រមណីយដ្ឋានទេសចរណ៍ទាំង១១ នៅខេត្តរតន:គីរី

អត្ថបទដកស្រង់ចេញពីគេហទំព័រ “កោះសន្តិភាព” – សក្តានុពលខេត្តរតនគិរីទឹកដីនៃជនជាតិដើមភាគតិចច្រើនសំបូរបែប

ដោយ​ ៖ សា​ម៉​ន (ថ្ងៃ អាទិត្យ ទី ២៣ ខែ មករា ឆ្នាំ ២០១១)

បឹងយក្សឡោមខេត្ត​រតន​គិរី ៖ ស្ថិត​នៅ​ភូមិ​ភាគ​|សាន​នៃ​ប្រទេស​កម្ពុជា មាន​ចំងាយ​៥៨៨​គីឡូ​ម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ។ ខេត្ត​​នេះ​មាន​ទីក្រុង​​ឈ្មោះ​ក្រុង​បាន​លុង និង​ស្រុក​ចំនួន​៨ គឺ​ស្រុក​អូរ​ជុំ, វ៉ឺន​សៃ, ​លំផាត់, ​កូន​មុំ, តាកែវ, បរ​កែវ, អណ្តូង​មាស និង​ស្រុក​អូរ​យ៉ាដាវ។ ខេត្ត​នេះ​មាន​ប្រជា​ជន​សរុប​ចំនួន​១៥០.៤៦៦​នាក់។ យោង​តាម​ធ្វើ​ការ​ជំរឿន​ឆ្នាំ​២០០៨ ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ចំនួន​១០.៧៨២​ម៉ែត្រ​ការ៉េ។ ខេត្ត​រតន​គិរី​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​រតនៈ​សម្បត្តិ​ធម្ម​ជាតិ​ប្រកប​ ដោយ​ភាព​ស្រស់​បំព្រង ហើយ​ក៏​ជា​ភូមិ​កំណើត​នៃ​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​អំបូរ មាន​ដូច​ជា​ជន​ជាតិ​ទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវែត កាចក់ ព្នង និង​លន់។ ការ​ធ្វើ​ទេស​ចរណ៍​អាច​ស្វែង​យល់​ និង​ទស្សនា​ដោយ​ផ្ទាល់​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​គោរព​បូជា និង​ជំនឿ​ផ្សេង​ៗ​ទៅ​តាម​អំបូរ​នៃ​ជន​ជាតិ​ភាគ​តិច​រៀង​ៗ​ខ្លួន។

ទី​រួម​ខេត្ត​រតន​គិរី គឺ​ក្រុង​បាន​លុង ​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ជ្រលង​ភ្នំ ទឹក​ធ្លាក់ និង​បឹង​ធម្ម​ជាតិ ដែល​ក្លាយ​​មក​ពី​បន្ទុះ​ភ្នំ​ភ្លើង​តាំង​ពី​ច្រើន​សត​វត្ស​មក​ហើយ។ ប្រជា​ជន​រស់​នៅ​​ក្នុង​ទីក្រុង​នេះ​សរុប​ចំនួន​១៩.៤១២​នាក់ រាប់​បញ្ចូល​ទាំង​​ជន​ជាតិ​ដើម​ភាគ​តិច ដែល​រស់​នៅ​ជុំ​វិញ​ក្រុង​បាន​លុង​​ផង​។ ក្នុង​ទី​រួម​ខេត្ត​​មាន​សំណង់​ចាស់​ៗ​​ប្រមាណ​៩០% នៅ​ក្រុង​បាន​លុង ​ត្រូវ​បាន​សាង​សង់​ថ្មី​ទាំង​អស់​បន្ទាប់​ពី​ការ​ដួល​រំលំ​នៃ​របប​ប៉ុល​ពត។ នៅ​ចំ​កណ្តាល​ក្រុង​មាន​ផ្សារ​មួយ​​ឈ្មោះ​ផ្សារ​បាន​លុង ដែល​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម និង​សេដ្ឋ​កិច្ច​ដ៏​ធំ​​របស់​ខេត្ត​នេះ។ រាល់​ផលិត​ផល​ក្នុង​ស្រុក​​ដូច​ជា​ផ្លែ​ឈើ បន្លែ​ ត្រី សាច់ សំភារ​ប្រើ​ប្រាស់​​ដែល​ផលិត​ដោយ​អ្នក​ស្រុក រួម​ទាំង​អនុ​ផល​ព្រៃ​ឈើ​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​មាន​លក់​នៅ​ទី​នោះ​ផង​ដែរ។ នៅ​​ក្នុង​ផ្សារ​បាន​លុង​​រាល់​កសិ​ផល​​សុទ្ធ​សឹង​ជា​កសិ​ផល​ធម្ម​ជាតិ​ដាំ​ ដុះ​ដោយ​គ្មាន​ការ​ប្រើ​ប្រាស់​ជី​គីមី​នោះ​ទេ លើក​លែង​តែ​ផលិត​ផល​ខ្លះ​ដែល​នាំ​ចូល​ពី​រាជ​ធានី​ភ្នំពេញ។

តាំង​ពី​​ព្រឹក​ព្រលឹម​ស្រាង​ៗ​ ផ្សារ​នេះ​បាន​ចាប់​ផ្តើម​សកម្ម​ភាព​មមា​ញឹក​របស់​ខ្លួន​រវាង​អតិថិ​ជន និង​អ្នក​លក់​ដូរ ​ភាគ​ច្រើន​គឺ​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​​ទាំង​នោះ​បាន​​ស្ពាយ​ផលិត​ផល​ របស់​ខ្លួន​សំរាប់​លក់​ឱ្យ​អតិថិ​ជន​ទូទៅ។ វា​គឺ​ជា​អនុ​ស្សាវរីយ៍​ដ៏​ប្រសើរ​មួយ​សំរាប់​ភ្ញៀវ​ទេស​ចរ​ទាំង​ឡាយ​ដែល​ បាន​ទៅ​ទស្សនា​ថ្ងៃ​រះ​នៅ​លើ​កំពូល​ភ្នំ​ស្វាយ បន្ទាប់​មក​បន្ត​ដំណើរ​ទៅ​ទស្សនា​​ស្វែង​យល់​ពី​សកម្ម​ភាព​លក់​ដូរ​នៅ​ ឯផ្សារ​បាន​លុង។ រៀង​រាល់​ពេល​ព្រឹក​ គេ​​បាន​ឃើញ​​សកម្ម​ភាព​អ៊ូអែ​មមា​ញឹក​រវាង​កសិ​ករ និង​ពាណិជ្ជ​ករ​​ទិញ​លក់​ទំនិញ​។ ផលិត​ផល​មួយ​ចំនួន​ដែល​មាន​លក់​នៅ​ទីនោះ​គឺ​ប្លែក​ ហើយ​ក៏​ពុំ​មាន​លក់​នៅ​​លើ​ទីផ្សារ​ដទៃ​ទៀត​ដែរ។ ផលិត​ផល​តាម​បែប​ធម្ម​ជាតិ​នៅ​ផ្សារ​បាន​លុង​មាន​តំលៃ​ទាប​ជាង​​ទីផ្សារ​ ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​​។ នៅ​ក្រុង​បាន​លុង​មាន​សណ្ឋា​គារ​ចំនួន​៦​ដែល​សរុប​ចំនួន​២២៧​បន្ទប់ និង​ផ្ទះ​សំណាក់​ចំនួន​២១​មាន​៣៧៨​បន្ទប់ សំរាប់​ភ្ញៀវ​ទេស​ចរ​ស្នាក់​នៅ។ ចំណែកឯ​ភោជនីយ​ដ្ឋាន​មាន​ចំនួន​១៤ ដែល​អាច​​បំរើ​សេវា​កម្ម​ម្ហូប​អាហារ​បាន​ច្រើន​ប្រភេទ​តាម​តំរូវ​ការ​របស់​ ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ផង​ដែរ។ យោង​តាម​របាយ​ការណ៍​នៃ​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាន​ឱ្យ​ដឹង​ថា រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ដែល​មាន​នៅ​ក្នុង​ខេត្ត​រតន​គិរី ​មាន​ចំនួន​រហូត​ដល់​១១​កន្លែង សរុប​ទាំង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​ជំរក​សត្វ​ព្រៃ​លំផាត់​ផង​ដែរ។ ហើយ​រមណីយ​ដ្ឋាន​នីមួយ​ៗ​មាន​ទេស​ភាព​ និង​រឿង​រ៉ាវ​ប្រវត្តិ​ព្រេង​និទាន​ខុស​ៗ​គ្នា ដូច​ជា​នៅ​បឹង​យក្ស​ឡោម​ជា​ដើម។

១-រមណីយ​ដ្ឋាន​ធម្ម​ជាតិ​បឹង​យក្ស​ឡោម

បឹង​យក្ស​ឡោម​ ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ជា​ទីគួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត ស្ថិត​នៅ​លើ​តំបន់​ខ្ពង់​រាប​នៃ​ខេត្ត​រតន​គិរី។ បឹង​នេះ​មាន​​ប្រវែង​ប្រមាណ​ជាង​៨០០​ម៉ែត្រ និង​ជំរៅ​៤៨​ម៉ែត្រ ទៅ​៥០​ម៉ែត្រ ​កើត​ឡើង​ដោយ​បន្ទុះ​ភ្នំ​ភ្លើង​​ជា​ច្រើន​សត​វត្ស​មក​ហើយ។ បច្ចុ​ប្បន្ន​ទីនោះ​មាន​សភាព​ស្ងប់​ស្ងាត់​នៅ​កណ្តាល​ទ្រូង​ព្រៃ ប្រៀប​បាន​ជា​ទីឋាន​ដ៏​​សុខ​សាន្ត​សំរាប់​ពពួក​សត្វ​ព្រៃ និង​អ្នក​ទេស​ចរ​ទាំង​ឡាយ​ដែល​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់ ឬ​ក៏​និយម​រក​​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ថ្មី​បំផុត។ បឹង​នេះ​ប្រៀប​បាន​នឹង​មេ​ដែក​ឆក់​សំរាប់​ស្រូប​ទាញ​អង្រួន​បេះ​ដូង​​ភ្ញៀវ​ ទេស​ចរ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ ដោយ​ខាន​ពុំ​បាន ខណៈ​​ដែល​​ភ្ញៀវទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​បាន​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ដល់​ខេត្ត​រតន​គិរី​នេះ។ ទឹក​បឹង​​ដែល​ជានិច្ច​កាល​ត្រជាក់​ ថ្លា​​យុង ឆ្លុះ​ពណ៌​ជា​មួយ​ព្រៃ​ឈើ​ខៀវ​ស្រងាត់​​ដែល​ព័ទ្ធ​ជុំ​វិញ​មាត់​បឹង​នោះ ​ហើយ​អម​ដោយ​សំឡេង​បក្សា​បក្សី​ស្រែក​យ៉ាង​គ្រលួច។ បឹង​យក្ស​ឡោម​បាន​ក្លាយ​ជា​គោល​ដៅ​សំរាប់​ភ្ញៀវ​ទេស​ចរ​មុជ​ទឹក​ហែល​កំសាន្ត ​អារម្មណ៍​​បំបាត់​ក្តី​កង្វល់។ នៅ​ពេល​ដើរ ឬ​ជិះ​កង់ ទស្សនា​កំសាន្ត​នៅ​ទេស​ភាព​ស្រស់​ត្រកាល​ព័ទ្ធ​ជុំ​​វិញ​មាត់​បឹង ដែល​ពេល​ខ្លះ​អាច​ឱ្យ​គេ​ពើប​ប្រទះ​សត្វ​បក្សា​បក្សី​ ឬ​សត្វ​​ព្រៃ​ផ្សេងៗ​ទៀត។ ជន​ជាតិ​ដើម​ភាគ​តិច​មាន​ជំនឿ​ថា ទឹក​បឹង​ជា​​ព្រលឹង​វិញ្ញាណ​ ​ដែល​ពួក​គេ​ទាំង​អស់​គ្នា​តែង​តែ​គោរព​បូជា និង​ធ្វើ​ការ​បន់​ស្រន់​សុំ​ឱ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​នោះ​ការ​ពារ​​ដល់​ពួក​ គេ និង​ទឹក​ដី​បព្វ​បុរស​ផង​ខ្លួន​ឱ្យ​នៅ​គង់​វង្ស​ជា​និច្ច។ ប្រជា​ជន​ខ្លះ​បាន​ផ្តល់​ជូន​​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​​នូវ​ការ​លក់​ដូរ​វត្ថុ​​អនុ​ស្សាវរីយ៍​ ផលិត​ផល​សិប្ប​កម្ម កសិ​កម្ម​ជា​ច្រើន​មុខ​​ ដែល​ផលិត​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​មូល​ដ្ឋាន​​នោះ​តែ​ម្តង។ បឹង​យក្ស​ឡោម ជា​បឹង​ធម្ម​ជាតិ​ស្អាត​អស្ចារ្យ​មួយ​មាន​ទីតាំង​ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង មាន​ចំងាយ​៥​គីឡូ​មែ៉ត្រ​​ស្ថិត​នៅ​ខាង​កើត​ក្រុង​បាន​លុង។ មាន​រឿង​ព្រេង​មួយ​ចំនួន​ទាក់​ទង​នឹង​បឹង​យក្ស​ឡោម​នេះ ហើយ​រឿង​ព្រេង​ត្រូវ​បាន​និទាន​តៗ​គ្នា​​ដោយ​ប្រជា​ជន​​នៅ​មូល​ដ្ឋាន​បាន​ ដំណាល​ដូច​តទៅ ៖

កាល​ពី​ព្រេង​នាយ​មាន​ស្តេច​យក្ស​មួយ​អង្គ​ មាន​ប្ញទ្ធា​នុភាព​អំណាច​ខ្លាំង​អស្ចារ្យ​ណាស់ ស្តេច​យក្ស​នោះ​មាន​បុត្រី​ដ៏​ស្រស់​ស្អាត​​មួយ​អង្គ ទាំង​សក់​ ​និង​រាង​កាយ​របស់​បុត្រី​នេះ​​តែង​តែ​សាយ​ភាយ​ក្លិន​ក្រអូប​ជា​ប្រចាំ ដូច្នេះ​ស្តេច​យក្ស​នោះ​ដាក់​​ឈ្មោះ​បុត្រី​ថា ​ព្រះ​នាង​សក់​ក្រអូប ពេល​នាង​ធំ​ពេញ​វ័យ​​កាល​ណា​មាន​បុរស​សង្ហា ហើយ​ខ្លាំង​ពូកែ​​ម្នាក់​មក​​សុំ​សេចក្តី​ស្នេហា​ពី​នាង។ សេចក្តី​ស្រលាញ់​ប្រតិ​ព័ទ្ធ​របស់​ពួក​គេ​កាន់​តែ​រីក​ធំ​ឡើងៗ​ចំពោះ​គ្នា​។ ដោយ​សារ​គូ​ស្នេហ៍​ទាំង​២​នេះ​ភ័យ​ខ្លាច​ស្តេច​យក្ស​ដឹង​រឿង​សំងាត់​របស់​ ពួក​គេ​​នោះ​ថ្ងៃ​​មួយ ​ពួក​គេ​ទាំង​២​ក៏​សំរេច​ចិត្ត​ភៀស​ខ្លួន​ពួន​អាត្មា​ទៅ​កាន់​ទីព្រៃ​បាត់​ ទៅ។ មិន​យូរ​ប៉ុន្មាន​ស្តេច​យក្ស​បាន​ដឹង​រឿង​​របស់​បុត្រី រួច​ព្រះ​អង្គ​សោក​សង្រេង​យ៉ាង​ខ្លាំង។ ​បន្ទាប់​មក​ព្រះ​អង្គ​ក៏​កោះ​ប្រជុំ​កង​ទ័ព​​យក្ស​ទាំង​អស់​ដើម្បី​ស្វែង​ រក​បុត្រី​សំលាញ់​ចិត្ត​នៅ​ក្នុង​អាណាចក្រ​ព្រះ​អង្គ​ទាំង​មូល។ ក្នុង​ព្រៃ​ភ្នំ​​ទាំង​ឡាយ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​កង​ទ័ព​យក្ស​ដ៏​ ច្រើន​សន្ធឹក​សន្ធាប់ ប៉ុន្តែ​​មិន​បាន​ប្រទះ​ឃើញ​​ព្រះ​នាង​​នោះ​ឡើយ។ ​

ស្តេច​យក្ស​សង្ស័យ​ថា បុត្រី​របស់​ព្រះ​អង្គ​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ព្រៃ​ក្រាស់​​នោះ ជា​កន្លែង​​បឹង​យក្ស​ឡោម​សព្វ​ថ្ងៃ ដូច្នេះ​ព្រះ​អង្គ​បាន​ដាក់​ពង្រាយ​ទ័ព​យក្ស​យ៉ាង​ច្រើន​ដើម្បី​ឡោម​ព័ទ្ធ​​ ​ និង​រុក​រក​ក្នុង​បរិ​វេណ​ព្រៃ​នោះ។ រំពេច​នោះ​ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ទាំង​អស់​ដក​ដើម​ឈើ​ ហើយ​​ជីក​ដី​នៅ​បរិ​វេណ​នោះ​យ៉ាង​ជ្រៅ ដើម្បី​ស្វែង​រក​បុត្រី​ជា​ទីស្រលាញ់​របស់​ខ្លួន។ ​​ពេល​នោះ​​​ទ័ព​យក្ស​ទាំង​​​អស់​បាន​ជីក​គាស់​កាយ​​អស់​ពី​កម្លាំង​កាយ​ ចិត្ត​រហូត​ដល់​ទីនោះ​​ក្លាយ​ជា​ស្រះ​ធំ​​ក៏​នៅ​រក​មិន​ឃើញ ហើយ​បាន​បន្សល់​ទុក​​​ជា​ស្រះ​ដ៏​ធំ ​ក្នុង​ខេត្ត​រតន​គិរី​សព្វ​ថ្ងៃ។ ទាំង​នោះ​ជា​ហេតុ​ផល​ដែល​អ្នក​ស្រុក​​រតន​គិរី​ហៅ​ថា យក្ស​ឡោម រហូត​ពេល​បច្ចុ​ប្បន្ន​​ដោយ​ក្លាយ​​មក​ពី​ពាក្យ​ថា “យក្ស​ឡោម​ព័ទ្ធ”។

ប៉ុន្តែ​ការ​និទាន​រឿង​តាម​បែប​​ផ្សេង​ទៀត​​ពី​សេចក្តី ​និទាន​មុន​នេះ​ថា ទ័ព​យក្ស​បាន​ព្យាយាម​ចាប់​កូន​ស្រី​របស់​ស្តេច​យក្ស​ដើម្បី​បំបែក​នាង​ពី​ គូ​ស្នេហ៍។ ពេល​នោះ​មេ​ទ័ព​យក្ស​ក៏​បាន​បញ្ជា​ឱ្យ​កង​ទ័ព​យក្ស​ឡោម​ព័ទ្ធ​ជុំ​វិញ​ភ្នំ​ ជា​ទី​ដែល​គូ​ស្នេហ៍​ទាំង​២​លាក់​ខ្លួន​ ឯគូ​ស្នេហ៍​នោះ​គិត​ថា​គ្មាន​ផ្លូវ​នឹង​គេច​ខ្លួន​ឡើយ ហើយ​ពួក​គេ​ទាំង​២​បាន​សំរេច​ចិត្ត​ប្រាថ្នា​ឱ្យ​ព្រះ​ធរណី​ស្រូប ដើម្បី​បញ្ជាក់​ពី​សេចក្តី​ស្នេហា​បរិ​សុទ្ធ​ស្មោះ​ត្រង់​របស់​ពួក​ខ្លួន។ ​គូស្នេហ៍​ទាំង​២​បាន​ចាប់​ផ្តើម​បន់​ស្រន់​ដល់​អ្នក​តាព្រៃ​ភ្នំ​ ព្រះ​មុនី​ឥសី និង​វត្ថុ​ស័ក្តិ​សិទ្ធិ​ទាំង​ឡាយ​ថា យើង​ទាំង​២​សូម​បូជា​ជីវិត​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ដែល​រក្សា​ទឹក​ដី​នេះ សូម​ឱ្យ​លោក​ជួយ​ឱ្យ​ទីនេះ​លិច​ចុះ​ទៅ​ក្នុង​ព្រះ​ធរណី​ចុះ ដើម្បី​កុំ​ឱ្យ​គេ​​​បំបែក​ចេញ​ពី​គ្នា។ រំពេច​នោះ​តំបន់​ភ្នំ​នេះ​ក៏​ស្រុត​​លិច​ចុះ​ទៅ​ក្រោម​ព្រះ​ធរណី​យ៉ាង​ឆាប់​ រហ័ស​នាំ​យក​គូស្នេហ៍​នោះ​ទៅ​ជា​មួយ​​ដូច​បំណង​ប្រាថ្នា។ ​ហេតុ​នេះ​ទើប​អ្នក​ស្រុក​​ហៅ​ស្រះ​នោះ​ថា យក្ស​ឡោម មក​ពី​ពាក្យ​កាត់​របស់​ពាក្យ​កង​ទ័ព​យក្ស​ឡោម​ព័ទ្ធ​នោះ​ឯង។ មាន​ការ​ពន្យល់​​ប្រភេទ​ឈ្មោះ​យក្ស​ឡោម​​មួយ​ផ្សេង​ទៀត​​ពី​រឿង​​ខាង​លើ​ ហើយ​​គួរ​ឱ្យ​​យក​ជា​ការណ៍​បាន​និទាន​ថា ពាក្យ​​ “យក្ស​” នៅ​ក្នុង​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ទីនោះ​ មាន​ន័យ​ថា ជា​ប្រធាន​ភូមិ ​មេ​កន្ទ្រាញ ឬ​​ម្ចាស់​ភូមិ។ ឯពាក្យ​ថា​ឡោម គឺ​មាន​ន័យ​ថា ជា​ឈ្មោះ​របស់​មនុស្ស ដែល​ជា​ប្រធាន​ភូមិ​ អ្នក​គ្រប់​គ្រង​នៅ​តំបន់​នោះ។ ព្រោះ​ហេតុ​ដូច្នេះ​ពាក្យ​ថា​យក្ស​ឡោម គឺ​ជា​ការ​រំលឹក​គោរព​ប្រតិ​បត្តិ​ដល់​ព្រលឹង​ ឬ​វិញ្ញាណ​​ខន្ធ​នៃ​មេដឹក​នាំ​ជំនាន់​មុន​របស់​ពួក​គេ​មាន​ឈ្មោះ​ថា “ឡោម” ដែល​ធ្លាប់​គ្រប់​គ្រង​កុល​សម្ព័ន្ធ​ជន​ជាតិ​​ដើម​ភាគ​តិច​នៅ​តំបន់​ជុំ​វិញ ​បឹង​នោះ​ឱ្យ​រស់​នៅ​ក្នុង​សុភមង្គល និង​ភាព​​សុខ​សាន្ត។ ទើប​បាន​ក្លាយ​ទៅ​ជា​ការ​ទម្លាប់​ហៅ​ថា បឹង​យក្ស​ឡោម ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​រមណីយ​ដ្ឋាន​មួយ​ដែល​សំបូរ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​មក​ទស្សនា​កំសាន្ត​ក្នុង​រដូវ​បុណ្យ​ប្រពៃណី​ជាតិ ឬ​ក្នុង​ដំណើរ​កំសាន្ត​ចុង​សប្តាហ៍​ចំរុះ​ជាតិ​សាសន៍​ច្រើន​កុះ​ករ​មាន​ការ​ កើន​ឡើង​​ពី​មួយ​​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

២-​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​ចាអ៊ុង ៖


ទឹក ​ជ្រោះ​ចាអ៊ុង ស្ថិត​នៅ​ជាយ​ម្ខាង​នៃ​​ខ្ពង់​រាប​នៃ​ជួរ​ភ្នំ​ស្វាយ ក្នុង​ទឹក​ដី​ចាអ៊ុង​កៅ ឃុំ​ចាអ៊ុង ស្រុក​អូរ​ជុំ មាន​ចំងាយ​ប្រមាណ​៩​គីឡូ​ម៉ែត្រ​ទិស​ពាយ័ព្យ ពី​ក្រុង​បាន​លុង។ ទឹក​ជ្រោះ​នេះ​មាន​កំពស់​ទឹក​ធ្លាក់​រហូត​ដល់​២៥​ម៉ែត្រ ហើយ​នៅ​ជុំ​វិញ​មាន​ដើម​ឈើ​តូច​ធំ និង​វល្លិ៍​ដុះ​ជុំ​វិញ​ជា​ច្រើន​ស្អេក​ស្អះ​ជា​មួយ​នឹង​ទឹក​ដែល​កំពុង​ហូរ​ ធ្លាក់។ ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​ គឺ​ស្រស់​ស្អាត​ដូច​នៅ​ក្នុង​គំនូរ​ចំហាយ​ទឹក​ចេញ​ពី​ខ្សែ​ទឹក​ធ្លាក់ ​បង្កើត​បាន​ជា​ខ្យល់​សំនើម​មាន​ពណ៌​ដូច​អ័ព្ទ​នៃ​ទឹក​សន្សើម ដែល​ជា​ប្រភព​ផ្គត់​ផ្គង់​ដល់​ការ​ដុះ​រីក​លូត​លាស់​នៃ​រុក្ខ​ជាតិ​គ្រប់​ ប្រភេទ​នៅ​ទីនេះ។ នៅ​ពេល​ខ្លះ​ដោយ​សារ​បាន​ចំណាំង​កាំ​រស្មី​​ព្រះ​អាទិត្យ ចាំង​កាត់​ខ្សែ​ទឹក​ និង​ចំហាយ​ទឹក​នោះ​ក៏​បង្កើត​បាន​ឆពណ្ណ​រង្សី​ដូច​ឥន្ទធនូ​ឡើង។ បច្ចុ​ប្បន្ន​​សហ​​គមន៍​ទើប​​សាង​សង់​ជណ្តើរ​ថ្ម​ធំ​មួយ​ ដើម្បី​សំរួល​ដល់​ការ​ចុះ​ឡើង​របស់​ភ្ញៀវ​ទេស​ចរ​ដែល​មាន​បំណង​ចុះ​ទៅ​ដល់​ បាត​ជ្រោះ​ដែល​ទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​ដ៏​ជ្រៅ​សន្លឹម​នោះ។ នៅ​ឯបរិវេណ​ខាង​លើ​នៃ​ទឹក​ធ្លាក់​ចាអ៊ុង​នេះ​​ក៏​មាន​អ្នក​ស្រុក​លក់​ដូរ​ ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ជា​ច្រើន​សំរាប់​ភ្ញៀវ​ទេស​ចរ​ដែរ។ នៅ​ខាង​ក្រោយ​ខ្សែ​ទឹក​ធ្លាក់​​មាន​រូង​ថ្ម​ដ៏​​ធំ​ដែល​អាច​ឱ្យ​ទេស​ចរ​ គ្រប់​រូប​ដើរ​ចូល​ទៅ​ក្នុង ហើយ​មើល​ទិដ្ឋ​ភាព​ទឹក​ធ្លាក់ និង​ទេស​ភាព​ក្នុង​ជ្រោះ​​ល្អ​ខុស​ប្លែក​ពី​ធម្មតា។

៣-​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​កាចាញ​ ៖


ទឹក ​ជ្រោះ​កាចាញ ស្ថិត​នៅ​ក្នុង​ភូមិ​២ សង្កាត់​កាចាញ ក្រុង​បាន​លុង មាន​ចំងាយ​ប្រមាណ​៦​គីឡូ​ម៉ែត្រ​ពី​ក្រុង​បាន​លុង។ វា​គឺ​ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​ តែង​តែ​ទាក់​ទាញ​ភ្នែក​​ភ្ញៀវ​ទេស​ចរ​គ្រប់​ៗរូប​ឱ្យ​ទៅ​ទស្សនា​ទីនោះ។ ទឹក​ធ្លាក់​នេះ​ស្ថិត​នៅ​​ចំកណ្តាល​ព្រៃ​ភ្នំ​ភ្ជាប់​ដោយ​អូរ ​និង​ចំការ​កៅស៊ូ​នៅតាម​ដង​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​​ទីនោះ។ ដើម្បី​គយ​គន់​សំរស់​ដ៏​ត្រកាល​នៃ​ទឹក​ធ្លាក់​នេះ​ឱ្យ​កាន់​តែ​ប្លែក​ ចំឡែក​អារម្មណ៍​នោះ​គឺ​ទេស​ចរ​ទាំង​អស់​ត្រូវ​ចុះ​តាម​ជណ្តើរ​ឈើ​ប្រមាណ​៧២​ កាំ ទៅ​ក្រោម ឬ​ដើរ​កំសាន្ត​លេង​តាម​ស្ពាន​យោល​ដែល​លាត​សន្ធឹង​នៅ​ពី​មុខ

ចរន្តទឹកធ្លាក់ ។ នៅ​ចំណុច​​ខាង​ក្រោម​នេះ ​មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្តល់​​ជា​ម្លប់​​ដល់ការ​​សំរាក​លេង ឬ​ហូប​ចុក​​ចំណី​​អាហារ។ ចំណែក​នៅ​ផ្នែក​​ខាងលើ​​ក្បែរ​ចំណុច​​​ទឹកធ្លាក់​ មាន​​កន្លែង​​លក់​ដូរ​ចំណី​អាហារ ​ភេសជ្ជៈ​ រួមទាំង​វត្ថុ​​អនុ​ស្សាវ​រីយ៍​​​​ផ្សេងៗ​សំរាប់​​អ្នក​ទេសចរ​​​ដែល​ទៅ​ កំសាន្ត​​ទីនោះ។

៤-​រមណីយដ្ឋាន​ទឹក​ជ្រោះ​​​​កាទៀង​ ៖


ទឹក ​ជ្រោះ​​កាទៀង ​ស្ថិត​នៅ​ក្នុងភូមិ​​កាទៀង ឃុំ​ល្បាំង២ ស្រុក​​លំផាត់ មានចំងាយ​ប្រមាណ​​៩គីឡូម៉ែត្រ ​ពី​ក្រុង​បានលុង ខេត្ត​រតន​គិរី។ មុន​នឹង​​ធ្វើដំណើរ​​ទៅ​ដល់​រមណីយដ្ឋាន​​ទឹកជ្រោះ​​កាចាញ​ មានផ្លូវ​​លំបែក​​ទៅ​ស្តាំ​ដៃ​តាមរបង​​រោង​ចក្រ​កៅស៊ី​​ក្រែបឆាយ​​សេង ​ទៅ​ខាង​ត្បូង​ គឺជា​​ផ្លូវ​ទៅកាន់​​រមណីយដ្ឋាន​​ទឹកជ្រោះ​​កាទៀង ដែល​មាន​ចំងាយ​​ប្រមាណ​​ជា​៣គីឡូម៉ែត្រប៉ុណ្ណោះ ​នឹង​​ទៅ​​ដល់​រមណីយដ្ឋាន​​នេះ ។ ទឹកជ្រោះ​​កាទៀង​ ​ស្ថិត​នៅ​កណ្តាលព្រៃ​​ភ្នំ​​មាន​​​ដើម​ឈើ​ធំៗ​​ដែល​អាច​​​ផ្តល់ជា​ ម្លប់យ៉ាង​ត្រជាក់​​ត្រឈឹង​​​ត្រឈៃ​ដល់​អ្នក​ទេសចរ​​ទាំង​ឡាយ ។ ដើម្បី​​គយ​គន់ទេស​ភាព​​​ដ៏​ស្រស់​ត្រកាល​នៃទឹក​ធ្លាក់នេះ​ឱ្យ​កាន់តែ​​ ប្លែក គឺត្រូវ​ចុះ​តាម​ជណ្តើរ​​​ឈើជា​ច្រើន​​កាំ​​ទៅ​ក្រោម។ ​នៅខាង​ក្រោយ​​ខ្សែ​​ទឹកធ្លាក់​នោះ​​មាន​រូងថ្ម​​ដ៏ធំ​​អាច​ឱ្យ​ភ្ញៀវ​​ ចូលទៅ​ក្នុងបាន ហើយ​អាច​មើល​ឃើញ​​ទេស​​ភាពល្អ​ៗ​ប្លែកៗ​​ពីធម្មជាតិកាត់​តាមខ្សែ​ទឹក​ដែល​ កំពុង​​ធ្លាក់​យ៉ាង​ត្របាញ់​នោះ ។ ​ចំណែក​​នៅ​ខាងលើក្បែរ​​​ចំណុច​​ទឹក​​ធ្លាក់​​ មាន​​កន្លែង​ជិះ​ដំរី​សំរាប់​​​ការដើរ​កំសាន្ត​​តាម​​ព្រៃ​​ជុំវិញ​​ទីនោះ ។​ នៅទីនោះ​​ មាន​ផលិត​​ផល​​ផលិត​ពី​ដៃ​ដោយ​ជន​​ជាតិគ្រឹង​ជាច្រើនមុខ​​ដាក់តាំង​លក់​​ ដូចជា ឃ្លោក ស្នា គង ក្រណាត់ប៉ឹង សំពត់​តាម​បែប​ប្រពៃណី​​​ជនជាតិ​​ដើម​ភាគ​តិចជា​ដើម ។

៥-​រមណីយដ្ឋាន​​ទឹកជ្រោះ​​អូរ​ស៊ិន​លែរ៍ ៖


ទឹកជ្រោះ ​​អូរ​ស៊ិនលែរ៍ ស្ថិតនៅក្នុង​​ភូមិ​សាស្ត្រ​​ទឹកដី​ ស្រុក​​លំផាត់​​ មានចំងាយ​​ប្រមាណ​៣០​គីឡូ​ម៉ែត្រ ពី​ក្រុង​បាន​លុង ​គឺ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ធម្ម​ជាតិ​​ដ៏​ស្រស់​បំព្រង​មួយ​ដែល​​តែង​​តែ​ ផ្តល់​​នូវ​​​ភាព​សប្បាយ​រីក​រាយ​ជក់​​ចិត្ត​​ដិត​​អារម្មណ៍​ដល់​អ្នក​ទេស​ ចរ​គ្រប់​ៗ​រូប ។ រមណីយ​ដ្ឋាន​នេះ​គ្រប​ដណ្តប់​​ដោយ​ព្រៃ​ស្រោង​ពណ៌​បៃតង ដែល​ហ៊ុម​ព័ទ្ធ​ជុំ​ជិត​ដោយ​ជួរ​ភ្នំ និង​ខ្ពង់​រាប​ប្រកប​ដោយ​ភាព​សុខដុម​រមនា​ពី​ធម្ម​ជាតិ​សំរាប់​សត្វ​ព្រៃ​ គ្រប់​ប្រភេទ​ និង​​​ឮ​​តែ​សំលេង​ខ្ញៀវ​ខ្ញារ​នៃ​សត្វ​បក្សា​បក្សី ។ រមណីយ​ដ្ឋាន​ទឹក​​ធ្លាក់​នេះ​ ធ្លាប់​តែ​លាក់​ខ្លួន​​នៅ​កណ្តាល​ទ្រូង​ព្រៃ​ជា​យូរ​មក​ហើយ ទើប​​តែ​ពេល​ថ្មីៗ​នេះ​ទេ ដែល​បណ្តាញ​ផ្លូវ​​​គមនាគមន៍​ត្រូវ​បាន​អភិ​វឌ្ឍ​​​តភ្ជាប់​ទៅ​ដល់​តំបន់​ ទឹក​​ធ្លាក់​​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​ងាយ​​ស្រួល ។ អ្នក​ទេស​ចរ​អាច​ទៅ​ដល់​ទី​នោះ​តាម​រយៈ​រថយន្ត​​ធុន​ខ្ពស់ៗ​​ ឯ​​​អ្នក​បើក​បរ​ក៏​ត្រូវ​តែ​ប្រកប​ដោយ​ទេព​​កោសល្យ​ផង​ដែរ ​ក្នុង​ការ​បញ្ជា​យាន​យន្ត​តាម​ផ្លូវ​​ក្នុង​ព្រៃ​បត់​បែន​ដូច​ពស់​លូន ហើយ​កន្លែង​ខ្លះ​​ត្រូវ​ឆ្លង​កាត់​អូរ​តូចៗ​ទៀត​​ផង​។ ដំណើរ​កំសាន្ត​​ទៅ​​កាន់​ទី​នោះ​ គឺ​អាច​ចំណាយ​​ពេល​ពេញ​មួយ​​ថ្ងៃ និង​ត្រូវ​ត្រៀម​រៀប​ចំ​​​កញ្ចប់​ម្ហូប​អាហារ និង​ភេស​ជ្ជៈ​ផងដែរ ព្រោះ​នៅ​ទី នោះ​គ្មាន​អ្វី​លក់​ដូរ​ទាំង​អស់​​គឺ​ធម្ម​ជាតិ​ពិតៗ ។ ទឹក​ធ្លាក់​​នោះ​មាន​៧​ជាន់ ដែល​ទស្សនីយ​ភាព​ដ៏​ស្រស់​ស្អាត​នេះ ស្ថិត​នៅ​​កណ្តាល​ព្រៃ​​​ និង​មាន​ការ​​អភិ​រក្ស​​ថែរក្សា​​យ៉ាង​ល្អ​ ​ហើយ​កន្លែង​ខ្លះ​សូម្បី​តែ​ពន្លឺ​ព្រះ​អាទិត្យ ក៏​ពិបាក​​នឹង​ចាំ​​​​ង​​​កាំរស្មី​ចូលដល់​ផង ។ នៅរដូវ​ប្រាំង ​ចរន្ត​ទឹក​ហូរ​​មាន​សភាព​យឺត​ល្មម​ដែល​អាច​ឱ្យ​យើង​ហែល​លេង​បាន​យា៉ង​ស្រួល ។ រីឯ​នៅ​រដូវ​ភ្លៀង​ ចរន្ត​ទឹក​ហូរ​ខ្លាំង​លឿន កួច​ខ្មួល​ខ្មាញ់ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​មុជ​កំសាន្ត​​ណាស់ ។ រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​អូរ​ស៊ីន​លែរ៍ មិន​ត្រឹម​តែ​ផ្តល់​​ភាព​ស្រស់​ស្អាត​សំរាប់​​​ដំណើរ​​កំសាន្ត​​ក្នុង​ព្រៃ​ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​វា​​​ហាក់​បី​ដូច​ជា​​​ការ​ស្រាវ​​ជ្រាវ​អំពី​សំរស់​ធម្ម​ជាតិ​ ផ្សេងៗ​រួម​ទាំង​ទឹក​ធ្លាក់​​ដទៃ​ទៀត​នៅ​ជុំ​វិញ​ទី​​នោះ​ផង​ដែរ ។

៦-រមណីយ​ដ្ឋាន​​ឥសី​បតមៈ (ភ្នំ​ស្វាយ) ៖


ទី ​កន្លែង​​ស័ក្តិ​សិទ្ធិ​​ឥសី​បតមៈ តាំង​នៅ​លើ​កំពូល​​ភ្នំ​ស្វាយ មាន​ចំងាយ​ប្រហែល​​ពីរ​​គីឡូ​ម៉ែត្រ ខាង​លិច​ក្រុង​បាន​លុង ។ បច្ចុ​ប្បន្ន​​ទី​កន្លែង​ដ៏​ពិសិដ្ឋ​នេះ បាន​ក្លាយ​ជា​កន្លែង​ទស្សនា​ថ្ងៃ​​រះ​​ដ៏​ល្អ​នៅ​ពេល​ព្រឹក​ព្រហាម និង​ខណៈ​ពេល​ថ្ងៃ​រះ​ឡើង​ផុត​ព្រៃ​ភ្នំ​ពី​លើ​ក្រុង​បាន​លុង ។ ទី​កន្លែង​នេះ​ក៏​ផ្តល់​​ទិដ្ឋ​ភាព​គួរ​ឱ្យ​គយ​គន់ ម្យ៉ាង​ទៀត​គឺ​នៅ​ពេល​ថ្ងៃ​​ធម្ម​តា ភ្ញៀវ​ទេស​ចរ​អាច​ចោល​ភ្នែក​​គយ​គន់​ជុំ​វិញ​ពី​លើ​កំពូង​ភ្នំ​នោះ ដែល​លំអ​​ដោយ​ទេស​ភាព​​​ពណ៌​បៃតង​ជា​និច្ច នៅ​តាម​ទី វាល​ជំរាល​ជ្រលង​ភ្នំ​ រួច​បន្ត​ដោយ​ជួរ​​ភ្នំ​នៅ​ឯ​នាយ​ជាប់​នឹង​ជើង​មេឃ ។ ឥសីបតមៈ​ ជា​ឈ្មោះ​​​អ្នក​តា​​​ភ្នំ​ពី​បុរាណ​ដែល​បាន​ថែរក្សា​​តំបន់​នេះ​ក្នុង​សម័យ ​​កាល​យូរ​លង់​ណាស់​មក​ហើយ ។ ឥសី ជា​នាម​សំរាប់​​សំគាល់​អ្នក​បួស ឬ​អ្នក​ប្រកាន់​សច្ច​​ធម៌​នៅ​ក្នុង​សាសនា​​ព្រាហ្ម​ណ៍ ប៉ុន្តែ​​បន្ទាប់​ពី​មាន​ការ​​កសាង​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​មួយ​មាន​​ប្រវែង ​​៥​ម៉ែត្រ ​កាល​ពី​ដើម​ទស​វត្ស ​ឆ្នាំ១៩៦០ មក​​ ទី​កន្លែង​នេះ​គ្រាន់​តែ​រក្សា​ឈ្មោះ​ដើម «ឥសីបតមៈ» ​ហើយ​ប្រជា​ជន​ភាគ​ច្រើន​គោរព​​​បូជា​​ព្រះ​ពុទ្ធ​សាសនា ឯ​ព្រហ្ម​ញ្ញសាសនា​គោរព​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ សព្វ​ថ្ងៃ​នេះ ​ទី​កន្លែង​ដ៏​ស័ក្តិ​សិទ្ធិ​នេះ ប្រជា​ជន​​ទៅ គោរព​​បូជា​ ដើម្បី​សុំ​លាភ​សំណាង ជោគ​ជតា​រាសី និង​សុំ​ក្តី​សុខ​សប្បាយ ។ ឥសី​បតមៈ​​ ជា​រមណីយ​ដ្ឋាន​សក្ការ​​បូជា​ស័ក្តិ​សិទ្ធិ​បំផុត សំរាប់​​ប្រជា​ជន​​ដែល​រស់​នៅ​ខេត្ត​រតន​គិរី និង​អ្នក​​ទេស​ចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​​​នៅ​កំសាន្ត​​នៅ​ទឹក​ដី​ខេត្ត​នេះ ។

៧-រមណីយ​ដ្ឋាន​​បឹង​​លំកុដ ៖

លំកុដ ​ជា​បឹង​ធម្ម​ជាតិ​​ដែល​មាត់​បឹង​នេះ​មាន​សណ្ឋាន​ដូច​រូប​បេះដូង​មនុស្ស ។ ​បឹង​នេះ​មាន​ទំហំ​​២៥​ហិកតា ​ជំរៅ​ប្រមាណ​ជា​៦០​ម៉ែត្រ ហើយ​មាន​លក្ខណៈ​អេកូឡូ​ហ្ស៊ីដូច​បឹង​យក្ស​ឡោម​ដែរ វា​កើត​​ឡើង​ពី​​បន្ទុះ​ភ្នំ​ភ្លើង​កាល​​​ពី​សម័យ​ដើម​ដូច​គ្នា ។ ​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់​រាប​​ និង​​ជួរ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ត្រូពិច ពណ៌​បៃតង​​ជានិច្ច​​បឹង​លំកុដ​មាន​ដើម​ឈើ​ទ្រេត​ជា​ច្រើន ហាក់​បី​ដូច​ជា​ចង់​ដួល​រលំ​​ទៅ​លើ​ផ្ទៃ​ទឹក​បឹង​ដ៏​ថ្លា​ពណ៌​ខៀវ​ស្រងាត់ ហើយ​ជា​ធម្ម​តា​ទឹក​មាន​ភាព​ត្រជាក់​​ស្រេង​​ជាង​ទឹក​បឹង​ផ្សេងៗ ។ ​ហ៊ុម​ទ័ព្ធ​ជុំ​វិញ​ដោយ​ដុំ​ថ្ម​ក្រោម​​ម្លប់​នៃ​ដើម​ឈើ​ធំ​ៗ​ បឹង​ដែល​កើត​​ឡើង​ពី​បន្ទុះ​ភ្នំ​ភ្លើង​​បុរាណ​​នេះ បាន​ផ្តល់​ជា​​សំបុក​មច្ឆ​ជាតិ​តូច​ធំ​ជា​ច្រើន​​ប្រភេទ​រស់​នៅ​បន្ត​ពូជ​ ពង្ស ហើយ​វា​ក៏​ជា​ធ្នាក់​​ទាក់​ទាញ​សត្វ​បក្សា​បក្សី​សីុ​ត្រី​ជា​អាហារ និង​បក្សា​បក្សី​​ជា​ច្រើន​ទៀត​រស់​នៅ​​ជុំ​វិញ​មាត់​បឹង​នេះ​ជា​អចិ​ ន្ត្រៃយ៍ ។ នៅ​ឆ្ងាយ​បន្តិច​ពី​មាត់​បឹង​លំកុដ គឺ​​ជា​កន្លែង​​រស់​នៅ​​ដ៏​សុខ​សាន្ត​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ព្នង និង​ជន​ជាតិ​ឡាវ ។ ប្រជា​ជន​ទាំង​នោះ​ជា​កសិ​ករ​ដែល​មាន​ជីវ​ភាព​រស់​​នៅ​ពឹង​ផ្អែក​​ទៅ​លើ​ ដំណាំ​ដាំ​ដុះ​​​​ចំការ​​ស្រែ និង​អនុ​ផល​ព្រៃ​ឈើ ។ បឹង​លំកុដ ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​​ឃុំ​សេដា ស្រុក​លំផាត់ ដែល​អ្នក​ទេស​ចរ​​អាច​ទៅ​កាន់​​​​ទី​នោះ​តាម​​ផ្លូវ​ជាតិ​លេខ​៧៨A មាន​ចំងាយ​​ប្រហែល​៥៤​គីឡូ​ម៉ែត្រ ​ពី​ក្រុង​​បាន​លុង។ នៅ​រដូវ​ប្រាំង​ រថយន្ត​​ភាគ​​ច្រើន​​អាច​បើក​បរ​ទៅ​កាន់​ទី​នោះ​បាន ចំណែក​នៅ​រដូវ​វស្សា​វិញ មាន​តែ​រថយន្ត​ប្រភេទ​ខ្ពស់ៗ​ទេ ទើប​អាច​ទៅ​មក​បាន​ងាយ​ស្រួល ។
មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​អ្នក​លក់​ដូរ​អ្វី​ឡើយ ​សូម្បី​តែ​លក់​ភេស​ជ្ជៈ​ ឬក៏​អាហារ​​នៅ​ទី​នោះ​ក៏​ពុំ​មាន​ដែរ ។ ​អ្នក​ទេស​ចរ​​ទាំង​អស់​ត្រូវ​រៀប​ចំ​ប្រដាប់​ប្រដា​​ស្បៀង​​អាហារ​គ្រប់​​ យ៉ាង​ ពី​ទី​រួម​ស្រុក​បកែវ ឬ​ពី​ក្រុង​​បាន​លុង ​ទៅ​ទើប​ជា​ការ​ប្រសើរ​​សំរាប់​ដំណើរ​​កំសាន្ត​​ទៅ​កាន់​បឹង​ធម្ម​ជាតិ​ដ៏​ ស្រស់​បំព្រង​មួយ​នេះ ។

៨-រមណីយ​ដ្ឋាន​​​ទឹក​ជួរ​តាតៃ ៖


តាតៃ គឺ​ជា​ទី​កន្លែង​ដែល​មាន​ល្បាក់​ទឹក​ជួរ​ហូរ​ជ្រែក​តាម​ចន្លោះ​ថ្ម​ដា ស្រស់​​ត្រកាល​​ស្ថិត​នៅ​តាម​បណ្តោយ​​ទន្លេ​​ស្រែ​ពក ក្នុង​ឃុំ​ជ័យ​​ឧត្តម​​ ស្រុក​លំផាត់ មាន​ចំងាយ​ប្រហែល​៣៤​គីឡូ​ម៉ែត្រ ខាង​ត្បូង​​ក្រុង​បាន​លុង ។
ទឹក​ជួរ​តាតៃ​ តែង​តែ​បង្ហាញ​ភាព​​ទាក់​ទាញ​របស់​​ខ្លួន​នៅ​រដូវ​ប្រាំង​ចាប់​ពី​ខែ​កុម្ភៈ ​ដល់​ខែ​មេសា។ នា​​អំឡុង​ពេល​នេះ​ ​គឺ​គេ​អាច​លេង​កំសាន្ត​ជា​មួយ​នឹង​ទឹក​ដ៏​​ថ្លាឈ្វេង​ហូរ​កាត់​តាម​​​ ចន្លោះ​ផ្ទាំង​ថ្ម​​តូច​ធំ និង​ឆ្នេរ​ខ្សាច់​ ហើយ​នៅ​​តាម​វាល​ដែល​មាន​ល្បាក់​ទឹក​​ជួរ​ហូរ​កាត់​​នោះ​ក៏​សំបូរ​ទៅ​ដោយ​ កូន​ព្រៃ​រុក្ខ​ជាតិ​លិចទឹក​​ដែរ ។ ដោយ​​មាន​បណ្តោយ​​២​ទៅ​៣​គីឡូ​ម៉ែត្រ ​ល្បាក់​ទឹក​ជួរតាតៃ​ក៏​ផ្តល់​ជា​កន្លែង​ដ៏​​ប្រសើរ​មួយ​សំរាប់​​ការ​ស្ទូច​ ត្រី​លេង​កំសាន្ត​នៅ​ត្រង់​ចំណុច​ស្ងាត់ៗ​ខ្លះ ។ ក្នុង​ពេល​មាន​ពិធី​បុណ្យ​​ចូល​​ឆ្នាំខ្មែរ​​ និង​ចូល​ឆ្នាំ​ចិន ល្បាក់​ទឹក​នេះ​ជា​កន្លែង​ដ៏​ល្អ​​ពិសេស​​មួយ​សំរាប់​​​​អ្នក​ទេសចរ​ក្នុង​ ស្រុក​ដែល​និយម​ធ្វើ​ដំណើរ​​កំសាន្ត​វិល​ល្ងាច​​ពី​ទី​រួម​ខេត្ត​ទៅ​​កាន់​ ទី​នោះ ដើម្បី​ទទួល​ទាន​អាហារ​វេច​ខ្ចប់​នៅ​តាម​រមណីយ​ដ្ឋាន​ ឬ​ហៅ​ថា​ភិច​និច​​ រួច​ចុះ​មុជ​ទឹក​​ និង​ហែល​ទឹក​លេង​កំសាន្ត​យ៉ាង​ត្រជាក់​ចិត្ត។
បើ​ឆ្លង​ទៅ​ត្រើយ​​ម្ខាង​ នៃ​ទន្លេ​ស្រែ​​ពក និង​កន្លែង​​ទឹក​ជួរ ​ទី​នោះ​គឺ​ជា​សហ​គមន៍​ដ៏​ធំ​របស់​បង​ប្អូន​​ជន​ជាតិ​​ឡាវ និង​ខ្មែរ​រស់​នៅ​យ៉ាង​សុខដុម​រមនា ។ ភាគ​ច្រើន​​គេ​ប្រើ​ប្រាស់​ពីរ​ភាសា គឺ ភាសា​ខ្មែរ និង​​ភាសា​​​ឡាវ ពួក​គេ​ជា​កសិ​ករ និង​ជា​​អ្នក​នេសាទ​​ ហើយ​ក៏​ជាអ្នក​​ប្រមូល​អនុ​ផល​ព្រៃ​​ឈើ​​ ដើម្បី​​រក​កំរៃ​ចិញ្ចឹម​ជីវិត​ផងដែរ ។

៩-រមណីយ​ដ្ឋាន​វាល​ថ្ម​រំផ្លង់ ៖


វាល ​ថ្ម​រំផ្លង់ ជា​រមណីយ​ដ្ឋាន​អេកូ​​ទេស​ចរណ៍​គួរ​ឱ្យ​​ទាក់​ទាញ​មួយ ​ជា​​ដែន​ដី​ប្រពៃណី​នៃ​សហ​គមន៍​កុល​សម្ព័ន្ធ​ភ្នំ​រស់​នៅ​ទី​នោះ។ នៅលើ​វាល​នោះ​មាន​ស្មៅ និង​មាន​រុក្ខ​ជាតិ​ព្រៃ​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​នា​​​រដូវ​វស្សា​​​ ចាប់​ពី​​ខែ​ឧសភា ដល់​ខែ​​មករា ។ ​នៅ​ក្បែរ​​នោះ​មាន​អូរ​តូច​មួយ​មាន​ទឹក​​ថ្លា​​​ឈ្វេង​ជានិច្ច​ និង​ជួន​កាល​ហូរ​ផង ហើយ​បាន​ជា​ដាក់​​ឈ្មោះ​ថា «វាល​ថ្ម​រំផ្លង់» ​ដោយ​យក​តាម​ឈ្មោះ​កូន​មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​​ភ្នំ ដែល​រស់​នៅ​ជុំ​វិញ​តំបន់​នោះ។ យោង​ទៅ​​តាម​រឿង​ព្រេង​ គឺ​​ជា​យូរ​លង់​មក​ហើយ វាល​ថ្ម​រំផ្លង់​ជា​វាលថ្ម​ដា​​​ធម្ម​ជាតិ ដែល​ពួក​កុមារ​ជន​ជាតិ​ដើម​ភាគ​តិច​និយម​ទៅ​លេង​​រួម​ទាំង​កូន​មេ​កុលស​ ម្ព័ន្ធ​ក្នុង​តំបន់​​ និង​និយម​ទៅ​បង្ហោះ​​ខ្លែង​លេង​ផង​ដែរ ។
ថ្ងៃ​ មួយ​​កុមារ​ឈ្មោះ​​ «រំផ្លង់» ដែ​លជា​កូន​ប្រធាន​កុល​សម្ព័ន្ធ​​ភ្នំ​នៅ​មូល​ដ្ឋាន​នោះ​ក៏​មក​លេង​បង្ហោះ​ ខ្លែង​តាម​ធម្ម​តា ​​នៅ​ពេល​នោះ ស្រាប់តែ​មាន​​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ ហើយ​​​ធ្វើ​ឱ្យ​ដាច់​ខ្សែ​​ខ្លែងរបស់​កុមារ​រំផ្លង់​នោះ រសាត់​ទៅ​​ធ្លាក់​ទើរ​​លើ​ចុង​ស្រឡៅ​ដ៏​ធំ​សែន​​ខ្ពស់ ។ កុមារ​រំផ្លង់​មិន​​សប្បាយ​ចិត្ត​​​​ចំពោះ​វាសនា​នៃខ្លែង​​ដ៏​ស្រស់​ស្អាត​​ របស់​ខ្លួន​ឡើយ បន្ទាប់​​វា​បាន​​សំរេច​ចិត្ត​ឡើង​​​ដើម​ស្រឡៅ​នោះ ដើម្បី​ទៅ​​យក​ខ្លែង​របស់​ខ្លួន​​​ត្រឡប់​មក​វិញ តែ​ជា​អកុសល​នៅ​ពេល​​​រំផ្លង់​​កំពុង​សួរ​​សំដៅ​ទៅ​ចុង​​មែក​​ស្រឡៅ ជា​​ទី​​ដែល​​ខ្លែង​ទាក់​​ជាប់​នៅ​​ទី​នោះ​ ស្រាប់​តែ​មែក​​នោះ​​បាក់​ ហើយ​រំផ្លង់​ក៏​ធ្លាក់​មក​ក្រោម​​ស្លាប់​មួយ​រំពេច ។
សាក​សព​កុមារ​​ រំផ្លង់​​ត្រូវ​គេ​បញ្ចុះ​នៅ​ទី​នោះ​ក្នុង​ផ្នូរ​តូច​មួយ​​ រីឯ​​ខ្លែង​​របស់​រំផ្លង់ ក៏​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​​ក្បែរ​ផ្នូរ​នោះ​ដែរ លុះ​​​ចំ​ណេរ​​ចីរ​កាល​​​ក្រោយ​មក​ ខ្លែង​ដ៏​វែង​ស្រស់​ស្អាត​របស់​រំផ្លង់​​​ក៏​បាន​ក្លាយ​​ទៅ​ជា​អូរ​ដែល​មាន​ រហូត​មក​ដល់​​​សព្វ​ថ្ងៃ​នេះ​ឯង ។
ទី​កន្លែង​​ និង​កាល​បរិ​ច្ឆេទ​នៃ​មរណ​​ភាព​របស់​រំផ្លង់​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​ ​​ជា​រៀង​រាល់​ឆ្នាំ ដោយ​​កុល​សម្ព័ន្ធ​ភ្នំ​ទាំង​ឡាយ​​​នៅ​​ជំនាន់​ក្រោយៗ​មក​ទៀត ។ ពួក​កុល​សម្ព័ន្ធ​​ភ្នំ​នៃ​តំបន់​នោះ​តែង​មក​​ពី​ទី​ជុំ​វិញ​ជិត​ឆ្ងាយ​ទាំង ​អស់​ ដើម្បី​មក​ប្រារព្ធ​បូជា​ដល់​ដួង​ព្រលឹង​របស់​រំផ្លង់ ។ ពួក​​គេ​គ្រប់ៗ​គ្នា​តែង​តែ​នាំ​មក​ជា​មួយ​​​នូវ​​ម្ហូប​អាហារ​ ផ្លែ​ឈើ​គ្រប់​មុខ និង​ជា​ពិសេស គឺ​ស្រា​ពាង​មក​កាន់​កម្ម​វិធី​នេះ​រាល់​ៗ​ឆ្នាំ ​។ ចំណែក​អង្កាម​​ដែល​ជា​វត្ថុ​ធាតុ​ដើម​មួយ​ប្រភេទ​សំរាប់​យក​មក​ធ្វើ​​ស្រា​ ពាង​តាម​បែប​ប្រពៃ​ណី​ជន​​ជាតិ​ដើម​កុល​សម្ព័ន្ធ​​ភ្នំ​​ ក៏​ត្រូវ​បាន​គេ​បាច​សាច​ចោល​នៅ​បរិ​វេណ​ប្រារព្ធ​​ពិធី​នោះ ដែល​នៅ​ក្បែរ​​ផ្នូរ​របស់​រំផ្លង់ ។ លុះ​ចំណេរ​ចីរកាល​ក្រោយ​មក​​ជា​ច្រើន​ឆ្នាំ​​ គំនរ​អង្កាម​ក៏​កាន់​តែ​រីក​ធំ​ឡើងៗ​រហូត​​ក្លាយ​ជា​កូន​ភ្នំ​តូច​មួយ​នៅ​ទី ​នោះ​​ដែល​​បច្ចុ​ប្បន្ន​ប្រសិន​បើ​យើង​ដើរ​ឡើង​ទន្ទ្រាំ​លើ​កូន​ភ្នំ​នោះ​ វា​នឹង​ឮ​សូរ​សំលេង​ខ្ទ័រ ។

ដោ​យការ​គោរព​ប្រតិ​បត្តិ​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​​ ប្រពៃ​ណី​របស់​ខ្លួន​ ប្រជា​ជន​កុល​សម្ព័ន្ធ​​ភ្នំ​ទាំង​ឡាយ​បាន​ដឹង​​និង​ស្គាល់​ទាំង​អស់​អំពី​ ពិធី​បុណ្យ​​រំផ្លង់​​ ហើយ​និង​ទី​កន្លែង​រៀប​ចំ​ពិធី ។​ មូល​ហេតុ​នោះ​​ហើយ​ដែល​​ប្រជា​ជន​​កុល​សម្ព័ន្ធ​ភ្នំ​មូល​ដ្ឋាន និង​ប្រជា​ជន​ខ្មែរ​នៅ​ទី​នោះ​​ហៅ​ថា វាល​រំផ្លង់​រហូត​​មក​ដល់​​បច្ចុ​ប្បន្ន​ និង​ជា​ទី​កំសាន្ត​​ទេស​ចរណ៍​​​នារដូវ​បុណ្យ​ទាន​​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ ។

១០-ឧទ្យាន​ជាតិ​វីរ​ជ័យ ៖


ក្នុង ​ភាព​ដ៏​ស្រស់​បំព្រង​ដោយ​ព្រៃ​ធម្ម​ជាតិ​ ជួរ​ភ្នំ​​​ ខ្ពង់​រាប ជ្រលង​ភ្នំ និង​ដង​អូរ​ ដែល​អម​ដោយ​សហ​គមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​ និង​សត្វ​ព្រៃ​ច្រើន​ប្រភេទ​ កំពុង​តែ​រង់​ចាំ​ស្វាគមន៍​​អ្នក​ទេស​​ចរ​នៅ​ឯ​ឧទ្យាន​ជាតិ​វីរ​ជ័យ ។
ឧទ្យាន ​ជាតិ​វីរ​ជ័យ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៣.៣២៥​គីឡូ​ម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ស្រុក​តាវែង​ និង​ស្រុក​​វុឺន​សៃ របស់​ខេត្ត​រតន​គិរី ហើយ​បន្ត​ភ្ជាប់​​នៅ​ដល់​ស្រុក​​សៀម​បា៉ង ខេត្ត​ស្ទឹង​​ត្រែង ​និង​ស្ថិត​​​នៅចំងាយ​​ប្រហែល​​៦០​គីឡូ​ម៉ែត្រ ​ខាង​ជើង​ក្រុង​បាន​លុង ទី​រួម​ខេត្ត​រនត​គិរី ។ ឧទ្យាន​នេះ​ គឺ​ឧទ្យាន​ដ៏​ធំ​ជាង​គេ​​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ហើយ​​ក៏​ធំ​ជាង​​នៅ​ទូទាំង​តំបន់​រួម​ទាំង​​ប្រទេស​ឡាវ និង​វៀត​ណាម ។​លើស​ពី​នេះ​ទៀត ​ឧទ្យាន​នេះ​ត្រូវបាន​គេ​រាប់​បញ្ចូល​ថា ជា​តំបន់​អភិ​រក្ស​ធំ​ជាង​គេ​នៅ​​ទ្វីប​អាសីុ​ផង​ដែរ ។ ទី​នេះ គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​បន្សល់​ទុក​នូវ​ភាព​ដើម​នៃ​ប្រព័ន្ធ​ជីវ​​ ចំរុះ​ដោយ​គ្មាន​មនុស្ស​ណា​ម្នាក់​ទៅ​ប៉ះ​ពាល់​បំផ្លិច​បំផ្លាញ​ឡើង​ទាំង​​ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​អាសីុ​អាគ្នេយ៍ វា​មាន​ដើម​ឈើ​ខ្លះ​ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ វាល​ស្មៅ​​ បក្សា​បក្សី​រាប់​រយ​ប្រភេទ រាប់​ទាំង​សត្វ​អង្កត់ក.ស និង​ក.ខ្មៅ ​ត្រដក់​ ត្រសេះ និង​ពពួក​ថនិក​សត្វ​ជា​ច្រើន​​ប្រភេទ​​​ទៀត ។

ព្រៃ​ឈើ​​​ដ៏​ធំ​​ល្វឹង​ល្វើយ​ វាល​ស្មៅ​​យា៉ង​ច្រើន​​ ជួរ​ភ្នំ និង​ជ្រលង​ភ្នំ​​ សុទ្ធ​​សឹង​តែ​ជា​ប្រធាន​បទ​ដ៏​ធំ​មួយ​ដែល​បន្សល់​ទុក​នូវ​ការ​ស្រាវ​ជ្រាវ​ សំរាប់​​មនុស្ស​ផង​ទាំង​ពួង។ ក្រៅ​ពី​នេះ ​នៅ​មាន​ប្រភេទ​​​សត្វ​ជា​ច្រើន​ទៀត​ដែល​គេ​ពុំ​ធ្លាប់​​បាន​ស្រាវ​​ជ្រាវ។ ​ក្រុម​អ្នក​​អភិ​រក្ស​ឧទ្យាន​នេះ ក៏​បាន​ប្រទះ​ឃើញ​នូវ​​ហ្វូង​សត្វ​ដំរី​ ខ្លា​ធំ និង​អំបូរ​មំ​សា​សត្វ​ជាច្រើន​ប្រភេទ​ទៀត​ រួម​ទាំង​​សត្វ​​​ប្រភេទ​​ខ្លះ​កំពុង​​ប្រកាស​អាសន្ន​ថា វា​នឹង​ឈាន​ទៅ​ដល់​ការ​បាត់​បង់​នៅ​ក្នុង​លោក​​​យើង​នេះ​ក៏​មាន ។
ភូមិ​ ​ភាគ​ឦ​សាន​របស់​ប្រទេស​​កម្ពុជា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​​ភូមិ​កំណើត​នៃ​បង​ប្អូន​ជន​ជាតិ​​ដើម​ភាគ​តិច​ជាច្រើន​អំបូរ ដែល​បាន​រស់​នៅ​ទី​នោះ​រាប់​សត​វត្ស​កន្លង​មក​ហើយ ហើយ​ពួក​គាត់​បន្ត​ការ​រស់​នៅ​ជា​មួយ​នឹង​​ការ​ដាំ​ដុះ​ កសិ​ផល​ជីវ​​ចំរុះ។ ​​នៅ​ក្នុង​តំបន់​នេះ ជន​ជាតិ​​ទើប​ភាគ​តិច​ព្រៅ​ និង​កាវ៉ែត​៤​ទៅ​៥​សហ​គមន៍​បាន​បន្ត​ប្រពៃណី​រស់​នៅរបស់​ពួក​គាត់​ដោយ​ពឹង​ ផ្អែក​​លើ​អនុ​ផល​​ព្រៃ​ឈើ​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ។ បច្ចុ​ប្បន្ន​​ សហ​គមន៍​​ជន​ជាតិ​​ដើម​​ទាំង​នោះ ​បាន​ចូល​រួម​យ៉ាង​សស្រាក់​​សស្រាក់​នៅ​ក្នុង​កម្ម​វិធី​អភិរក្ស​​ឧទ្យាន​ ជាតិ​ដ៏​ធំ​មួយ​នេះ​។ ប៉ុន្តែ​ទោះ​បី​ជា​ឧទ្យា​វីរ​ជ័យ​សំបូរ​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​យា៉ង​​ណា​ ក៏​ដោយ​ចុះ ក៏​កេរ​មរតក​សោក​នាដ​កម្ម​នៃ​សម័យ​​​សង្គ្រាម​អាមេ​រិក និង​វៀត​ណាម បាន​បន្សល់​​​ទុក​ស្លាក​ស្នាម​យ៉ាង​ជូរ​ចត់​ដល់​តំបន់​ព្រៃ​ធម្ម​ជាតិ​ដ៏​ធំ ​មួយ​នេះ​ដែរ។ បើ​យើង​សង្កេត​ឱ្យ​ដិត​​ដល់​​នៅ​ក្នុង​ឧទ្យា​ន​ជាតិ​វីរ​ជ័យ ក៏​បាន​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ផ្លូវ​លំហ្វ​ជី​មិញ​នៅ​ទី​នោះ​​ដែរ ។

នៅ​ក្នុង​ឧទ្យា​ជា​តិ​វីរ​ជ័យ ​លោក​អ្នក​​អាច​នឹង​បាន​ឃើញ​នូវ​សត្វ​ជា​ច្រើន​ប្រភេទ​រួម​ទាំង​ដំរី​ ខ្លា និង​ខ្លា​ឃ្មុំ​ផង ។ បន្ថែម​លើស​ពី​​នោះ​​​ទៀត នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ​នេះ​ក៏​ជា​​ផ្ទះ​​សម្បែង​របស់​បង​ប្អូន​​ជន​ ជាតិ​​ដើម​ភាគ​តិច ប្រមាណ​១.៥០០​គ្រួសារ កំពុង​រស់​នៅ​ទី​នេះ​ផង​ដែរ ។ អ្នក​ទេស​ចរ​​ទាំងឡាយ អាច​នឹងបាន​ឃើញ​អំពី​​ប្រពៃណី​ទំនៀមទំលាប់​ ជំនឿ​​ផ្សេងៗ​​ និង​សកម្មភាព​​​ប្រចាំ​​ថ្ងៃ​​របស់ពួកគេ​​មិន​​ខាន ហើយ​អ្វីដែល​អាច​​មើល​ឃើញ​​យ៉ាង​ច្បាស់​​ក្រឡែត​នោះ គឺ​​ស្លាក​ស្នាម​​នៃសង្គ្រាម​​រវាង​វៀត​ណាម​​ និង​អាមេរិក​​នៅ​ទីនោះ​ ។
ឧទ្យាន ​​ជាតិ​វីរជ័យ ក៏ត្រូវ​បានគេ​ទទួល​ស្គាល់​ ហើយ​រាប​់បញ្ចូល​ជា​ឧទ្យាន​​ជាតិ​នៃ​​សម្បត្តិ​​​បេតិ​កភណ្ឌ​​របស់​ ប្រជាជាតិ​អាស៊ាន តាំង​ពី​ឆ្នាំ​​២០០៣ មក​ម៉្លេះ ​ថាជា​ឧទ្យាន​ជាតិគំរូ​ក្នុង​​ការ​ចែក​រំលែក​​បទពិសោធន៍​​នៃការ​​អភិរក្ស​​​ ​​ជីវ​ចំរុះ​​របស់​ខ្លួន​នៅក្នុង​​តំបន់​ក៏​ដូចជា​លើឆាក​អន្តរ​ជាតិ។ តំលៃ​​លិខិត​ចូលទស្សនា​ឧទ្យាន​​ជាតិ​វីរជ័យ​គឺ​១០​ដុល្លារ ​សំរាប់​ទេសចរ​​ម្នាក់ក្នុង​​មួយថ្ងៃ ​ដោយ​រាប់​​ទាំង​ថ្លៃ​​មគ្គុ​ទេ្ទស​ក៏​​រួច​ជា​ស្រេច ។ រី​ឯថ្លៃ​​ស្នាក់នៅ​​តាមផ្ទះ​សំណាក់​សហគមន៍​​នោះ គឺ​ប្រហែល​​៥​ដុល្លារ​​ក្នុង​មួយថ្ងៃ ភាគច្រើន​​ជា​ភ្ញៀវ​​​អន្តរជាតិ​​ទៅទស្សនា​​កំសាន្ត​​នៅទីនោះ​​យ៉ាង​ច្រើន ។

១១-​ជំរកសត្វព្រៃ​​លំផាត់ ៖


លំផាត់ ​​ ជា​ផ្នែក​មួយនៃ​ទីឋាន​​ពិសិដ្ឋសំរាប់​​អភិរក្ស​​ពពួកសត្វ​​ព្រៃច្រើន​​ ប្រភេទ​នៃ​​ដែនជំរក​​សត្វ​ព្រៃ​​របស់ខេត្ត​​រតនគិរី ដែលជា​ទីកន្លែង​​គួរ​ឱ្យ​​ចាប់អារម្មណ៍​​បំផុត​នៃ​សំរស់​​ធម្មជាតិ​របស់​ កម្ពុជា។ ​ដែនជំរកសត្វព្រៃ​នេះ​​ស្ថិត​នៅ​ក្នុង​ខេត្ត​​ភាគឦសាន​​​នៃ​ប្រទេស គឺលាតសន្ធឹង​​ពីតាំង​ពី​ខេត្ត​រតន​គីរី​​ រហូត​​ខេត្តមណ្ឌល​​គិរី ​មាន​ទំហំ​​២.២២៥​គីឡូម៉ែត្រ​ការ៉េ​ ហើយ​តំបន់​នេះ​​ក៏ជា​​រមណីយដ្ឋាន​​ទាក់ទាញ​​​អ្នក​ទេសចរ​​ដែរ ​ដោយ​សារ​សំរស់​​ដ៏ត្រកាល​​ពីធម្មជាតិ​​​ ហ៊ុមព័ទ្ធ​​​ដោយ​រុក្ខ​ជាតិធំៗ​ និង​​​ជួរភ្នំ ដង​អូរ​​ ទន្លេ ដែលមាន​ទេស​​ភាព​ស្ងប់ស្ងាត់ ​ពីការ​រំខានទាំង​ឡាយ​របស់​មនុស្ស វាប្រៀប​​បាន​ជា​ឋានសួគ៌​មួយ​សំរាប់​ពពួក​​​សត្វព្រៃ​ជាច្រើន​ប្រភេទ​​ រួមទាំង​ប្រភេទ​សត្វ​​​ដ៏កម្រ​​ជិត​​ផុត​ពូជ​មួយ​ចំនួន​នៅលើ​ពិភព​លោក​នេះផង ។​
តំបន់សត្វ​ព្រៃ​​លំផាត់​មាន​ភ្នំ​ជា​ច្រើន លាយ​ឡំ​​ដោយព្រៃ​ និង​ដី​ទំនាប ​វាលស្មៅ ស្រះ​ ត្រពាំង និងអូរ​​ ដែល​ជា​ប្រភព​ទឹក​ភ្ជាប់ជាមួយ​​ទន្លេ​​ស្រែ​ពក វា​បាន​​ផ្តល់​​ជា​ជំរក​ដ៏​ល្អ​​វិសេស​វិសាល​​​ដល់​ថនិក​សត្វ​ជា​ច្រើនទៀត ​និង​ក៏មាន​​​សត្វ​​បក្សាបក្សី​​តូច​ធំ​ ​ជា​ច្រើន​​​រាប់រយ​​ប្រភេទ​រស់​នៅ និង​​សត្វ​​​ព្រៃ​ធំៗ​ដូចជា​ដំរី ក្របីព្រៃ ​ខ្លា ព្រម​ទាំង​​​ខ្លាឃ្មុំ ​និងពពួក​​ឧរង្គ​​សត្វជា​ច្រើន​​ទៀត​រស់​នៅ​​យ៉ាង​សុខសាន្ត ។

យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​​ដោយ​អង្គការ​ WWF ក្នុង​​​ឆ្នាំ​២០០១​ ​បាន​ឱ្យ​ដឹង​ថា ព្រៃ​នេះ​មាន​ប្រភេទ​​ថនិកសត្វ​​តូចធំ​ជាច្រើន​​ មាន​សត្វ​​បក្សា​បក្សី​​ប្រហែលជា​​១០០ប្រភេទ ​នៅ​ទី​នោះ​​​រួម​មាន​ទាំង​​រុក្ខជាតិ​​តូចធំ​រាប់​រយ​​ប្រភេទ និង​​តំបន់​​ទឹកធ្លាក់​​ជាច្រើន​​កន្លែង​ផងដែរ ។ ក្រៅ​ពី​ផ្តល់​ជំរក​​សត្វព្រៃ​​ជាច្រើនប្រភេទ​ហើយ ​ទីឋាន​ដ៏​ពិសិដ្ឋ​​នេះ​ក៏​ជា​លំនៅ​ឋាន​​របស់​គ្រួសារ​​ជនជាតិ​ដើម​​ ភាគតិចជាង​១០០គ្រួសារ​នៅទីនោះ​ផងដែរ ​ដែលភាគច្រើន​​​ជា​ជនជាតិ​​ដើមភាគតិច​ព្នង។ ពួក​​គាត់​​រស់នៅ​ដោយពឹង​​ផ្អែក​លើ​ធនធាន​​ធម្មជាតិ​ក្នុង​ឧទ្យាន​​នេះទាំង​ ស្រុង ដែលប្រមូល​​អនុផល​ពីព្រៃ​​ឈើ​មួយ​ចំនួន​ដូចជា​ជ័រ វល្លិ ផ្តៅ​​ តិណ ​ជាតិ និង​ផលានុផល​ព្រៃឈើ​​ដទៃទៀត សំរាប់​ផ្គត់​​ផ្គង់​​ជីវភាព​រស់នៅ​របស់​ពួកគាត់ ។​
ប្រសិន​បើ​​អ្នក​ ទេសចរ​​​ចង់ឃើញ​សត្វ​កាន់តែ​ច្រើន​ គេអាច​បោះជំរំ​នៅ​​ទីនោះ​​រហូត​ដល់​​​មួយ​សប្តាហ៍​​​ក៏​បាន​ ដែល​​ដំណើរ​កំសាន្ត​​​របៀប​ការ​ផ្សង​​ព្រេង​នេះ​វា​ពិត​ជា​បានផ្តល់​​ ពេលវេលា​​យ៉ាង​ពិសេស សំរាប់ការ​កំសាន្ត​​សប្បាយ​នឹង​សំរស់​ធម្មជាតិ​​​ពិតៗ។ ​នៅទីនោះ​​អ្នក​​ទេសចរ​​អាចជិះ​រទេះ​គោ​ ក្របី ​ដំរី ដែល​​ផ្តល់សេវា​ដោយ​ជនជាតិ​​ភាគ​តិច​ព្នង ហើយ​ការ​ជួលរទេះ ឬ​ដំរី និង​អ្នក​បរ​ដំរី (ហ្ម​ដំរី) មាន​​តំលៃ​ប្រហែល​​​ពី​១៥​ដុល្លារ ទៅ​​២៥​ដុល្លារ ក្នុងមួយថ្ងៃ ៕​

http://kohsantepheapdaily.com.kh/article/20110122-202233.html

2 Comments

  1. lim san said,

    March 3, 2011 at 7:20 am

    អរគុណដែលបានចែកចាយជូន . ថ្ងៃណាមួយនឹងបានស្គាល់ជាមិនខាន​!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: