ទិវាទេសចរណ៍អាស៊ានឆ្នាំ២០១១នៅប្រទេសកម្ពុជា

អត្ថបទនេះដកស្រង់ចេញអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ RFI ផ្នែកខេមរភាសា
“ទិវាទេសចរណ៍អាស៊ានឆ្នាំ២០១១បានបើកធ្វើជាផ្លូវការនៅភ្នំពេញ”
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 15 មករា 2011 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 15 មករា 2011)
ទិវាទេសចរណ៍​អាស៊ាន​ឆ្នាំ២០១១​បាន​បើក​ធ្វើ​ជាផ្លូវការ​នៅ​ភ្នំពេញ

ទិវា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១១​បាន​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ ព្រឹក​ថ្ងៃទី​១៥​មករា​នេះ​នៅ​ទីក្រុង​ភ្នំពេញ។ ទិវានេះ​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ត្រូវ​គេ​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ ថ្ងៃទី​២១​មករា​ខាងមុខ​នេះ​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​អាស៊ាន​ទាំង​១០​ បូក​ជាមួយ​កូរ៉េ ​ចិន​ ជប៉ុន​ និង​ឥណ្ឌា។ ​ជំនួប​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ ប្រធានបទ​សំខាន់ៗ​ជាច្រើន​ក្នុង​គោលដៅ​ពង្រឹង​ឧស្សាហកម្ម​គ្មាន​ផ្សែង​ក្នុង ​តំបន់​អាស៊ាន​ឲ្យ​ទៅ​ជា​ឧស្សាហកម្ម​ទេសចរណ៍​លំដាប់​ពិភពលោក។

រដ្ឋមន្ត្រី ​និង​អ្នក​ជំនាញ​ទេសចរណ៍​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ រួម​ទាំង​កូរ៉េ ​ចិន​ ជប៉ុន និង​ឥណ្ឌា​ផង ​បាន​មក​ជួបជុំ​គ្នា​នៅ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ​ដើម្បី​បើក​ ទិវា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១១​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ស្ថាប័ន​ជាតិ​ទេសចរណ៍​ អាស៊ាន​នេះ​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ហើយ​ត្រូវ​គេ​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ ថ្ងៃទី​២១​មករា​ខាង​មុខ។
លោក​ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ឯ​វេទិកា​ទេសចរណ៍​អាស៊ាន​ថា ​កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​លើ​បញ្ហា​សំខាន់​៣​គឺ​ ទី១៖​ការ​ជំរុញ​ឲ្យ​បាន​ខ្លាំង​ក្លា​នូវ​ទេសចរណ៍​វប្បធម៌ ​និង​ធម្មជាតិ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​ទេសចរណ៍​អាស៊ាន​ឲ្យ​កាន់តែ​ធំ។ ​ទី២៖​គឺការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​បង្កើន​សមត្ថភាព​តាម​រយៈ​ការ​បង្កើត​កម្មវិធី​សិក្សា​រួមគ្នា​មួយ​លើ​មុខ​ជំនាញ​ជាច្រើន​ដើម្បី​ជំរុញ​ស្តង់ដារ​ទេសចរណ៍​អាស៊ាន ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ និង​ប្រែក្លាយ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ក្នុង​អាស៊ាន​ឲ្យ​ទៅ​ជាឧស្សាហកម្ម​កម្រិត​ពិភពលោក។ 

ចំណែកឯ​គោលដៅ​ទី៣​គឺការ​ពិភាក្សា​គ្នា​ដើម្បី​រក​វិធី​យ៉ាងណា​សម្រួល​ដល់ការ​ធ្វើដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ក្នុង​តំបន់​អាស៊ាន។ បើយោង​តាម​ប្រសាសន៍​លោក​ថោង ខុន​ ភ្ញៀវ​ទេសចរ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​អាច​នឹង​ធ្វើ​ដំណើរ​ក្នុង​តំបន់​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ចាប់ពី​ឆ្នាំ​២០១៥ ​តទៅ។ ​ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ទេសចរ​បរទេស​ក៏​អាច​នឹង​ប្រើ​ទិដ្ឋាការ​ប្រទេស​អាស៊ាន​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល។

លោក​ថោង ខុន​ឲ្យ​ដឹង​ទៀត​ថា ​ទេសចរណ៍​អាស៊ាន​អាច​ស្រូប​អ្នក​ទេសចរ​បាន​៦៥​លាន​នាក់​ក្នុង​១​ឆ្នាំ​ក្នុង​នោះ​មាន​ភ្ញៀវ​ជាង​៤០​ភាគរយ​ជា​ទេសចរ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ខ្លួនឯង​ឬ​ស្មើ​នឹង​២០​លាន​នាក់។ ​ក្រៅពី​នោះ​ មាន​អ្នក​ទេសចរ​មក​ពី​ចិន​ កូរ៉េ ​និង​ជប៉ុន​ជាង​២០​ភាគរយ ​មកពី​អឺរ៉ុប​២០​ភាគរយ ​និង​ជាង​១០​ភាគរយ​ទៀត​មកពី​សហរដ្ឋ​អាមេរិក។

បើ​តាម​ប្រសាសន៍​លោក​ថោង ខុន​ កម្ពុជា​ជា​ទីផ្សារ​ទេសចរណ៍​ធំ​ជាងគេ​មួយ​ក្នុង​អាស៊ី​ដែល​អាច​ស្រូប​បាន​អ្នក​ទេសចរ​ដល់ទៅ​៦០​ភាគរយ។ ​កម្ពុជា​ក៏​បាន​ស្រូប​យក​អ្នក​ទេសចរ​មក​ពីចិន ជប៉ុន ​កូរ៉េ ​និង​មកពី​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ចំនួន​២០​ភាគរយ​ឬ​ស្មើនឹង​ជាង​៤០​ម៉ឺន​នាក់។
កាលពី​ឆ្នាំ​២០១០​កន្លង​ទៅ ​កម្ពុជា​បាន​ទទួល​អ្នក​ទេសចរ​ចំនួន​២លាន​៥សែន​នាក់​ដែល​ផ្តល់ ចំណូល​ ១៧០០ ​លាន​ដុល្លារ​អាមេរិក។ ​វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​ជាង​៤០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។ ​នៅ​ឆ្នាំ​២០១៣​ខាង​មុខ​ ចំនួន​អ្នក​ទេសចរ​មក​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ដល់​៣លាន​៥សែន​នាក់៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: