ការ​ធ្លាក់ចុះនៃទេសចរនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា

អត្ថបទដកស្រង់ចេញពីសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍

ភ្ញៀវ​ទេសចរ​ទៅ​តំបន់​ឆ្នេរ​ធ្លាក់​ចុះ តែកើន​ឡើង​ផ្នែក​ទេស​ចរណ៍​ធម្ម​ជាតិ

Tuesday, 19 April 2011 ​ដោយ : សៀម ប៊ុនធី

នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ មន្ត្រី​ទេស​ចរណ៍​តាម​បណ្តា​ខេត្ត​ជាប់​មាត់​សមុទ្រ​បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ ប៉ុន្តែ​អ្នក​ទៅ​កម្សាន្ត​តំបន់​ទេស​ចរណ៍​ធម្ម​ជាតិ និង​ប្រវត្តិ​សាស្ត្រ​កើន​ឡើង

ភ្នំពេញៈ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ នៅ​តំបន់​ឆ្នេរ​នៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ការ​ដើរ​កម្សាន្ត​នៅ​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​ និង​ធម្ម​ជាតិ​កើន​​ឡើង​។ នេះ​បើ​តាម​ការ​អះ​អាង​ពី​មន្ត្រី​ទេសចរណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​​។

លោក​ សោម​ ចិន្តា​ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​​ខេត្ត ​ព្រះ​សី​ហនុ​រយៈ​ពេល​បី​ថ្ងៃ​នេះ​មាន​ប្រមាណ ​៥ ​ម៉ឺន​នាក់​ ក្នុង​នោះ​ទេសចរ​បរទេស​មាន​ប្រមាណ​១​ម៉ឺន​​នាក់​ពោល​គឺ​ធ្លាក់​ជាង​២០​ភាគ​ រយ។ ​លោក​បញ្ជាក់​ថា ​​ភ្ញៀវ​ដែល​ធ្លាប់​មក​កម្សាន្ត​​​តំបន់​ឆ្នេរ​បាន​បង្វែរ​ទៅ​ទស្សនា​ខេត្ត​ ភាគ ​ឦសាន​វិញ​។ លោក​បន្ត​ថា​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ភាគ​ច្រើន​មក​ពី​ភ្នំ​ពេញ​ ។

ដោយ​ឡែក​ នៅ​ខេត្ត​កោះ​កុង​ឯ​ណោះ​​វិញ ក៏​មិន​សូវ​មាន​ទេសចរ​ទៅ​​កម្សាន្ត​ដែរ​។ អាជ្ញាធ​រខេត្ត​ បាន​ស្តី​បន្ទោស​ថា​ ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​ទេសចរ​ទៅ​កាន់​ខេត្ត​ បណ្តាល​មក​ពីការ​ឡើង​ថ្លៃ​សេវា​កម្ម​ដឹក​​ជញ្ជូន។  លោក​ ប៊ិន​ បៀវ​ ប្រធាន​មន្ទីរ​ទេសចរណ៍​កោះ​កុងបាន​មាន​ប្រសាសន៍​ថា​៖​ «​ការ​ដំ​ឡើង​ថ្លៃ​ឈ្នួល​លើ​សេ​វា ​ដឹក​ជញ្ជូន​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ដើរ​កម្សាន្ត​របស់​អ្នក​ទេសចរ​ផង​ដែរ​»​។ លោក​បន្ត​​ថា ​ចំ​នួន​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ តាម​សហ​គម​ន៍ទេសចរ​ណ៍​រយៈ​ពេល​បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ពី​ថ្ងៃ​ទី ​​ ១៤ ​ដល់​ ១៦​ មាន​ប្រ​មាណ​តែ​ ៤ ២០០​នាក់ ​គឺ​តិច​ជាង​ឆ្នាំ​មុន​ដែល​មាន​ចំនួន​ ៤ ៧០០​​ នាក់​​។

លោក​ សុខ​  ហុង​ ម្ចាស់​សណ្ឋា​​គារ​កោះ​ពេជ្រ​ក្នុង​ខេត្ត​កោះ​​កុង​បាន​ឲ្យ​ដឹង​ថា ​ភ្ញៀវ​ដែល​មក​​ស្នាក់​នៅ​​​សណ្ឋា​គារ​ ​លោក​បាន​ថយ​ចុះ​។ លោក​បន្ត​ថា​រយៈ​ពេល​​បី​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ឆ្នាំ​នេះ​ទទួល​បាន​តែ​៦​៧​ បន្ទប់​ គឺ​ថយ​​ចុះ​ប្រមាណ​៣០​ភាគ​រយ​។

លោក​បន្ត​ថា​ លោក​ពុំ​មាន​ការ​ដំ​ឡើង​​ថ្លៃ​បន្ទប់​នោះ​ទេ​ គឺ​តម្លៃ​ត្រឹម​​៨​ដុល្លារ ​និង​តម្លៃ​ខ្ពស់​ត្រឹម​២០​​ដុល្លារ​ដូច​ថ្ងៃ​ធម្មតា។

មិន​ខុស​គ្នា​នេះ​ទេ បើ​តាម​ការ​អះ​អាង​ពី​ លោក​ ឆាយ​ ខឿន​ ប្រធាន​​មន្ទីរ​ទេស​ចរណ៍​កែប​​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​ មិញ​ថាតាម​ការ​ប៉ាន់​ប្រមាណ​ចំនួន​​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ឆ្នេរ​កែប ​​ឆ្នាំ​នេះ​​​​តិច​ជាង​ឆ្នាំ​ទៅ​។ ​លោក​បញ្ជាក់​ថា​មន្ទីរ​កំពុង​ធ្វើ​ការ​បូក​សរុប​តួ​លេខ​។

ខេត្ត​សៀម​រាប និង​កំពត
លោក ​ង៉ូវ​ សេង​កាក់​ ប្រ​ធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​បាន​ថ្លែង​ថា​ ចំ​នួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ត​រជាតិ​បានមក​ទស្សនា​ខេត្ត​សៀម​រាប​នៅ​ ក្នុង​ឱ​កាស​នេះ​មាន​១១៨១៤៤​នាក់​កើន​៣,៣៥​​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ មាន​១១៤៣០៦​នាក់ ​ក្នុង​នោះ​ភ្ញៀវ​ក្នុង​ស្រុក​មាន​ចំនួន ១០៨៣២៥​នាក់​។ លោក​បន្ត​ថា​ទេស​ចរ​ភាគ​ច្រើន​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ និង​តំ​បន់​អេកូទេស​ចរណ៍​នៅ​ភ្នំ​គូ​លេន​ បារាយណ៍​ទឹក​ថ្លា​ជា​ដើម​។ លោក​បញ្ជាក់​ថា​៖​ «​ទេស​ចរ​មាន​ការ​កើន​ឡើង​ដោយ​សារ​តែ​ខេត្ត​សៀមរាប​​​មាន​គោល​ដៅ​ទេស​ចរណ៍​ ល្អ​​ៗ​ជា​ច្រើន​ ជា​ពិ​សេស​គឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​ដែល​មាន​ក្បូរ​ក្បាច់​រច​នា​ដ៏​ ប្រ​ណីត​ ហើយ​រួម​ផ្សំ​ទាំង​មាន​សន្តិ​សុខ​ល្អ ​ដែល​បង្កើន​ទំ​នុក​ចិត្ត​ដល់​ភ្ញៀវ​​ផង​ដែរ​»​។

លោក​ សយ​ ស៊ីណុល​ ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​កំ​ពត​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រ​ពៃ​ណី​ជាតិ ​​ឆ្នាំ​នេះ​ចំ​នួន​អ្នក​ទេស​ចរ​ចូល​មក​ទស្ស​នា​ខេត្ត​កំ​ពត​គឺ​មាន​ការ​កើន ​ឡើង​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ ចំ​នួន​សរុប​នៅ​ក្នុង​អំ​ឡុង​បី​ថ្ងៃ​​នេះ​មាន​ ៧៥៦៨៤​នាក់​ កើន​ឡើង​ចំ​នួន​៣៧​ភាគ​រយ​ធៀប​ឆ្នាំ​មុ​ន​ ហើយ​ក្នុង​នោះ​ភ្ញៀវ​ប​រទេស​មាន​​ ៦៩៣​នាក់​ ជន​ជាតិ​វៀត​ណាម​ឈរ​នៅលំ​ដាប់​ទី​មួយ​ បា​រំាង​នៅ​លំ​ដាប់​ទី​ពីរ​ និង​ទី​បីគឺ​អង់​គ្លេស​ និង​​អា​មេ​រិក។

លោក​បន្ថែម​​ថា​ ភ្ញៀវ​ភាគ​ច្រើន​បាន​សម្រុក​ទៅ​កម្សាន្ត​នៅ​រមណី​យដ្ឋាន​ភ្នំ​បូក​គោ​ ដែល​មាន​ចំ​នួន​៤៧៤៦៩​​នាក់​ លើស​ពី​ឆ្នាំ​មុន​ចំ​នួន​ ២៥៥៧៧​នាក់។

លោក​បញ្ជាក់​ថា​៖ ​«ខ្ញុំ​គិត​ថា​នៅ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​ក្រោយ​ភ្ញៀវ​នឹង​មាន​ការ ​កើន​ឡើង​ទៀត​ ព្រោះ​ផ្លូវ​ឡើង​ទៅ​ភ្នំ​ បូក​គោ​នឹង​ធ្វើ​រួច​រាល់​ ហើយ​យើង​ខិត​ខំ​បង្កើត​គោល​ដៅ​ទេស​ចរណ៍​ថ្មី​ៗ​ថែម​ទៀត​»​។

លោក​ អាង​ គឹម​អៀង​ ប្រ​ធាន​សមា​គម​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​​ថ្លែង​ថា​ ភ្ញៀវ​ទេសចរ​មាន​កំណើន​ច្រើន​នៅ​​ភាគ​ឦសាន​​ក្នុង​​ឆ្នាំ​នេះ​ ព្រោះ​តំ​បន់​នោះ​មាន​ការ​ផ្សព្វ​ផ្សាយ​ច្រើន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​​ ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មិន​ធ្លាប់​ទៅ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ដើរ​ កម្សាន្ត​ ចំ​ណែក​តំ​បន់​ឆ្នេរ​មួយ​ចំនួន​ត្រូវ​ថយ​ចុះ ​វិញ​​ដោយ​​សារ​ភ្ញៀវ​មួយ​ចំ​នួន​ធំ​ធ្លាប់​ស្គាល់​រួច​ហើយ​៖​ «​ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ទៅ​កម្សាន្ត​កន្លែង​ដែល​ប្លែក​វិញ​ម្តង​»​។

មិន​អាច​ទាក់​ទង​មន្ត្រី​មន្ទី​រ​ទេស​ចរណ៍​ខេត្ត​រតនគិរី​បាន​ទេ​កាល​ពី​ ថ្ងៃ​ចន្ទ ​តែ​បើតាម​សេចក្តី​រាយ​ការណ៍​មួយ​ចំនួន​បង្ហាញ​ថា​ ចំនួន​​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​​នេះ​​កើន​ឡើង ​ដែល​មាន​រហូត​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់​៕

More infos: http://postkhmer.com/index.php?option=com_content&view=article&id=56324%3A2011-04-19-06-54-33&catid=2%3Abusiness-news&Itemid=77

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: