បុណ្យវិសាខបូជា

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ខួប​ព្រះពុទ្ធ​ត្រាស់ដឹង​គ្រប់ ២៦០០​ឆ្នាំ​

ដោយ : លោក​ធម្ម​បណ្ឌិត​ ហេង មុនី​ចិន្តា នាយក​អង្គការ ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ (ថ្ងៃទី 17 ឧសភា 2011)


1ភ្នំពេញ:     ​វិសាខ​បូជា ដែល​ប្រារឰឡើង​ក្នុង​ឆ្នាំ​២០១១​នេះ ដើម្បី​រំលឹក​ដល់​ថ្ងៃ កំណើត (​ខួប​ទី​២៦៣៥) ថ្ងៃ​ចូល​បរិនិព្វាន (​ខួប​ទី​២៥៥៥) និង​ថ្ងៃ​ត្រាស់ដឹង (​ខួប​ទី​២៦០០) របស់​ព្រះ​សមណ​គោត្ត​ម ដែល​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​បរម គ្រូ​នៃ​យើង ។​

​    ​អត្ថបទ​ខាងក្រោម​នេះ គឺជា​ផ្នែក មួយ​នៃ​សៀវភៅ​អនុមោទនា​ខួប​ព្រះពុទ្ធ​ត្រាស់ដឹង​គ្រប់​២៦០០​ឆ្នាំ​/​វិសាខ​ បូជា ២០១១ រៀបរៀង​ដោយ​លោក​ធម្ម​បណ្ឌិត​ហេង មុនី​ចិន្តា នាយក​អង្គការ ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ ។​
​    ​មិត្ត​អ្នកអាន​អាច​រក​អាន​អត្ថបទ ទាំងមូល​នៃ​សៀវភៅ​នេះ​ក្នុង​គេហទំព័រ http://www.bfdkmer.org ។​
​    ​ថ្ងៃ​ប្រសូត​
​     ​ព្រះ​សិទ្ធត្ថ​កុមារ​ប្រសូត​នៅ​ថ្ងៃ សុក្រ ១៥​កើត ខែ​វិសាខ ឆ្នាំច មុនពុទ្ធ​សករាជ​៨០​ឆ្នាំ នៅក្នុង​ត្រកូល​ក្សត្រ នា​ប្រទេស​នេ​ប៉ាល់​បច្ចុប្បន្ន ឬ​ជម្ពូទ្វីប​ពីអតីតកាល ។ ដូច្នេះ​ព្រះអង្គ​គឺជា​កូន​មនុស្ស​ម្នាក់ ។ តែ​ការ​ដែល​មនុស្ស​ធម្មតា ម្នាក់​បាន​ត្រាស់ដឹង និង​ក្លាយខ្លួន​ទៅ​ជា​ព្រះពុទ្ធ ឬ​អ្នកប្រាជ្ញ​នេះ មិនមែន​ត្រឹមតែ បាន​មានកំណើត​ជា​មនុស្ស​ហើយ ក៏​ស្រាប់តែ​បាន​ក្លាយទៅជា​អ្នកប្រាជ្ញ ឬ ព្រះពុទ្ធ​ដោយ​ស្វ័យប្រវត្តិ ឬ​ដោយ​ងាយៗ​នោះទេ តែ​ព្រោះ​បន្ទាប់ពី​កើត ហើយ​បាន​ទទួល​នូវ​ការចិញ្ចឹម​បីបាច់រក្សា​ការពារ​ពី​មាតាបិតា និង​ញាតិមិត្ត បាន​ទទួល​នូវ​ការអប់រំ ការសិក្សា​ល្អ​គ្រប់គ្រាន់ និង​មាន​ការប្តេជ្ញា ការ​តាំងចិត្ត ការ​អធិដ្ឋាន​ដ៏​ខ្លាំងក្លា និង​រឹងមាំ​ណាស់ ទើប​អាច​សម្រេច​នូវ​គោលបំណង​ណា​នីមួយៗ​បាន ។ ការសិក្សា អំពី​ថ្ងៃ​ប្រសូត​របស់​ព្រះពុទ្ធ​អង្គ​តាមរយៈ​រូបភាព​ពុទ្ធប្រវត្តិ​នឹង​អាច ​ឱ្យ​យើង បាន​យល់​ច្បាស់​អំពី​សារសំខាន់ និង​ផលប្រយោជន៍​នៃ​ការ​រំលឹក​ដល់​ថ្ងៃ ប្រសូត​នា​ឱកាស​បុណ្យ​វិសាខបូជា​នេះ​បានល្អ ។​
​    ​ខួប​ប្រសូត​របស់​ព្រះពុទ្ធ (​ព្រះ​សិទ្ធត្ថ​) មាន​សារៈ​ដែល​គួរ​ឱ្យ​សិក្សា និង យក​ជា​គំរូ​សម្រាប់​ការអប់រំ​ដល់​កុលបុត្រ​កុលធីតា​គ្រប់រូប​មិន​ថា​ជា​ ជនជាតិ​ណា​ទេ ។ តាមរយៈ​ពុទ្ធប្រវត្តិ ជា​ពិសេស​តាម​រូបគំនូរ​ដែល​ឆ្លុះបញ្ចាំង​ពី ការ​ប្រសូត​របស់​ព្រះពុទ្ធ​នោះ​យើង​ឃើញថា នៅពេល​ប្រសូត​ចេញ​អំពី​ផ្ទៃ មាតា​ភ្លាម ទារក​ដ៏​តូច​នោះ​បាន​ឈាន​ដើរ​ទៅ​មុខ​ឆ្ពោះទៅ​ទិស​ខាងជើង​ចំនួន ៧​ជំហាន ដោយ​មាន​ផ្កាឈូក​ទ្រ​ពីក្រោម ហើយ​ក៏​ឈប់​និង​លើក​ចង្អុលដៃ​ឡើង ទៅលើ ព្រមទាំង​និយាយ​ថា អគ្គោ​ហម​ស្មឹ លោក​ស្ស ជេដ្ឋោ​ហម​ស្មឹ លោក​ស្ស​សេដ្ឋោ​ហម​ស្មឹ លោក​ស្ស អយ​មន្ទិ​មា មេ​ជាតិន​ត្ថ​ទា​និបុន​ព្ភ វោ ប្រែជា​ខ្មែរ​ថា “​ខ្លួន​យើង​ជា​កំពូល​នៃ​លោក ជា​បុគ្គល​ប្រសើរ​ជាង​គេ​ក្នុង​លោក ជា​ចម្បង​ជាងគេ​ក្នុង​លោក ជាតិ​នេះ​ជា​កំណើត​ចុងក្រោយ​បំផុត​របស់​យើង អំណើះ​ត​ទៅ​មុខ​យើង​លែង​កើត​ទៀតហើយ​” ។​
​    ​អ្វី​ដែល​យើង​គួរ​យក​ជា​លំ​អាន​បាន​អំពី​ព្រឹត្តិការណ៍​នា​ពេល​ប្រសូត​នេះ មាន​៣​ចំណុច​គឺ​ ៖
​     ​ក​. មនុស្ស​ម្នាក់ៗ​គប្បី​មាន​គោលដៅ​សម្រាប់​ជីវិត​ខ្លួន​តាំងតែ​ពី​នៅ​តូចៗ ដោយ​គោលដៅ​នេះ​អាច​ជា​គោលដៅ​ដែល​គេ​បង្កើត​ដោយ​ខ្លួនឯង ឬក៏​អាច​ជា  គោលដៅ​ដែល​មាតាបិតា​និង​អាណា​ព្យាបាល​ជួយ​កូន​ឱ្យ​អាច​រៀន​រៀបចំ គោលដៅ​សម្រាប់​ជីវិត​របស់​ខ្លួន​តាំងពី​នៅ​តូចៗ ។ ក្នុង​ពុទ្ធសាសនា អធិដ្ឋាន​គឺ  ការ​តាំងចិត្ត ឆន្ទៈ គឺ​សេចក្តីប្រាថ្នា និង​សទ្ធា គឺ​ការជឿ​ច្បាស់​ថា​អាចធ្វើ​បាន​សុទ្ធ តែ​ជា​គោល​ធម៌​ដើម្បី​សម្រេច​គោលដៅ​នា​អនាគត ។​
​    ​ខ​. ដើម្បី​សម្រេច​នូវ​គោលបំណង​នេះ (​ដើម្បី​បាន​ត្រាស់​ជា​ព្រះពុទ្ធ​) ព្រះ​កុមារ​ត្រូវ​ប្រើ​ពេលវេលា​រហូត​ដល់​ទៅ​៣៥​ឆ្នាំ ដោយ​ឆ្លងកាត់​នូវ​វិធី​ជា ច្រើន​ទម្រាំ​នឹង​សម្រេច ។ ជំហាន​ទាំង​៧ របស់​ព្រះ​កុមារ​នៅក្នុង​ពុទ្ធ​ប្រវត្តិ គឺជា អត្ថប្បដិរូប​របស់​វិធី​ដែល​នាំ​ទៅរក​ការសម្រេច​គោលបំណង​និង​ការ​ត្រាស់ដឹង ។ ជំហាន​ទាំង​៧​នេះ ព្រះពុទ្ធ​អង្គ​ទ្រង់​ហៅថា ពោជ្ឈង្គៈ​៧ ដែល​ប្រែ​ថា អង្គ​៧​យ៉ាង​ដែល​នាំ​ឱ្យ​បាន​ត្រាស់ដឹង ដែល​មាតាបិតា​អាច​យកមក​ធ្វើ​ជា​មា​ត្រ ដ្ឋា​ន​ក្នុង​ការអប់រំ​បុត្រ​ធីតា​របស់​ខ្លួន​តាំងពី​តូចៗ និង​បណ្តុះ​ឱ្យ​កូន​យក​អង្គ ទាំង​៧​នេះ​ធ្វើ​ជា​មាត្រដ្ឋាន​ក្នុង​ការស្វែងរក​ចំណេះវិជ្ជា ។ ពោជ្ឈង្គៈ​៧ ឬ​អង្គ ដែល​នាំ​ឱ្យ​បាន​ត្រាស់ដឹង ឬ​អង្គ​ដែល​នាំ​ឱ្យ​សម្រេច​នូវ​គោលដៅ​នោះ​មានៈ
​    ​១. សតិ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​សតិ​គឺ​ការលើក​បាន​ល្អ​ជា  និច្ច​ចំពោះ​គោលដៅ ។​
​     ​២. ធម្ម​វិច័យ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​ពេញចិត្ត​នៅ​ក្នុង​ការ ស្រាវជ្រាវ​ពិនិត្យពិច័យ វិភាគ​ចំពោះ​គោលដៅ វិភាគ​លើ​ធម្មៈ ឬអ្វីៗ​ទាំងពួង ដោយ​មិន​ចេះ​តែ​ជឿ ឬ​បណ្តោយ​ទៅតាម​យថាកម្ម ។​
​    ​៣. វរិយៈ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​សេចក្តី​ព្យាយាម ឧស្សាហ៍ អត់​ធន់ អត់ធ្មត់​ជានិច្ច​ចំពោះ​ការងារ​ដើម្បី​សម្រេច​គោលដៅ ។​
​    ​៤. បី​តិ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​សេចក្តី​រីករាយ​ជា​និច្ច ។​
​    ​៥. បស្ស​ទ្ធិ ការអប់រំ​កូន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​ចិត្ត​តាំង​មាំ​ជានិច្ច​ចំពោះ ការងារ​ដើម្បី​សម្រេច​គោលដៅ ។​
​    ​៦. សមាធិ ការអប់រំ​កូន​និង​អប់រំ ចិត្ត​កូន​ឱ្យ​មាន​សេចក្តី​ស្ងប់​ជានិច្ច​ចំពោះ​ការងារ​ដើម្បី​សម្រេច​គោលដៅ ។​
​     ​៧. ឧបេក្ខា ការអប់រំ​កូំន និង​អប់រំ​ចិត្ត​កូន​ឱ្យ​មាន​ចិត្ត​ជា​កណ្តាល ចិត្ត​ជា​យុត្តិធម៌​ចំពោះ​ការងារ​ដើម្បី​សម្រេច​គោលដៅ ។​
​    ​គ​. ផ្កាឈូក​ដែល​មក​ទ្រ​ព្រះ​កុមារ គឺជា​ការឆ្លុះបញ្ចាំង​មួយ​ទៀត​អំពី ពុទ្ធប្រវត្តិ​ដោយ​រូបភាព​នេះ ។ ផ្កាឈូក​ក្នុង​ភាសាបាលី គឺ​បទុម ឬ​កមល ។ ក្នុង នេះដែរ កមល​នេះ​ក៏​បាន​ន័យ​ដល់​បេះដូង​របស់​មនុស្ស​យើង​នេះ​ដែរ ។ ការ ដែល​មាន​ផ្កាឈូក ឬ​កមល ឬ​បេះដូង​មក​ទ្រ​បាតជើង​នេះ អាច​បាន​ន័យ​ដល់​ការ ដែល​មាតាបិតា ឬ​អាណាព្យាបាល គប្បី​ផ្តល់​នូវ​ការស្រឡាញ់ ការគាំទ្រ ការ ឧបត្ថម្ភ ការ​ជ្រោមជ្រែង​ដល់​កូន​ក្នុងការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ជោគជ័យ​នៃ គោលដៅ ។ បរិយាកាស​ល្អ​ជុំវិញ្ញ​វឌ្ឍនាការ​របស់​កូន គឺជា​បច្ច័យ​ជួយ​ដល់ ការសម្រេច​នូវ​គោលដៅ​មួយ​ចំណែក​ដ៏​ធំ​ផងដែរ ដែល​នៅក្នុង​ភាសាបាលី លោក​ប្រើពាក្យ​ថា បដិរូប​ទេ​សវាសៈ គឺ​ការរស់នៅ​ក្នុង​ប្រទេស​ដែល​សមគួរ ។
V1

ថ្ងៃ​ចូល​បរិនិព្វាន​
​     ​បន្ទាប់​ពី​ត្រាស់ដឹង​និង​ការបំពេញ​កិច្ចការ​ដើម្បី​ពិភពលោក​អស់ រយៈពេល​ដល់​ទៅ​៤៥​ឆ្នាំ ព្រះពុទ្ធ​អង្គ​ក៏​ទ្រង់​ចូល​ព្រះ​និព្វាន​(​ចូល​មរណភាព​) ក្នុង​ព្រះជន្ម​៨០​វស្សា នា​ថ្ងៃ​អង្គារ​១៥ កើត​ខែវិសាខ​ឆ្នាំម្សាញ់​នាពេល​ជិត​ភ្លឺ ។ មរណភាព​ជា​សភា​វៈ​ធម្មជាតិ​ដែល​មិន​មាន​នរណា​អាច​គេច​បាន មិន​ថា​ជា មនុស្ស​ធម្មតា​ម្នាក់ ឬ​ព្រះពុទ្ធ​ដែល​ជា​អច្ឆរិយបុគ្គល​នោះឡើយ​។ តែ​អ្វី​ដែល គួរ​ឆ្លុះបញ្ចាំង​អំពី​ការចូល​ព្រះ​និព្វាន នោះ​គឺថា​តើ​មុននឹង​ម្នាក់ៗ​ចូល​មរណភាព​នោះ​តើ​ម្នាក់ៗ​បាន​ធ្វើ​អ្វីខ្លះ ឬ​គួរ ធ្វើ​អ្វីខ្លះ​ជា​ប្រយោជន៍​ដល់​ខ្លួន​? តើ​ម្នាក់ៗ​បាន​បន្សល់ទុក​នូវ​អ្វី​ខ្លះ ឬ​គួរ​បន្សល់ទុក នូវ​អ្វី​ខ្លះ​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គមជាតិ ។​
​    ​នៅ​នាទីចុងក្រោយ មុន​នឹង​ព្រះ​ពុទ្ធអង្គ​បរិនិព្វាន ទ្រង់​បាន​ត្រាស់ ដឹង​ជា​ចុង​ក្រោយ​ដល់​ភិក្ខុសង្ឃ​ដែល​កំពុង​គង់​ជុំវិញ​ថា​ ៖ “​ហ​ន្ត​ទា​និ ភ​ក្ខ​វេ អា​មន្ត​យាមិ វោ វយ​ធម្មា សង្ខា​រា អប្បមា​ទេ​ន សម្បា​ទេ​ថា​ត​” ។ ម្នា​ល ភិក្ខុ​ទាំងឡាយ ឥឡូវនេះ​តថាគត​ប្រាប់ អ្នក​ទាំងឡាយ​ឱ្យបាន​ដឹង​សង្ខា​រទាំង ឡាយ​មាន​សេចក្តី​សាបសូន្យ​ជាធម្មតា អ្នក​ទាំងឡាយ​ចូរ​ញ៉ាំង​កិច្ច​ទាំងពួង​ឱ្យ សម្រេច​ដោយ​សេចក្តី​មិន​ប្រមាទ​ចុះ ។​
​    ​សារសំខាន់​របស់​ពុទ្ធ​ដីកា​ត្រង់នេះ តាម​ទស្សនៈ​ទូទៅ​គឺ​ស្ថិតនៅលើ ប្រយោគ​ថា ចូរ​ញ៉ាំង​កិច្ច​ទាំងពួង​ឱ្យ​សម្រេច​។ ប្រយោគ​នេះ​តែងតែ​ទទួល បាន​ការបកស្រាយ​និង​យក​មក​សម្តែង​ជា​ធម៌​ទេសនា​រាល់ពេល​ដើម្បី​ជា​ការ ដាស់តឿន​ដល់​ខ្លួន​និង​ពុទ្ធបរិស័ទ​ដោយ​ពាក្យ​ថា​កិច្ច​ទាំងពួង​ក្នុង​ទីនេះ ​បាន​ដល់ កិច្ច​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន និង​កិច្ច​ដែល​មាន​ប្រយោជន៍​ដល់​អ្នកដទៃ ។ ឬ​ម្យ៉ាងទៀត​បាន​ដល់​កិច្ច​ដែល​មាន​ប្រយោជន៍​ដល់​ក្នុង​ជាតិ​នេះ និង​កិច្ច ដែល​មាន​ប្រយោជន៍​ដល់​ជាតិ​មុខ ។​
​    ​ចុះ​កិច្ច​ទាំងពួង​របស់​ព្រះ សម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ​បាន​បំពេញ​ឱ្យ សម្រេច​មុន​នឹង​ចូល​បរិនិព្វាន​គឺ​អ្វី​ទៅ​? មាន​រឿង​នៅ​ក្នុង​មហា​បរិនិព្វាន​សូត្រ ក្នុង​គម្ពីរ​សុត្តន្តរបិដ​ក ទីឃនិកាយ​ព្រះ​ត្រៃបិដក​លេខ​១៦ ដែល​បាន​ចារ​ទុក​ថា កាល​ពី​ព្រះ​ពុទ្ធអង្គ​ទើបតែ​បាន​ត្រាស់ដឹង​ថ្មីៗ​ក្នុង​មារ​បាន​ចូល​មក​ អារាធនា ឱ្យ​ព្រះអង្គ​ចូល​បរិនិព្វាន តែ​ទ្រង់​បាន​ឆ្លើយតប​ទៅ​នឹង​ក្រុងមារ​វិញ​ថា “​ម្នា​ល មារ​មានចិត្ត​បាប (​បើ​) ពួក​ភិក្ខុ​ជា​សាវ័ក ពួក​ភិក្ខុនី​ជា​សាវិកា ពួក​ឧបាសក​ជា សា​វ័ក ពួក​ឧបាសិកា​ជា​សាវិកា​របស់​តថាគត​ដែល​ឈ្លាស​វៀងវៃ​ក្លៀវក្លា  ជា​ពហុស្សូត ទ្រទ្រង់ធម៌​ប្រតិបត្តិ​ធម៌ សមគួរ​ដល់​ធម៌ ប្រតិបត្តិ​ដ៏​សម​គួរ ប្រព្រឹត្ត​តាម​ធម៌​នៅ​មិនទាន់​មាន​ទាំង​មិនទាន់​បាន​រៀន​នូវ​វាទៈ​នៃ​ អាចារ្យ របស់​ខ្លួន​ហើយ​ប្រាប់​សម្តែង​បញ្ញត្ត​តាំង ទុក​បើក ចែក ធ្វើឱ្យ​ងាយ​បាន ទាំង​មិន ទាន់​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ដែល​កើតឡើង​ហើយ​ឱ្យ​ជា​កិច្ច​ដែល​សង្កត់ សង្កិន​បាន​ដោយ​ល្អ​តាម​ពាក្យ​ដែល​សម​ហេតុ ហើយ​សម្តែងធម៌​ប្រកបដោយ បាដិហារ្យ បាន​ដរាបណា​ទេ តថាគត ក៏​មិន​ទាន់​បរិនិពាន្វ ដរាប​នោះ​ម្យ៉ាង ទៀត​ម្នាល​មារ​មានចិត្ត​បាប​ព្រហ្មចារ្យ របស់​តថាគត​នេះ​នៅ​មិនទាន់​ខ្ជាប់ខ្ជួន មិនទាន់​ចម្រើន មិនទាន់​ផ្សាយ​ទៅ​សព្វ​ទិស មិនទាន់​ដឹង​ច្រើន​គ្នា ទាំង​មិន​ទាន់ ពេញ​បរិបូណ៌ មួយទៀត​ពួក​ទេវតា​និង​មនុស្ស​មិន​ទាន់​ចេះ​សម្តែង​បាន​ដោយ ប្រពៃណី​ដរាបណា​ទេ តថាគត​ក៏​មិនទាន់​បរិនិព្វាន​ដរាប​នោះ​។​៤៥​ឆ្នាំ ក្រោយមក នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម​៧៩​វស្សា និង​៩​ខែ​(៣​ខែ​មុន​ចូល​បរិនិព្វាន​) ក្រុងមារ​ក៏បាន​ចូល​មក​អារាម​ធនា​ម្តងទៀត ដោយ​នៅពេល នេះ​ព្រះ​ពុទ្ធអង្គ​ទ្រង់​សុខចិត្ត​ទទួល​អារាធនា​ព្រម​ចូល​បរិនិព្វាន ដោយ ព្រះអង្គ​បាន​ប្រមើល (​វាយតម្លៃ​) ឃើញ​ថា​កិច្ច​ទាំងពួង​របស់​ព្រះអង្គ​គឺ​ការ បណ្តុះបណ្តាល​សមត្ថភាព​ពុទ្ធបរិស័ទ​ឱ្យបាន​ល្អ និង​ការបង្ក​តាំង​អង្គការ​ពុទ្ធ សាសនា​(​ព្រហ្មចារ្យ​)​របស់​ព្រះអង្គ​ឱ្យបាន​មាំមួន​នោះ​បាន​ទៅ​ដល់ គោលដៅ ហើយ ។​
​    ​ដូច្នេះ ក្នុងឋានៈ​ជា​ពុទ្ធបរិស័ទ​នា បច្ចុប្បន្ន កិច្ច​ទាំងពួង​របស់​យើង​ទៅ​តាម​លំ​អាន​របស់​ព្រះពុទ្ធ​អង្គ​ជា​បរមគ្រូ ដែល​មាន​ក្នុង​មហា​បរិនិព្វាន​សូត្រ​នោះ គឺ​ ៖
​    ​១-​គប្បី​រៀន​ដោយ​ប្រពៃ និង​បដិបត្តិ​នូវ​សតិប្បដ្ឋាន​៤ សម្ម​ប្បធាន​៤ ឥទ្ធិ​បាទ​៤ ឥន្ទ្រី​យ៍​៥ ពលៈ​៥ ពោជ្ឈង្គ​៧ និង​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨(​ពោធិ បក្ខេ​យ្យ​ធម៌​៣៧) ទាល់តែ​មាន​ភាពឈ្លាសវៃ ក្លៀវក្លា ជា​ពហុស្សូត ហើយ អាច​ប្រាប់ សម្តែង​ធ្វើឱ្យ​ងាយ​បាន​នូវ​ធម៌​របស់​ព្រះអង្គ ទាំង​អាច​ដោះស្រាយ​នូវ ពាក្យ​ទិតៀន​ដែល​កើតឡើង​ហើយ បាន​ដោយ​ល្អ​តាម​ពាក្យ​ដែល​សម​ហេតុ និង ជា​អ្នកប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌ ប្រព្រឹត្ត​តាម​ធម៌ រហូត​ទាល់តែ​បានក្លាយ ទៅ​ជា​បុគ្គល​ប្រភេទ​ណា​មួយ​ក្នុងចំណោម​បុគ្គល​ទាំង​៤​ប្រភេទ គឺ​សោតា​- បន្ន​បុគ្គល សកទាគាមិ​បុគ្គល អនាគាមិ​បុគ្គល និង​អរហត្ត​បុគ្គល ។​
​    ​២-​គប្បី​ថែទាំ​សាសន​ព្រហ្មចរិយៈ (​ពុទ្ធ​សាសនា​) ឱ្យបាន​រឹងមាំ​ខ្ជាប់ខ្ជួន តាំង​នៅ​អស់កាល​អង្វែង តាំង​នៅ​អស់កាល​ដ៏​យូរ មាន​ការរីកចម្រើន​បាន ផ្សព្វផ្សាយ​ទៅ​កាន់​សព្វ​ទិស ធ្វើឱ្យ​មហាជន​កាន់តែ​ច្រើន​បាន​ដឹង​ពី​ពុទ្ធសាសនា និង​ធ្វើឱ្យ​ពុទ្ធសាសនា​បាន​អភិវឌ្ឍន៍​ពេញរិ​បូណ៌ ដើម្បី​ជា​ប្រយោជន៍​ដល់ ជន​ដ៏​ច្រើន ដើម្បី​សេចក្តីសុខ​ដល់​ជន​ដ៏​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វលោក ដើម្បី​សេចក្តីចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្តីសុខ​ដល់​ទេវតា និង​មនុស្ស ទាំងឡាយ ។​

2
​    អនុមោទនា​ការ​ត្រាស់ដឹង ២៦០០​ឆ្នាំ​
​     ​ពួក​យើង​ជា​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ មានសំណាង​ណាស់ ដែល​បាន រស់នៅ​ទាន់​ឆ្នាំនេះ ដើម្បី​អនុមោទនា​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​គ្រប់​២៦០០ ឆ្នាំ និង​ជា​ភ័ព្វ​ល្អ​ពេក​ណាស់ ដែល​កូន​យើង​បាន​កើត​នៅក្នុង​ឆ្នាំនេះ ដែលជា ឆ្នាំ​ដ៏​ពិសិដ្ឋ​មិន​ងាយ​បាន​ជួបប្រទះ ។​
​    ​ពួក​យើង​គួរ​ទៅ​វត្ត ដើម្បី​ធ្វើ​អនុមោទនា​អបអរសាទរ ព្រោះ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​អង្គារ ទី ១៧​ឧសភា ដែល​ត្រូវ​នឹង​ថ្ងៃ​ធ្វើបុណ្យ ជាតិ​វិសាខបូជា ជា​ថ្ងៃ​សម្រាប់​អបអរសាទរ ដោយ​ការ​សមាទានសីល​៥ ការ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​ពេល​ព្រឹក និង​ថ្ងៃត្រង់​ដោយសារដើ​រហែ​ប្រទក្សិ​ណ​ជុំវិញ​ព្រះវិហារ ដោយ​ការថ្វាយ​ភ្ញី​ផ្កា ដោយ​ការ​សូត្រធម៌​រំលឹក​សរសើរ ដោយ​ការ​ស្តាប់ធម៌​ទេសនា និង​ដោយ ការសាកសួរ​សាកច្ឆា​ធម៌​ជាដើម ។ សម្រាប់​ពុទ្ធបរិស័ទ​ដែល​មិន​បាន​អញ្ជើញ ទៅ​វត្ត ក៏គួរ​អុជ​ទៀនធូប និង​ថ្វាយ​ភ្ញី​ផ្កា នៅ​មុខ​ព្រះ​ពុទ្ធរូប ដែល​មាន​នៅ​នឹង​ផ្ទះ និង​គួរ​ធ្វើ​អភ័យ​ទាន​ដោយ​ការលើកលែង​ទោស​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស លើ​យើង​និង​ដោះលែង​សត្វមានជីវិត ឱ្យ​រួច​ខ្លួន ដូចជា​ពពួកសត្វ​ត្រី ឬ​ពពួក សត្វ​បក្សី​ជាដើម ដើម្បី​ជា​បុណ្យ​កុសល​សម្រាប់​ជីវិត​របស់​យើង ។​
​    ​ដោយហេតុ​ថា ឆ្នាំនេះ​ជា​ឆ្នាំ​ពិសេស ដែល​រំលឹក​ដល់​ការ​ដែល​ព្រះ ពុទ្ធ​បរមគ្រូ​របស់​យើង​លោក​បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ ត្រាស់ដឹង​ជា​ព្រះ​អរហន្ត ត្រាស់ដឹង​នូវ​អរិយ​សច្ច​៤ ត្រាស់ដឹង​នូវ​មជ្ឈិមា​បដិបទា ត្រាស់ដឹង​នូវ​អដ្ឋង្គិក​មគ្គ ត្រាស់ដឹង​នូវ​និព្វាន និង​ត្រាស់ដឹង​នូវ​ព្រះធម៌​ដែល​ជា​ប្រទីប​សម្រាប់​បំភ្លឺ​ជីវិត មនុស្សជាតិ​នោះ ពុទ្ធបរិស័ទ​ទាំងឡាយ គួរតែ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការរៀន សិក្សា និង​បដិបត្តិ​នូវ​គោល​ធម៌ ទាំងអស់​នេះ​ឱ្យ​កាន់តែ​ច្បាស់​និង​កាន់តែ ប្រសើរឡើង និង​ប្រាប់​នូវ​គោល​ធម៌​ដ៏​សំខាន់ៗ​ទាំងនេះ​ឱ្យ​កូនចៅ និង​សាច់ ញាតិ​របស់​ខ្លួន​បាន​ដឹង​ផង ជាពិសេស​គឺ​អរិយសច្ច​៤ ដែល​ជា​វិថី​ជីវិត​ដែល ប្រកប​ដោយ​ហេតុផល មិនបាច់​ពឹង​លើ​ព្រេងវាសនា មិនបាច់​អង្វរករ​ឱ្យ​អាទិទេព​ជួយ តែ​ជា​អ្នកកំណត់​ជីវិត​របស់​ខ្លួន​ដោយ​ខ្លួនឯង ។ យើង​អាច​មិនមែន​ជា​គ្រូពេទ្យ ដែល​ចេះ​ព្យាបាល​ជំងឺ​អ្នកដទៃ តែ​យើង​អាច​ប្រើ​វិធីសាស្ត្រ​របស់​គ្រូពេទ្យ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវិត ឬ​សេចក្តី ទុក្ខ​ក្រៀមក្រំ​ក្នុង​ជីវិត​បាន ដោយ​ការ​ស្គាល់​បញ្ហា​ជីវិត​នោះ​ឱ្យបាន​ច្បាស់​(​ទុក្ខ សច្ចៈ​) ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ថា អ្វី​ជាដើម​ហេតុ​របស់​បញ្ហា​ដែល​កំពុងតែ​ជួប ប្រទះ​នេះ (​ទុក្ខសមុទយ​សច្ចៈ​) រៀប​គោលដៅ​ជីវិត​ដែល​គ្មាន​បញ្ហា​ឱ្យបាន​ច្បាស់ (​ទុក្ខ​និរោធៈ​) និង​ដើរ​តាម​ផ្លូវ​ទាំង​៨ (​មគ្គ​សច្ចៈ​) ដែល​ព្រះ​ពុទ្ធអង្គ លោក​បាន​ពិសោធន៍​រួចហើយ គឺ​១-​មាន​ទស្សនៈ​ត្រូវ​, ២-​មាន​ការគិត​ត្រូវ​, ៣- មានការ​និយាយស្តី​ត្រូវ​, ៤-​មាន​ទង្វើ ឬ​កម្ម​ត្រូវ​, ៥-​មានការ​ចិញ្ចឹម​ជីវិត​ត្រូវ​, ៦-​មាន​សេចក្តី​ព្យាយាម​ត្រូវ​, ៧-​មាន​សតិ​ត្រូវ និង​៨-​មាន​សមាធិចិត្ត​ត្រូវ ។​
​    ​ក្រៅពី​ការយក​អរិយ​សច្ចៈ​៤ ជា​មាគ៌ា​ជីវិត យើង​ក៏​គួរ​គិត​ពិចារណា​ដែរ ថា តើ​ក្នុង​ឋានៈ​ជា​ពុទ្ធបរិស័ទ យើង​នឹង​អាច​បន្ត​សាសនា​ព្រហ្មចរិយៈ (​ពុទ្ធ សាសនា​) របស់​ព្រះ​បរមគ្រូ​យើង​ឱ្យបាន​រឹងមាំ​ល្អ​ខ្ជាប់ខ្ជួន មាន​ការរីកចម្រើន បាន​ផ្សព្វផ្សាយ​ទៅកាន់​សព្វ​ទិស ធ្វើឱ្យ​មហាជន​កាន់តែ​ច្រើន​បាន​ដឹង​ពី​ពុទ្ធ សាសនា និង​ធ្វើឱ្យ​ពុទ្ធសាសនា​បាន​អភិវឌ្ឍន៍​ថែមទៀត​ដោយ​របៀប​ណា ដើម្បី ជា​ប្រយោជន៍​ដល់​ជំនាន់​កូន និង​ចៅ និង​អនុ​ជន​ជាន់ក្រោយ​របស់​យើង ។ ព្រោះ ថា ពុទ្ធសាសនា​ដែល​នឹង​អាច​តាំង​នៅ​អស់កាល​ដ៏​យូរ​បាន​នោះ ក៏​ព្រោះ​មាន ទំនាក់ទំនង​ជាមួយ​នឹង​ភាព​ជា​ប្រយោជន៍​នៃ​ពុទ្ធធម៌​ដល់​មនុស្ស​ជាតិ​ដ៏​ ច្រើន ។ បើ មនុស្សជាតិ ជាពិសេស​ខ្មែរ​យើង​មិន​បាន​យល់ឃើញថា ពុទ្ធសាសនា​មាន ប្រយោជន៍​នោះ ពុទ្ធសាសនា​នេះ​ក៏​នឹង​មិន​មាន​អ្នកណា​បដិបត្តិ​ជឿ ឬ​កាន់​តាម ដែរ ។ ភាពជា​ប្រយោជន៍​របស់​ពុទ្ធសាសនា គឺ​នៅ​ពេល​ណា​ដែល​ខ្មែរ យើង​យល់​ថា អរិយ​សច្ចៈ​៤​នេះ ពិតជា​មាន​ប្រយោជន៍​ក្នុង​ការដឹកនាំ​ជីវិត​ឆ្ពោះ ទៅ​រក​សេចក្តីសុខ​ពិតប្រាកដ​មែន ហើយ​នាំ​គ្នា​រស់នៅ​ក្នុង​វិថី​ជីវិត​បែប​អរិយ​សច្ចៈ នោះ​ដោយ​ការពេញចិត្ត និង​ជឿជាក់​។​
​    ​ខ្ញុំ​គិតថា តួនាទី​របស់​ជំនាន់​យើង នេះ ជាពិសេស​ព្រះសង្ឃ​មាន​សារសំខាន់​ណាស់ ដែល​ត្រូវ​ធ្វើឱ្យ​ភាព​មាន ប្រយោជន៍​របស់​ពុទ្ធសាសនា កើតមាន​ដល់​ប្រជាជន​ខ្មែរ ដោយ​ចំពោះ​ក្នុង ចំណោម​យុវវ័យ​នា​សម័យ​សកលភាវូបនីយកម្ម​នេះ ។ យើង​គួរតែ​ប្រកាស យក​ឆ្នាំ​ពុទ្ធ​សករាជ​២៥៥៥ ឬ​ឆ្នាំ​សកល  ២០១១​នេះ ជា​ឆ្នាំ​អរិយ​សច្ច ជា​ឆ្នាំ​ចាប់ ផ្តើម​នៃ​ទសវត្សរ៍​វិថី​ជីវិត​អរិយ​សច្ច សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង ព្រោះថា បើ​យើង​រស់នៅក្នុង​អរិយ​សច្ច ឈ្មោះថា យើង​រស់នៅ​ក្នុង​ធម៌​ទាំង​៨៤០០០ របស់​ព្រះពុទ្ធ​ផងដែរ ។​
​    ​សូម​ឱ្យ​បុណ្យ​អានិសង្ស​នៃ​ការបូជា​ចំពោះ​ខួប​នៃ​ការ​ត្រាស់ដឹង​ជា​ព្រះ ពុទ្ធ​របស់​ព្រះ​បរមគ្រូ​នៃ​យើង​គ្រប់​២៦០០ ឆ្នាំ និង​អានិសង្ស​នៃ​ការបូជា​ចំពោះ​ថ្ងៃ វិសាខបូជា​នេះ បាន​ជា​បច្ច័យ​ជួយ​ឱ្យ​ប្រជា​បរិស័ទ​ខ្មែរ និង​សកលលោក បាន ក្លាយទៅជា​អ្នក​ដែល​មាន​ការយល់ឃើញ​ត្រឹមត្រូវ គិត​ត្រឹមត្រូវ និយាយ​ត្រឹមត្រូវ ធ្វើអំពើ​ត្រឹមត្រូវ ប្រកប​អាជីវកម្ម​ត្រឹមត្រូវ មាន​ការព្យាយាម​ត្រឹមត្រូវ តាំង​សតិ​បាន​ត្រឹមត្រូវ និង​តម្កល់​ចិត្តបាន​ស្ងប់​ត្រឹមត្រូវ នៅក្នុង​គន្លង​នៃ​ផ្លូវ​ដែល មិន​តឹង​ពេក មិន​ធូរ​ពេក មិន​ឆ្វេង​ពេក មិន​ស្តាំ​ពេក ដើម្បី​សន្តិភាព និង​ការ អភិវឌ្ឍន៍​មួយ​ដែល​ស្ថិតស្ថេរ​ចីរកាល ត​រៀង​ទៅ​ហោង ៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=YmUyNmZiNzMxOGQ5OGQ5ZGNmYmQxM2VlOWU5NmI3

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: