នាគក្នុងសង្គមខ្មែរ

អត្ថបទដកស្រង់ចេញពីទស្សនាវដ្តី “កេរដំណែលខ្មែរ” លេខ​ ០១ ឆ្នាំ ២០០៩

ដោយៈ ចិន្ត ច័ន្ទរតនា

នាគ គឺជារូបសត្វម្យ៉ាងមានទ្រង់ទ្រាយស្រដៀងនឹងសត្វពស់ តែមានរូបរាងប្លែកជាងសត្វពស់។ តាមគំនូរ និងចម្លាក់ខ្លះ នាគមានក្បាល១ ក្បាល៣ ក្បាល៥ ក្បាល៧ ក្បាល៩ក៏មាន ជួនកាលទៀតមានរូបរាងយ៉ាងចម្លែក ទាំងភ្នែក មុខមាត់ ស្រកា ជួនក៏មានជើងទៀតផង។ ខ្មែរជឿថា នាគជាសត្វមានអានុភាព និងឫទ្ធានុភាព ហើយអាចកាឡាខ្លួនជាមនុស្ស ឬពាក់កណ្តាលមនុស្សក៏បាន។អស់ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានមនុស្សជាច្រើនស្វែងរក ក៏ដូចជាបង្ហាញពីរូបរាងពិតប្រាកដរបស់សត្វនាគ តែទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានអំណះអំណាងណាមួយពីរូបរាងរបស់សត្វដែលប្រកបដោយ មហិទ្ធិឫទ្ធិនេះឱ្យបានជាក់ច្បាស់នៅឡើយទេ។ ប៉ុន្តែ នៅក្នុងគំនិតរបស់មនុស្សភាគច្រើននៅតែជឿជាក់ថាសត្វដ៏អស្ចារ្យ នេះ នៅមានជីវិតនៅលើផែនដីនៅឡើយ ដែលជួនកាលអាចទៅជ្រកនៅទីអាថ៌កំបាំងមួយពីភ្នែករបស់អ្នកដទៃ ហើយនឹងផុសចេញនៅថ្ងៃណាមួយមិនខាន។នាគ និងកំណើតខ្មែរតាម រយៈរឿងព្រេងដែលនិទានតៗគ្នា ដែលនិយាយអំពីដើមកំណើតខ្មែរនៅលើដីសុវណ្ណភូមិ ប្រជាជនខ្មែរភាគច្រើនយល់ថា ពួកគេមានខ្សែស្រឡាយពីព្រះនាងនាគជាបុត្រីស្តេចភុជង្គនាគ និងបុរសជាមនុស្សលោកម្នាក់ឈ្មោះថាព្រះថោង ដែលរស់នៅលើទឹកដីគោកធ្លក រហូតបង្កើតបានជាប្រទេសមួយហៅថា កម្ពុជទេស ឬប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀតរឿងនិទាននេះក៏ត្រូវកត់បញ្ចូលទៅក្នុងកំណត់ត្រា របស់លោកកាងតៃ(Kang T’ai) ដែលជាបេសកជនជាតិចិនមកស្រុកខ្មែរតាំងពីសតវត្សរ៍ទី៣ផងដែរ។ 

និមិត្តរូបនៃនាគបើ និយាយចំពោះប្រជារាស្រ្តខ្មែរវិញ នាគមានអត្ថន័យខ្ពង់ខ្ពស់ណាស់ ព្រោះជានិច្ចកាលខ្មែរតែងគោរពបូជាដល់សត្វនេះ។ គេយល់ថា នាគគឺជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ជាស្ពានចម្លងពីឋានមនុស្សទៅឋានទេវតា និងជានិមិត្តរូបនៃការការពារ និងថែរក្សាសម្បតិ្តប្រកបដោយមហិទ្ធិឫទ្ធិ ហើយការការពារនោះកាន់តែស័ក្តិសិទ្ធិចំពោះសត្រូវដែលមើលមិនឃើញ ដែលព្យាយាមបៀតបៀនដោយអំពើធ្មប់ ឬចំពោះខ្មោច ព្រាយបិសាចដែលប៉ុនប៉ងយាយី។ នៅក្នុងស្ថានភាពដែលលំបាកទន់ខ្សោយ ឬក៏ត្រូវគេឈ្លានពាននោះ ប្រជារាស្រ្តខ្មែរជឿជាក់ថានឹងមានពេលណាមួយ នាគនឹងផុសឡើងនៅលើទឹកដីកម្ពុជា ហើយជួយឱ្យទឹកដីនេះប្រកបដោយភាពសម្បូរសប្បាយ និងកម្ចាត់អស់សត្រូវទាំងពួង ដ្បិតពួកគេមានខ្សែស្រឡាយនឹងសត្វនាគ ម្លោះហើយទើបសត្វនាគមិនចាកឆ្ងាយចោលទឹកដី និងកូនចៅរបស់ខ្លួនឡើយ។ បើពិនិត្យទៅលើសំណង់សាសនា សំណង់សាធារណៈផ្សេងៗទៀតដូចជា ប្រាសាទ ព្រះវិហារ ជាដើម នៅតាមដំបូល ជញ្ជាំង ឬសសរជាដើម គេតែងឆ្លាក់រូបនាគនៅក្នុងបំណងដើម្បីជួយការពារនូវមរតក ទ្រព្យសម្បតិ្ត ឬការពារទីឋានដ៏ពិសិដ្ឋទាំងនោះ ពីមនុស្សអាក្រក់ ឬសភាវៈអាក្រក់ដែលមកបៀតបៀន។ ចំណែកឯនាគដែលគេឆ្លាក់លម្អនៅតាមបង្កាន់ដៃ ក្បាលស្ពាន ឬនៅតាមផ្លូវដើរមួយចំនួនផ្សេងទៀតនោះ ក៏តំណាងឱ្យការការពារ និងការភ្ជាប់ទំនាក់ទំនងរវាងឋានមនុស្ស និងទេវលោកដែលជាឋានសុខដែលមនុស្សគ្រប់រូបតែងតែប៉ងប្រាថ្នា។ ចំណែកឯសម្ភារៈប្រើប្រាស់ និងគ្រឿងតុបតែងលម្អខ្លួនទាំងឡាយ ដែលមានឆ្លាក់រូបនាគ ដោយពួកគេមានជំនឿថាធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមាន មហិទ្ធិឫទ្ធិ និងកិត្តិយស ហើយក៏ជានិមិត្តរូបនៃភាពត្រជាក់ត្រជុំដល់ពួកគេថែមទៀតផង។ ក្រៅពីនេះ នាគក៏មាននាទីជាក្បាច់លម្អផងដែរ ដែលខ្មែរតែងតែបង្ហាញរូបនាគផ្សេងៗគ្នា ខ្លះឆ្លាក់រំលេចជាក្បាច់ភ្ញី និងរូបរាងផ្សេងៗគ្នាទៅតាមការចង់បាន។ 

នាគក្នុងជីវភាពប្រចាំថ្ងៃបើ យើងមើលពីជីវភាពប្រចាំថ្ងៃរបស់ខ្មែរវិញ យើងឃើញមានពិធីជាច្រើនដែលទាក់ទងនឹងនាគ ដែលពិធីទាំងនោះសុទ្ធសឹងតែជាពិធីនាំមកនូវសិរីសួស្តីជ័យមង្គល ដល់ក្រុមគ្រួសារ ដូចជាពិធីបំបួសនាគ ដែលគេធ្វើឡើងនៅពេលក្មេងប្រុសសាងផ្នួសជាសាមណេរនៅក្នុង ព្រះពុទ្ធសាសនា។ ចំពោះរឿងយល់សប្តិ បើសិនជាឃើញនាគ មានន័យថាជាប្រផ្នូលល្អ ហើយអ្នកនោះនឹងមានជោគល្អក្នុងរឿងការងារ និងគ្រួសារ ហើយបើអ្នកនោះសុបិន្តឃើញសត្វពស់មករួបរឹតខ្លួនវិញមានន័យថាជិត ដល់គូហើយ។ ដូចនេះពស់ដែលនៅក្នុងយល់សប្តិនោះ គឺគ្មាននរណាដែលក្រៅពីគូររបស់អ្នកឡើយ។ គួររំលឹកផងដែរថា កាលពីសម័យអង្គរនៅសតវត្សរ៍ទី១៣ អ្នកកត់ត្រាជាតិចិនម្នាក់ឈ្មោះ ជីវ តាក្វាន់ ក៏បានសរសេរអំពីរឿងមួយ(អាចថាជារឿងចចាមអារ៉ាម?)ដែលថាជារៀងរាល់ យប់ព្រះមហាក្សត្រត្រូវយាងឡើងទៅលើប្រាសាទមួយ(ប្រាសាទភិមាន អាកាស?) នៅក្នុងព្រះមរមរាជវាំង ដើម្បីផ្ទុំជាមួយស្រ្តីដ៏ស្រស់ស្អាតម្នាក់ដែលកាឡាខ្លួនពីសត្វ នាគ ហើយបើយប់ណាដែលព្រះអង្គមិនបានយាងឡើងទៅលើនោះទេ គេមានជំនឿថាហេតុភេទអាក្រក់នឹងកើតឡើងនៅក្នុងព្រះរាជវាំង និងស្រុកទេសជាក់ជាមិនខាន។ រីឯពិធីរៀបអាពាហ៍ពិពាហ៍វិញ នៅពេលដែលកូនកំលោះតោងស្បៃនាងនាគដើម្បីចូលទៅគាល់មាតាបិតានៅ ឋានភុជង្គនាគ។ ចំពោះទំនៀមនៃការសាងសង់អ្វីមួយ គឺគេរើសពេលវេលា និងថ្ងៃជ័យ ចំណែកឯផ្ទះសំបែង និងសំណង់ទាំងនោះទៀតសោត នៅមុនពេលសាងសង់គេធ្វើពិធី«សែនក្រុងពាលី» ដើម្បីជម្រាប និងសុំការអនុញ្ញាតពីសត្វនាគមួយឈ្មោះថាពាលី ដែលជាម្ចាស់ទឹកដីទទួលដឹងពីការចាប់ផ្តើមសាងសង់ និងមុនពេលចូលមករស់នៅលើទីកន្លែងថ្មី គេធ្វើពិធីនេះម្តងទៀតដើម្បីជម្រាបជាដំណឹង និងសុំសេចក្តីសុខចម្រុងចម្រើនចំពោះក្រុមគ្រួសារថ្មីដែលរើមកនៅ លើផ្ទះនោះ។ ម្យ៉ាងវិញទៀត នៅពេលសាងសង់ផ្ទះក្តី ឬសំណង់ផ្សេងៗក្តី គឺគេជ្រើសរើស និងសន្មត់ថាសាងសង់នៅលើទឹកដីរបស់នាគ ម្លោះហើយការរើសទីតាំងឱ្យស្របទៅតាមត្បូងនាគ(ក្បាលនាគ) ខ្លួននាគ ពោះនាគ និងកន្ទុយនាគ គឺជាទំនៀមមួយដែលគេធ្វើតៗគ្នា ហើយទីតាំងទាំងនោះអាចប្រែប្រួលទៅតាមខែដែលនាគប្រែខ្លួន ដែលទំនៀមនេះ មានចែងនៅក្នុងសៀវភៅក្បួនខ្នាតតាំងពីបុរាណ។ ធ្វើដូចនេះ គេយល់ថានឹងទទួលបានភាពត្រជាក់ត្រជុំពីនាគ ដែលជាម្ចាស់ទឹកម្ចាស់ដី។ 

នាគ និងសិល្បៈនិមិត្ត រូបនៃនាគ មិនត្រឹមតែមាននៅក្នុងជំនឿរបស់ខ្មែរប៉ុណ្ណោះទេ សូម្បីតែក្នុងសិល្បៈ និងសាសនាក៏សឹងតែមានគ្រប់ពេលវេលាផងដែរ។ ការបង្ហាញនាគដែលមានរូបរាង និងលក្ខណៈខុសៗគ្នានេះ មិនមែនជាការចៃដន្យទេ ពោលគឺខ្មែរធ្វើឡើងទៅតាមក្បួនខ្នាត និងទស្សនៈផ្សេងៗគ្នា។ ក្នុងសិល្បៈខ្មែរ យើងឃើញនាគលេចឡើងដំបូងបង្អស់នៅកំឡុងសតវត្សរ៍ទី៧(រចនាបថសម្បូរ ព្រៃគុក) នៅលើផ្តែរនៃប្រាង្គកណ្តាល(S1) ក្រុមខាងត្បូង(ឬក្រុមប្រាសាទយាយពាន់) នៃក្រុមប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំ។ តាំងពីពេលនោះមក នាគមានបង្ហាញកាន់តែញឹកញាប់នៅក្នុងរចនាបថក្រោយៗរហូតមកដល់ចុង សម័យអង្គរ ពាក់កណ្តាលសតវត្សរ៍ទី១៤។ រូបរាងរបស់នាគដែលត្រូវគេឆ្លាក់លម្អ គឺមានការប្រែប្រួលពីរចនាបថមួយទៅរចនាបថមួយទៀត ទៅតាមសម័យកាលផ្សេងៗគ្នា និងទៅតាមឥទ្ធិពលសិល្បៈពីតំបន់ផ្សេងៗមកលើសិល្បៈខ្មែរ។ 

នាគនៅក្នុងសំណង់សាសនានាគ មានឈ្មោះជាច្រើន ហើយការហៅឈ្មោះនោះ គឺខ្មែរហៅទៅតាមចំនួនក្បាល ដែលចំនួនក្បាលនោះទៀតសោតសុទ្ធតែជាចំនួនសេស ដ្បិតគេជឿថាចំនួនសេសគឺតំណាងឱ្យភាពមិនចេះស្លាប់។ នាគទាំងនោះមានក្បាល៣(នាគកល្បៈ) ក្បាល៥(នាគអនន្ត) ក្បាល៧(នាគមុជ្ជលិន្ទ) និងក្បាល៩(នាគវ៉ាសុគី ឬពាសស្រកី ឬសេសៈ) ចំណែកនាគដែលមានក្បាល១វិញ គេច្រើនតែប្រទះនៅសម័យថ្មីៗនេះ ដែលភាគច្រើនគេឆ្លាក់លម្អនៅលើរបស់របរប្រើប្រាស់ផ្សេងៗ។ នាគទាំងប៉ុន្មានដែលលើកឡើងពីខាងដើមមកនេះ គឺជានាគដែលមានតួនាទីផ្សេងៗគ្នានៅក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដោយនាគក្នុងព្រហ្មញ្ញសាសនាមានដូចជា នាគកល្បៈ ក្នុងរឿងមហាភារតៈ ជានាគតំណាងឱ្យសភាវៈអាក្រក់ នាគអនន្តជាគ្រែផ្ទុំរបស់ព្រះនារាយណ៍នៅលើលំហអាកាស នាគវ៉ាសុគី ឬនាគពាសស្រកី ឬសេសៈ គឺជានាគដែលពពួកទេវតា និងអសុរៈយកមកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ។ រីឯនាគនៅក្នុងព្រះពុទ្ធសាសនា មាននាគមុជ្ជលិនមានក្បាល៧ ដែលនៅចាំការពារព្រះសម្មាសម្ពុទ្ធ ពេលទ្រង់សមាធិចំនួន៧យប់ ៧ថ្ងៃ ដើម្បីការពារភ្លៀង ខ្យល់ និងកម្តៅ។ ជួនកាលនាគក៏ត្រូវបែងចែកជា៤ពួក ផ្សេងគ្នាផងដែរគឺៈ ទី១ ហៅថានាគសួគ៌មានមុខងារជាអ្នកថែរក្សាវិមានទេវតា ទី២ គឺនាគអាកាស មានមុខងារជាអ្នកបណ្តាលឱ្យមានភ្លៀងធ្លាក់ ទី៣ គឺនាគលោកបាល មានមុខងារជាអ្នកថែរក្សាសមុទ្រ ទន្លេ និងទី៤ គឺនាគរក្សាកំណប់ទ្រព្យ មានមុខងារជាអ្នកថែរក្សាទ្រព្យដែលកប់នៅក្នុងផែនដី។សេចក្តី ដូចបានបរយាយខាងដើមនេះ គ្រាន់តែជាឧទាហរណ៍នៃផ្នែកខ្លះៗស្តីអំពីនាគតែប៉ុណ្ណោះ មិនបានបញ្ជាក់ឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ទេ ប៉ុន្តែឆ្លងតាមការបកស្រាយទាំងនេះអាចឱ្យយើងយល់បានថា ជំនឿទៅលើសត្វនាគបានចាក់ឫសយ៉ាងជ្រៅ និងមានភាពស្មុគ្រស្មាញនៅក្នុងផ្នត់គំនិតរបស់ខ្មែរគ្រប់រូប។ ការបង្ហាញនៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ សិល្បៈ ការតុបតែងលម្អ ឬស្ថាបត្យកម្មនោះ សុទ្ធតែមានវត្តមាននៃនាគជានិច្ច ព្រោះប្រជារាស្រ្តខ្មែរយល់ថាខ្លួនមានតំណពូជពង្ស និងមានទំនៀមភ្ជាប់ជាមួយនាគនេះតាំងពីយូរលង់ណាស់មកហើយ៕

4 Comments

  1. August 1, 2013 at 5:35 am

    Whats up! I just want to give an enormous thumbs up for the good info you
    will have here on this post. I will likely be coming
    back to your weblog for more soon.

  2. June 15, 2014 at 5:02 pm

    It’s actually a great and helpful piece of information. I am satisfied
    that you shared this useful information with us.
    Please keep us up to date like this. Thank you for sharing.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: