ប្រវត្តិវិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ និង​ព្រះ​រាជបណ្ណាល័យ​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : ខឿន សា​ឃាង​ (ថ្ងៃទី 21 កក្កដា 2011)

http://tinlala.files.wordpress.com/2007/11/resize-of-img_1467.jpgភ្នំពេញ: វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៣០ ក្នុង​បំណង​បង្រួបបង្រួម​ព្រះពុទ្ធសាសនា​នៅ​ឥណ្ឌូចិន និងជា​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ ហើយក៏​ជា​ទីប្រជុំ​នៃ​ពួក​អ្នកប្រាជ្ញ និងអ្នក​ជាតិនិយម​ប្រឆាំង​អាណានិគម​បារាំង​ផងដែរ ។​
​    ​
​    ​ព្រះ​រាជបណ្ណាល័យ ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រមូល​ឯកសារ​ផ្សេងៗ​ដែល​ទាក់ទង​ជាសំខាន់​ នឹងទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ និង​វិស័យ​ព្រះពុទ្ធសាសនា និងជា​តម្រូវការ​សិក្សា​ខេមរជន ទាំង​ព្រះសង្ឃ និង​គ្រហស្ថ ជា​បញ្ញវន្ត​ខ្មែរ និងអ្នកសិក្សា​មកពី​គ្រប់​មជ្ឈដ្ឋាន ។​
​    ​គេ​ជឿ​ថា ព្រះ​រាជបណ្ណាល័យ កើតឡើង​ពី​ការ​ផ្ដុំ​នៃ​ចេតនា​ជាច្រើន​ ដូចជា​ព្រះបាទ​ ស៊ី​សុវត្ថិ ដែល​មាន​បំណង​កែទម្រង់​ផ្នែក​បញ្ញាញាណ ក្នុង​គណៈមហានិកាយ ដឹកនាំ​ដោយ​ព្រះ​មហាវិមលធម្ម រ័ត្ន ថោង , ព្រះ​តេជគុណ ល្វី ឯម , អ៊ុម ស៊ូ , ជួន ណាត និង ហួត តាត ។​
​    ​ចុង​ទសវត្សរ៍​១៩១០ ព្រះករុណា ស៊ីសុវត្ថិ សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ក្រុម​អ្នក​កែទម្រង់ ដែល​ចង់ឱ្យ​មាន​ការបោះពុម្ព​សៀវភៅផ្នែក​ព្រះពុទ្ធសាសនា​ឱ្យបាន​ទូលំទូលាយ ។ ខណៈ​ដែល​រដ្ឋការ​អាណា​ព្យាបាល​បារាំង​ចង់​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​ នៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ប្រទេស​សៀម ។​
​    ​តាម​ព្រះរាជប្រកាស​ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​១៩២១ តាម​គំនិត​ផ្តួចផ្តើម​របស់រ៉េស៊ីដង់ ជាន់ខ្ពស់​ប្រចាំ​កម្ពុជា បាន​បង្កើត​បណ្ណាល័យ​មួយ​ឈ្មោះថា “ ខេ​មរ​បណ្ណាល័យ “ នៅ​ភ្នំពេញ ។ ប៉ុន្តែ​ប្រកាស​ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​១៩២៥ បណ្ណាល័យ​នេះ​ត្រូវ​រៀបចំ​ឡើង​វិញ ហើយ​ប្រែ​ឈ្មោះថា “ ព្រះ​រាជបណ្ណាល័យ​”  ដោយ​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង របស់​ព្រះរាជា​ខ្មែរ និងរ៉េស៊ីដង់ជាន់ខ្ពស់​បារាំង​ប្រចាំ​កម្ពុជា ។ បណ្ណាល័យ​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ជនជាតិ​អឺរ៉ុប​ម្នាក់​ដែល​ជា​សមាជិក​សាលា​ចុង​បូ​ ព៌ា ដែល​ដំបូង​ឡើយ​មាន​កញ្ញា ស៊ុយ​សាន កាប៉ឺ​ឡែស និងត្រូវ​មាន​ក្រុម​ជំនុំ​ជា​ជនជាតិ​ខ្មែរ​រួមមាន​សេនាបតី ( រដ្ឋមន្ត្រី ) ក្រសួងមហាផ្ទៃ និងធម្មការ​ជា​អធិបតី , សេនាបតី​ក្រសួង​រចនា , សេនាបតី​ក្រសួង​សិក្សាធិការ , រាជា​គណៈ​ឋានានុក្រម​២​អង្គ ដែល​មក​ពី​គណៈ​មហានិកាយ​១​អង្គ និងធម្ម​យុត្ត​១​អង្គ ។​
​    ​បូករួម​ទៅ ព្រះ​រាជបណ្ណាល័យត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​ការសិក្សា​របស់​ ព្រះសង្ឃ​ខាង​សាលា​បរិយត្តិ​ធម៌ ។ ក្រៅពី​នេះ​ទៅ ព្រះរាជ​បណ្ណាល័យ​មាន​ភារៈ​ដូច​មាន​ក្នុង​សេចក្តីប្រកាស​ថា “ សម្រាប់​រក, ប្រមូល, រក្សា និង​បោះពុម្ព​ចេញ​ឱ្យ​អ្នក​ទាំងពួង​មើល​អស់​ទាំង​សៀវភៅ សា​ស្ត្រា លិខិត​បោះពុម្ព ឬសរសេរ​ដៃ​ជា​ភាសា​គ្រប់មុខ តែ​ត្រូវ​យក​ភាសា​ខ្មែរ បាលី សំស្ក្រឹត​ជាដើម មានន័យ​ថា អស់​ទាំង​សៀវភៅ សស្ត្រា​ ឬលិខិត​ដែល​មាន​ប្រយោជន៍​សម្រាប់​ក្រុង​កម្ពុជា​ធិបតី ជាន់​បុរាណក្តី ឬ ជាន់​ឥឡូវ​ក្តី និងសាវតារ​ខាង​នយោបាយ ខាង​រចនា ខាង​សាសនា ​ក្នុងស្រុក​ទាំង​ប៉ុន្មាន ដែល​កាន់​ព្រះពុទ្ធសាសនា​ប៉ែក​ខាងត្បូង “ ។​
​     ​ខែ​កញ្ញា​ឆ្នាំ​១៩២៨ អភិរក្ស​ព្រះ​រាជបណ្ណាល័យ បាន​ជួប​ព្រះអង្គម្ចាស់​ពេជ្រ​រតន៍ នៃ​ប្រទេស​លាវ នៅ​ហាណូយ ពិភាក្សា​អំពី​បំណង​របស់​ព្រះអង្គ​ដែល​ចង់​បង្កើត​បណ្ណាល័យ​នៅ​ប្រទេស​លាវ ។​
​    ​ដើម្បី​ជា​ប្រយោជន៍​ដល់​រាជការ ព្រះសង្ឃ និងអ្នក​ទាំងឡាយ​ដែល​នៅ​ទី​ឆ្ងាយ ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​មក​ដល់​ព្រះរាជ​បណ្ណាល័យ​ដោយផ្ទាល់​នោះ ទើប​នៅ​ឆ្នាំ​១៩២៦ ព្រះរាជ​បណ្ណាល័យ​បាន​បង្កើត​ទស្ស​វនា​ដ្តី​មួយ​ដែល​មានឈ្មោះ​ថា “ កម្ពុជា​សុរិយា “ ។  ទស្សនាវដ្ដី​នេះ មិន​ត្រឹមតែ​បោះពុម្ពផ្សាយ​អំពី​រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ ប៉ុណ្ណោះ​ទេ ក៏​ថែមទាំង​បាន​បោះពុម្ពផ្សាយ​អត្ថបទ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​និយាយ​អំពី​ ប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និង រឿងព្រេង​របស់​ខ្មែរ ព្រមទាំង​ប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ​នៃ​ប្រទេស​ដទៃ​ផងដែរ ។​
​    ​ខែ​មករា ឆ្នាំ​១៩២៨ មាន​ដំណើរ​ជា​លើកដំបូង​របស់​ក្រុមការងារ​ព្រះ​រាជបណ្ណាល័យ រួមមាន កាប៉ឺ​ឡែស ព្រះ​តេជគុណ ហួត តាត និង ថី ជី ។ ដំណើរ​ទស្សនកិច្ច​ទៅ​កូសាំងស៊ីន ( វៀតណាម​ខាងត្បូង ឬ កម្ពុជា​ក្រោម​) រយៈពេល​១​ខែ​ដើម្បី​ពិនិត្យមើល​នូវ​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​នៅ​ទីនោះ និងដើម្បី​ពិនិត្យ​អំពី​លទ្ធភាព​បង្កើត “ មន្ទីរ​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា​” ក្នុង​ប្រទេស​ឥណ្ឌូចិន ដែល​ជា​មន្ទីរ​ទី​៣​បន្ទាប់ពី​បាន​បង្កើត​ព្រះ​រាជបណ្ណាល័យ និងសាលា​បាលី​ជាន់ខ្ពស់​នៅ​ភ្នំពេញ​រួច​មក ។​
​    ​គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​មន្ទីរ​អាំង​ស្ទី​ទុយ​ពុទ្ធិក ឬ មន្ទីរ​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា បាន​ទទួល​ការគាំទ្រ​ពី​អគ្គទេសាភិបាល​ឥណ្ឌូចិន ព្រះករុណា​ស៊ីសុវត្ថិ មុនី​វង្ស ព្រះ​ចៅ​ក្រុង​កម្ពុជា ព្រះករុណា ស៊ី​សា​វ៉ាង​វង្ស ព្រះ​ចៅ​ប្រទេស​លាវ លោក​ទេសាភិបាល​ដែន​កូសាំងស៊ីន និង​លោក​រ៉េស៊ីដង់​ជាន់ខ្ពស់​ប្រចាំ​ក្រុង​កម្ពុជា លោក រ៉េស៊ីដង់​ប្រចាំ​ក្រុង​លាវ និង​មន្ត្រី​ទាំងឡាយ​នៃ​ដែន​ឥណ្ឌូចិន និងអ្នក​ដែល​មាន​ជំនឿ​ពុទ្ធសាសនា ។​
​    ​ដោយហេតុនេះ ទើប​មន្ទីរ​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​១៩៣០ ហើយ​មាន​ឈ្មោះ​ថា “​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ “ ហើយ​មាន​ទីតាំង​នៅក្នុង​ព្រះ​រាជបណ្ណាល័យ ។
​     ​គោលបំណង​សំខាន់​នៃ​ការបង្កើត​មន្ទីរ​នេះ គឺ​ដើម្បី​ឱ្យ​ពុទ្ធសាសនិក​ថេរវាទ មាន​ការរួបរួម​គ្នា​នៅក្នុង​ដែន​ឥណ្ឌូចិន​-​បារាំង និងកុំឱ្យ​មាន​វិបល្លាស​ផ្នែក​ភាសា​ខ្មែរ ។
​    ​ភារកិច្ច​ចម្បង​នៃ​មន្ទីរ​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធសាសនា ឬ មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ នេះ រួម​មាន​ការបោះពុម្ព​គម្ពីរ​ព្រះ​ត្រៃបិដក​ជា​អក្សរ​ជ្រៀង​ (​អក្សរ​តួ​ទ្រេត ) ដើម្បី​តម្កល់​ទុក​តាម​វត្ត , ប្រែ​ព្រះ​ត្រៃបិដក​ពី​ភាសាបាលី មក​ជា​ភាសា​ខ្មែរ , បោះពុម្ព​ស័ព្ទ​វចនៈ​ខ្មែរ ដើម្បី​ឱ្យ​ខ្មែរ​បាន​ស្គាល់​ពាក្យសម្ដីច្បាស់ ។
​    ​មួយ​ផ្នែក​ក្នុង​បំណង​សម្រេច​ជោគជ័យ​របស់​ក្រុម “ ឧត្តម​សង្គាយនា “ ឬ “ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក “ ដែល​បង្កើតឡើង​ដោយ​ក្រឹត្យ​លេខ ១០៦ ចុះ​ថ្ងៃ​ទី​១៤​ខែ​ធ្នូ ឆ្នាំ​១៩២៩ ដើម្បី​បកប្រែ​ភាសាបាលី ។ មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យមួយទៀត​ក៏​ត្រូវបាន​បង្កើត​ផង​ដែរ​នៅ​ដែនដី​ កូសាំងស៊ីន មាន​ទីតាំង​នៅ​ខេត្ត​ព្រះ​ត្រពាំង ។​
​    ​ស្នាដៃ​នៃ​ការបកប្រែ​គម្ពីរ​ព្រះ​ត្រៃបិដ​កមក​ជា​ភាសា​ខ្មែរ​ភាគ​ទី​១ បាន​ប្រារព្ធ​ពិធី​សម្ពោធ​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​១៩៣១ ។​
​    ​ដើម្បី​ជួយ​លើកកម្ពស់​សីលធម៌​សង្គម នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​១៩៣៣ កញ្ញា កាប៉ឺ​ឡែស , លោកគ្រូ​សង្ឃ​វិជ្ជា ហួត តាត និង បណ្ណារក្ស ជី បាន​ធ្វើដំណើរ​ទៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដើម្បី​ជួប​សំណេះសំណាល និងសម្ដែង​ធម្មទេសនា​ប្រៀនប្រដៅ​ដល់​ពួក​ពិជ័យសង្គ្រាម និងពួក​អ្នកទោស​ឱ្យ​រក្សាបាន​នូវ​ចិត្តល្អ​ប្រពៃ ។
​    ​ការធ្វើ​ធម្មទាន​ដល់​ពួកយោធា ទាហាន ឈ្លប​សញ្ជាតិ​ខ្មែរ និងលា​វ ជា​បេសកកម្ម​ដ៏​ធំ​មួយ​របស់​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​ការកសាង​ដុសខាត់​ផ្នែក​សីលធម៌ និង បញ្ញា​ស្មារតី​របស់​ពួក​អ្នក​កាន់​អាវុធ​ទាំងនោះ ។  បេសកកម្ម​នេះ​ធ្វើ​ចំពោះ​ពួក​ទាហាន​ដែល​នៅ​បន្ទាយ​ឆ្ងាយ​ដាច់ស្រយាល រហូត​ដល់​តាម​បណ្តា​ខេត្ត​ខ្មែរ​នានា​នៅ​កូសាំងស៊ីន ។
​    ​ប្រទេស​លាវ​ក៏​បាន​បង្កើត​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ​លាវ ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៣២ ដែល​យក​លំនាំ​តាម​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យនៅ​កម្ពុជា​ដែរ ។ ប្រទេស​លាវ និង​ប្រទេស​ខ្មែរ មាន​ទំនាក់ទំនង​ជិតស្និទ្ធនឹង​គ្នា​តាមរយៈ​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ និង​ព្រះ​រាជបណ្ណាល័យ​ខ្មែរ ដោយ​មាន​ព្រះអង្គម្ចាស់ ពេជ្រ​រតន៍ នៃ​ប្រទេស​លាវ និង កញ្ញា កាប៉ឺ​ឡែស ជា​អន្តរការី ។​
​    ​មន្ទីរ​ព្រះ​រាជបណ្ណាល័យ និង​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ បាន​ក្លាយជា​ទី​គោ​ចរនៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​មន្ត្រី​អាណាព្យាបាល និងភ្ញៀវ​នៃ​ប្រទេស​ក្នុង​ដែនដី​ឥណ្ឌូចិន ។​
​    ​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ មាន​ព្រះរាជ​បណ្ណាល័យ​ជា​ដៃគូ សហប្រតិបត្តិការ​ដ៏​សំខាន់ ដោយ​ប្រគល់​កិច្ចការ​បោះពុម្ព​សៀវភៅ​ផ្នែក​ផ្លូវ​លោក​ឱ្យ​ព្រះរាជ​បណ្ណាល័យ​ ជា​អ្នក ទទួលខុសត្រូវ ។
​    ​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ ក៏​បាន​បង្កើត​ឱ្យ​មានប​ណ្ណា​ល័យ​ចល័ត​ផងដែរ ដែល​ផ្ទុក​ទៅ​ដោយ​សៀវភៅ និង​ម៉ាស៊ីន​បញ្ចាំងភាពយន្ត ហើយ​បាន​ធ្វើដំណើរ​ទូទាំងប្រទេស​ពេញ​រយៈពេល​៨​ខែ​ក្នុង​១​ឆ្នាំ ។ នៅ​ឆ្នាំ​១៩៣៨ បណ្ណាល័យ​ចល័ត​នេះ​បាន​ធ្វើដំណើរ​ទៅដល់​ដែនដី​កូសាំងស៊ីន , ទីក្រុង​ហ្លួងព្រះបាង នៃ​ប្រទេស​លាវ និង​ដែនដី​មួយចំនួន​ភាគខាងត្បូង​នៃ​ប្រទេស​លាវ​ផងដែរ ។ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​១៩៤៧ បណ្ណាល័យ​ចល័ត​ត្រូវបាន​ផ្អាក ដោយសារ​រថយន្ត​ចាស់​ពេក ជួសជុល​ពុំបាន បណ្តាល​មកពី​បញ្ហា​សង្គ្រាម និងបញ្ហា​អសន្តិសុខ ។​
​    ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា ពុទ្ធសាសនបណ្ឌិត្យ រួម​ជាមួយ​ព្រះ​រាជបណ្ណាល័យ បាន​បង្កើតនិង ចេញ​ផ្សាយ​នូវ​ព្រឹត្តិបត្រ​មួយទៀត​ដែល​មានឈ្មោះ​ថា “ សាសនា​កិច្ចា​នុ​ក្រម “ ។ ព្រឹត្តិបត្រ​នេះ​ត្រូវបាន​ផ្អាក​ទៅវិញ​នៅ​ឆ្នាំ​១៩៤២ ហើយ​ព័ត៌មាន​ដែល​ត្រូវ​បោះពុម្ពផ្សាយ​នៅទីនេះ ត្រូវបាន​យក​ទៅ​បញ្ចូល​ក្នុង​ការបោះពុម្ព​របស់​ទស្សនាវដ្តីកម្ពុជា​សុរិយា វិញ ។​
កិត្តិ​ស័ព្ទ​របស់​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ បាន​រីក​សាយភាយ​យ៉ាងខ្លាំង​ទាំង​ក្នុង និង ក្រៅប្រទេស ដែល​ជាហេតុ​ធ្វើឱ្យ​បណ្តា​ប្រទេស​ដែល​ស្រឡាញ់​ព្រះពុទ្ធសាសនា ដូចជា​ប្រទេស​ស្រីលង្កា ឥណ្ឌា និង អ៊ីតាលី ជាដើម បាន​មក​ធ្វើ​ទំនាក់ទំនង​ជាមួយ​មន្ទី​រ​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​សុំ​ផ្តោះ​ប្តូរ​យោបល់ និង​ស្នើ​ស្នើសុំ​ព្រះ​ត្រៃបិដក​បកប្រែ និង ទស្សនា​វ​ដ្តី​កម្ពុជា​សុរិយា ។​
​    ​ក្រៅពី​នេះ​ទៅ ក៏​នៅ​មាន “ ក្រុម​ជំនុំ​ទំនៀមទម្លាប់​” មួយ​ត្រូវបាន​បង្កើត​ផងដែរ តាម​រាជប្រកាស​លេខ ១២ ចុះ​ថ្ងៃ​ទី​២៥ ឆ្នាំ​១៩៣៤ ក្នុង​បំណង​រក្សា​នូវ​មរតក​ប្រពៃណី ខេមរជន និង ដើម្បី​ធានា​ឱ្យមាន​ការរីកចម្រើន​ខាង​វិស័យ​វប្បធម៌ ។ ក្រុម​នេះ​មាន​ភារកិច្ច​ចម្បង ជា​អ្នក​តម្កល់​ទុក​នូវ​រាល់​ឯកសារ​ដែល​ទាក់ទង​នឹង​ទំនៀមទម្លាប់​ខ្មែរ និង បោះពុម្ពផ្សាយ​នូវ​ឯកសារ​ដែល​ទាក់ទង​នឹង​ទំនៀមទម្លាប់ និង​ពិធីបុណ្យ​ផ្សេងៗ ។​
​    ​លោក សឺ​ង ង៉ុក ថាញ់ ជា​ខ្មែរ​មាន​ដើម​កំណើត​កម្ពុជា​ក្រោម  បន្ទាប់ពី​មក​ពី​សិក្សា​នៅ​ប្រទេស​បារាំង ក៏​បាន​មក​បម្រើ​ការងា​រ​នៅ​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ឆ្នាំ​១៩៣៥។ បន្ទាប់ពីនោះ មក មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ ក៏​បាន​ចូលខ្លួន​ប្រឡូក​ក្នុង​បញ្ហានយោបាយ។ ឆ្នាំ​១៩៣៦ ក្រោម​ការដឹកនាំ​របស់ សឺ​ង ង៉ុក ថាញ់ កាសែត​ជាតិនិយម​មួយ​ត្រូវបាន​បង្កើតឡើង ឈ្មោះថា “ នគរ​វត្ត “ ហើយក៏​ជា​កាសែត​ដំបូង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ។ កាសែត​នេះ បង្កើតឡើង​ដើម្បី​ដាស់​ស្មារតី​ខេមរជន​ទាំងអស់​ឱ្យ​ភ្ញាក់រលឹក ប្រឆាំងនឹង​ការ​សង្កត់សង្កិន​របស់​អាណា​ព្យាបាល​បារាំង ។  កាសែត​នេះ មាន​លោក ប៉ា​ច ឈឺ​ន ជា​អ្នកដឹកនាំ ចំណែក សឺ​ង ង៉ុក ថាញ់ និង​អ្នកប្រាជ្ញ​មួយចំនួន​ទៀត​ដូចជា លោក ស៊ីម វ៉ា , ពិ​ទូរ ក្រ​សេម , ជុំ មួង និង ញ៉ុក ថែម ជា​អ្នកនិពន្ធ​អត្ថបទ​ដោយ​លួចលាក់​សម្រាប់​កាសែត​នេះ ។​
​     ​សឺ​ង ង៉ុក ថាញ់ ជា​អគ្គលេខាធិការរង​នៃ​ពុទ្ធសាសនបណ្ឌិត្យ មាន​ភារៈ​ចាត់ចែង​ព្រះសង្ឃ​និមន្ត​ទៅ​ទេសនា​ប្រៀនប្រដៅ​ពួក​ទាហាន​ជើង​ខ្មៅ និង ទាហាន​ជើង​ក្រហម បាន​សម្រាំង​យកតែ​ព្រះសង្ឃ​អង្គ​ទាំងឡាយណា​ដែលមាន​និន្នាការ​ដូច​គ្នា​ឱ្យ​ និមន្ត​ទៅ​ទេសនា ដូច​ជា​អាចារ្យ ហែម ចៀវ ជា​សាស្ត្រាចារ្យ​ភាសាបាលី , អាចារ្យ ប៉ាង ខាត់ ជា​សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត , អាចារ្យ អ៊ុក ជា , អាចារ្យ ខៀវ ជុំ និង អាចារ្យ សូ ហាយ សមាជិក​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក ជាដើម ។ ពួក​លោក​អ្នកសេ្នហាជាតិ​ទាំងនោះ ភាគច្រើន​មាន​វាសនា​ពុំប្រសើរ ប៉ុន្តែ​សាវតារ​របស់​ពួក​លោក​អ្នក​ទាំងនោះ ព្រមទាំង​អ្នកចូលរួម​ឯទៀតៗ​ត្រូវបាន​ចារ​ទុក​ក្នុង​ឧត្តមគតិ ជាពិសេស​ក្នុង​កិច្ចានុកិច្ច​នៃ​ការថែរក្សា​អត្តសញ្ញា​ណ​ជាតិ ដូចជា​អក្សរសាស្ត្រ​ខ្មែរ​ដែល​ទៀប​នឹង​បាត់បង់​រលត់​ជីវិត​នៅ​ឆ្នាំ​១៩៤២ ដែល​បារាំង​ចង់​ធ្វើ​ការកែប្រែ​ឬ​ថា​ចង់ឱ្យ​ខ្មែរ​ប្រើ​អក្សរ​បារាំង ហើយ​បោះបង់​ចោល​អក្សរសាស្ត្រ​ជាតិ​ទាំងស្រុង ។​
​    ​ព្រះ​រាជបណ្ណាល័យ ត្រូវ​ផ្សាភ្ជាប់​នឹង​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ តាម​ប្រកាស​អា​រ៉ែ​តេ ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៣៩ ។ កំណែ​ទម្រង់​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ​នៅ​ឆ្នាំ​១៩៤២ បាន​ធ្វើ​ឱ្យ​ព្រះ​រាជបណ្ណាល័យ លែង​នៅ​ជា​ស្ថាប័ន​ដាច់​ដោយឡែក​ទៀត ។ ការងារ និង បុគ្គលិក​ទាំងអស់​នៃ​ស្ថាប័ន​មួយ​នេះ​ត្រូវ​ផ្ទេរ​ស្ថិតនៅក្រោម​ ការគ្រប់គ្រង​ទាំងស្រុង​របស់​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ ដោយ​បង្កើត​ឱ្យមាន​បណ្ណាល័យ​បូព៌ា​នៅ​ពុទ្ធសាសនបណ្ឌិត្យ ហើយ​សម្បត្តិ​ដើម​ដែល​ជា​គម្ពីរ សា​ស្ត្រា និង ក្រាំង​ដែល​ត្រូវបាន​យក​មក​ពី​ក្នុង​រាជវាំង ត្រូវ​ប្រគល់​ជូន​ទៅ​បណ្ណាល័យ​ព្រះបរមរាជវាំង​វិញ ។​
​ការប្រមូលផ្តុំ​ ត្រូវ​បញ្ចប់ នៅ​ត្រូវ​ការភ្ជាប់​សាលា​បាលី​ជាន់ខ្ពស់ ទៅ​នឹង​ពុទ្ធសាសនបណ្ឌិត្យ ហើយ​ទីបំផុត​ព្រះរាជ​បណ្ណាល័យ​បាន​ក្លាយទៅជា “ បណ្ណាល័យ​នៃ​ពុទ្ធសាសនបណ្ឌិត្យ “ តាម​រាជប្រកាស​ចុះ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ១៩៤៣ ហើយ​ឈ្មោះ​ព្រះរាជ​បណ្ណាល័យ​ក៏​លែង​មាន​តាំងពី​ពេលនោះ​មក ។
​    ​ក្នុងនាម​ជា​ស្ថាប័ន​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​អ្នកប្រាជ្ញ​បណ្ឌិត​ខ្មែរ មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​ពួក​អ្នក​មាន​ចំណេះវិជ្ជា ក៏ដូចជា​ស្ថាប័ន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​មាន​គំនិត​ខ្វល់ខ្វាយ​អំពី​ ជាតិ​ខ្មែរ ដូច​ជា​ពួក​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​កាសែត​នគរវត្ត ក្រុម​យុវ​សាលា ជា​កន្លែង​ជួបជុំ​បញ្ញវន្ត​ខ្មែរ​ពិភាក្សា​អំពី​បញ្ហា​ប្រទេស​ជាតិ ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ និង​សមាគម​អតីត​មិត្ត​អនុវិទ្យាល័យ​ស៊ីសុវត្ថិ​ជាដើម ។
ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​១៩៤២ បារាំង​បាន​ចាប់​ផ្សឹក និង​ឃុំខ្លួន​ព្រះ​ភិក្ខុ ហែម ចៀវ ដោយសារ​សកម្មភាព​ជាតិ​និយម​របស់លោក ។ ៣​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៤២ តួអង្គ​សំខាន់​ទាំងនេះ​រួម​ជាមួយនឹង​ព្រះសង្ឃ​យ៉ាងច្រើន​បាន​ធ្វើ​បាតុកម្ម​ នៅ​មុខ​វិមាន​លោករ៉េស៊ីដង់​ជាន់ខ្ពស់ ដើម្បី​សុំ​ឱ្យ​ដោះលែង​ព្រះសង្ឃ​ព្រះនាម ហែម ចៀវ ។ ពួក​អ្នក​លេចធ្លោ​ជាង​គេ​ត្រូវ​បាន​ចាប់ខ្លួន និង​កាត់ទោស ចំណែក​ការងារ​របស់​ស្ថាប័ន​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ត្រូវបាន​ផ្អាក​មួយរយៈ ។​
​    ​នៅពេល​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ កំពុង​មាន​ភាព​រន្ទឺ កញ្ញា ស៊ុយ​សាន កាប៉ឺ​ឡែស ដែល​ជា​អគ្គលេខាធិការ​នៃ​មន្ទីរ​នេះ ត្រូវ​ចូល​និវត្តន៍ ដោយសារ​ច្បាប់​ស៊ីវិល​បារាំង​(១៩៤០-១៩៤៥) ​មិន​អនុញ្ញាត​បុគ្គល​មាន​ដើមកំណើត​ជ្វា ធ្វើការ​ក្នុង​តំណែង​រាជការ ផ្នែក​បោះពុម្ព អប់រំ និង​វិស័យ​ជាតិនិយម ។ ដោយហេតុនេះ កាប៉ឺ​ឡែស បាន​លាលែង​ពី​ឋានៈ​ជា​អគ្គលេខាធិការ​នៃ​មន្ទីរ​នៃ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ឆ្នាំ​១៩៤១ ហើយ​លោក ព្យែរ ឌុយ​ប៉ង់​ត៍ ជា​អ្នកប្រាជ្ញ​ម្នាក់​ផ្នែក​វប្បធម៌​អរិយធម៌ ជា​អ្នក​ស្នង​តំណែង ។​
​    ​សន្ធិសញ្ញា​បារាំង​-​ខ្មែរ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បាន​ប្រគល់​អំណាច​មួយចំនួន​មក​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​វិញ ។ មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​ប្រគល់​មក​ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខ្មែរ​នៅ​ថ្ងៃ​ទី​ ១៤ ខែតុលា ឆ្នាំ​១៩៥០ ។​
​    ​ឆ្នាំ​១៩៥៥ ប្រទេស​ខ្មែរ​ទទួលបាន​ឯករាជ្យភាព​ពេញលេញ ។ មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ធម្មការ ។ ស្ថាប័ន​នេះ​ជា​មជ្ឈមណ្ឌល​អក្សរសាស្ត្រ និង វប្បធម៌ ហើយ​បាន​ធ្វើខ្លួន​ឱ្យមាន​លក្ខណៈ​ជា​វិទ្យាស្ថាន ។ ជា​រៀងរាល់ឆ្នាំ សៀវភៅ​ពី​៤០០.០០០ ទៅ ៥០០.០០០ ក្បាល​ត្រូវបាន​ដាក់​លក់ ដែល​ផ្តោត​ទៅលើ​អក្សរសាស្ត្រ សិល្បៈ បុរាណ​វិទ្យា ប្រវត្តិ​ពុទ្ធសាសនា បន្ថែម​ដោយ​វចនានុក្រម​ខ្មែរ ដែល​ជា​បទដ្ឋាន​ផ្លូវការ​នៃ​អក្សរសាស្ត្រ​ខ្មែរ​តែ​មួយគត់ , ព្រះ​ត្រៃបិដក និង ទស្សនា​វ​ដ្តីកម្ពុជា​សុរិយាដែល​សុទ្ធសឹងតែ​ជា​ប្រភព​នៃ​ការសិក្សា​សំខាន់ៗ​ សម្រាប់​ខេ​មរ​ជាតិ ។
​    ​បណ្ណាល័យ​ពុទ្ធសាសនបណ្ឌិត្យ មាន​សៀវភៅ​១៥.០០០​ចំណងជើង​ជា​ភាសា​ខ្មែរ បាលី សំស្ក្រឹត បារាំង អង់គ្លេស សៀម លា​វ និង ភូមា ជាដើម ។​
​    ​បន្ទាប់ពី​បាន​ជម្នះ​នូវ​ឧបសគ្គ​យ៉ាងច្រើន​អនេក​រយៈពេល​៣៩​ឆ្នាំ​មក ក្រុមព្រះ​សង្គីតិ​ការ​ចារ្យ គឺ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក  បានបញ្ចប់​ការងារ​របស់​ខ្លួន​យ៉ាង​គួរ​ជាទី​មោទនភាព​ជា​ស្ថាពរ​នៅ​ឆ្នាំ​ ១៩៦៨ ។ នៅ​ឆ្នាំ​ចុងក្រោយ​នេះ ពុទ្ធសាសនបណ្ឌិត្យ បាន​បោះពុម្ពផ្សាយ​គម្ពីរ​ព្រះ​ត្រៃបិដក​ជា​ភាសាបាលី​-​ខ្មែរ ចំនួន​១១០​ភាគ ។ រហូត​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​១៩៦៩ ពិធី​សម្ពោធ​ព្រះ​ត្រៃបិដក​ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​វត្ត​ទូទាំង​ ព្រះរាជាណាចក្រ ។​
​    ​បន្ទាប់​ពី​សម្ព័ន្ធមិត្តរ​បស់​សម្តេច​សីហនុ គឺ​ពួក​ខ្មែរក្រហម​បាន​ទទួល​ជ័យជម្នះ​លើ​របប​សាធារណរដ្ឋ​ខ្មែរ របស់​ឧត្តមសេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ នៅ​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥​មក ស្ថាប័ន​ដ៏​ឧត្តម​មួយនេះ​ត្រូវ​បាន​បិទទ្វារ ។
បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក នៅ​ឆ្នាំ​១៩៩២ ស្ថាប័ន​មួយ​នេះ​បាន​ត្រូវ​ចាប់​បដិសន្ធិ​ឡើងវិញ ដោយ​បាន​បន្ថែម​ឈ្មោះថា “ វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ” ហើយ​បន្ត​បេសកកម្ម​របស់​ខ្លួន​តរៀងមក ។ គម្ពីរ​មង្គល​ត្ថ​ទីប​នី​ទាំង​៤​ភាគ​ត្រូវបាន​ចាប់ផ្តើម​បន្ត​ការបកប្រែ​ដោយ ​យក​គំរូ​តាមរបៀប​បកប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក ។
សព្វថ្ងៃ វិទ្យាស្ថាន​ពុទ្ធ​សាស​បណ្ឌិត្យ ត្រូវបាន​ប្តូរ​ទៅ​ទីតាំង​ថ្មី​នៅ​ជិត​សួនច្បារ​សម្តេច ហ៊ុន សែន នា​មាត់​ទន្លេ​បាសាក់ ។ អគារ​នេះ​ត្រូវបាន​គូរ​ប្លង់​ដោយ​លោក លី ចិន​តុង មាន​លំអ​បែប​វត្ត​អារាម និង ស្ថាបត្យកម្ម​របស់​ព្រះ​រាជបណ្ណាល័យ ដើម្បី​រំលឹក​ដល់​អតីតកាលរ​បស់​ខ្លួន ។ អគារ​ថ្មី​នេះ​ត្រូវបាន​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៨ ។ ក្រៅពី​នេះ​ទៅ​ក៏​នៅ​មាន​បណ្ណាល័យ​សាខា​ចំនួន​១៨​ផង​ទៀត ។​
នៅ​ឆ្នាំ​២០០២ វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​បង្កើត “​សមាគម​អក្សរសិល្ប៍​នូហា​ច​” ដែល​បើក​ឱ្យមាន​ការប្រកួតប្រជែង​ស្នាដៃ​ផ្នែក​អក្សរសាស្ត្រ និង អក្សរសិល្ប៍​ផ្សេងៗ​ពី​គ្រប់​មជ្ឈដ្ឋាន​រៀង​រហូត​មក ៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=ZDA1ODg4ZTcwZmY2Y2FmYWQyZGJhOGJhZTk3MGYy

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: