ការបាត់បង់នូវ​កុលបុត្រខ្មែរមួយរូប (លោក រាជ សម្បត្តិ)

អត្ថបទដកស្រង់ចេញពីគេហទំព័រ ភ្នំពេញប៉ុស្តិ៍

“រាជ សម្បត្តិៈ ឪពុកដ៏ល្អ មិត្តស្មោះស មន្ត្រីមានសមត្ថភាព

Friday, 13 May 2011 15:01 ដោយ នេត្រ ភក្ត្រា

រូបថត Facebook រាជ​ សម្បត្តិ

កាល​ពី​៤៧ ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ ១៩៦៤ ទារក​ម្នាក់​មាន​ភេទ​ប្រុស បាន​ចាប់​ប្រសូត​មក​នៅ​ក្នុង​ក្រុម​គ្រួសារ​​មួយ​នៅ​លើ​ទឹកដី​ខេត្ត​ ស្វាយរៀង។ ទារក​ម្នាក់​នោះ​ត្រូវ​បាន​ឪពុក​ម្តាយ និង​សាច់​ញាតិ​របស់​ខ្លួន​ដាក់​ឈ្មោះ​ថា រាជ សម្បត្តិ។ ទារក រាជ សម្បត្តិ បាន​ចម្រើន​វ័យ​កាន់​តែ​លឿន និង​ក្លាយ​ជា​កុមារ​ម្នាក់​ដ៏​ឈ្លាសវៃ និង​គួរ​ជាទី​ស្រឡាញ់​របស់​អស់​ញាតិ​សន្តាន នៅ​ក្នុង​ស្រុក។ កុមារា រាជ សម្បត្តិ ក៏​ដូចជា​កុមារ​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​ឆ្លង​កាត់​របប​ ខ្មែរ​ក្រហមដែល​បាន​ដឹកនាំ​ប្រទេសឆ្ពោះ​ទៅ​រក​ភាព​អន្តរាយ​ចន្លោះ​ពី​ថ្ងៃ​ ទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ១៩៧៩។

ភាព​ឈឺ​ចាប់ ខ្លោច​ផ្សា អត់​អាហារ​បាន​រួតរឹត​កុមារា រាជ សម្បត្តិ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​វ័យ​មួយ​តម្រូវ​ការ​ការ​សិក្សានិងម្ហូប​អាហារ​ ព្រមទាំង​ការ​ថែទាំ​រក្សា​ពី​មាតាបិតា​របស់​ខ្លួន។ កុមារា​សម្បត្តិ ត្រូវ​បាន​ពង្រាត់​ពី​ឪពុកម្តាយ ស្ថិត​នៅ​ក្នុង​កង​កុមារ​ធ្វើ​ការងារ​គ្មាន​ស្រាកស្រាន្ត។ កុមារ​សម្បត្តិ មាន​រូប​ស្គមស្គាំ ប៉ុន្តែ​ស្មាម​ញញឹម​ដ៏​ស្រស់​គួរ​ជាទី​ទាក់ទាញ និង​ស្នាម​ញញឹម​ដ៏​បរិសុទ្ធ​ក្នុង​នាម​ជា​មនុស្ស​ស្លូតត្រង់និង​ស្មោះស​នៅ​ តែ​ស្ថិត​ក្នុង​ក្រអៅ​បេះដូង​របស់​កុមារ​រូបនេះ​ជានិច្ច។

ភាព​សោក​សង្រេង​នៅ​ក្នុង​ជីវិត​របស់​លោក​ហើយ​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ ជីវិត​លោក គឺ​ការ​បាត់បង់​ឪពុកម្តាយ​ជាអ្នក​មាន​មហា​ករុណគុណ​ចំពោះ​លោក ដោយសារ​តែ​ក្រុម​ខ្មែរ​ក្រហម​បាន​ប្រល័យ​ជីវិត​លោក​ទាំងពីរ​គ្មាន​ ត្រាប្រណី។ ឪពុកលោករាជសម្បត្តិ ​គឺជា​មេស្រុក​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​រៀន​សូត្រ ​និង​សម្លាប់​ចោល ​ចំណែក​ឯម្តាយ ​និង​បង​ ប្រុស​ទី២ ​របស់​លោក​ក៏បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដែរ។​ លោក​រាជ ​សម្បត្តិ​ធ្លាប់​បាន​ថ្លែង​ថា ​របប​ខ្មែរ​ក្រហម​បាន​បំផ្លាញ​សុភ​មង្គល​ និង​សេចក្តី​សុខ​របស់​លោក​ជាមួយ​ឪពុក​ម្តាយ ​និង​បង​ប្អូន​របស់​លោក​។

កុមារា ​ រាជ សម្បត្តិ ព្រម​ទាំង​បង​ប្អូន​របស់​លោក​បាន​ក្លាយ​ជា​កុមារ​កំព្រា រស់នៅ​ដោយ​ពឹង​លើ​ខ្លួន​ឯង និង​ការ​ជួយ​ផ្តល់​ការ គាំទ្រ​ពី​សំណាក់​សាច់ញាតិ និង​ពលរដ្ឋ​មួយ​ចំនួន។ ក្រោយ​រំដោះ​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ កុមារា រាជ សម្បត្តិ បាន​ធ្វើដំណើរ​មក​ទីក្រុង​ភ្នំពេញ។ កុមារា​ សម្បត្តិ បាន​ព្យាយាម​តស៊ូ​ជម្នះ​នូវ​រាល់​ឧបសគ្គ​ទាំង​ឡាយ​នៅ​ក្នុង​ជីវិត។ កុមារ​សម្បត្តិ បាន​ចម្រើន​វ័យ​បាន បន្ត​ការសិក្សា​របស់​ខ្លួន​ចេញ​ពី​សាលា​បឋមសិក្សា​វត្តភ្នំ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ទុតិយភូមិ​នៅឆ្នាំ ១៩៨៧ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ កំពុង​សិក្សា លោក​រាជ សម្បត្តិ បាន​បើក​បង្រៀន​ភាសា​បរទេស​ក្រៅម៉ោង គឺ​នៅ​សាលា​ក្រោយវាំង។ ជា​គ្រូភាសា​អង់គ្លេស លោក​បាន​បង្ហាត់បង្រៀន​មនុស្ស​ជាច្រើន​ឲ្យ​ចេះ​សរសេរ និង​និយាយ​ភាសា​អង់គ្លេស។ យុវជន​រាជ សម្បត្តិ បាន​ក្លាយ​ទៅជាគ្រូ​បង្រៀន​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ។

ជីវិត ​លោក រាជ សម្បត្តិ បាន​ឆ្លង​កាត់​នូវ​ឧបសគ្គ និង​ការ​តស៊ូ​យ៉ាង​ខ្លាំង។ លោក​ឆ្លង​កាត់​ ជីវិត​ក្មេងវត្ត និង​បាន​ហែល កាត់​នូវ​ការ​តស៊ូ​ដ៏​ច្រើន​អនេក​ដូចជា​រត់​កង់​ឌុប​ពីឆ្នាំ១៩៨១ ដល់ឆ្នាំ ១៩៨៤ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងបន្តការរៀនសូត្ររបស់ខ្លួន។ លោករាជ សម្បត្តិ បាន​រក្សា​ទុក​នូវ​អនុស្សាវរីយ៍​ជូរចត់ និង​ផ្អែមល្ហែម​នៅក្នុង​ជីវិត​របស់​លោក​ជានិច្ច និង​តែងតែ​លើក​ឡើង​ពី​ជីវិត​តស៊ូ​របស់​លោក​ប្រាប់​ដល់​ក្មេង​ជំនាន់​ក្រោយ។ លោក​ក៏​តែងតែ​រម្លឹក​ឡើង​វិញ​ពី​អតីតកាល​របស់​លោក ជាមួយ​នឹង​មិត្តភក្តិ​ដទៃ​ទៀត​ដែល​បាន​ស្គាល់​គ្នានិង​រៀន​ជាមួយ​គ្នា​ តាំងពី​កុមារភាព​ម្ល៉េះ។

លោក​ រាជ សម្បត្តិ បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​មាន​ប្រជាប្រិយភាព​ដោយសារ​តែ​ការ​និយាយ​រឿង​ កំប្លែង​របស់​លោក​មិនចេះ​រីងស្ងួត និង​ភាព​ក្រមិចក្រមើម​របស់​លោក រួម​នឹង​ភាព​ស្រស់ស្រាយ និង​រាក់ទាក់​ចំពោះ​មនុស្ស​គ្រប់រូប។ លោក​បាន​រក្សា​ទុក​នូវ​របស់​ចាស់ៗ​ដែល​លោក​បាន​ប្រើប្រាស់​ពី​មុន​មក​ក្នុង​ នោះ​មាន​កង់​មួយ ដែល​លោក​បាន​ជិះ​វា​តាំង​ពី​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០​ម្ល៉េះ។ លោក​រាជ សម្បត្តិ ជា​មនុស្ស​ស្រឡាញ់​របស់​ប្រើប្រាស់​របស់​ខ្លួន និង​ភ្ជាប់​ខ្លួន​ទៅ​នឹង​របស់​ទាំងនោះ ដោយ​ចាត់​ទុកថា ជាផ្នែក​មួយ​នៃ​ជីវិត​របស់​លោក។ ​លោក​រាជ​ សម្បត្តិ ​បាន​ទទួល​អាហារូប​ករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​​ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យា​ល័យ​ក្នុង​ឆ្នាំ ​១៩៨៨​។

ក្រោយ​ពី​សម័យ​អ៊ុនតាក់ និង​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ ១៩៩៣ យុវជន​រាជ សម្បត្តិ បាន​បន្ត​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ជូឡា ​ឡុងកន។ បន្ទាប់​មក លោក​បាន​សិក្សា​ជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ សារគមនាគមន៍ និង​វិជ្ជា​ជីវៈ​សារព័ត៌មាន​នៅ​សាកលវិទ្យាល័យ​រដ្ឋកាលីហ្វ័រនីញ៉ា។ លោក​បាន​ធ្វើការ​សិក្សា និង​ទទួល​ការ​បណ្តុះបណ្តាល​ផ្នែក​ជំនាញ​សារព័ត៌មាន​នៅ​បរទេស​ជាច្រើន​ថែម​ ទៀត។ លោក​បាន​បម្រើ​ការងារ​អាជីព​ជា​អ្នក​កាសែត​អស់​រយៈ​ពេល​ជាង ២០ ឆ្នាំ​ដោយ​បាន​ធ្វើ​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​អន្តរជាតិធំៗ​ជាច្រើន​ប្រចាំ ​ប្រទេស​កម្ពុជា។ លោក​បាន​លាចេញ​ពី​ជីវិត​ជា​អ្នកកាសែត​មក​ជាអ្នក​នាំ​ពាក្យ​អង្គជំនុំ​ជម្រះ​ វិសាមញ្ញ​ នៅក្នុង​តុលាការ​កម្ពុជា​នៅដើម​ឆ្នាំ ២០០៦ ហើយ​ក្រោយ​មក​បា​នក្លាយ​ជាប្រធាន​ផ្នែក​កិច្ចការ សាធារណៈ​នៃ​សាលា​ក្តី​ចម្រុះ​កម្ពុជា អង្គការ​សហប្រជាជាតិ​នេះ។

លោក​រាជ សម្បត្តិ ទាំង​ក្នុង​អាជីព និង​ក្នុង​ជីវិត​ឯកជន​របស់​លោក​បាន​ទទួល​នូវ​ការ​គោរព​ដ៏​ជ្រាលជ្រៅ​បំផុត។ ជាមួយ​នឹង​សមត្ថភាព ភាព​រាក់ទាក់​ស្រស់ស្រាយ​របស់​លោក ទាំង​មិត្តភក្តិ និង​មិត្ត​រួម​អាជីព​បាន​ទទួល​ស្គាល់​លោក​ថា ជា​មនុស្ស​ដ៏​ស្លូតត្រង់់និង​ដ៏​ល្អ​ប្រពៃ​ម្នាក់​ប្រកប​ដោយ​ធម៌​ព្រះពុទ្ធ​ នៅ​ក្នុង​ខ្លួន។ លោក​ចូលចិត្ត​លេងសើច​សប្បាយ និង​ជាអ្នក​ចូលចិត្ត​សិល្បៈ​កម្សាន្ត។ នៅ​ក្នុង​ផ្ទះ​ លោក​រាជ សម្បត្តិ បាន​រក្សា​ទុក​នូវ​ស្គរ និង​គ្រឿង​ភ្លេង​ជាច្រើន​ទៀត។ ការ​តុបតែង​ផ្ទះ​ជា​លក្ខណៈ​ធម្មជាតិ​គឺ ជា​ចំណង់ចំណូលចិត្ត​របស់​លោក។ នៅ​ពេល​សម្រាក លោក​តែងតែ​ហៅ​លេង​ជាមួយ​សត្វ​សារិកាកែវ​របស់​លោក ជាមួយ​នឹង​សំឡេង​គ្រលួច។ លោក​រាជ សម្បត្តិ ជា​មនុស្សម្នាក់​ដែល​កាន់​ខ្ជាប់​ព្រះពុទ្ធសាសនា ដោយសារ​លោក​ក៏​ជា​អតីត​ក្មេង​វត្តម្នាក់ដែលបានស្គាល់គ្រប់រសជាតិទាំងអស់។

មនុស្ស ​ទូទៅ​បាន​ស្គាល់​លោក​យ៉ាង​ច្បាស់​តាម​រយៈ​កិច្ចការ​នៅ​សាលាក្តី​ ខ្មែរក្រហម។ លោក​រាជ សម្បត្តិ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់សែន លាន​នាក់​យល់ដឹង​ពី​ដំណើរការ​ជំនុំជម្រះ​សាលាក្តី​ខ្មែរ​ក្រហម ដោយ​ធ្វើការ​ពន្យល់​នៅ​ពេល​ពលរដ្ឋ​ធ្វើ​ទស្សនកិច្ច នៅ​សាលាក្តី​ខ្មែរក្រហម​ផង និង​លោក​រួម​នឹង​ក្រុម​ការងារ​បាន​ចុះ​ទៅ​កាន់​ខេត្ត​នានា​នៅក្នុង​ប្រទេស​ កម្ពុជា។ លោក​រាជ សម្បត្តិ ក៏ជា អ្នក បណ្តុះ-​បណ្តាល​អ្នក​សារព័ត៌​មាន​ដ៏​ច្រើន​ដែរ។ សិស្ស និស្សិត រួម​នឹង​អ្នក​រួម​អាជីព​តែង​តែ​ឲ្យ​តម្លៃ​លើ​រូប​លោក និង​ចាត់​ទុក​រូប​លោក រាជ សម្បត្តិ ជា​មនុស្ស​ម្នាក់​មាន​ការ​អប់រំ​ខ្ពស់ និង​ជា​ធន​ធាន​មនុស្ស​ដ៏​មាន​តម្លៃ​ម្នាក់​សម្រាប់​ប្រទេស​ជាតិ​។ លោក​ជា​កម្លាំង​ចលករមួយ​ជួយ​ផ្លាស់​ប្តូរ​មុខ​មាត់​នៃ​វិស័យ​សារព័ត៌-​មាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ស្រឡាញ់​រាប់​អាន​ចំពោះ​លោក​រាជ សម្បត្តិ មិន​ត្រឹម​តែ មាន​ជាមួយ​នឹង​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​នោះ​ឡើយ ប៉ុន្តែ​ការ​ស្រឡាញ់​នេះ បាន​ដិត​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ជន​បរទេស​ទាំង​ឡាយ​ដែល​បាន ស្គាល់​លោក​រាជ សម្បត្តិ។ លោក​សម្បត្តិ គឺ​ជា​មនុស្ស​ម្នាក់​ដែល​គិត​ពី​សុខ​ទុក្ខ​របស់​អ្នក​ដទៃ ជាង​សុខ​ទុក្ខ​របស់​ខ្លួន​ឯង។ លោក​ជា មនុស្ស​ចិត្ត​បុណ្យ រាប់​អាន​មនុស្ស​ដោយ​ស្មោះ​ស​បំផុត​។

អំពើ​ល្អ​របស់​លោក​សម្រាប់​ មនុស្ស​ជាតិ និង​ប្រជា-​ជាតិ​ខ្មែរគឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​ចង​ចាំ​មិន​ភ្លេច គឺ​ការ​ជួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​យល់​ដឹង​ពី​ដំណើរ​ការ​ជំនុំ​ជម្រះ​លើ​ អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។ លោក​បាន​ថ្លែង​ប្រាប់​ខ្ញុំ​នា​ពេល​មួយ​ថា លោក​មិន​មានការ​គំុកួន​អ្វី​ឡើយ​ចំពោះ​មេដឹក​នាំ​ខ្មែរ​ក្រហម​។ អ្វី​ដែល​លោក​ធ្វើ​គឺ​ធ្វើ​ដើម្បី​នាំ​មក​នូវ​យុត្តិ​ធម៌​សម្រាប់​ប្រជា​ ជាតិ​ខ្មែរ​ទាំង​មូល គឺ​មិនមែន​ដើម្បី​សង​សឹក​នឹង​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​លោក​ស្លាប់​បាត់​បង់​ជីវិត​ឡើយ​។ នេះ​គឺ​ជា​ចិត្ត​បុណ្យ របស់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ពិត​ប្រាកដ​ម្នាក់​ដែល​លោក​រាជ សម្បត្តិ​មាន។

ភាព​សកម្ម​នៅក្នុង​ការងារ​បម្រើ​ជាតិ និង​គ្រួសារ​របស់​លោក​រាជ សម្បត្តិ បាន​បញ្ចប់​ទៅ​ដោយ​មិនអស់​ចិត្ត​សម្រាប់​មនុស្សទូទៅ​ដែល​ស្គាល់និង​រាប់អាន​ លោក។ លោក រាជ ​សម្បត្តិ មានអាយុ ៤៧ ឆ្នាំ ជា​ប្រធាន​ផ្នែកកិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា​ ដែល​បាន​ទទួល​រង​នូវ​ជំងឺ​លើស​ឈាម​ធ្ងន់​ធ្ងរ​ ត្រូវបានមច្ចុរាជផ្តាច់ផ្តិលជីវិតរបស់លោកនៅវេលាម៉ោង ៨ និង ៤៥ នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១១ នៅមន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពីក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ក្នុង​ការ​ជួយ​សង្គ្រោះ​អាការ​ជំងឺ​ ដ៏ធ្ងន់​ធ្ងរ​របស់​លោក។

លោក រាជ ​សម្បត្តិ មាន​បញ្ហា​លើស​ឈាម​ កាល​ពី​ល្ងាច​ថ្ងៃ​ទី ១០ ខែ​ឧសភា វេលា​ម៉ោង ៤ និង​ ៣០​ នាទី​រសៀល នៅ​ពេល​លោក​កំពុង​បំពេញ​ការងារ។ លោក​ត្រូវ​បញ្ជូន​ពី​សាលា​ក្តី​មក​កាន់​មន្ទីរ​ពេទ្យ​កាលម៉ែតដើម្បី​ធ្វើ​ ការសង្គ្រោះ​បន្ទាន់។ បើ​តាម​ក្រុម​គ្រូ​ពេទ្យ ដោយ​សារ​តែ​ស្ថានភាព​លើស​ឈាម​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ បាន​ធ្វើ​ឲ្យ​លោក រាជ សម្បត្តិ ​ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល។ លោក រាជ សម្បត្តិ បាន​សម្រាន្ត​ស្តូក​ស្តឹង​មិន​ដឹង​ខ្លួនចាប់តាំង​ពីលោក​ទទួល​រងជំងឺ​លើស​ឈាម ​ ហើយ​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យបន្ត​ដក​ដង្ហើម​ដោយ​មាន​ខ្យល់​អុកស៊ីសែន​ ជា​ជំនួយ។ ក្រុម​គ្រូពេទ្យ​ទាំង​ជាតិ ​និង​បរទេស​បាន​ខិត​ខំជួយ​សង្គ្រោះ​លោក ​ដោយ​មាន​គម្រោង​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​ទីក្រុង​បាង​កក​ ប៉ុន្តែ​ដោយ​សារតែ​ស្ថាន​ភាព​សុខ-​ភាព​របស់​លោក​មិន​អំណោយ​ផល​ដល់​ការបញ្ជូន ​ទៅព្យាបាល​នៅក្រៅ​ប្រទេស​ឡើយ​។ ក្តី​ សង្ឃឹម​លើរូប​លោក​បានធ្លាក់​ចុះ ​ទីបំផុត​លោក​រាជ ​សម្បត្តិ ​ដែល​មនុស្ស​ទូទៅ​បាន​ស្គាល់ ​និងទទួល​ស្គាល់ពី​ប្រសិទ្ធភាព​ការងារ​របស់​លោក ​តាមរយៈ​កិច្ចការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម ​បានលា​ចាកលោក​នេះ ​ដោយ​បន្សល់​ទុកនូវ​ភាព​អាឡោះអាល័យ​សម្រាប់​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ​រួមអាជីព​និង​ប្រជា​ពល​រដ្ឋរួម​ជាតិ​របស់​លោក​។ លោក​រាជ សម្បតិ្ត បាន​លាចាក​លោក​នេះ​ទាំង​មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​កូនៗ​ជាទី​ ស្រឡាញ់​របស់​លោកនិង​ឧត្ដមភរិយា​លោក​ឡើយ។

«ពេល​នេះ បង​ចប់​ហើយ»។ នេះ​គឺ​ជា​ពាក្យ​សម្តី​ចុង​ក្រោយ​ដែល​លោក​រាជ សម្បត្តិ បាន​បន្លឺ​ឡើង​នៅ​ពេល​ដែល​លោក ទទួល​រង​នូវ​ការ​វាយលុក​យ៉ាង​ខ្លាំង​ពី​ការ​ឡើង​សម្ពាធ​ឈាម។ សម្តី​ចុង​ក្រោយ​របស់​លោក​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​នឹក​គិត អាណិត​ខ្លោច​ចិត្ត​ចំពោះ​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​សង្គម ជា​ឪពុក​ដ៏​ល្អ​នៅ​ក្នុង​គ្រួសារ ជា​បង​ប្រុស​ដ៏​ល្អ​សម្រាប់​ប្អូនៗ​ទាំងឡាយ ជា​សហសេវិក​ដ៏​ស្មោះត្រង់​សម្រាប់​មិត្ត​រួម​ការងារនិង​ជា​មិត្តភក្តិ​ដ៏​ ស្មោះស​ចំពោះ​មិត្ត​ពី​កុមារភាព។

នៅ​ពេល​នេះ លោករាជ សម្បត្តិ ដ៏មានប្រជាប្រិយភាព បាន​ក្លាយ​ជា​សាកសពគ្មាន​ព្រលឹង មិន​អាច​និយាយ​មក​កាន់​យើង​ទាំងអស់​គ្នា​បាន​ទៀត​ឡើយ មិន​អាច​សប្បាយ​រីករាយ​ក្រោយ​ពី​សម្រាក​ការងារ​ជា​មួយ​យើង​ទៀត​ទេ ហើយ​ក៏​មិន​អាច​ចែក ​រម្លែក​មីឆា និង​ម្ហូប​អាហារ​ជាមួយ​គ្នា និង​ចែក​គ្នា​ច្រៀង​កម្សាន្ត​សប្បាយ​ពេល​សម្រាក​ពី​ការងារនិង​ចែក​រម្លែក​បទ ​ពិសោធ​ក្នុង​ការងារ​ជាមួយ​យើង​ទៀត​ឡើយ។ លោក​រាជ សម្បត្តិ បាន​បន្សល់​ទុក​នូវ​តែ​ស្នាម​ញញឹម​សម្រាប់​យើង​ទាំងអស់​គ្នានិង​​មិន​អាច​ ឆ្លើយ តប​ជាមួយ​នឹង​ការ​ផ្តោះផ្តង​របស់​យើង​ទៀត​ទេ។ លោក​បន្សល់​នូវ​ក្តី​ស្រឡាញ់ និង​ភាព​ស្មោះត្រង់​របស់​លោក​ចំពោះ​ជាតិ គ្រួសារ និង​មិត្តភក្តិ​ពី​ថ្ងៃ​នេះ​ត​ទៅ។ មិត្ត​ភក្តិ​រួម​អាជីព​ជាអ្នក​សារព័ត៌​មាន​ទាំង​អស់ ​សូម​ចូល​រួម​មរណ​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​សព​របស់​លោក​រាជ ​សម្បត្តិ​ និងសូម​ បួងសួង​ឲ្យវិញ្ញាណ-​ក្ខន្ធ​លោក​ទៅកា​ន់សុគតិ​ភព​ និ​ងឆាប់​យោនយក​​កំណើត​សាជាថ្មី។​​ រូបំ ទុក្ខំ អនិច្ចំ អនត្តា។ សូមលោករាជ សម្បត្តិ បាន​សេចក្តីសុខ​ជា​រៀង​រហូត ពួកយើង​ខ្ញុំ​នៅ​ខាង​ក្រោយ​ចងចាំ​ជានិច្ច​ចំពោះ​រូប​លោក។ គ្មាន​អ្វី​សោកសៅនិង​ក្តុកក្តួល​ជាង​ ការ​បាត់បង់​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ ឡើយ!

More infos: http://postkhmer.com/index.php?option=com_content&view=article&id=57862%3A2011-05-13-07-59-43&catid=4%3Alifestyle-news&Itemid=79

4 Comments

  1. April 18, 2013 at 5:31 pm

    Hi, I do believe this is a great site. I stumbledupon it😉 I may revisit once again since
    i have saved as a favorite it. Money and freedom is the greatest
    way to change, may you be rich and continue to help others.

  2. Anonymous said,

    August 2, 2013 at 1:12 pm

    I like to disseminate understanding that I’ve accumulated through the yr to assist enhance group functionality.

  3. May 6, 2014 at 7:20 pm

    Way cool! Some extremely valid points! I appreciate you
    penning this write-up plus the rest of the website is really good.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: