នាគក្នុងសង្គមចាម – Naga in Cham Society

ដោយៈ Emiko STOCK

នៅ ​ក្នុង​វប្បធម៌​ខ្មែរ ក៏​ដូច​ជា​វប្បធម៌​នៅ​អាស៊ី​អាគ្នេយ៍ នាគ​មាន​សារៈ​សំខាន់​ព្រោះ​តែ​នាគ​មាន​ធាតុ និង​ភព​នៅ​ក្នុង​ខ្លួន​របស់​គេ។ នាគ គឺ​ជា​អ្នក​បើក​ច្រក​ឱ្យ​មាន​ទំនាក់​ទំនង​ពី​ភព​មួយ​ទៅ​ភព​មួយ​ទៀត ពី​ធាតុ​មួយ​ទៅ​ធាតុ​មួយ​ទៀត។ នាគ ​អាច​ធ្វើ​ដំណើរ​ពី​លើ​ទៅ​ក្រោម នៅ​លើ​មេឃ លើ​ដី ក្នុង​ទឹក ឋាន​សួគ៌ ឋាន​បាតាល ឋា​នកណ្តាល ឬ​ឋាន​មនុស្ស​បាន ហើ​យមាន​ធាតុ​ទឹក និ​ងមេឃ នៅ​ក្នុង​ខ្លួន​របស់​គេ។ ដោយ​សារ​នាគ​មាន​ធាតុ​សំខាន់ៗ​ទាំង​នោះ​ហើ​យ ទើប​ត្រូវ​លើក​ជា​និមិត្ត​រូប​ដ៏​ខ្ពស់​នៃ​ការ​បង្ក​បង្កើន​ផល ដែល​មាន​ទឹក និ​ងដីជា​​ធាតុ​សំខាន់​ក្នុង​ការ​បង្កើត។ នា​គមាន​រូប​រាង​ស្រដៀង​នឹង​សត្វ​ពស់ សត្វ​ក្រពើ និង​សត្វ​មករ​ដូច​នោះ​ដែរ។ ដោ​យ​ឡែក​នាគ​នៅ​ក្នុង​វប្បធម៌​ចាម​វិញ ហាក់​មិន​សូវ​មាន​ភាព​ខុស​គ្នា​ពី​វប្បធម៌​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្មាន​ទេ តែ​មាន​ទស្សនៈ​ខ្លះ​យល់​ឃើញ​ថា វប្បធម៌​គឺ​ដោយ​ឡែក​ពី​គ្នា ហាក់​មាន​រនាំង​បាំង​មិន​អាច​ឆ្លង​ទៅ​វិញ​ទៅ​មក​​បាន។ ប៉ុន្តែ ជនជាតិ​ចាម​ដែល​រស់​នៅ​ស្រុក​ខ្មែរ​វិញ​បែរ​ជា​យល់​ថា ​ជំនឿ​នាគរបស់​ពួក​គេ​​ហាក់​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​វប្បធម៌​ខ្មែរ និង​វប្បធម៌​ចាម​ទាំង​ក្នុង​ប្រវត្តិសាស្រ្ត និ​ង​សង្គម។ ទោះយ៉ាង​ណា​កា​រ​ស្វែង​យល់​ពី​ទស្សនៈ និង​ជំនឿ​ទាំង​នោះ​ពិត​ពិបាក​នឹង​អាច​យល់​បាន​តាម​ការ​ប្រតិបត្តិ​របស់​ពួក​ គេ​។ តា​ម​ការ​ចង​ចាំ​របស់​បង​ប្អូន​ជន​ជាតិ​ចាម​ចំណាស់ៗ​ដែល​កាន់​ប្រពៃណី​ ខ្ជាប់​ខ្ជួន​នោះ​បាន​ឱ្យ​ដឹង​ថា កា​ល​ពី​មុន​នៅ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍ កូន​កំលោះ​តោង​ស្បៃ​កូន​ក្រមុំ​ចូល​បន្ទប់​គេង។ ​ពិធី​នេះ​ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ដល់​អាពាហ៍​ពិពាហ៍​ខ្មែរ កូន​កំលោះ​ក៏​តោង​ស្បៃ​កូ​ន​ក្រមុំ​ចូល​បន្ទប់​គេង​ដូច​គ្នា​ដែរ។ តែ​សព្វ​ថ្ងៃ​ពិធី​តោង​ស្បៃ​មិន​មាន​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​របស់​ជនជាតិ​ ចាម​ទៀត​ទេ។ ប៉ុន្តែ​ជា​រឿយៗ​សម្រាប់​គ្រួសារ​ដែល​ប្រកាន់​ប្រពៃណី​តែង​តែ​តាំង​វាំងនន​ រូប​នាគ​នៅ​លើ​មាត់​ទ្វារ​បន្ទប់​កូន​ក្រមុំ​នៅ​ថ្ងៃ​រៀប​ការ។ ពេល​នោះ​កូន​កំលោះ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ជាមួយ​កូន​ក្រមុំ​រយៈ​ពេល​បី​យប់ ​ បី​ថ្ងៃ។ ធ្វើ​ដូច​នេះ​ពួក​គេ​មាន​ជំនឿ​ថា​នឹង​បាន​ទទួល​ការ​ការ​ពារ​នឹង​កម្លាំង​ដែល ​កើត​ពី​រូប​នាគ​នោះ។ ទោះ​យ៉ាង​ណា នា​គត្រូវ​បាន​ជន​ជាតិ​ចាម​ដែល​មិន​សូវ​ប្រកាន់​តឹង​រ៉ឹង​តាម​បែប​ប្រពៃណី ចាត់​ទុក​ថា​នាគ​គឺ​ជា​រឿង​អបិយ​ជំនឿ ម្ល៉ោះ​ហើយ​វា​ត្រូវ​បាន​សាប​បន្តិ​ច​ម្តងៗ។ នាគ​នៅ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​នេះ​ហាក់​មាន​ន័យ​ថា ធាតុ​ញី​ដែល​អាច​បង្ក​បង្កើន​ផល​បាន។ ជា​ធម្មជាតិ កាល​ណា​មាន​ញី​ត្រូវ​តែ​មាន​ឈ្មោល​ជា​ប្រាកដ​ នៅ​ក្នុង​ពិធី​បុណ្យ​ម៉ាលីដ​(Mawlid)​នៃ ប្រពៃណី​អ៊ីស្លាម​ដែល​ជា​ពិធី​បុណ្យ​កំណើត​របស់​ព្រះមហាម៉ាត​(Mohammand) និង​សាវ័ក​ដ៏​បរិសុទ្ធ និង​មាន​បារមី​របស់​ទ្រង់។ ក្នុង​ពិធី​នោះ ​ក្មេង​ដែល​ទើប​​នឹង​កើត​ត្រូវ​កាត់​សក់ ហើយ​គ្រួសារ​នីមួយៗ​ត្រូវ​ថ្វាយ​ដើម​ផ្កា​ដែល​ស្រដៀង​គ្នា​នឹង​ផ្កា​បិណ្ឌ​ ខ្មែរ តែ​ផ្កា​ត្រូវ​តែ​ធ្វើ​ជា​នំ​ជំនួស​វិញ នំ​ទាំង​នោះ​ទំនង​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​អាយុ និង​ភេទ​របស់​ក្មេង ទើប​គេ​ធ្វើ​រូប​ខុសៗ​គ្នា។ តែ​សព្វ​ថ្ងៃ​អត្ថន័យ​នៃ​រូប​នោះ​ហាក់​ដូច​ជា​ស្រាល​ជាង​មុន។ នៅ​លើ​​ដើម​ផ្កា​នោះ​មាន​ចង​រូប​នាគ​ធ្វើ​ពី​នំ​នៅ​ផ្នែក​ខាង​ក្រោម។ តាម​ប្រពៃណី​ពួក​គេ​ចង​រូប​នាគ​នេះ​សម្រាប់​ក្មេង​កំលោះ ដែល​តំណាង​ឱ្យ​អភិនីហា និង​ថាម​ពល​ដែល​មិន​អាច​បង្រ្កាប​បាន និង​អាច​បំផ្លាញ​បាន។ លក្ខណៈ​បែប​នេះ​ហាក់​ចង់​បញ្ជាក់​ថា​នាគ​នៅ​ក្នុង​ពិធី​បុណ្យ​ម៉ាលីដ​ (Mawlid) គឺ​ជា​ធាតុ​ឈ្មោល​ដែល​មាន​ថាមពល និង​អភិនីហា។ ដោយ​​ធាតុ​ញី និង​ឈ្មោល ទឹក និង​ដី​នេះ​ហើយ​ដែល​គេ​ចាត់​ទុក​ថា​នាគ​គឺ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី។ ម្ល៉ោះ​ហើយ​បើ​សិន​ជា​ចង់​លើក​ផ្ទះ​ថ្មី​ ឬ​ភ្ជួរ​ស្រែ​ពួក​គេ​តែង​តែ​មើល​ក្បួន​រូប​នាគ​គន់​គូរ​ទៅ​តាម​ឥរិយាបថ និង​ស្រកា​នាគ។ ធ្វើ​ដូច​នេះ​ពួក​គេ​មាន​ជំនឿ​ថា​ជៀស​វាង​ការ​ប៉ះ​ពាល់​ដល់​នាគ ដែល​បណ្តាល​ឱ្យ​នាគ​ខឹង ធ្វើ​​ឱ្យ​ការ​បង្ក​បង្កើន​ផល​របស់​ពួក​គេ​នឹង​វិនាស​បង់ ឬ​កើត​ក្តី​ក្តៅ​ក្រហាយ។ ក្បួន​បែប​នេះ ​ក៏​ស្រដៀង​នឹង​ក្បួន​របស់​ខ្មែរ និ​ងជន​ជា​តិ​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត​ដែរ។ ជន​ជាតិ​ចាម​ចាស់ៗ​ខ្លះ តែង​និទាន​ពី​រឿង​ព្រះថោង​នាង​នាគ ដែ​លស្រដៀង​គ្នា​នឹង​ព្រះថោង​នាង​នាគ​ខ្មែរ​ដែរ តែ​ព្រះថោង​ក្នុង​រឿង​និទាន​របស់​ជន​ជាតិ​ចាម​គឺ​ជា​ជនបរទេស​ តែ​អ្នក​ខ្លះ​ថា​ជា​ជនជាតិ​ចិន​មក​រួម​រស់​ជា​មួយ​នាង​នាគ​ដែល​ជា​កូន​ចាម ហើ​យ​ប​ង្កើត​បាន​ជា​ជាតិ​សាសន៍​មួយ។ តែ​លុះ​ដល់​ពេ​ល​មួយ បង​ប្អូន​ដែល​មាន​កំណើត​ពី​ព្រះថោង និង​នាង​នាគ​នោះ​បាន​បែក​គ្នា​ជា​ពីរ ម្ខាង​ជា​ចាម្ប៉ា និង​ម្ខាង​ទៀត​ជា​ខ្មែរ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ឆ្ងល់​នោះ គឺ​ពង្សាវតា​ដែល​មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ថា​មិន​អាច​ជឿ​បាន​ទាំង​ស្រុង​ នោះ បាន​លើក​ឡើង​ថា​នៅ​លើ​ទឹក​ដី​មាន​ស្តេច​ចាម​៥​ព្រះអង្គ ​បាន​គ្រង​រាជ្យ​បន្ត​បន្ទាប់​គ្នា តែ​ព្រះថោង​បាន​មក​គ្រង​រាជ្យ​ជំនួស​ជា​ស្តេច​ខ្មែរ​ទី​១។ ទោះ​យ៉ាង​ណា នៅ​ទី​នេះ​ចង់​បង្ហាញ​ថា​ទាំង​ខ្មែរ ទាំង​ចាម និង​ជន​ជាតិ​ដទៃ​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​យល់​ថា​ការ​រួម​ផ្សំ​គ្នា​រវាង​ មនុស្ស និង​នាគ​គឺ​ជា​អំណាច​នៃ​ព្រះមហាក្សត្រ ​ដែល​ជា​អ្នក​គ្រប់​គ្រង​ជា​ម្ចាស់​ទឹក​ដី។ សរុ​បជារួម ការ​លូន​បត់​បែន​របស់​នាគ បាន​នាំ​ឱ្យ​ធាតុ​មេឃ ទឹក និង​ដី ​ភព​ទេវតា ​និង​មនុស្ស​លោក ការ​កកើត និង​ការវិនា​ស កា​របង្ក​បង្កើត និ​ងថាមពល ធាតុ​ញី និង​ធាតុ​ឈ្មោល អា​ច​ប្រមូល​គ្នា​រួម​នៅ​លើ​ខ្លួន​នាគ​តែ​មួយ​ដែល​មិន​អាច​បែកគ្នា​​បាន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: