សត្វ​ស្លាប​ដ៏​កម្រ​របស់​ពិភព​លោក​រស់​នៅ​កម្ពុជា

អត្ថបទដកស្រង់ចេញពីសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍

សត្វ​ស្លាប​ដ៏​កម្រ​របស់​ពិភព​លោក​រស់​នៅ​កម្ពុជា

Tuesday, 19 April 2011  ដោយ : មាស រ័ត្ន

បាត់​ដំបង : សំឡេង​ម៉ាស៊ីន​កាណូត​សូរ​គគ្រឹក​លាន់​ឮ​ ពេញ​ព្រៃ​លិច​ទឹក ដ៏​ធំ​ល្វឹង​ល្វើយ​ផ្អើល​​អស់​​បក្សា​បក្សី​​ហោះ​ហើរ​ឆ្វែល​​ឆ្វាត់​​ពេញ​ ផ្ទៃ​ មេឃ។ ​​ប្រជាជន​​​ខ្មែរ​​ហាក់​គ្មាន​អើពើ​អ្វី​សោះ​​​ ខណ:​ពេលជន​​បរទេស​​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​កាណូត​ជា​មួយ​​​គ្នា ​ខ្លះ​​ចង្អុល​ដៃ​ទៅ​កាន់​សត្វ​ស្លាប​នានា​​ និង ខ្លះ​ទៀត​​​ទាញ​យក​កាមេរ៉ា​​មក​ថត​រូប​ផ្សេងៗ។ ​ប្រហែល​ជា​ទិដ្ឋភាព​នៃ​ហ្វូង​សត្វ​ទាំង​នេះ​ហើយ ដែល​បាន​ល្បួង​ឲ្យ​ជន​​បរទេស​ទាំង​នេះ ​​ស៊ូ​ប្តូរ​ជិះ​​កាណូត​​រហូត​ដល់​ទៅ​៨​ម៉ោង​នៅ​រដូវ​ប្រាំង​ដូច្នេះ ពី​ខេត្ត​​បាត់​ដំបងទៅ​ ខេត្ត​សៀម​រាប ឬ ពី​​សៀម​រាប​មក​បាត់​ដំបង​ ​ដើម្បី​បាន​ឆ្លង​កាត់​​តំបន់​ជម្រក​សត្វ​ស្ថិត​នៅ​ម្តុំ​​ភូមិ​ព្រែក​ទាល់ ​នៅ​បឹង​ទន្លេ​សាប។

ប៉ុន្តែ​មិន​មែន​អ្នក​​ធ្វើ​ដំណើរ​ឆ្លង​​កាត់​ទាំង​អស់​សុទ្ធ​តែ​មាន​ វាសនា​ បាន​​​ឃើញ​សត្វ​ស្លាប​​ទាំង​នេះ​ទេ។ ​មគ្គុទេ្ទសក៍​ទេសចរណ៍​ជំនាញ​ផ្នែក​សត្វ​ស្លាប​​​វ័យ​៣០​ឆ្នាំ លោក​​ ដួង ណារ៉ា អាយុ​៣០​ឆ្នាំ​ ដែល​ធ្វើ​ការ​ឲ្យ​មជ្ឈមណ្ឌល ​​សំ​ វាសនា​ដើម្បី​ការ​អភិរក្ស​សត្វ​ព្រៃ​ក្នុង​ខេត្ត​​សៀម​រាប ​តែង​​តែនាំ​ភ្ញៀវ​មក​មើល​សត្វ​ នៅ​ព្រៃ​រនាម​ក្នុង​បរិវេណ​​បឹង​ទន្លេសាប​​នេះ​ជា​ញឹក​ញាប់​បាន​​ឲ្យ​ដឹង​​​ ថា​​ នៅ​ស្រុក​ខ្មែរ ​​មិន​មែន​មាន​តែ​ប្រាសាទ​​​បុរាណ​ ទឹក​ជ្រោះ​ ព្រៃ​ភ្នំ ឬឆ្នេរ​សមុទ្រ​ទេ​ ដែល​​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​នោះ  សូម្បី​​សត្វ​​ស្លាប​នៅ​បឹង​ទន្លេ​សាប​​នេះ ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​បរទេស​មក​ទស្សនា​ យ៉ាង​ក្រាស់​ក្រែល​ដែរ។

មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នេះ បាន​​​បន្ត​​ឲ្យ​ដឹង​ទៀត​​​ថា​ សត្វ​ស្លាប​នៅ​បឹង​ទន្លេ​សាប​នេះ​ មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​​​ មាន​តែ​សត្វ​ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ ​​ ដូច​ជា​​ សត្វ​​ត្រដក់ រនាលស រនាល​ពណ៌​ សត្វ​ទុង និង​ទា​កា​ប៉ា​​ព្រៃ ដែល​ជន​បរទេស​​ចង់​​ទស្សនា។

លោក​ថា ភ្ញៀវទេសចរ​ចូល​​ចិត្ត​សត្វ​ស្លាប​ទាំង​នោះ ពីព្រោះ ​​វា​ជា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​របស់​ពិភព​​​លោក ហើយ​​មាន​នៅ​សេស​សល់​ច្រើន​ដែរ​​នៅ​​បឹង​ទន្លេសាប​ ប្រទេស​កម្ពុជា។

មគ្គុទ្ទេសក៍​ទេសចរណ៍​​​ ដួង​ ណារ៉ា​ មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មើល​ឃើញ​​នូវ​ភាព​អំណោយ​ផល​ពីរ គឺ​ទី​មួយ ​ព្រៃ​រនាម​​នៅ​តំបន់​ព្រែក​ទាល់​​នេះ​​ ត្រូវ​​បាន​អភិរក្ស​ជា​ជំរក​សត្វ​​ទៅ​ហើយ ទី​ពីរ​ គឺ​​បឹង​ទន្លេ​សាប​​របស់​យើង​សម្បូរ​ទៅ​ដោយ​មច្ឆា​ច្រើន​ប្រភេទ ដែល​ជា​ចំណី​សម្រាប់​​សត្វ​ស្លាប​​ទាំង​នេះ​​​»។

ប៉ុន្តែ​សត្វ​ស្លាប​ទាំង​នោះ​​ មិន​​មែន​រស់​នៅ​តំបន់​ព្រែក​ទាល់​​នេះ ពេញ​មួយ​ឆ្នាំ​​នោះ​ទេ។ នៅ​រដូវ​វស្សា​ពេល​ដែល​​ទឹក​បឹង​ទន្លេសាប​កើន​ឡើង សត្វ​​ទាំង​​នេះ​​​ត្រូវ​ឡើង​តាម​ទឹក​ ទៅ​រស់​នៅ​​តំបន់​ខាង​​លើ​ ជិត​តំបន់​​ទីទួល​។

«សត្វ​ខ្លះ​ ដូច​ជា​ទុង​អាច​ហែល​ ឬ មុជ​ក្នុង​ទឹក​ចាប់​ត្រី​បាន មិន​អី​ទេ អាច​នៅ​ទីណា​ក៏​បាន។ ប៉ុន្តែ​សត្វ​ស្លាប​​ខ្លះ​ចាប់​​ចំណី​ដោយ​ការ​ដើរ​​ក្នុង​ទឹក។ កាល​ណា​ទឹក​ឡើង​កាន់​តែ​ជ្រៅ សត្វ​ទាំង​នោះ​មិន​​អាច​ដើរ​ចាប់​ចំណី​បាន​ទៀត​​ទេ ដូច្នេះ​ពួក​វា​ត្រូវ​ហើរ​ទៅ​រស់នៅ​​តំបន់​ណា​​ដែលមាន​ទឹក​​​រាក់ៗ»។ នេះ​គឺ​ជាសម្តី​​បញ្ជាក់​របស់​លោក​​ណារ៉ា។

លុះ​ខែ​ប្រាំង​ទឹក​ស្រក​ ​បឹង​​ទន្លេសាប​ ដែល​កន្លែង​​ខ្លះ​រាក់​​ល្មម អាច​​ឲ្យ​សត្វ​ទាំង​នោះ​ដើរ​​បាន សត្វ​​ស្លាប​​ទាំងអស់​ នឹង​​​វិល​​​ត្រឡប់​​​មក​រក​​លំនៅ​ចាស់​របស់​ខ្លួន​​វិញ​ នៅ​តាម​​ព្រៃ​រនាម នា​​មាត់​​បឹង​ទន្លេ​សាប ហើយ​វា​ក៏​ដល់​ពេល​ដែល​សត្វ​ស្លាប​ទាំង​​នេះ​រក​ជម្រក កាច់​សម្បុក ដើម្បី​​ពង​កូន​ល្មម។

លោក​ ណារ៉ា​ បាន​ប្រាប់​​ឲ្យ​ដឹង​ថា សត្វ​​ស្លាប​​ទាំង​​នេះ​​ពង​កូន​តែ​ម្ដង​ទេ​ក្នុង​មួយ​ឆ្នាំ ពី​​ចន្លោះ​ខែ​តុលា​រហូត​ដល់​ខែ​មីនា ឬ ​មេ​សា ហើយ​ក្នុង​រដូវ​ពង​កូន​​ម្តង​ៗ សត្វ​ស្លាប​ដ៏​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​​ទេស​ចរ​ផ្តល់​កំណើត​បាន​តិច​ណាស់ ដូច្នេះ​ហើយ​​ទើប​ចាត់​ទុក​ជា​​សត្វ​ស្លាប​ដ៏​កម្រ​របស់​ពិភព​​លោក។ សត្វ​​ត្រដក់​កង្កាត់​​ពូជ​ម្តង​បាន​មួយ​ទៅ​ពីរ​ពង​​តែ​ប៉ុណ្ណោះ។ សត្វ​ទុង​​ពង​បាន​ពី ​ពីរ​ទៅ​បី​ ក្នុង​​មួយ​​ដង។ សត្វ​រនាល​ស​ពង​ប្រហែល​ជា​មធ្យម​ត្រឹម​តែ​បី​។ ចំណែក​ឯ​រនាល​ពណ៌​​ពង​ពី​ពីរ​ទៅ​ប្រាំពង និង ​ទាកាប៉ាព្រៃ​​ពង​​ពី​៦ទៅ​១៥​ពង។

មគ្គុទ្ទេស​ក៍​ទេស​ចរណ៍​​រូប​​នេះ ​ឲ្យ​ដឹង​ថា នៅ​មាន​សត្វ​ស្លាប​មួយ​ប្រភេទ​ទៀត ​ដែល​ភ្ញៀវ​ទេស​ចរ​របស់​លោក​ក៏​ចង់​ឃើញ​ដែរ ​នោះ​គឺ​​សត្វ​ក្រៀល ប៉ុន្តែ​សត្វ​នេះ​ពុំ​រស់នៅ​តំបន់​ព្រែក​ទាល់​នេះ​ឡើយ។ ជា​ទូទៅ​គេ​ប្រទះ​ឃើញ​វា រស់​នៅ​​ឯ​អាង​ត្រពាំង​ថ្ម ក្នុង​ស្រុក​ភ្នំ​ស្រុក​ខេត្ត​បន្ទាយ​មាន​ជ័យ​ឯ​ណោះ។

លោក​ណារ៉ា​បញ្ជាក់​​យ៉ាង​​ដូច្នេះ​​ថា៖​​«សត្វ​ក្រៀល​មិន​ស្រប​នឹង​តំបន់ ​ ព្រែក​ទាល់​ទេ ពី​ព្រោះ​សត្វ​នេះ​ចូល​ចិត្ត​​រស់​នៅ​តំបន់​ណា​ដែល​មាន​វាល​ស្មៅ​ នៅ​ក្បែរ​មាត់​ទឹក។ នៅ​​អាង​ត្រពាំង​ថ្ម​ មាន​វាល​ស្មៅ​ល្ហល្ហេវ​​​​​បែប​ហ្នឹង​ដែល​សត្វ​ក្រៀល​ចូល​ចិត្ត​រស់​​នៅ ​»។

ប៉ុ​ន្តែ​សត្វ​ក្រៀល​មិន​ខុស​អ្វី​ពី​សត្វ​ស្លាប​នានា​នៅ​បឹង​ទន្លេ​សាប​ ឡើយ គឺ​​មិន​និយម​រស់​នៅ​ជាប់​ពេញ​មួយ​ឆ្នាំ​នៅ​តំបន់​នេះ​ទេ។ នៅ​​រដូវ​​វស្សា​ សត្វ​ក្រៀល​ទាំង​នេះ​នឹង​​ផ្លាស់​ប្ដូរ​កន្លែង​រស់​នៅ​​ទៅ​ជ្រក​លាក់​ខ្លួន​ ​ក្នុង​ ព្រៃ​នា​ខេត្ត​ព្រះវិហារ ដើម្បី​ពង​កូន។​ សត្វ​ក្រៀល​ក៏​ចាត់​ទុក​ជា​ប្រភេទ​សត្វ​កម្រ​មួយ​ដែរ ពី​ព្រោះ​​វា​ពង​បាន​តែ​មួយ​ទៅ​ពីរ​ពង​ប៉ុណ្ណោះ​​ក្នុង​មួយ​ឆ្នាំ​ៗ​។​ មគ្គុទេ្ទសក៍​ទេសចរណ៍​រូប​នេះ ​បញ្ជាក់​​បន្ថែម​ថា ទាំង​នៅ​តំបន់​ព្រែក​ទាល់ និង​នៅ​អាង​ត្រពាំង​ថ្ម​មាន​សត្វ​ពី​៦០​ទៅ​៧០​ប្រភេទ​ មិន​សូវ​ខុស​គ្នា​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​សត្វ​វិញ ព្រែក​ទាល់​មាន​ចំនួន​សត្វ​ច្រើន​ជាង។

អ្នក​ទទួល​បន្ទុក​ផ្នែក​លក់​សំបុត្រ​ឲ្យ​មជ្ឈមណ្ឌល​​សំ​ វាសនា ដើម្បី​ការ​អភិរក្ស​សត្វ​ព្រៃ​ អ្នក​នាង សេង រក្សា វ័យ​២៦​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​​២០១០​​កន្លង​ទៅ មាន​​ភ្ញៀវ​ទេសចរ​ ​ភាគ​ច្រើន​​ជា​បរទេស​ ប្រមាណ​ជា​៥២០​នាក់ បាន​ទាក់​ទង​មជ្ឈ​មណ្ឌល​​របស់​នាង​ឲ្យ​នាំ​ទៅ​ទស្សនា​​សត្វ​ស្លាប​នៅ​ តំបន់​ព្រែក​ទាល់ និង​ប្រមាណ​ជា​ជាង​​២០០​​នាក់​​ទៅ​មើល​​សត្វ​ស្លាប​​នៅ​អាង​ត្រពាំង​ថ្ម។

បុគ្គលិក​របស់​មជ្ឈមណ្ឌល​សំ​វាសនា​រូប​នេះ ​​បាន​ឲ្យ​ដឹង​បន្ត​​ថា ភ្ញៀវ​របស់​នាង​តែង​តែ​ចំណាយ​ពេល​ពីមួយ ​ទៅ​ពីរ​សប្តាហ៍ ដើម្បី​ទស្សនា​សត្វ​​ស្លាប​ក្នុង​ស្រុក​​ខ្មែរ ដែល​មិន​មែន​មាន​តែ​នៅ​ព្រែក​ទាល់​ ឬ អាង​ត្រពាំង​ថ្ម​ទេ គឺ​នៅ​កន្លែង​ផ្សេង​ទៀត​ដូច​ជា​ ខេត្ត​កំពង់​ធំ និង ខេត្ត​​ព្រះ​វិហារ​ក៏​មាន​សត្វ​​ស្លាប​ប្រភេទ​ផ្សេងៗ​​ដែរ។ រដូវ​មើល​សត្វ​ស្លាប​ដ៏​ល្អ​បំផុត​ គឺ​​ចន្លោះ​ពី​ខែ​តុលា​ រហូត​​ដល់​ខែ​កុម្ភ:។ សម្រាប់​ខែ​មីនា ឬ ខែ​ ឧសភា ទឹក​បឹង​ទន្លេ​សាប​គោក​​ ដែល​ជា​ឧបសគ្គ​ដល់ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ពិបាក​ចូល​ទៅ​ដល់​សម្បុក​សត្វ​ស្លាប​ទាំង​នោះ​ ណាស់៕

More infos: http://postkhmer.com/index.php?option=com_content&view=article&id=56282%3A2011-04-19-02-43-50&catid=4%3Alifestyle-news&Itemid=79

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: