ស​សម័យ​នោះ​គេ​មើល​ ថែ​វត្ថុ​ទាំងអស់​នេះ​ដូចជា​អាទិទេព​ពិតៗ​របស់​ពួកគេ។ ហើយ​ចំណែក​ឯ​ ថ្ងៃទីពីរ​នៅ​សារមន្ទីរ​ហ្គេទី យើង​នឹង​បង្រៀន​ពី​ប្រាសាទ​អង្គរវត្ត និង​ ប្រវតិ្ត​សម័យ​អង្គរ​ផង​ដែរ»។

«អាទិទេព​នៃ​អង្គរ» ជា​ពិព័រណ៌​ដែល​បង្ហាញ​ពី​រូបចម្លាក់​សំរិទ្ធ​ដ៏​ ប្រណិត​ពី​សម័យ​អង្គរ​នៅ​សតវត្សរ៍​ទី ៩ដល់​ទី១៥។រូបចម្លាក់​សំរិទ្ធ​ទាំងអស់ ​នេះ​គឺ​បាន​មកពី​សារមន្ទីរ​ជាតិ​កម្ពុជា ហើយ​ត្រូវ​បានដាក់តាំង​ពិព័រណ៌​ ម្តង​រួច​ហើយ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន ហើយ​ឥឡូវ​នេះ​កំពុង​ដាក់​បង្ហាញ​ នៅ សារមន្ទីរ​ហ្គីទី ទីក្រុង ឡូស​អាន់ជឺឡេស រដ្ឋ​កាលីហ្វ័រញ៉ា។

ពិព័រណ៌​«អាទិទេព​នៃ​អង្គរ»នឹង​បញ្ចប់​នៅ​ខែក្រោយ ប៉ុន្តែ​ អ្នកដែលស្រឡាញ់​ចូលចិត្ត​សិល្បៈ​ខ្មែរ​នៅតែ​អាចមក​មើល​រូបចម្លាក់​បុរាណ​នៅ​ សារមន្ទីរ​​ន័រតុន​សាយមុន៕

 

អាទិទេព​ក្រុង​អង្គរ​បង្ហាញ​ខ្លួន​នៅ​អាមេរិក

ដោយ ដោយ ម៉ែន គឹមសេង | វ៉ាស៊ីនតោន

រូបថត៖ ដោយ សឹង សុផាត
ប៉ាណូ​ផ្សាយ​អំពី​ពិព័ណ៌​ «អាទិទេព​ក្រុង​អង្គរ» នៅ​ឯ​​​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​មួយ​​កន្លែង​នៅ​​​ក្នុង​ទី​​ក្រុង​ វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

“យើង ​មាន​ចិត្ត​រំភើប ​ដោយ​សារ​បង្ហាញ​អារ្យធម៌​របស់​ប្រទេស​កម្ពុជា​ឱ្យ​គេ​បាន​យល់​ឱ្យ​គេ​បាន​ ដឹង​ ហើយ​ផល​ចំណេញ​នេះ​នឹង​នាំ​ឱ្យ​កើន​ភ្ញៀវ​ទេសចរ”។

ចម្លាក់​​ស្នាដៃ​សំរិទ្ធ​ខ្មែរ​ចំនួន​៣៦​រូប​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​សារៈ​មន្ទី​រ Sackler​ Gallery នៃ​ស្ថាប័ន Smithsonian ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​ជាការ​ដាក់​តាំង​ស្នាដៃ​សំរិទ្ធ​ទ្រង់​ទ្រាយ​ធំ​​លើក​​ដំបូង​បំផុត​​នៅ​សហ​រដ្ឋ​អាមេរិក។

ពិព័រណ៍​នេះ​មាន​ឈ្មោះ​ថា ​“អាទិទេព​ក្រុង​អង្គរ៖ ស្នាដៃ​​​សំ​រិទ្ធ​​មក​​ពី​​​សារៈ​មន្ទីរ​ជាតិ​កម្ពុជា។ ​ ក្រុម​អ្នក​​រៀប​ចំ​សង្ឃឹម​ថា​ ពិព័រណ៍​​នេះ​នឹង​​ធ្វើ​ឱ្យ​អន្តរ​ជាតិ​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ភាព​ សម្បូរ​បែប​​នៃ​​ស្នាដៃ​​សិល្បៈ​ខ្មែរ​ហើយ​នឹង​ទាក់​ទាញ​ឱ្យ​មាន​ទេសចរ​ជា​ ច្រើន​ទៅ​ទស្សនា​ប្រទេស​​កម្ពុជា។

លោក ​ ជា​ សុជាតិ ​អនុប្រធាន​ការិយា​ល័យ​អភិរក្ស​នៃ​នាយក​ដ្ឋាន​សារៈមន្ទី​រ​​ដែល​បាន​មក​រៀប​ ចំ​ពិ​ព័រណ៍​នេះ​​បាន​ប្រាប់​វីអូអេ​ សំឡេង​សហ​រដ្ឋ​អាមេរិក​ថា៖

“រូប ​ដែល​​យើង​​យក​​មក​នេះ​​មាន​​ពីរ​សម័យ​ ទោះបី​ជានៅ​ទីនេះ​យើង​ដាក់​ប្រធាន​បទថា​ អាទិទេព​នៃ​​​ក្រុង​​អង្គរ ​ប៉ុន្តែ​មុន​នៃ​ការ​ចាប់​ផ្តើម​នៃ​អារ្យធម៌​អង្គរ​ហ្នឹង​បាន​​ន័យ​ថា​​ យើង​មាន​ការ​រីក​ចម្រើន​ខាង​​​ផ្នែក​​សំរិទ្ធ​ហ្នឹង​​ម្តង​រួច​ទៅ​ហើយ​ អញ្ចឹង​​គឺ​យើង​​មាន​​ពីរ​ផ្នែក​គឺ​ថា​ វត្ថុ​ដែល​បុរេ​ប្រវត្តិ​សាស្រ្ត​ដែល​មាន​អាយុ​កាល​ប្រហែ​ល​ជា​៣​ឬ​៤​រយ​ ឆ្នាំ​មុន​គ្រឹស្ត​សករាជ​ ហើយ​នឹង​វត្ថុ​ដែល​ជា​ប្រវត្តិ​សាស្រ្ត​​នោះ​គឺ​វត្ថុ​ដែល​​ចាប់​ផ្តើម​ពី​ សម័យ​​អង្គរ​​មក​គឺ​ចាប់​ផ្តើម​ពី​សត​វត្សរ៍​ទី​៩​រហូត​ដល់​ទី១២​និង​១៣”។

ក្នុង​កម្ម​វិធី​បើក​ឱ្យ​ចូល​ទស្សនា​ជំហាន​ដំបូង​សម្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​កាល​ពី​ថ្ងៃ​ពុធ​ ​លោក Julian Raby នាយក​សារៈមន្ទីរ Freer ​and​ Sackler បាន ​បញ្ជាក់​ថា ​ពិព័រណ៍​នេះ​ក៏​ជា​ការ​អបអរ​ដល់​ស្នាដៃ​ជាង​ចម្លាក់​សំរិទ្ធ​ខ្មែរ​និង​​ ក្រុម​​បុគ្គ​លិក​​សារៈ​មន្ទីរ​ជាតិ​កម្ពុជា​ដែល​បាន​អភិរក្ស​សមិទ្ធិ​ផល​​ ទាំងនេះ។

ក្នុង ​​ចម្លាក់​ទាំង​៣៦រូប​ ដែល​យក​មក​ដាក់​តាំង​ពិព័រណ៍​មាន​រូប​តំណាង​ឱ្យ​​ព្រះ​ពុទ្ធ​សាសនា​និង​ ព្រហ្មញ្ញ​​សាសនា​​។ ​រូប​ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​សាល​ចំនួន​បី​ ហើយ​មាន​រូប​ដូច​ជា​ ​រូប​កោដិ ​កណ្តឹង​ព្រះ​ពុទ្ធ​ប្រក់​នាគ ​ព្រះ​គនេហ ​ព្រះសិវៈ​ ព្រះ​សិអាមេត្រី​ ​និង​ ស្រ្តី​លត់​ជង្គង់​​ថ្វាយ​បង្គំ ​ព្រម​ទាំង​វត្ថុ​សំរិទ្ធ​ផ្សេងៗ​សម្រាប់​ពិធី​សាសនា​ ហើយ​ក៏​មាន​រូប​ចម្លាក់​សំរិទ្ធ​មួយ​ចំនួន​ទើប​តែ​​ដាក់​​បង្ហាញ​សាធារណៈ​ជា ​លើក​ដំបូង​​ផង​ដែរ​ក្នុង​នោះ ​គឺ​រូប​ចម្លាក់​សំរិទ្ធ​ចំនួន​៧​ដែល​ទើប​ជីក​បាន​ក្នុង​ឆ្នាំ​២០០៦។

ពិព័រណ៍​នេះ​នឹង​បើក​ឱ្យ​សាធារណជន​បាន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​នេះ​ដល់​ថ្ងៃ​ទី ២៣​ ខែ​មករា ​ឆ្នាំ​២០១១ មុន​នឹង​យក​ទៅ​ដាក់​តាំង​បន្ត​ទៀត​នៅ​សារៈ​មន្ទីរ J. Paul​ Getty ក្នុង​ក្រុង Los Angeles ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១១។

លោក ​ ជា សុជាតិ​ បាន​បន្ថែមទៀត​ថា ​ក្រៅពី​បទពិសោធន៍​ដែល​​រូប​លោក​ទទួល​បាន​ពី​របៀប​នៃ​​ការ​ដាក់​តាំង​បែប​ អន្តរ​ជាតិនេះ​ លោក​ក៏សង្ឃឹម​ថា​ ការ​ដាក់​តាំង​ពិព័រណ៍​នេះ​នឹង​ជួយ​ដល់​ការ​ផ្សព្វ​ផ្សាយ​​​និង​លើក​កម្ពស់​ កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

“យើង ​មាន​ចិត្ត​រំភើប ​ដោយ​សារ​បង្ហាញ​អារ្យធម៌​របស់​ប្រទេស​កម្ពុជា​ឱ្យ​គេ​បាន​យល់​ឱ្យ​គេ​បាន​ ដឹង​ ហើយ​ផល​ចំណេញ​នេះ​នឹង​នាំ​ឱ្យ​កើន​ភ្ញៀវ​ទេសចរ”។

តាម ​អ្នកឯក​ទេស​នានា​ឱ្យ​ដឹង​ថា ​សារៈមន្ទីរ​ជាតិ​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ចម្លាក់​ដែល​ធ្វើពី​ សំរិទ្ធ​ជាង​៧០០០​រូប​ផ្សេងៗ​ទៀត​ដែល​​ដាក់​តាំង​បង្ហាញ​ដល់​ភ្ញៀវ​ដែល​ចូល​ ទស្សនា៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: