ប្រទេស​បារាំង និង​តំបន់​រមណីយដ្ឋាន​អង្គរ​

អត្ថបទដកស្រងចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : បញ្ញវន្ត (ថ្ងៃទី 1 កក្កដា 2011)

ភ្នំពេញ: ចាប់តាំងពី​ដើម​សតវត្សរ៍​ទី​២០​មក ប្រទេស​បារាំង​បានធ្វើ​សកម្មភាព​ជាច្រើន តាមរយៈ​សាលា​បារាំង​ចុង​បូ​ព៌ា (EFEO)  ដើម្បី​ថែរក្សា​និង​ធ្វើ​ការជួសជុល​បេតិកភណ្ឌ​តំបន់​អង្គរ ។ ទន្ទឹមនឹងនោះ​សាលា​បារាំង​ចុង​បូព៌ា​ក៏​បាន​ដំណើរការ​ផងដែរ នូវ​ការងារ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជាច្រើន​ស្តីពី​​តំបន់​អង្គរ​។ ក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស (​ឆ្នាំ​១៩៩១) គេ​បាន​បង្កើត​ឱ្យមាន​​ក្របខ័ណ្ឌ​អន្តរជាតិ​មួយ​ដើម្បី​ជួយ​សម្របសម្រួល​ សកម្ម​ភាព​ផ្សេងៗ​ក្នុង​ការថែរក្សា និង​លើក​​តម្លៃ តំបន់​រមណីយដ្ឋាន​នេះ (​រួម​ទាំង​ប្រយោជន៍​សេដ្ឋកិច្ច​)​។ ប្រទេស​បារាំង​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​នេះ ។

​ ថ្មីៗ​នេះ ប្រទេស​បារាំង​បានធ្វើ​សកម្មភាព​នានា​សំដៅ​ពង្រឹង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​និង​វប្បធម៌​នៃ​រមណីយដ្ឋាន អង្គរ និង​ក្រុង​សៀមរាប​។

១- សកម្មភាព​របស់​ប្រទេស​បារាំង​ក្នុង​ការសម្របសម្រួល​កា​រ​ថែរក្សា និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ ៖

​ បន្ទាប់​ពី​ការអំពាវនាវ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៩១ តំបន់​​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែល​កំពុង​ប្រឈម​នឹង​ គ្រោះថ្នាក់ ​របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​បន្ទាប់ ។ ការចុះបញ្ជី​នេះ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​ជំនួយ​បន្ទាន់​មួយ​ពី​ អន្តរជាតិ ។ ដើម្បី​ជួយ​សម្របសម្រួល​ជំនួយ ដែល​ផ្តល់​ដោយ​បណ្តា​ប្រទេស និង​អង្គការ​មួយ​ចំនួន​នេះ សន្និសីទ​អន្តររដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ (​ថ្ងៃទី​១២-១៣ ខែតុលា ឆ្នាំ​១៩៩៣) បាន​បង្កើត គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិ​
​សាស្ត្រ​អង្គរ (​ហៅ​កាត់​ថា CIC)​។

​ គណៈកម្មាធិការ CIC គឺជា​ដៃគូ​អន្តរជាតិ ដែល​មាន​ប្រទេស​ជប៉ុន (​អ្នក​ផ្តួចផ្តើម​រៀបចំ​សន្និសីទ​​ទីក្រុង​តូ​ក្យូ​) និង ប្រទេស​បារាំង (​អ្នក​អភិរក្ស​តំបន់​អង្គរ​តាំងពី​យូរយារ​ណាស់​មកហើយ​តាម​​រយៈ​សាលា EFEO) ជា​សហប្រធាន ។ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​នេះ​ទទួល​រ៉ាប់រង​ដោយ​អង្គការ​យូណេស្កូ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​អប្សា​រា ដែលជា​គ្រឹះស្ថាន​សាធារណៈ​របស់​កម្ពុជា​បង្កើត​នៅ​ឆ្នាំ​១៩៩៥ ។

គណៈកម្មាធិការ ​នេះ​ជួបប្រជុំគ្នា​២​ដង​ក្នុង​មួយឆ្នាំ គឺ​កិច្ចប្រជុំ​គណៈកម្មាធិការ​បច្ចេកទេស​មួយដង និង​កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​មួយដង ។ សមាជិក​ពេញសិទ្ធិ របស់​គណៈកម្មាធិការ​នេះ​គឺជា​អ្នក​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​ អន្តររដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ប៉ារីស (​ឆ្នាំ​២០០៣) ។ ដោយ​ផ្អែកលើ​របាយការណ៍​វិទ្យាសាស្ត្រ​និង​បច្ចេកទេស និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ស្តីពី​តំបន់ បុរាណវត្ថុវិទ្យា​សំខាន់ៗ​ដទៃទៀត គណៈកម្មាធិការ ជី​ជ នឹង​ចេញ​អនុសាសន៍​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​ផ្សេងៗ​ ៖ ប្រព័ន្ធធារាសាស្ត្រ ការចូល​ទៅ​កាន់​តំបន់​អង្គរ​របស់​ភ្ញៀវទេសចរ ឬ ការអភិរក្ស​ថ្ម​ប្រាសាទ ។

​ដប់​ឆ្នាំ​ក្រោយមក គណៈកម្មាធិការ ជី​ជ បាន​បំពេញ​គោលបំណង​ដំបូង​របស់​ខ្លួន​ទាំងស្រុង ព្រោះ​ថា​តំបន់​អង្គរ​ត្រូវបាន លុប​ចេញ​ពី​បញ្ជី បេតិកភណ្ឌ​ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​ក្លាយជា បេតិកភណ្ឌ​ពិភពលោក ធម្មតា តាំងពី​ឆ្នាំ​២០០៤​មក ។ ក្រោយ​សន្និសីទ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០០៣ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​អង្គរ បាន​ក្លាយជា​ក្តីកង្វល់​យ៉ាង​ធំ​សម្រាប់​គណៈកម្មាធិការ ជី​ជ ដែល​គណៈកម្មាធិការ​នេះ​អម​ទៅ​ដោយ​អ្នកជំនាញ​មួយ ក្រុម​ទទួលបន្ទុក​តាមដាន​ការអនុវត្ត​គម្រោង​មួយ ដោយ​រួម​បញ្ចូល​ការអភិវឌ្ឍ​ទីក្រុង និង​ការគ្រប់គ្រង​ធនធានទឹក ។

២- គម្រោង​នានា​របស់​សាលា EFEO ស្តី​ពី​ការជួសជុល និង​ថែរក្សា​តំបន់​អង្គរ​ ៖
​ ចាប់តាំងពី​ការបង្កើត​អភិ​រក្សដ្ឋាន​អង្គរ​នៅ​ឆ្នាំ​១៩០៧ ប្រទេស​បារាំង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​​ការជួសជុល និង ថែរក្សា​តំបន់​អង្គរ តាមរយៈ​សាលា​បារាំង​ចុង​បូ​ព៌ា EFEO។ ក្រោយពេល​​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់ គឺ​នៅ​ឆ្នាំ​១៩៩២ សាលា​បាន​បង្កើត​មជ្ឈមណ្ឌល​មួយ​នៅ​ខេត្តសៀមរាប​។ ​តាំងពី​ឆ្នាំ​១៩៩៣ សាលា​សម្រេច​បាន​សមិទ្ធ​ផល​ធំៗ​ជាច្រើន ដោយ​បាន​ធ្វើ​ការជួសជុល​ប្រាសាទ​​សំខាន់ៗ​មួយចំនួន (​ទី​លានជល់ដំរី និង​ស្តេច​គម្លង់​) ហើយ​ចាប់ពី​ឆ្នាំ​១៩៩៥​មក សាលា EFEO បាន​ដំណើរការ​ជួសជុល​ប្រាសាទ​បាពួន ដែល​ទើប​បាន​បញ្ចប់​កាលពី​ខែ​មីនា​ឆ្នាំ​២០១១​កន្លង​​ទៅនេះ ដោយ​ចំណាយ​អស់​ថវិកា​ជាង​១០​លាន​អឺរ៉ូ ។

​លើសពីនេះ នៅ​មាន​ការរៀបចំ​ផែនទី​បុរាណវត្ថុវិទ្យា​នៅ​អង្គរធំ និង​ផែនទី​បុរាណ​វត្ថុ​វិទ្យា​ដែនដី​​អង្គរ ការបង្កើត​រោង​ជាង​ជួសជុល​នៅ​សារមន្ទីរ​ជាតិ ការ​ធ្វើ​បញ្ជី​សារពើ​ភណ្ឌ​វត្ថុ​បុរាណ នៅ​អភិរក្ស​​ដ្ឋា​ន​អង្គរ និង​ការបោះពុម្ពផ្សាយ​សៀវភៅ​ស្តីពី​ប្រទេស​កម្ពុជា​សម័យ​បុរាណ ។​

កិច្ច​អន្តរាគមន៍​របស់​ប្រទេស​បារាំង តាមរយៈ​សាលា EFEO កំពុង​បន្ត​អនុវត្ត​នៅក្នុង​វិស័យ​​មួយចំនួនទៀត​ ៖

– ការជួសជុល​ឡើង​វិញ និង​ការបណ្តុះបណ្តាល​ ៖ គម្រោង​នេះ​មាន​គោលដៅ​ជួយ​បណ្តុះបណ្តាល​​អ្នក​បន្តវេន​ក្នុងស្រុក ដែល​មាន​សមត្ថភាព​អាច​ជំនួស​អ្នកជំនាញការ​អន្តរជាតិ​ក្នុង​ផ្នែក​ ស្ថាបត្យកម្ម ​និង​បុរាណវត្ថុវិទ្យា​។ នៅក្នុង​ក្រ​ខ័ណ្ឌ​នៃ ការជួសជុល​ប្រាសាទ​បាពួន  ប្រជាជន​រាប់​រយ​នាក់ ដែល​​បាន​ចាប់ផ្តើម​ធ្វើការ​នៅក្នុង​ការដ្ឋាន​នេះ​តាំងពី​ឆ្នាំ​១៩៩៥​មក ត្រូវបាន​បណ្តុះបណ្តាល ហើយ​ទទួល​បាន​នូវ​បទពិសោធន៍​ការងារ​យ៉ាង​រឹងមាំ​។

– ជួយ​គាំទ្រ​ដល់​បេសកកម្ម​បុរាណវត្ថុវិទ្យា​សំខាន់ៗ​ចំនួន​៣ ៖ គម្រោង​នេះ​ជួយ​ឱ្យ​មាន​ការ​ស្វែង​​យល់​អំពី​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា និង​រួម​ចំណេ​ក​ផងដែរ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​​ប្រទេស​។ ការផ្សព្វផ្សាយ​ពី​លទ្ធផល​ស្រាវជ្រាវ នឹង​រួមចំណែក​ក្នុងការ​ធ្វើ​ឱ្យ​តំបន់​រមណីយដ្ឋាន​​អង្គរ​កាន់​ល្បី​សុសសាយ​ លើ​ឆាក​អន្តរជាតិ ។​

​បេសកកម្ម​បុរាណវត្ថុវិទ្យា​បារាំង​-​ខ្មែរ​ ស្តីពី​ការរៀបចំ​ដែនដី​អង្គរ ដែល​ដឹកនាំ​ដោយ​លោក Christophe POTTIER សំដៅ​កំណត់ឱ្យ​ច្បាស់​អំពី​ដំណាក់កាល​ផ្សេងៗ​នៃ​ការរៀបចំ​ដែនដី​​ជា​ លើកដំបូង​នៅក្នុង​តំបន់​អង្គរ ចន្លោះ​ពី​សតវត្សរ៍ ទី​៩​ដល់​ទី​១១ និង​សំដៅ​ស្វែងយល់​ពី​បុព្វហេតុ​​នៃ​ការធ្វើ​នគរូបនីយកម្ម និង​ការរៀបចំ​ដែនដី​អង្គរ ។ បេសកកម្ម​នេះ ជួយ​ឱ្យ មាន​ការរៀបចំ​ផែនទី​​បុ​រាណ​វត្ថុ​វិទ្យា​ដែនដី​អង្គរ​មួយ ។ រីឯ បេសកកម្ម​បុរាណវត្ថុវិទ្យា​បារាំង​នៅ​អង្គរ​ធំ ដែល ដឹកនាំ​​ដោយ​លោក Jacques GAUCHER បាន​អនុវត្ត​កម្មវិធី​ស្រាវជ្រាវ​ស្តី​ពី​បុរាណវ​ត្ថុវិទ្យា​ទីក្រុង​នៅ​​ តំបន់​អង្គរធំ ដោយសារ​តែ​ពុំ​មាន​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​នៃ​ការរៀបចំ​លំហ និង​ទីក្រុង ។

​បេសកកម្ម​នេះ​ធ្វើឱ្យ​គេ​អាច​កសាង ផែនទី​បុរាណវត្ថុវិទ្យា​តំបន់​អង្គរធំ ។ ចុងក្រោយ គឺ​បេសកកម្ម Yasodharsrama ដែល​ដឹកនាំ​ដោយ​លោក Domonique SOUTIF  ដែល​បាន​ធ្វើ​ការសិក្សា​ស្រាវ​​ជ្រាវ​អំពី​អាស្រម​ឥសី​នៅ​តំបន់​អង្គរ​នៃ​ សតវត្សរ៍​ទី​៩ ជាពិសេស តាមរយៈ​ការវិភាគ​ទៅ​លើ​ប្រភព​​សំណេរ ដែល​នឹង​ជួយ​ឱ្យ​យើង​បានដឹង​អំពី​សំណុំ​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​សាសនា វប្បធម៌ ​និង​សង្គម​នៅ​ទីក្រុង​អង្គរ ។​

៣- ជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​អង្គរ​ ៖

​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD)  ធ្វើ​អន្តរាគមន៍​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​តំបន់​ អង្គរ ជា​ពិសេស​ជួយ​ដល់​ការអភិវឌ្ឍ​ទីក្រុង​សៀមរាប​តាមរយៈ​គម្រោង​មួយចំនួន​ ៖ ទី​១- គម្រោង​អភិវឌ្ឍន៍​ទីក្រុង (​មាន​ទឹកប្រាក់​ជំនួយ​ចំនួន ៤,៥​លាន​អឺរ៉ូ ដែល​បាន​ផ្តល់នៅ​ឆ្នាំ​២០០៦) ដោយ​មាន​គោលដៅ​កសាង​ប្រព័ន្ធ​លូ​ក្នុង​ទីក្រុង (​បង្កើត​ប្លង់​មេ និង​ការងារ​បង្ហូរ​ទឹកស្អុយ​) និង​ជួយ​ទ្រទ្រង់​ដល់​អាជ្ញាធរ​អប្សា​រា​ក្នុង​ការអភិវឌ្ឍ​វប្ប​ធម៌ និង​ទេសចរណ៍ នៅ​ទីក្រុង​អង្គរ​នេះ និង​ទី​២ – គម្រោង​កសិកម្ម និង​ធារាសាស្ត្រ (​មាន​ទឹកប្រាក់​ជំនួយ​ចំនួន ៤​លាន​អឺរ៉ូ ដែល​ផ្តល់ឱ្យ នៅ​ឆ្នាំ​២០០៤) សម្រាប់​ការអភិវឌ្ឍ​ដំណាំ​ស្រូវ ដោយ​ផ្តល់​ហិរញ្ញប្បទាន​រួមគ្នា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ។​

​ កាលពីមុន ទីភ្នាក់ងារ​(AFD)  បាន​ផ្តល់​ជំនួយ​ថវិកា​ដល់​គម្រោង​ជា​ច្រើន​នៅក្នុង​តំបន់​នេះ​ ៖ ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ (​ជួយ​ដល់​អាជ្ញាធរ​អប្សា​រាមាន​ទឹ​កប្រាក់ចំនួន​១,២​លាន​អឺរ៉ូ​នៅ​​ឆ្នាំ​ ១៩៩៦ ហើយ​៣,៨​លាន​អឺរ៉ូ​ទៀត​ជួយ​កសាង​ផ្លូវ​ពី ក្រុង​សៀមរាប​ទៅ​ប្រាសាទ​អង្គរ​នៅ​​ឆ្នាំ​២០០១) វិស័យ​កសិកម្ម​នៅ​តំបន់​ជុំវិញ​ក្រុង (​ចំនួន​១,៦​លាន​អឺរ៉ូ​នៅ​ឆ្នាំ​១៩៩៦ និង ៤,៧​លាន​​អឺរ៉ូ​នៅ​ឆ្នាំ​១៩៩៩) ជំរុញ​ដល់​ការធ្វើ​សូត្រ (២​លាន​អឺរ៉ូ​នៅ​ឆ្នាំ​១៩៩៦ និង ៣​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០២) ​និង​អភិវឌ្ឍន៍​វិស័យ​សិប្បកម្ម (​ទឹកប្រាក់​ចំនួន​០,៧​លាន​អឺរ៉ូ​ជួយ​ដល់​សមាគម សិប្បករ​អង្គរ ​នៅ​ឆ្នាំ​២០០២) ៕ (ឯកសារផ្តល់ដោយស្ថានទូតបារាំង)

More infos: http://www.cen.com.kh/localnews/show_detail/132?token=MWQ0NWIzZDQ0ZDQ1MDAzMTVkZDQ3MGI1ZjI4MWQz

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: