សិលាចារឹកកោះកេរ

ដោយៈ ទុយ ដាណែល

អត្ថបទ ​​នេះ​​មិន​​សំដៅ​​ដល់​​ការ​​វិភាគ​​វែក​​ញែក​​លើ​​សិលា​​ចារឹក​​នៃ​​ក្រុម​ ​ប្រាសាទ​​កោះ​​កេរ​​នោះ​​ទេ​ ប៉ុន្តែ​​​គឺ​​​ជា​​​សេចក្តី​​​បរិយាយ​​ត្រួស​ៗ​អំពី​ខ្លឹម​សារ​នៃ​សិលា​ ចារឹក ដោយ​លើក​យក​​ចំណុច​​សំខាន់​​ខ្លះ​ៗ​មក​បញ្ជាក់។ ផ្អែក​លើ​អត្ថបទ​នេះ​អ្នក​អាន​នឹង​បាន​យល់​អត្ថន័យ​ក្នុង​អត្ថបទ​សិលា​ចារឹក ឬ​អាច​និយាយ​ម៉្យាង​ទៀត​ថា​ ជា​ការ​ណែ​នាំ​ឲ្យ​ស្គាល់​សម្រាប់​អ្នក​ដែល​​ចាប់​​អារម្មណ៍​​ចង់​សិក្សា​ វែង​ឆ្ងាយ​ទៅ​ទៀត​លើ​ប្រធាន​បទ​នេះ។ សិលា​ចារឹក​កោះ​កេរ​ធ្លាប់​ត្រូវ​គេ​លើក​​យក​មក​និយាយ​នៅ​ក្នុង​សៀវ​ភៅ​របស់ ​អ្នក​ស្រាវ​ជ្រាវ​បារាំង​មួយ​​ចំនួន​​ដូច​ជា លោក Étienne AYMONIER លោក Lunet de LAJONQIÈRE និង លោក Hngri PARMENTIER ជា​​ដើម។ ក្រោយ​មក​ទៀត​លោក George CŒDÈS បាន​​បន្ត​​ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​សិលា​​ចារឹក​​កោះ​​កេរ​​ព្រម​​ទាំង​ ​បំពេញ​បន្ថែម​ចំណុច​ខ្វះ​ចន្លោះ​របស់​អ្នក​ស្រាវ​ជ្រាវ​មុន​ៗ​។ ស្នា​ដៃ​​ចុង​​ក្រោយ​​នេះ​​បាន​​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវ​ភៅ​របស់​គាត់​ក្រោម ​ចំណង​ជើង​ថា សិលា​ចារឹក​នៃ​ប្រទេស​កម្ពុជា ភាគ​ទី​១​បោះ​ពុម្ព​ក្នុង​ឆ្នាំ​១៩៣៧។

មក​ទល់​សព្វ​ថ្ងៃ​បើ​ប្រៀប​ ធៀប​ទៅ​នឹង​តំបន់​អង្គរ គេ​​ដឹង​​តិច​​តួច​​នៅ​​ឡើយ​​អំពី​​អតីត​​រាជ​​ធានី​​កោះ​កេរ​​ដែល​​សាង​​ ដោយ​ព្រះ​បាទ​ជ័យ​វ័រន្ម​ទី​៤ ក្នុង​សត​វត្សរ៍​ទី​១០ ក្រោយ​ពី​ព្រះ​អង្គ​បាន​យាង​ចេញ​ពី​រាជ​ធានី​អង្គរ។ ដោយ​​ហេតុ​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​បុរាណ​វិទ្យា​មិន​ទាន់​មាន​ផ្លែ​ផ្កា​នៅ​ឡើយ ដូច​​នេះ​​ហើយ​​សិលា​​ចារឹក​​ជា​ប្រភព​ព័ត៌​មាន​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ ផ្តល់​ចំណេះ​ដឹង​ពី​ស្ថានីយ​មួយ​នេះ។ ដូច​​គ្នា​​នឹង​​សិលា​​ចារឹក​​ភាគ​ច្រើន​ក្នុង​សម័យ​មុន​អង្គរ​(ស.វ​ទី​ ៦?‍-៨​នៃ​គ្រឹស្ត​សករាជ) និង​សម័យ​អង្គរ​(ស.វ​ទី​៩-១៥​នៃ​​គ្រឹស្ត​​សក​រាជ) សិលា​ចារឹក​កោះ​កេរ​ដែល​ចារ​ជា​ភាសា​ខ្មែរ និង​ភាសា​សំស្ក្រឹត សុទ្ធ​​សឹង​​តែ​​បង្ហាញ​​អំពី​​ការ​​កសាង​​​ទី​​សក្ការៈ​បូជា​(ប្រាសាទ) និង​បដិមា ក្នុង​បំណង​ឧទ្ទិស​ថ្វាយ​ដល់​អាទិ​ទេព​ក្នុង​ព្រហ្មញ្ញ​សាសនា។ តួ​យ៉ាង​ដូច​ជា សិលា​ចារឹក​ប្រាសាទ​ធំ​ដែល​មាន​ចំនួន​៩​ផ្ទាំង បាន​​កត់​​ត្រា​​អំពី​​រូប​​ស្នង​​របស់​​អាទិ​ទេព​​មួយ​​អង្គ​​ព្រះ​នាម «ត្រី​ភូវ​នេ​ស្វរ» ក្រោម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​បាទ​ជ័យ​វ័រ្មន​ទី​៤ នៅ​ឆ្នាំ​៩២១​នៃ​គ្រឹស្ត​សក​រាជ​ សម្រាប់​តំកល់​នៅ​ក្នុង​ប្រាសាទ​នេះ។ ត្រី​ភូវ​នេ​ស្វរ ទំនង​ជា​ព្រះ​នាម​មួយ​ទៀត​របស់​អាទិ​ទេព​ «កម្រ​តេង​ជគត​ត​រាជ្យ» ដែល​ជា​ទេព​ប្រចាំ​រាជ​វង្ស ហើយ​​ក៏​​មាន​​លើក​​ឡើង​​ផង​​ដែរ​​នៅ​​ក្នុង​​សិលា​​ចារឹក​​ដ៏​ទៃ​​ទៀត។ អា​ទិទេព​អង្គ​នេះ​ច្បាស់​ជា​មាន​តួនាទី​សំខាន់​ណាស់ ដ្បិ​ត​តាម​​រយៈ​សិ​លា​​ចារឹក​​ខាង​​លើ​​គេ​​ដឹង​​ថា​ ព្រះ​រាជា និង​មន្ត្រី​បាន​ថ្វាយ​ខ្ញុំ​បម្រើ​ប្រុស-ស្រី​ជា​ច្រើន ដើម្បី​ថែ​ទាំ និង​​បូជា​​គ្រឿង​​សក្ការៈ​​ដល់​​ទេព​​អង្គ​​នេះ។ ការ​ធ្វើ​ដង្វាយ​ដល់​ទេព​អង្គ​នេះ​បាន​បន្ត​រហូត​ដល់​ឆ្នាំ​៩៣២ ​នៃគ្រឹស្ត​​សករាជ បើ​យោង​​លើ​សិលា​ចារឹក​មួយ​ផ្ទាំង​នៅ​ប្រាសាទ​ធំ ​ក្រៅ​​ពី​​នេះ​​នៅ​​ក្នុង​​អត្ថបទ​​ជា​​ភាសា​​ខ្មែរ​​នៃ​​សិលា​​ចារឹក​​កោះ ​កេរ​​បាន​រៀប​រាប់​អំពី​ការ​បែង​ចែក​ខ្ញុំ​បម្រើ​ព្រះ​ដែល​មក​ពី​កន្លែង​ដ៏ ​ទៃ​ផ្សេង​ៗ​គ្នា។ តា​មរយៈ​​បញ្ជី​​ឈ្មោះ​​ទាំង​នេះ​​យើង​អាច​ដក​ស្រង់​នូវ​ឈ្មោះ​ភូមិ​សាស្រ្ត ​នៅ​ក្នុង​តំបន់​កោះ​កេរ​សម័យ​បុរាណ។ សិ​លា​ចារឹក​ប្រា​សាទ​​ក្រចាប់​ ចារ​នៅ​ឆ្នាំ​៩៣២​នៃ​គ្រឹស្ត​សករាជ មា​នរហូត​ដ​ល់​៣៨​ផ្ទាំង គឺ​ជា​​ឧទាហរណ៏​ដ៏​​​ល្អ​​មួយ​​ដែល​​យើង​​អាច​​ដក​ស្រង់​ឈ្មោះ​ស្រុក​មួយ​ ចំនួន ដែ​លមានឈ្មោះ​​ខ្លះ​ជា​ភាសា​សំស្ក្រឹត និ​ង​ខ្លះ​ទៀត​​ជា​​ភាសា​​ខ្មែរ​បុរាណ​ ដោយ​សរសេរ​សម្រួល​ជា​ភាសា​ខ្មែរ​បច្ចុបន្ន​ដូច​ជា ស្រុ​កថ្ម​យោល ស្រុ​កចំការបុ​រសៈ ស្រុក​​មហា​លោហៈ ស្រុក​វិសណ្ណុ​បុរៈ និង​ស្រុកវិរេន្ទ្រ ជាដើ​ម។ យើង​មិ​ន​​អាច​​ដឹង​​ច្បាស់​​ថា​​ស្រុក​​ទាំង​​នោះ​​​ស្ថិត​នៅ​ត្រង់​ណា​នោះ ​ទេ​នៅ​លើ​ទី​តាំង​បច្ចុបន្ន ដ៏​រាប​ណា​​មិន​ទាន់​​មាន​​ការ​​ស្រាវ​​ជ្រាវ​​ផ្នែក​​ភាសា​​វិទ្យា​​ឲ្យ​​ បាន​ស៊ីជម្រៅ។

សរុប​មក​ឃើញ​ថា សិលា​​ចារឹក​​កោះ​កេរ​​ពិត​​ជា​​មាន​សារៈ​​សំខាន់​​ណាស់​​សម្រាប់​​ការ​​ ស្វែង​​យល់​​ពី​​កិច្ច​​ប្រណិបត្តិ​​សាសនា កា​ល​បរិច្ឆេទ​នៃ​ការ​សាង​សង់​ប្រាសាទ រចនា​សម្ព័ន្ធ​សង្គម​(បញ្ជី​ឈ្មោះ​ខ្ញុំ​បម្រើ​ព្រះ​ មាន​បែង​ចែក​ទៅ​តាម​មុខ​ងារ និ​ងឋានៈផ្សេ​ង​ៗ​គ្នា)​ទី​តាំង​ភូមិ​សាស្រ្ត រច​នាស​ម្ព័ន្ធគ្រ​ប់គ្រង​ដែន​ដី ​ព្រម​ទាំង​វិស័យ​អក្សរ​សាស្រ្ត​នៅ​ក្នុង​បរិបទ​នៃ​រាជ​ធានី​កោះ​កេរ​អំឡុង​ សត​វត្ស​រ៍ទី​១០​នៃ​គ្រឹស្ត​សករាជ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: