ប្រពៃណីផលិតគ្រឿងស្ពាន់នៅឃុំចិន ខេត្តកណ្តាល

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

“មុខរបរ​ជាងទង​ឆ្លាក់​ស្ពាន់​មានការ​កើនឡើង​នៅ​ឃុំ​ចិន​”

ដោយ : សំរេច (ថ្ងៃទី 8 មីនា 2011)

Img359---copyកណ្តាល: ​រហូតមកដល់​ពេលនេះ​អ្នកភូមិ​ព្រែក​ក្តាម នៅតែ​ប្រកបមុខរបរ​ជាងទង (​ឆ្លាក់​ស្ពាន់​) ច្រើនជាង​មុន​បើ​បៀ​ប​ធៀប​សម័យមុន ព្រោះ​ពួកគាត់​យល់ថា មុខរបរ​បន្សល់ទុក​ពី​ដូនតា​បញ្ចេញ​ពលកម្ម​តាម​ផ្ទះ​ងាយស្រួលមិន​ពិបាក​ដើររក ​ទទួលទាន​ឆ្ងាយ និង​អាច​បាន​កម្រៃ​សមល្មម​ចិញ្ចឹម​ជីវភាព​គ្រួសារ ។​

​ បើ​ធ្វើដំណើរ​ឆ្លងស្ពាន​ព្រែក​ក្តាម​ត្រើយ​ខាងកើត​ទន្លេ គឺ​ពិតជា​បានឃើញ​សកម្មភាព​ជាងទង​នៅ​មិន​ឆ្ងាយ​ពី​គល់ស្ពាន ក្នុងភូមិ​ព្រែក​ក្តាម I ព្រែក​ក្តាម II ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ប្រជាពលរដ្ឋ​ទីនោះ​ប្រកបមុខរបរ​ជាងទង​ឆ្លាក់​ស្ពាន់ ស្ទើរ​គ្រប់​ផ្ទះ​បែប​អាជីវកម្ម​មធ្យម និង​ជា​លក្ខណៈ​គ្រួសារ​តូចៗ ឯ​ពលរដ្ឋ​ខ្លះទៀត​ទទួល​របស់​ដែល​បង្កើតជា​អ្វី​រួច​ហើយពី​ម្ចាស់​សិប្បកម្ម​ យកទៅ​ឆ្លាក់​ក្បាច់ផ្សេងៗ ដើម្បី​បាន​កម្រៃ​ពលកម្ម​តាម​លទ្ធិភាព ។​

Img357---copyនៅក្រោម​ម្លប់​ដើម​ស្វាយ​ដែល​បិទបាំង​កំដៅ​ព្រះអាទិត្យ​នាពេល​វេលា​ជិត​ ត្រង់ ស្ត្រី​វយ័​ចំណាស់​ម្នាក់​ពាក់​វ៉ែនតា​ជំនួយ​ភ្នែក​ទាំង​គូរ កំពុង​សំឡឹង​ទៅរក​វត្ថុដែល​គាត់​កំពុង​សម្រិតសម្រាំង​ដៃ​ម្ខាង​កាន់​ញញួរ​ តូច​ដៃ​ម្ខាង​ទៀត​កាន់​ដែក​ដាប់​ប្រឹង​ដំ​ថ្ម​មៗ ដើម្បី​រចនា​ម៉ូដ​ក្បាច់ចម្លាក់​បង្កើតផ្កា​ដ៏​រស់​រវើក​លើ​ថូ​សំរាប់​ ដាក់តាំង​លំអរ ។ យូៗ​ម្តង​ស្ត្រី​រូបនោះ​ងើបមុខ​ឡើង​ឃើញ​អ្នកកាសែត​បាន​ប្រាប់ថា ខ្ញុំ​ឈ្មោះ នុត ឌី អាយុ​ ៤៦​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ នៅ​ភូមិ​ព្រែក​ក្តាម I ប្រកបមុខរបរ​ជាង​ទង​ពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ ។ ស្ត្រី នុត ឌី យក​ខ្នងដៃ​ជូត​សំអាត​ញើស​ដាម​លើ​ថ្ងាស ដៃ​កាន់​ញញួរ​ដំ​ឆ្លាក់​លើ​ថូ​ស្ពាន់​បណ្តើរ និយាយ​បណ្តើ​រថា ខ្ញុំ​ទទួល​ថូ ឬ​ ផ្តិលស្ពាន់ មក​ឆ្លាក់​ពី​សិប្បកម្ម ដើម្បី​រក​កម្រៃ​ទិញ​អង្ករ​ចិញ្ចឹម​កូន​ក្នុងបន្ទុក​ចំនួន ​៤​នាក់ ចៅ​តូច ​១​នាក់ និង​ម្តាយ​ជរា ​១​នាក់ ទៀត​។     ​

​ស្ត្រី​មេម៉ាយ​បញ្ជាក់ថា កម្រៃ​ដែល​បានមកពី​ការ​ឆ្លាក់​រចនា​ម៉ូតូ​ផ្កា​លើ​ថូ លើ​ផ្តិល​អាស្រ័យ​លើ​ទំហំ​ធំ ​ឬ ​តូច ​ពោលគឺ​ចាប់ពី​ ២០០០​រៀល ដល់ ​១០០០០​រៀល​។ កម្រៃ​នេះ​សម្រាប់តែ​ការ​ឆ្លាក់​ផ្កា​ប៉ុណ្ណោះ តែបើ​ឆ្លាក់​ក្បាច់​មាន​រូប​អង្គរវត្ត គេ​គិត​តម្លៃ​ផ្សេងទៀត ។​

ម្ចាស់ ​សិប្បកម្ម​ឈ្មោះ ចាប ទិ​ត្យា អាយុ ​៤២​ឆ្នាំ នៅ​ភូមិ​ព្រែក​ក្តាម I និយាយថា ខ្ញុំ​ប្រកបមុខរបរ​ជាងទង​តាំងពី​ឆ្នាំ​១៩៩៤ ជា​មុខរបរ​មិន​ទៀងទាត់​ជួន​ឡើង​ជួន​ចុះ​តាម​តម្រូវការ​ទីផ្សារ ។ ចាប ទិ​ត្យា និយាយ​នៅ​ពីមុខ​គំនរ​សម្ភារៈ​ដែល​សិប្បកម្ម​ជាងទង​របស់គាត់​ធ្វើតាម​ តម្រូវការ​អ្នក​ជាវ​មានដូចជា : ផ្តិល​ប្រោះ​ទឹកមន្ត​, ក្អម​, ថូផ្កា​, ពាង​ក្បាច់​, រូប​ត្រី​, ផ្លែ​ចេក​, ថាស​, ប៉ាន់តែ​, ជើងពាន​, ប្រអប់​គោះ​បារី​, វែក​, ស្លាបព្រា​, សម​, ចង្កឹះ​, កងដៃ កងជើង​សំរាប់​ក្រុម​សិល្បៈ ឬ​ អ្នក​រៀបការ ថង់រង​,​ម្កុដ​, អកកំបោរ​, ក្បាល់​បុក​ស្លា​, ប្រណាក​កាត់​ស្លា និង​រូបសត្វ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត ។​

Img360ទិ​ត្យា​បញ្ជាក់ថា សម្ភារៈ​តាំង​លំអ​ទាំងនេះ​ធ្វើឡើង​ពី​ស្ពាន់​មាន​ដាក់លក់​រាយ​បោះ​ដុំ និង​លក់​ថ្លឹង​តាម​ទម្ងន់​គីឡូក្រាម ។ ឯ​តម្លៃ​ទិ​ត្យា​បាន​ឲ្យ​ដឹងថា គ្រឿង​ប្រើប្រាស់​ធ្វើ​ពី​ស្ពាន់​នេះ​បើ​ក្បាច់រចនា​ធម្មតា​មួយ​គីឡូក្រាម ២៥​ដុល្លារ ក្បាច់ចម្លាក់​ពិសេស​មួយ​គីឡូក្រាម ៤០​ដុល្លារ និង​ក្បាច់​មានតម្លៃ​ខ្ពស់​គេ​ហៅ​ក្បាច់ តុ​ក ឆេង មួយ​គីឡូក្រាម ៦០​ដុល្លារ ។ ចំពោះ​ពណ៌​លើ​វត្ថុ​ស្ពាន់​ចម្លាក់​មាន​ ៣​ពណ៌ ដែល​ចាប ទិ​ត្យា ចង្អុលបង្ហាញ​ទៅ​គ្រឿង​ផលិត​រួច​ដាក់តាំង​ក្នុង​ទូកញ្ចក់ គឺ​ពណ៌​ក្រហម​ស្ពាន់​ធម្មជាតិ ពណ៌​ស ពណ៌​ប្រាក់ និង​ពណ៌​ក្រ​ម៉ៅ បែប​បុរាណ​។ ពណ៌​ទាំងនេះ​អា​ស្រ​យ័​លើ​ចំណង់​ចំណូលចិត្ត​អ្នក​ជាវ ។ ម្ចាស់​សិប្បកម្ម លោក ចាប ទិ​ត្យា ប្រាប់ថា ប្រាក់ចំណេញ គឺ​តិចតួច​ណាស់​សព្វថ្ងៃនេះ ព្រោះ​វត្ថុធាតុដើម​មានតម្លៃ​ខ្ពស់​ដូចជា​ ស្នូល​ខ្សែភ្លើង សំបក​គ្រាប់​មាន​ជាតិ​ស្ពាន់ ប៉ុន្តែ​បច្ចុប្បន្ន​មិនមាន​សំបក​គ្រាប់​ទេ យើង​ទិញ​ស្ពាន់​កី (​ស្ពាន់​មកពី​ស្រុក​ចិន​) មួយ​គីឡូ ១២​ដុល្លារ និង​ទុងដែង​ទិញ​ពី​ពួក​អេតចាយ​មួយ​គីឡូ ៤២០០០​រៀល ។ ទិ​ត្យា​ឲ្យ​ដឹង​ទៀតថា : ក្នុង​ស្ពាន់ ១០​គីឡូក្រាម កែឆ្នៃ​ផលិត​ទៅជា​គ្រឿង​រួច​បានចំណេញ​ជា​មធ្យម​ត្រឹម ២​សែន​រៀល​ប៉ុណ្ណោះ ព្រោះ​ស្ពាន់ ឬ​ទង់ដែង​យើង​ដំ​បំបែក​តូចៗ រួច​ដាក់​ចូលក្នុង​ឆ្នាំង​ដែក​រំលាយ ហើយ​ចាក់​ជា​ដុំ​សរសៃ​មុននឹង​យកមក​កិន នឹង​ម៉ាស៊ីន​ឲ្យ​ស្តើង​ជា​បន្ទះ​ងាយស្រួល​ធ្វើ​តម្រូវ​តាម​វត្ថុ​ដែល​យើង​ ត្រូវ​ផលិត​ជា​រូប​អ្វីមួយ ។​

​​Img362ក្រោម​ដំបូល​សំ​យ៉ាប​ស័ង្កសី​មុខផ្ទះ​លោក វ៉ាន់ លី​បូ អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ព្រែក​ក្តាម I លោកបូ មិនទាន់​ចាប់អារម្មណ៍​ភ្លាមៗលើ​ក្រុមអ្នកកាសែត​ដែល​បាន​សួរ​គាត់​ទេ ដោយ​ភ្នែក​ទាំង​គូរ និង​ដៃ​ទាំង​២ កំពុង​ប្រឹង​សម្រិតសម្រាំង​រចនា​ម៉ូត​ក្បាច់​លើ​ថាស​ធ្វើ​ពី​ស្ពាន់​ឲ្យ​អស់ ​មួយ​ផ្ទាំង​សិន រួច​បាន​ត្អួ​ញ​ត្អែ​រថា : មុខរបរ​ដូច​ខ្ញុំ (​ជាងទង​ចម្លាក់​ស្ពាន់​) រាល់ថ្ងៃនេះ​ពិបាក​រក​ចំណូល​ណាស់​មិន​ដូច​ពីមុន​ទេ អ្នកធ្វើ​ក៏​ច្រើនតែ​សម្ភារៈ​ជា​គ្រឿង​ដែល​យើង​ផលិត​រួច​មិនសូវមាន​អ្នកទិញ ។ លោក លី​បូ ដកដង្ហើម​ធំ​ហើយ​ពោល​បន្តថា មុខរបរ​ឆ្លាក់​ស្ពាន់​របស់​អ្នកភូមិ​ព្រែក​ក្តាម​មាន​តាំងពី​សម័យមុនៗ ចំណែក​គ្រួសារ​ខ្ញុំ​ទើប​ចាប់យក​មុខរបរ​នេះ​នៅ​ឆ្នាំ​១៩៩៨ រហូត​បាន​ធូរស្រាល​ផ្នែក​ជីវភាព​គ្រួសារ​មួយកម្រិត​។ ប៉ុន្តែ​ឥឡូវ​ពិបាក​រក​ចំណេញ​ដោយសា​វត្ថុធាតុដើម​មាន​តម្លៃ​ខ្ពស់​តែ​ផលិតផល ​លក់​ចេញ​មានតម្លៃ​ទាប ។ លោក លី​បូ និយាយថា ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​មិន​ស្ថេរភាព ទំនិញ​ចម្លាក់​ស្ពាន់​បាន​ថយចុះ​ដោយ​យើង​មាន​ទីផ្សារ​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ឥឡូវ​នៅមាន​ម៉ូយ​ពី​ប្រទេស​ម៉ាឡេស៊ី​ខ្លះៗ​ប៉ុណ្ណោះ និង​ទីផ្សារ​ធំ​ក្នុងស្រុក គឺ​ផ្សារ​ទួល​ទំពូង ។​

វ៉ាន់ ពិសី អាយុ​៣៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ផលិត​គ្រឿង​ចម្លាក់​បញ្ចេញមតិ​រិះគន់​ឈ្មួញ​មកពី​ប្រទេស​ថៃ​ ថា សម្ភារៈ​យើង​ផលិត​រួច​មាន​រូប​អង្គរវត្ត​ឈ្មួញ​ថៃ​អត់​ទិញ​ទេ គឺ​គេ​ទិញ​របស់​ណា​ដែល​លាត​អត់​រូប គេ​នឹង​យកទៅ​សង្កត់​ពុម្ព និង​ម៉ាស៊ីន​ធ្វើជា​រូប​ផ្សេងៗ រួចហើយ​ដាក់​ស្លាក​យីហោ​ផលិតផល​ថៃ ។ ពីសី​និយាយថា ដូច្នេះ​ផលិតផល​ធ្វើ​ពី​ខ្មែរ​សុទ្ធសាធ​មាន​រូបអង្គរ​វត្ត យើង​មាន​ទីផ្សារ​ដ៏​ធំ​នៅ​ខេត្តសៀមរាប ភ្នំពេញ និង​បណ្តា​ខេត្ត​ក្នុង ប្រទេស​ខ្មែរ​យើង ។​

​លោក ឃឹម សុផល មេឃុំ​កោះ​ចិន​ឲ្យ cen.com.kh ដឹង​តាម​ទូរស័ព្ទ​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​ចំនួន​ ២០៦៦ គ្រួសារ ប៉ុន្តែ​ពួកគាត់​ប្រកបមុខរបរ​ជាងទង​ឆ្លាក់​ស្ពាន់​មាន​ប្រមាណ​ជាង ​១០០​ គ្រួសារ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុនៗ​មានការ​កើនឡើង ។ មេឃុំ​បញ្ជាក់​បន្តថា ពិតមែនតែ​មុខរបរ​នេះ​មាន​យូរ​មកហើយ តែ​នៅ​ឆ្នាំ​១៩៨២-៨៣ អ្នកភូមិ​ព្រែក​ក្តាម I ព្រែក​ក្តាម II ឃុំ​កោះ​ចិន ដែល​នៅ​បន្ត​មុខរបរ​ចម្លាក់​ជា​បណ្តើរៗ​មិនមាន​ច្រើន​ទេ ។ រហូតមកដល់​ឆ្នាំ​១៩៩៣ ដោយមាន​ទីផ្សារ​នៅ​ប្រទេស​ថៃ​អ្នក​ប្រកបរបរ​ឆ្លាក់​ស្ពាន់​មានការ​កើនឡើង​ ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​គ្រាន់បើ ដល់​ឆ្នាំ​២០០៧ – ២០០៨ ទើប​ស្ងាត់​ទីផ្សារ​ដោយ​សភាពការណ៍​ព្រំដែន ។ មេឃុំ​និយាយថា  មូលហេតុ នៃ​ការកើនឡើង​អ្នក​ប្រកប​ជាងទង​នោះ​គឺ កសិករ​មួយចំនួន​មាន​ដី​ធ្វើស្រែ​ជួប​ការលំបាក​លើ​បញ្ហា​ជី​ដាក់​ស្រែ និង​ប្រេង​ចាក់​ម៉ាស៊ីនបូមទឹក​មានតម្លៃ​ខ្ពស់​មិនមាន​តុល្យភាព នឹង​ចំណូល​ស្រូវ​ទើប​ពួកគាត់​បំបែក​ក្រុមគ្រួសារ​បង្កើត​មុខរបរ​ជាងទង​ បន្ថែម ។
​លោក ឃឹម សុផល មេឃុំ​កោះ​ចិន​បានលើកឡើង​ពី​បញ្ហា​ទីផ្សារ​ថា ផលិតផល​ឆ្លាក់​ស្ពាន់​ជា​ស្នាដៃ​ខ្មែរ បង្កើត​វត្ថុ​អនុស្សាវរីយ៍​តាំង​លំអ​ផ្ទះ​វត្ថុ​ប្រើប្រាស់​ធ្វើ​ពី​ស្ពាន់​ ភាគច្រើន គឺ​អ្នកមាន​ធូរធារ និង​ភ្ញៀវ​បរទេស​ជាវ ឯ​អ្នកក្រ​គ្មាន​លទ្ធភាព​ទិញយក​ទៅប្រើ​ទេ ។ ដូច្នេះ​គ្រឿង​ចម្លាក់​ស្ពាន់​ទាមទារ​ទីផ្សារ​ក្រៅប្រទេស​ទើប​មានតម្លៃ​ ខ្ពស់ ជីវភាព​ប្រជាពលរដ្ឋ​រីកចំរើន​តាម​កំណើនសេដ្ឋកិច្ច​នោះដែរ ៕

More infos: http://www.cen.com.kh/localnews/show_detail/21?token=ODZkNDUyODI0MTIwMTVlMjNjZWFjZjYwMzEzZDAw

1 Comment

  1. Anonymous said,

    August 1, 2013 at 6:37 am

    Excellent confident synthetic attention with regard to fine detail and can anticipate troubles prior to they happen.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: