បារមីភ្នំកំចាយ និង​វត្តស្នំប្រាំពីរ ខេត្តកំពត

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

វត្ត​ស្នំ​ប្រាំពីរ​កកើតឡើង​ពាក់ព័ន្ធ​នឹង​បារមី​ភ្នំ​កំចាយ

ដោយ : ចក្រី (ថ្ងៃទី 3 មេសា 2011)

Dsc01817កំពត: ខ្លោងទ្វារវត្ត​មួយ​ស្ថិតនៅ​ខាងស្តាំ​ដៃ​មុននឹង​ទៅដល់​រមណីយដ្ឋាន​ ទេសចរណ៍ធម្មជាតិ​ទឹកឈូ​ប្រហែល​ជិត ២ គីឡូម៉ែត្រ នោះ​មាន​ឈ្មោះថា “ វត្ត​ស្នំ​ប្រាំពីរ ” ។  ធ្វើដំណើរ​ប្រមាណ​ប្រហែល ៥០០ ទៅ ៦០០ ម៉ែត្រ ដែល​នៅតាម​ផ្លូវ​ចំ​រដូវក្តៅ​ហែង​នៃ​ខែចេត្រ តាមបែប​ចន្ទ្រ​គតិ បញ្ជាក់​ពី​ការ​ខិតជិត​មកដល់​នូវ​ពិ​ធីប​ណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ ខ្មែរ​នេះ សូរសៀង​រៃកណ្តឹង​លាន់ឮ​កងរំពង ទម្លាក់​សំឡេង​ពី​ចុង​ព្រឹក្សា ធ្វើឱ្យ​ជនានុជន​ទាំងឡាយ​ពោរពេញ​ដោយ​ក្តីរំភើប​ឥតឧបមា និង មាន​អារម្មណ៍​ជ្រះថ្លា​ជាមួយនឹង​ទិដ្ឋភាព​នៃ​ទីកន្លែង គោរពបូជា​ក្នុង​មាគ៌ា​ព្រះពុទ្ធសាសនា ។ ទី​អារាម​នេះ​ស្ថិតក្នុង​ទឹកដី​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត​។ អ្វីដែល​ប្លែក​សម្រាប់​អ្នក​ទាំងឡាយ​ទើប​ចូលដល់​ទីនេះ​ជា​លើកដំបូង​នោះ គឺ​រូបសំណាក​ស្រី​ក្រមុំ​ចំនួន ៧​រូប ដាក់តាំង​ក្នុង​សាលា​ធម្មសភា ខុសពី​កន្លែង​ដទៃ​មិន​ធ្លាប់មាន​សោះ ។  ពិត​ហើយ​នៅទីនេះ​ប្រាកដ​ជាមាន​ការជាប់​ពាក់ព័ន្ធ​រវាង​ទី​អារាម​ជាមួយនឹង​ រឿងរ៉ាវ​របស់​ក្សត្រ ទើបបាន​ឈានដល់​បន្សល់ទុក​នូវ​ពាក្យ “ ស្នំ ” ក្នុង​ឈ្មោះ​របស់​វត្ត​លើ​ទី​អារាម​ដែល​កសាងឡើង​តាំងពី​ឆ្នាំ​១៤០១ នៃ​គ្រិស្តសករាជ ពោល​គឺមាន​អាយុកាល ៦១០ ឆ្នាំ​មកហើយ រហូតដល់​ថ្ងៃនេះ ។

​ ទោះបី​គ្មាន​ឯកសារ​ណាមួយ​បញ្ជាក់​ជា​ផ្លូវការ​ក្តី តែ​មានការ​អះអាងថា មុននឹង​កកើតឡើង​នូវ​ទី​អារាម​នេះ បញ្ហា​បានជា​ប់​ពាក់ព័ន្ធ​នឹង​បារមី​ភ្នំ​ព្រះកំចាយ ។ អាស្រម​មួយ​ត្រូវ​បានរៀបចំ​សម្រាប់​គោរពបូជា​ពី​សំណាក់​បរិស័ទ​ដែលមាន​ជំនឿ​ នោះ សព្វថ្ងៃ​ស្ថិតនៅ​ខាងត្បូង​កន្លែង​លេង​ទឹក​នៃ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ មាន​ដាក់​ស្លាក​ឈ្មោះ​នៅ​ខ្លោងទ្វារ​ថា  “ បារមី​ភ្នំ​ព្រះកំចាយ  ”  ជាទី​ដែល​ព្រះអង្គ​ក្លាយជា​ថ្មដា​ប្រាំបី​ថ្នាក់ បន្ទាប់ពី​វិញ្ញាណ​ដកចេញ​ផុត​អំពី​កាយ​ក្រោយ​ផ្ចាញ់​មារ​រត់​ខ្ចាត់ខ្ចាយ​ រួចមក ។ យ៉ាងណាមិញ​ក្នុង​ទឹកដី​ឃុំ​ម៉ាក់​ប្រា​ង​ក៏មាន​ភូមិ​មួយ​ឈ្មោះថា “ ភូមិ​ស្នំ​ប្រាំពីរ ” ហើយ​ទីកន្លែង​នៃ​វត្ត​ស្នំ​ប្រាំពីរ​ស្ថិតក្នុង​ទឹកដី​របស់​ភូមិ​នោះ​។ ភូមិសាស្ត្រ​នេះ​ប្រកបដោយ​សក្តានុពល​ជាច្រើន​ដែល​អ្នកស្រុក​ពឹងផ្អែក រួមមាន ៖ ចម្ការ​ទុរេន ល្មុត មង្ឃុត សាវម៉ាវ … រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ ជាពិសេស​នៅ ពេល​ដ៏​ឆាប់ៗ​នេះ​នឹងមាន​វា​រី​អគ្គិសនី​កម្លាំង​ជាង ១៩៤ មេ​ហ្គា​វ៉ា​ត់ សម្រាប់​ចែកចាយ​ដល់​បណ្តា​ខេត្ត​មួយចំនួន​នៅ​ទូទាំងប្រទេស​ផងដែរ​។

Dsc02109ងាក​មក​ក្នុង​បរិវេណ​សាលាឆាន់​នៃ​វត្ត​ស្នំ​ប្រាំពីរ​វិញ ទីនេះ​មាន​រូបសំណាក​ដាក់តាំង​ជាច្រើន​ដូចជា ស្តេច អា​ម៉ា​ត្យ​ជិះសេះ  ដំរី និង រូបសំណាក​ស្រីស្នំ​ឈរ​តម្រៀប​គ្នា​ចំនួន​ប្រាំពីរ​នាក់​។ ទិដ្ឋភាព​បែបនេះ​ត្រូវបាន​អះអាងថា ធ្វើឡើង​ដើម្បី​រំលឹក​អំពី​ប្រវត្តិ​នៃ​ការកកើត នូវ​ទី​អារាម​ដែលមាន​អាយុកាល ៦១០ ឆ្នាំ របស់​ស្តេច និង ក្រុម​ស្រីស្នំ​ដូច​ក្នុង​រូបសំណាក​ទាំងនោះ ។ តាម​សំដី​រៀបរាប់​របស់​លោកតា  អាចារ្យវត្ត​ដំណាល​ថា វត្ត​ស្នំ​ប្រាំពីរ​នេះ​កសាងឡើង​ក្នុង​ឆ្នាំ​១៤០១ នៃ​គ្រិស្តសករាជ ដោយ​ស្នា​ព្រះ​ហ​ស្ថ​របស់​ស្តេច​មួយអង្គ​ជាមួយ​ស្រីស្នំ​ក្រមការ ដើម្បី​ឧទ្ទិស​តបស្នង​សងគុណ​ដល់​បារមី​នៃ​ភ្នំ​ព្រះកំចាយ ។ ដើមឡើយ​មាន​ស្តេច​មួយអង្គ​ព្រះនាម​មុនី​វង្ស (​ខ្លះ​ថា​ព្រះអង្គម្ចាស់ ន​ន្ទ​) បាន​នាំ​មន្ត្រី ស្នំ ក្រមការ មក​សង់​ជា​ដំណាក់​នៅ​ម្តុំ​ដី​បាក់ (​ស្ថិតនៅ​ខាងកើត​ស្ថានីយ​បូមទឹក​សព្វថ្ងៃ​) ដោយ​បង្កើតជា​ចម្ការ​ដំណាំ រួមមានៈ ស្វាយ ដូង មង្ឃុត ស្វាយចន្ទី ចេក ល្ហុង ខ្នុរ ..​នៅ​ទីនោះ​ដែលមាន​ឈ្មោះថា ភូមិ​កន្ទួតព្រៃ​។ នា​ថ្ងៃមួយ​ស្តេច​ជិះ​ដំរី​ទៅ​ប្រពាធ​ព្រៃ​ដែល​រួម​ដំណើរ​ដោយ​សព្វ​មន្ត្រី ស្រីស្នំ ក្រមការ រហូតដល់​ភ្នំ​មាស​ភ្នំ​ប្រាក់ ។ ពេលទៅដល់​ទីនោះ​ស្រីស្នំ​ម្នាក់​ឈ្មោះ​នាង ស បាន​រើស មាស និង ប្រាក់​ដាក់​ក្នុង​ហោប៉ៅ​បំណង​យក​ទុកពេល​ត្រឡប់​ចូល​វាំង​វិញ ។ ដោយ​ដំណើរ​ផ្លូវ​ឆ្ងាយ​មាន​ភាព​ហេវ​ហត់​អស់កម្លាំង ក៏​នាំគ្នា​សម្រាក​នៅ​ទីនោះ ហើយ​នាង ស បានរៀបចំ​កន្លែង​ថ្វាយ​ស្តេចផ្ទុំ​។ ខណៈនោះ​ស្រាប់តែ​ឮ​សំឡេង​ចេញពី​រូង​ពស់​ត្បាល់​មួយ​យ៉ាង​ធំ​ថា “ មកនេះ​ដោយ​ទាំង​អង្ក​រទាំង​អង្កាម​តែម្តង​ហើយ ឆាប់​ចេញទៅ​…” ។ ជាមួយនឹង​សំឡេង​នេះ​មិនឃើញ​មាន​ម្ចាស់ ឬ សត្វ​អ្វី​នោះទេ ម្ល៉ោះហើយ​ទើប​ស្តេច​រៀបចំ​ដំណើរ​យ៉ាង​ប្រញាប់ប្រញាល់​វិលត្រឡប់​វិញ ដោយ​ចុះ​តាម​ជ្រោះ​មួយ​ដែល​មានទឹក​ហូរ​បែកផ្លូវ​ជា​ពីរ​សំដៅ​ឆ្ពោះ​កាត់​ ភ្នំ​កំចាយ ។ លុះដល់​ត្រង់ចំណុច​ជ្រោះ​នេះ នាង ស បាន​លូក​យក​មាស និង ប្រាក់​ពី​ក្នុង​ហោប៉ៅ​មក​មើល​ស្រាប់តែ​ឃើញ​ក្លាយជា​ដុំថ្ម​ទាំងអស់ ទើប​បោះចោល​ចូលទៅក្នុង​ទឹកជ្រោះ​នោះ ហើយ​ក្បួន​ដំណើរ​បានមក​ដល់​ព្រះ​ដំណាក់​នៅ​ចំណុច​ដី​បាក់​ភូមិ​កន្ទួតព្រៃ​ វិញ ។

​លោកតា​អាចារ្យ​ដំណាល​រឿង​បន្តទៀតថា មិនយូរប៉ុន្មាន​ក៏​កើតមាន​គ្រោះទឹកជំនន់ ខ្យល់ព្យុះ​បោកបក់​បំផ្លាញ​ផលដំណាំ​ខ្ទេចខ្ទី បែកបាក់​ព្រះរាជដំណាក់​រហូត​ស្តេច​មិនអាច​ទប់​បាន ក៏ត្រូវ​ទឹក​ហូរ​កួច​នាំ​រសាត់​ទៅ​ជាប់​នឹង​ប្រកៀប​ដើម​ស្វាយ​នៅក្បែរ​ ខាងក្រោម​ខ្សែទឹក​ជាប់​ព្រំប្រទល់​ដីចម្ការ​របស់​យាយ​ប៉ែ តា​សំ ឯម​ន្ត្រី ស្រីស្នំ ក្រមការ​ក៏​និរាស​ព្រាត់ប្រាស​អស់ ។ ដោយឡែក​ក្រុមគ្រួសារ​យាយ ប៉ែ តា​សំ ក៏​ទទួលរង​នូវ​ការបោក​បក់​ដោយ​ខ្យល់ព្យុះ ទឹកជំនន់​ផងដែរ តែ​តា​សំបាន​រុះ​ជញ្ជាំង​ចង​ជាប់​គ្នា​ឱ្យ​កូន​ទាំងអស់​ជិះ​ពីលើ​រហូត​ទឹក​ ស្រក​នាំ​កូន​ចូល​ភូមិ​វិញ​ទាំង​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ ។ ក្រោយពី​គ្រោះភ័យ​ស្ងប់ស្ងាត់​ទៅ ស្តេច​ក៏​ជួបជុំ​ជាមួយ​មន្ត្រី ស្រីស្នំ ក្រមការ​វិញ តែ​បាន​ផ្លាស់ប្តូរ​កន្លែង​មក​នៅ​ចំណុច​ព្រៃ​ក្រាំង ដោយ​នៅទីនេះ​ស្តេច​បញ្ជា​ឱ្យ​សង់​បង្គន់​សម្រាប់​ស្រីស្នំ​ទាំង​ប្រាំពីរ​ ឆ្ងាយ​ពី​ដំណាក់ ដែល​មកដល់​សព្វថ្ងៃ​ហៅថា “​ត្រពាំង​អាច​ម៌ ” ។  ការ​មក​ស្នាក់​នៅទីនេះ​គ្រោះអាក្រក់​ចង្រៃ​ចេះតែ​បន្ត​កើតមាន ស្តេច​ក៏​នាំ​ស្រីស្នំ​ទាំង​ប្រាំពីរ​នាក់ បន់ស្រន់​សំដៅ​ទៅលើ​បារមី​ភ្នំ​ព្រះកំចាយ​សុំ​សេចក្តីសុខ ជាមួយ​ការ​សន្យាថា​នឹង​សង់​វត្ត​ជូន​ឱ្យតែបាន​ដូច​បំណងប្រាថ្នា ។ តាំងពី​ក្រោយ ពេល​បន់ស្រន់​មក​សេចក្តីសុខក្សេមក្សាន្ត​បាន​កើតមាន​ចំពោះ​ស្តេច មន្ត្រី ស្រីស្នំ ក្រមការ និង ប្រជារាស្ត្រ​ទាំងអស់ ទើប​ស្តេច​បញ្ជា​ដល់ ស្រីស្នំ​ទាំង​ប្រាំពីរ​ឱ្យ​សង់​វត្ត​មួយ​ឡើង​ដោយ​ដាក់ឈ្មោះថា “​វត្ត​ស្នំ​ប្រាំពីរ ” ជាការ​លាបំណន់​ឧទ្ទិស​ដល់​បារមី​ភ្នំ​ព្រះកំចាយ​ក្នុង​ឆ្នាំ​១៤០១ ដែលមាន​ចៅអធិការ​ព្រះនាម យស នាង គង់នៅ ។ លោកតា​អាចារ្យ​និទាន​រំលឹក​ឱ្យដឹង​ផងដែរ​ថា កាល​ពេល​បន់ស្រន់​សុំ​សេចក្តីសុខ​ពី បារមី​ភ្នំ​ព្រះកំចាយ​ដោយ​សន្យា​សង់​វត្ត​ជូន​នោះ ក៏មាន​លើកយក​ឈ្មោះ​យាយ​ដែង តា​ដឹង ធ្វើជា​សាក្សី​ដ៏​ស័​ក្ត​សិទ្ធិ ដឹងឮ ទើប​ពេល​សង់​វត្ត​រួចរាល់ ស្តេច​បញ្ជា​ឱ្យ​សង់​អាសនៈ នៅ​ផ្នែក​ឦសាន ឧទ្ទិស​ជូន​យាយ​ដែង តា​ដឹង​ទៀត​។ ចំណែក​អាសនៈ​បារមី ភ្នំ​ព្រះកំចាយ​ត្រូវបាន​សាងសង់​លើ​ភ្នំ​តូច​មួយ​នៅក្បែរ​រមណីយដ្ឋាន​ទឹកឈូ ។
​    ​លោកតា​អាចារ្យ​បន្តទៀតថា ក្រោយពី​ប្រទេសជាតិ​ស្ថិតក្នុង​ភាព​សុខដុម​រម្យ​នា ស្តេច​បាន​នាំ​មន្ត្រី ស្រីស្នំ ក្រម​ការចូល​វាំង​វិញ ដោយ​បន្សល់ទុក​នូវ​វត្ត​មួយ​ឈ្មោះថា “ វត្ត​ស្នំ​ប្រាំពីរ ” រហូតមកដល់​បច្ចុប្បន្ន​នេះ ។

Dsc02115ទោះបីជា​បាន​និទាន​ជា​ហូរហែរ​មកនេះ​ក្តី លោកតា​អាចារ្យ និយាយ​ការពារ​ថា អ្វីដែល​គាត់​ដឹង និង រ៉ាយរ៉ាប់​ទាំង​ប៉ុន្មាន​ខាងលើ​មិនមាន​ឯកសារ​សំអាង​ទេ គឺ​គ្រាន់តែ​ឮ​តៗ​គ្នា​ប៉ុណ្ណោះ អាច​ឯកសារ​ខុសពី​នេះ​ក៏​ថា​បាន  ពិសេស​ដូចជា​ឈ្មោះ​ស្តេច ឫ រជ្ជកាល​ស្តេច​អង្គ ណាមួយ​ជាដើម​។ តែ​ក្រោយ​ឆ្នាំ​១៩៧៩ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ព្រះចៅអធិការ​គឹម សំបូរ និង​គណៈកម្មការ​អាចា​រ្យ​វត្ត ទើប​សម្រេច បង្កើត​រូបសំណាក​តំណាង​ស្រីស្នំ​ទាំង​ប្រាំពីរ​ទុកជា​និម្មិត​បញ្ជាក់ថា​ វត្ត​នេះ​កើតឡើង​ក្រោម​ស្នាដៃ​ស្រីស្នំ​ប្រាំពីរ​នាក់ ដើម្បី​កុំឱ្យ​មានការ​ភ្ត័​ន​ច្រឡំ ព្រោះ​កន្លងមក​អ្នកខ្លះ​ហៅ​វត្ត​នេះ​ថា “​វត្ត​ស្នាំ​ប្រាំពីរ ”, ខ្លះ​ហៅថា “ វត្ត​ស្នាំ​អម្ពិល ”  ដែល​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​សោះ ឯ​ខ្លះទៀត ហៅ​មានន័យថា “ ស្នំ​ទី​ប្រាំពីរ ” ទៅវិញ​។

​ទាក់ទិន​នឹង​បារមី​នៃ​ភ្នំ​ព្រះកំចាយ​វិញ លោក​ស៊ិន ហុង អាយុ ៥៧​ឆ្នាំ ជា​មន្ត្រីប៉ូលិស​ចូលនិវត្តន៍​រស់នៅ​ជិត​អាស្រម​ស្ថិតនៅ​ក្បែរ​បរិវេណ​រម​ណី ​យ​ដ្ឋា​ន​ទឹកឈូ និង ជា​អ្នកថែរក្សា​ផ្ទាល់​បាន​រៀបរាប់​ឱ្យដឹងថា លោក​មាន​ស្រុ​កំណើត​នៅ​ភ្នំពេញ​ឯណោះ​ទេ តែ​មក​ធ្វើជា​ប៉ូលិស និង ប្រចាំការ​ប៉ុស្តិ៍​ទឹកឈូ ។ ក្នុង​ឆ្នាំ​១៩៩៤ លោក​បាន​សុបិន​ឃើញ​គេ​មក​ប្រាប់ថា នៅក្បែរ​នេះ​មាន​កន្លែង​បារមី​ភ្នំ​កំចាយ ដែល ពីមុន​ធ្លាប់មាន​អាស្រម​សម្រាប់ធ្វើ​ពិធី​គោរពបូជា​។ ដោយសារ​ការ​សុបិន​នោះ​ញឹកញាប់​ពេក​លោក​ក៏​ស្វែងរក​ព្រោះ​ត្រង់​កន្លែង​នេះ ទោះ​ជិត​ប៉ុស្តិ៍​ក្តី តែព្រៃ​ក្រាស​មើល​អ្វី​មិន​យល់​ទេ ទើប​ប្រទះឃើញ​ផ្ទាំង​ថ្មដា​ប្រាំបី​ថ្នាក់ ព្រមទាំង​ឃើញ​ស្នាមជើង​សរសរ​បួន​ព័ទ្ធជុំវិញ​ថ្ម​នោះ​។ ចំពោះ​ថ្មដា​ប្រាំបី​ថ្នាក់​នេះ តាម​ការ​អះអាងថា​ជា​ព្រះកំចាយ​ដែល​បាន​ប្រែ​រូប បន្ទាប់ពី​ញ្ញាណ​ត្រូវ​ដកហូត​រសាត់​ទៅ​ឆ្ងាយ​នោះ ។ យល់​ហេតុការណ៍​បែបនេះ លោក​ក៏បាន​ចាត់ចែង​ធ្វើ​អាស្រម​ឡើងវិញ ទុក​សម្រាប់​ជា​កន្លែង​គោរពបូជា​របស់​អ្នកមាន​ជំនឿ​ទាំងឡាយ ហើយ​លោក​ក៏​ថែរក្សា និង អុជ​ធូប​ជាប្រចាំ​រៀងមក ។ ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ពិត ឬ យ៉ាងណា​នោះ​លោក​មិន​ប្រាកដ​ទេ  ព្រោះ​មិនមាន​ឯកសារ តែ​តាម​គេ​និយាយ​តៗ​គ្នា​ថា ត្រង់​កន្លែង​នេះ​ដើមឡើយ​ជា​សមុទ្រ ដូចជា​ថ្ម​មួយ​ផ្ទាំង​នៅ​ខាងក្រោយ​នោះ​នៅមាន​ជាប់​សម្បក​សត្វ សមុទ្រ​ជា​តឹកតាង (​ចង្អុល​ប្រាប់​ថ្ម​មួយ​ផ្ទាំង​ធំ​ក្រោយ​អាស្រម​)​។ នា​សម័យមួយ  (​អាច​មុន​សម័យអង្គរ​) ព្រះកំចាយ​មក​គង់នៅ​តំបន់​នេះ ហើយ​ថ្លែងសរ​ផ្ចាញ់​មារ​ឱ្យ​បរាជ័យ​វិនាស​ខ្ចាត់ខ្ចាយ​។ លោក​ស៊ិន ហុង បន្ត​ដំណើររឿង​ទៀតថា ក្រោយពី​ព្រះកំចាយ​ផ្ចាញ់​មារ​បានសម្រេច​ជោគជ័យ ហើយ​វិញ្ញាណ​របស់​ព្រះអង្គ​បាន​ដកចេញ​រសាត់​បាត់ទៅ​ទី​ឆ្ងាយ ទើប​កាយ​របស់​ព្រះអង្គ​ក្លាយជា​ថ្មដា​ប្រាំបី​ថ្នាក់​បន្សល់ទុក​មកដល់​ សព្វថ្ងៃ ហើយ​ឫសគល់​ពិតប្រាកដ​នៃ​កំណើត​ភ្នំ​កំចាយ គឺ​ត្រង់​កន្លែង​ទី​អាស្រម​បារមី​ភ្នំ​ព្រះកំចាយ​នេះឯង ។ លោក​បញ្ជាក់​ឱ្យ ដឹងផង​ដែរ​ថា កាល​ឆ្នាំ​១៩៦៤ នៅ​អាស្រម​នេះ​មាន​លោកតា សាន គង់នៅ​ជា​ធុ​តុ​ង្គ​តែឯង​ហើយ​ក្រោយមក​មិនដឹង​និមន្ត​ទៅណា​ទេ​។

​ការរៀបរាប់​ខាងលើនេះ គេហទំព័រ CEN មិនមាន​ឯកសារ​ណាមួយ​មក​ផ្គូរ​ផ្គង​ទេ គ្រាន់តែ​ជាការ​រ៉ាយរ៉ាប់​ពី​សំណាក់​អ្នក​ដែល​អះអាងថា​បានឮ​គេ​និយាយ​តៗ​ គ្នា​ប៉ុណ្ណោះ​។ ក្នុង​លក្ខខណ្ឌ​ដែលមាន​ឯកសារ​បញ្ជាក់​ជា​ផ្លូវការ​ច្បាស់លាស់ CEN នឹង​បន្ត​ចុះផ្សាយ​បន្ថែមទៀត ជៀសវាង​ប្រាសចាក​ពី​ប្រវត្តិ​ពិត​ដែល​បាន​កើតឡើង​ក្នុងសង្គម​ខ្មែរ​នា​ អតីតកាល​ដ៏​យូរលង់​មកហើយ​នោះ  ៕

More infos:http://www.cen.com.kh/localnews/show_detail/23?token=YmZhNjU3YjczMmQ5YmRhNDljZDA5YWY1NGI2MjZk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: